តើរបស់ទាំងនេះពិតជាថ្ងៃជាន់ក្រោយបង្អស់ឬ?
អ្នកនៅឯក្បាលទូក កាលដែលវាមកដល់ស្ទឹងដែលមានទឹកហូរបក់បោកយ៉ាងខ្លាំង។ ផ្ទាំងថ្មធំៗលេចស្ទុងឡើងតាមល្បាក់ទឹកដែលមានពពុះនិងទឹកសាច។ អ្នកខំចែវជៀសពីផ្ទាំងថ្មធំៗទាំងនោះ។ បុគ្គលដែលនៅពីក្រោយអ្នក គឺជាអ្នកដែលជួយចែវទូក ប៉ុន្តែគាត់មិនសូវមានការពិសោធច្រើនទេ។ អ្វីដែលអាក្រក់ទៅទៀត គឺអ្នកឥតមានផែនទីទេ ដូច្នេះអ្នកឥតដឹងថាតើទឹកស្ទឹងនេះនឹងនាំចូលទីស្ងប់ស្ងាត់ឬទឹកធ្លាក់។
នេះជាឆាកមិនល្អឡើយ មែនទេ? ដូច្នេះ សូមឲ្យយើងផ្លាស់ប្រែវា។ សូមគិតថា អ្នកមានអ្នកនាំផ្លូវដ៏ពិសោធម្នាក់នៅជាមួយ ជាបុគ្គលដែលចេះដឹងច្រើនអំពីស្ទឹង។ គាត់ដឹងជាមុនថា ជិតដល់ទីពពុះទឹក ហើយគាត់ដឹងថាពពុះទឹកនឹងនាំទៅទីណាមួយ ហើយគាត់ដឹងប្រើកលល្បិចបើកជៀសពីទីនោះ។ តើអ្នកនឹងមិនមានអារម្មណ៍សុខទេឬ?
ពិតហើយ យើងគ្រប់គ្នាគឺនៅក្នុងស្ថានភាពដូចនេះដែរ។ យើងឃើញថាខ្លួនយើងនៅក្នុងគ្រាដ៏ពិបាកនៃប្រវត្ដិសាស្ត្រមនុស្សជាតិ ទោះបីជាមិនមែនកំហុសរបស់យើងក៏ដោយ។ មនុស្សភាគច្រើនមិនដឹងកាលណាស្ថានភាពនេះចប់ ថាតើវានឹងបានប្រសើរឡើង ឬរបៀបរស់នៅល្អនៅចន្លោះពេលនោះឡើយ។ ប៉ុន្តែ យើងមិនចាំបាច់មានអារម្មណ៍វង្វេងឬតែលតោលទេ។ ព្រះអាទិទេពរបស់យើងបានផ្ដល់ឲ្យយើងនូវអ្នកនាំផ្លូវ—ដែលបានទាយប្រាប់អំពីកំឡុងដ៏ងងឹតនេះនៃប្រវត្ដិសាស្ត្រ ថាតើនឹងចប់នៅពេលណា ហើយផ្ដល់នូវការណែនាំដែលយើងត្រូវការចាំបាច់ដើម្បីឲ្យបានសង្គ្រោះ។ អ្នកនាំផ្លូវនោះគឺជាព្រះគម្ពីរ។ ព្រះយេហូវ៉ាជាអ្នកនិពន្ធ ជាអ្នកបង្រៀនដ៏ធំ ហើយតាមរយៈលោកអេសាយ ទ្រង់មានបន្ទូលដ៏ទុកចិត្តថា៖ «ហើយទោះបើព្រះអម្ចាស់ ទ្រង់ឲ្យឯងរាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកសេចក្ដីរឹបជាន់ទុកជាទឹកក៏ដោយគង់តែពួកគ្រូរបស់ឯងមិនត្រូវលាក់ពីឯងទៀត គឺភ្នែកឯងនឹងឃើញពួកគ្រូនោះវិញ ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្ដាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។ (អេសាយ ៣០:២០, ២១) តើអ្នកនឹងទទួលស្វាគមន៍ការណែនាំបែបនេះទេ? សូមឲ្យយើងពិចារណាមើលថាតើព្រះគម្ពីរពិតជាបានទាយប្រាប់អ្វីៗអំពីសម័យយើងជាយ៉ាងណា។
ពួកអ្នកកាន់តាមព្រះយេស៊ូសួរសំនួរខ្លឹមសា
