ម៉ាថាយ
២១ លុះលោកនិងពួកគាត់ទៅដល់បេតផាសេ នៅភ្នំដើមអូលីវ ជិតក្រុងយេរូសាឡិម លោកយេស៊ូចាត់អ្នកកាន់តាមពីរនាក់ឲ្យទៅ ២ ដោយប្រាប់ថា៖ «ចូរចូលទៅក្នុងភូមិនៅខាងមុខនុះ។ ពេលចូលទៅភ្លាម អ្នកនឹងឃើញសត្វលាមួយក្បាលដែលគេបានចង និងកូនវា។ ចូរស្រាយពួកវារួចដឹកមកឲ្យខ្ញុំ។ ៣ ហើយបើអ្នកណាសួរ អ្នកត្រូវប្រាប់ថា៖ ‹លោកម្ចាស់ត្រូវការពួកវា›។ ពេលឮដូច្នេះ អ្នកនោះនឹងឲ្យពួកវាមកភ្លាម»។
៤ នេះបានកើតឡើងពិតមែន ដើម្បីសម្រេចនូវអ្វីដែលបានត្រូវថ្លែងតាមរយៈអ្នកប្រកាសទំនាយដែលថា៖ ៥ «ចូរប្រាប់កូនស្រីរបស់ក្រុងស៊ីយ៉ូនថា៖ ‹មើល! ស្តេចរបស់នាងកំពុងមកឯនាង ដោយមានចិត្តស្លូតបូត ក៏កំពុងជិះសត្វលា គឺសត្វលាស្ទាវ ដែលជាកូនសត្វពាហនៈមួយ›»។
៦ ដូច្នេះ អ្នកកាន់តាមបានចេញទៅធ្វើតាមអ្វីដែលលោកយេស៊ូបានបង្គាប់។ ៧ រួចពួកគាត់បានដឹកសត្វលានិងកូនវាមក ក៏បានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគាត់លើខ្នងវា ហើយលោកក៏ឡើងជិះ។ ៨ មនុស្សភាគច្រើនពីចំណោមបណ្ដាជន បានក្រាលសម្លៀកបំពាក់ក្រៅរបស់ពួកគេលើផ្លូវ ចំណែកអ្នកឯទៀតវិញ ពួកគេបានកាត់យកធាងលម៉ើមករាយលើផ្លូវ។ ៩ ឯបណ្ដាជនដែលដើរនៅមុខ និងអ្នកដែលដើរតាមក្រោយ បានស្រែកឡើងម្ដងហើយម្ដងទៀតថា៖ «សូមមេត្ដាសង្គ្រោះបុត្រដាវីឌ! អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ! សូមលោកដែលស្ថិតនៅស្ថានសួគ៌មេត្ដាសង្គ្រោះ!»។
១០ ពេលដែលលោកចូលក្រុងយេរូសាឡិម នោះអ្នកក្រុងទាំងឡាយបានរំជើបរំជួល ក៏បានសួរគ្នាថា៖ «តើអ្នកនេះជានរណា?» ១១ ហើយបណ្ដាជនបានប្រកាសហើយប្រកាសទៀតថា៖ «នេះជាលោកយេស៊ូពីក្រុងណាសារ៉ែត នៅស្រុកកាលីឡេ! លោកជាអ្នកប្រកាសទំនាយដែលបានត្រូវសន្យា!»។
១២ រួចមក លោកយេស៊ូបានចូលទៅក្នុងវិហារ ហើយបណ្ដេញទាំងអ្នកលក់ទាំងអ្នកទិញ ក៏បានផ្កាប់តុរបស់អ្នកដូរប្រាក់ និងជើងម៉ាវែងរបស់អ្នកលក់សត្វព្រាប។ ១៣ លោកក៏មានប្រសាសន៍ទៅពួកគេថា៖ «បទគម្ពីរចែងថា៖ ‹កន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ប្រជាជាតិទាំងអស់មកអធិដ្ឋាន› ប៉ុន្តែអ្នករាល់គ្នាកំពុងយកធ្វើជាសម្បុកចោរវិញ»។ ១៤ ហើយមនុស្សងងឹតភ្នែក និងមនុស្សខ្វិនបានមកឯលោកក្នុងវិហារ ហើយលោកបានធ្វើឲ្យពួកគេជាសះស្បើយ។
១៥ នៅពេលដែលពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់ឃើញការអស្ចារ្យទាំងប៉ុន្មានដែលលោកបានធ្វើ និងឃើញក្មេងប្រុសៗដែលកំពុងស្រែកនៅក្នុងវិហារថា៖ «សូមមេត្ដាសង្គ្រោះបុត្រដាវីឌ!» នោះធ្វើឲ្យពួកគេទាស់ចិត្ត ១៦ ហើយពួកគេសួរលោកថា៖ «តើលោកឮអ្វីៗដែលពួកគេកំពុងស្រែកឬទេ?» លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ឮហើយ។ តើអ្នករាល់គ្នាមិនធ្លាប់អានសេចក្ដីដែលថា៖ ‹លោកបានធ្វើឲ្យពាក្យសរសើរចេញពីមាត់ក្មេងតូចៗនិងក្មេងបៅដោះ›ទេឬ?»។ ១៧ រួចមក លោកចេញចោលពួកគេ ទៅឯភូមិបេថានីនៅខាងក្រៅក្រុង រួចបានស្នាក់នៅទីនោះមួយយប់។
