ហេតុអ្វីក៏គ្រានេះអាក្រក់ម្ល៉េះ?
ពេលអ្នកអង្គុយអានកាសែតឬមើលពត៌មានក្នុងទូរទស្សន៍ ឬស្ដាប់ពត៌មានតាមវិទ្យុ អ្នកសង្ឃឹមថានឹងមានពត៌មានអាក្រក់ខ្លះ មែនទេ? អ្នកប្រហែលជាមិនភ្ញាក់ផ្អើលទេ ដែលសង្គ្រាមកំពុងតែឆេះឆួលយ៉ាងខ្លាំង ហើយឧក្រិដ្ឋកម្មដ៏ឃោរឃៅកំពុងមានឥតឈប់ឈរ ឬទុរភិក្សនៅតែធ្វើឲ្យប្រទេសក្រីក្រកាន់តែខ្សោយទៅ។
បើសិនជាអ្នករស់នៅឆ្ងាយពីកន្លែងទាំងនេះ អ្នកប្រហែលជាមិនសូវខ្វល់ទេចំពោះរបាយការណ៍បែបនេះ។ តើឲ្យមានចិត្តអាណិតអាសូរដល់មនុស្សទាំងអស់ដែលបានរងទុក្ខវេទនាយ៉ាងណាបាន? ទោះជាយ៉ាងណាក៏ដោយ គឺជាការពិបាកណាស់ក្នុងការឥតមានចិត្តអាណិតអាសូរ នៅពេលដែលយើងជួបប្រទះនឹងសេចក្ដីទុក្ខវេទនានៃបុគ្គលទាំងឡាយ។ បើនិយាយឲ្យចំទៅ ថ្វីបើយើងពុំមានចិត្តបែបនេះពេលអានអំពីសង្គ្រាម ហើយគិតអំពីចំនួននៃមនុស្សស្លាប់ តែយើងច្បាស់ជាមានចិត្តខ្លោចផ្សាណាស់ពេលអានអំពីក្មេងតូចម្នាក់ឈ្មោះ អាណាន ជាក្មេងប្រុសជាតិបុសនា ដែលមានអាយុប្រាំបួនឆ្នាំ ហើយម្ដាយរបស់ខ្លួនត្រូវបានស្លាប់ នៅពេលគ្រាប់បែកបានកំទេចផ្ទះរបស់គេ។ ឪពុករបស់អាណានត្រូវបានគេលួចបាញ់សម្លាប់បីបួនខែក្រោយមក កាលកំពុងដើរតាមថ្នល់ជាមួយគ្នា។ បងស្រីរបស់គាត់បានចេញឈាមរហូតដល់ស្លាប់នៅពីមុខគាត់បីបួនអាទិត្យក្រោយមក ជាអ្នករងគ្រោះពីគ្រាប់ផ្លោងចូលក្នុងទីធ្លាសាលារៀន។ ពួកគ្រូពេទ្យដែលបានព្យាបាលអាណានឃើញថា ក្មេងប្រុសនេះបានទៅជាស្លុតស្លាំងអស់ ឥតមានអារម្មណ៍អ្វីឡើយ—ទោះបីការចង់ដឹងក៏គ្មានដែរ។ ការភិតភ័យនិងការមមីមមើ បានធ្វើទុក្ខដល់គាត់នៅពេលភ្ញាក់។ សប្ដិអាក្រក់តែងតែរំខានគាត់មិនឲ្យដេកបាន។ អាណានមិនមែនជាស្ថិតិលេខទេ។ គាត់ជាក្មេងរងទុក្ខវេទនាដែលយើងមានចិត្តអាណិតអាសូរដល់គាត់ណាស់។
ចំពោះវិបត្ដិឯទៀតក្នុងពិភពលោក ក៏មានស្រដៀងនេះដែរ។ ការអានអំពីការអត់ឃ្លានជាអ្វីមួយផ្សេង តែជាអ្វីមួយទៀតក្នុងការឃើញរូបភាពក្មេងស្រីអាយុប្រាំឆ្នាំ ដែលមានពោះកំប៉ោង ដៃជើងស្វិតតូចៗ ជាអ្នករងគ្រោះនៃការអត់ឃ្លាន។ ការអានអំពីឧក្រិដ្ឋកម្មជាអ្វីមួយ តែជាអ្វីមួយផ្សេងទៀតដែលស្ត្រីចាស់ជរាត្រូវបានគេវាយយ៉ាងឃោរឃៅ ប្លន់ ហើយចាប់រំលោភនោះ។ ការអានអំពីការឱនថយក្នុងគ្រួសារជាអ្វីមួយផ្សេង តែជាអ្វីផ្សេងទៀតក្នុងការដឹងអំពីម្ដាយដែលបង្អត់អាហារកូនដោយចេតនា ហើយបានធ្វើបាបកូនយ៉ាងឃោរឃៅនោះ។
