កូរិនថូសទី១
៦ ក្នុងចំណោមអ្នករាល់គ្នា ពេលដែលអ្នកណាម្នាក់មានរឿងអ្វីប្ដឹងម្នាក់ទៀត ហេតុអ្វីអ្នករាល់គ្នាហ៊ានទៅតុលាការដើម្បីឈរនៅមុខមនុស្សមិនសុចរិត ជាជាងនៅមុខពួកអ្នកបរិសុទ្ធ? ២ ឬតើអ្នករាល់គ្នាមិនដឹងទេឬថា ពួកអ្នកបរិសុទ្ធនឹងវិនិច្ឆ័យពិភពលោក? ហើយប្រសិនបើអ្នករាល់គ្នានឹងវិនិច្ឆ័យពិភពលោក តើអ្នករាល់គ្នាមិនសមនឹងជំនុំជម្រះរឿងតូចតាចទេឬ? ៣ តើអ្នករាល់គ្នាមិនដឹងទេថា យើងនឹងវិនិច្ឆ័យពួកទេវតា? បើដូច្នេះ យើងគួរមានសមត្ថភាពវិនិច្ឆ័យរឿងរ៉ាវនៃជីវិតនេះដែរ។ ៤ ម្ល៉ោះហើយ ប្រសិនបើអ្នករាល់គ្នាមានរឿងរ៉ាវនៃជីវិតនេះដែលត្រូវជំនុំជម្រះ ហេតុអ្វីអ្នករាល់គ្នាជ្រើសរើសមនុស្សដែលមិនទទួលការគោរពពីក្រុមជំនុំឲ្យធ្វើជាចៅក្រម? ៥ ខ្ញុំនិយាយដូច្នេះដើម្បីធ្វើឲ្យអ្នករាល់គ្នាអៀនខ្មាស។ តើជាការពិតទេថា ក្នុងចំណោមអ្នករាល់គ្នាគ្មានអ្នកណាម្នាក់មានប្រាជ្ញា ដែលអាចវិនិច្ឆ័យរឿងរ៉ាវរវាងបងប្អូនខ្លួន? ៦ ផ្ទុយទៅវិញ បងប្អូនប្ដឹងបងប្អូនទៅតុលាការ ហើយឈរនៅមុខពួកអ្នកមិនជឿទៀត។
៧ ដោយសារអ្នករាល់គ្នាប្ដឹងផ្ដល់គ្នាដូច្នេះ នេះមានន័យថាអ្នករាល់គ្នាបានបរាជ័យទាំងស្រុង។ ហេតុអ្វីមិនសុខចិត្តទ្រាំអំពើអយុត្ដិធម៌នោះវិញ? ហេតុអ្វីមិនសុខចិត្តទ្រាំពេលមានគេបោកយកទ្រព្យ? ៨ ផ្ទុយទៅវិញ អ្នករាល់គ្នាប្រព្រឹត្តដោយអយុត្ដិធម៌ ហើយបោកយកទ្រព្យពីបងប្អូនរបស់អ្នកទៀត។
៩ ចុះតើអ្នករាល់គ្នាមិនដឹងទេឬថា មនុស្សមិនសុចរិតនឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌ក? កុំច្រឡំឲ្យសោះ។ អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* អ្នកដែលគោរពបូជារូបព្រះ អ្នកផិតក្បត់ បុរសដែលសុខចិត្តបម្រើបុរសឯទៀតខាងផ្លូវភេទ បុរសដែលរួមដំណេកជាមួយនឹងបុរសឯទៀត ១០ ពួកចោរ មនុស្សលោភលន់ អ្នកប្រមឹកស្រា អ្នកជេរប្រមាថ និងអ្នកគំរាមយកទ្រព្យ នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ។ ១១ ក៏ប៉ុន្តែអ្នករាល់គ្នាខ្លះធ្លាប់ជាមនុស្សបែបនោះ។ តែអ្នករាល់គ្នាបានត្រូវលាងសម្អាត ក៏បានត្រូវញែកចេញជាបរិសុទ្ធ ហើយបានត្រូវប្រកាសថាជាមនុស្សសុចរិត ក្នុងនាមលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង និងដោយសកម្មពល* នៃព្រះរបស់យើង។
១២ មានច្បាប់ឲ្យខ្ញុំធ្វើអ្វីៗទាំងអស់ ប៉ុន្តែអ្វីៗទាំងអស់មិនមែនសុទ្ធតែមានប្រយោជន៍ទេ។ មានច្បាប់ឲ្យខ្ញុំធ្វើអ្វីៗទាំងអស់ ប៉ុន្តែខ្ញុំមិនព្រមបណ្ដោយឲ្យអ្វីក៏ដោយមានអំណាចលើខ្ញុំឡើយ។ ១៣ អាហារគឺសម្រាប់ក្រពះ ហើយក្រពះគឺសម្រាប់អាហារ ប៉ុន្តែព្រះនឹងធ្វើឲ្យទាំងក្រពះទាំងអាហារសាបសូន្យ។ ឯរូបកាយមិនមែនសម្រាប់អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទទេ តែរូបកាយគឺសម្រាប់លោកម្ចាស់វិញ ហើយលោកម្ចាស់គឺសម្រាប់រូបកាយ។ ១៤ ប៉ុន្តែព្រះបានប្រោសលោកម្ចាស់ឲ្យរស់ឡើងវិញ ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញពីសេចក្ដីស្លាប់ដែរ ដោយឫទ្ធានុភាពរបស់លោក។
១៥ តើអ្នករាល់គ្នាមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់គ្រិស្ត? ដូច្នេះ តើខ្ញុំគួរយកអវយវៈរបស់គ្រិស្តចេញទៅធ្វើជាអវយវៈរបស់ស្រីពេស្យាឬ? មិនអាចទេ! ១៦ ចុះតើអ្នករាល់គ្នាមិនដឹងទេថា អ្នកណាដែលរួមជាមួយនឹងស្រីពេស្យាគឺជារូបកាយតែមួយជាមួយនឹងស្រីនោះ? ព្រោះលោកមានប្រសាសន៍ថា៖ «អ្នកទាំងពីរនឹងទៅជាសាច់ឈាមតែមួយ»។ ១៧ ប៉ុន្តែអ្នកណាដែលរួមជាមួយនឹងលោកម្ចាស់ អ្នកនោះរួមចិត្តគំនិត* តែមួយជាមួយនឹងលោក។ ១៨ ចូររត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ អំពើខុសឆ្គងឯទៀតដែលមនុស្សប្រព្រឹត្តគឺនៅខាងក្រៅរូបកាយ តែអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកនោះកំពុងធ្វើខុស* ចំពោះរូបកាយខ្លួន។ ១៩ ចុះតើមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាវិហាររបស់សកម្មពលបរិសុទ្ធដែលស្ថិតនៅក្នុងអ្នករាល់គ្នា ជាអ្វីដែលអ្នករាល់គ្នាបានទទួលពីព្រះ? ម្យ៉ាងទៀត អ្នករាល់គ្នាមិនមែនជាម្ចាស់លើខ្លួនអ្នកទេ ២០ ព្រោះអ្នករាល់គ្នាបានត្រូវទិញក្នុងតម្លៃថ្លៃណាស់។ ដូច្នេះ ចូរសរសើរតម្កើងព្រះក្នុងរូបកាយរបស់អ្នករាល់គ្នា។