ម៉ាថាយ
១៨ នៅវេលានោះ អ្នកកាន់តាមលោកយេស៊ូ បានមកឯលោកហើយសួរថា៖ «តើអ្នកណាធំជាងគេក្នុងរាជាណាចក្រស្ថានសួគ៌?»។ ២ ដូច្នេះ លោកបានហៅកូនក្មេងម្នាក់មក ហើយឲ្យឈរនៅកណ្ដាលចំណោមពួកគាត់ ៣ រួចមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នករាល់គ្នាមិនកែខ្លួនឲ្យដូចជាកូនក្មេង នោះអ្នកនឹងមិនចូលទៅក្នុងរាជាណាចក្រស្ថានសួគ៌ឡើយ។ ៤ ដូច្នេះ អ្នកណាដែលបណ្ដុះឲ្យមានចិត្តរាបទាបដូចកូនក្មេងនេះ អ្នកនោះគឺធំជាងគេក្នុងរាជាណាចក្រស្ថានសួគ៌ ៥ ហើយអ្នកណាដែលទទួលស្វាគមន៍ក្មេងម្នាក់បែបនេះ ដោយសារឈ្មោះខ្ញុំ អ្នកនោះក៏ទទួលស្វាគមន៍ខ្ញុំដែរ។ ៦ ក៏ប៉ុន្តែ អ្នកណាដែលបណ្ដាលឲ្យអ្នកតូចបែបនេះដែលមានជំនឿលើខ្ញុំជំពប់ដួល* គឺមានប្រយោជន៍ជាងចំពោះអ្នកនោះបើយកថ្មត្បាល់កិនយ៉ាងធំមួយមកចងជាប់ករបស់គាត់ ហើយយកទៅចោលកណ្ដាលសមុទ្រ។
៧ «ពិភពលោកនេះនឹងត្រូវវេទនាណាស់ ដោយសារឧបសគ្គដែលនាំឲ្យជំពប់ដួល! ឧបសគ្គទាំងនោះត្រូវតែមកដល់មែន ប៉ុន្តែអ្នកណាដែលដាក់ឧបសគ្គដែលនាំឲ្យជំពប់ដួល អ្នកនោះត្រូវវេទនាណាស់! ៨ ដូច្នេះ ប្រសិនបើដៃម្ខាងឬជើងម្ខាងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ។ បើអ្នកពិការឬខ្វិន តែទទួលជីវិត គឺប្រសើរជាងមានដៃទាំងពីរ ឬជើងទាំងពីរ ហើយត្រូវបោះទៅក្នុងភ្លើងដែលឆេះជារៀងរហូត។ ៩ ម្យ៉ាងទៀត ប្រសិនបើភ្នែកម្ខាងរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ។ បើអ្នកមានភ្នែកតែម្ខាង ប៉ុន្តែទទួលជីវិត គឺប្រសើរជាងមានភ្នែកទាំងសងខាង ហើយត្រូវបោះទៅក្នុងជ្រលងភ្នំហ៊ីណុំ។* ១០ ចូរប្រយ័ត្ន កុំឲ្យមើលងាយអ្នកតូចបែបនេះឡើយ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់អ្នកទាំងនោះ ដែលនៅស្ថានសួគ៌តែងតែឃើញមុខបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌។ ១១ * ——
១២ «តើអ្នករាល់គ្នាគិតដូចម្ដេច? បើមានបុរសម្នាក់ដែលមានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់ទៅ គាត់នឹងទុកចៀមកៅសិបប្រាំបួនក្បាលនៅលើភ្នំ រួចទៅស្វែងរកចៀមមួយដែលវង្វេងបាត់នោះ មែនទេ? ១៣ ប្រសិនបើគាត់រកឃើញចៀមនោះមែន ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា គាត់មានអំណរចំពោះចៀមមួយនោះ ខ្លាំងជាងចំពោះចៀមកៅសិបប្រាំបួនក្បាលដែលមិនបានវង្វេងបាត់។ ១៤ ដូចគ្នាដែរ បិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌មិនចង់ឲ្យអ្នកតូចណាម្នាក់បែបនេះវិនាសឡើយ។
១៥ «ម្យ៉ាងទៀត ប្រសិនបើបងប្អូនណាម្នាក់របស់អ្នកធ្វើខុសអ្វីមួយ ចូរទៅជួបគាត់ម្នាក់ឯង ហើយលាតត្រដាងកំហុសរបស់គាត់។ បើគាត់ស្ដាប់អ្នក នោះអ្នកបានបងប្អូននោះមកវិញ។ ១៦ ប៉ុន្តែបើគាត់មិនស្ដាប់អ្នកទេ ចូរយកមនុស្សម្នាក់ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់រឿងទាំងអស់អាចត្រូវទុកជាការពិត ដោយការបញ្ជាក់របស់សាក្សីពីរឬបីនាក់។ ១៧ បើគាត់មិនស្ដាប់ពួកគេទេ ចូរប្រាប់ដល់ក្រុមជំនុំ។ ប្រសិនបើគាត់មិនស្ដាប់ក្រុមជំនុំទៀត នោះចូរចាត់ទុកគាត់ជាជនជាតិដទៃ និងជាអ្នកយកពន្ធ។
