សកម្មភាព
៩ ប៉ុន្តែសុលនៅតែគំរាមពួកអ្នកកាន់តាមលោកម្ចាស់នៅឡើយ ហើយចង់សម្លាប់ពួកគាត់យ៉ាងខ្លាំង។ សុលបានទៅជួបសម្ដេចសង្ឃ ២ ហើយសុំសំបុត្រពីគាត់យកទៅសាលាប្រជុំទាំងប៉ុន្មាននៅក្រុងដាម៉ាស់ ដើម្បីអាចចាប់ចងអស់អ្នកណាដែលកាន់តាមផ្លូវលោកម្ចាស់ រួចនាំមកក្រុងយេរូសាឡិម ទោះជាប្រុសឬស្រីក៏ដោយ។
៣ លុះធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ហើយ ស្រាប់តែមានពន្លឺពីលើមេឃចាំងជុំវិញគាត់ ៤ រួចគាត់ដួលដល់ដី ហើយឮសំឡេងមួយបន្លឺមកថា៖ «សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?»។ ៥ គាត់និយាយថា៖ «តើលោកម្ចាស់ជាអ្នកណា?»។ លោកមានប្រសាសន៍ថា៖ «ខ្ញុំគឺយេស៊ូ ដែលអ្នកកំពុងបៀតបៀន។ ៦ ទោះជាយ៉ាងនោះក៏ដោយ ចូរក្រោកឡើងហើយចូលក្នុងក្រុងចុះ រួចអ្នកនឹងទទួលដំណឹងអំពីអ្វីដែលអ្នកត្រូវធ្វើ»។ ៧ ឯបុរសទាំងប៉ុន្មានដែលរួមដំណើរជាមួយនឹងគាត់កំពុងឈរនិយាយមិនចេញ។ ពួកគេឮសំឡេងនិយាយ តែមិនឃើញអ្នកណាឡើយ។ ៨ ប៉ុន្តែសុលបានក្រោកពីដីឡើង ហើយទោះជាភ្នែកគាត់នៅបើកក៏ដោយ គាត់មើលមិនឃើញអ្វីសោះ។ ដូច្នេះ ពួកគេដឹកដៃគាត់ហើយនាំទៅក្រុងដាម៉ាស់។ ៩ គាត់មើលមិនឃើញអ្វីសោះអស់រយៈពេលបីថ្ងៃ ក៏មិនបានបរិភោគឬផឹកអ្វីដែរ។
១០ នៅក្រុងដាម៉ាស់ មានអ្នកកាន់តាមម្នាក់ឈ្មោះអាណានាស។ លោកម្ចាស់លេចមកឲ្យគាត់ឃើញក្នុងគំនិត ហើយមានប្រសាសន៍ទៅគាត់ថា៖ «អាណានាស!» គាត់និយាយថា៖ «ខ្ញុំនៅនេះហើយ លោកម្ចាស់»។ ១១ លោកម្ចាស់មានប្រសាសន៍ទៅគាត់ថា៖ «ចូរក្រោកឡើងទៅផ្លូវហៅថាត្រង់ ហើយរកបុរសម្នាក់ឈ្មោះសុល ជាអ្នកក្រុងតើសុស នៅផ្ទះរបស់យូដាស។ ព្រោះមើល! គាត់កំពុងអធិដ្ឋាន ១២ ហើយក្នុងគំនិត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាសមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់អាចមើលឃើញឡើងវិញ»។ ១៣ ប៉ុន្តែអាណានាសតបថា៖ «លោកម្ចាស់អើយ ខ្ញុំបានឮគេជាច្រើននាក់និយាយអំពីបុរសនេះ ថាគាត់បានប្រព្រឹត្តអំពើអាក្រក់ជាច្រើនទៅលើពួកអ្នកបរិសុទ្ធរបស់លោកនៅក្រុងយេរូសាឡិម។ ១៤ គាត់ក៏មានអំណាចពីពួកសង្ឃនាយក ដើម្បីចាប់ចងអស់អ្នកណាដែលហៅរកនាមរបស់លោក»។ ១៥ ប៉ុន្តែលោកម្ចាស់មានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅចុះ ពីព្រោះបុរសនេះប្រៀបដូចជាភាជនៈដែលខ្ញុំបានជ្រើសរើសដើម្បីជាតំណាងឈ្មោះខ្ញុំនៅមុខប្រជាជាតិទាំងឡាយ ព្រមទាំងនៅមុខស្តេចនានា និងពួកកូន* អ៊ីស្រាអែល។ ១៦ ព្រោះខ្ញុំនឹងបង្ហាញគាត់ឲ្យឃើញច្បាស់ថា គាត់ត្រូវរងទុក្ខច្រើនប៉ុនណាដោយសារឈ្មោះរបស់ខ្ញុំ»។
