ពេត្រុសទី២
៣ បងប្អូនជាទីស្រឡាញ់អើយ នេះជាសំបុត្រទីពីរដែលខ្ញុំសរសេរទៅកាន់អ្នករាល់គ្នា ហើយក្នុងសំបុត្រនេះ ដូចក្នុងសំបុត្រទីមួយរបស់ខ្ញុំ ខ្ញុំកំពុងជំរុញសមត្ថភាពរិះគិតច្បាស់លាស់របស់អ្នករាល់គ្នាដោយការរំលឹក ២ ដើម្បីឲ្យអ្នករាល់គ្នានឹកឃើញអ្វីដែលពួកអ្នកប្រកាសទំនាយបរិសុទ្ធបានប្រាប់ ហើយនឹកឃើញបញ្ញត្ដិដែលលោកជាម្ចាស់និងជាអ្នកសង្គ្រោះបានឲ្យតាមរយៈបណ្ដាសាវ័កនៃអ្នករាល់គ្នា។ ៣ ព្រោះអ្នករាល់គ្នាដឹងជាមុនថា នៅគ្រាចុងក្រោយបង្អស់នឹងមានពួកអ្នកចំអក ដែលបណ្ដែតបណ្ដោយទៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មកចំអក ៤ ហើយនិយាយថា៖ «លោកសន្យាថានឹងមក* តែតើលោកនៅឯណា? ចាប់ពីថ្ងៃដែលពួកបុព្វបុរសរបស់យើងដេកលក់ក្នុងសេចក្ដីស្លាប់ អ្វីៗទាំងអស់នៅដដែល តាំងពីពេលចាប់ផ្ដើមបង្កើតពិភពលោកមក»។
៥ ព្រោះពួកគេចង់បំភ្លេចការពិតដូចតទៅនេះថា ដោយសារប្រសាសន៍របស់ព្រះ នោះកើតមានមេឃនៅសម័យបុរាណ និងមានផែនដីដែលរឹងផុសឡើងពីទឹក ក៏នៅកណ្ដាលទឹក ៦ ហើយដោយការទាំងនោះ ពិភពលោកនៅសម័យនោះបានត្រូវបំផ្លាញចោល ពេលដែលមានទឹកជំនន់។ ៧ ក៏ប៉ុន្តែ ដោយសារប្រសាសន៍ដដែលនោះ មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ ហើយបានត្រូវទុកសម្រាប់ថ្ងៃវិនិច្ឆ័យទោសមនុស្សទុច្ចរិតហើយបំផ្លាញពួកគេចោល។
៨ ក៏ប៉ុន្តែបងប្អូនជាទីស្រឡាញ់អើយ កុំភ្លេចការពិតដូចតទៅនេះថា ចំពោះព្រះយេហូវ៉ា មួយថ្ងៃគឺស្មើមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំគឺស្មើមួយថ្ងៃ។ ៩ ព្រះយេហូវ៉ាមិនយឺតក្នុងការធ្វើតាមសេចក្ដីសន្យារបស់លោក ដូចមនុស្សខ្លះគិតថាយឺតនោះទេ ប៉ុន្តែលោកអត់ធ្មត់នឹងយើង ពីព្រោះលោកមិនចង់ឲ្យអ្នកណាត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត។ ១០ ទោះជាយ៉ាងនោះក៏ដោយ ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដូចជាចោរ ហើយនៅពេលនោះមេឃនិងបាត់ទៅយ៉ាងលឿនដោយសំឡេងលាន់ឮរំពង ប៉ុន្តែធាតុនានានឹងក្ដៅក្រៃលែងហើយនឹងរលាយសាបសូន្យទៅ ឯផែនដីនិងអ្វីៗនៅលើផែនដីនឹងត្រូវរកឃើញ។*
១១ ដូច្នេះ ដោយសារការទាំងអស់នោះនឹងត្រូវរំលាយសាបសូន្យទៅ ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា។ អ្នករាល់គ្នាគួរជាមនុស្សដែលមានការប្រព្រឹត្តបរិសុទ្ធ ហើយធ្វើការអ្វីដែលបង្ហាញពីភក្ដីភាពចំពោះព្រះ ១២ ដោយទន្ទឹងហើយចាំជាប់ជានិច្ចនូវការមកដល់នៃថ្ងៃ* របស់ព្រះយេហូវ៉ា។ តាមរយៈថ្ងៃនោះ មេឃនឹងត្រូវភ្លើងឆេះរលាយសាបសូន្យ ឯធាតុនានានឹងក្ដៅក្រៃលែងហើយរលាយបាត់ទៅ! ១៣ ប៉ុន្តែយើងកំពុងទន្ទឹងរង់ចាំមេឃថ្មីនិងផែនដីថ្មី ស្របតាមសេចក្ដីសន្យារបស់លោក ហើយទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប។
១៤ ដូច្នេះ បងប្អូនទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាកំពុងទន្ទឹងការទាំងនេះ ចូរខំអស់ពីសមត្ថភាព ដើម្បីនៅទីបំផុតលោកនឹងឃើញថា អ្នករាល់គ្នាគឺឥតស្នាមប្រឡាក់ ស្អាតស្អំ ហើយមានសន្ដិភាព។ ១៥ ម្យ៉ាងទៀត ចូរចាត់ទុកចិត្តអត់ធ្មត់របស់លោកម្ចាស់យើងថាជាសេចក្ដីសង្គ្រោះ ដូចប៉ូល បងប្រុសជាទីស្រឡាញ់របស់យើងបានសរសេរទៅកាន់អ្នករាល់គ្នាស្របតាមប្រាជ្ញាដែលគាត់បានទទួល។ ១៦ តាមពិត គាត់និយាយអំពីការទាំងនេះក្នុងសំបុត្រទាំងអស់របស់គាត់។ ក៏ប៉ុន្តែក្នុងសំបុត្រទាំងនោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកដែលមិនបានទទួលការបង្រៀន និងពួកអ្នកដែលមិនមាំមួន បង្ខុសអត្ថន័យនៃសេចក្ដីនោះ ដូចពួកគេបង្ខុសអត្ថន័យនៃបទគម្ពីរទាំងប៉ុន្មានទៀត ហើយនាំឲ្យខ្លួនទទួលសេចក្ដីហិនវិនាស។
១៧ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ដោយសារអ្នករាល់គ្នាដឹងអំពីការទាំងនេះជាមុន ចូរប្រុងប្រយ័ត្ន ដើម្បីកុំឲ្យពួកអ្នកបំពានច្បាប់ទាំងនោះ នាំអ្នករាល់គ្នាចេញទៅដោយការបោកបញ្ឆោតរបស់ពួកគេ ហើយធ្វើឲ្យអ្នករាល់គ្នាបាត់បង់ភាពមាំមួន។ ១៨ ផ្ទុយទៅវិញ ចូរបន្តទទួលគុណដ៏វិសេសលើសលប់និងចំណេះពីលោកយេស៊ូគ្រិស្ត ដែលជាម្ចាស់និងជាអ្នកសង្គ្រោះរបស់យើង។ សូមឲ្យលោកប្រកបដោយសិរីរុងរឿងឥឡូវនេះ និងជារៀងរហូតតទៅ។