កូរិនថូសទី១
១៦ ឥឡូវខ្ញុំសូមនិយាយអំពីការប្រមូលវិភាគទានសម្រាប់ពួកអ្នកបរិសុទ្ធ។ សូមធ្វើដូចដែលខ្ញុំបានណែនាំក្រុមជំនុំទាំងប៉ុន្មាននៅខេត្តកាឡាទី។ ២ រាល់ថ្ងៃដំបូងនៃសប្ដាហ៍ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗទុករបស់ទ្រព្យខ្លះដោយឡែក តាមដែលខ្លួនមាន ដើម្បីកុំឲ្យចាប់ផ្ដើមប្រមូលវិភាគទាននៅពេលដែលខ្ញុំមកដល់។ ៣ ប៉ុន្តែពេលខ្ញុំមកដល់ នោះបុរសណាដែលអ្នករាល់គ្នាសរសេរសំបុត្រថាក្រុមជំនុំបានអនុម័ត ខ្ញុំនឹងចាត់បុរសទាំងនោះឲ្យយកអំណោយដ៏សប្បុរសរបស់អ្នករាល់គ្នាទៅក្រុងយេរូសាឡិម។ ៤ ក៏ប៉ុន្តែប្រសិនបើខ្ញុំទៅគឺសមជាង នោះពួកគាត់នឹងទៅទីនោះជាមួយនឹងខ្ញុំ។
៥ ប៉ុន្តែខ្ញុំនឹងមកឯអ្នករាល់គ្នាក្រោយពីខ្ញុំធ្វើដំណើរកាត់តំបន់ម៉ាសេដូន ព្រោះខ្ញុំនឹងធ្វើដំណើរកាត់តំបន់ម៉ាសេដូន ៦ ហើយប្រហែលជាខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាមួយរយៈ ឬក៏ស្នាក់នៅទីនោះរហូតដល់ផុតរដូវត្រជាក់ ដើម្បីក្រោយមកអ្នករាល់គ្នាអាចជូនដំណើរខ្ញុំមួយកំណាត់ផ្លូវទៅកន្លែងដែលខ្ញុំបម្រុងនឹងទៅ។ ៧ ព្រោះខ្ញុំមិនចង់ជួបអ្នករាល់គ្នា ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ព្រោះខ្ញុំសង្ឃឹមថាអាចនៅជាមួយនឹងអ្នករាល់គ្នាយូរបន្ដិច ប្រសិនបើព្រះយេហូវ៉ាអនុញ្ញាត។ ៨ ប៉ុន្តែខ្ញុំនឹងនៅក្រុងអេភេសូររហូតដល់បុណ្យថ្ងៃទីហាសិប ៩ ព្រោះមានទ្វារបើកចំហយ៉ាងធំសម្រាប់ឲ្យខ្ញុំបំពេញកិច្ចបម្រើ ប៉ុន្តែមានអ្នកប្រឆាំងជាច្រើន។
១០ ក៏ប៉ុន្តែប្រសិនបើធីម៉ូថេមកដល់ កុំធ្វើឲ្យគាត់ភ័យខ្លាចក្នុងចំណោមអ្នករាល់គ្នាឡើយ ព្រោះគាត់បំពេញកិច្ចការរបស់ព្រះយេហូវ៉ា ដូចខ្ញុំដែរ។ ១១ ដូច្នេះ កុំឲ្យអ្នកណាមើលងាយគាត់។ ចូរជូនដំណើរគាត់មួយកំណាត់ផ្លូវដោយសុវត្ថិភាព ដើម្បីគាត់អាចមកឯខ្ញុំ ព្រោះខ្ញុំកំពុងរង់ចាំគាត់ជាមួយនឹងបងប្អូន។
១២ ចំណែកអាប៉ូឡុស បងប្រុសរបស់យើង ខ្ញុំបានសូមគាត់ម្ដងហើយម្ដងទៀតឲ្យមកឯអ្នករាល់គ្នាជាមួយនឹងបងប្អូន ក៏ប៉ុន្តែគាត់មិនចង់មកឥឡូវនេះសោះ តែគាត់នឹងមកពេលដែលគាត់មានឱកាស។
១៣ ចូរដឹងខ្លួនជានិច្ច ចូរកាន់ជំហរមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តឲ្យដូចបុរស ចូរមានកម្លាំងខ្លាំងក្លាឡើង។ ១៤ ចូរអ្នករាល់គ្នាធ្វើអ្វីៗទាំងអស់ដោយសេចក្ដីស្រឡាញ់។
១៥ បងប្អូនអើយ ឥឡូវខ្ញុំសូមបំផុសទឹកចិត្តអ្នករាល់គ្នា៖ អ្នករាល់គ្នាដឹងថាពួកអ្នកផ្ទះរបស់ស្ទេផាណាសជាផលដំបូងនៅខេត្តអាខេយ៉ា ហើយពួកគាត់ប្រុងប្រៀបខ្លួនជានិច្ចដើម្បីបម្រើពួកអ្នកបរិសុទ្ធ។ ១៦ ចូរឲ្យអ្នករាល់គ្នាបន្តចុះចូលចំពោះមនុស្សបែបនោះ និងចំពោះអស់អ្នកដែលរួមសហការនិងអស់អ្នកដែលខំប្រឹងធ្វើការយ៉ាងនឿយហត់។ ១៧ ប៉ុន្តែខ្ញុំអរសប្បាយដោយសារស្ទេផាណាស ភ័រទូណាតុស និងអាខេកុសមានវត្តមាន ពីព្រោះការដែលពួកគាត់មក នោះជំនួសអ្នករាល់គ្នាដែលមិននៅទីនេះ ១៨ ដោយសារពួកគាត់បានធ្វើឲ្យខ្ញុំនិងអ្នករាល់គ្នាមានកម្លាំងចិត្ត* ឡើងវិញ។ ដូច្នេះ ចូរទទួលស្គាល់តម្លៃបុរសបែបនោះ។
១៩ ក្រុមជំនុំទាំងឡាយនៅតំបន់អាស៊ី* ផ្ដាំសួរសុខទុក្ខ។ អាគីឡានិងព្រីស្កា ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគាត់ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាយ៉ាងស្មោះអស់ពីចិត្ត ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់។ ២០ បងប្អូនទាំងឡាយផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមក ដោយការថើបដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ជាបងប្អូន។
២១ ខ្ញុំ ប៉ូល សរសេរពាក្យសួរសុខទុក្ខនេះដោយដៃខ្ញុំផ្ទាល់។
២២ ប្រសិនបើអ្នកណាគ្មានសេចក្ដីស្រឡាញ់ចំពោះលោកម្ចាស់ សូមឲ្យអ្នកនោះត្រូវបណ្ដាសា។ ឱលោកម្ចាស់អើយ! សូមអញ្ជើញមក! ២៣ សូមគុណដ៏វិសេសលើសលប់របស់លោកយេស៊ូជាម្ចាស់របស់យើងនៅជាមួយនឹងអ្នករាល់គ្នា។ ២៤ សូមឲ្យសេចក្ដីស្រឡាញ់របស់ខ្ញុំនៅជាមួយនឹងអ្នកទាំងអស់គ្នាដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូ។