ម៉ាកុស
៨ នៅគ្រានោះ ពេលមានមនុស្សមួយក្រុមយ៉ាងធំម្ដងទៀត ហើយពួកគេគ្មានអ្វីបរិភោគ លោកបានហៅអ្នកកាន់តាម រួចប្រាប់ពួកគាត់ថា៖ ២ «ខ្ញុំអាណិតបណ្ដាជននេះណាស់ ពីព្រោះអស់បីថ្ងៃហើយដែលពួកគេបាននៅជាមួយនឹងខ្ញុំ ហើយគ្មានអ្វីបរិភោគឡើយ។ ៣ បើខ្ញុំឲ្យពួកគេត្រឡប់ទៅផ្ទះវិញដោយគ្មានអ្វីបរិភោគ ពួកគេនឹងអស់កម្លាំងល្វើយតាមផ្លូវ ព្រោះអ្នកខ្លះមកពីកន្លែងឆ្ងាយៗទៀតផង»។ ៤ ប៉ុន្តែអ្នកកាន់តាមបានសួរលោកថា៖ «នៅកន្លែងដាច់ឆ្ងាយយ៉ាងនេះ តើអាចបាននំប៉័ងពីណាល្មមគ្រប់គ្រាន់ឲ្យមនុស្សទាំងនេះបរិភោគឆ្អែត?»។ ៥ លោកបានសួរពួកគាត់វិញថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?» ពួកគាត់ឆ្លើយថា៖ «ប្រាំពីរដុំ»។ ៦ លោកប្រាប់បណ្ដាជនឲ្យអង្គុយលើដី រួចបានយកនំប៉័ងប្រាំពីរដុំនោះ អធិដ្ឋានអរគុណព្រះ ហើយកាច់នំប៉័ងឲ្យដល់អ្នកកាន់តាម។ បន្ទាប់មក ពួកគាត់ក៏ចែកឲ្យបណ្ដាជន។ ៧ ពួកគាត់ក៏មានត្រីតូចៗពីរបីកន្ទុយដែរ ហើយលោកអរគុណព្រះម្ដងទៀត រួចប្រាប់ពួកគាត់ឲ្យចែកត្រីទាំងនោះផង។ ៨ ម្ល៉ោះហើយ ទាំងអស់គ្នាបានបរិភោគឆ្អែត។ រួចមក ពួកគាត់បានប្រមូលអាហារដែលនៅសល់ បានប្រាំពីរកញ្ឆេ។ ៩ នេះទោះជាមានបុរសប្រមាណបួនពាន់នាក់ក៏ដោយ។ បន្ទាប់ពីនោះ លោកឲ្យពួកគេត្រឡប់ទៅវិញ។
១០ ភ្លាមនោះ លោកចុះទូកជាមួយនឹងអ្នកកាន់តាម ហើយចេញដំណើរទៅតំបន់ដាលម៉ានូថា។ ១១ នៅទីនោះ ពួកផារិស៊ីចេញមកជជែកតវ៉ា ចង់ល្បងមើលលោក ដោយសុំឲ្យសម្ដែងនូវសញ្ញាសម្គាល់មួយពីលើមេឃ។ ១២ ដូច្នេះ លោកដកដង្ហើមធំដោយកើតទុក្ខយ៉ាងខ្លាំងក្នុងចិត្ត ហើយសួរថា៖ «ហេតុអ្វីមនុស្សជំនាន់នេះចង់បានសញ្ញាសម្គាល់? ខ្ញុំប្រាប់ការពិតដល់អ្នករាល់គ្នាថា គ្មានសញ្ញាសម្គាល់ណានឹងត្រូវសម្ដែងឲ្យមនុស្សជំនាន់នេះសោះឡើយ»។ ១៣ រួចមក លោកចេញពីពួកគេចុះទូកម្ដងទៀត ហើយទៅត្រើយម្ខាងវិញ។
១៤ អ្នកកាន់តាមបានភ្លេចយកនំប៉័ងទៅជាមួយ ហើយក្រៅពីនំប៉័ងមួយដុំ ពួកគាត់គ្មានអាហារក្នុងទូកនោះសោះ។ ១៥ រួចមក លោកចាប់ផ្ដើមបង្គាប់ពួកគាត់យ៉ាងច្បាស់ថា៖ «ចូរប្រុងប្រៀបស្មារតីជានិច្ច ហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងដំបែរបស់ហេរ៉ូឌ»។ ១៦ ដូច្នេះ ពួកគាត់ចាប់ផ្ដើមជជែកគ្នាអំពីរឿងពួកគាត់គ្មាននំប៉័ង។ ១៧ ឃើញដូច្នេះ លោកសួរពួកគាត់ថា៖ «ហេតុអ្វីកំពុងជជែកគ្នាអំពីរឿងគ្មាននំប៉័ង? តើអ្នករាល់គ្នាមិនទាន់មានសមត្ថភាពយល់ដឹង ឬមិនទាន់យល់អត្ថន័យទេឬ? តើអ្នកនៅតែរកគិតមិនយល់ឬ? ១៨ ‹ទោះជាមានភ្នែកក៏ដោយ តើអ្នកមើលមិនឃើញឬ? ហើយទោះជាមានត្រចៀកក៏ដោយ តើអ្នកស្ដាប់មិនឮទេឬ?› តើអ្នកមិនចាំទេ? ១៩ ពេលដែលខ្ញុំកាច់នំប៉័ងប្រាំដុំចែកឲ្យបុរសប្រាំពាន់នាក់នោះ តើអ្នករាល់គ្នាប្រមូលនំប៉័ងដែលនៅសល់បានប៉ុន្មានកញ្ជើ?» ពួកគាត់ឆ្លើយថា៖ «ដប់ពីរកញ្ជើ»។ ២០ «ពេលខ្ញុំកាច់នំប៉័ងប្រាំពីរដុំចែកឲ្យបុរសបួនពាន់នាក់ តើអ្នកប្រមូលអាហារដែលនៅសល់បានប៉ុន្មានកញ្ឆេ?» ពួកគាត់ឆ្លើយថា៖ «ប្រាំពីរកញ្ឆេ»។ ២១ រួចលោកសួរថា៖ «តើអ្នករាល់គ្នាមិនទាន់យល់អត្ថន័យទេឬ?»។
