ថែស្សាឡូនិចទី១
៤ ក្រោយបង្អស់ បងប្អូនអើយ យើងបានណែនាំអ្នករាល់គ្នាអំពីរបៀបដែលត្រូវប្រព្រឹត្ត ហើយធ្វើឲ្យព្រះពេញចិត្ត ហើយអ្នករាល់គ្នាកំពុងប្រព្រឹត្តដូច្នោះមែន។ ឥឡូវ យើងចង់បំផុសទឹកចិត្តអ្នករាល់គ្នានិងសុំអ្នករាល់គ្នាក្នុងនាមលោកម្ចាស់យេស៊ូ ឲ្យបន្តធ្វើដូច្នោះឲ្យកាន់តែប្រសើរឡើងថែមទៀត។ ២ ព្រោះអ្នករាល់គ្នាដឹងអ្វីដែលយើងបានបង្គាប់អ្នករាល់គ្នាដោយអំណាចរបស់លោកម្ចាស់យេស៊ូ។
៣ ព្រោះនេះជាបំណងប្រាថ្នារបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ឲ្យជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ៤ ហើយឲ្យអ្នករាល់គ្នាម្នាក់ៗចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយសេចក្ដីបរិសុទ្ធនិងកិត្ដិយស ៥ មិនមែនដោយលោភលន់ក្នុងចំណង់ផ្លូវភេទ ដូចជនជាតិដទៃដែលមិនស្គាល់ព្រះឡើយ ៦ ដើម្បីកុំឲ្យអ្នកណាម្នាក់ធ្វើបាបបងប្អូនខ្លួនហើយបំពានលើសិទ្ធិរបស់គាត់ក្នុងរឿងនោះ ពីព្រោះព្រះយេហូវ៉ានឹងដាក់ទោសអស់អ្នកដែលធ្វើការទាំងអស់នោះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ហើយក៏បានពន្យល់យ៉ាងច្បាស់ដែរ។ ៧ ព្រោះព្រះមិនបានហៅយើងដោយអនុញ្ញាតឲ្យប្រព្រឹត្តអំពើស្មោកគ្រោកឡើយ ប៉ុន្តែបានហៅយើងដើម្បីឲ្យបានបរិសុទ្ធ។ ៨ ដូច្នេះ អ្នកណាដែលមិនព្រមអើពើចំពោះសេចក្ដីបង្រៀននេះ អ្នកនោះមិនអើពើ មិនមែនចំពោះមនុស្សទេ តែចំពោះព្រះដែលដាក់សកម្មពល* បរិសុទ្ធរបស់លោកនៅក្នុងអ្នករាល់គ្នា។
៩ ក៏ប៉ុន្តែ បើនិយាយអំពីការស្រឡាញ់រាប់អានគ្នាជាបងប្អូន អ្នករាល់គ្នាមិនត្រូវការឲ្យយើងសរសេរទៅកាន់អ្នករាល់គ្នាទេ ព្រោះព្រះបង្រៀនអ្នករាល់គ្នាឲ្យស្រឡាញ់គ្នាទៅវិញទៅមក ១០ ហើយតាមការពិត អ្នករាល់គ្នាកំពុងធ្វើដូច្នោះចំពោះបងប្អូនទាំងអស់នៅតំបន់ម៉ាសេដូន។ ប៉ុន្តែបងប្អូនអើយ យើងសូមបំផុសទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើដូច្នោះឲ្យកាន់តែប្រសើរថែមទៀត ១១ និងខំប្រឹងរស់នៅយ៉ាងស្ងៀមស្ងាត់ មិនជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ ហើយធ្វើការដោយដៃរបស់ខ្លួន ដូចយើងបានបង្គាប់អ្នករាល់គ្នា ១២ ដើម្បីឲ្យអ្នករាល់គ្នាមានរបៀបរស់នៅសមរម្យចំពោះពួកអ្នកក្រៅ ហើយមិនខ្វះអ្វីសោះ។
១៣ បងប្អូនអើយ ម្យ៉ាងទៀត យើងចង់ឲ្យអ្នករាល់គ្នាយល់អំពីពួកអ្នកដែលកំពុងដេកលក់ក្នុងសេចក្ដីស្លាប់ ដើម្បីកុំឲ្យអ្នករាល់គ្នាកើតទុក្ខដូចពួកអ្នកដទៃដែលគ្មានសេចក្ដីសង្ឃឹម។ ១៤ ព្រោះប្រសិនបើយើងមានជំនឿថា លោកយេស៊ូបានស្លាប់ ហើយរស់ឡើងវិញ នោះយើងក៏មានជំនឿថាពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់តាមរយៈលោកយេស៊ូ ព្រះនឹងនាំមកជាមួយនឹងលោក។ ១៥ ព្រោះយើងសូមប្រាប់អ្នករាល់គ្នាស្របតាមបណ្ដាំរបស់ព្រះយេហូវ៉ាថា យើងដែលរស់នៅក្នុងអំឡុងវត្តមានរបស់លោកម្ចាស់ នឹងមិនទៅមុនពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់ទេ ១៦ ពីព្រោះលោកម្ចាស់នឹងចុះពីស្ថានសួគ៌មក ដោយស្រែកបញ្ជា ដោយមានសំឡេងមហាទេវតា ហើយដោយកាន់ត្រែរបស់ព្រះ រួចពួកអ្នកស្លាប់ដែលបានកាន់តាមគ្រិស្តនឹងរស់ឡើងវិញមុនគេបង្អស់។ ១៧ ក្រោយមក យើងដែលនៅរស់ នឹងត្រូវកញ្ឆក់យកទៅក្នុងពពកជាមួយនឹងពួកគាត់ដើម្បីជួបនឹងលោកម្ចាស់នៅលើមេឃ រួចយើងនឹងនៅជាមួយនឹងលោកម្ចាស់ជារៀងរហូតតទៅ។ ១៨ ម្ល៉ោះហើយ ចូរបន្តលើកទឹកចិត្តគ្នាទៅវិញទៅមកដោយប្រើសម្ដីទាំងនេះ។