១៧ ដូច្នេះ អាណានាសចេញទៅ រួចចូលក្នុងផ្ទះនោះ ក៏ដាក់ដៃលើសុលហើយនិយាយថា៖ «សុល បងប្រុសអើយ លោកម្ចាស់ គឺលោកយេស៊ូដែលបានលេចមកឲ្យអ្នកឃើញតាមផ្លូវដែលអ្នកបានធ្វើដំណើរមកនោះ បានចាត់ខ្ញុំឲ្យមក ដើម្បីឲ្យអ្នកមើលឃើញឡើងវិញ ហើយឲ្យពេញទៅដោយសកម្មពល* បរិសុទ្ធរបស់ព្រះ»។ ១៨ រំពេចនោះ មានអ្វីដែលមើលទៅដូចជាស្រកាធ្លាក់ពីភ្នែកគាត់ ហើយគាត់បានមើលឃើញឡើងវិញ ក៏បានក្រោកឡើងហើយទទួលការជ្រមុជទឹក* ១៩ បន្ទាប់មក គាត់បរិភោគ រួចមានកម្លាំងឡើងវិញ។
គាត់នៅក្រុងដាម៉ាស់ជាមួយនឹងពួកអ្នកកាន់តាមនៅទីនោះអស់ជាច្រើនថ្ងៃ ២០ ហើយចាប់ផ្ដើមផ្សព្វផ្សាយភ្លាមៗក្នុងសាលាប្រជុំនានាអំពីលោកយេស៊ូថា លោកជាបុត្រព្រះ។ ២១ ប៉ុន្តែអស់អ្នកដែលឮគាត់និយាយតាំងភ្ញាក់ផ្អើលជាខ្លាំង ក៏និយាយថា៖ «តើមិនមែនបុរសនេះទេឬ? ដែលបានបៀតបៀនយ៉ាងឃោរឃៅដល់អស់អ្នកនៅក្រុងយេរូសាឡិមដែលហៅរកឈ្មោះនេះ ហើយក៏បានមកទីនេះសម្រាប់ការនោះឯង គឺដើម្បីចាប់ចងពួកគេរួចនាំទៅពួកសង្ឃនាយក»។ ២២ ចំណែកសុលវិញ គាត់កាន់តែពូកែឡើងៗក្នុងកិច្ចបម្រើ ក៏ផ្ចាញ់ផ្ចាលជនជាតិយូដាដែលរស់នៅក្រុងដាម៉ាស់ កាលដែលគាត់បញ្ជាក់ភ័ស្តុតាងយ៉ាងសមហេតុសមផលថាលោកយេស៊ូគឺជាគ្រិស្ត។
២៣ លុះយូរថ្ងៃក្រោយមក ជនជាតិយូដាបានប្រឹក្សាគ្នារកវិធីសម្លាប់គាត់ចោល។ ២៤ ក៏ប៉ុន្តែគម្រោងអាក្រក់របស់ពួកគេបានឮដល់សុល។ ពួកគេបានចាំមើលទ្វារក្រុងយ៉ាងដិតដល់ទាំងយប់ទាំងថ្ងៃដើម្បីសម្លាប់គាត់ចោល។ ២៥ ដូច្នេះ ពួកអ្នកកាន់តាមដាក់គាត់ក្នុងកញ្ឆេ រួចសម្រូតចុះតាមចន្លោះមួយនៃកំពែង។
២៦ លុះទៅដល់ក្រុងយេរូសាឡិមហើយ សុលខំចូលរួមជាមួយនឹងពួកអ្នកកាន់តាម ប៉ុន្តែពួកគាត់ទាំងអស់គ្នាខ្លាចគាត់ ពីព្រោះពួកគាត់មិនជឿថាគាត់ជាអ្នកកាន់តាមទេ។ ២៧ ដូច្នេះ បាណាបាសបានមកជួយគាត់ ហើយនាំទៅឯពួកសាវ័ក រួចរៀបរាប់ប្រាប់ពួកគាត់យ៉ាងល្អិតល្អន់អំពីការដែលសុលបានឃើញលោកម្ចាស់ពេលគាត់កំពុងធ្វើដំណើរតាមផ្លូវ ហើយលោកបានមានប្រសាសន៍ទៅគាត់ ក៏ប្រាប់អំពីការដែលសុលបាននិយាយយ៉ាងក្លាហានដោយនូវនាមលោកយេស៊ូនៅក្រុងដាម៉ាស់។ ២៨ គាត់ក៏នៅជាមួយនឹងពួកគាត់តទៅទៀត ហើយដើរដោយសេរីនៅក្នុងក្រុងយេរូសាឡិមទាំងនិយាយយ៉ាងក្លាហានដោយនូវនាមរបស់លោកម្ចាស់ ២៩ គាត់ក៏និយាយ ហើយជជែកតវ៉ាជាមួយនឹងជនជាតិយូដាដែលនិយាយភាសាក្រិច។ ប៉ុន្តែពួកគេប៉ុនប៉ងសម្លាប់គាត់។ ៣០ ពេលដែលបងប្អូនកត់សម្គាល់ការនោះ ពួកគាត់ក៏នាំគាត់ចុះទៅក្រុងសេសារៀ រួចឲ្យគាត់ចេញដំណើរទៅក្រុងតើសុស។
