យ៉ាកុប
៣ បងប្អូនខ្ញុំអើយ មិនគួរឲ្យអ្នករាល់គ្នាជាច្រើននាក់ធ្វើជាអ្នកបង្រៀនឡើយ ពីព្រោះអ្នករាល់គ្នាដឹងថាយើងនឹងទទួលការវិនិច្ឆ័យដ៏ម៉ឺងម៉ាត់ជាង។ ២ ព្រោះយើងទាំងអស់គ្នាជំពប់ដួល* ជាញឹកញយ។ ប្រសិនបើអ្នកណាមិនដែលជំពប់ដួលខាងពាក្យសម្ដី អ្នកនោះជាមនុស្សល្អឥតខ្ចោះ ហើយអាចកាន់កាប់រូបកាយទាំងមូលរបស់ខ្លួន។ ៣ ប្រសិនបើយើងដាក់បង្ហៀរនៅមាត់សេះដើម្បីធ្វើឲ្យវាស្ដាប់បង្គាប់យើង នោះយើងក៏កាន់កាប់រូបកាយទាំងមូលរបស់វាដែរ។ ៤ មើល! សំពៅក៏ដូច្នេះដែរ វាជារបស់ធំណាស់ ហើយក៏ត្រូវរុញច្រានដោយខ្យល់ដែលបក់បោកយ៉ាងខ្លាំង ប៉ុន្តែអ្នកបើកសំពៅធ្វើឲ្យវាទៅកន្លែងណាក៏បានតាមចិត្តគាត់ចង់ ដោយប្រើចង្កូតតូចមួយ។
៥ ដូចគ្នាដែរ អណ្ដាតជាសរីរាង្គដ៏តូចមួយ តែវាអួតខ្លាំងណាស់។ មើល! គ្រាន់តែអណ្ដាតភ្លើងដ៏តូចមួយធ្វើឲ្យព្រៃធំឆេះ! ៦ ឯអណ្ដាតជាភ្លើង។ អណ្ដាតជាសរីរាង្គរូបកាយយើង ដែលពេញទៅដោយភាពមិនសុចរិត ព្រោះវាធ្វើឲ្យរូបកាយទាំងមូលប្រឡាក់ ហើយអាចបំផ្លាញជីវិតរបស់មនុស្ស ហើយដូចជ្រលងភ្នំហ៊ីណុំ* វានាំឲ្យវិនាស។ ៧ ព្រោះសត្វព្រៃ សត្វស្លាប សត្វលូនវារ និងសត្វសមុទ្រគ្រប់ពូជអាចផ្សាំងបាន ក៏បានត្រូវមនុស្សជាតិផ្សាំងហើយដែរ។ ៨ តែអណ្ដាតវិញ គ្មានមនុស្សណាម្នាក់អាចផ្សាំងបានទេ។ វាជារបស់មួយដែលធ្វើឲ្យអន្តរាយ ក៏ពោរពេញទៅដោយពិសពុលដែលនាំឲ្យស្លាប់។ ៩ យើងប្រើអណ្ដាតដើម្បីសរសើរព្រះយេហូវ៉ា ដែលជាបិតារបស់យើង តែយើងក៏ប្រើអណ្ដាតដើម្បីដាក់បណ្ដាសាមនុស្សជាតិដែលកើតមក«មានភាពដូចព្រះ»។ ១០ មានសេចក្ដីសរសើរនិងបណ្ដាសាចេញពីមាត់តែមួយ។
បងប្អូនខ្ញុំអើយ មិនគួរឲ្យការនោះកើតឡើងដូច្នេះតទៅទៀតទេ។ ១១ ទឹកភ្លាវនិងទឹកសាបមិនផុសចេញពីរន្ធទឹកតែមួយទេ មែនទេ? ១២ បងប្អូនខ្ញុំអើយ ដើមល្វាតូចមិនអាចបង្កើតផលជាផ្លែអូលីវទេ ហើយវល្លិទំពាំងបាយជូរក៏មិនអាចបង្កើតផលជាផ្លែល្វាតូចដែរ មែនទេ? ហើយទឹកប្រៃនិងទឹកសាបក៏មិនអាចផុសចេញពីរន្ធទឹកតែមួយបានដែរ។
១៣ ក្នុងចំណោមអ្នករាល់គ្នា តើអ្នកណាមានប្រាជ្ញានិងការយល់ដឹង? អ្នកនោះត្រូវមានការប្រព្រឹត្តដ៏ល្អប្រសើរដែលបង្ហាញថាគាត់ធ្វើអ្វីៗទាំងអស់ដោយចិត្តស្លូតបូតដែលមកពីប្រាជ្ញា។ ១៤ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមានចិត្តច្រណែនជូរចត់និងមានចិត្តចង់បង្កទំនាស់ នោះកុំអួតអាងហើយកុហកទាស់នឹងសេចក្ដីពិត។ ១៥ ការនោះមិនមែនជាប្រាជ្ញាដែលមកពីស្ថានលើទេ តែជាប្រាជ្ញាដែលមកពីពិភពលោកនេះ ក៏ដូចតិរច្ឆាន និងដូចពួកវិញ្ញាណកំណាច។ ១៦ ព្រោះកន្លែងណាមានចិត្តច្រណែននិងចិត្តចង់បង្កទំនាស់ កន្លែងនោះមានភាពច្របូកច្របល់ ហើយមានអំពើអាក្រក់គ្រប់យ៉ាង។
១៧ ប៉ុន្តែប្រាជ្ញាពីស្ថានលើវិញ ដំបូងបង្អស់គឺបរិសុទ្ធ រួចធ្វើឲ្យមានសន្ដិភាព សមហេតុផល រង់ចាំធ្វើតាមបង្គាប់ ពោរពេញទៅដោយសេចក្ដីមេត្ដាករុណានិងផលល្អ មិនលម្អៀង* ហើយគ្មានពុតត្បុត។ ១៨ ម្យ៉ាងទៀត សេចក្ដីសុចរិតជាផលដែលត្រូវសាបព្រោះក្នុងស្ថានភាពដែលមានសន្ដិភាព ដើម្បីជាប្រយោជន៍ដល់ពួកអ្នកដែលធ្វើឲ្យមានសន្ដិភាព។