ពួកអ្នកកាន់តាមព្រះយេស៊ូច្បាស់ជាមានចិត្តអស្ចារ្យណាស់។ ព្រះយេស៊ូទើបតែបានប្រាប់ពួកគេយ៉ាងច្បាស់ក្រឡែតថា ព្រះវិហារដ៏ធំអស្ចារ្យនៃក្រុងយេរូសាឡិមនឹងត្រូវកំទេចចោលទាំងអស់! ការទាយបែបនេះគួរឲ្យអស្ចារ្យមែន។ មិនយូរប៉ុន្មានក្រោយមក កាលដែលពួកគេអង្គុយលើភ្នំដើមអូលីវ ពួកសិស្សរបស់ទ្រង់បួននាក់សួរព្រះយេស៊ូថា៖ «សូមប្រាប់យើងខ្ញុំ តើកាលណាការទាំងនេះកាលណានឹងមកដល់ តើមានទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»? (ម៉ាថាយ ២៤:៣; ម៉ាកុស ១៣:១-៤) ទោះបីជាគេដឹងឬមិនដឹងក្ដី ការតបឆ្លើយរបស់ព្រះយេស៊ូនឹងមានការជាប់ទាក់ទងច្រើន។
សេចក្ដីហិនវិនាសនៃព្រះវិហារយេរូសាឡិមនិងទីបញ្ចប់នៃរបបយូដា មិនដូចនឹងគ្រានៃវត្តមានរបស់ព្រះគ្រីស្ទនិងទីបញ្ចប់នៃរបបលោកីយ៍នេះឡើយ។ យ៉ាងណាក៏ដោយ ក្នុងចម្លើយដ៏វែងរបស់ទ្រង់ ព្រះយេស៊ូបានតបឆ្លើយយ៉ាងប្រសប់ពីលក្ខណៈនៃសំនួរនេះ។ ទ្រង់បានមានបន្ទូលប្រាប់ពួកគេពីស្ថានការណ៍នឹងទៅជាយ៉ាងណា មុនសេចក្ដីហិនវិនាសក្រុងយេរូសាឡិមទៅទៀត។ ទ្រង់មានបន្ទូលប្រាប់ពួកគេឲ្យទន្ទឹងមើលស្ថានភាពក្នុងពិភពលោកនឹងទៅជាយ៉ាងណា ក្នុងកំឡុងវត្តមានរបស់ទ្រង់ ជាគ្រាដែលទ្រង់សោយរាជ្យជាស្តេចក្នុងស្ថានសួគ៌ ហើយទ្រង់នឹងជិតនាំឲ្យមានទីបញ្ចប់ដល់របបលោកីយ៍ទាំងមូល។
ទីបញ្ចប់នៃក្រុងយេរូសាឡិម
មុនដំបូងសូមពិចារណាមើលអ្វីៗដែលព្រះយេស៊ូមានបន្ទូលអំពីក្រុងយេរូសាឡិម និងព្រះវិហារ។ ជាងបីទសវត្សមុន ទ្រង់បានទាយប្រាប់ពីគ្រាដ៏ពិបាក ដែលនឹងមានមកលើក្រុងដ៏ថ្កុំថ្កើងមួយក្នុងចំណោមក្រុងទាំងឡាយក្នុងពិភពលោក។ សូមកត់សម្គាល់ជាពិសេសពាក្យរបស់ទ្រង់ ដែលបានកត់ទុកមកក្នុងលូកា ២១:២០, ២១៖ «ប៉ុន្តែ កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយអ្នកនៅកណ្ដាលទីក្រុង ត្រូវរត់ចេញទៅឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ»។ បើសិនជាក្រុងយេរូសាឡិមត្រូវបានព័ទ្ធជុំវិញដោយពួកទាហាន តើ«អ្នកនៅកណ្ដាលទីក្រុង» នឹង«រត់ចេញ» ដូចព្រះយេស៊ូបានបង្គាប់ដោយយ៉ាងណា? យ៉ាងច្បាស់ណាស់ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពីឱកាសនឹងបើកចំហទុកឲ្យ។ តើមានបើកចំហមែនទេ?