២២ បន្ទាប់មក លោកនិងពួកគាត់បានទៅដល់ភូមិបេតសេដា។ នៅទីនោះ មនុស្សបាននាំបុរសងងឹតភ្នែកម្នាក់មក ហើយពួកគេបានអង្វរសុំឲ្យលោកពាល់គាត់។ ២៣ រួចលោកដឹកដៃបុរសងងឹតភ្នែកនោះ នាំទៅក្រៅភូមិ ស្ដោះដាក់ភ្នែកគាត់ ហើយដាក់ដៃលើគាត់។ បន្ទាប់មកលោកសួរថា៖ «តើអ្នកមើលឃើញអ្វីទេ?»។ ២៤ បុរសនោះងើបមុខឡើង ហើយឆ្លើយថា៖ «ខ្ញុំគិតថាខ្ញុំឃើញមនុស្ស ព្រោះមើលទៅដូចជាដើមឈើ តែកំពុងដើរ»។ ២៥ រួចលោកដាក់ដៃលើភ្នែកបុរសនោះម្ដងទៀត ហើយគាត់បានជា ក៏មើលអ្វីៗទាំងអស់ឃើញច្បាស់។ ២៦ ក្រោយមក លោកឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយប្រាប់ថា៖ «កុំចូលក្នុងភូមិឡើយ»។
២៧ បន្ទាប់មក លោកយេស៊ូនិងអ្នកកាន់តាមបានចេញទៅភូមិទាំងប៉ុន្មាន នៅក្រុងសេសារៀភីលីព។ នៅតាមផ្លូវ លោកចាប់ផ្ដើមសួរអ្នកកាន់តាមថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា?»។ ២៨ ពួកគាត់ឆ្លើយថា៖ «អ្នកខ្លះថា លោកជាយ៉ូហានដែលជាអ្នកជ្រមុជទឹក អ្នកខ្លះទៀតថាលោកជាអេលីយ៉ា ហើយអ្នកឯទៀតថាលោកជាអ្នកប្រកាសទំនាយមួយរូប»។ ២៩ រួចលោកសួរពួកគាត់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នកថាខ្ញុំជាអ្នកណា?»។ ពេត្រុសឆ្លើយថា៖ «លោកជាគ្រិស្ត»។ ៣០ ឮដូច្នេះ លោកបង្គាប់ពួកគាត់យ៉ាងម៉ឺងម៉ាត់ កុំប្រាប់អ្នកណាឲ្យសោះអំពីលោក។ ៣១ ម្យ៉ាងទៀត លោកចាប់ផ្ដើមបង្រៀនពួកគាត់ថា កូនមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ហើយពួកបុរសចាស់ទុំ ពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់នឹងមិនព្រមទទួលស្គាល់លោកទេ។ លោកក៏នឹងត្រូវគេសម្លាប់ រួចបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ។ ៣២ លោកមានប្រសាសន៍ត្រង់ៗអំពីរឿងទាំងនេះ។ ប៉ុន្តែពេត្រុសបាននាំលោកទៅឆ្ងាយពីពួកគាត់បន្ដិច រួចចាប់ផ្ដើមស្តីបន្ទោសលោក។ ៣៣ លោកបែរទៅមើលអ្នកកាន់តាម រួចស្តីបន្ទោសពេត្រុសវិញ ដោយពោលថា៖ «នែ! សាថាន* ចូរទៅឆ្ងាយពីខ្ញុំទៅ ពីព្រោះអ្នកមិនគិតតាមគំនិតរបស់ព្រះទេ តែគិតតាមគំនិតរបស់មនុស្សវិញ»។
៣៤ រួចលោកហៅបណ្ដាជនមកឯលោកជាមួយនឹងអ្នកកាន់តាម ហើយប្រាប់ពួកគេថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនឲ្យព្រះ រួចលីបង្គោលទារុណកម្ម* របស់ខ្លួន ហើយមកតាមខ្ញុំជាដរាបចុះ ៣៥ ព្រោះអ្នកណាដែលចង់រក្សាជីវិត* ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅវិញ។ តែអ្នកណាដែលបាត់បង់ជីវិតព្រោះតែខ្ញុំនិងដំណឹងល្អ អ្នកនោះនឹងរក្សាជីវិតវិញ។ ៣៦ បើអ្នកណាម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិតខ្លួនទៅវិញ តើមានប្រយោជន៍អ្វីទៅ? ៣៧ តើមនុស្សសុខចិត្តយកអ្វីមកប្ដូរនឹងជីវិតខ្លួន? ៣៨ ក្នុងចំណោមមនុស្សជំនាន់នេះ ដែលមិនស្មោះត្រង់នឹងព្រះ* ហើយប្រព្រឹត្តអំពើខុសឆ្គង អ្នកណាដែលខ្មាសគេដោយសារកាន់តាមខ្ញុំនិងជឿពាក្យរបស់ខ្ញុំ កូនមនុស្សក៏នឹងខ្មាសមិនទទួលស្គាល់អ្នកនោះដែរ ពេលដែលលោកមកជាមួយនឹងបណ្ដាទេវតាបរិសុទ្ធ ដោយមានសិរីរុងរឿងពីបិតារបស់លោក»។