ម៉ាថាយ
២៤ ក្រោយមក ពេលលោកយេស៊ូកំពុងចាកចេញពីវិហារ នោះអ្នកកាន់តាមលោកបានចូលមកជិតដើម្បីបង្ហាញសំណង់ផ្សេងៗនៃវិហារ។ ២ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «តើអ្នករាល់គ្នាឃើញអ្វីៗទាំងនេះទេ? ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ថ្មទាំងអស់នៅទីនេះនឹងត្រូវទម្លាក់ដល់ដី ហើយនឹងគ្មានថ្មណានៅត្រួតលើថ្មណាទៀតទេ»។
៣ ពេលដែលលោកកំពុងអង្គុយលើភ្នំដើមអូលីវ នោះអ្នកកាន់តាមលោកបានមកឯលោកដោយឡែកពីគេ រួចសួរថា៖ «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា? ហើយតើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។
៤ លោកយេស៊ូតបឆ្លើយទៅពួកគាត់ថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបំភាន់អ្នករាល់គ្នាឡើយ ៥ ព្រោះមនុស្សជាច្រើននឹងមកដោយអាងឈ្មោះខ្ញុំ* ហើយបំភាន់មនុស្សជាច្រើន ដោយពោលថា៖ ‹ខ្ញុំជាគ្រិស្ត›។ ៦ អ្នកនឹងឮសូរសង្គ្រាម និងឮគេនិយាយអំពីសង្គ្រាម តែកុំភ័យស្លុតឡើយ ព្រោះការទាំងនេះត្រូវកើតឡើង។ ក៏ប៉ុន្តែ ទីបញ្ចប់មិនទាន់មកដល់នៅឡើយទេ។
៧ «ព្រោះប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ ក៏នឹងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយ ថែមទាំងមានការអត់ឃ្លានទៀតផង។ ៨ ការទាំងនេះគឺជាការចាប់ផ្ដើមនៃគ្រាលំបាក។*
៩ «រួចមក មនុស្សនឹងបញ្ជូនអ្នករាល់គ្នាឲ្យទៅរងទុក្ខវេទនា ក៏នឹងសម្លាប់អ្នក ហើយប្រជាជាតិទាំងឡាយនឹងស្អប់អ្នករាល់គ្នា ដោយសារអ្នកកាន់តាមខ្ញុំ។ ១០ នៅពេលនោះដែរ មនុស្សជាច្រើននឹងជំពប់ដួល ក៏នឹងក្បត់គ្នា និងស្អប់គ្នាទៅវិញទៅមក ១១ ហើយអ្នកប្រកាសទំនាយមិនពិតជាច្រើននាក់ នឹងលេចមកបំភាន់មនុស្សជាច្រើន។ ១២ បន្ថែមទៅទៀត ដោយសារការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ។ ១៣ ប៉ុន្តែអ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ។ ១៤ ហើយដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ* រួចទីបញ្ចប់នឹងមកដល់។
១៥ «ដូច្នេះ នៅពេលដែលអ្នករាល់គ្នាក្រឡេកទៅឃើញអ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលបំផ្លិចបំផ្លាញ កំពុងឈរនៅកន្លែងបរិសុទ្ធ ដូចទំនាយដែលបានត្រូវប្រកាសតាមរយៈដានីយ៉ែល (ចូរអ្នកអានប្រើសមត្ថភាពវែកញែក) ១៦ នោះចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ។ ១៧ អ្នកណាដែលនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកទ្រព្យសម្បត្ដិចេញពីផ្ទះឡើយ ១៨ ហើយអ្នកណាដែលនៅស្រែចម្ការ ក៏មិនត្រូវត្រឡប់ទៅផ្ទះយកសម្លៀកបំពាក់ក្រៅរបស់ខ្លួនដែរ។ ១៩ នៅគ្រានោះ ស្ត្រីដែលមានផ្ទៃពោះនិងស្ត្រីដែលនៅបំបៅកូនត្រូវវេទនាណាស់! ២០ ចូរអធិដ្ឋានជានិច្ច សុំកុំឲ្យត្រូវរត់គេចខ្លួននៅរដូវរងា ឬនៅថ្ងៃឈប់សម្រាកឡើយ។ ២១ ព្រោះនៅគ្រានោះ នឹងមានទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយក៏នឹងមិនមានដូច្នោះទៀតឡើយ។ ២២ តាមការពិត ប្រសិនបើព្រះមិនកាត់បន្ថយគ្រានោះឲ្យខ្លីទេ គ្មានអ្នកណា* នឹងត្រូវសង្គ្រោះឡើយ។ ប៉ុន្តែ ដោយសារពួកអ្នករើសតាំង នោះព្រះនឹងកាត់បន្ថយគ្រានោះឲ្យខ្លី។
២៣ «នៅពេលនោះ បើអ្នកណាប្រាប់អ្នករាល់គ្នាថា៖ ‹មើល! គ្រិស្តនៅទីនេះ!› ឬ‹នៅទីនោះ!› កុំជឿឲ្យសោះ។ ២៤ ពីព្រោះនឹងមានអ្នកក្លែងខ្លួនជាគ្រិស្ត និងអ្នកប្រកាសទំនាយមិនពិតលេចមក ហើយពួកគេនឹងបង្ហាញសញ្ញាសម្គាល់និងធ្វើការអស្ចារ្យយ៉ាងធំ ដើម្បីបំភាន់ទាំងអ្នករើសតាំង ប្រសិនបើអាចបំភាន់បាន។ ២៥ ខ្ញុំបានព្រមានអ្នករាល់គ្នាទុកជាមុនហើយ។ ២៦ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា៖ ‹មើល! លោកនៅតំបន់ស្ងាត់ជ្រងំ› កុំចេញទៅឡើយ ឬបើថា៖ ‹មើល! លោកនៅកន្លែងសម្ងាត់› កុំជឿគេឲ្យសោះ ២៧ ព្រោះវត្តមានរបស់កូនមនុស្ស នឹងប្រៀបដូចជាផ្លេកបន្ទោរ ដែលភ្លឺពីទិសខាងកើតដល់ទិសខាងលិច។ ២៨ សាកសពនៅទីណា សត្វឥន្ទ្រីប្រមូលគ្នានៅទីនោះ។
