សកម្មភាព
១០ នៅក្រុងសេសារៀ មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងទ័ពហៅថា កងទ័ពអ៊ីតាលី។ ២ គាត់ព្រមទាំងពួកអ្នកផ្ទះទាំងអស់របស់គាត់ ជាអ្នកគោរពកោតខ្លាចព្រះ។ គាត់ធ្វើទានជាច្រើនដល់បណ្ដាជន ហើយក៏អធិដ្ឋានអង្វរព្រះជានិច្ច។ ៣ នៅប្រហែលម៉ោងទីប្រាំបួន* គាត់ឃើញទេវតាមួយរូបរបស់ព្រះយ៉ាងច្បាស់ក្នុងគំនិត ហើយទេវតានោះចូលមកជិតគាត់រួចនិយាយថា៖ «កូនេលាស!»។ ៤ កូនេលាសសម្លឹងមើលទេវតា ក៏តាំងភ័យខ្លាចហើយនិយាយថា៖ «តើលោកម្ចាស់មានការអ្វី?»។ គាត់និយាយទៅកូនេលាសថា៖ «ទាននិងសេចក្ដីអធិដ្ឋានរបស់អ្នកបានឡើងទៅទុកជាទីរំលឹកនៅចំពោះព្រះ។ ៥ ដូច្នេះ ចូរចាត់បុរសខ្លះឲ្យទៅក្រុងយ៉ុបប៉ាដើម្បីហៅស៊ីម៉ូនដែលហៅថាពេត្រុស។ ៦ បុរសនេះជាភ្ញៀវស្នាក់នៅផ្ទះរបស់ស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក ដែលមានផ្ទះនៅក្បែរមាត់សមុទ្រ»។ ៧ កាលទេវតាដែលនិយាយជាមួយនឹងគាត់បានទៅផុតហើយ គាត់ហៅអ្នកបម្រើពីរនាក់ក្នុងផ្ទះគាត់ឲ្យមកភ្លាម ក៏ហៅកូនទាហានម្នាក់ដែលជាអ្នកគោរពព្រះ ពីចំណោមពួកអ្នកដែលនៅបម្រើគាត់ជាប្រចាំ ៨ ហើយគាត់រៀបរាប់ប្រាប់ពួកគេនូវហេតុការណ៍ទាំងអស់ រួចចាត់ឲ្យទៅក្រុងយ៉ុបប៉ា។
៩ លុះថ្ងៃស្អែកឡើង កាលដែលពួកគេកំពុងធ្វើដំណើរទៅជិតដល់ក្រុងហើយ នោះពេត្រុសបានឡើងលើដំបូលផ្ទះដើម្បីអធិដ្ឋាន នៅប្រហែលម៉ោងទីប្រាំមួយ។* ១០ ក្រោយមក គាត់ក៏ឃ្លានខ្លាំងហើយចង់បរិភោគ។ កាលដែលគេកំពុងរៀបចំអាហារ ស្រាប់តែគាត់លង់ស្មារតីឃើញអ្វីមួយក្នុងគំនិត។ ១១ គាត់ឃើញមេឃបើកឡើង ហើយឃើញភាជនៈមួយដែលមើលទៅដូចជាផ្ទាំងក្រណាត់ធំមួយដែលគេចងចុងជាយទាំងបួន កំពុងចុះមកដី ១២ ហើយក្នុងនោះមានសត្វគ្រប់ប្រភេទជាសត្វជើងបួន សត្វលូនវារនៅលើដី និងសត្វហើរលើអាកាស។ ១៣ រួចមក មានសំឡេងមួយបន្លឺទៅកាន់គាត់ថា៖ «ពេត្រុស! ចូរក្រោកឡើង សម្លាប់ហើយបរិភោគទៅ!»។ ១៤ ប៉ុន្តែពេត្រុសនិយាយថា៖ «ទេ លោកម្ចាស់ ពីព្រោះខ្ញុំមិនដែលបរិភោគអ្វីដែលមិនស្អាតឬស្មោកគ្រោកសោះឡើយ»។ ១៥ សំឡេងនោះបន្លឺទៅគាត់ម្ដងទៀត ជាលើកទីពីរថា៖ «ឈប់ហៅអ្វីៗដែលព្រះបានសម្អាត ថាមិនស្អាត»។ ១៦ សំឡេងនោះបន្លឺជាលើកទីបីទៅកាន់គាត់ រួចភាជនៈនោះបានត្រូវលើកឡើងទៅលើមេឃ។
