ម៉ាកុស
១២ ម្យ៉ាងទៀត លោកចាប់ផ្ដើមមានប្រសាសន៍ទៅកាន់ពួកគេដោយប្រើ ឧទាហរណ៍ថា៖ «បុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរមួយ ហើយព័ទ្ធរបង និងជីកកន្លែងសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា ក៏បានសង់ប៉មមួយ រួចប្រវាស់ចម្ការឲ្យពួកកសិករ។ ក្រោយមក បុរសនោះធ្វើដំណើរទៅក្រៅប្រទេស។ ២ លុះដល់ពេលកំណត់ គាត់ចាត់ខ្ញុំបម្រើម្នាក់ឲ្យទៅឯពួកកសិករ ដើម្បីទទួលផលដែលជាចំណែករបស់គាត់។ ៣ ប៉ុន្តែពួកកសិករបានចាប់ខ្ញុំបម្រើនោះ វាយដំ រួចបណ្ដេញឲ្យទៅវិញដោយដៃទទេ។ ៤ ក្រោយមក បុរសនោះចាត់ខ្ញុំបម្រើម្នាក់ទៀតឲ្យទៅឯពួកកសិករម្ដងទៀត តែពួកគេវាយក្បាលអ្នកនោះ ហើយប្រមាថមើលងាយគាត់។ ៥ រួចបុរសនោះបានចាត់ខ្ញុំបម្រើម្នាក់ទៀត តែពួកកសិករសម្លាប់អ្នកនោះចោល។ បុរសនោះចាត់ខ្ញុំបម្រើជាច្រើននាក់ទៀតឲ្យទៅ តែអ្នកខ្លះត្រូវកសិករវាយដំ ហើយខ្លះទៀតត្រូវពួកគេសម្លាប់។ ៦ នៅមានម្នាក់ទៀត គឺជាកូនប្រុសជាទីស្រឡាញ់របស់គាត់។ ក្រោយបង្អស់ គាត់ចាត់កូនប្រុសឲ្យទៅដោយពោលថា៖ ‹ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ›។ ៧ ប៉ុន្តែកសិករទាំងនោះបាននិយាយគ្នាថា៖ ‹គាត់ជាអ្នកទទួលមត៌ក។ ចូរយើងនាំគ្នាសម្លាប់គាត់ រួចចម្ការ* នេះនឹងក្លាយជារបស់យើង›។ ៨ ដូច្នេះ ពួកគេចាប់កូនប្រុសនោះ សម្លាប់ចោល រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។ ៩ តើម្ចាស់ចម្ការនោះនឹងធ្វើយ៉ាងណា? គាត់នឹងមកបំផ្លាញពួកកសិករទាំងនោះ រួចប្រវាស់ចម្ការឲ្យអ្នកឯទៀតវិញ។ ១០ តើអ្នករាល់គ្នាមិនធ្លាប់អានបទគម្ពីរទេឬ ដែលថា៖ ‹ថ្មដែលអ្នកសាងសង់មិនព្រមយក បានទៅជាថ្មជ្រុង* ដែលនៅលើថ្មជ្រុងទាំងអស់›ទេឬ? ១១ តើមិនធ្លាប់អានទេឬថា៖ ‹ព្រះយេហូវ៉ាបានធ្វើឲ្យការនេះកើតឡើង ហើយនោះជាការអស្ចារ្យចំពោះយើង›?»។
១២ ឮដូច្នេះ ពួកគេចាប់ផ្ដើមរិះរកវិធីចាប់លោក ព្រោះបានកត់សម្គាល់ថាលោកលើកឧទាហរណ៍នេះសំដៅលើពួកគេ។ ប៉ុន្តែ ដោយខ្លាចបណ្ដាជន ពួកគេបានចេញពីលោកទៅ។
១៣ ក្រោយមក ពួកគេចាត់ពួកផារិស៊ីខ្លះ និងមនុស្សខ្លះពីចំណោមអ្នកគាំទ្រហេរ៉ូឌ ដើម្បីនាំឲ្យលោកនិយាយអ្វីដែលពួកគេអាចយកជាហេតុចោទប្រកាន់លោកបាន។ ១៤ ពេលអ្នកទាំងនោះមកដល់ ក៏សួរលោកថា៖ «លោកគ្រូ! យើងដឹងថាលោកតែងមានប្រសាសន៍ជាសេចក្ដីពិត ហើយមិនរើសមុខអ្នកណាឡើយ ពីព្រោះលោកមិនចាប់អារម្មណ៍នឹងឋានៈរបស់អ្នកណាទេ តែលោកបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ។ សូមប្រាប់យើង តើមានច្បាប់ឲ្យបង់ពន្ធជូនសេសារ* ឬទេ? ១៥ តើយើងត្រូវបង់ពន្ធឬមិនត្រូវបង់?»។ លោកជ្រាបអំពីពុតត្បុតរបស់ពួកគេ រួចសួរថា៖ «ហេតុអ្វីអ្នករាល់គ្នាខំល្បងមើលខ្ញុំដូច្នេះ? ចូរយកប្រាក់ឌីណារី* មួយមកបង្ហាញខ្ញុំ»។ ១៦ ពួកគេយកប្រាក់ឌីណារីមួយមក រួចលោកសួរពួកគេថា៖ «តើនេះជារូបនិងឈ្មោះរបស់អ្នកណា?»។ ពួកគេឆ្លើយថា៖ «ជារូបនិងឈ្មោះរបស់សេសារ»។ ១៧ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ» រួចពួកគេកោតស្ងើចនឹងលោក។
