លូកា
១២ នៅគ្រានោះ ក្រោយពីមនុស្សបានមូលគ្នាច្រើនពាន់នាក់រហូតដល់ជាន់ជើងគ្នា លោកចាប់ផ្ដើមមានប្រសាសន៍ដោយប្រាប់ពួកអ្នកកាន់តាមលោកថា៖ «ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី ពោលគឺពុតត្បុតរបស់ពួកគេ។ ២ ប៉ុន្តែអ្វីៗទាំងអស់ដែលបានត្រូវបិទបាំងយ៉ាងជិតល្អ នឹងត្រូវបើកបង្ហាញ ហើយអ្វីៗទាំងអស់ដែលជាអាថ៌កំបាំង នឹងត្រូវគេដឹង។ ៣ ហេតុនេះ អ្វីដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត នោះនឹងត្រូវគេឮនៅកន្លែងភ្លឺ ហើយអ្វីដែលអ្នកខ្សឹបនៅក្នុងបន្ទប់ នោះនឹងត្រូវផ្សាយពីលើដំបូលផ្ទះវិញ។ ៤ ម្យ៉ាងទៀត សម្លាញ់ខ្ញុំអើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្លាចអ្នកដែលសម្លាប់រូបកាយ តែពុំអាចធ្វើអ្វីលើសពីនោះឡើយ។ ៥ ផ្ទុយទៅវិញ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាថាត្រូវខ្លាចអ្នកណា គឺត្រូវខ្លាចលោកដែលអាចសម្លាប់ រួចបោះទៅក្នុងជ្រលងភ្នំហ៊ីណុំ។* ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺលោកហើយដែលអ្នកត្រូវខ្លាច។ ៦ គេលក់ចាបពូកប្រាំក្បាលថ្លៃពីរសេន* មែនទេ? ប៉ុន្តែព្រះមិនភ្លេចចាបទាំងនោះឡើយ សូម្បីតែចាបមួយក៏ដោយ។ ៧ ប៉ុន្តែសូម្បីតែចំនួនសរសៃសក់នៅលើក្បាលអ្នករាល់គ្នា ក៏លោកជ្រាបដែរ។ កុំខ្លាចឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត។
៨ «ម្ល៉ោះហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស កូនមនុស្សក៏នឹងទទួលស្គាល់អ្នកនោះនៅមុខបណ្ដាទេវតារបស់ព្រះដែរ។ ៩ ប៉ុន្តែ អ្នកណាដែលបដិសេធ មិនទទួលស្គាល់ខ្ញុំនៅមុខមនុស្ស កូនមនុស្សក៏នឹងបដិសេធ មិនទទួលស្គាល់អ្នកនោះនៅមុខបណ្ដាទេវតារបស់ព្រះដែរ។ ១០ ហើយអ្នកណាដែលពោលពាក្យប្រឆាំងកូនមនុស្ស អ្នកនោះនឹងត្រូវអភ័យទោសឲ្យ ប៉ុន្តែអ្នកណាដែលពោលពាក្យប្រមាថសកម្មពល* បរិសុទ្ធរបស់ព្រះ អ្នកនោះនឹងមិនត្រូវអភ័យទោសឲ្យទេ។ ១១ ប៉ុន្តែពេលដែលគេបញ្ជូនអ្នកទៅឯការប្រជុំសាធារណៈ ពួកមន្ត្រីរាជការ និងពួកអាជ្ញាធរ កុំខ្វល់ចិត្តថាអ្នកត្រូវនិយាយអ្វីឬនិយាយយ៉ាងណាដើម្បីការពារខ្លួននោះឡើយ ១២ ព្រោះសកម្មពលបរិសុទ្ធរបស់ព្រះនឹងបង្រៀនអ្នករាល់គ្នានូវអ្វីដែលអ្នកត្រូវនិយាយនៅពេលនោះឯង»។
១៣ ក្រោយមក បុរសម្នាក់ក្នុងបណ្ដាជនបានសុំលោកថា៖ «លោកគ្រូ សូមប្រាប់បងប្រុសខ្ញុំចែកមត៌កឲ្យខ្ញុំផង»។ ១៤ លោកមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអ្នកចែកទ្រព្យសម្បត្ដិឲ្យអ្នករាល់គ្នា?»