ការបើកបង្ហាញ
១៧ ទេវតាមួយពីចំណោមទេវតាទាំងប្រាំពីរដែលមានចានគោមប្រាំពីរបានមកប្រាប់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការវិនិច្ឆ័យទោសមេស្ត្រីពេស្យាដែលអង្គុយលើទឹកជាច្រើន ២ ដែលបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងស្តេចនានានៅលើផែនដី រីឯពួកអ្នកដែលរស់នៅផែនដីបានស្រវឹងដោយសារស្រានៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទរបស់នាង»។
៣ រួចគាត់នាំខ្ញុំទៅដោយសកម្មពល* របស់ព្រះ ចូលក្នុងតំបន់ស្ងាត់ជ្រងំ។ ហើយខ្ញុំឃើញស្ត្រីម្នាក់អង្គុយលើសត្វសាហាវមួយដែលមានសម្បុរក្រហមឆ្អៅ ក៏ពេញទៅដោយឈ្មោះដែលប្រមាថព្រះ ព្រមទាំងមានក្បាលប្រាំពីរនិងស្នែងដប់។ ៤ ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយនិងពណ៌ក្រហមឆ្អៅ ហើយក៏ពាក់មាស គជ់ខ្យង និងត្បូងថ្លៃវិសេស។ នៅក្នុងដៃនាងមានពែងមាសមួយដែលពេញទៅដោយរបស់គួរឲ្យស្អប់ខ្ពើមនិងរបស់ស្មោកគ្រោកពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដែលនាងប្រព្រឹត្ត។ ៥ ឈ្មោះមួយបានត្រូវសរសេរនៅលើថ្ងាសរបស់នាង ជាឈ្មោះអាថ៌កំបាំង៖ «បាប៊ីឡូនដ៏ខ្លាំងក្លា ដែលជាម្ដាយនៃស្រីពេស្យាទាំងឡាយ និងនៃអ្វីៗដែលគួរឲ្យស្អប់ខ្ពើមនៅផែនដី»។ ៦ ហើយខ្ញុំឃើញថានាងស្រវឹងឈាមរបស់ពួកអ្នកបរិសុទ្ធនិងឈាមរបស់ពួកសាក្សីរបស់លោកយេស៊ូ។
ពេលដែលខ្ញុំឃើញនាង ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។ ៧ ដូច្នេះ ទេវតានោះនិយាយមកកាន់ខ្ញុំថា៖ «ហេតុអ្វីអ្នកឆ្ងល់? ខ្ញុំនឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាក់ទងនឹងស្ត្រីនោះ និងសត្វសាហាវដែលមានក្បាលប្រាំពីរនិងស្នែងដប់ដែលនាងអង្គុយលើ៖ ៨ សត្វសាហាវដែលអ្នកឃើញ ធ្លាប់មានពីមុន តែក្រោយមកមិនមាន រួចហៀបនឹងឡើងមកពីទីជ្រៅបំផុត ហើយនឹងត្រូវបំផ្លាញចោល។ ពេលដែលមនុស្សឃើញថាសត្វសាហាវធ្លាប់មានពីមុន តែមិនមាន រួចនឹងមានទៀត នោះពួកអ្នកដែលរស់នៅផែនដីនឹងស្ងើចសរសើរ ប៉ុន្តែឈ្មោះរបស់ពួកគេមិនបានត្រូវសរសេរក្នុងបញ្ជីជីវិតតាំងពីកំណើតពិភពលោកទេ។
៩ «នេះតម្រូវឲ្យមានប្រាជ្ញាជាមួយនឹងសមត្ថភាពរិះគិត៖ ក្បាលប្រាំពីរនោះតំណាងភ្នំប្រាំពីរដែលស្ត្រីនោះអង្គុយលើ។ ១០ ហើយនោះតំណាងស្តេចប្រាំពីរ៖ ស្តេចប្រាំបានរលំហើយ ស្តេចមួយនៅមាន ស្តេចមួយទៀតមិនទាន់មកដល់ តែកាលមកដល់ហើយ ស្តេចនោះត្រូវនៅមួយរយៈពេលខ្លីប៉ុណ្ណោះ។ ១១ ឯសត្វសាហាវដែលធ្លាប់មានពីមុន តែក្រោយមកមិនមាន គឺជាស្តេចទីប្រាំបី តែកើតចេញពីស្តេចទាំងប្រាំពីរ រួចមកវានឹងត្រូវបំផ្លាញចោល។
១២ «ហើយស្នែងទាំងដប់ដែលអ្នកឃើញ នោះតំណាងស្តេចដប់ដែលមិនទាន់ទទួលរាជាណាចក្រមួយនៅឡើយ ប៉ុន្តែស្តេចទាំងនោះទទួលអំណាចគ្រប់គ្រងជាស្តេចមួយម៉ោងជាមួយនឹងសត្វសាហាវ។ ១៣ ស្តេចទាំងនោះមានគំនិតតែមួយ ហើយពួកគេផ្ដល់ឫទ្ធានុភាពនិងអំណាចរបស់ពួកគេដល់សត្វសាហាវនោះ។ ១៤ អ្នកទាំងនោះនឹងច្បាំងនឹងកូនចៀម តែដោយសារលោកជាម្ចាស់លើម្ចាស់ទាំងអស់ និងស្តេចលើស្តេចទាំងអស់ នោះកូនចៀមនឹងឈ្នះពួកគេ។ ម្យ៉ាងទៀត ពួកអ្នកដែលនៅជាមួយនឹងលោក ដែលបានត្រូវហៅ និងជ្រើសរើស ហើយស្មោះត្រង់ក៏នឹងឈ្នះដែរ»។
១៥ ហើយគាត់ប្រាប់ខ្ញុំថា៖ «ទឹកដែលអ្នកឃើញស្ត្រីពេស្យានោះកំពុងអង្គុយលើ តំណាងជាតិសាសន៍ផ្សេងៗ មហាជននានា ប្រជាជាតិផ្សេងៗ និងភាសាផ្សេងៗ។ ១៦ ស្នែងទាំងដប់ដែលអ្នកឃើញ និងសត្វសាហាវនឹងស្អប់ស្ត្រីពេស្យានោះ ហើយនឹងបំផ្លាញនាងព្រមទាំងធ្វើឲ្យនាងនៅអាក្រាត ក៏នឹងស៊ីសាច់នាង ហើយដុតនាងចោលក្នុងភ្លើង។ ១៧ ព្រោះព្រះបណ្ដាលចិត្តពួកគេឲ្យធ្វើតាមគំនិតរបស់លោក ពោលគឺ ធ្វើតាមគំនិតតែមួយរបស់ពួកគេ ដោយប្រគល់រាជាណាចក្ររបស់ពួកគេដល់សត្វសាហាវ រហូតដល់ប្រសាសន៍របស់ព្រះបានត្រូវសម្រេចហើយ។ ១៨ ឯស្ត្រីដែលអ្នកឃើញ តំណាងក្រុងដ៏ខ្លាំងក្លា ដែលគ្រប់គ្រងលើស្តេចនានានៅលើផែនដី»។