១៨ ព្រលឹមឡើង ពេលដែលលោកកំពុងធ្វើដំណើរត្រឡប់ទៅក្រុងនោះវិញ នោះលោកក៏ចាប់ឃ្លាន។ ១៩ រួចមក លោកក្រឡេកទៅឃើញដើមល្វាតូច* មួយនៅក្បែរផ្លូវ ក៏បានដើរទៅដើមនោះ។ លុះទៅដល់ហើយ លោកឃើញថាដើមនោះមានតែស្លឹកប៉ុណ្ណោះ ហើយលោកស្រដីទៅកាន់ដើមនោះថា៖ «កុំឲ្យមានផ្លែទៀតឡើយ ចាប់តាំងពីឥឡូវនេះរហូតទៅ»។ រំពេចនោះដើមល្វាតូចបានក្រៀមស្វិតទៅ។ ២០ ប៉ុន្តែពេលដែលអ្នកកាន់តាមលោកឃើញដូច្នេះ ពួកគាត់ឆ្ងល់ ក៏បានសួរថា៖ «ហេតុដូចម្ដេចបានជាដើមល្វាតូចនោះក្រៀមស្វិតភ្លាមយ៉ាងនេះ?»។ ២១ លោកយេស៊ូតបឆ្លើយថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នកមានជំនឿហើយមិនសង្ស័យសោះ នោះអ្នកមិនត្រឹមតែអាចធ្វើអ្វីដែលខ្ញុំបានធ្វើដល់ដើមល្វាតូចនេះប៉ុណ្ណោះទេ តែទោះជាអ្នកនិយាយទៅកាន់ភ្នំនេះថា៖ ‹ចូររើចេញពីកន្លែងនេះទៅធ្លាក់ក្នុងសមុទ្រវិញ› នោះក៏នឹងកើតឡើងដែរ។ ២២ ហើយអ្វីៗទាំងអស់ដែលអ្នកអធិដ្ឋានសុំដោយមានជំនឿ នោះអ្នកនឹងទទួល»។
២៣ ក្រោយពីលោកចូលទៅក្នុងវិហារ ពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបានចូលមកជិតលោក ពេលដែលលោកកំពុងបង្រៀន ហើយបានសួរថា៖ «តើលោកធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី? ហើយតើអ្នកណាបានប្រគល់សិទ្ធិអំណាចឲ្យលោកធ្វើអ្វីៗទាំងនេះ?»។ ២៤ លោកយេស៊ូតបឆ្លើយថា៖ «ខ្ញុំក៏សួរអ្នករាល់គ្នារឿងមួយដែរ។ ប្រសិនបើអ្នកឆ្លើយ ខ្ញុំនឹងប្រាប់អ្នកថាខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី។ ២៥ តើយ៉ូហានបានទទួលសិទ្ធិអំណាចជ្រមុជទឹកឲ្យគេពីណាមក? ពីស្ថានសួគ៌ ឬពីមនុស្ស?»។ ប៉ុន្តែពួកគេចាប់ផ្ដើមជជែកវែកញែកគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា៖ ‹ពីស្ថានសួគ៌› នោះគាត់នឹងសួរតបមកវិញថា៖ ‹ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿយ៉ូហាន?›។ ២៦ ប៉ុន្តែបើយើងឆ្លើយថា៖ ‹ពីមនុស្ស›វិញ យើងត្រូវខ្លាចបណ្ដាជន ពីព្រោះពួកគេចាត់ទុកយ៉ូហានជាអ្នកប្រកាសទំនាយ»។ ២៧ ដូច្នេះ ពួកគេឆ្លើយទៅលោកយេស៊ូថា៖ «យើងមិនដឹងទេ»។ លោកមានប្រសាសន៍តបទៅវិញថា៖ «ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាថា ខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វីដែរ។
២៨ «តើអ្នករាល់គ្នាគិតដូចម្ដេច? បុរសម្នាក់មានកូនពីរនាក់។ គាត់ទៅប្រាប់កូនទីមួយថា៖ ‹កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ›។ ២៩ កូនទីមួយឆ្លើយថា៖ ‹ខ្ញុំនឹងទៅ លោកឪពុក!› ប៉ុន្តែគាត់មិនបានទៅទេ។ ៣០ រួចមក បុរសនោះទៅប្រាប់កូនទីពីរដូចគ្នា។ កូនទីពីរឆ្លើយថា៖ ‹ខ្ញុំមិនទៅទេ› ប៉ុន្តែគាត់ស្ដាយក្រោយ ហើយបានចេញទៅចម្ការ។ ៣១ តើកូនមួយណាបានធ្វើតាមចិត្តរបស់ឪពុក?»។ ពួកគេថា៖ «កូនទីពីរ»។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកអ្នកយកពន្ធនិងពួកស្រីពេស្យាកំពុងចូលរាជាណាចក្ររបស់ព្រះមុនអ្នករាល់គ្នា ៣២ ព្រោះយ៉ូហានបានមកឯអ្នករាល់គ្នាដោយបង្រៀនអំពីផ្លូវនៃសេចក្ដីសុចរិត តែអ្នករាល់គ្នាមិនបានជឿគាត់ឡើយ។ ក៏ប៉ុន្តែ ពួកអ្នកយកពន្ធនិងពួកស្រីពេស្យាបានជឿគាត់ ឯអ្នករាល់គ្នាទោះជាឃើញដូច្នេះក៏ដោយ ក៏នៅតែមិនស្ដាយក្រោយហើយជឿគាត់ទេ។
