ការបើកបង្ហាញ
២០ ខ្ញុំឃើញទេវតាមួយរូបចុះពីស្ថានសួគ៌* មក ដោយកាន់កូនសោនៃទីជ្រៅបំផុតនិងច្រវាក់ដ៏ធំមួយនៅដៃ។ ២ ទេវតានោះចាប់នាគ ជាពស់ដំបូងបង្អស់ ដែលជាមេកំណាចនិងជាសាថាន* រួចបានចងវាទុកអស់មួយពាន់ឆ្នាំ។ ៣ ទេវតានោះបោះវាទៅក្នុងទីជ្រៅបំផុត រួចបិទជិត ហើយបិទត្រាលើទីជ្រៅបំផុតដើម្បីឃុំវា មិនឲ្យបំភាន់ប្រជាជាតិនានាទៀត រហូតដល់ផុតគ្រាមួយពាន់ឆ្នាំ។ បន្ទាប់ពីនោះ វានឹងត្រូវដោះលែងមួយរយៈពេលខ្លី។
៤ រួចមក ខ្ញុំឃើញបល្ល័ង្កផ្សេងៗ ក៏មានអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ ហើយពួកគេបានទទួលអំណាចដើម្បីធ្វើការវិនិច្ឆ័យ។ ខ្ញុំក៏ឃើញពួកអ្នកដែលបានត្រូវគេប្រហារជីវិតដោយពូថៅ ដោយសារពួកគេធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ និងបាននិយាយអំពីព្រះ គឺពួកអ្នកដែលមិនបានគោរពប្រណិប័តន៍សត្វសាហាវ ឬរូបរបស់វា ក៏មិនបានទទួលសញ្ញានោះនៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេ។ ពួកគេបានរស់ឡើងវិញ រួចគ្រប់គ្រងជាស្តេចជាមួយនឹងគ្រិស្តអស់មួយពាន់ឆ្នាំ។ ៥ (មនុស្សស្លាប់ទាំងប៉ុន្មានទៀតមិនបានរស់ឡើងវិញទេ ទាល់តែបានផុតគ្រាមួយពាន់ឆ្នាំ)។ នេះជាការប្រោសឲ្យរស់ឡើងវិញមុនដំបូង។ ៦ អ្នកដែលមានចំណែកក្នុងការប្រោសឲ្យរស់ឡើងវិញមុនដំបូង មានសុភមង្គល ហើយក៏បរិសុទ្ធ។ សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ តែពួកគេនឹងធ្វើជាសង្ឃរបស់ព្រះនិងរបស់គ្រិស្ត ក៏នឹងគ្រប់គ្រងជាស្តេចជាមួយនឹងលោកអស់មួយពាន់ឆ្នាំ។
៧ ពេលដែលគ្រាមួយពាន់ឆ្នាំផុតភ្លាម សាថាននឹងត្រូវដោះលែងពីគុក ៨ វានឹងចេញទៅបំភាន់ប្រជាជាតិនានានៅជ្រុងទាំងបួននៃផែនដី គឺកូកនិងម៉ាកូក ដើម្បីប្រមូលពួកគេសម្រាប់សង្គ្រាម។ ចំនួនអ្នកទាំងនោះគឺដូចខ្សាច់នៅសមុទ្រ។ ៩ ពួកគេឡើងទៅពេញផែនដី ហើយឡោមព័ទ្ធជំរំរបស់ពួកអ្នកបរិសុទ្ធនិងក្រុងជាទីស្រឡាញ់។ ប៉ុន្តែភ្លើងបានធ្លាក់ពីលើមេឃមកបញ្ឆេះពួកគេអស់ទៅ។ ១០ ហើយមេកំណាចដែលបានបំភាន់ពួកគេបានត្រូវបោះទៅក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវនិងអ្នកប្រកាសទំនាយមិនពិតនៅរួចហើយ។ ពួកគេនឹងទទួលទារុណកម្មទាំងយប់ទាំងថ្ងៃជារៀងរហូតតទៅ។
១១ រួចមក ខ្ញុំឃើញបល្ល័ង្កពណ៌សយ៉ាងធំមួយនិងលោកដែលអង្គុយលើបល្ល័ង្កនោះ។ ផែនដីនិងមេឃបានចេញបាត់ពីមុខលោក គ្មានកន្លែងសម្រាប់ផែនដីនិងមេឃទៀតឡើយ។ ១២ ខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំទាំងអ្នកតូចកំពុងឈរនៅមុខបល្ល័ង្ក ហើយរមូរផ្សេងៗបានត្រូវបើកឡើង។ ប៉ុន្តែបញ្ជីមួយទៀតបានត្រូវបើកឡើង គឺជាបញ្ជីជីវិត។ ឯមនុស្សស្លាប់បានត្រូវវិនិច្ឆ័យយោងទៅតាមអ្វីដែលបានត្រូវសរសេរក្នុងរមូរទាំងនោះ ស្របតាមការប្រព្រឹត្តរបស់ពួកគេ។ ១៣ សមុទ្របានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញ ហើយសេចក្ដីស្លាប់និងផ្នូរ* បានប្រគល់មនុស្សស្លាប់នៅក្នុងនោះមកវិញដែរ ហើយពួកគេបានត្រូវវិនិច្ឆ័យរៀងៗខ្លួន ស្របតាមការប្រព្រឹត្តរបស់ពួកគេ។ ១៤ ឯសេចក្ដីស្លាប់និងផ្នូរបានត្រូវបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងគឺជាតំណាងសេចក្ដីស្លាប់ទីពីរ។ ១៥ ម្យ៉ាងទៀត អ្នកណាដែលគ្មានឈ្មោះក្នុងសៀវភៅជីវិតបានត្រូវបោះទៅក្នុងបឹងភ្លើង។