លូកា
១១ មានគ្រាមួយ លោកកំពុងអធិដ្ឋាននៅកន្លែងមួយ។ លុះអធិដ្ឋានចប់ហើយ អ្នកកាន់តាមម្នាក់របស់លោកបានសុំថា៖ «លោកម្ចាស់ សូមបង្រៀនយើងឲ្យចេះអធិដ្ឋាន ដូចយ៉ូហានក៏បានបង្រៀនពួកអ្នកកាន់តាមគាត់ឲ្យចេះអធិដ្ឋានដែរ»។
២ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ពេលណាដែលអ្នកអធិដ្ឋាន ចូរពោលថា៖ ‹បិតាអើយ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។ សូមឲ្យរាជាណាចក្ររបស់លោកមកដល់។ ៣ សូមផ្ដល់អាហារ* ឲ្យយើងសម្រាប់ថ្ងៃនេះ តាមសេចក្ដីត្រូវការរបស់យើងនៅថ្ងៃនេះ ៤ ហើយសូមអភ័យទោសចំពោះការខុសឆ្គងរបស់យើង ព្រោះយើងក៏អភ័យទោសដល់អស់អ្នកណាដែលបានធ្វើខុសនឹងយើងដែរ។* សូមកុំឲ្យយើងចាញ់សេចក្ដីល្បួងឡើយ›»។
៥ លោកមានប្រសាសន៍ទៅពួកគាត់តទៅទៀតថា៖ «ឧបមាថា អ្នកមានមិត្តភក្ដិម្នាក់ ហើយអ្នកទៅរកគាត់កណ្ដាលអធ្រាត្រ រួចនិយាយថា៖ ‹សម្លាញ់អើយ! សូមឲ្យខ្ញុំខ្ចីនំប៉័ងបីដុំសិន ៦ ព្រោះខ្ញុំមានមិត្តភក្ដិម្នាក់ទើបតែមកដល់ គាត់ធ្វើដំណើរពីឆ្ងាយមក ហើយខ្ញុំគ្មានអ្វីទទួលគាត់សោះ›។ ៧ រួចមិត្តភក្ដិរបស់អ្នកតបពីក្នុងផ្ទះថា៖ ‹ឈប់រំខានខ្ញុំ ព្រោះទ្វារចាក់សោហើយ ឯកូនតូចៗរបស់ខ្ញុំកំពុងដេកនៅគ្រែជាមួយនឹងខ្ញុំដែរ។ ខ្ញុំមិនអាចក្រោកឡើងយកអ្វីទៅឲ្យអ្នកបានទេ›។ ៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ប្រាកដជានឹងក្រោកឡើង ហើយឲ្យអ្វីដែលមិត្តភក្ដិរបស់គាត់ត្រូវការ មិនមែនដោយសារអ្នកនោះជាមិត្តភក្ដិទេ តែដោយសារអ្នកនោះទទូចសុំឥតខ្លាចចិត្ត។ ៩ ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសុំឥតឈប់ នោះអ្នកនឹងទទួល ចូររកឥតឈប់ នោះអ្នកនឹងរកឃើញ ចូរគោះទ្វារឥតឈប់ នោះទ្វារនឹងត្រូវបើកឲ្យ។ ១០ ព្រោះអស់អ្នកដែលសុំនឹងទទួល ហើយអស់អ្នកដែលរក នឹងរកឃើញ ហើយចំពោះអស់អ្នកដែលគោះ ទ្វារនឹងត្រូវបើកឲ្យ។ ១១ ក្នុងចំណោមអ្នករាល់គ្នាជាឪពុក បើកូនសុំត្រី តើមានអ្នកណាម្នាក់នឹងឲ្យសត្វពស់មួយទៅកូន ជាជាងឲ្យត្រីមួយទេ? ១២ ឬបើកូនសុំស៊ុតមួយ តើនឹងឲ្យខ្ទួយមួយទៅកូនទេ? ១៣ ដូច្នេះ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សទុច្ចរិត ចេះឲ្យរបស់ល្អដល់កូន ទម្រាំតែបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ លោកប្រាកដជានឹងផ្ដល់សកម្មពល* បរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោកយ៉ាងណាទៅ!»។
