កូរិនថូសទី១
២ ដូច្នេះ បងប្អូនអើយ ពេលដែលខ្ញុំមកឯអ្នករាល់គ្នា ខ្ញុំមិនបានមកដើម្បីធ្វើឲ្យអ្នករាល់គ្នាកោតស្ងើចនឹងសម្ដី ឬប្រាជ្ញាក្នុងការប្រកាសប្រាប់អ្នករាល់គ្នាអំពីអាថ៌កំបាំងដ៏ពិសិដ្ឋឡើយ។ ២ ព្រោះខ្ញុំបានសម្រេចចិត្តបញ្ជាក់ប្រាប់អ្នករាល់គ្នាអំពីលោកយេស៊ូគ្រិស្តតែប៉ុណ្ណោះ ជាពិសេសបញ្ជាក់ថាលោកបានត្រូវគេព្យួរ។* ៣ ហើយខ្ញុំបានមកឯអ្នករាល់គ្នាទាំងទន់ខ្សោយ ភ័យខ្លាច ព្រមទាំងញាប់ញ័រជាខ្លាំង ៤ ហើយសម្ដីរបស់ខ្ញុំ និងអ្វីដែលខ្ញុំផ្សព្វផ្សាយ មិនមែនជាពាក្យបញ្ចុះបញ្ចូលដែលប្រកបទៅដោយប្រាជ្ញាទេតែជាការសម្ដែងនៃសកម្មពល* និងឫទ្ធានុភាពរបស់ព្រះវិញ ៥ ដើម្បីឲ្យអ្នករាល់គ្នាមានជំនឿលើឫទ្ធានុភាពរបស់ព្រះ មិនមែនលើប្រាជ្ញារបស់មនុស្សឡើយ។
៦ ក្នុងចំណោមអ្នកដែលមានចិត្តគំនិតចាស់ទុំក្នុងការគោរពប្រណិប័តន៍ព្រះ យើងនិយាយអំពីប្រាជ្ញា ប៉ុន្តែមិនមែនប្រាជ្ញានៃរបៀបរបបពិភពលោកនេះទេ ក៏មិនមែនប្រាជ្ញារបស់ពួកអ្នកគ្រប់គ្រងនៃពិភពលោកនេះដែលនឹងវិនាសសាបសូន្យទៅដែរ។ ៧ ប៉ុន្តែយើងនិយាយអំពីប្រាជ្ញារបស់ព្រះដែលបានត្រូវសឲ្យឃើញក្នុងអាថ៌កំបាំងដ៏ពិសិដ្ឋ គឺប្រាជ្ញាកំបាំង ដែលព្រះបានកំណត់ទុកជាមុន តាំងពីមិនទាន់មានរបៀបរបបពិភពលោកនៅឡើយ ដើម្បីឲ្យយើងទទួលសិរីរុងរឿង។ ៨ គ្មានអ្នកគ្រប់គ្រងណាម្នាក់នៃពិភពលោកនេះដែលបានស្គាល់ប្រាជ្ញានោះទេ ព្រោះប្រសិនបើពួកគេបានស្គាល់មែន នោះពួកគេមិនបានព្យួរលោកម្ចាស់ដែលប្រកបទៅដោយសិរីរុងរឿងឡើយ។ ៩ ប៉ុន្តែដូចបទគម្ពីរចែងថា៖ «ភ្នែកមិនធ្លាប់ឃើញ ត្រចៀកមិនធ្លាប់ឮ ហើយចិត្តរបស់មនុស្សមិនដែលនឹកស្មានដល់អ្វីដែលព្រះបានរៀបចំទុកសម្រាប់អ្នកដែលស្រឡាញ់លោក»។ ១០ ព្រោះព្រះបានបើកបង្ហាញការទាំងនោះដល់យើងតាមរយៈសកម្មពលរបស់លោក ព្រោះសកម្មពលរបស់លោកស្ទង់មើលអ្វីៗទាំងអស់ សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះក៏ដោយ។
១១ ព្រោះគ្មានមនុស្សណាដឹងគំនិតរបស់បុគ្គលម្នាក់ទៀតឡើយ មានតែចិត្ត* របស់បុគ្គលម្នាក់នោះប៉ុណ្ណោះដែលដឹង មែនទេ? ដូចគ្នាដែរ គ្មានអ្នកណាដឹងអំពីគំនិតរបស់ព្រះទេ មានតែសកម្មពលរបស់លោកប៉ុណ្ណោះដែលដឹង។ ១២ ឯយើងមិនបានទទួលចិត្តគំនិតរបស់ពិភពលោកនេះទេ តែបានទទួលសកម្មពលពីព្រះ ដើម្បីឲ្យយើងដឹងអ្វីដែលព្រះបានមេត្ដាផ្ដល់ឲ្យយើង។ ១៣ យើងក៏និយាយការទាំងនេះដែរ មិនមែនដោយប្រើពាក្យដែលយើងបានរៀនពីប្រាជ្ញារបស់មនុស្សទេ តែដោយប្រើពាក្យដែលយើងបានរៀនពីសកម្មពលរបស់ព្រះវិញ ដោយប្រើពាក្យដែលយើងទទួលតាមរយៈសកម្មពលរបស់ព្រះ ដើម្បីពន្យល់អំពីរឿងដែលទាក់ទងនឹងព្រះ។
១៤ ប៉ុន្តែមនុស្សដែលឲ្យសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដឹកនាំគំនិត មិនទទួលអ្វីៗពីសកម្មពលរបស់ព្រះទេ ព្រោះគេចាត់ទុកអ្វីៗទាំងនោះថាជារឿងផ្ដេសផ្ដាស ហើយគេមិនអាចស្គាល់អ្វីៗទាំងនោះបានឡើយ ពីព្រោះគេត្រូវតែមានសកម្មពលរបស់ព្រះទើបអាចយល់បានត្រឹមត្រូវ។ ១៥ ក៏ប៉ុន្តែមនុស្សដែលឲ្យសកម្មពលរបស់ព្រះដឹកនាំគំនិត អាចយល់ត្រឹមត្រូវអំពីអ្វីៗទាំងអស់ តែគ្មានមនុស្សណាម្នាក់អាចយល់ត្រឹមត្រូវអំពីអ្នកនោះបានឡើយ។ ១៦ ព្រោះ«តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា ដើម្បីអាចណែនាំលោកបាន?» តែយើងមានចិត្តគំនិតរបស់គ្រិស្តវិញ។