គឺជាការឈឺចាប់ណាស់ក្នុងការអានអំពីរឿងបែបនេះ។ ប៉ុន្តែតើជាអាក្រក់យ៉ាងណាទៅទៀត បើវិបត្ដិភ័យទាំងនេះមានឥទ្ធិពលលើយើងផ្ទាល់! នៅពេលដែលអ្នកធ្លាប់រងគ្រោះអំពើអាក្រក់ ស្ថានការណ៍ពិភពលោកដែលបានបង្ហាញក្នុងពត៌មានពិភពលោកមុខជាធ្វើឲ្យអ្នករន្ធត់ចិត្តជាខ្លាំង។ ជាអាក្រក់ណាស់ ក្នុងការដឹងថាការរងទុក្ខពីឧក្រិដ្ឋកម្ម សង្គ្រាម ការអត់ឃ្លាននិងរោគ គឺកំពុងតែរីកចំរើនកាន់តែច្រើនឡើង ក្នុងប្រវត្ដិសាស្ត្រមនុស្សជាតិ។ ឥទ្ធិពលនៃការប្រឈមមុខហេតុការណ៍ពិតនៃសតវត្សទី២០នេះ ជាអ្វីដ៏ពិបាកមែន—អ្វីដែលមានទូទៅ គឺការធ្វើឲ្យឡប់ ការភិតភ័យ និងការធ្លាក់ទឹកចិត្ត។
មនុស្សពីសាសនាជាច្រើនខំរកចម្លើយចំពោះសំនួរដ៏លំបាកនេះ ដូចជា ហេតុអ្វីក៏មានការអាក្រក់ច្រើនម្ល៉េះ? តើមនុស្សជាតិកំពុងតែឆ្ពោះទៅឯណា?
គួរឲ្យស្ដាយដែរ សាសនាជាច្រើនសព្វថ្ងៃនេះ កម្រផ្ដល់ចម្លើយដែលធ្វើឲ្យស្កប់ចិត្ត។ នៅពេលដែលអ្នកឃើញសំនួរលើកម្របទស្សនាវដ្ដីនេះ អ្នកប្រហែលជាបានប្រតិកម្មដោយឥតជឿ—នេះជាការសមហេតុផល។ ពួកអ្នកនិយមសាសនាតឹងរឹងតែងតែខំបកស្រាយព្រះគម្ពីរនូវអ្វីដែលឥតមានក្នុងនោះ—គឺថ្ងៃនិងម៉ោងកំណត់នៃការហិនវិនាសនៃលោកីយ៍នេះ។ (សូមមើល ម៉ាថាយ ២៤:៣៦) ពួកអ្នកបោះពុម្ពផ្សាយនៃទស្សនាវដ្ដីនេះ គឺប្រាថ្នាចង់ឲ្យព្រះគម្ពីរពន្យល់ខ្លួនឯង។ អ្នកប្រហែលជាភ្ញាក់ផ្អើលដោយដឹងថាការពិគ្រោះរបស់ព្រះគម្ពីរអំពីថ្ងៃជាន់ក្រោយបង្អស់ គឺជាការពិតហើយសមហេតុផល។ ហើយព្រះគម្ពីរមិនគ្រាន់តែពន្យល់នូវហេតុអ្វីដែលអំពើអាក្រក់មានច្រើនម្ល៉េះប៉ុណ្ណោះទេ។ តែផ្ដល់ឲ្យសេចក្ដីសង្ឃឹមសំរាប់អនាគតផងដែរ អ្វីមួយដែលពិតជាសម្រាលទុក្ខមែន។ យើងសូមអញ្ជើញអ្នកឲ្យពិចារណាមើលក្នុងអត្ថបទជាបន្ទាប់ ដើម្បីឲ្យឃើញថាដូច្នេះមែន។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Jobard/Sipa Press