១៤ ក្រោយមក លោកបានបណ្ដេញវិញ្ញាណកំណាចដែលធ្វើឲ្យបុរសម្នាក់គ។ លុះវិញ្ញាណកំណាចចេញពីបុរសនោះហើយ គាត់ចាប់ផ្ដើមនិយាយ ហើយបណ្ដាជនតាំងនឹកអស្ចារ្យក្នុងចិត្ត។ ១៥ ប៉ុន្តែអ្នកខ្លះក្នុងចំណោមពួកគេបាននិយាយថា៖ «បុរសនេះបណ្ដេញវិញ្ញាណកំណាច ដោយសារបេលសេប៊ូល* ដែលជាអ្នកគ្រប់គ្រងវិញ្ញាណកំណាចទេ»។ ១៦ រីឯអ្នកខ្លះទៀតបានល្បងលលោក ដោយសុំលោកសម្ដែងនូវសញ្ញាសម្គាល់មួយពីលើមេឃ។ ១៧ លោកជ្រាបអំពីគំនិតរបស់ពួកគេ ក៏មានប្រសាសន៍ថា៖ «រាជាណាចក្រណាដែលបែកបាក់ទាស់ប្រឆាំងគ្នា នឹងវិនាសទៅ ហើយផ្ទះណាដែលបែកបាក់ទាស់ប្រឆាំងគ្នានឹងរលំ។ ១៨ ដូច្នេះ បើសាថាន* បានបែកបាក់ទាស់ប្រឆាំងខ្លួនឯងហើយ តើរាជាណាចក្ររបស់សាថានអាចស្ថិតស្ថេរដូចម្ដេចបាន? ព្រោះអ្នករាល់គ្នានិយាយថាខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយសារបេលសេប៊ូល។ ១៩ បើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយសារបេលសេប៊ូល ចុះតើអ្នកកាន់តាមអ្នករាល់គ្នាបណ្ដេញវិញ្ញាណកំណាចដោយសារអ្នកណាវិញ? ហេតុនេះហើយបានជាពួកគេនឹងវិនិច្ឆ័យអ្នករាល់គ្នា។ ២០ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបណ្ដេញវិញ្ញាណកំណាចដោយម្រាមដៃរបស់ព្រះវិញ នោះមានន័យថារាជាណាចក្ររបស់ព្រះបានមកដល់ដោយអ្នកមិនដឹងខ្លួន។ ២១ ពេលបុរសខ្លាំងពូកែម្នាក់ប្រដាប់អាវុធសព្វគ្រប់ យាមផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្ដិរបស់គាត់នៅគង់វង្ស។ ២២ ប៉ុន្តែពេលអ្នកដែលខ្លាំងជាងមកច្បាំងឈ្នះគាត់ អ្នកនោះក៏ដកហូតអាវុធទាំងអស់ដែលគាត់បានទុកចិត្ត ហើយទ្រព្យសម្បត្ដិដែលអ្នកនោះបានរឹបអូសពីគាត់ អ្នកនោះក៏ចែករំលែកដល់អ្នកដទៃ។ ២៣ អ្នកណាដែលមិនគាំទ្រខាងខ្ញុំ អ្នកនោះប្រឆាំងខ្ញុំវិញ ហើយអ្នកណាដែលមិនប្រមូលមនុស្សជាមួយនឹងខ្ញុំ អ្នកនោះធ្វើឲ្យមនុស្សខ្ចាត់ខ្ចាយវិញ។
២៤ «នៅពេលដែលវិញ្ញាណ* អសោចចេញពីមនុស្សម្នាក់ វាឆ្លងកាត់ទីហួតហែង ដើម្បីរកកន្លែងសម្រាក ហើយរកមិនឃើញឡើយ។ រួចមក វានិយាយថា៖ ‹ខ្ញុំនឹងត្រឡប់ទៅផ្ទះរបស់ខ្ញុំ ដែលខ្ញុំទើបនឹងចេញ›។ ២៥ លុះទៅដល់ហើយ ឃើញថាផ្ទះនោះបានត្រូវបោសស្អាត និងតុបតែងយ៉ាងល្អ។ ២៦ ក្រោយមក វាចេញទៅនាំវិញ្ញាណប្រាំពីរទៀត ដែលទុច្ចរិតជាងវាចូលទៅក្នុង។ ពេលចូលទៅក្នុងហើយ ពួកវាអាស្រ័យនៅទីនោះ ហើយស្ថានភាពចុងក្រោយរបស់អ្នកនោះគឺអាក្រក់ជាងមុន»។
២៧ កាលដែលលោកកំពុងពោលពាក្យទាំងនេះ ស្ត្រីម្នាក់បន្លឺសំឡេងពីក្នុងចំណោមបណ្ដាជនជម្រាបលោកថា៖ «ស្ត្រីដែលបានរក្សាលោកក្នុងផ្ទៃ ហើយបំបៅលោក មានសុភមង្គលហើយ!»។ ២៨ ប៉ុន្តែលោកមានប្រសាសន៍ថា៖ «ទេ! គឺអស់អ្នកដែលឮបណ្ដាំរបស់ព្រះហើយធ្វើតាម ទើបមានសុភមង្គល!»។