៣៣ «ចូរស្ដាប់ឧទាហរណ៍មួយទៀត៖ បុរសម្នាក់ដែលជាម្ចាស់ដី បានធ្វើចម្ការទំពាំងបាយជូរមួយ ក៏បានព័ទ្ធរបង ជីកកន្លែងសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រានៅក្នុងចម្ការនោះ បានសង់ប៉មមួយ ហើយបានប្រវាស់ចម្ការឲ្យពួកកសិករ រួចធ្វើដំណើរទៅក្រៅប្រទេស។ ៣៤ លុះដល់រដូវផ្លែទុំ លោកចាត់ពួកខ្ញុំបម្រើឲ្យទៅយកផលដែលជាចំណែករបស់លោកពីពួកកសិករ។ ៣៥ ក៏ប៉ុន្តែ ពួកកសិករបានចាប់ពួកខ្ញុំបម្រើរបស់លោក វាយដំម្នាក់ សម្លាប់ម្នាក់ ហើយម្នាក់ទៀតពួកគេបានយកដុំថ្មគប់សម្លាប់។ ៣៦ លោកបានចាត់ខ្ញុំបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យទៅម្ដងទៀត ប៉ុន្តែពួកកសិករបានប្រព្រឹត្តទៅលើខ្ញុំបម្រើទាំងនោះដូចពីមុន។ ៣៧ ក្រោយបង្អស់ លោកបានចាត់កូនប្រុសរបស់លោកឲ្យទៅ ដោយគិតថា៖ ‹ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ›។ ៣៨ ពេលដែលពួកកសិករឃើញកូនប្រុសរបស់លោក នោះពួកគេនិយាយគ្នាថា៖ ‹គាត់ជាអ្នកទទួលមត៌ក។ ចូរយើងនាំគ្នាសម្លាប់គាត់ ដើម្បីយើងអាចទទួលមត៌កនោះ!›។ ៣៩ ដូច្នេះ ពួកគេបានចាប់កូនប្រុសនោះ បោះទៅក្រៅចម្ការ រួចបានសម្លាប់គាត់ចោល។ ៤០ ម្ល៉ោះហើយ ពេលដែលម្ចាស់ចម្ការនោះមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកកសិករទាំងនោះ?»។ ៤១ ពួកគេជម្រាបលោកថា៖ «ដោយសារពួកគេជាមនុស្សអាក្រក់ នោះលោកនឹងបំផ្លាញពួកគេចោលឥតត្រាប្រណី ក៏នឹងប្រវាស់ចម្ការនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងឲ្យផលដល់លោកតាមរដូវ»។
៤២ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «បទគម្ពីរចែងថា៖ ‹ថ្មដែលអ្នកសាងសង់មិនព្រមយក បានទៅជាថ្មជ្រុង* ដែលនៅលើថ្មជ្រុងទាំងអស់។ ព្រះយេហូវ៉ាបានធ្វើឲ្យការនេះកើតឡើង ហើយនោះជាការអស្ចារ្យចំពោះយើង› តើអ្នករាល់គ្នាមិនធ្លាប់អានបទគម្ពីរនេះទេឬ? ៤៣ ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាជាណាចក្ររបស់ព្រះនឹងត្រូវដកហូតពីអ្នករាល់គ្នា ហើយប្រគល់ឲ្យប្រជាជាតិមួយដែលបង្កើតផលនៃរាជាណាចក្រនោះ។ ៤៤ ម្យ៉ាងទៀត អ្នកណាដែលធ្លាក់លើដុំថ្មនេះ អ្នកនោះនឹងបាក់បែកខ្ទេចខ្ទីទៅ ហើយបើដុំថ្មនេះធ្លាក់លើអ្នកណា អ្នកនោះនឹងត្រូវថ្មនោះកិនកម្ទេច»។
៤៥ ពេលដែលពួកសង្ឃនាយកនិងពួកផារិស៊ីបានស្ដាប់ឧទាហរណ៍ទាំងប៉ុន្មានរបស់លោកហើយ ពួកគេកត់សម្គាល់ថាលោកកំពុងមានប្រសាសន៍អំពីពួកគេ។ ៤៦ ក៏ប៉ុន្តែ ទោះជាពួកគេកំពុងរកវិធីចាប់លោកក៏ដោយ ក៏ពួកគេខ្លាចបណ្ដាជន ដោយសារមនុស្សទាំងនោះចាត់ទុកលោកជាអ្នកប្រកាសទំនាយ។