ការបើកបង្ហាញ
៣ «ហើយចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងសាដេសថា៖ លោកដែលមានសកម្មពល* ទាំងប្រាំពីររបស់ព្រះ និងផ្កាយទាំងប្រាំពីរមានប្រសាសន៍ដូចតទៅនេះថា៖ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក ហើយដឹងថាអ្នកមានឈ្មោះថាជាអ្នករស់រានមានជីវិត តែអ្នកបានស្លាប់ហើយ។ ២ ចូរប្រុងប្រយ័ត្ន ហើយពង្រឹងកម្លាំងដល់អ្វីៗដែលជិតស្លាប់ ព្រោះខ្ញុំឃើញថាការប្រព្រឹត្តរបស់អ្នក គឺមិនពេញលក្ខណៈនៅចំពោះមុខព្រះរបស់ខ្ញុំទេ។ ៣ ដូច្នេះ ចូរចាំជាប់នូវអ្វីដែលអ្នកបានទទួលនិងអ្វីដែលអ្នកបានឮ ហើយចូរកាន់ខ្ជាប់តាមសេចក្ដីនោះ ព្រមទាំងប្រែចិត្ត។ ប្រសិនបើអ្នកមិនភ្ញាក់ខ្លួនទេ ខ្ញុំប្រាកដជានឹងមកដូចចោរ ហើយអ្នកនឹងមិនដឹងថាខ្ញុំមកនៅពេលណាឡើយ។
៤ «‹ទោះជាយ៉ាងនោះក៏ដោយ មានមនុស្សខ្លះនៅក្រុងសាដេស ដែលមិនបានធ្វើឲ្យសម្លៀកបំពាក់ក្រៅរបស់ខ្លួនសៅហ្មងឡើយ ហើយអ្នកទាំងនោះនឹងដើរជាមួយនឹងខ្ញុំដោយមានសម្លៀកបំពាក់ស ពីព្រោះពួកគេសមនឹងធ្វើដូច្នេះ។ ៥ អ្នកណាដែលឈ្នះ អ្នកនោះនឹងបានសម្លៀកបំពាក់ស ហើយខ្ញុំនឹងមិនលុបឈ្មោះរបស់អ្នកនោះចេញពីសៀវភៅជីវិតឡើយ តែខ្ញុំនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅមុខបិតារបស់ខ្ញុំ ហើយនៅមុខបណ្ដាទេវតារបស់លោក។ ៦ ចូរអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលសកម្មពលប្រាប់ដល់ក្រុមជំនុំទាំងឡាយ›។
៧ «ហើយចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងភីឡាដិលភាថា៖ លោកដែលបរិសុទ្ធ ដែលពិតប្រាកដ ដែលមានកូនសោរបស់ដាវីឌ និងជាលោកដែលបើកហើយគ្មានអ្នកណាអាចបិទបាន ក៏បិទហើយគ្មានអ្នកណាអាចបើកបាន មានប្រសាសន៍ដូចតទៅនេះថា៖ ៨ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក (មើល! ខ្ញុំបានបើកទ្វារមួយនៅមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ) ខ្ញុំដឹងថាអ្នកមានកម្លាំងបន្ដិចបន្តួច ក៏បានកាន់តាមពាក្យរបស់ខ្ញុំ ហើយមិនបានក្បត់ឈ្មោះខ្ញុំទេ។ ៩ មើល! ចំណែកពួកអ្នកពីបក្សពួក* របស់សាថាន* ដែលនិយាយថាពួកគេជាជនជាតិយូដា ប៉ុន្តែតាមពិតមិនមែនជាជនជាតិយូដាទេ តែពួកគេកំពុងភូតភរវិញ ខ្ញុំនឹងប្រគល់ពួកគេ ហើយធ្វើឲ្យពួកគេមកសម្ដែងការគោរពនៅជិតជើងរបស់អ្នក ថែមទាំងធ្វើឲ្យពួកគេដឹងថាខ្ញុំស្រឡាញ់អ្នក។ ១០ ដោយសារអ្នកបានកាន់តាមអ្វីដែលអ្នកបានឮស្តីអំពីការស៊ូទ្រាំរបស់ខ្ញុំ នោះខ្ញុំនឹងរក្សាការពារអ្នកនៅគ្រាល្បងល ដែលនឹងកើតឡើងពេញផែនដីទាំងមូល ដើម្បីល្បងលពួកអ្នកដែលអាស្រ័យនៅផែនដី។ ១១ ខ្ញុំនឹងមកយ៉ាងឆាប់។ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមាន ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នក។
