យ៉ូហាន
៧ បន្ទាប់ពីការទាំងនេះ លោកយេស៊ូនៅក្នុងស្រុកកាលីឡេតទៅទៀត ព្រោះលោកមិនចង់ទៅតំបន់យូឌាឡើយ ដោយសារជនជាតិយូដាកំពុងរកឱកាសដើម្បីសម្លាប់លោក។ ២ ក៏ប៉ុន្តែនៅពេលនោះគឺជិតដល់បុណ្យរោងហើយ ជាបុណ្យរបស់ជនជាតិយូដា។ ៣ ដូច្នេះ ប្អូនប្រុសៗរបស់លោកបាននិយាយទៅកាន់លោកថា៖ «សូមចេញពីទីនេះទៅតំបន់យូឌា ដើម្បីឲ្យពួកអ្នកកាន់តាមបងក៏អាចឃើញការដែលបងធ្វើដែរ។ ៤ ព្រោះគ្មានអ្នកណាធ្វើអ្វីដោយសម្ងាត់ទេ ប្រសិនបើអ្នកនោះចង់ឲ្យគេស្គាល់ខ្លួនជាសាធារណៈ។ បើបងធ្វើការទាំងនេះ សូមបង្ហាញខ្លួនឲ្យពិភពលោកទាំងមូលឃើញ»។ ៥ តាមពិត ប្អូនប្រុសៗរបស់លោកមិនជឿលើលោកឡើយ។ ៦ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ពេលកំណត់របស់ខ្ញុំមិនទាន់មកដល់ឡើយ តែសម្រាប់ប្អូនៗវិញ ពេលណាក៏ជាពេលល្អដែរ។ ៧ ពិភពលោកគ្មានហេតុស្អប់ប្អូនៗទេ តែចំណែកខ្ញុំវិញ គេស្អប់ខ្ញុំ ពីព្រោះខ្ញុំបញ្ជាក់ថាការប្រព្រឹត្តរបស់គេគឺទុច្ចរិត។ ៨ សូមប្អូនៗឡើងទៅបុណ្យនោះចុះ។ ខ្ញុំមិនទាន់ឡើងទៅបុណ្យនោះទេ ពីព្រោះពេលកំណត់របស់ខ្ញុំមិនទាន់មកដល់នៅឡើយ»។ ៩ ដូច្នេះ បន្ទាប់ពីលោកមានប្រសាសន៍អ្វីៗទាំងនេះទៅកាន់ពួកគេ លោកក៏នៅស្រុកកាលីឡេតទៅទៀត។
១០ ប៉ុន្តែ ក្រោយពីប្អូនៗរបស់លោកបានឡើងទៅបុណ្យនោះហើយ លោកក៏បានឡើងទៅដែរ មិនមែនដោយបង្ហាញខ្លួនជាសាធារណៈទេ តែដោយសម្ងាត់វិញ។ ១១ ម្ល៉ោះហើយ ជនជាតិយូដាចាប់ផ្ដើមរកមើលលោកនៅបុណ្យនោះ ហើយនិយាយថា៖ «តើបុរសនោះនៅឯណា?» ១២ ហើយបណ្ដាជនចេះតែខ្សឹបខ្សៀវអំពីលោក។ អ្នកខ្លះបាននិយាយថា៖ «បុរសនោះជាមនុស្សល្អ»។ អ្នកខ្លះទៀតបាននិយាយថា៖ «បុរសនោះមិនមែនល្អទេ គាត់បំភាន់បណ្ដាជន»។ ១៣ ប៉ុន្តែគ្មានអ្នកណាហ៊ាននិយាយជាចំហអំពីលោកទេ ពីព្រោះពួកគេខ្លាចជនជាតិយូដា។
