ការបើកបង្ហាញ
១៩ បន្ទាប់ពីការទាំងនោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំង ហាក់ដូចជាសំឡេងជនមួយក្រុមធំនៅស្ថានសួគ៌។ ពួកគេនិយាយថា៖ «ចូរអ្នករាល់គ្នាសរសើរយ៉ា!* សេចក្ដីសង្គ្រោះ សិរីរុងរឿង និងឫទ្ធានុភាពគឺជារបស់ព្រះនៃយើង ២ ពីព្រោះការវិនិច្ឆ័យរបស់លោកគឺគួរឲ្យទុកចិត្ត ហើយក៏សុចរិតយុត្ដិធម៌។ ព្រោះលោកបានដាក់ទោសមេស្ត្រីពេស្យាដែលបានបង្ខូចផែនដីដោយអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទរបស់នាង ហើយលោកបានសងសឹកឲ្យពួកខ្ញុំបម្រើរបស់លោកដែលនាងបានសម្លាប់»។ ៣ ភ្លាមនោះ ពួកគេនិយាយជាលើកទីពីរថា៖ «ចូរអ្នករាល់គ្នាសរសើរយ៉ា! ហើយផ្សែងពីការដុតនាងនឹងហុយឡើងជារៀងរហូត»។
៤ ឯពួកអ្នកចាស់ទុំម្ភៃបួននាក់និងចេរូប៊ីនទាំងបួនបានលំឱនកាយគោរពប្រណិប័តន៍ព្រះដែលអង្គុយលើបល្ល័ង្ក ដោយពោលថា៖ «អាមេន! ចូរអ្នករាល់គ្នាសរសើរយ៉ា!»។
៥ ម្យ៉ាងទៀត មានសំឡេងមួយបន្លឺចេញពីបល្ល័ង្កថា៖ «អ្នករាល់គ្នាដែលជាខ្ញុំបម្រើរបស់ព្រះ ដែលកោតខ្លាចលោក ទាំងអ្នកតូចទាំងអ្នកធំ ចូរសរសើរព្រះរបស់យើង»។
៦ ហើយខ្ញុំឮសំឡេងមួយ ហាក់ដូចជាសំឡេងជនមួយក្រុមធំ និងដូចសន្ធឹកទឹកហូរ និងដូចសំឡេងផ្គរលាន់ឮយ៉ាងខ្លាំង។ ពួកគេនិយាយថា៖ «ចូរអ្នករាល់គ្នាសរសើរយ៉ា ពីព្រោះព្រះយេហូវ៉ាដែលជាព្រះរបស់យើង និងជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត បានចាប់ផ្ដើមគ្រប់គ្រងជាស្តេចហើយ។ ៧ ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង ហើយចូរយើងសរសើរតម្កើងលោក ពីព្រោះវេលាសម្រាប់ពិធីមង្គលការរបស់កូនចៀមបានមកដល់ហើយ ឯភរិយារបស់លោកបានរៀបចំខ្លួន។ ៨ ព្រោះនាងបានត្រូវអនុញ្ញាតឲ្យស្លៀកពាក់ក្រណាត់សាច់ល្អដែលស្អាតហើយភ្លឺ ពីព្រោះក្រណាត់សាច់ល្អនោះតំណាងការប្រព្រឹត្តដ៏សុចរិតរបស់ពួកអ្នកបរិសុទ្ធ»។
៩ ហើយទេវតានោះប្រាប់ខ្ញុំថា៖ «ចូរសរសេរដូចតទៅនេះថា៖ អស់អ្នកដែលបានត្រូវអញ្ជើញឲ្យចូលរួមពិសាភោជនាហារនៅពិធីមង្គលការរបស់កូនចៀម មានសុភមង្គល»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «សេចក្ដីនេះជាប្រសាសន៍របស់ព្រះ ជាប្រសាសន៍ដ៏គួរឲ្យទុកចិត្ត»។ ១០ រួចខ្ញុំលំឱនកាយនៅជិតជើងទេវតានោះដើម្បីគោរពប្រណិប័តន៍គាត់។ ប៉ុន្តែទេវតានោះប្រាប់ខ្ញុំថា៖ «ចូរប្រយ័ត្ន! កុំធ្វើដូច្នោះ! ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នក ដែលមានកិច្ចការធ្វើជាសាក្សីអំពីលោកយេស៊ូ។ ចូរគោរពប្រណិប័តន៍ព្រះ ព្រោះការធ្វើជាសាក្សីអំពីលោកយេស៊ូ ជាគោលបំណងនៃការប្រកាសទំនាយ»។