ក្នុងឆ្នាំ៦៦ ស.យ. ពួកទាហានរ៉ូម៉ាំង ក្រោមបញ្ជាការនៃលោក ស៊ីស្ទាស ហ្គាលាស បានរុញពួកកងទ័ពបះបោរយូដាចូលក្រុងយេរូសាឡិមវិញ ហើយបានធ្វើឲ្យពួកគេជាប់ចេញមិនរួចក្នុងទីក្រុងនោះ។ ពួករ៉ូម៉ាំងព្រមទាំងបានសម្រុកចូលទៅក្នុងទីក្រុង ហើយបានចូលទៅដល់កំផែងព្រះវិហារផង។ ប៉ុន្តែ រួចមក ហ្គាលាស បានដឹកនាំកងទ័ពខ្លួនឲ្យធ្វើអ្វីមួយដែលគួរឲ្យឆ្ងល់ណាស់។ លោកបានបញ្ជាពួកគេឲ្យដកថយ! ដោយមានចិត្តរីករាយ ពួកទាហានយូដាបានដេញហើយធ្វើឲ្យហិនហោចដល់ពួកសត្រូវរបស់គេ។ ដូច្នេះ ការទាយរបស់ព្រះយេស៊ូអំពីឱកាសនោះ បានបើកចំហឡើងមែន។ ពួកគ្រីស្ទានពិតដែលធ្វើតាមការព្រមានរបស់ទ្រង់ បានចាកចេញពីក្រុងយេរូសាឡិម។ នេះជាសេចក្ដីសម្រេចចិត្តដ៏មានប្រាជ្ញាណាស់ ព្រោះគ្រាន់តែបួនឆ្នាំក្រោយមក ពួកទាហានរ៉ូម៉ាំងបានត្រឡប់មកវិញ ដោយមានឧត្តមសេនីយថៃថុសដឹកនាំពួកគេ។ លើកនេះគឺឥតមានការរត់គេចបានឡើយ។
ពួកទាហានរ៉ូម៉ាំងបានព័ទ្ធជុំវិញក្រុងយេរូសាឡិមម្ដងទៀត។ ពួកគេបានបោះបង្គោលស្រួចៗជុំវិញ។ ព្រះយេស៊ូបានទាយអំពីក្រុងយេរូសាឡិមថា៖ «ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវគ្រប់ទិស»។a (លូកា ១៩:៤៣) មិនយូរប៉ុន្មាន ក្រុងយេរូសាឡិមត្រូវបានរលំដួល ព្រះវិហារដ៏រុងរឿងត្រូវបានហិនហោចឆេះអស់។ ពាក្យបន្ទូលរបស់ព្រះយេស៊ូបានសម្រេចយ៉ាងល្អិតល្អន់មែន!
ព្រះយេស៊ូចង់មានបន្ទូលប្រាប់សេចក្ដីច្រើនទៀត មិនគ្រាន់តែសេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិមទេ។ ពួកសិស្សរបស់ទ្រង់ក៏បានសួរទ្រង់អំពីសញ្ញានៃវត្តមានរបស់ទ្រង់ដែរ។ ពេលនោះ ពួកគេមិនបានយល់ដឹងអំពីទំហំនៃសំនួររបស់គេទេ ប៉ុន្តែនេះសំដៅទៅគ្រាដែលទ្រង់នឹងសោយរាជ្យជាស្តេចនៅស្ថានសួគ៌។ តើទ្រង់បានទាយប្រាប់អ្វីខ្លះ?
