កូរិនថូសទី២
៨ ឥឡូវយើងចង់ប្រាប់បងប្អូនអំពីគុណដ៏វិសេសលើសលប់របស់ព្រះ ដែលលោកបានឲ្យដល់ក្រុមជំនុំទាំងប៉ុន្មាននៅតំបន់ម៉ាសេដូន។ ២ ពួកគាត់ជួបការល្បងលដ៏ខ្លាំងដោយមានទុក្ខវេទនា។ ប៉ុន្តែទោះជាពួកគាត់ក្រតោកយ៉ាកក៏ដោយ ក៏អំណរដ៏ពោរពេញបានជំរុញឲ្យពួកគាត់បង្ហាញថាខ្លួនជាអ្នកមាន ដោយបង្ហាញចិត្តទូលាយក្រៃលែង។ ៣ ព្រោះពួកគាត់បានធ្វើការនេះតាមសមត្ថភាពខ្លួន ហើយខ្ញុំសូមបញ្ជាក់ថាតាមពិត ការដែលពួកគាត់ធ្វើនោះគឺលើសពីសមត្ថភាពរបស់ពួកគាត់ទៅទៀត ៤ កាលដែលពួកគាត់អង្វរយើងម្ដងហើយម្ដងទៀតដោយស្ម័គ្រពីចិត្តសុំមានកិត្ដិយសជូនអំណោយដ៏សប្បុរសនិងរួមចំណែកក្នុងការបម្រើពួកអ្នកបរិសុទ្ធ ៥ ហើយពួកគាត់បានធ្វើលើសពីអ្វីដែលយើងបានសង្ឃឹមទៅទៀត ដោយសារពួកគាត់បានប្រគល់ខ្លួនដល់លោកម្ចាស់និងពួកយើងមុនបង្អស់ តាមបំណងប្រាថ្នារបស់ព្រះ។ ៦ នេះបាននាំឲ្យយើងលើកទឹកចិត្តទីតុសថាគាត់គួរបង្ហើយការប្រមូលអំណោយដ៏សប្បុរសរបស់អ្នករាល់គ្នា ដោយសារគាត់ជាអ្នកផ្ដើមគំនិតនេះក្នុងចំណោមអ្នករាល់គ្នា។ ៧ ទោះជាយ៉ាងនោះក៏ដោយ ចូរឲ្យអ្នករាល់គ្នាជូនអំណោយសប្បុរសជាបរិបូរ ដូចអ្នករាល់គ្នាក៏មានអ្វីៗទាំងអស់ជាបរិបូរដែរ ពោលគឺជំនឿ សមត្ថភាពនិយាយ ចំណេះ ការខ្នះខ្នែង និងសេចក្ដីស្រឡាញ់របស់យើងចំពោះអ្នករាល់គ្នា។
៨ ខ្ញុំនិយាយដូច្នេះមិនមែនដើម្បីបង្គាប់អ្នករាល់គ្នាទេ តែខ្ញុំនិយាយដោយគិតពីការខ្នះខ្នែងរបស់អ្នកឯទៀត និងក្នុងបំណងល្បងមើលឲ្យដឹងថាសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាស្មោះឬមិនស្មោះ។ ៩ ព្រោះអ្នករាល់គ្នាស្គាល់គុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងថា ទោះជាលោកជាអ្នកមានក៏ដោយ ក៏លោកបានទៅជាអ្នកក្រដើម្បីអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាទៅជាអ្នកមានតាមរយៈភាពក្រីក្ររបស់លោក។
១០ ខ្ញុំសូមប្រាប់មតិរបស់ខ្ញុំអំពីរឿងនេះថា រឿងនេះនាំឲ្យអ្នករាល់គ្នាទទួលផលប្រយោជន៍ ដោយឃើញថាមួយឆ្នាំមុន អ្នករាល់គ្នាមិនត្រឹមតែចង់ធ្វើការនេះប៉ុណ្ណោះទេ តែក៏ចាប់ផ្ដើមធ្វើការនេះដែរ ១១ ដូច្នេះ ឥឡូវ ចូរធ្វើការនោះឲ្យហើយចុះ។ យ៉ាងនោះ អ្នករាល់គ្នានឹងបង្ហើយការនោះតាមដែលអ្នករាល់គ្នាមាន ដូចអ្នករាល់គ្នាមានចិត្តចង់ធ្វើពីមុន។ ១២ ព្រោះប្រសិនបើមានចិត្តចង់ឲ្យហើយ នោះធ្វើឲ្យព្រះពេញចិត្តណាស់។ ការឲ្យគឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនមិនមាននោះទេ។ ១៣ ព្រោះខ្ញុំមិនចង់ធ្វើឲ្យអ្នកឯទៀតស្រួល តែធ្វើឲ្យអ្នករាល់គ្នាពិបាកនោះទេ ១៤ ប៉ុន្តែដើម្បីឲ្យអ្វីដែលអ្នករាល់គ្នាមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាតរបស់ពួកគេ ដើម្បីឲ្យអ្វីដែលពួកគេមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាតរបស់អ្នករាល់គ្នាដែរ យ៉ាងនោះនឹងមានភាពស្មើគ្នា។ ១៥ ដូចបទគម្ពីរចែងថា៖ «អ្នកដែលមានច្រើន មិនមានច្រើនពេកទេ ហើយអ្នកដែលមានតែបន្ដិច មិនមានតិចពេកដែរ»។
១៦ ឥឡូវ សូមអរគុណព្រះ ដែលទីតុសគិតដល់អ្នករាល់គ្នាដូចយើងគិតដល់អ្នករាល់គ្នាដែរ ១៧ ពីព្រោះគាត់មិនត្រឹមតែបានធ្វើអ្វីដែលយើងបានលើកទឹកចិត្តគាត់ឲ្យធ្វើប៉ុណ្ណោះទេ តែដោយសារគាត់មានចិត្តខ្នះខ្នែងណាស់ នោះគាត់ចេញទៅឯអ្នករាល់គ្នាដោយស្ម័គ្រពីចិត្ត។ ១៨ ប៉ុន្តែយើងបានចាត់បងប្រុសម្នាក់ទៀតឲ្យទៅជាមួយនឹងគាត់។ បងប្រុសនោះទទួលការសរសើរពីគ្រប់ក្រុមជំនុំទាំងអស់ ដោយសារកិច្ចការរបស់គាត់ដែលទាក់ទងនឹងដំណឹងល្អ។ ១៩ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជំនុំបានតែងតាំងគាត់ឲ្យរួមដំណើរជាមួយនឹងយើងក្នុងការចាត់ចែងអំណោយដ៏សប្បុរសនេះ ដើម្បីតម្កើងសិរីរុងរឿងរបស់លោកម្ចាស់ និងដើម្បីបញ្ជាក់ថាយើងប្រុងប្រៀបជួយអ្នកឯទៀតជានិច្ច។ ២០ យ៉ាងនេះ យើងមិនបើកឱកាសឲ្យអ្នកណារិះគន់យើងអំពីរបៀបដែលយើងចាត់ចែងវិភាគទានជាច្រើននេះទេ។ ២១ ព្រោះយើង«ចាត់ចែងកិច្ចការដោយទៀងត្រង់ មិនគ្រាន់តែនៅចំពោះមុខព្រះ តែនៅចំពោះមុខមនុស្សដែរ»។
២២ ម្យ៉ាងទៀត យើងចាត់បងប្រុសម្នាក់របស់យើងឲ្យទៅជាមួយនឹងពួកគាត់។ យើងធ្លាប់សាកល្បងបងប្រុសនោះជាញឹកញយក្នុងកិច្ចការជាច្រើន ហើយឃើញថាគាត់មានចិត្តខ្នះខ្នែង តែឥឡូវគាត់មានចិត្តខ្នះខ្នែងខ្លាំងជាងមុន ដោយសារគាត់ជឿជាក់លើអ្នករាល់គ្នា។ ២៣ ក៏ប៉ុន្តែប្រសិនបើមានការសង្ស័យអំពីទីតុស ខ្ញុំសូមប្រាប់ថា គាត់រួមចំណែកជាមួយនឹងខ្ញុំ ហើយជាអ្នករួមធ្វើការដើម្បីឲ្យអ្នករាល់គ្នាទទួលប្រយោជន៍។ ប្រសិនបើមានការសង្ស័យអំពីបងប្រុសៗរបស់យើង ខ្ញុំសូមប្រាប់ថា ពួកគាត់ជាសាវ័ករបស់ក្រុមជំនុំ ហើយនាំឲ្យគ្រិស្តទទួលការលើកតម្កើង។ ២៤ ដូច្នេះ ចូរបង្ហាញឲ្យឃើញថាអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ពិតប្រាកដ ហើយថាអ្វីដែលយើងបានអួតអំពីអ្នករាល់គ្នានៅមុខក្រុមជំនុំ គឺជាការពិត។