៣១ បន្ទាប់មក ក្រុមជំនុំទាំងមូលនៃតំបន់យូឌា ស្រុកកាលីឡេ និងស្រុកសាម៉ារីមានសេចក្ដីសុខសាន្តមួយគ្រា ហើយបានត្រូវពង្រឹងឲ្យមាំមួនឡើង ក៏រស់នៅដោយកោតខ្លាចព្រះយេហូវ៉ា និងសមស្របតាមការសម្រាលទុក្ខពីសកម្មពលបរិសុទ្ធ ព្រមទាំងបានចម្រើនឡើងជានិច្ច។
៣២ កាលដែលពេត្រុសកំពុងធ្វើដំណើរកាត់តាមគ្រប់តំបន់ គាត់ក៏បានចុះទៅឯពួកអ្នកបរិសុទ្ធនៅក្រុងលីដា។ ៣៣ នៅទីនោះគាត់ឃើញបុរសម្នាក់ឈ្មោះអេនាស ដែលបានដេកលើគ្រែស្នែងងើបមិនរួចអស់ប្រាំបីឆ្នាំ ព្រោះគាត់ស្លាប់ដៃស្លាប់ជើង។ ៣៤ រួចពេត្រុសនិយាយទៅគាត់ថា៖ «អេនាស លោកយេស៊ូគ្រិស្តធ្វើឲ្យអ្នកជា។ ចូរក្រោកឡើងហើយរៀបចំគ្រែអ្នកចុះ» គាត់ក៏ក្រោកឡើងភ្លាម។ ៣៥ អស់អ្នកដែលរស់នៅក្រុងលីដានិងវាលទំនាបសារ៉ុនបានឃើញគាត់ ហើយពួកគេចាប់ផ្ដើមជឿលើលោកម្ចាស់។
៣៦ ប៉ុន្តែនៅក្រុងយ៉ុបប៉ា មានអ្នកកាន់តាមម្នាក់ឈ្មោះតាប៊ីថា ដែលបកប្រែជាភាសាក្រិចថា ដ័រកាស។ នាងធ្វើអំពើល្អជាបរិបូរនិងធ្វើទានជាច្រើន។ ៣៧ ប៉ុន្តែនៅគ្រានោះ នាងធ្លាក់ខ្លួនឈឺហើយស្លាប់។ ដូច្នេះ គេលាងជម្រះសព រួចដាក់ក្នុងបន្ទប់ខាងលើ។ ៣៨ ឯក្រុងលីដានៅជិតក្រុងយ៉ុបប៉ា ដូច្នេះ ពេលដែលពួកអ្នកកាន់តាមឮថាពេត្រុសនៅក្រុងនោះ ពួកគាត់ចាត់បុរសពីរនាក់ឲ្យទៅអង្វរគាត់ថា៖ «សូមមកឯយើងជាប្រញាប់»។ ៣៩ ឮដូច្នេះ ពេត្រុសក្រោកឡើងហើយទៅជាមួយនឹងពួកគាត់។ លុះទៅដល់ហើយ ពួកគាត់នាំពេត្រុសទៅបន្ទប់ខាងលើ ហើយពួកស្ត្រីមេម៉ាយបានចូលមកជិតគាត់ទាំងយំហើយបង្ហាញឲ្យគាត់ឃើញនូវសម្លៀកបំពាក់ក្រៅនិងសម្លៀកបំពាក់ក្នុងផ្សេងៗដែលដ័រកាសបានដេរកាលពីនាងនៅរស់។ ៤០ ប៉ុន្តែពេត្រុសឲ្យពួកគាត់ទាំងអស់គ្នាចេញទៅក្រៅ រួចគាត់លុតជង្គង់អធិដ្ឋាន ក៏បែរទៅសពហើយនិយាយថា៖ «តាប៊ីថា ចូរក្រោកឡើង!» នាងបើកភ្នែក ហើយកាលដែលក្រឡេកទៅឃើញពេត្រុស នាងក៏ងើបអង្គុយ។ ៤១ គាត់ហុចដៃឲ្យនាងតោង ហើយទាញឲ្យងើបឡើង រួចគាត់ហៅពួកអ្នកបរិសុទ្ធនិងពួកស្ត្រីមេម៉ាយមក ហើយបង្ហាញនាងឲ្យពួកគាត់ឃើញថានាងមានជីវិតរស់នៅ។ ៤២ រឿងនេះបានឮពេញក្រុងយ៉ុបប៉ា ហើយមនុស្សជាច្រើនបានទៅជាអ្នកជឿលើលោកម្ចាស់។ ៤៣ ពេត្រុសបាននៅក្រុងយ៉ុបប៉ាជាច្រើនថ្ងៃទៀត ជាមួយនឹងបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក។