កាឡាទី
៣ ឱអ្នកក្រុងកាឡាទីដែលមិនចេះពិចារណា! តើអ្នកណាបានបញ្ឆោតអ្នករាល់គ្នា? ព្រោះអ្នករាល់គ្នាបានត្រូវពន្យល់យ៉ាងច្បាស់អំពីការព្យួរ* លោកយេស៊ូគ្រិស្ត។ ២ ខ្ញុំគ្រាន់តែចង់ដឹងថា តើអ្នករាល់គ្នាបានទទួលសកម្មពល* របស់ព្រះដោយសារអ្នករាល់គ្នាប្រព្រឹត្តតាមច្បាប់ ឬដោយសារមានជំនឿលើអ្វីដែលអ្នករាល់គ្នាបានឮ? ៣ តើអ្នករាល់គ្នាពិតជាមិនចេះពិចារណាដល់ថ្នាក់នេះឬ? អ្នករាល់គ្នាបានចាប់ផ្ដើមដោយផ្អែកលើសកម្មពលរបស់ព្រះ ដូច្នេះ ឥឡូវនេះ តើអ្នករាល់គ្នាបែរជាបញ្ចប់ដោយផ្អែកលើអ្វីៗដែលមកពីមនុស្សមិនល្អឥតខ្ចោះឬ? ៤ តើអ្នករាល់គ្នាបានរងទុក្ខលំបាកជាច្រើនដោយឥតអំពើឬ? ខ្ញុំប្រាកដថាការនោះមិនមែនឥតអំពើទេ។ ៥ ចុះអ្នកដែលឲ្យសកម្មពលរបស់ព្រះដល់អ្នករាល់គ្នា ហើយធ្វើការដែលប្រកបដោយឫទ្ធានុភាពក្នុងចំណោមអ្នករាល់គ្នា តើគាត់* ធ្វើការទាំងនោះដោយសារប្រព្រឹត្តតាមច្បាប់ ឬដោយសារមានជំនឿលើអ្វីដែលបានឮ? ៦ ដូចអាប្រាហាំ«បានជឿព្រះយេហូវ៉ា ហើយគាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត»។
៧ អ្នករាល់គ្នាច្បាស់ជាដឹងថា អ្នកណាដែលមានជំនឿ អ្នកនោះជាកូនអាប្រាហាំ។ ៨ ហើយដោយសារបទគម្ពីរបានឃើញទុកជាមុនថា ព្រះនឹងប្រកាសថាជនជាតិដទៃជាមនុស្សសុចរិតដោយសារជំនឿរបស់ពួកគេ នោះបទគម្ពីរបានប្រកាសដំណឹងល្អដល់អាប្រាហាំជាមុនថា៖ «តាមរយៈពូជរបស់អ្នក ប្រជាជាតិទាំងអស់នឹងទទួលពរ»។ ៩ ហេតុនេះ អស់អ្នកដែលមានជំនឿកំពុងទទួលពរជាមួយនឹងអាប្រាហាំដែលជាអ្នកស្មោះត្រង់។
១០ ព្រោះអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមច្បាប់ អ្នកទាំងនោះត្រូវបណ្ដាសា ព្រោះបទគម្ពីរចែងថា៖ «អស់អ្នកណាដែលមិនធ្វើតាមជានិច្ចនូវអ្វីៗទាំងអស់ដែលបានត្រូវសរសេរក្នុងរមូរច្បាប់* អ្នកនោះត្រូវបណ្ដាសា»។ ១១ ម្យ៉ាងទៀត យើងឃើញច្បាស់ថាព្រះមិនប្រកាសថាអ្នកណាជាមនុស្សសុចរិតដោយសារច្បាប់ទេ ពីព្រោះ«មនុស្សសុចរិតនឹងរស់ដោយសារជំនឿ»។ ១២ ឯច្បាប់មិនតម្រូវឲ្យមានជំនឿទេ ប៉ុន្តែ«អ្នកដែលប្រព្រឹត្តតាមបញ្ញត្ដិទាំងនោះ នឹងរស់ដោយសារបញ្ញត្ដិទាំងនោះ»។ ១៣ ដោយសារគ្រិស្តបានទិញយើង នោះលោកបានរំដោះយើងឲ្យរួចពីបណ្ដាសានៃច្បាប់ ដោយធ្វើជាអ្នកត្រូវបណ្ដាសាជំនួសយើង ពីព្រោះបទគម្ពីរចែងថា៖ «អស់អ្នកណាដែលត្រូវព្យួរនឹងបង្គោលឈើ អ្នកនោះត្រូវបណ្ដាសា»។ ១៤ ការនោះបានកើតឡើងដើម្បីឲ្យជនជាតិដទៃបានពររបស់អាប្រាហាំតាមរយៈលោកយេស៊ូគ្រិស្ត ដើម្បីឲ្យយើងទទួលសកម្មពលរបស់ព្រះតាមសេចក្ដីសន្យារបស់លោកដោយសារជំនឿរបស់យើង។