សង្គ្រាមនៅថ្ងៃជាន់ក្រោយបង្អស់
បើសិនជាអ្នកអានម៉ាថាយ ជំពូក២៤និង២៥ ម៉ាកុសជំពូក១៣ និងលូកាជំពូក២១ អ្នកនឹងឃើញទីសំអាងច្បាស់ ថាព្រះយេស៊ូបានមានបន្ទូលអំពីសម័យយើងនេះ។ ទ្រង់បានទាយអំពីគ្រានៃសង្គ្រាម—មិនគ្រាន់តែ«ឮនិយាយពីចំបាំង នឹងដំណឹងពីចំបាំង» ដែលតែងតែបានធ្វើឲ្យសៅហ្មងដល់ប្រវត្ដិសាស្ត្ររបស់មនុស្ស ប៉ុន្តែសង្គ្រាមដែលទាក់ទង«សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១»—ត្រូវហើយ នឹងមានសង្គ្រាមអន្តរជាតិដ៏ធំ។—ម៉ាថាយ ២៤:៦-៨
សូមគិតមួយភ្លែតអំពីរបៀបដែលសង្គ្រាមបានផ្លាស់ប្រែក្នុងសតវត្សយើងនេះ។ នៅអតីតកាល សង្គ្រាមគឺគ្រាន់តែជាការប្រយុទ្ធរវាងសាសន៍ពីរ គឺប្រយុទ្ធគ្នានឹងដាវ ឬថែមទាំងបាញ់កាំភ្លើងដាក់គ្នានៅឯសមរភូមិ គឺជាអាក្រក់ណាស់ទៅហើយ។ ប៉ុន្តែ ក្នុង១៩១៤ សង្គ្រាមដ៏ធំបានផ្ទុះឡើង។ សាសន៍មួយធ្វើតាមសាសន៍មួយទៀត ដែលក្លាយទៅជា—សង្គ្រាមលោកលើកទីមួយ។ សាស្ដ្រាវុធស្វ័យប្រវត្តត្រូវបានស្ថាបនាឡើងដើម្បីសម្លាប់មនុស្សឲ្យបានច្រើន ដែលអាចសម្លាប់ពីកន្លែងដ៏ឆ្ងាយទៀតផង។ ម៉ាស៊ីនកាំភ្លើងបាញ់គ្រាប់ដ៏មានប្រសិទ្ធិភាពល្អ ឧស្ម័នឆេះធ្លោ ធ្វើទុក្ខបៀតបៀន ធ្វើឲ្យពិការ និងសម្លាប់ពួកទាហានរាប់ពាន់នាក់។ រថក្រោះបើកលាន់សូរសន្ធឹកដោយឥតមេត្ដាដល់ជួរទ័ពសត្រូវ បាញ់កាំភ្លើងរថក្រោះរបស់គេឆេះត្រគោលឡើង។ យន្តហោះនិងកប៉ាល់មុជទឹកក៏ត្រូវបានយកមកប្រើដែរ—គឺគ្រាន់ជាប្រថ្នូលប៉ុណ្ណោះចំពោះអ្វីដែលនឹងមានឡើងជាបន្ទាប់។
សង្គ្រាមលោកលើកទីពីរ ជាអ្វីដែលមនុស្សមិនអាចនឹកស្មានបានឡើយ—ធ្វើឲ្យសង្គ្រាមលោកលើទីមួយឲ្យឃើញតូច ដោយមានការសម្លាប់មនុស្សរាប់លាននាក់។ មានកប៉ាល់ហោះដឹកជញ្ជូនជាច្រើន មានផ្ទះសម្បែងនិងការរក្សាចំនួនពួកយោធសេវា មានកប៉ាល់តាមសមុទ្រដែលមានយន្តហោះសង្គ្រាមដើម្បីទំលាក់គ្រាប់បែកលើកន្លែងសត្រូវដែលត្រូវបំផ្លាញ។ កប៉ាល់ជ្រមុជទឹកបាញ់គ្រាប់បែកដល់កប៉ាល់ពួកសត្រូវទាំងឡាយឲ្យលិច។ ហើយត្រូវបានទម្លាក់គ្រាប់បែកបរមាណូ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងគ្រាប់បែកនិមួយៗ! ដូចព្រះយេស៊ូបានទាយមក គឺពិតជាមាន«ហេតុនាំឲ្យភ័យ» ដើម្បីសម្គាល់សម័យនៃសង្គ្រាមនេះ។—លូកា ២១:១១
