ទីតុស
២ ចំណែកអ្នកវិញ ចូរបន្តនិយាយអ្វីដែលស្របតាមសេចក្ដីបង្រៀនដែលមានប្រយោជន៍។* ២ បុរសវ័យចាស់ត្រូវចេះប្រមាណខ្លួន ត្រូវមានចិត្តគំនិតនឹងធឹង ដឹងខុសត្រូវ មាំមួន* ក្នុងជំនឿ ក្នុងសេចក្ដីស្រឡាញ់ និងក្នុងការស៊ូទ្រាំ។ ៣ ដូចគ្នាដែរ ស្ត្រីវ័យចាស់ត្រូវប្រព្រឹត្តឲ្យសមជាមនុស្សបរិសុទ្ធ មិននិយាយបង្កាច់បង្ខូច ហើយមិនញៀនស្រា តែជាអ្នកបង្រៀនអំពីអ្វីដែលល្អ ៤ ដើម្បីពួកគាត់អាចធ្វើឲ្យស្ត្រីវ័យក្មេងភ្ញាក់ខ្លួន ហើយស្រឡាញ់ប្ដី ស្រឡាញ់កូន ៥ ដឹងខុសត្រូវ បរិសុទ្ធ ល្អ ឧស្សាហ៍ធ្វើកិច្ចការផ្ទះ ចុះចូលចំពោះប្ដីខ្លួន ដើម្បីកុំឲ្យអ្នកណានិយាយប្រមាថបណ្ដាំរបស់ព្រះ។
៦ ដូចគ្នាដែរ ចូរបន្តបំផុសទឹកចិត្តបុរសវ័យក្មេងឲ្យដឹងខុសត្រូវ ៧ ដោយរូបអ្នកធ្វើជាគំរូក្នុងការប្រព្រឹត្តល្អគ្រប់ការទាំងអស់ ហើយបង្រៀនដោយទៀងត្រង់ មានចិត្តគំនិតនឹងធឹង ៨ ហើយពោលតែសម្ដីល្អ ដែលមិនអាចត្រូវផ្ដន្ទាទោស ដើម្បីធ្វើឲ្យអ្នកដែលប្រឆាំងអៀនខ្មាស ដោយសារអ្នកនោះមិនអាចនិយាយអាក្រក់អំពីយើងបាន ៩ ពួកខ្ញុំបម្រើត្រូវចុះចូលចំពោះម្ចាស់ខ្លួនក្នុងគ្រប់ការទាំងអស់ ថែមទាំងធ្វើឲ្យពួកគាត់ពេញចិត្តយ៉ាងខ្លាំង ក៏មិនត្រូវតមាត់ ១០ មិនត្រូវលួច តែត្រូវស្មោះត្រង់ជាទីបំផុត ដើម្បីធ្វើឲ្យសេចក្ដីបង្រៀនរបស់ព្រះដែលជាអ្នកសង្គ្រោះយើងមានលម្អក្នុងគ្រប់ការទាំងអស់។
១១ ព្រោះគុណដ៏វិសេសលើសលប់របស់ព្រះដែលនាំឲ្យមនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ នោះបានត្រូវសឲ្យឃើញ ១២ ក៏បានណែនាំយើងឲ្យបដិសេធចំពោះអ្វីៗទាំងអស់ដែលខុសពីបំណងប្រាថ្នារបស់ព្រះ ហើយឲ្យបដិសេធសេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះ រួចរស់នៅដោយដឹងខុសត្រូវ ដោយមានសេចក្ដីសុចរិត និងដោយមានភក្ដីភាពចំពោះព្រះ ក្នុងរបៀបរបបពិភពលោកនេះ ១៣ កាលដែលយើងរង់ចាំអ្វីដ៏គួរឲ្យសប្បាយដែលយើងសង្ឃឹមថានឹងបាន ហើយរង់ចាំការលេចមកដ៏រុងរឿងរបស់ព្រះដ៏ឧត្តុង្គឧត្តមនិងគ្រិស្តយេស៊ូជាអ្នកសង្គ្រោះយើង ១៤ គឺលោកដែលបានប្រគល់ខ្លួនដើម្បីរំដោះយើងឲ្យរួចពីការប្រឆាំងច្បាប់គ្រប់យ៉ាង ហើយសម្អាតយើងដើម្បីឲ្យធ្វើជារាស្ត្ររបស់លោកតែមួយប៉ុណ្ណោះ គឺរាស្ត្រដែលខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ។
១៥ ចូរបន្តនិយាយការទាំងនេះ បំផុសទឹកចិត្ត ហើយកែតម្រង់ ដោយប្រើអំណាចរបស់អ្នកយ៉ាងពេញលេញ។ កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។