កូរិនថូសទី១
១៣ ប្រសិនបើខ្ញុំនិយាយភាសាមនុស្សនិងភាសាទេវតា តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគឺដូចជាលង់ហិនដែលលាន់ឮខ្ទរខ្ទារ ឬឆាបដែលទង្គិចគ្នា។ ២ ម្យ៉ាងទៀត ប្រសិនបើខ្ញុំបានអំណោយជាសមត្ថភាពប្រកាសទំនាយ ហើយស្គាល់អាថ៌កំបាំងពិសិដ្ឋទាំងឡាយនិងចំណេះទាំងអស់ ហើយបើខ្ញុំមានជំនឿខ្លាំងដល់ម្ល៉េះ បានជាខ្ញុំអាចធ្វើឲ្យភ្នំរើចេញបាន តែខ្ញុំគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនជាអ្វីសោះឡើយ។ ៣ ប្រសិនបើខ្ញុំឲ្យទ្រព្យទាំងអស់របស់ខ្ញុំ ដើម្បីផ្ដល់អាហារឲ្យអ្នកដទៃ ហើយប្រសិនបើខ្ញុំប្រគល់រូបកាយខ្ញុំជាគ្រឿងបូជាដើម្បីខ្ញុំអាចអួតអាង តែខ្ញុំគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនទទួលប្រយោជន៍អ្វីសោះឡើយ។
៤ សេចក្ដីស្រឡាញ់មានចិត្តធ្ងន់ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនចេះច្រណែន* មិនចេះនិយាយអួតអាង មិនចេះក្រអឺតក្រអោង ៥ មិនប្រព្រឹត្តឥតសមរម្យ មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនឆាប់ខឹង។ សេចក្ដីស្រឡាញ់មិនចាំទុកក្នុងចិត្តនូវអ្វីដែលគេធ្វើឲ្យយើងឈឺចិត្ត។ ៦ សេចក្ដីស្រឡាញ់មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ តែអរសប្បាយអំពីសេចក្ដីពិត។ ៧ សេចក្ដីស្រឡាញ់អត់ធន់នឹងអ្វីៗទាំងអស់ ជឿអ្វីៗទាំងអស់ សង្ឃឹមលើអ្វីៗទាំងអស់ ស៊ូទ្រាំនឹងអ្វីៗទាំងអស់។
៨ សេចក្ដីស្រឡាញ់មិនចេះសាបសូន្យ* ឡើយ។ ប៉ុន្តែទោះជាបានទទួលអំណោយជាសមត្ថភាពប្រកាសទំនាយ និយាយភាសាផ្សេងៗ ឬទទួលចំណេះក៏ដោយ ក៏អ្វីៗទាំងនោះនឹងត្រូវធ្វើឲ្យសូន្យទៅ។ ៩ ព្រោះចំណេះរបស់យើងគឺមិនទាន់សព្វគ្រប់ ហើយទំនាយដែលយើងប្រកាសក៏មិនទាន់សព្វគ្រប់ដែរ ១០ ប៉ុន្តែកាលណាយើងមានចំណេះសព្វគ្រប់ ហើយប្រកាសទំនាយសព្វគ្រប់ នោះចំណេះដែលមិនទាន់សព្វគ្រប់និងទំនាយដែលមិនទាន់សព្វគ្រប់នឹងត្រូវធ្វើឲ្យសូន្យទៅ។ ១១ កាលដែលខ្ញុំនៅជាទារក ខ្ញុំនិយាយដូចទារក គិតដូចទារក និងវែកញែកដូចទារក តែឥឡូវខ្ញុំជាបុរសពេញវ័យ ដូច្នេះខ្ញុំបានបំបាត់លក្ខណៈដែលដូចទារក។ ១២ ព្រោះនៅគ្រាឥឡូវនេះ យើងមើលឃើញស្រពិលៗដូចមើលក្នុងដែកឆ្លុះមុខ ប៉ុន្តែនៅពេលនោះយើងនឹងឃើញច្បាស់។* នៅគ្រាឥឡូវនេះ ខ្ញុំមិនទាន់ដឹងសព្វគ្រប់ទេ ប៉ុន្តែនៅពេលនោះខ្ញុំនឹងដឹងច្បាស់ ដូចព្រះស្គាល់ខ្ញុំច្បាស់ដែរ។ ១៣ ក៏ប៉ុន្តែឥឡូវនេះ មានបីយ៉ាងដែលនៅគង់វង្ស គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ តែក្នុងចំណោមទាំងបីយ៉ាងនេះ សេចក្ដីស្រឡាញ់គឺឧត្តុង្គឧត្តមជាងគេ។