១៥ បងប្អូនអើយ ខ្ញុំសូមឲ្យឧទាហរណ៍មួយអំពីជីវិតប្រចាំថ្ងៃ៖ សូម្បីតែកិច្ចព្រមព្រៀងមួយដែលមនុស្សធ្វើឲ្យមានសុពលភាពក៏ដោយ ក៏គ្មានអ្នកណាអាចលើកចោលឬបន្ថែមអ្វីក្នុងកិច្ចព្រមព្រៀងនោះបានទេ។ ១៦ អាប្រាហាំនិងពូជរបស់គាត់បានទទួលសេចក្ដីសន្យាទាំងនោះ។ បទគម្ពីរមិនចែងថា៖ «ដល់ពូជទាំងឡាយ» ហាក់ដូចជាមានគ្នាច្រើននោះទេ តែចែងថា៖ «ដល់ពូជរបស់អ្នក» ដោយសំដៅទៅមនុស្សម្នាក់ គឺជាគ្រិស្ត។ ១៧ ម្យ៉ាងទៀត ខ្ញុំសុំនិយាយថា ច្បាប់ដែលបានត្រូវបង្កើតឡើងបួនរយសាមសិបឆ្នាំក្រោយមក មិនធ្វើឲ្យកិច្ចព្រមព្រៀងដែលព្រះបានធ្វើឲ្យមានសុពលភាពពីមុន ទៅជាមោឃ ហើយលុបបំបាត់សេចក្ដីសន្យានោះទេ។ ១៨ ព្រោះប្រសិនបើមត៌កដែលព្រះឲ្យ លោកឲ្យដោយសារច្បាប់ នោះមិនមែនដោយសារសេចក្ដីសន្យាទៀតទេ។ ប៉ុន្តែតាមការពិត ព្រះបានមេត្ដាឲ្យមត៌កនោះដល់អាប្រាហាំតាមរយៈសេចក្ដីសន្យាមួយ។
១៩ បើដូច្នេះ ហេតុអ្វីក៏មានច្បាប់? ច្បាប់នោះបានត្រូវបន្ថែមដើម្បីសឲ្យឃើញការរំលង រហូតដល់ពូជដែលបានទទួលសេចក្ដីសន្យាមកដល់។ ឯច្បាប់នោះបានត្រូវផ្ដល់មកតាមរយៈទេវតា ដោយដៃអ្នកសម្រុះសម្រួល។ ២០ ពេលដែលមានភាគីតែម្ខាង មិនត្រូវការអ្នកសម្រុះសម្រួលទេ ប៉ុន្តែព្រះគឺតែមួយ។ ២១ បើដូច្នេះ តើច្បាប់ប្រឆាំងសេចក្ដីសន្យារបស់ព្រះឬ? មិនអាចទេ! ព្រោះប្រសិនបើមនុស្សបានទទួលច្បាប់មួយដែលអាចផ្ដល់ជីវិត នោះពួកគេនឹងបានត្រូវចាត់ទុកជាមនុស្សសុចរិតតាមរយៈច្បាប់នោះ។ ២២ ប៉ុន្តែបទគម្ពីរបានប្រគល់យើងទៅឲ្យជាប់ឃុំឃាំងដោយភាពខុសឆ្គង* ដើម្បីឲ្យសេចក្ដីសន្យាដែលមកពីជំនឿលើលោកយេស៊ូគ្រិស្ត អាចត្រូវឲ្យដល់អស់អ្នកដែលជឿ។
២៣ ក៏ប៉ុន្តែមុនជំនឿនោះមកដល់ យើងបានត្រូវបង្ខាំងទុកក្រោមច្បាប់ ដោយបានត្រូវប្រគល់ទៅឲ្យជាប់ឃុំឃាំងជាមួយគ្នា ហើយបានរង់ចាំជំនឿដែលនឹងត្រូវបើកបង្ហាញ។ ២៤ ហេតុនេះ ច្បាប់បានធ្វើជាគ្រូដែលនាំយើងទៅដល់គ្រិស្ត ដើម្បីឲ្យព្រះប្រកាសថាយើងជាមនុស្សសុចរិតដោយសារជំនឿ។ ២៥ ប៉ុន្តែឥឡូវដែលជំនឿនោះបានមកដល់ហើយ យើងលែងនៅក្រោមអំណាចគ្រូទៀត។
២៦ តាមការពិត អ្នករាល់គ្នាជាកូនព្រះដោយសារមានជំនឿលើគ្រិស្តយេស៊ូ។ ២៧ ព្រោះអ្នករាល់គ្នា (ដែលបានទទួលការជ្រមុជទឹក ហើយក៏រួបរួមជាមួយនឹងគ្រិស្ត) បានបំពាក់ខ្លួនដោយគ្រិស្ត។ ២៨ គ្មានជនជាតិយូដា ឬជនជាតិក្រិច គ្មានខ្ញុំបម្រើ ឬអ្នកដែលមានសេរីភាព គ្មានប្រុស ឬស្រីឡើយ ព្រោះអ្នករាល់គ្នារួបរួមគ្នាហាក់ដូចជាបុគ្គលតែមួយជាអ្នកកាន់តាមគ្រិស្តយេស៊ូ។ ២៩ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាជារបស់គ្រិស្ត អ្នករាល់គ្នាពិតជាពូជអាប្រាហាំដែលជាអ្នកទទួលមត៌កតាមសេចក្ដីសន្យា។