៥ «បង្គោលទារុណកម្ម»
ភាសាក្រិច σταυρός (ស្ដាវរ៉ុស); ភាសាឡាតាំង crux (គ្រុខ)
«បង្គោលទារុណកម្ម» នៅម៉ាថាយ ២៧:៤០ បានត្រូវប្រើសម្រាប់ប្រហារជីវិតលោកយេស៊ូនៅឯកន្លែងដែលហៅថាលលាដ៍ក្បាល។ គ្មានទីសំអាងដែលថា ពាក្យភាសាក្រិចស្ដាវរ៉ុសនៅទីនេះសំដៅទៅឈើឆ្កាងដូចអ្នកមិនជឿគ្រិស្តសាសនាធ្លាប់ប្រើជានិមិត្តរូបសាសនា រាប់រយឆ្នាំមុនសម័យគ្រិស្តនោះទេ។
តាមភាសាក្រិចសម័យបុរាណពាក្យស្ដាវរ៉ុស គ្រាន់តែសំដៅទៅបង្គោលត្រង់ទៅលើ ឬសសរមួយដូចដែលគេប្រើដើម្បីទ្រគ្រឹះ។ កិរិយាសព្ទស្ដាវរ៉ុអូ មានន័យថាធ្វើរបងបង្គោលសម្រួចចុង។ អ្នកសរសេរបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចក្រោមការដឹកនាំរបស់ព្រះ បានសរសេរជាភាសាក្រិចសាមញ្ញ (ខូអ៊ីណេ) ហើយប្រើពាក្យស្ដាវរ៉ុសក្នុងន័យដូចគ្នានឹងភាសាក្រិចសម័យបុរាណ ពោលគឺ បង្គោលធម្មតាដែលគ្មានឈើខ្វែងគ្នាទេ។ គ្មានទីសំអាងណាដែលបញ្ជាក់ផ្សេងពីនោះទេ។ សាវ័កពេត្រុស និងប៉ូលក៏បានប្រើពាក្យគ្ស៉ីឡន់ដែរ ពេលសំដៅទៅឧបករណ៍សម្រាប់ធ្វើទារុណកម្មដែលគេបានយកលោកយេស៊ូទៅបោះដែកគោលភ្ជាប់នោះ ហើយនេះបញ្ជាក់ថាឈើនោះជាបង្គោលត្រង់ទៅលើដោយគ្មានឈើខ្វែងទេ ព្រោះនេះជាអត្ថន័យពិសេសនៃពាក្យគ្ស៉ីឡន់។ (សកម្មភាព ៥:៣០; ១០:៣៩; ១៣:២៩; កាឡាទី ៣:១៣; ពេត្រុសទី១ ២:២៤) ក្នុងសេបធួជីន យើងឃើញពាក្យគ្ស៉ីឡន់ នៅអែសរ៉ា ៦:១១ (អេសត្រាសទី២ ៦:១១) ហើយខនោះប្រើគ្ស៉ីឡន់សំដៅទៅបង្គោលដែលបានត្រូវប្រើសម្រាប់ព្យួរមនុស្សដែលប្រព្រឹត្តល្មើសច្បាប់ ដូចដែលបានកត់ទុកក្នុងសៀវភៅសកម្មភាព ៥:៣០; ១០:៣៩។
វចនានុក្រមមួយបញ្ជាក់អត្ថន័យពាក្យស្ដាវរ៉ុសថា៖ «ន័យសំខាន់នៃពាក្យស្ដាវរ៉ុស (σταυρός) គឺបង្គោលឈើត្រង់ទៅលើ។ អ្នកប្រព្រឹត្តអាក្រក់បានត្រូវបោះដែកគោលភ្ជាប់នឹងបង្គោលបែបនេះដើម្បីប្រហារជីវិត។ តាំងពីដើមដំបូង គេមិនដែលប្រើនាមសព្ទនិងកិរិយាសព្ទស្ដាវរ៉ុអូ ដែលមានន័យថា ភ្ជាប់នឹងបង្គោលឈើ ដើម្បីសំដៅទៅឈើពីរខ្វែងគ្នាដូចដែលគេប្រើក្នុងពិភពគ្រិស្តសាសនាទេ។ រូបឈើឆ្កាងមានដើមកំណើតនៅស្រុកខាល់ដេនាសម័យបុរាណ ហើយបានត្រូវប្រើជានិមិត្តរូបនៃព្រះថាមូស (ដោយមានរាងដូចអក្សរថោ[Tau]ដែលជាអក្សរដំបូងនៃឈ្មោះរបស់ព្រះនោះ ហើយដែលត្រូវចាត់ទុកថាជាអក្សរស័ក្ដិសិទ្ធិ) នៅប្រទេសនោះ និងនៅប្រទេសជិតខាងរួមទាំងប្រទេសអេស៊ីបដែរ។ ដល់ពាក់កណ្ដាលសតវត្សរ៍ទី៣ គ.ស. ពិភពគ្រិស្តសាសនាបានបែរចេញ ឬបានបំប្លែងសេចក្ដីបង្រៀនខ្លះនៃជំនឿគ្រិស្តសាសនា។ ដើម្បីធ្វើឲ្យគ្រិស្តសាសនាដែលបានក្បត់ជំនឿមានកិត្យានុភាព អ្នកដែលមិនជឿគ្រិស្តសាសនាបានត្រូវទទួលចូលក្នុងគ្រិស្តសាសនាដោយមិនចាំបាច់ប្ដូរជំនឿទេ ហើយពួកគេភាគច្រើនបានត្រូវអនុញ្ញាតឲ្យទុកសញ្ញានិងនិមិត្តរូបសាសនារបស់ខ្លួន។ ម្ល៉ោះហើយ អក្សរថោ(Tau) ឬអក្សរធី(T) ដែលមានគំនូសទទឹងនៅពាក់កណ្ដាលវិញ តាមរបៀបដែលគេសរសេរច្រើនជាងគេ បានត្រូវយកមកប្រើជាតំណាងឈើឆ្កាងរបស់គ្រិស្ត» (An Expository Dictionary of New Testament Words (1966 reprint), Vol.I, p.256)។
វចនានុក្រមភាសាឡាតាំង និពន្ធដោយលូអ៊ីសនិងហ៊្ស៊ត បានបកស្រាយអត្ថន័យនៃពាក្យគ្រុខថា៖ «ដើមឈើ ឈើ ឬឧបករណ៍ផ្សេងទៀតដែលធ្វើពីឈើ សម្រាប់ប្រហារជីវិត ដែលគេប្រើដើម្បីព្យួរឧក្រិដ្ឋជន»។ ដូច្នេះ នៅដើមដំបូង ពាក្យគ្រុខមិនមានន័យថា«ឈើឆ្កាង»នោះទេ។ តាមភាសាឡាតាំងគ្រុខសិមផ្លេចសំដៅទៅបង្គោលត្រង់មួយសម្រាប់ព្យួរឧក្រិដ្ឋជន។ ឧបករណ៍ទារុណកម្មបែបនេះបានត្រូវបង្ហាញក្នុងសៀវភៅដែលនិពន្ធដោយយូស្ទូស លិភសៀស (ឆ្នាំ១៥៤៧-ឆ្នាំ១៦០៦)។ យើងបានដាក់រូបនោះនៅទីនេះ (De cruce libri tres, Antwerp, 1629, p. 19)។
សៀវភៅមួយបញ្ជាក់ថា៖ «មិនមានដើមឈើនៅគ្រប់កន្លែងដែលគេជ្រើសរើសសម្រាប់ការប្រហារជីវិតជាសាធារណៈទេ។ ដូច្នេះ គេធ្លាប់បោះបង្គោលមួយក្នុងដី រួចបានទាញដៃអ្នកប្រព្រឹត្តខុសច្បាប់ឡើងលើ ហើយដៃនិងជួនកាលជើងរបស់អ្នកនោះបានត្រូវចងភ្ជាប់ទៅលើបង្គោលនោះឬបោះដែកគោលភ្ជាប់ទៅលើបង្គោលនោះ»។ ក្រោយពីបានបញ្ជាក់ទីសំអាងជាច្រើន អ្នកនិពន្ធបានបញ្ចប់សេចក្ដី នៅទំព័រ ២១៩, ២២០ ថា៖ «លោកយេស៊ូបានស្លាប់លើបង្គោលមរណៈដ៏សាមញ្ញមួយ៖ យើងនិយាយដូច្នេះ ដោយផ្អែកលើ: (ក) ទំនៀមទម្លាប់ប្រហារជីវិតនៅបូព៌ាប្រទេសនាសម័យនោះ (ខ) អ្វីដែលប្រវត្ដិសាស្ត្របញ្ជាក់អំពីការរងទុក្ខរបស់លោកយេស៊ូ ហើយ (គ) សម្ដីជាច្រើនរបស់ពួកមេដឹកនាំគ្រិស្តសាសនានៅសម័យដើម» (Das Kreuz und die Kreuzigung by Hermann Fulda, Breslau, 1878, p. 109)។