១២ «‹ខ្ញុំនឹងធ្វើឲ្យអ្នកណាដែលឈ្នះទៅជាសសរមួយក្នុងវិហាររបស់ព្រះនៃខ្ញុំ ហើយអ្នកនោះនឹងមិនចេញទៅវិញឡើយ។ នៅលើអ្នកនោះខ្ញុំនឹងសរសេរនាមរបស់ព្រះនៃខ្ញុំ និងឈ្មោះនៃក្រុងរបស់ព្រះនៃខ្ញុំ ពោលគឺក្រុងយេរូសាឡិមថ្មី ដែលចុះមកពីស្ថានសួគ៌ពីព្រះនៃខ្ញុំ ហើយខ្ញុំក៏នឹងសរសេរឈ្មោះថ្មីរបស់ខ្ញុំនៅលើអ្នកនោះដែរ។ ១៣ ចូរអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលសកម្មពលប្រាប់ដល់ក្រុមជំនុំទាំងឡាយ›។
១៤ «ហើយចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងឡៅឌីសេថា៖ លោកដែលជាអាមេន ជាសាក្សីស្មោះត្រង់និងពិតត្រង់ និងជាអ្នកដំបូងបង្អស់ដែលព្រះបានបង្កើតមានប្រសាសន៍ដូចតទៅនេះថា៖ ១៥ ‹ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក អ្នកគឺមិនត្រជាក់ហើយក៏មិនក្ដៅដែរ ខ្ញុំចង់ឲ្យអ្នកត្រជាក់ ឬក៏ក្ដៅ។ ១៦ ដូច្នេះ ដោយសារអ្នកក្ដៅឧណ្ហៗ មិនត្រជាក់ហើយមិនក្ដៅ នោះខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់ខ្ញុំ។ ១៧ ពីព្រោះអ្នកនិយាយថា៖ «ខ្ញុំជាអ្នកមាន ក៏មានទ្រព្យសម្បត្ដិបរិបូរ ហើយខ្ញុំមិនត្រូវការអ្វីសោះ» តែអ្នកមិនដឹងថាអ្នកមានទុក្ខវេទនា ក៏គួរឲ្យអាណិត ក្រីក្រ ងងឹតភ្នែក និងអាក្រាតទេ ១៨ ខ្ញុំទូន្មានអ្នកឲ្យទិញមាសពីខ្ញុំ ជាមាសដែលបានត្រូវសម្រាំងដោយភ្លើងដើម្បីឲ្យអ្នកក្លាយទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ស មកស្លៀកពាក់ ដើម្បីកុំឲ្យអ្នកឯទៀតឃើញអ្នកនៅអាក្រាត រួចអ្នកត្រូវខ្មាសគេ។ ចូរទិញថ្នាំលាបភ្នែកដែរ ដើម្បីអ្នកអាចមើលឃើញ។
១៩ «‹ខ្ញុំកែតម្រង់ ហើយប្រដៅអស់អ្នកដែលខ្ញុំស្រឡាញ់។ ដូច្នេះ ចូរមានចិត្តខ្នះខ្នែង ហើយប្រែចិត្តចុះ។ ២០ មើល! ខ្ញុំកំពុងឈរគោះទ្វារ។ ប្រសិនបើអ្នកណាឮសំឡេងខ្ញុំហើយបើកទ្វារ ខ្ញុំនឹងចូលក្នុងផ្ទះរបស់អ្នកនោះ ហើយបរិភោគអាហារល្ងាចជាមួយនឹងអ្នកនោះ ហើយអ្នកនោះនឹងបរិភោគជាមួយនឹងខ្ញុំ។ ២១ ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកណាដែលឈ្នះ អង្គុយជាមួយនឹងខ្ញុំលើបល្ល័ង្ករបស់ខ្ញុំ ដូចខ្ញុំបានឈ្នះ ហើយអង្គុយជាមួយនឹងបិតារបស់ខ្ញុំលើបល្ល័ង្ករបស់លោក។ ២២ ចូរឲ្យអ្នកដែលមានត្រចៀក ស្ដាប់អ្វីដែលសកម្មពលប្រាប់ដល់ក្រុមជំនុំទាំងឡាយ›»។