២៩ ពេលដែលបណ្ដាជនកំពុងមូលគ្នា លោកមានប្រសាសន៍ថា៖ «មនុស្សជំនាន់នេះជាជំនាន់ទុច្ចរិត ព្រោះចេះតែរកមើលសញ្ញាសម្គាល់។ ប៉ុន្តែគ្មានសញ្ញាសម្គាល់ណានឹងត្រូវសម្ដែងឲ្យពួកគេឃើញឡើយ ក្រៅពីសញ្ញាសម្គាល់នៃយ៉ូណាស។ ៣០ ព្រោះដូចយ៉ូណាសបានធ្វើជាសញ្ញាសម្គាល់ដល់អ្នកក្រុងនីនីវេនោះ កូនមនុស្សក៏នឹងធ្វើជាសញ្ញាសម្គាល់ដល់មនុស្សជំនាន់នេះដែរ។ ៣១ នៅថ្ងៃវិនិច្ឆ័យសេចក្ដី មហាក្សត្រីនៃភាគខាងត្បូងនឹងរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយនឹងផ្ដន្ទាទោសពួកគេដែរ ពីព្រោះមហាក្សត្រីនោះបានមកពីចុងផែនដីដើម្បីស្ដាប់សម្ដីប្រកបដោយប្រាជ្ញារបស់សាឡូម៉ូន ប៉ុន្តែមើល! អ្នកដែលធំជាងសាឡូម៉ូននៅទីនេះហើយ។ ៣២ នៅថ្ងៃវិនិច្ឆ័យសេចក្ដី មនុស្សពីក្រុងនីនីវេនឹងរស់ឡើងវិញជាមួយនឹងមនុស្សជំនាន់នេះ ហើយនឹងផ្ដន្ទាទោសពួកគេ ពីព្រោះអ្នកក្រុងនោះបានប្រែចិត្តពេលស្ដាប់អ្វីដែលយ៉ូណាសផ្សព្វផ្សាយ ប៉ុន្តែមើល! អ្នកដែលធំជាងយ៉ូណាសនៅទីនេះហើយ។ ៣៣ ក្រោយពីអុជចង្កៀង គេមិនដែលដាក់ក្នុងបន្ទប់ក្រោមដី ឬក្រោមប្រដាប់វាល់ស្រូវឡើយ តែគេដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអ្នកដែលចូលមកអាចឃើញពន្លឺបាន។ ៣៤ ភ្នែករបស់អ្នកជាចង្កៀងនៃរូបកាយ។ ពេលភ្នែករបស់អ្នកមើលរបស់តែមួយ* នោះរូបកាយទាំងមូលរបស់អ្នកក៏ភ្លឺ។ ប៉ុន្តែ បើភ្នែករបស់អ្នកសម្លឹងមើលអ្វីដែលទុច្ចរិត* នោះរូបកាយទាំងមូលរបស់អ្នកនឹងងងឹតវិញ។ ៣៥ ដូច្នេះ ចូរប្រុងប្រយ័ត្ន ក្រែងពន្លឺដែលនៅក្នុងអ្នក គឺជាសេចក្ដីងងឹតវិញ។ ៣៦ ម្ល៉ោះហើយ បើរូបកាយទាំងមូលរបស់អ្នកភ្លឺ ដោយគ្មានកន្លែងណាងងឹតសោះ នោះរូបកាយទាំងមូលនឹងបានភ្លឺ ដូចពេលដែលចង្កៀងបំភ្លឺអ្នកដែរ»។
៣៧ លុះមានប្រសាសន៍ចប់ហើយ ផារិស៊ីម្នាក់បានសុំលោកមកពិសាអាហារជាមួយនឹងគាត់។ ដូច្នេះ លោកបានចូលទៅអង្គុយនៅតុ។ ៣៨ ក៏ប៉ុន្តែ ផារិស៊ីនោះបានភ្ញាក់ផ្អើលពេលឃើញថាលោកមិនបានលាងដៃ* មុនពិសាអាហារ។ ៣៩ ប៉ុន្តែលោកម្ចាស់យេស៊ូបានមានប្រសាសន៍ទៅគាត់ថា៖ «អ្នករាល់គ្នា ជាពួកផារិស៊ី អ្នកលាងខាងក្រៅពែងនិងចាន តែខាងក្នុងចិត្តអ្នករាល់គ្នាវិញ អ្នកចង់តែប្លន់និងធ្វើអំពើទុច្ចរិត។ ៤០ មនុស្សឥតវិចារណញ្ញាណ! លោកដែលបានបង្កើតខាងក្រៅ ក៏បានបង្កើតខាងក្នុងដែរ មែនទេ? ៤១ ទោះជាយ៉ាងនោះក៏ដោយ ចូរធ្វើទានដោយឲ្យអ្វីៗខាងក្នុងចិត្តវិញ ហើយមើល! អ្វីៗទាំងអស់ទៀតរបស់អ្នកក៏នឹងស្អាតបរិសុទ្ធដែរ។ ៤២ ក៏ប៉ុន្តែអ្នករាល់គ្នាជាពួកផារិស៊ី