តើសង្គ្រាមបានទន់ថយទេតាំងពីសង្គ្រាមលោកលើកទីពីរមក? គឺអត់ទេ។ នៅពេលខ្លះ សង្គ្រាមជាច្រើនត្រូវផ្ទុះឡើង ក្នុងរយៈមួយឆ្នាំ—សូម្បីតែក្នុងទសវត្សនៃឆ្នាំ១៩៩០—ដែលបានសម្លាប់មនុស្សរាប់លាននាក់។ ហើយពួកអ្នករងគ្រោះសង្គ្រាម ក៏មានការផ្លាស់ប្រែដែរ។ មនុស្សស្លាប់មិនមែនច្រើនតែជាពួកទាហានឡើយ។ សព្វថ្ងៃនេះ អ្នករងគ្រោះភាគច្រើននៃសង្គ្រាម—គឺជាង៩០ភាគរយ គឺពួកមនុស្សស៊ីវិល។
លក្ខណៈផ្សេងទៀតនៃសញ្ញា
សង្គ្រាមគឺគ្រាន់តែជាលក្ខណៈមួយនៃសញ្ញាដែលព្រះយេស៊ូបានមានបន្ទូលប្រាប់។ ទ្រង់ក៏បានប្រាប់ថានឹងមាន«អំណត់»ដែរ។ (ម៉ាថាយ ២៤:៧) ហើយបានសម្រេចដូចទ្រង់ទាយមកមែន ថ្វីបើផែនដីបង្កើតម្ហូបអាហារច្រើនជាងសេចក្ដីត្រូវការសំរាប់បំប៉នមនុស្សលោក ថ្វីបើវិទ្យាសាស្ត្រខាងការធ្វើស្រែចំការមានការជឿនលឿនជាងមុនៗក្នុងប្រវត្ដិសាស្ត្រមនុស្សលោកក៏ដោយ។ ហើយទោះជាមានការធ្វើដំណើរយ៉ាងលឿន សំរាប់ដឹកជញ្ជូនអាហារទៅកន្លែងណាក៏បានក្នុងលោកនេះក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ មានប្រជាជនមួយភាគប្រាំឥតមានអាហារបរិភោគរៀងរាល់ថ្ងៃ។
ព្រះយេស៊ូក៏បានប្រាប់ពី«អាសន្នរោគនៅកន្លែងផ្សេងៗ»។ (លូកា ២១:១១) ម្ដងនេះទៀត សម័យយើងនេះក៏ឃើញនូវអ្វីដ៏ចម្លែកផ្ទុយទៅវិញ—គឺមានការពិនិត្យព្យាបាលដ៏ប្រសើរ ការរកឃើញដ៏សំខាន់ៗខាងបច្ចេកវិជ្ជា។ មានថ្នាំបង្ការរោគជាច្រើន តែនៅមានរោគជាច្រើន ក៏បានកើនឡើងដែលមិនធ្លាប់មានពីមុនមក។ គ្រុនផ្ដាសាយអេស្ប៉ាញក៏មានក្រោយពីសង្គ្រាមលោកលើកទី១ ហើយបានសម្លាប់មនុស្សច្រើនជាងសង្គ្រាមទៅទៀត។ រោគនេះគឺរហ័សឆ្លងដល់ម្ល៉េះ ដែលនៅក្នុងទីក្រុងទាំងឡាយដូចជា ញូវយ៉ក មនុស្សអាចជាប់ពិន័យឬចាប់គុក ដោយគ្រាន់តែកណ្ដាស់! សព្វថ្ងៃនេះ រោគមហារីកនិងជម្ងឺបេះដូងសម្លាប់មនុស្សរាប់លាននាក់រៀងរាល់ឆ្នាំ—ជារោគរាតត្បាតពិតមែន។ ហើយរោគអេដស៍បន្តនាំឲ្យមានសេចក្ដីស្លាប់ គឺជារោគដែលរកគ្រឿងព្យាបាលពុំបានដោយវិទ្យាសាស្ត្រពេទ្យ។