១១ ហើយខ្ញុំឃើញមេឃបើកចំហឡើង ហើយមើល! មានសេះសម្បុរស។ លោកដែលអង្គុយលើសេះនោះមាននាមថា ស្មោះត្រង់និងពិតត្រង់ ហើយលោកវិនិច្ឆ័យនិងធ្វើសង្គ្រាមដោយសុចរិតយុត្ដិធម៌។ ១២ ភ្នែករបស់លោកដូចជាអណ្ដាតភ្លើង ហើយមានមកុដជាច្រើនលើក្បាលលោក។ លោកមាននាមមួយដែលបានត្រូវសរសេរ ដែលគ្មានអ្នកណាស្គាល់ក្រៅពីលោកឡើយ ១៣ សម្លៀកបំពាក់ក្រៅរបស់លោកបានត្រូវប្រោះដោយឈាម ហើយនាមរបស់លោកគឺបណ្ដាំរបស់ព្រះ។ ១៤ ម្យ៉ាងទៀត បណ្ដាកងទ័ពនៅស្ថានសួគ៌កំពុងជិះសេះសម្បុរសមកតាមក្រោយលោក ហើយពួកគេស្លៀកពាក់ក្រណាត់សាច់ល្អស្អាតពណ៌ស។ ១៥ មានដាវមួយវែងយ៉ាងមុតចេញពីមាត់របស់លោក ដើម្បីឲ្យលោកប្រហារប្រជាជាតិនានា ហើយលោកនឹងឃ្វាលពួកគេដោយដំបងដែក។ លោកក៏ជាន់ទំពាំងបាយជូរក្នុងអាងធំសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា គឺអាងកំហឹងនៃសេចក្ដីក្រោធរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ១៦ លោកមាននាមមួយដែលបានត្រូវសរសេរលើសម្លៀកបំពាក់ក្រៅរបស់លោកនៅលើភ្លៅ។ នាមនោះគឺ ស្តេចលើស្តេចទាំងអស់ និងម្ចាស់លើម្ចាស់ទាំងអស់។
១៧ ខ្ញុំក៏ឃើញទេវតាមួយឈរនៅមុខថ្ងៃ ហើយគាត់បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់សត្វស្លាបទាំងអស់ដែលហើរនៅកណ្ដាលមេឃថា៖ «ចូរប្រមូលគ្នាមកក្នុងការជប់លៀងដ៏ធំរបស់ព្រះ ១៨ ដើម្បីស៊ីសាច់ពួកស្តេច សាច់ពួកមេបញ្ជាការកងទ័ព សាច់ពួកអ្នកខ្លាំងពូកែ សាច់សេះ និងសាច់ពួកអ្នកដែលជិះសេះទាំងនោះ ហើយស៊ីសាច់មនុស្សទាំងឡាយ ទាំងពួកអ្នកមានសេរីភាពទាំងពួកខ្ញុំបម្រើ ទាំងអ្នកតូចទាំងអ្នកធំ»។
១៩ ហើយខ្ញុំឃើញសត្វសាហាវនិងស្តេចទាំងឡាយនៅផែនដីព្រមទាំងកងទ័ពរបស់ពួកគេ មូលគ្នាដើម្បីច្បាំងនឹងលោកដែលកំពុងជិះលើសេះ ហើយច្បាំងនឹងកងទ័ពរបស់លោក។ ២០ ហើយសត្វសាហាវបានត្រូវចាប់ រួមទាំងអ្នកប្រកាសទំនាយមិនពិតដែលបានធ្វើសញ្ញាសម្គាល់ក្រោមក្រសែភ្នែកសត្វនោះ ដើម្បីបំភាន់ពួកអ្នកដែលបានទទួលសញ្ញានៃសត្វសាហាវ និងបំភាន់ពួកអ្នកដែលគោរពប្រណិប័តន៍រូបសត្វសាហាវនោះ។ កាលដែលនៅរស់នៅឡើយ ពួកគេទាំងពីរបានត្រូវបោះទៅក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ។ ២១ ប៉ុន្តែមនុស្សទាំងប៉ុន្មានទៀតបានត្រូវសម្លាប់ដោយដាវវែងរបស់លោកដែលជិះលើសេះ ជាដាវដែលចេញពីមាត់លោក។ ឯសត្វស្លាបទាំងអស់បានស៊ីសាច់របស់អ្នកទាំងនោះឆ្អែត។