អ្នកនឹងត្រូវវេទនា! ពីព្រោះអ្នករាល់គ្នាឲ្យមួយភាគដប់ពីជីអង្កាម ប៉េកាណុន* និងបន្លែឯទៀត តែអ្នករំលងយុត្ដិធម៌និងសេចក្ដីស្រឡាញ់ចំពោះព្រះ! អ្នកមានកាតព្វកិច្ចធ្វើអ្វីៗទាំងនោះ តែរឿងផ្សេងទៀត មិនត្រូវលះចោលឡើយ។ ៤៣ អ្នករាល់គ្នាជាពួកផារិស៊ី អ្នកនឹងត្រូវវេទនា! ពីព្រោះអ្នកចូលចិត្តអង្គុយកន្លែងនៅខាងមុខក្នុងសាលាប្រជុំ ហើយចង់ឲ្យមនុស្សជម្រាបសួរ សម្ដែងការគោរពនៅផ្សារ! ៤៤ អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកដូចជាទីបញ្ចុះសពដែលគេមើលមិនឃើញ ហើយដើរជាន់ដោយមិនដឹងខ្លួន!»។
៤៥ អ្នកចេះច្បាប់* ស្ទាត់ម្នាក់បានជម្រាបលោកថា៖ «លោកគ្រូមានប្រសាសន៍ដូច្នេះ បានសេចក្ដីថាលោកដៀលត្មះយើងខ្ញុំដែរ»។ ៤៦ រួចលោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នា ជាអ្នកចេះច្បាប់ស្ទាត់ អ្នកនឹងត្រូវវេទនា! ពីព្រោះបន្ទុកដែលអ្នកដាក់លើមនុស្ស គឺជាបន្ទុកដែលពិបាករែកពុន ប៉ុន្តែអ្នកមិនសុខចិត្តយកម្រាមដៃមកពាល់បន្ទុកនោះបន្ដិចសោះ!
៤៧ «អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកធ្វើទីបញ្ចុះសពរបស់ពួកអ្នកប្រកាសទំនាយ តែបុព្វបុរសរបស់អ្នករាល់គ្នាបានសម្លាប់ពួកគេ! ៤៨ អ្នករាល់គ្នាប្រាកដជាធ្វើជាសាក្សីពីការប្រព្រឹត្តនៃបុព្វបុរសរបស់អ្នករាល់គ្នា តែអ្នកបង្ហាញថាអ្នកយល់ព្រមនឹងការប្រព្រឹត្តរបស់អ្នកទាំងនោះ ពីព្រោះពួកគេបានសម្លាប់ពួកអ្នកប្រកាសទំនាយ ហើយអ្នកកំពុងធ្វើទីបញ្ចុះសពរបស់អ្នកប្រកាសទំនាយទាំងនោះ។ ៤៩ ហេតុនេះ ព្រះបានមានប្រសាសន៍ដោយប្រាជ្ញាថា៖ ‹ខ្ញុំនឹងចាត់ពួកអ្នកប្រកាសទំនាយនិងពួកសាវ័កទៅឯពួកគេ ហើយអ្នកខ្លះនឹងត្រូវពួកគេសម្លាប់និងបៀតបៀន ៥០ ដើម្បីឲ្យមនុស្សជំនាន់នេះទទួលទោសចំពោះការបង្ហូរឈាមពួកអ្នកប្រកាសទំនាយទាំងអស់ តាំងពីកំណើតពិភពលោកមក ៥១ តាំងពីឈាមរបស់អេបិល រហូតដល់ឈាមរបស់សាការី ដែលគេបានសម្លាប់នៅចន្លោះទីបូជានិងវិហារ›។ ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងទទួលទោសចំពោះឈាមរបស់អ្នកទាំងអស់នោះពិតមែន។
៥២ «អ្នករាល់គ្នា ជាអ្នកចេះច្បាប់ស្ទាត់ អ្នកនឹងត្រូវវេទនា! ពីព្រោះអ្នកបានដកយកកូនសោនៃចំណេះចេញ។ អ្នករាល់គ្នាមិនបានចូល ហើយអ្នកដែលកំពុងចូល អ្នកបានឃាត់មិនឲ្យចូលដែរ!»។
៥៣ ដូច្នេះ ពេលដែលលោកចេញពីទីនោះ ពួកអ្នកជំនាញខាងច្បាប់ និងពួកផារិស៊ីចាប់ផ្ដើមប្រជ្រៀតគ្នាចោមរោមលោក ហើយសួរដេញដោលអំពីរឿងផ្សេងទៀតជាច្រើន ៥៤ ក៏ចាំឲ្យលោកមានប្រសាសន៍ពីអ្វីមួយ ដើម្បីអាចចាប់កំហុសលោក។