យ៉ូហានទី១
៤ បងប្អូនជាទីស្រឡាញ់អើយ! កុំជឿគ្រប់ទាំងបណ្ដាំ* ដែលហាក់ដូចជាមកពីព្រះឡើយ។ ប៉ុន្តែ ចូរពិសោធមើលថា តើបណ្ដាំនោះមកពីព្រះឬមិនមែន ពីព្រោះក្នុងពិភពលោកនេះ មានអ្នកប្រកាសទំនាយមិនពិតជាច្រើនដែលបានលេចមក។
២ អ្នកអាចសម្គាល់បណ្ដាំដែលមកពីព្រះដោយសេចក្ដីនេះឯង គឺបណ្ដាំណាដែលបញ្ជាក់ថា លោកយេស៊ូគ្រិស្តធ្លាប់បានមកកើតជាមនុស្ស បណ្ដាំនោះមកពីព្រះ។ ៣ ក៏ប៉ុន្តែ បណ្ដាំណាដែលមិនបញ្ជាក់ដូច្នេះអំពីលោកយេស៊ូ បណ្ដាំនោះមិនមែនមកពីព្រះទេ។ ម្យ៉ាងទៀត បណ្ដាំនោះមកពីសត្រូវរបស់គ្រិស្ត និងជាបណ្ដាំដែលអ្នកបានឮថានឹងមកដល់។ ឥឡូវនេះបណ្ដាំនោះនៅក្នុងពិភពលោកហើយ។
៤ កូនៗអើយ! អ្នករាល់គ្នាមកពីព្រះ ហើយអ្នកបានឈ្នះអ្នកទាំងនោះ ពីព្រោះលោកដែលគាំទ្រអ្នករាល់គ្នាគឺធំជាងអ្នកដែលគាំទ្រពិភពលោកនេះ។ ៥ ពួកគេមកពីពិភពលោកនេះ។ ដូច្នេះអ្វីដែលពួកគេនិយាយក៏មកពីពិភពលោកនេះដែរ ហើយពិភពលោកនេះស្ដាប់ពួកគេ។ ៦ យើងមកពីព្រះ។ អ្នកណាដែលមានចំណេះអំពីព្រះ អ្នកនោះស្ដាប់យើង។ អ្នកណាដែលមិនមែនមកពីព្រះ អ្នកនោះមិនស្ដាប់យើងទេ។ គឺយ៉ាងនេះហើយដែលយើងអាចសម្គាល់បណ្ដាំដែលពិតនិងបណ្ដាំបោកបញ្ឆោតបាន។
៧ បងប្អូនជាទីស្រឡាញ់អើយ! យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ពីព្រោះសេចក្ដីស្រឡាញ់គឺមកពីព្រះ ហើយអ្នកណាដែលបង្ហាញសេចក្ដីស្រឡាញ់ អ្នកនោះកើតមកពីព្រះ ថែមទាំងមានចំណេះអំពីព្រះ។ ៨ អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ពីព្រោះព្រះគឺជាសេចក្ដីស្រឡាញ់។ ៩ សេចក្ដីស្រឡាញ់របស់ព្រះបានត្រូវសម្ដែងចំពោះយើង ពីព្រោះព្រះបានចាត់បុត្រតែមួយ* របស់លោកឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ។ ១០ សេចក្ដីស្រឡាញ់នៅត្រង់កន្លែងនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះ តែគឺលោកដែលបានស្រឡាញ់យើង ដោយចាត់បុត្ររបស់លោក ឲ្យធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ។
១១ បងប្អូនជាទីស្រឡាញ់អើយ! ប្រសិនបើព្រះបានស្រឡាញ់យើងយ៉ាងនេះ យើងទាំងអស់គ្នាក៏មានកាតព្វកិច្ចស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ១២ គ្មានអ្នកណាធ្លាប់ឃើញព្រះសោះឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច នោះព្រះនៅជាមួយនឹងយើង ហើយសេចក្ដីស្រឡាញ់របស់លោកនៅក្នុងយើងបានពេញលក្ខណៈ។ ១៣ យើងដឹងថាយើងកំពុងរួបរួមជាមួយនឹងលោក ហើយលោករួបរួមជាមួយនឹងយើង ដោយសារសេចក្ដីនេះឯង ពោលគឺលោកបានឲ្យសកម្មពល* របស់លោកមកយើង។ ១៤ បន្ថែមទៅទៀត យើងបានឃើញដោយផ្ទាល់ហើយកំពុងបញ្ជាក់ថា បិតាដែលនៅស្ថានសួគ៌បានចាត់បុត្ររបស់លោកឲ្យមកសង្គ្រោះពិភពលោក។ ១៥ អ្នកណាដែលប្រកាសដោយជំនឿថា លោកយេស៊ូគ្រិស្តជាបុត្រព្រះ អ្នកនោះរួបរួមជាមួយនឹងព្រះ ហើយព្រះក៏រួបរួមជាមួយនឹងអ្នកនោះដែរ។ ១៦ ម្យ៉ាងទៀត យើងបានស្គាល់ ហើយបានជឿសេចក្ដីស្រឡាញ់ដែលព្រះមានចំពោះយើង។
ព្រះគឺជាសេចក្ដីស្រឡាញ់។ អ្នកណាដែលស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះនៅរួបរួមជាមួយនឹងព្រះ ហើយព្រះនៅរួបរួមជាមួយនឹងអ្នកនោះ។ ១៧ គឺយ៉ាងនេះហើយដែលយើងមានសេចក្ដីស្រឡាញ់ពេញលក្ខណៈ ដើម្បីឲ្យយើងអាចនិយាយដោយក្លាហាននៅថ្ងៃវិនិច្ឆ័យសេចក្ដី ពីព្រោះលោកយេស៊ូគ្រិស្តគឺយ៉ាងណា យើងក៏ដូចលោកយ៉ាងនោះដែរ នៅក្នុងពិភពលោកនេះ។ ១៨ គ្មានការភ័យខ្លាចនៅក្នុងសេចក្ដីស្រឡាញ់ទេ។ ប៉ុន្តែ សេចក្ដីស្រឡាញ់ដែលពេញលក្ខណៈបំបាត់ការភ័យខ្លាច ពីព្រោះការភ័យខ្លាចតែងតែរារាំង។ អ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់មានសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈឡើយ។ ១៩ ចំណែកយើងវិញ យើងបង្ហាញសេចក្ដីស្រឡាញ់ ពីព្រោះព្រះបានស្រឡាញ់យើងជាមុន។
២០ បើអ្នកណានិយាយថា«ខ្ញុំស្រឡាញ់ព្រះ» តែស្អប់បងប្អូនខ្លួន អ្នកនោះនិយាយកុហក ព្រោះថាអ្នកណាដែលមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ អ្នកនោះមិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញឡើយ។ ២១ នេះជាបញ្ញត្ដិដែលយើងបានទទួលពីលោកគឺថា អ្នកណាដែលស្រឡាញ់ព្រះ ក៏ត្រូវស្រឡាញ់បងប្អូនខ្លួនដែរ។