សកម្មភាព
១២ នៅគ្រានោះ ស្តេច* ហេរ៉ូឌចាប់ផ្ដើមបៀតបៀនសមាជិកខ្លះនៃក្រុមជំនុំ។ ២ គាត់សម្លាប់យ៉ាកុបជាបងប្រុសរបស់យ៉ូហានដោយដាវ។ ៣ កាលដែលគាត់ឃើញថាជនជាតិយូដាពេញចិត្តនឹងការនោះ គាត់ក៏ចាប់ខ្លួនពេត្រុសដែរ។ (នោះជាគ្រាបុណ្យនំឥតដំបែ) ៤ លុះចាប់ពេត្រុសហើយ ហេរ៉ូឌដាក់គាត់ក្នុងគុក ព្រមទាំងប្រគល់ដល់ទាហានបួនក្រុមឲ្យយាមគាត់ ដោយក្នុងក្រុមនីមួយៗមានទាហានបួននាក់។ ហេរ៉ូឌធ្វើដូច្នេះដោយសារមានបំណងនាំពេត្រុសមកបង្ហាញបណ្ដាជនបន្ទាប់ពីបុណ្យរំលង។ ៥ ដូច្នេះ ពេត្រុសត្រូវគេឃុំទុកក្នុងគុក តែក្រុមជំនុំបានអធិដ្ឋានអង្វរព្រះឥតឈប់ដោយអស់ពីចិត្តដើម្បីគាត់។
៦ ប៉ុន្តែមួយយប់មុនហេរ៉ូឌបម្រុងនឹងនាំគាត់ចេញមកបង្ហាញគេ ពេត្រុសកំពុងដេកនៅកណ្ដាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយក៏មានគេចាំយាមនៅទ្វារគុកដែរ។ ៧ ប៉ុន្តែមើល! ទេវតារបស់ព្រះយេហូវ៉ាឈរនៅក្បែរគាត់ ហើយមានពន្លឺភ្លឺមកក្នុងបន្ទប់គុកនោះ។ ទេវតានោះទះចំហៀងខ្លួនពេត្រុស ហើយដាស់ដោយនិយាយថា៖ «ក្រោកឡើងជាប្រញាប់!» រួចច្រវាក់បានរបូតចេញពីដៃគាត់។ ៨ ទេវតានោះនិយាយទៅគាត់ថា៖ «ចូររៀបចំខ្លួនហើយពាក់ស្បែកជើងទៅ»។ គាត់ក៏ធ្វើដូច្នោះ។ បន្ទាប់មក ទេវតាប្រាប់ថា៖ «ចូរពាក់សម្លៀកបំពាក់ក្រៅ ហើយតាមខ្ញុំឲ្យជាប់»។ ៩ គាត់ក៏ចេញទៅ ហើយតាមទេវតានោះជាប់ ប៉ុន្តែគាត់មិនបានដឹងថាអ្វីដែលកំពុងកើតឡើងតាមរយៈទេវតានោះជាការពិតឡើយ តែគាត់នឹកស្មានថានោះជាអ្វីដែលកំពុងត្រូវបើកឲ្យគាត់ឃើញក្នុងគំនិតប៉ុណ្ណោះ។ ១០ ពួកគាត់ដើរកាត់ចន្លោះកណ្ដាលកងអ្នកយាមទីមួយ រួចកាត់កងអ្នកយាមទីពីរ ទៅដល់ទ្វារដែកចូលក្រុង ហើយទ្វារនោះក៏របើកឯងនៅមុខពួកគាត់។ លុះបានចេញទៅខាងក្រៅហើយ ពួកគាត់ចុះទៅតាមផ្លូវមួយ ស្រាប់តែទេវតានោះបានចាកចេញពីគាត់ភ្លាម។ ១១ ឯពេត្រុសក៏ដឹងខ្លួន ហើយនិយាយថា៖ «ឥឡូវខ្ញុំដឹងថា ព្រះយេហូវ៉ាបានចាត់ទេវតារបស់លោកឲ្យមក ហើយបានសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃហេរ៉ូឌនិងពីការទាំងអស់ដែលជនជាតិយូដាបានសង្ឃឹមថានឹងកើតឡើងដល់ខ្ញុំ»។
