ហេប្រឺ
២ ហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យបានច្រើនជាងធម្មតាចំពោះអ្វីដែលយើងបានឮ ដើម្បីកុំឲ្យយើងរសាត់ចេញពីជំនឿ។ ២ ព្រោះប្រសិនបើពាក្យដែលបានត្រូវផ្ដាំតាមរយៈពួកទេវតាគឺរឹងមាំ ហើយគ្រប់បទរំលងនិងការប្រព្រឹត្តដោយមិនស្ដាប់បង្គាប់បានទទួលសំណងជាទោសស្របតាមយុត្ដិធម៌ ៣ តើយើងអាចគេចផុតពីទោសយ៉ាងដូចម្ដេច ប្រសិនបើយើងមិនអើពើចំពោះសេចក្ដីសង្គ្រោះដ៏អស្ចារ្យបែបនេះ? លោកម្ចាស់របស់យើងជាអ្នកមានប្រសាសន៍មុនគេអំពីសេចក្ដីសង្គ្រោះនោះ ហើយពួកអ្នកដែលបានឮពីលោកបានបញ្ជាក់ឲ្យយើងដឹងថាការនោះគឺពិតមែន ៤ ពេលដែលព្រះបានចូលរួមធ្វើជាសាក្សីដោយធ្វើសញ្ញាសម្គាល់ព្រមទាំងការអស្ចារ្យនិងការដែលប្រកបដោយឫទ្ធានុភាព ហើយដោយចែកចាយសកម្មពល* បរិសុទ្ធតាមបំណងប្រាថ្នារបស់លោក។
៥ ព្រោះពិភពលោក* ដែលនឹងមាននៅថ្ងៃមុខ ហើយដែលយើងកំពុងរៀបរាប់ លោកមិនបានដាក់ឲ្យចុះចូលនឹងពួកទេវតាទេ។ ៦ ប៉ុន្តែសាក្សីម្នាក់បានសរសេរថា៖ «តើមនុស្សជាអ្វីបានជាលោកនឹកនាដល់គាត់ជានិច្ច? ហើយតើកូនមនុស្សជាអ្វីបានជាលោកថែរក្សាគាត់? ៧ លោកបានធ្វើឲ្យគាត់តូចទាបជាងបណ្ដាទេវតាបន្ដិច ក៏បានប្រគល់សិរីរុងរឿងនិងកិត្ដិយសដល់គាត់ជាមកុដ ហើយលោកបានតែងតាំងគាត់ឲ្យមើលការខុសត្រូវលើស្នាដៃរបស់លោក។ ៨ លោកបានដាក់អ្វីៗទាំងអស់ឲ្យចុះចូលនៅក្រោមបាតជើងគាត់»។ ព្រោះពេលដែលព្រះដាក់អ្វីៗទាំងអស់ឲ្យចុះចូលនឹងបុត្រលោក គ្មានអ្វីដែលមិនចុះចូលនឹងបុត្រលោកឡើយ។ ក៏ប៉ុន្តែឥឡូវនេះយើងមិនទាន់ឃើញអ្វីៗទាំងអស់ចុះចូលនឹងបុត្រលោកទេ ៩ ប៉ុន្តែយើងឃើញលោកយេស៊ូ ដែលបានត្រូវធ្វើឲ្យតូចទាបជាងបណ្ដាទេវតាបន្ដិច ក៏បានទទួលសិរីរុងរឿងនិងកិត្ដិយសជាមត៌ក ពីព្រោះលោកបានរងការឈឺចាប់រហូតដល់ស្លាប់ ដើម្បីលោកអាចឆ្លងកាត់សេចក្ដីស្លាប់ជាប្រយោជន៍ដល់មនុស្សគ្រប់រូប ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ។
១០ អ្វីៗទាំងអស់គឺមាននៅដើម្បីព្រះ ហើយអ្វីៗទាំងអស់មាននៅដោយសារព្រះ។ ដូច្នេះ ក្នុងការធ្វើឲ្យកូនជាច្រើនមានសិរីរុងរឿង នោះជាការសមរម្យដែលលោកធ្វើឲ្យមេដឹកនាំដែលផ្ដល់សេចក្ដីសង្គ្រោះដល់ពួកគេ ទៅជាល្អឥតខ្ចោះដោយទទួលរងទុក្ខលំបាក។ ១១ ព្រោះទាំងលោកដែលធ្វើឲ្យបរិសុទ្ធ ទាំងពួកអ្នកដែលទៅជាបរិសុទ្ធ មានបិតាតែមួយ ហេតុនេះ លោកហៅពួកគាត់ថា«បងប្អូន»ដោយមិនអៀនខ្មាស ១២ ដូចលោកមានប្រសាសន៍ថា៖ «ខ្ញុំនឹងប្រកាសប្រាប់នាមលោកដល់បងប្អូនរបស់ខ្ញុំ។ នៅកណ្ដាលក្រុមជំនុំ ខ្ញុំនឹងសរសើរលោកដោយច្រៀងចម្រៀង»។ ១៣ លោកក៏មានប្រសាសន៍ថា៖ «ខ្ញុំនឹងទុកចិត្តលើលោក» ហើយ«មើល! ខ្ញុំនិងកូនតូចៗដែលព្រះយេហូវ៉ាបានប្រគល់ឲ្យខ្ញុំ»។
១៤ ដូច្នេះ ដោយសារ«កូនតូចៗ»ជាសាច់ឈាម នោះលោកក៏បានក្លាយទៅជាសាច់ឈាមដែរ ដើម្បីតាមរយៈសេចក្ដីស្លាប់របស់លោក លោកអាចបំផ្លាញចោលអ្នកដែលមានសមត្ថភាពបណ្ដាលឲ្យស្លាប់ ពោលគឺមេកំណាច* ១៥ ហើយដើម្បីរំដោះអស់អ្នកដែលជាខ្ញុំបម្រើអស់មួយជីវិតដោយសារខ្លាចសេចក្ដីស្លាប់។ ១៦ ព្រោះតាមពិតលោកមិនមែនជួយពួកទេវតាទេ តែលោកកំពុងជួយពូជពង្សរបស់អាប្រាហាំ។ ១៧ ដូច្នេះ លោកត្រូវក្លាយទៅជាដូច«បងប្អូន»របស់លោកទាំងស្រុង ដើម្បីលោកអាចក្លាយទៅជាសម្ដេចសង្ឃដែលស្មោះត្រង់ហើយមានសេចក្ដីមេត្ដាករុណាក្នុងកិច្ចបម្រើព្រះ ដើម្បីជូនគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងមនុស្សនិងព្រះ ហើយលោះមនុស្សពីការខុសឆ្គងរបស់ពួកគេ។ ១៨ ដោយសារលោកបានរងទុក្ខពេលដែលទទួលការល្បងល នោះលោកក៏អាចចូលមកជួយពួកអ្នកដែលកំពុងទទួលការល្បងលដែរ។