។ ១៥ រួចលោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរប្រុងប្រៀបស្មារតីជានិច្ច ហើយប្រុងប្រយ័ត្ននឹងការលោភលន់* គ្រប់យ៉ាង ពីព្រោះទោះជាមនុស្សម្នាក់មានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក៏ដោយ ក៏គាត់មិនបានជីវិតពីទ្រព្យទាំងនោះទេ»។ ១៦ លុះពោលពាក្យទាំងនេះចប់ហើយ លោកលើកឧទាហរណ៍មួយប្រាប់ពួកគេថា៖ «ស្រែចម្ការរបស់បុរសអ្នកមានម្នាក់បានបង្កើតផលច្រើន។ ១៧ ម្ល៉ោះហើយ គាត់ចាប់ផ្ដើមរិះគិតក្នុងចិត្តថា៖ ‹ឥឡូវខ្ញុំគ្មានកន្លែងទុកផលដំណាំរបស់ខ្ញុំទេ ដូច្នេះ តើខ្ញុំត្រូវធ្វើយ៉ាងណាទៅ?›។ ១៨ រួចគាត់និយាយថា៖ ‹ខ្ញុំត្រូវធ្វើដូច្នេះវិញ ខ្ញុំនឹងរុះឃ្លាំងទាំងអស់របស់ខ្ញុំ ហើយធ្វើឃ្លាំងធំៗជាង រួចមកខ្ញុំនឹងទុកស្រូវសាលីនិងរបស់ល្អទាំងអស់របស់ខ្ញុំនៅទីនោះ ១៩ ហើយខ្ញុំនឹងប្រាប់ខ្លួនខ្ញុំថា៖ «ខ្ញុំអើយ! ខ្ញុំបានប្រមូលទុករបស់ល្អច្រើន ល្មមសម្រាប់យូរឆ្នាំទៀត ចូរសម្រាកចុះ ហើយផឹកនិងបរិភោគឲ្យសប្បាយទៅ»›។ ២០ ប៉ុន្តែព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹មនុស្សឥតវិចារណញ្ញាណអើយ នៅយប់នេះឯងគេកំពុងទាមទារជីវិត* របស់អ្នកហើយ។ ដូច្នេះ តើអ្នកណានឹងទទួលអ្វីៗដែលអ្នកបានប្រមូលទុកនោះ?›។ ២១ អ្នកណាដែលប្រមូលទ្រព្យសម្បត្ដិទុកសម្រាប់ខ្លួន តែមិនមែនជាអ្នកមានចំពោះព្រះ អ្នកនោះក៏ដូច្នោះដែរ»។
២២ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ឈប់ខ្វល់ខ្វាយអំពីជីវិតខ្លួនថា នឹងបានអ្វីបរិភោគ ឬខ្វល់ខ្វាយអំពីរូបកាយថា នឹងបានអ្វីស្លៀកពាក់ឡើយ។ ២៣ ព្រោះជីវិតមានតម្លៃជាងម្ហូបអាហារ ហើយរូបកាយមានតម្លៃជាងសម្លៀកបំពាក់។ ២៤ ចូរកត់សម្គាល់ថា សត្វក្អែកមិនសាបព្រោះ ឬច្រូតកាត់ ហើយក៏គ្មានជង្រុកឬឃ្លាំងទេ តែព្រះផ្ដល់ចំណីឲ្យវា។ ទម្រាំតែអ្នករាល់គ្នា តើមិនមានតម្លៃជាងសត្វស្លាបទេឬ? ២៥ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាអាចធ្វើឲ្យអាយុជីវិតខ្លួនវែងជាងបាន សូម្បីតែបន្ដិច* ដោយសារការខ្វល់ខ្វាយរបស់ខ្លួននោះទេ? ២៦ ម្ល៉ោះហើយ បើអ្នករាល់គ្នាធ្វើការដ៏តូចនេះពុំកើត គ្មានហេតុឲ្យអ្នករាល់គ្នាខ្វល់ខ្វាយអំពីរឿងក្រៅពីនោះ មែនទេ? ២៧ ចូរកត់សម្គាល់របៀបដែលផ្កានៅឯវាលដុះឡើង។ វាមិនធ្វើការនឿយហត់ទេ ក៏មិនត្បាញរវៃដែរ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនកាលដែលតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង។ ២៨ ព្រះតុបតែងរុក្ខជាតិដែលដុះនៅឯវាលថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងឡ។ បើដូច្នេះ ព្រះប្រាកដជានឹងផ្ដល់សម្លៀកបំពាក់លើសជាងនោះទៅទៀតឲ្យអ្នករាល់គ្នា ដែលជាអ្នកមានជំនឿតិច! ២៩ ដូច្នេះ ឈប់ខ្វល់ខ្វាយថា នឹងបានអ្វីបរិភោគ ឬនឹងបានអ្វីផឹក ហើយឈប់បារម្ភ ៣០ ព្រោះរបស់ទាំងអស់នេះជាអ្វីដែលប្រជាជាតិទាំងឡាយនៅពិភពលោកនេះកំពុងស្វះស្វែងរក ប៉ុន្តែបិតារបស់អ្នកដឹងថាអ្នកត្រូវការរបស់ទាំងនេះ។ ៣១ ទោះជាយ៉ាងនោះក៏ដោយ ចូរស្វែងរករាជាណាចក្ររបស់លោកជាដរាប ហើយលោកនឹងផ្ដល់របស់ទាំងនេះឲ្យអ្នក។