ក្នុងសៀវភៅមួយដែលនិពន្ធដោយប៉ូល វិលហេល្ម ស្មីត ជាសាស្ដ្រាចារ្យនៅសកលវិទ្យាល័យបាសិល គាត់បានស្រាវជ្រាវពាក្យស្ដាវរ៉ុសយ៉ាងល្អិតល្អន់។ នៅទំព័រ៣៨៦ គាត់បានសរសេរថា៖ «σταυρός [ស្ដាវរ៉ុស]សំដៅទៅគ្រប់ទាំងបង្គោលត្រង់ទៅលើ ឬដើមឈើ»។ នៅទំព័រ៣៨៧-៣៨៩គាត់សរសេរអំពីការដាក់ទណ្ឌកម្មលោកយេស៊ូថា៖ «យោងទៅតាមកំណត់ហេតុសៀវភៅដំណឹងល្អ ក្រៅពីការវាយវាត់នឹងរំពាត់ខ្សែតី ជនជាតិរ៉ូមព្យួរលោកយេស៊ូតាមរបៀបសាមញ្ញបំផុត ពោលគឺព្យួរលោកនឹងបង្គោលឈើដោយគ្មានសម្លៀកបំពាក់ ជាបង្គោលដែលគេឲ្យលោកយេស៊ូលី ឬអូសទៅកន្លែងប្រហារជីវិតដើម្បីធ្វើទណ្ឌកម្មលោកកាន់តែខ្លាំងឡើងតាមរបៀបគួរឲ្យអាម៉ាស់មុខ។ . . . ដោយសារគេធ្លាប់ប្រហារជីវិតមនុស្សទាំងហ្វូងៗ គេអាចប្រហារជីវិតមនុស្សដោយរបៀបសាមញ្ញ ស្រួលធ្វើប៉ុណ្ណោះ ដូចជាការប្រហារជីវិតមនុស្សមួយដង២.០០០នាក់ដោយវ៉ារឹស (Jos. Ant. XVII 10. 10) ដោយក្វាដ្រាតឹស (Jewish Wars II 12. 6) ដោយភេលីចជាប្រមុខខេត្ត (Jewish Wars II 15. 2 [13.2]) ដោយទីតុស (Jewish Wars VII. 1 [V 11.1])» (Die Geschichte Jesu (The History of Jesus), Vol. 2, Tübingen and Leipzig, 1904, pp. 386-394)។
ដូច្នេះ គ្មានទីសំអាងសោះដែលថាលោកយេស៊ូគ្រិស្តបានត្រូវព្យួរលើឈើពីរខ្វែងគ្នា។ យើងមិនចង់បន្ថែមអ្វីក្នុងបណ្ដាំជាលាយលក្ខណ៍អក្សររបស់ព្រះ ដោយដាក់បញ្ចូលគំនិតអំពីឈើឆ្កាងដែលមកពីអ្នកមិនជឿគ្រិស្តសាសនាទេ។ ផ្ទុយទៅវិញ យើងបកប្រែពាក្យស្ដាវរ៉ុសនិងគ្ស៉ីឡន់តាមន័យដើមរបស់ពាក្យនោះ។ ដោយសារលោកយេស៊ូបានប្រើពាក្យស្ដាវរ៉ុសជាតំណាងការរងទុក្ខលំបាកនិងការអាម៉ាស់មុខ ឬទារុណកម្មដែលពួកអ្នកកាន់តាមលោកនឹងទទួល (ម៉ាថាយ ១៦:២៤) យើងបានបកប្រែស្ដាវរ៉ុសជា«បង្គោលទារុណកម្ម» ដើម្បីឲ្យឃើញថាខុសពីពាក្យគ្ស៉ីឡន់ដែលយើងបានបកប្រែថា«បង្គោល»។
[រូបភាពនៅទំព័រ៧២៣]
រូបភាពដែលបង្ហាញគ្រុខសិមផ្លេច