ទីតុស
១ ពីខ្ញុំ ប៉ូល ដែលជាខ្ញុំបម្រើរបស់ព្រះនិងជាសាវ័ក* របស់លោកយេស៊ូគ្រិស្ត* ស្របតាមជំនឿរបស់ពួកអ្នកដែលព្រះបានជ្រើសរើស និងស្របតាមចំណេះត្រឹមត្រូវអំពីសេចក្ដីពិតដែលសមស្របនឹងភក្ដីភាពចំពោះព្រះ ២ ដែលមានមូលដ្ឋានលើសេចក្ដីសង្ឃឹមឲ្យបានជីវិតគ្មានទីបញ្ចប់ ជាអ្វីដែលព្រះដែលមិនអាចកុហក បានសន្យាតាំងពីយូរយារណាស់មកហើយ ៣ តែនៅពេលកំណត់របស់លោក លោកបានបើកបង្ហាញបណ្ដាំរបស់លោកតាមរយៈកិច្ចផ្សព្វផ្សាយដែលបានត្រូវផ្ញើទុកនឹងខ្ញុំ នៅក្រោមបង្គាប់របស់ព្រះ ជាអ្នកសង្គ្រោះយើង។ ៤ ខ្ញុំសរសេរសំបុត្រនេះទៅកាន់ទីតុស ជាកូនពិតប្រាកដដែលរួមជំនឿជាមួយនឹងខ្ញុំ៖
សូមឲ្យអ្នកបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតា និងពីគ្រិស្តយេស៊ូជាអ្នកសង្គ្រោះយើង។
៥ ហេតុនេះហើយបានជាខ្ញុំទុកអ្នកនៅកោះក្រេត គឺដើម្បីឲ្យអ្នកកែតម្រង់អ្វីដែលខុស ហើយតែងតាំងបុរសចាស់ទុំនៅក្រុងនីមួយៗ ដូចខ្ញុំបានបង្គាប់ ៦ ប្រសិនបើមានបុរសណាម្នាក់គ្មានកន្លែងចាប់កំហុសបាន មានប្រពន្ធតែមួយ មានកូនជាអ្នកជឿដែលមិនត្រូវគេចោទប្រកាន់ថាជាអ្នកប្រព្រឹត្តអំពើអបាយមុខហើយមិនមែនជាកូនពិបាកគ្រប់គ្រង ៧ ព្រោះក្នុងនាមជាអ្នកចាត់ចែងដែលព្រះបានតែងតាំង នោះអ្នកត្រួតពិនិត្យត្រូវគ្មានកន្លែងចាប់កំហុសបាន មិនប្រកាន់តែគំនិតខ្លួន មិនឆាប់ខឹង មិនមែនជាអ្នកប្រមឹកស្រា មិនមែនជាអ្នកវាយតប់ មិនស្វះស្វែងរកវិធីឲ្យបានប្រយោជន៍ផ្ទាល់ខ្លួន ៨ ប៉ុន្តែចេះទទួលអ្នកឯទៀតដោយរាក់ទាក់ ស្រឡាញ់សេចក្ដីល្អ ដឹងខុសត្រូវ ជាមនុស្សសុចរិត មានភក្ដីភាព ចេះទប់ចិត្ត ៩ កាន់ខ្ជាប់តាមបណ្ដាំដ៏គួរឲ្យទុកចិត្ត ក្នុងរបៀបដែលគាត់បង្រៀន ដើម្បីគាត់អាចបំផុសទឹកចិត្តអ្នកឯទៀតតាមរយៈសេចក្ដីបង្រៀនដែលមានប្រយោជន៍* ហើយកែតម្រង់អ្នកដែលនិយាយប្រឆាំងសេចក្ដីបង្រៀននោះ។
១០ ព្រោះមានបុរសជាច្រើនគឺជាមនុស្សពិបាកគ្រប់គ្រង និយាយឥតប្រយោជន៍ និងបោកបញ្ឆោតគំនិតអ្នកឯទៀត ជាពិសេសបុរសទាំងនោះដែលកាន់ខ្ជាប់តាមការកាត់ចុងស្បែក។* ១១ គឺត្រូវចាំបាច់បំបិទមាត់បុរសទាំងនោះ ព្រោះពួកគេចេះតែបំផ្លាញជំនឿបងប្អូនទាំងគ្រួសារៗ ដោយបង្រៀនសេចក្ដីដែលមិនគួរបង្រៀនដើម្បីទទួលផលប្រយោជន៍តាមរបៀបមិនទៀងត្រង់។ ១២ មានអ្នកប្រកាសទំនាយម្នាក់* ជាជនរួមជាតិរបស់ពួកគេនិយាយថា៖ «អ្នកកោះក្រេតសុទ្ធតែជាអ្នកភូតភរ ជាសត្វព្រៃដ៏សាហាវ និងជាអ្នកល្មោភស៊ីដែលឥតធ្វើការអ្វីសោះ»។
១៣ សក្ខីភាពនេះជាការពិត។ ហេតុនេះ ចូរបន្តប្រដៅតម្រង់ពួកគេយ៉ាងម៉ឺងម៉ាត់ ដើម្បីពួកគេអាចមានជំនឿមាំមួន* ១៤ ដោយមិនស្ដាប់រឿងព្រេងរបស់ជនជាតិយូដាឬបញ្ញត្ដិរបស់មនុស្សដែលបែរចេញពីសេចក្ដីពិត។ ១៥ អ្វីៗទាំងអស់គឺស្អាតបរិសុទ្ធចំពោះមនុស្សដែលស្អាតបរិសុទ្ធ ក៏ប៉ុន្តែចំពោះមនុស្សដែលមិនស្អាតបរិសុទ្ធនិងគ្មានជំនឿ គ្មានអ្វីស្អាតបរិសុទ្ធទេ ទោះទាំងគំនិតទាំងសមត្ថភាពវិនិច្ឆ័យរបស់ពួកគេគឺសៅហ្មង។ ១៦ ពួកគេប្រកាសជាសាធារណៈថា ពួកគេស្គាល់ព្រះ ក៏ប៉ុន្តែការប្រព្រឹត្តរបស់ពួកគេបង្ហាញថាពួកគេមិនទទួលស្គាល់ព្រះទេ ពីព្រោះពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើម មិនស្ដាប់បង្គាប់ និងមិនសមនឹងការល្អណាមួយសោះ។