ម៉ាថាយ
២០ «ពីព្រោះរាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្ចាស់ដីម្នាក់ ដែលបានចេញតាំងពីព្រលឹមទៅជួលកម្មករឲ្យធ្វើការនៅចម្ការទំពាំងបាយជូររបស់លោក។ ២ ក្រោយពីបានព្រមព្រៀងជាមួយនឹងពួកកម្មករថា លោកនឹងឲ្យប្រាក់ឈ្នួលពួកគេមួយឌីណារី* ក្នុងមួយថ្ងៃហើយ នោះលោកបានចាត់ពួកគេទៅធ្វើការនៅចម្ការរបស់លោក។ ៣ នៅប្រហែលជាម៉ោងទីបី* លោកបានចេញទៅម្ដងទៀតហើយក៏ឃើញអ្នកឯទៀតដែលគ្មានការងារធ្វើ កំពុងឈរនៅផ្សារ។ ៤ លោកមានប្រសាសន៍ទៅអ្នកទាំងនោះថា៖ ‹ចូរអ្នករាល់គ្នាទៅចម្ការរបស់ខ្ញុំដែរទៅ ហើយខ្ញុំនឹងឲ្យប្រាក់ឈ្នួលតាមអ្វីដែលត្រឹមត្រូវ›។ ៥ រួចអ្នកទាំងនោះក៏ទៅ។ នៅប្រហែលជាម៉ោងទីប្រាំមួយ* និងម៉ោងទីប្រាំបួន* លោកក៏បានចេញទៅហើយធ្វើដូច្នោះទៀត។ ៦ លុះដល់ប្រហែលម៉ោងទីដប់មួយ* លោកបានចេញទៅហើយឃើញមានអ្នកឯទៀតកំពុងឈរ ក៏បានសួរពួកគេថា៖ ‹ហេតុអ្វីអ្នករាល់គ្នាបានឈរនៅទីនេះពេញមួយថ្ងៃដោយគ្មានការងារធ្វើដូច្នេះ?›។ ៧ ពួកគេបានឆ្លើយថា៖ ‹ពីព្រោះគ្មានអ្នកណាជួលយើងទេ›។ នោះលោកប្រាប់ពួកគេថា៖ ‹ចូរអ្នករាល់គ្នាទៅចម្ការរបស់ខ្ញុំដែរទៅ›។
៨ «ពេលល្ងាច ម្ចាស់ចម្ការនោះបានប្រាប់អ្នកត្រួតការថា៖ ‹ចូរហៅពួកកម្មករមក ហើយឲ្យប្រាក់ឈ្នួលពួកគេទៅ ចាប់ផ្ដើមពីអ្នកដែលមកក្រោយគេ ដល់អ្នកដែលមកមុនគេ›។ ៩ នៅពេលពួកកម្មករដែលបានធ្វើការពីម៉ោងទីដប់មួយមកដល់ ពួកគេម្នាក់ៗបានទទួលមួយឌីណារី។ ១០ ដូច្នេះ ពេលអ្នកដែលបានចូលធ្វើការមុនគេមកដល់ ពួកគេបានសន្និដ្ឋានថា ពួកគេនឹងទទួលប្រាក់ឈ្នួលច្រើនជាង។ ប៉ុន្តែពួកគេក៏បានទទួលប្រាក់ឈ្នួលមួយឌីណារីដូចគ្នា។ ១១ ពេលដែលទទួលហើយ ពួកគេចាប់ផ្ដើមត្អូញត្អែរអំពីម្ចាស់ដីនោះ ១២ ក៏បាននិយាយថា៖ ‹អ្នកដែលមកក្រោយគេបានធ្វើការតែមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែលោកនៅតែឲ្យពួកគេស្មើនឹងយើងដែលបានធ្វើការនឿយហត់ពេញមួយថ្ងៃទាំងហាលថ្ងៃទៀតផង!›។ ១៣ ប៉ុន្តែលោកតបឆ្លើយនឹងពួកគេម្នាក់ថា៖ ‹សម្លាញ់ ខ្ញុំមិនបានធ្វើអ្វីខុសទេ។ អ្នកបានយល់ព្រមយកប្រាក់ឈ្នួលមួយឌីណារី មែនទេ? ១៤ សូមយកប្រាក់ឈ្នួលរបស់អ្នកហើយទៅចុះ ខ្ញុំចង់ឲ្យប្រាក់ឈ្នួលដល់អ្នកដែលមកក្រោយគេ ដូចខ្ញុំបានឲ្យអ្នកដែរ។ ១៥ តើខ្ញុំមិនមានសិទ្ធិប្រើប្រាស់ប្រាក់របស់ខ្ញុំតាមចិត្តទេឬ? ឬក៏អ្នកច្រណែន* ដោយសារខ្ញុំចិត្តល្អ?›។ ១៦ គឺយ៉ាងនេះហើយដែលអ្នកក្រោយគេនឹងទៅជាមុនគេ ហើយអ្នកដែលមុនគេ នឹងទៅជាអ្នកក្រោយគេវិញ»។
១៧ រួចមក ពេលកំពុងធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម លោកយេស៊ូយកអ្នកកាន់តាមទាំងដប់ពីរនាក់ទៅដាច់ឡែកពីគេ ហើយមានប្រសាសន៍ទៅពួកគេនៅតាមផ្លូវថា៖ ១៨ «មើល! យើងកំពុងធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវប្រគល់ឲ្យពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់ ហើយពួកគេនឹងកាត់ទោសប្រហារជីវិតលោក ១៩ រួចនឹងប្រគល់លោកឲ្យជនជាតិដទៃ ដើម្បីឲ្យពួកគេចំអកឲ្យលោក វាយនឹងរំពាត់ខ្សែតី ហើយព្យួរលោកនៅបង្គោល រួចនៅថ្ងៃទីបីលោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។