១៨ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្វីក៏ដោយដែលអ្នកចងនៅផែនដី នោះជាអ្វីដែលត្រូវបានចងនៅស្ថានសួគ៌ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅផែនដី នោះជាអ្វីដែលត្រូវបានស្រាយនៅស្ថានសួគ៌ដែរ។ ១៩ ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើមានពីរនាក់ក្នុងចំណោមអ្នករាល់គ្នានៅផែនដី ព្រមព្រៀងគ្នាអធិដ្ឋានសុំបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ អំពីរឿងអ្វីក៏ដោយដែលសំខាន់ នោះលោកនឹងសម្រេចការនោះឲ្យពួកគេ។ ២០ ពីព្រោះនៅកន្លែងណាដែលមានពីរឬបីនាក់ជួបជុំគ្នាតាងនាមខ្ញុំ* នោះខ្ញុំក៏នៅក្នុងចំណោមពួកគេដែរ»។
២១ ក្រោយមក ពេត្រុសមកឯលោកហើយសួរថា៖ «លោកម្ចាស់ ពេលបងប្អូនខ្ញុំធ្វើខុសនឹងខ្ញុំ តើខ្ញុំត្រូវអភ័យទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ ២២ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកថា មិនមែនរហូតដល់ប្រាំពីរដងទេ តែរហូតដល់ចិតសិបប្រាំពីរដង។
២៣ «ហេតុនេះហើយ រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្នាក់ជាស្តេច ដែលចង់ឲ្យពួកខ្ញុំបម្រើរបស់លោកសងបំណុល។ ២៤ នៅពេលដែលលោកចាប់ផ្ដើមទារបំណុល នោះគេបាននាំបុរសម្នាក់ដែលជំពាក់លោកមួយម៉ឺនថាលិន* [ស្មើ៦០.០០០.០០០ឌីណារី]* មក។ ២៥ ប៉ុន្តែ ដោយសារបុរសនោះគ្មានលទ្ធភាពសងបំណុល នោះម្ចាស់របស់គាត់បង្គាប់ឲ្យគេលក់គាត់ ប្រពន្ធកូនរបស់គាត់ និងអ្វីៗទាំងអស់ដែលគាត់មាន រួចយកប្រាក់មកសងបំណុល។ ២៦ ដូច្នេះ ខ្ញុំបម្រើនោះបានលុតជង្គង់ក្រាបក្បាលចុះហើយអង្វរថា៖ ‹សូមលោកមេត្ដាពន្យារពេលឲ្យខ្ញុំផង ហើយខ្ញុំនឹងសងលោកឲ្យគ្រប់ចំនួន›។ ២៧ នេះបានធ្វើឲ្យម្ចាស់មានចិត្តក្ដួលអាណិត ហើយលោកបានលែងគាត់ទៅ ដោយឲ្យរួចបំណុល។ ២៨ ប៉ុន្តែខ្ញុំបម្រើនោះបានចេញទៅរកខ្ញុំបម្រើដូចគ្នាម្នាក់ទៀត ដែលជំពាក់គាត់មួយរយឌីណារី លុះឃើញហើយ ក៏បានចាប់គាត់ហើយច្របាច់កដោយប្រាប់ថា៖ ‹សងអ្វីដែលឯងជំពាក់មក!›។ ២៩ ដូច្នេះ ខ្ញុំបម្រើម្នាក់នោះបានលុតជង្គង់ក្រាបក្បាលអង្វរថា៖ ‹សូមមេត្ដាពន្យារពេលឲ្យខ្ញុំផង ហើយខ្ញុំនឹងសងអ្នក›។ ៣០ ប៉ុន្តែគាត់មិនសុខចិត្តទេ ក៏បានចេញទៅឲ្យគេយកអ្នកនោះទៅដាក់គុក រហូតដល់គាត់សងអ្វីដែលបានជំពាក់។ ៣១ ម្ល៉ោះហើយ ពេលដែលខ្ញុំបម្រើដូចគ្នាឯទៀតបានឃើញអ្វីដែលបានកើតឡើង ពួកគេមានទុក្ខព្រួយជាខ្លាំង ក៏បានទៅបញ្ជាក់ប្រាប់ម្ចាស់របស់ពួកគេអំពីអ្វីៗទាំងអស់ដែលបានកើតឡើង។ ៣២ រួចមក ម្ចាស់បានហៅគាត់មកហើយប្រាប់ថា៖ ‹ខ្ញុំបម្រើទុច្ចរិត! ខ្ញុំបានឲ្យអ្នករួចបំណុលដ៏ច្រើននោះ ពេលដែលអ្នកអង្វរខ្ញុំ។ ៣៣ អ្នកគួរមេត្ដាដល់ខ្ញុំបម្រើដូចគ្នា ដូចខ្ញុំធ្លាប់មានចិត្តមេត្ដាដល់អ្នកដែរ មែនទេ?›។ ៣៤ ពេលមានប្រសាសន៍ចប់ហើយ ម្ចាស់បានខឹងយ៉ាងខ្លាំង ក៏បានប្រគល់ខ្ញុំបម្រើនោះទៅឲ្យអ្នកយាមគុក រហូតដល់គាត់សងអ្វីទាំងអស់ដែលបានជំពាក់។ ៣៥ បិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ក៏នឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូច្នេះដែរ ប្រសិនបើអ្នករាល់គ្នាម្នាក់ៗមិនអភ័យទោសឲ្យបងប្អូនខ្លួនស្មោះពីចិត្ត»។