២៩ «បន្ទាប់ពីទុក្ខវេទនានៅគ្រានោះភ្លាម ថ្ងៃនឹងទៅជាងងឹត ខែក៏នឹងលែងភ្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ពីលើមេឃ ហើយកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន។ ៣០ រួចមក សញ្ញាសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយកុលសម្ព័ន្ធទាំងឡាយនៅផែនដីនឹងគក់ទ្រូងដោយមានក្ដីទុក្ខព្រួយ ហើយពួកគេនឹងឃើញកូនមនុស្សមកលើពពកនៅលើមេឃដោយមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ។ ៣១ នៅពេលនោះ នឹងមានសូរសំឡេងត្រែលាន់ឮយ៉ាងខ្លាំង ហើយលោកនឹងចាត់បណ្ដាទេវតារបស់លោកឲ្យទៅប្រមូលអ្នករើសតាំងរបស់លោកពីទិសខាងជើង ទិសខាងត្បូង ទិសខាងកើត និងទិសខាងលិច ពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាង។
៣២ «ចូរទាញយកមេរៀនពីឧទាហរណ៍អំពីដើមល្វាតូច* ដូចតទៅនេះ៖ កាលដែលមែកខ្ចីរបស់វាទៅជាទន់ ហើយដុះស្លឹក អ្នកដឹងភ្លាមថា រដូវក្ដៅជិតដល់ហើយ។ ៣៣ ចំពោះអ្នករាល់គ្នាក៏ដូចគ្នាដែរ។ កាលដែលអ្នកឃើញការទាំងអស់នេះ ចូរដឹងថាកូនមនុស្សនៅជិតមាត់ទ្វារហើយ។ ៣៤ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ជំនាន់នេះនឹងមិនកន្លងបាត់ទៅសោះឡើយ ទាល់តែការទាំងអស់នេះកើតឡើង។ ៣៥ មេឃនិងផែនដីនឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ទៅសោះឡើយ។
៣៦ «គ្មានអ្នកណាដឹងថ្ងៃនិងម៉ោងនោះឡើយ។ សូម្បីតែបណ្ដាទេវតានៅស្ថានសួគ៌ និងបុត្ររបស់ព្រះក៏មិនជ្រាបដែរ។ មានតែបិតាដែលស្ថិតនៅស្ថានសួគ៌ប៉ុណ្ណោះដែលជ្រាប ៣៧ ពីព្រោះវត្តមានរបស់កូនមនុស្ស នឹងដូចសម័យណូអេ។ ៣៨ ព្រោះមនុស្សនៅសម័យនោះ មុនទឹកជំនន់មកដល់ ពួកគេកំពុងពិសាអាហារពិសាស្រា រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំនោះ ៣៩ ហើយពួកគេមិនបានយកចិត្តទុកដាក់សោះ រហូតដល់ទឹកជន់ឡើង កញ្ឆក់យកគេទាំងអស់គ្នាទៅ។ ពេលកូនមនុស្សមានវត្តមាន ក៏នឹងដូចគ្នាដែរ។ ៤០ នៅពេលនោះ នឹងមានបុរសពីរនាក់នៅស្រែចម្ការ ហើយម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល ៤១ នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅ ហើយម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល។ ៤២ ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថាម្ចាស់របស់អ្នកនឹងមកវិញនៅថ្ងៃណាឡើយ។
៤៣ «ចូរដឹងថា បើម្ចាស់ផ្ទះបានដឹងថាចោរនឹងមកនៅយាមណា នោះម្ចាស់ផ្ទះមុខជាចាំយាមមិនឲ្យចោរចូលផ្ទះគាត់ឡើយ។ ៤៤ ហេតុនេះហើយ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ចដូច្នេះដែរ ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន។
៤៥ «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើឯទៀតរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគតាមត្រូវពេល? ៤៦ ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់មកដល់ ហើយឃើញថាគាត់កំពុងធ្វើដូច្នោះមែន។ ៤៧ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងតែងតាំងគាត់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក។
៤៨ «ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើនោះអាក្រក់ ហើយគិតក្នុងចិត្តថា៖ ‹ម្ចាស់ខ្ញុំកំពុងបង្អង់យូរ› ៤៩ រួចចាប់ផ្ដើមវាយខ្ញុំបម្រើគ្នីគ្នា ហើយស៊ីផឹកជាមួយនឹងមនុស្សប្រមឹកស្រា ៥០ នោះម្ចាស់របស់គាត់នឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មាន និងនៅម៉ោងដែលគាត់មិនដឹង ៥១ ហើយនឹងដាក់ទោសគាត់ធ្ងន់បំផុត ក៏រាប់បញ្ចូលក្នុងចំណោមមនុស្សលាក់ពុត។ នៅទីនោះ គាត់នឹងយំហើយសង្កៀតធ្មេញ។