១៧ កាលដែលពេត្រុសកំពុងងឿងឆ្ងល់ក្នុងចិត្តអំពីអត្ថន័យនៃអ្វីដែលគាត់បានឃើញក្នុងគំនិត មើល! បុរសទាំងប៉ុន្មានដែលកូនេលាសបានចាត់ឲ្យមក បានសួររកផ្ទះរបស់ស៊ីម៉ូន ហើយក៏កំពុងឈរនៅក្បែររបងផ្ទះ។ ១៨ ពួកគេស្រែកសួរឲ្យដឹងថាតើស៊ីម៉ូនហៅថាពេត្រុសកំពុងស្នាក់នៅទីនោះឬទេ។ ១៩ កាលដែលពេត្រុសកំពុងគិតហើយគិតទៀតអំពីអ្វីដែលគាត់បានឃើញក្នុងគំនិត នោះសកម្មពល* របស់ព្រះបាននិយាយថា៖ «មើល! បុរសបីនាក់កំពុងសួររកអ្នក។ ២០ តែចូរក្រោកឡើង ចុះទៅក្រោម ហើយទៅជាមួយនឹងពួកគេ ដោយមិនសង្ស័យឡើយ ព្រោះខ្ញុំបានចាត់ពួកគេឲ្យមក»។ ២១ ដូច្នេះ ពេត្រុសក៏ចុះទៅឯបុរសទាំងនោះនៅខាងក្រោម ហើយនិយាយថា៖ «មើល! ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងរក។ តើអ្នករាល់គ្នាមកទីនេះមានការអ្វី?»។ ២២ ពួកគេនិយាយថា៖ «មាននាយទាហានម្នាក់ ឈ្មោះកូនេលាស ដែលជាមនុស្សសុចរិតនិងជាអ្នកកោតខ្លាចព្រះ ហើយជនជាតិយូដាសរសើរគ្រប់គ្នា។ ព្រះបានណែនាំគាត់តាមរយៈទេវតាបរិសុទ្ធមួយរូប ឲ្យចាត់មនុស្សមកសុំអ្នកទៅផ្ទះរបស់គាត់ ដើម្បីស្ដាប់អ្វីដែលអ្នកនិយាយ»។ ២៣ ដូច្នេះ គាត់អញ្ជើញពួកគេចូលផ្ទះ ហើយឲ្យស្នាក់នៅជាមួយនឹងគាត់។
លុះថ្ងៃស្អែក គាត់ក្រោកឡើងហើយចេញទៅជាមួយនឹងពួកគេ។ បងប្អូនខ្លះពីក្រុងយ៉ុបប៉ាក៏បានទៅជាមួយនឹងគាត់ដែរ។ ២៤ នៅថ្ងៃបន្ទាប់ពីនោះ គាត់ចូលក្រុងសេសារៀ។ កូនេលាសកំពុងរង់ចាំពួកគាត់ ហើយបានហៅញាតិសន្ដាននិងមិត្តជិតស្និទ្ធរបស់គាត់ឲ្យមកជុំគ្នា។ ២៥ កាលពេត្រុសចូលមកដល់ កូនេលាសបានចូលទៅជិត រួចលំឱនកាយគោរពនៅជិតជើងគាត់។ ២៦ ប៉ុន្តែពេត្រុសបានលើកគាត់ឡើង ដោយនិយាយថា៖ «ចូរក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរ»។ ២៧ កាលដែលកំពុងសន្ទនាជាមួយនឹងគាត់ ពេត្រុសក៏ចូលក្នុងឃើញថា មានមនុស្សជាច្រើននៅជុំគ្នានៅទីនោះ ២៨ ហើយគាត់និយាយទៅពួកគេថា៖ «អ្នករាល់គ្នាដឹងច្បាស់ថា ជនជាតិយូដាគ្មានច្បាប់ចូលទៅជិតឬទាក់ទងជាមួយនឹងជាតិសាសន៍ដទៃទេ។ ទោះជាយ៉ាងនោះក៏ដោយ ព្រះបានបង្ហាញខ្ញុំថា ខ្ញុំមិនគួរហៅមនុស្សណាម្នាក់មិនស្អាតឬស្មោកគ្រោកឡើយ។ ២៩ ហេតុនេះ ពេលដែលគេទៅហៅខ្ញុំ ខ្ញុំក៏មកដោយមិនជំទាស់ទេ។ ដូច្នេះ ខ្ញុំសូមសួរអំពីមូលហេតុដែលអ្នករាល់គ្នាបានចាត់គេឲ្យទៅហៅខ្ញុំ»។
៣០ ម្ល៉ោះហើយ កូនេលាសនិយាយថា៖ «បួនថ្ងៃមុនចាប់ពីម៉ោងនេះ ខ្ញុំកំពុងអធិដ្ឋានក្នុងផ្ទះរបស់ខ្ញុំ គឺនៅម៉ោងទីប្រាំបួន* ហើយមើល! បុរសម្នាក់ដែលមានសម្លៀកបំពាក់ភ្លឺត្រចះបានឈរនៅមុខខ្ញុំ ៣១ ហើយនិយាយថា៖ ‹កូនេលាស ព្រះបានឮសេចក្ដីអធិដ្ឋានរបស់អ្នក ក៏ចាំទានដែលអ្នកបានធ្វើ។ ៣២ ដូច្នេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉ា ហើយហៅស៊ីម៉ូនដែលហៅថាពេត្រុស។ បុរសនេះកំពុងស្នាក់នៅផ្ទះរបស់ស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក ដែលនៅក្បែរមាត់សមុទ្រ›។ ៣៣ ហេតុនេះ ខ្ញុំបានចាត់គេឲ្យទៅហៅអ្នកភ្លាម ហើយជាការល្អណាស់ដែលអ្នកបានមកទីនេះ។ ដូច្នេះ ឥឡូវនេះយើងទាំងអស់គ្នានៅជុំគ្នានៅមុខព្រះ ដើម្បីស្ដាប់អ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់អ្នកឲ្យនិយាយ»។
៣៤ ឮដូច្នេះ ពេត្រុសចាប់ផ្ដើមនិយាយថា៖ «ខ្ញុំយល់ឃើញច្បាស់ថា ព្រះមិនរើសមុខទេ ៣៥ តែនៅគ្រប់ជាតិសាសន៍ លោកពេញចិត្តនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្តអំពើសុចរិត។ ៣៦ លោកបានផ្ញើបណ្ដាំទៅពួកកូន* អ៊ីស្រាអែល ដើម្បីប្រកាសប្រាប់ពួកគេនូវដំណឹងល្អស្តីអំពីសន្ដិភាពតាមរយៈលោកយេស៊ូគ្រិស្ត ដែលជាម្ចាស់លើមនុស្សទាំងអស់។ ៣៧ អ្នករាល់គ្នាដឹងអំពីរឿងដែលគេបាននិយាយពេញតំបន់យូឌា ចាប់ពីស្រុកកាលីឡេ បន្ទាប់ពីយ៉ូហានបានផ្សព្វផ្សាយអំពីការទទួលការជ្រមុជទឹក* ៣៨ ពោលគឺ រឿងអំពីលោកយេស៊ូពីក្រុងណាសារ៉ែត ហើយអំពីការដែលព្រះបានរើសតាំង* លោកដោយសកម្មពលបរិសុទ្ធនិងឫទ្ធានុភាព។ លោកបានធ្វើដំណើរពាសពេញស្រុក ដោយធ្វើអំពើល្អហើយធ្វើឲ្យអស់អ្នកដែលត្រូវមេកំណាច* បៀតបៀន បានជាសះស្បើយ ពីព្រោះព្រះនៅជាមួយនឹងលោក។ ៣៩ យើងជាសាក្សីអំពីការទាំងអស់ដែលលោកបានធ្វើនៅស្រុករបស់ជនជាតិយូដានិងនៅក្រុងយេរូសាឡិម។ ប៉ុន្តែពួកគេក៏បានសម្លាប់លោកដោយព្យួរនឹងបង្គោលឈើ។* ៤០ ព្រះបានប្រោសលោកឲ្យរស់ឡើងវិញនៅថ្ងៃទីបី ក៏អនុញ្ញាតឲ្យបង្ហាញខ្លួន ៤១ មិនមែនដល់បណ្ដាជនទាំងឡាយទេ តែឲ្យបង្ហាញខ្លួនដល់ពួកសាក្សីដែលព្រះបានតែងតាំងទុកជាមុន គឺពួកយើងដែលបានផឹកនិងបរិភោគជាមួយនឹងលោកបន្ទាប់ពីបានរស់ពីស្លាប់ឡើងវិញ។ ៤២ ម្យ៉ាងទៀត លោកបានបង្គាប់យើងឲ្យផ្សព្វផ្សាយប្រាប់បណ្ដាជន ថែមទាំងឲ្យធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់ថា គឺលោកហើយដែលព្រះបានចេញបង្គាប់ឲ្យធ្វើជាចៅក្រមនៃមនុស្សរស់និងមនុស្សស្លាប់។ ៤៣ ពួកអ្នកប្រកាសទំនាយបានធ្វើជាសាក្សីបញ្ជាក់អំពីលោកគ្រប់គ្នា ដើម្បីឲ្យអស់អ្នកណាដែលជឿលើលោកទទួលការអភ័យទោសចំពោះការខុសឆ្គង ដោយនូវនាមរបស់លោក»។
៤៤ កាលដែលពេត្រុសកំពុងនិយាយអំពីការទាំងនេះ នោះអស់អ្នកដែលកំពុងស្ដាប់បណ្ដាំរបស់ព្រះបានទទួលសកម្មពលបរិសុទ្ធ។ ៤៥ ហើយពួកអ្នកស្មោះត្រង់ដែលបានមកជាមួយនឹងពេត្រុស គឺពួកអ្នកដែលបានត្រូវគេកាត់ចុងស្បែក* បាននឹកអស្ចារ្យក្នុងចិត្ត ពីព្រោះសកម្មពលបរិសុទ្ធដែលជាអំណោយទានរបស់ព្រះ កំពុងត្រូវចាក់ទៅលើជាតិសាសន៍ដទៃផងដែរ ៤៦ ព្រោះពួកគេឮអ្នកទាំងនោះនិយាយភាសាផ្សេងៗ ព្រមទាំងសរសើរតម្កើងព្រះ។ ពេលនោះពេត្រុសតបថា៖ ៤៧ «តើមានអ្នកណាអាចហាមអ្នកទាំងនេះ មិនឲ្យទទួលការជ្រមុជទឹក ក្រោយពីពួកគេបានទទួលសកម្មពលបរិសុទ្ធដូចយើងដែរឬទេ?»។ ៤៨ លុះនិយាយចប់ហើយ គាត់បង្គាប់ពួកគេឲ្យទទួលការជ្រមុជទឹកដោយនូវនាមលោកយេស៊ូគ្រិស្ត។ រួចមក ពួកគេសុំគាត់នៅជាមួយនឹងពួកគេអស់មួយរយៈ។