១៨ បន្ទាប់មក ពួកសាឌូស៊ីបានមកឯលោក។ ពួកគេមិនជឿថាមានការប្រោសឲ្យរស់ឡើងវិញឡើយ។ ម្ល៉ោះហើយ ពួកគេសួរលោកថា៖ ១៩ «លោកគ្រូ! ម៉ូសេបានសរសេរបង្គាប់យើងថា បើអ្នកណាម្នាក់ស្លាប់ចោលប្រពន្ធ ហើយមិនមានកូនទេ នោះបងឬប្អូនប្រុសរបស់គាត់គួរយកនាងធ្វើជាប្រពន្ធ ដើម្បីបង្កើតកូនបន្តពូជឲ្យបងឬប្អូនដែលបានស្លាប់ទៅ។ ២០ មានបងប្អូនប្រុសប្រាំពីរនាក់។ បងច្បងបានរៀបការ តែពេលដែលស្លាប់ទៅ គាត់មិនមានកូនទេ។ ២១ រួចមក ប្អូនបន្ទាប់បានយកនាងធ្វើជាប្រពន្ធ តែពេលស្លាប់ទៅគាត់ក៏គ្មានកូនដែរ។ ប្អូនទីពីរក៏ដូច្នេះដែរ។ ២២ បងប្អូនទាំងប្រាំពីរនាក់នោះមិនមានកូនសោះ។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ២៣ នៅពេលដែលរស់ឡើងវិញ តើអ្នកណាត្រូវជាប្ដីរបស់នាង? ព្រោះថាបងប្អូនទាំងប្រាំពីរនាក់ធ្លាប់បានយកនាងធ្វើជាប្រពន្ធ»។ ២៤ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «គឺហេតុនេះហើយបានជាអ្នករាល់គ្នាយល់ខុស ពីព្រោះអ្នកមិនស្គាល់បទគម្ពីរហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់ព្រះដែរ។ ២៥ ពេលដែលមនុស្សរស់ឡើងវិញ បុរសនិងស្ត្រីមិនយកគ្នាជាប្ដីប្រពន្ធឡើយ តែពួកគេគឺដូចបណ្ដាទេវតានៅស្ថានសួគ៌វិញ។ ២៦ ប៉ុន្តែស្តីអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ តើអ្នកមិនធ្លាប់អានក្នុងកំណត់ហេតុដែលម៉ូសេបានសរសេរអំពីគុម្ពបន្លាទេឬ? ពេលដែលព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំជាព្រះរបស់អាប្រាហាំ និងជាព្រះរបស់អ៊ីសាក ហើយជាព្រះរបស់យ៉ាកុប›។ ២៧ លោកមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ តែជាព្រះរបស់មនុស្សរស់វិញ។ អ្នករាល់គ្នាយល់ខុសទាំងស្រុង»។
២៨ ពេលនោះ មានអ្នកជំនាញខាងច្បាប់ម្នាក់មកដល់ហើយស្ដាប់ពួកគេជជែកជាមួយនឹងលោក។ គាត់ឃើញថាលោកបានឆ្លើយសំណួររបស់ពួកគេយ៉ាងល្អប្រសើរ។ ដូច្នេះ គាត់សួរលោកថា៖ «តើបញ្ញត្ដិមួយណាជាបញ្ញត្ដិទីមួយ?»។ ២៩ លោកយេស៊ូមានប្រសាសន៍ឆ្លើយថា៖ «បញ្ញត្ដិទីមួយគឺ ‹ឱអ៊ីស្រាអែលអើយ! ចូរស្ដាប់! ព្រះយេហូវ៉ាជាព្រះរបស់យើង។ មានព្រះយេហូវ៉ាតែមួយទេ ៣០ ហើយអ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង* ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយ› ៣១ បញ្ញត្ដិទីពីរគឺ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›។ គ្មានបញ្ញត្ដិណាសំខាន់ជាងបញ្ញត្ដិទាំងនេះឡើយ»។ ៣២ អ្នកជំនាញខាងច្បាប់នោះជម្រាបលោកថា៖ «លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ និងសមស្របតាមសេចក្ដីពិតថា៖ ‹មានព្រះតែមួយទេ ហើយគ្មានព្រះណាទៀតឡើយ›។ ៣៣ ម្យ៉ាងទៀត បើមនុស្សម្នាក់ស្រឡាញ់ព្រះឲ្យអស់ពីដួងចិត្ត និងអស់ពីសមត្ថភាពយល់ដឹង ថែមទាំងអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង នោះមានតម្លៃជាងសត្វដែលគេដុតជាគ្រឿងបូជានិងគ្រឿងបូជាឯទៀតទាំងអស់»។ ៣៤ ឮដូច្នេះ លោកយេស៊ូជ្រាបថាគាត់បានឆ្លើយដោយប្រាជ្ញា ហើយបានមានប្រសាសន៍ទៅគាត់ថា៖ «អ្នកនៅមិនឆ្ងាយពីរាជាណាចក្ររបស់ព្រះទេ»។ ប៉ុន្តែគ្មានអ្នកណាហ៊ានសួរលោកតទៅទៀតឡើយ។
៣៥ ក៏ប៉ុន្តែ ពេលដែលលោកយេស៊ូតបឆ្លើយ លោកចាប់ផ្ដើមមានប្រសាសន៍ដូចធ្លាប់បង្រៀនក្នុងវិហារថា៖ «ហេតុអ្វីបានជាពួកអ្នកជំនាញខាងច្បាប់បង្រៀនថាគ្រិស្តគឺគ្រាន់តែជាបុត្ររបស់ដាវីឌប៉ុណ្ណោះ? ៣៦ ដោយឥទ្ធិពលនៃសកម្មពល* របស់ព្រះ ដាវីឌបាននិយាយថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម្ចាស់របស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ រហូតដល់ខ្ញុំដាក់សត្រូវរបស់អ្នកនៅក្រោមបាតជើងអ្នក»›។ ៣៧ ដាវីឌហៅលោកថា‹ម្ចាស់› ប៉ុន្តែតើលោកអាចជាបុត្ររបស់ដាវីឌដូចម្ដេចបាន?»។
មនុស្សមួយក្រុមធំកំពុងពេញចិត្តនឹងស្ដាប់លោក។ ៣៨ រួចលោកបង្រៀនតទៅទៀតដោយមានប្រសាសន៍ថា៖ «ចូរប្រុងប្រយ័ត្ននឹងពួកអ្នកជំនាញខាងច្បាប់ ដែលចង់ពាក់អាវផាយដើរចុះឡើង ហើយចង់ឲ្យមនុស្សជម្រាបសួរ សម្ដែងការគោរពចំពោះពួកគេនៅផ្សារ ៣៩ ព្រមទាំងចង់អង្គុយនៅមុខគេក្នុងសាលាប្រជុំ ហើយនៅពេលពិសាភោជនាហារគេចង់អង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេ។ ៤០ គឺពួកគេនោះហើយដែលប្រវ័ញ្ចយកទ្រព្យសម្បត្ដិរបស់ស្ត្រីមេម៉ាយ* ហើយអធិដ្ឋានយ៉ាងយូរដើម្បីធ្វើឲ្យមនុស្សកោតស្ងើច។ អ្នកទាំងនោះនឹងត្រូវទទួលទោសធ្ងន់ជាង»។
៤១ រួចមក លោកអង្គុយនៅមុខប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់ ហើយមើលបណ្ដាជនមកដាក់កាក់ក្នុងប្រដាប់ទាំងនោះ។ ពួកអ្នកមានជាច្រើននាក់បានដាក់កាក់ជាច្រើន។ ៤២ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដាក់កាក់ពីរដែលមានតម្លៃតិចណាស់។* ៤៣ ម្ល៉ោះហើយ លោកហៅពួកអ្នកកាន់តាមឲ្យមកឯលោក រួចមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ស្ត្រីមេម៉ាយក្រីក្រមួយរូបនេះ បានដាក់ច្រើនជាងពួកគេទាំងអស់ដែលមកដាក់ក្នុងប្រដាប់ដាក់កាក់ ៤៤ ព្រោះពួកគេបានដាក់ប្រាក់សំណល់របស់ខ្លួន ប៉ុន្តែចំណែកនាងវិញ ពិតមែនតែនាងខ្វះខាត តែនាងដាក់ប្រាក់ទាំងអស់ គឺអ្វីៗទាំងអស់ដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។