ព្រះយេស៊ូបានពិគ្រោះអំពីថ្ងៃជាន់ក្រោយបង្អស់ ភាគច្រើនអំពីផ្នែកខាងការបោសសំអាតស្ថានភាពខាងប្រវត្ដិសាស្ត្រនិងនយោបាយ រីឯសាវ័កប៉ុលវិញ គាត់បានបង្ហាញអំពីបញ្ហាសង្គមនិងអាកប្បកិរិយាដែលលេចឡើងជាងគេ។ គាត់បានសរសេរថា៖ «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង . . . មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ . . . មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។—ធីម៉ូថេទី២ ៣:១-៥
តើពាក្យទាំងនោះជាអ្វីដែលអ្នកដឹងឮច្បាស់ទេ? សូមពិចារណាមើលលក្ខណៈមួយនៃការឱនថយសង្គមក្នុងលោកនេះ—ការបាក់បែកគ្រួសារ។ ការកើនឡើងនៃការបាក់បែកគ្រួសារ ប្ដីឬប្រពន្ធវាយគ្នា ការធ្វើបាបកូនក្មេង និងការធ្វើបាបឪពុកម្ដាយចាស់ជរា—សភាពនេះបង្ហាញថាមនុស្ស‹ឥតមានសេចក្ដីស្រឡាញ់› និង‹មានចិត្តសាហាវ› ហើយព្រមទាំង‹ក្បត់គេ› ‹មិនចូលចិត្តនឹងការល្អ›! ត្រូវហើយ យើងឃើញលក្ខណៈទាំងនេះពាសពេញនៅសព្វថ្ងៃនេះ។
តើតំណយើងជាតំណដែលបានទាយមកឬ?
អ្នកប្រហែលជាឆ្ងល់ថា ‹តើស្ថានភាពបែបនេះមិនតែងតែធ្វើទុក្ខដល់មនុស្សជាតិទេឬ›? តើយើងដឹងយ៉ាងណា ថាតំណទំនើបរបស់យើង ជាតំណដែលបានទាយក្នុងទំនាយទាំងឡាយពីបុរាណនោះ›? សូមឲ្យយើងពិចារណាមើលទីសំអាងបីដែលសម្ដែងឲ្យឃើញថាព្រះយេស៊ូបានមានបន្ទូលអំពីសម័យយើងនេះ។
ទីមួយ ទោះបីជាមានការសម្រេចខ្លះក្នុងសេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិមនិងព្រះវិហារក្ដី ពាក្យរបស់ព្រះយេស៊ូគឺច្បាស់ជាសំដៅទៅអនាគតទៅទៀត។ ក្រោយពី៣០ឆ្នាំនៃសេចក្ដីហិនវិនាសដែលបានកំទេចក្រុងយេរូសាឡិមនោះ ព្រះយេស៊ូបានប្រទានចក្ខុនិមិត្តដល់យ៉ូហាន ដែលមានអាយុចាស់ បង្ហាញថាទំនាយអំពីស្ថានភាព—ដូចជា សង្គ្រាម ការអត់បាយ រោគរាតត្បាត និងសេចក្ដីស្លាប់—នឹងមានពេញពិភពលោកក្នុងអនាគត។ ត្រូវហើយ សេចក្ដីទុក្ខវេទនានេះគឺមិនមាននៅតែកន្លែងមួយប៉ុណ្ណោះ តែនៅលើ‹ផែនដី›ទាំងមូល។—វិវរណៈ ៦:២-៨
ទីពីរ ក្នុងសតវត្សនេះលក្ខណៈខ្លះៗនៃសញ្ញារបស់ព្រះយេស៊ូកំពុងតែបានសម្រេច ក្នុងន័យដែលយើងអាចនិយាយថា ការសម្រេចទំហំដ៏ធំ។ ឧទាហរណ៍ តើអាចមានសង្គ្រាមដ៏អាក្រក់ជាងនេះតាំងពីឆ្នាំ១៩១៤មកទេ? បើសិនជាមានសង្គ្រាមលោកលើកទីបី ហើយប្រទេសដែលមានសាស្ដ្រាវុធនុយក្លេអែរប្រើអាវុធរបស់គេនោះ លទ្ធផលច្បាស់ជាសំណល់ដែលឆេះរោលៗពេញផែនដី—ហើយនឹងលែងមានមនុស្សជាតិទៀត។ ស្រដៀងគ្នាដែរ វិវរណៈ ១១:១៨ បានទាយថាក្នុងសម័យនេះ នៅពេលដែលសាសន៍ទាំងឡាយ«មានសេចក្ដីកំហឹង» មនុស្សជាតិនឹង«បង្ខូចផែនដី»។ ជាលើកទីមួយក្នុងប្រវត្ដិសាស្ត្រ ការធ្វើឲ្យកខ្វក់និងការបង្ខូចបរិយាការ ឥឡូវនេះកំពុងតែគំរាមកំហែងដល់ផែនដី! ដូច្នេះលក្ខណៈនេះដែរក៏ឃើញមានការសម្រេច ឬជិតដល់ការសម្រេចក្នុងទំហំដ៏ធំទៅហើយ។ តើសង្គ្រាមនិងការធ្វើឲ្យកខ្វក់អាចបន្តទៅជាអាក្រក់ខ្លាំងឡើងរហូតដល់មនុស្សសម្លាប់ខ្លួនឯងនិងផែនដីនេះបានទេ? អត់ទេ ព្រោះព្រះគម្ពីរចេញច្បាប់ថាផែនដីនេះនឹងនៅមានជារៀងរហូត ដែលមានមនុស្សស្មោះត្រង់រស់នៅក្នុងនោះ។—ទំនុកដំកើង ៣៧:២៩; ម៉ាថាយ ៥:៥
ទីបី សញ្ញានៃថ្ងៃជាន់ក្រោយបង្អស់គឺអាចជឿបានខ្លាំងទៀត នៅពេលយកសញ្ញាទាំងអស់មកគិត។ សរុបទៅ នៅពេលដែលយើងយកសញ្ញារបស់ព្រះយេស៊ូដែលបានរៀបរាប់ក្នុងសៀវភៅដំណឹងល្អនិងសេចក្ដីសរសេររបស់ប៉ុល ហើយក្នុងវិវរណៈ សញ្ញាទាំងនេះមានលក្ខណៈជាច្រើន។ បុគ្គលម្នាក់ប្រហែលជាឆ្លៀតរកកំហុសអំពីលក្ខណៈនិមួយៗ ដោយប្រកែកថា សម័យផ្សេងៗទៀតក៏ឃើញមានបញ្ហាដូចគ្នាដែរ ប៉ុន្តែនៅពេលដែលយើងពិចារណាមើលសញ្ញាទាំងអស់នេះ សញ្ញាទាំងនេះបង្ហាញយ៉ាងច្បាស់ថា សំដៅមកតែសម័យតែមួយទេ—គឺសម័យយើងនេះហើយ។
ប៉ុន្តែ តើរបស់ទាំងនេះមានន័យយ៉ាងណា? តើព្រះគម្ពីរគ្រាន់តែប្រាប់អំពីសម័យយើងជាគ្រាអស់សង្ឃឹមឬ? ប្រាកដជាអត់ទេ!