១២ លុះពិចារណាអំពីការនោះហើយ គាត់ក៏ទៅផ្ទះម៉ារៀ ជាម្ដាយយ៉ូហានដែលហៅថាម៉ាកុស។ នៅទីនោះ ពួកអ្នកកាន់តាមជាច្រើននាក់បានជួបជុំគ្នាហើយកំពុងអធិដ្ឋាន។ ១៣ នៅពេលដែលពេត្រុសគោះទ្វាររបង ស្ត្រីអ្នកបម្រើម្នាក់ឈ្មោះរ៉ូដាបានចេញមកសួរ ១៤ លុះស្គាល់ថាសំឡេងនោះជាសំឡេងពេត្រុស នាងត្រេកអរពន់ពេក ក៏មិនបានបើកទ្វាររបង តែបានរត់ចូលក្នុងវិញ ប្រាប់ពួកគាត់ថាពេត្រុសកំពុងឈរនៅមាត់ទ្វាររបង។ ១៥ ពួកគាត់និយាយទៅនាងថា៖ «នាងឆ្កួតហើយ»។ ប៉ុន្តែនាងនៅតែថាពេត្រុសបានមកមែន។ ពួកគាត់ចាប់ផ្ដើមនិយាយថា៖ «គឺជាទេវតារបស់គាត់»។ ១៦ ប៉ុន្តែពេត្រុសមិនបានចេញទៅណាទេ តែនៅគោះទ្វារ។ ពេលបើកទ្វារឃើញពេត្រុស ពួកគាត់ក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ១៧ តែពេត្រុសធ្វើសញ្ញាឲ្យពួកគាត់នៅស្ងៀម រួចបានរៀបរាប់ប្រាប់ពួកគាត់យ៉ាងល្អិតល្អន់អំពីការដែលព្រះយេហូវ៉ានាំគាត់ចេញពីគុកមក ក៏បានប្រាប់ថា៖ «ចូរទៅរាយការណ៍ប្រាប់យ៉ាកុបនិងបងប្អូនអំពីការទាំងនេះ»។ លុះនិយាយចប់ហើយ គាត់ក៏ចេញដំណើរទៅកន្លែងមួយផ្សេងទៀត។
១៨ លុះភ្លឺឡើង ពួកទាហានក៏កើតវឹកវរជាខ្លាំងដោយឆ្ងល់អំពីអ្វីដែលកើតឡើងដល់ពេត្រុស។ ១៩ ហេរ៉ូឌខំរកគាត់នៅគ្រប់ទីកន្លែង លុះរកមិនឃើញ គាត់សួរចម្លើយពួកអ្នកយាម រួចបង្គាប់ឲ្យនាំពួកគេទៅដាក់ទោស។ បន្ទាប់មក ហេរ៉ូឌចុះពីតំបន់យូឌាទៅក្រុងសេសារៀ ហើយគាត់នៅទីនោះអស់មួយរយៈ។
២០ ហេរ៉ូឌមួម៉ៅក្ដៅចិត្តនឹងពួកអ្នកក្រុងទីរ៉ុសនិងក្រុងស៊ីដូន។ ដូច្នេះ ពួកអ្នកក្រុងទាំងនោះព្រមព្រៀងគ្នាមកជួបគាត់។ ពួកគេបញ្ចុះបញ្ចូលប្លាស្ទុស ជាអ្នកមើលការខុសត្រូវលើបន្ទប់ទទួលទានដំណេករបស់ស្តេចមុនសិន រួចពួកគេតាំងសុំផ្សះផ្សាជាមួយនឹងស្តេច ពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្តេចហេរ៉ូឌ។ ២១ ប៉ុន្តែនៅថ្ងៃកំណត់ ហេរ៉ូឌបានស្លៀកពាក់សម្លៀកបំពាក់ស្តេច ក៏បានអង្គុយនៅកន្លែងវិនិច្ឆ័យក្ដី រួចចាប់ផ្ដើមថ្លែងសុន្ទរកថាសាធារណៈឲ្យពួកគេស្ដាប់។ ២២ ក្រោយមក បណ្ដាជនដែលបានជួបជុំគ្នានៅទីនោះ ចាប់ផ្ដើមស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះមួយ មិនមែនជាសំឡេងរបស់មនុស្សទេ!»។ ២៣ រំពេចនោះ ទេវតារបស់ព្រះយេហូវ៉ាបានវាយគាត់ ពីព្រោះគាត់មិនបានផ្ដល់កិត្ដិយសជូនព្រះ។ រួចគាត់ក៏ពេញទៅដោយដង្កូវ ហើយបានដាច់ខ្យល់ស្លាប់។
២៤ ប៉ុន្តែបណ្ដាំរបស់ព្រះយេហូវ៉ាបានដុះដាលចម្រើនកាន់តែច្រើនឡើង។
២៥ ចំណែកបាណាបាសនិងសុលវិញ បន្ទាប់ពីពួកគាត់បានចាត់ចែងការផ្ដល់ជំនួយនៅក្រុងយេរូសាឡិមរួចរាល់អស់ហើយ នោះពួកគាត់ត្រឡប់មកវិញ ហើយយកយ៉ូហានដែលហៅថាម៉ាកុសមកជាមួយ។