ម៉ាថាយ
២២ លោកយេស៊ូបានឆ្លើយទៅពួកគេតទៅទៀតដោយប្រើឧទាហរណ៍ថា៖ ២ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្នាក់ជាស្តេច ដែលបានរៀបចំភោជនាហារអបអរអាពាហ៍ពិពាហ៍បុត្ររបស់លោក ៣ ហើយបានចាត់ពួកខ្ញុំបម្រើឲ្យទៅហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារ ប៉ុន្តែពួកគេមិនព្រមមកទេ។ ៤ លោកចាត់ពួកខ្ញុំបម្រើផ្សេងឲ្យទៅម្ដងទៀត ដោយប្រាប់ថា៖ ‹ចូរប្រាប់អ្នកដែលខ្ញុំបានអញ្ជើញថា៖ «មើល! ខ្ញុំបានរៀបចំអាហារថ្ងៃត្រង់របស់ខ្ញុំរួចហើយ ក៏បានសម្លាប់គោឈ្មោលនិងសត្វបំប៉នយ៉ាងធាត់ ហើយអ្វីៗទាំងអស់បានត្រូវរៀបចំជាស្រេច។ អញ្ជើញមកពិសាភោជនាហារចុះ»›។ ៥ ប៉ុន្តែអ្នកទាំងនោះមិនអើពើសោះ ក៏បានចេញទៅ ម្នាក់បានទៅស្រែចម្ការរបស់ខ្លួន ម្នាក់ទៀតបានទៅធ្វើជំនួញ ៦ អ្នកឯទៀតបានចាប់ពួកខ្ញុំបម្រើរបស់លោកធ្វើបាប រួចសម្លាប់ចោល។
៧ «ប៉ុន្តែស្តេចបានខឹងជាខ្លាំង ក៏បានចាត់កងទ័ពរបស់លោកឲ្យទៅបំផ្លាញឃាតករទាំងនោះ ហើយដុតក្រុងរបស់ពួកគេចោល។ ៨ ក្រោយមក លោកប្រាប់ពួកខ្ញុំបម្រើថា៖ ‹ភោជនាហារបានត្រូវរៀបចំជាស្រេចពិតមែន ប៉ុន្តែអ្នកដែលបានត្រូវអញ្ជើញ គឺមិនសមនឹងមកឡើយ។ ៩ ដូច្នេះ ចូរទៅផ្លូវទាំងប៉ុន្មានដែលចេញក្រៅក្រុង ហើយអ្នកណាក៏ដោយដែលអ្នករកឃើញ ចូរអញ្ជើញអ្នកនោះមកពិសាភោជនាហារចុះ›។ ១០ ម្ល៉ោះហើយ ពួកខ្ញុំបម្រើទាំងនោះចេញទៅផ្លូវទាំងប៉ុន្មាន ហើយប្រមូលមនុស្សទាំងអស់ដែលពួកគេរកឃើញ ទាំងទុច្ចរិតទាំងល្អមក ហើយសាលពិធីមង្គលការបានពេញទៅដោយមនុស្សកំពុងអង្គុយនៅតុ។
១១ «ពេលដែលស្តេចចូលមកពិនិត្យមើលភ្ញៀវ នោះលោកក្រឡេកទៅឃើញបុរសម្នាក់មិនពាក់សម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការទេ។ ១២ ដូច្នេះ លោកសួរបុរសនោះថា៖ ‹សម្លាញ់! ហេតុអ្វីអ្នកនៅទីនេះតែមិនពាក់សម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការដូច្នេះ?›។ បុរសនោះនិយាយមិនរួច។ ១៣ បន្ទាប់មក ស្តេចមានប្រសាសន៍ទៅពួកខ្ញុំបម្រើថា៖ ‹ចូរចងដៃចងជើងបុរសនេះ ហើយបោះទៅខាងក្រៅ ដែលងងឹត។ នៅទីនោះគាត់នឹងយំហើយសង្កៀតធ្មេញ›។
១៤ «ព្រោះមនុស្សជាច្រើនបានត្រូវអញ្ជើញ តែមនុស្សតិចទេបានត្រូវជ្រើសរើស»។