១៤ លុះដល់ពាក់កណ្ដាលពិធីបុណ្យនោះ លោកយេស៊ូបានឡើងទៅក្នុងវិហារ រួចចាប់ផ្ដើមបង្រៀន។ ១៥ ម្ល៉ោះហើយ ជនជាតិយូដាក៏តាំងឆ្ងល់ថា៖ «បុរសនេះមិនដែលរៀននៅសាលាសាសនាទេ ចុះហេតុអ្វីបានជាគាត់មានចំណេះដឹងយ៉ាងនេះ?»។ ១៦ លោកយេស៊ូតបទៅពួកគេថា៖ «អ្វីដែលខ្ញុំបង្រៀន មិនមែនជាសេចក្ដីបង្រៀនរបស់ខ្ញុំទេ តែជាសេចក្ដីបង្រៀនរបស់លោកដែលបានចាត់ខ្ញុំឲ្យមក។ ១៧ ប្រសិនបើអ្នកណាចង់ធ្វើតាមបំណងប្រាថ្នារបស់លោក អ្នកនោះនឹងដឹងថានេះជាសេចក្ដីបង្រៀនមកពីព្រះ ឬក៏ជាសេចក្ដីបង្រៀនដែលខ្ញុំនិយាយចេញពីខ្លួនខ្ញុំ។ ១៨ អ្នកណាដែលនិយាយចេញពីខ្លួនឯង អ្នកនោះចង់ឲ្យគេលើកតម្កើងខ្លួន ប៉ុន្តែអ្នកណាដែលចង់ឲ្យគេលើកតម្កើងអ្នកដែលបានចាត់ខ្លួនឲ្យមក គឺអ្នកនោះហើយដែលពិតត្រង់ ហើយគ្មានភាពមិនសុចរិតក្នុងខ្លួនគាត់ឡើយ។ ១៩ ម៉ូសេបានឲ្យច្បាប់* ដល់អ្នករាល់គ្នា មែនទេ? ប៉ុន្តែគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាធ្វើតាមច្បាប់នោះសោះ។ ហេតុអ្វីអ្នករាល់គ្នាខំរកវិធីសម្លាប់ខ្ញុំ?»។ ២០ បណ្ដាជនឆ្លើយថា៖ «អ្នកមានវិញ្ញាណកំណាច* ចូលហើយ។ តើអ្នកណាកំពុងរកវិធីសម្លាប់អ្នក?»។ ២១ លោកយេស៊ូតបទៅពួកគេថា៖ «ខ្ញុំបានធ្វើការតែមួយប៉ុណ្ណោះ ហើយអ្នកទាំងអស់គ្នាកំពុងឆ្ងល់។ ២២ ដូច្នេះ ចូរគិតអំពីរឿងនេះ៖ ម៉ូសេបានឲ្យច្បាប់អំពីការកាត់ចុងស្បែក* មកអ្នករាល់គ្នា (មិនមានន័យថាច្បាប់នោះមកពីម៉ូសេទេ តែមកពីពួកបុព្វបុរសវិញ) ហើយអ្នករាល់គ្នាកាត់ចុងស្បែកឲ្យបុរសម្នាក់នៅថ្ងៃឈប់សម្រាក។ ២៣ ប្រសិនបើបុរសម្នាក់ទទួលការកាត់ចុងស្បែកនៅថ្ងៃឈប់សម្រាកដើម្បីកុំឲ្យបំពានច្បាប់ម៉ូសេ ហេតុដូចម្ដេចបានជាអ្នករាល់គ្នាក្ដៅចិត្តនឹងខ្ញុំ ព្រោះតែខ្ញុំបានធ្វើឲ្យបុរសម្នាក់ជាសះស្បើយនៅថ្ងៃឈប់សម្រាក? ២៤ ឈប់វិនិច្ឆ័យដោយមើលតែសម្បកក្រៅប៉ុណ្ណោះ ប៉ុន្តែចូរវិនិច្ឆ័យដោយសេចក្ដីសុចរិតវិញ»។
២៥ ដូច្នេះ អ្នកក្រុងយេរូសាឡិមខ្លះចាប់ផ្ដើមនិយាយថា៖ «នេះជាបុរសដែលពួកគេកំពុងរកវិធីសម្លាប់ មែនទេ? ២៦ តែមើល! គាត់កំពុងនិយាយជាសាធារណៈ ហើយពួកគេមិនថាអ្វីសោះ។ ប្រហែលជាពួកអ្នកគ្រប់គ្រងដឹងច្បាស់ថាបុរសនេះជាគ្រិស្តទេដឹង? ២៧ ចំណែកយើងវិញ យើងដឹងថាបុរសនេះមកពីណា តែពេលគ្រិស្តមកដល់ គ្មានអ្នកណាអាចដឹងថាលោកមកពីណាឡើយ»។ ២៨ ដូច្នេះ លោកយេស៊ូបានស្រែកឡើងកាលដែលកំពុងបង្រៀនក្នុងវិហារថា៖ «អ្នករាល់គ្នាស្គាល់ខ្ញុំ ក៏ដឹងថាខ្ញុំមកពីណាដែរ។ ម្យ៉ាងទៀត ខ្ញុំមិនមែនមកដោយគំនិតខ្ញុំទេ ប៉ុន្តែមានលោកដែលបានចាត់ខ្ញុំឲ្យមកមែន ហើយអ្នករាល់គ្នាមិនស្គាល់លោកទេ។ ២៩ ខ្ញុំស្គាល់លោក ពីព្រោះខ្ញុំជាតំណាងម្នាក់ដែលមកពីលោក ហើយលោកបានចាត់ខ្ញុំឲ្យមក»។ ៣០ ដូច្នេះ ពួកគេចាប់ផ្ដើមរកចាប់លោក ប៉ុន្តែគ្មានអ្នកណាបានប៉ះពាល់លោកឡើយ ពីព្រោះពេលរបស់លោកមិនទាន់មកដល់។ ៣១ ទោះជាយ៉ាងនោះក៏ដោយ មានមនុស្សជាច្រើនក្នុងចំណោមបណ្ដាជនចាប់ផ្ដើមជឿលើលោក ហើយពួកគេបាននិយាយថា៖ «នៅពេលដែលគ្រិស្តមកដល់ លោកនឹងមិនធ្វើសញ្ញាសម្គាល់ច្រើនជាងបុរសនេះទេ មែនទេ?»។
៣២ ពួកផារិស៊ីបានឮបណ្ដាជនកំពុងខ្សឹបខ្សៀវរឿងទាំងនេះអំពីលោក រួចពួកសង្ឃនាយកនិងពួកផារិស៊ីក៏ចាត់ពួកអាជ្ញាធរឲ្យទៅចាប់លោក។ ៣៣ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាបន្ដិចទៀត មុនខ្ញុំទៅឯលោកដែលបានចាត់ខ្ញុំឲ្យមក។ ៣៤ អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញឡើយ ហើយកន្លែងដែលខ្ញុំនឹងនៅ អ្នករាល់គ្នាមកមិនបានទេ»។ ៣៥ ម្ល៉ោះហើយ ជនជាតិយូដាចាប់ផ្ដើមនិយាយគ្នាថា៖ «តើបុរសនេះបម្រុងនឹងទៅកន្លែងណាបានជាគាត់និយាយថា យើងនឹងរកគាត់មិនឃើញឡើយ? តើគាត់បម្រុងនឹងទៅឯជនជាតិយូដាដែលនៅខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិច ហើយបង្រៀនជនជាតិក្រិចដែរឬ? ៣៦ តើមានន័យដូចម្ដេចពេលគាត់និយាយថា៖ ‹អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញឡើយ ហើយកន្លែងដែលខ្ញុំនឹងនៅ អ្នករាល់គ្នាមកមិនបានទេ›?»។
៣៧ នៅថ្ងៃចុងក្រោយ ពោលគឺថ្ងៃអធិកអធមបំផុតនៃបុណ្យនោះ លោកយេស៊ូបានឈរហើយស្រែកឡើងថា៖ «ប្រសិនបើមានអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំហើយផឹកចុះ។ ៣៨ បើអ្នកណាជឿលើខ្ញុំ នោះ‹ទឹកដែលផ្ដល់ជីវិតនឹងហូរចេញពីក្នុងខ្លួនអ្នកនោះ› ដូចបទគម្ពីរបានចែង»។ ៣៩ ក៏ប៉ុន្តែ លោកមានប្រសាសន៍ដូច្នេះសំដៅទៅលើសកម្មពល* របស់ព្រះដែលអស់អ្នកដែលជឿលើលោកហៀបនឹងទទួល ព្រោះនៅពេលនោះពួកគេមិនទាន់ទទួលសកម្មពលរបស់ព្រះទេ ដោយសារលោកយេស៊ូមិនទាន់ទទួលសិរីរុងរឿងនៅឡើយ។ ៤០ ដូច្នេះ អ្នកខ្លះក្នុងបណ្ដាជនដែលបានឮពាក្យទាំងនេះ ក៏ចាប់ផ្ដើមនិយាយថា៖ «បុរសនេះប្រាកដជាអ្នកប្រកាសទំនាយដែលបានត្រូវទាយទុក»។ ៤១ អ្នកខ្លះទៀតបាននិយាយថា៖ «បុរសនេះជាគ្រិស្ត»។ ប៉ុន្តែមានអ្នកខ្លះនិយាយថា៖ «គ្រិស្តមិនមែនចេញមកពីស្រុកកាលីឡេទេ មែនទេ? ៤២ តើបទគម្ពីរមិនចែងទេឬថា គ្រិស្តនឹងមកពីកូនចៅរបស់ដាវីឌ ហើយពីភូមិបេថ្លេហិម ជាភូមិដែលដាវីឌធ្លាប់នៅ?»។ ៤៣ ហេតុនេះហើយ បណ្ដាជនបានបែកបាក់គ្នាដោយសារលោក។ ៤៤ ប៉ុន្តែពួកគេខ្លះចង់ចាប់លោក តែគ្មានអ្នកណាបានប៉ះពាល់លោកឡើយ។
៤៥ ដូច្នេះ ពួកអាជ្ញាធរបានត្រឡប់ទៅឯពួកសង្ឃនាយកនិងពួកផារិស៊ីវិញ ហើយពួកផារិស៊ីបានសួរពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិននាំខ្លួនគាត់មក?»។ ៤៦ ពួកអាជ្ញាធរតបឆ្លើយថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ ៤៧ ពួកផារិស៊ីតបថា៖ «តើអ្នករាល់គ្នាបានត្រូវបំភាន់ដែរឬ? ៤៨ តើមានអ្នកគ្រប់គ្រងឬផារិស៊ីណាម្នាក់ជឿលើគាត់ទេ? ៤៩ ប៉ុន្តែបណ្ដាជននេះដែលមិនស្គាល់ច្បាប់ ជាពួកមនុស្សដែលត្រូវបណ្ដាសា»។ ៥០ នីកូដេម ដែលបានទៅឯលោកពីមុន ហើយជាម្នាក់ក្នុងចំណោមពួកផារិស៊ី បាននិយាយទៅកាន់ពួកគេថា៖ ៥១ «ច្បាប់របស់យើងមិនវិនិច្ឆ័យអ្នកណា ទាល់តែបានឮពីអ្នកនោះជាមុនសិន ហើយដឹងថាគាត់កំពុងធ្វើអ្វី មែនទេ?»។ ៥២ ពួកគេតបថា៖ «តើអ្នកមកពីស្រុកកាលីឡេដែរឬ? ចូរពិនិត្យមើលបទគម្ពីរទៅ ហើយអ្នកនឹងឃើញថាគ្មានអ្នកប្រកាសទំនាយណាម្នាក់ចេញពីស្រុកកាលីឡេមកទេ»។
ខ៥៣ ដល់ជំពូកទី៨ ខ១១ មិនមានក្នុងឯកសារបីដ៏សំខាន់ទេ។ (ឯកសារភាសាក្រិចនិងសេចក្ដីបកប្រែផ្សេងៗមានភាពខុសគ្នាបន្ដិចបន្តួច) ខទាំងនោះចែងដូចតទៅនេះ៖
៥៣ ដូច្នេះ ពួកគេបានទៅផ្ទះរៀងៗខ្លួន។