៣២ «ហ្វូងតូចអើយ កុំខ្លាចឡើយ ពីព្រោះបិតារបស់អ្នកពេញចិត្តឲ្យរាជាណាចក្រដល់អ្នករាល់គ្នា។ ៣៣ ចូរលក់របស់ដែលអ្នករាល់គ្នាមាន ហើយធ្វើទាន។ ចូរធ្វើថង់ប្រាក់សម្រាប់ខ្លួនដែលមិនចេះសឹករេចរឹល ពោលគឺ ទ្រព្យដែលមិនចេះអស់នៅស្ថានសួគ៌ ជាកន្លែងដែលចោរមិនអាចទៅជិត ហើយសត្វល្អិតមិនស៊ីបំផ្លាញទេ។ ៣៤ ព្រោះទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។
៣៥ «ចូរចុកក្បិន ហើយឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ ៣៦ ព្រមទាំងធ្វើឲ្យដូចពួកបុរសដែលកំពុងរង់ចាំម្ចាស់របស់ពួកគេវិលត្រឡប់មកពីពិធីមង្គលការ ដើម្បីពួកគេអាចបើកទ្វារជូនលោកភ្លាមពេលដែលលោកមកដល់ហើយគោះទ្វារ។ ៣៧ ខ្ញុំបម្រើណាដែលម្ចាស់ឃើញថាកំពុងចាំយាមពេលលោកមកដល់ ខ្ញុំបម្រើទាំងនោះនឹងមានសុភមង្គល! ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងចុកក្បិន ក៏នឹងឲ្យពួកគេអង្គុយនៅតុ រួចចូលមកជិតហើយបម្រើពួកគេ។ ៣៨ ទោះជាលោកមកដល់នៅយាមទីពីរ* ឬរហូតដល់យាមទីបី* ក៏ដោយ ហើយឃើញថាពួកខ្ញុំបម្រើកំពុងធ្វើដូច្នោះ នោះពួកគេនឹងមានសុភមង្គល! ៣៩ ប៉ុន្តែចូរដឹងថា បើម្ចាស់ផ្ទះបានដឹងថាចោរនឹងមកនៅម៉ោងប៉ុន្មាន នោះម្ចាស់ផ្ទះមុខជាចាំយាមមិនឲ្យចោរចូលផ្ទះគាត់ឡើយ។ ៤០ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ចដូច្នេះដែរ ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។
៤១ រួចមក ពេត្រុសសួរថា៖ «លោកម្ចាស់ តើលោកកំពុងលើកឧទាហរណ៍នេះសម្រាប់យើងតែប៉ុណ្ណោះ ឬក៏សម្រាប់ទាំងអស់គ្នា?»។ ៤២ លោកម្ចាស់តបថា៖ «តើអ្នកណាជាអ្នកបម្រើ* ដ៏ស្មោះត្រង់ ហើយចេះពិចារណា ដែលម្ចាស់នឹងតែងតាំងឲ្យមើលខុសត្រូវពួកអ្នកបម្រើរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគគ្រប់គ្រាន់តាមពេលកំណត់? ៤៣ ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់មកដល់ ហើយឃើញថាគាត់កំពុងធ្វើដូច្នោះមែន! ៤៤ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងតែងតាំងគាត់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក។ ៤៥ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើនោះគិតក្នុងចិត្តថា៖ ‹ម្ចាស់ខ្ញុំកំពុងបង្អង់យូរ› រួចចាប់ផ្ដើមវាយពួកខ្ញុំបម្រើប្រុសស្រី ហើយស៊ីផឹកស្រវឹង ៤៦ នោះម្ចាស់របស់គាត់នឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មាន និងនៅម៉ោងដែលគាត់មិនដឹង ហើយនឹងដាក់ទោសគាត់ធ្ងន់បំផុត ក៏រាប់បញ្ចូលក្នុងចំណោមមនុស្សឥតស្មោះត្រង់។ ៤៧ រួចមក ខ្ញុំបម្រើដែលបានយល់បំណងប្រាថ្នារបស់ម្ចាស់ តែមិនបានត្រៀមខ្លួនឬធ្វើតាមបំណងប្រាថ្នារបស់លោក នឹងត្រូវវាយជាច្រើនរំពាត់។ ៤៨ ក៏ប៉ុន្តែខ្ញុំបម្រើដែលមិនបានយល់ ហើយបានធ្វើអ្វីគួរនឹងត្រូវរំពាត់ នឹងត្រូវវាយតិច។ ដូច្នេះ អ្នកណាដែលទទួលច្រើន គេនឹងតម្រូវច្រើនពីអ្នកនោះ ហើយអ្នកណាដែលគេប្រគល់កិច្ចការជាច្រើនឲ្យមើលការខុសត្រូវ គេនឹងតម្រូវពីអ្នកនោះច្រើនលើសពីធម្មតា។
៤៩ «ខ្ញុំបានមកដើម្បីធ្វើឲ្យមានភ្លើងឆេះនៅផែនដី។ បើភ្លើងនោះកំពុងឆេះហើយ តើចាំបាច់ឲ្យខ្ញុំប្រាថ្នាអ្វីទៀត? ៥០ មានការជ្រមុជដែលខ្ញុំត្រូវទទួលពិតមែន ហើយខ្ញុំកំពុងកើតទុក្ខយ៉ាងខ្លាំងរហូតដល់ការជ្រមុជនោះចប់! ៥១ តើអ្នកគិតថាខ្ញុំបានមកដើម្បីនាំមកនូវសន្ដិភាពលើផែនដីឬ? មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមកដើម្បីធ្វើឲ្យមានការបែកបាក់គ្នាវិញ។ ៥២ ព្រោះចាប់តាំងពីពេលនេះទៅ នឹងមានមនុស្សប្រាំនាក់ក្នុងផ្ទះមួយ ហើយអ្នកទាំងប្រាំនោះនឹងបែកបាក់ទាស់ទែងគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។ ៥៣ ពួកគេនឹងបែកបាក់គ្នា គឺឪពុកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្ដាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្ដាយ ម្ដាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក»។
៥៤ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «កាលណាអ្នករាល់គ្នាឃើញពពកឡើងនៅទិសខាងលិច អ្នកនិយាយភ្លាមថា៖ ‹នឹងមានព្យុះភ្លៀង› ហើយក៏កើតមានព្យុះភ្លៀងមែន។ ៥៥ ហើយកាលណាអ្នករាល់គ្នាឃើញថាខ្យល់បក់មកពីទិសខាងត្បូង នោះអ្នកនិយាយថា៖ ‹នឹងមានអាកាសធាតុក្ដៅ› ហើយក៏កើតឡើងមែន។ ៥៦ មនុស្សលាក់ពុត! អ្នករាល់គ្នាចេះសម្គាល់លក្ខណៈនៃផ្ទៃមេឃ និងផែនដី តែហេតុអ្វីបានជាមិនចេះពិចារណាអត្ថន័យនៃអ្វីដែលកំពុងកើតឡើងនៅគ្រានេះ? ៥៧ ហេតុអ្វីក៏អ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯងដែរថា អ្វីជាសុចរិត? ៥៨ ជាឧទាហរណ៍ កាលដែលអ្នកកំពុងធ្វើដំណើរទៅជួបអាជ្ញាធរជាមួយនឹងសត្រូវដែលរកប្ដឹងអ្នកតាមច្បាប់ ចូរព្យាយាមដោះស្រាយទំនាស់នោះជាមួយនឹងគាត់តាមផ្លូវ ក្រែងគាត់បញ្ជូនអ្នកទៅចៅក្រម រួចចៅក្រមប្រគល់អ្នកទៅមន្ត្រីជំនួយតុលាការ ហើយមន្ត្រីជំនួយតុលាការដាក់អ្នកក្នុងគុក។ ៥៩ ខ្ញុំប្រាប់អ្នកថា អ្នកប្រាកដជាមិនចេញពីនោះ ទាល់តែបានសងបំណុលគ្មានខ្វះមួយសេន»។*