១៥ រួចមក ពួកផារិស៊ីបានទៅប្រឹក្សាគ្នារកវិធីនាំឲ្យលោកនិយាយអ្វីដែលពួកគេអាចយកជាហេតុចោទប្រកាន់លោកបាន។ ១៦ ដូច្នេះ ពួកគេចាត់ពួកអ្នកកាន់តាមឲ្យទៅជាមួយនឹងពួកអ្នកគាំទ្រហេរ៉ូឌ។ អ្នកទាំងនោះបាននិយាយថា៖ «លោកគ្រូ យើងដឹងថាលោកតែងមានប្រសាសន៍ជាសេចក្ដីពិត ហើយបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ ក៏មិនរើសមុខអ្នកណាឡើយ ពីព្រោះលោកមិនចាប់អារម្មណ៍នឹងឋានៈរបស់អ្នកណាទេ។ ១៧ ដូច្នេះ តើលោកគិតដូចម្ដេច? សូមប្រាប់យើង តើមានច្បាប់ឲ្យបង់ពន្ធជូនសេសារ* ឬទេ?»។ ១៨ ក៏ប៉ុន្តែ ដោយសារលោកយេស៊ូជ្រាបអំពីភាពទុច្ចរិតរបស់ពួកគេ នោះលោកមានប្រសាសន៍ថា៖ «នែ! មនុស្សលាក់ពុត! ហេតុអ្វីអ្នករាល់គ្នាខំល្បងមើលខ្ញុំដូច្នេះ? ១៩ ចូរយកកាក់សម្រាប់បង់ពន្ធដារមកបង្ហាញខ្ញុំ»។ ពួកគេយកប្រាក់ឌីណារី* មួយមកជូនលោក។ ២០ រួចលោកសួរពួកគេថា៖ «តើនេះជារូបនិងឈ្មោះរបស់អ្នកណា?»។ ២១ ពួកគេឆ្លើយថា៖ «ជារូបនិងឈ្មោះរបស់សេសារ»។ នោះលោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «បើដូច្នេះ អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។ ២២ ពេលដែលឮដូច្នេះ ពួកគេកោតស្ងើចក្នុងចិត្ត រួចបានចេញពីលោកទៅ។
២៣ នៅថ្ងៃនោះ ពួកសាឌូស៊ីដែលជាអ្នកមិនជឿថាមានការប្រោសឲ្យរស់ឡើងវិញ បានចូលមកជិតលោកហើយសួរថា៖ ២៤ «លោកគ្រូ ម៉ូសេបានប្រាប់ថា៖ ‹បើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូន បងឬប្អូនប្រុសរបស់បុរសនោះ ត្រូវរៀបការជាមួយនឹងប្រពន្ធបុរសនោះ ដើម្បីបង្កើតកូនបន្តពូជឲ្យគាត់›។ ២៥ ក្នុងចំណោមយើងធ្លាប់មានបងប្អូនប្រុសប្រាំពីរនាក់។ បងច្បងបានរៀបការ រួចមកបានស្លាប់ទៅ តែគ្មានកូនទេ ហើយប្អូនបន្ទាប់បានរៀបការជាមួយនឹងប្រពន្ធគាត់។ ២៦ ក្រោយពីបានយកនាងធ្វើជាប្រពន្ធ នោះប្អូនបន្ទាប់ក៏បានស្លាប់ តែគ្មានកូនដែរ។ ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនពៅក៏ដូច្នេះដែរ។ ២៧ នៅទីបំផុត ស្ត្រីនោះក៏បានស្លាប់ទៅដែរ។ ២៨ ដូច្នេះ ពេលដែលរស់ឡើងវិញ តើអ្នកណាក្នុងចំណោមបងប្អូនប្រាំពីរនាក់នោះត្រូវជាប្ដីរបស់នាង? ព្រោះពួកគេទាំងអស់ បានយកនាងធ្វើជាប្រពន្ធ»។
២៩ លោកយេស៊ូតបឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ពីព្រោះអ្នកមិនស្គាល់បទគម្ពីរហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់ព្រះដែរ។ ៣០ ព្រោះពេលដែលមនុស្សរស់ឡើងវិញ បុរសនិងស្ត្រីមិនយកគ្នាជាប្ដីប្រពន្ធឡើយ តែពួកគេគឺដូចបណ្ដាទេវតានៅស្ថានសួគ៌វិញ។ ៣១ ប៉ុន្តែស្តីអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ តើអ្នកមិនធ្លាប់អានអ្វីដែលព្រះបានមានប្រសាសន៍ទៅកាន់អ្នករាល់គ្នាថា៖ ៣២ ‹ខ្ញុំជាព្រះរបស់អាប្រាហាំ និងជាព្រះរបស់អ៊ីសាក ហើយជាព្រះរបស់យ៉ាកុប›ទេឬ? លោកមិនមែនជាព្រះរបស់មនុស្សស្លាប់ឡើយ តែជាព្រះរបស់មនុស្សរស់»។ ៣៣ ពេលដែលឮសេចក្ដីបង្រៀនរបស់លោក បណ្ដាជនបាននឹកអស្ចារ្យក្នុងចិត្តក្រៃលែង។
៣៤ ក្រោយពីពួកផារិស៊ីបានឮថា លោកបានធ្វើឲ្យពួកសាឌូស៊ីបាត់មាត់ នោះពួកគេបានមូលគ្នាជាក្រុមមួយ ៣៥ ហើយពួកគេម្នាក់ដែលចេះច្បាប់ស្ទាត់ បានល្បងមើលលោកដោយសួរថា៖ ៣៦ «លោកគ្រូ ក្នុងច្បាប់* តើបញ្ញត្ដិមួយណាសំខាន់ជាងគេ?»។ ៣៧ លោកមានប្រសាសន៍ទៅគាត់ថា៖ «‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង* ហើយអស់ពីសមត្ថភាពរិះគិត›។ ៣៨ នេះជាបញ្ញត្ដិទីមួយ ហើយជាបញ្ញត្ដិសំខាន់ជាងគេ។ ៣៩ បញ្ញត្ដិសំខាន់ទីពីរក៏ស្រដៀងនឹងនេះដែរ គឺ៖ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›។ ៤០ បញ្ញត្ដិទាំងពីរនេះជាមូលដ្ឋាននៃច្បាប់ទាំងមូលនិងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ»។
៤១ ពេលដែលពួកផារិស៊ីនៅជុំគ្នានោះ លោកយេស៊ូសួរពួកគេថា៖ ៤២ «តើអ្នករាល់គ្នាគិតដូចម្ដេចអំពីគ្រិស្ត? តើលោកជាបុត្ររបស់អ្នកណា?»។ ពួកគេឆ្លើយថា៖ «បុត្ររបស់ដាវីឌ»។ ៤៣ លោកមានប្រសាសន៍ទៅពួកគេថា៖ «ចុះហេតុអ្វីបានជាសកម្មពល* របស់ព្រះបានបណ្ដាលឲ្យដាវីឌហៅលោកថា‹ម្ចាស់› ពេលគាត់និយាយថា៖ ៤៤ ‹ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម្ចាស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ រហូតដល់ខ្ញុំដាក់សត្រូវរបស់អ្នកនៅក្រោមបាតជើងអ្នក»›? ៤៥ ដូច្នេះ ប្រសិនបើដាវីឌហៅលោកថា‹ម្ចាស់› នោះតើលោកអាចជាបុត្ររបស់ដាវីឌដូចម្ដេចបាន?»។ ៤៦ គ្មានអ្នកណាអាចតបឆ្លើយមួយម៉ាត់ទៅលោកបានឡើយ ហើយគ្មានអ្នកណាហ៊ានសួរលោកតទៅទៀតចាប់តាំងពីថ្ងៃនោះមក។