ដំណឹងល្អ
លក្ខណៈដ៏គួរឲ្យកត់សម្គាល់ជាងគេនៃសញ្ញាក្នុងថ្ងៃជាន់ក្រោយបង្អស់ គឺបានកត់ទុកនៅម៉ាថាយ ២៤:១៤៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ ក្នុងសតវត្សយើងនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានធ្វើកិច្ចការដ៏អស្ចារ្យនេះក្នុងប្រវត្ដិរបស់មនុស្សជាតិ។ ពួកគេបានទទួលយកសាររបស់ព្រះគម្ពីរអំពីព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា—តើនេះជាអ្វី តើនឹងគ្រប់គ្រងយ៉ាងណា ហើយតើនឹងសម្រេចអ្វីខ្លះ—ហើយបានផ្សាយសារនេះពាសពេញផែនដី។ គេបានបោះពុម្ពប្រកាសនវត្ថុអំពីប្រធាននេះជាង៣០០ភាសា ហើយបានយកសារដល់មនុស្សជាច្រើន តាមផ្ទះ តាមផ្លូវ ឬសឹងតែដល់ប្រទេសទាំងអស់លើផែនដី។
ក្នុងការធ្វើដូច្នេះ ពួកគេបានបំពេញទំនាយនេះ។ ប៉ុន្តែ ពួកគេក៏បានផ្សាយសេចក្ដីសង្ឃឹមរបស់គេដែរ។ សូមកត់សម្គាល់ថា ព្រះយេស៊ូហៅថា«ដំណឹងល្អ» មិនមែនដំណឹងអាក្រក់ទេ។ តើនេះអាចជាដំណឹងល្អយ៉ាងណាបានក្នុងសម័យដ៏ងងឹតនេះ? ពីព្រោះសារដ៏សំខាន់បំផុតរបស់ព្រះគម្ពីរ មិនមែនស្តីអំពីស្ថានភាពនឹងទៅជាអាក្រក់យ៉ាងណានៅទីបញ្ចប់នៃលោកីយ៍អាក្រក់នេះឡើយ។ សារដ៏សំខាន់បំផុតគឺទាក់ទងព្រះរាជាណាចក្ររបស់ព្រះ ហើយព្រះរាជាណាចក្រនោះសន្យាឲ្យអ្វីមួយដ៏មានតម្លៃដល់ចិត្តមនុស្សជាតិដែលស្រឡាញ់សន្ដិភាព—គឺសេចក្ដីសង្គ្រោះ។
តើអ្វីទៅជាសេចក្ដីសង្គ្រោះនោះ ហើយតើអ្នកអាចទទួលបានយ៉ាងដូចម្ដេច? សូមពិចារណាមើលអត្ថបទជាបន្ទាប់អំពីប្រធាននេះ។
[កំណត់សម្គាល់]
a ថៃថុសមានប្រៀបច្រើនជាងនៅទីនេះ។ ប៉ុន្តែ ក្នុងលក្ខណៈសំខាន់ពីរ គាត់មិនបានសម្រេចនូវអ្វីដែលចង់ធ្វើនោះឡើយ។ គាត់ចង់ឲ្យគេចុះចាញ់ឲ្យបានសុខ តែពួកមេដឹកនាំបានបដិសេធដោយរឹងចចេស ដែលមិនអាចពន្យល់បាន។ ហើយនៅពេលដែលកំផែងក្រុងបានរលំដួល គាត់បានបញ្ជាមិនឲ្យកំទេចព្រះវិហារទេ។ តែ គេបានដុតចោលព្រះវិហារខ្ទេចទាំងអស់! ទំនាយរបស់ព្រះយេស៊ូបានសឲ្យឃើញថា ក្រុងយេរូសាឡិមនឹងត្រូវបានកំទេចចោល ហើយព្រះវិហារនឹងត្រូវហិនហោចទាំងអស់។—ម៉ាកុស ១៣:១, ២
[ឃ្លាអក្សរធំនៅទំព័រ៥]
មនុស្សខំរកចម្លើយដល់សំនួរដ៏ពិបាកៗជាច្រើន ដូចជា៖ ហេតុអ្វីក៏មានស្ថានភាពអាក្រក់ម្ល៉េះ? តើមនុស្សជាតិកំពុងតែឆ្ពោះទៅណា?
[ឃ្លាអក្សរធំនៅទំព័រ៦]
សព្វថ្ងៃនេះ ជាង៩០ភាគរយនៃមនុស្សដែលបាត់បង់ជីវិតក្នុងសង្គ្រាម—គឺមនុស្សស៊ីវិល
[រូបភាពនៅទំព័រ៧]
ទំនាយរបស់ព្រះយេស៊ូអំពីសេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិមត្រូវបានសម្រេចយ៉ាងល្អិតល្អន់