២០ រួចមក ម្ដាយរបស់កូនប្រុសៗសេបេដេ បាននាំកូនប្រុសមកឯលោក ក៏បានលំឱនកាយគោរព ហើយមានសំណូមពរមួយ។ ២១ លោកសួរនាងថា៖ «តើចង់បានអ្វី?»។ នាងជម្រាបថា៖ «សូមចេញវាចាឲ្យកូនប្រុសទាំងពីរនាក់នេះរបស់ខ្ញុំអង្គុយ ម្នាក់នៅខាងស្ដាំ ហើយម្នាក់នៅខាងឆ្វេងលោក ក្នុងរាជាណាចក្ររបស់លោក»។ ២២ លោកយេស៊ូតបឆ្លើយថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនកំពុងសុំអ្វីនោះទេ។ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកបានឬទេ?»។ ពួកគាត់ឆ្លើយថា៖ «យើងអាចផឹកបាន»។ ២៣ លោកមានប្រសាសន៍ថា៖ «អ្នកប្រាកដជានឹងផឹកពីពែងខ្ញុំជាពុំខាន ក៏ប៉ុន្តែ មិនមែនខ្ញុំទេដែលសម្រេចឲ្យអង្គុយនៅខាងស្ដាំឬខាងឆ្វេងខ្ញុំ តែគឺជាកន្លែងរបស់អ្នកដែលបិតារបស់ខ្ញុំបានរៀបចំកន្លែងនោះទុកឲ្យ»។
២៤ ពេលដែលសាវ័កដប់នាក់ទៀតឮអំពីរឿងនេះ ពួកគាត់ក៏ទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នោះ។ ២៥ ប៉ុន្តែលោកយេស៊ូ ហៅពួកគាត់មកឯលោក រួចមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដឹងថា អ្នកគ្រប់គ្រងប្រជាជាតិនានាត្រួតត្រាលើពួកគេ ហើយអ្នកធំក៏ប្រើអំណាចលើពួកគេដែរ។ ២៦ ក្នុងចំណោមអ្នករាល់គ្នាគឺមិនដូច្នេះឡើយ ផ្ទុយទៅវិញអ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ ២៧ ហើយក្នុងចំណោមអ្នករាល់គ្នា អ្នកណាដែលចង់នាំមុខគេ អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នាវិញ។ ២៨ ដូចកូនមនុស្សក៏មិនបានមកដើម្បីឲ្យគេបម្រើលោកដែរ តែបានមកដើម្បីបម្រើគេវិញ ហើយឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើនផង»។
២៩ កាលដែលលោកនិងពួកគាត់កំពុងចេញពីក្រុងយេរីខូ នោះមានមនុស្សមួយក្រុមយ៉ាងធំទៅតាមលោក។ ៣០ មើល! មានបុរសងងឹតភ្នែកពីរនាក់កំពុងអង្គុយក្បែរផ្លូវ។ ពេលដែលឮថាលោកយេស៊ូកំពុងដើរកាត់ នោះពួកគេបានស្រែកឡើងថា៖ «លោកម្ចាស់! បុត្រដាវីឌ! សូមមេត្ដាជួយយើងផង!»។ ៣១ ប៉ុន្តែបណ្ដាជនក៏ប្រាប់ពួកគេយ៉ាងម៉ឺងម៉ាត់ឲ្យនៅស្ងៀម តែពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ «លោកម្ចាស់! បុត្រដាវីឌ! សូមមេត្ដាជួយយើងផង!»។ ៣២ ដូច្នេះ លោកយេស៊ូបានឈប់ហើយហៅពួកគេមក ក៏បានសួរថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីដើម្បីអ្នក?»។ ៣៣ ពួកគេជម្រាបលោកថា៖ «លោកម្ចាស់ សូមឲ្យភ្នែកយើងបានភ្លឺផង»។ ៣៤ លោកយេស៊ូមានចិត្តក្ដួលអាណិត ក៏បានពាល់ភ្នែករបស់ពួកគេ។ រំពេចនោះ ពួកគេក៏មើលឃើញ ហើយបានទៅតាមលោក។