ម៉ាថាយ
២៦ ពេលដែលលោកយេស៊ូបានពោលពាក្យទាំងអស់នោះចប់ហើយ លោកមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកថា៖ ២ «អ្នករាល់គ្នាដឹងថា នៅពីរថ្ងៃទៀតមានបុណ្យរំលង ហើយពេលនោះកូនមនុស្សនឹងត្រូវបញ្ជូនទៅឲ្យគេព្យួរលើបង្គោល»។
៣ នៅពេលនោះ ពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបានជួបជុំគ្នានៅទីធ្លាផ្ទះរបស់សម្ដេចសង្ឃឈ្មោះកៃផាស ៤ រួចបានប្រឹក្សាគ្នារិះរកល្បិចកលដើម្បីចាប់ហើយសម្លាប់លោកយេស៊ូ។ ៥ ក៏ប៉ុន្តែ ពួកគេបាននិយាយម្ដងហើយម្ដងទៀតថា៖ «កុំធ្វើក្នុងអំឡុងពេលបុណ្យ ខ្លាចក្រែងបណ្ដាជនកើតចលាចល»។
៦ ពេលដែលលោកយេស៊ូនៅភូមិបេថានីក្នុងផ្ទះរបស់ស៊ីម៉ូនដែលធ្លាប់កើតជំងឺឃ្លង់ ៧ នោះស្ត្រីម្នាក់ដែលមានប្រេងក្រអូបដ៏ថ្លៃក្នុងដបថ្មកែវមួយបានមក ហើយចាប់ផ្ដើមចាក់ប្រេងលើក្បាលរបស់លោក ពេលលោកកំពុងអង្គុយនៅតុ។ ៨ ឃើញដូច្នេះ អ្នកកាន់តាមលោកបានទាស់ចិត្ត ក៏និយាយថា៖ «ហេតុអ្វីបង្ខាតចោលដូច្នេះ? ៩ ព្រោះបើលក់ប្រេងនេះអាចបានថ្លៃណាស់ ហើយអាចចែកអ្នកក្របាន»។ ១០ ដោយជ្រាបអំពីរឿងនេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ហេតុអ្វីអ្នករាល់គ្នាខំរករឿងស្ត្រីនេះដូច្នេះ? នាងបានធ្វើអំពើល្អចំពោះខ្ញុំ។ ១១ ព្រោះអ្នកតែងតែមានអ្នកក្រនៅជាមួយ ប៉ុន្តែអ្នកនឹងមិនមានខ្ញុំនៅជាមួយនឹងអ្នករាល់គ្នារហូតទេ។ ១២ ដោយសារសពរបស់ខ្ញុំនឹងត្រូវយកទៅបញ្ចុះ នោះនាងបានចាក់ប្រេងក្រអូបលើរូបកាយខ្ញុំទុកជាមុន។ ១៣ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នៅគ្រប់កន្លែងក្នុងពិភពលោក ដែលដំណឹងល្អនេះត្រូវផ្សព្វផ្សាយ អ្វីដែលស្ត្រីនេះបានធ្វើក៏នឹងត្រូវរៀបរាប់ដែរ ដើម្បីរំលឹកអំពីនាង»។
១៤ រួចមក យូដាសអ៊ីស្ការីយ៉ុតពីចំណោមអ្នកកាន់តាមទាំងដប់ពីរនាក់ បានទៅជួបពួកសង្ឃនាយក ១៥ ហើយបានសួរថា៖ «បើខ្ញុំបញ្ជូន* អ្នកនោះមកឲ្យអ្នករាល់គ្នា តើនឹងឲ្យអ្វីមកខ្ញុំ?»។ ពួកគេបានព្រមព្រៀងគ្នាថានឹងឲ្យសាមសិបកាក់ធ្វើពីប្រាក់។ ១៦ ចាប់ពីពេលនោះមក គាត់ខំរកឱកាសល្អដើម្បីក្បត់លោក។
១៧ នៅថ្ងៃដំបូងនៃបុណ្យនំឥតដំបែ ពួកអ្នកកាន់តាមបានមកឯលោកយេស៊ូហើយសួរថា៖ «តើលោកចង់ឲ្យយើងទៅរៀបចំឲ្យលោកពិសាអាហារបុណ្យរំលងនៅកន្លែងណា?»។ ១៨ លោកប្រាប់ពួកគាត់ថា៖ «ចូរចូលទៅក្នុងក្រុង រួចទៅឯអ្នកនោះហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា៖ ‹ពេលកំណត់របស់ខ្ញុំគឺជិតដល់ហើយ។ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំ នៅផ្ទះរបស់អ្នក›»។ ១៩ រួចមក អ្នកកាន់តាមបានធ្វើតាមបង្គាប់លោកយេស៊ូ ក៏បានរៀបចំអ្វីៗជាស្រេចសម្រាប់បុណ្យរំលង។
២០ ពេលព្រលប់ លោកអង្គុយរួមតុជាមួយនឹងអ្នកកាន់តាមទាំងដប់ពីរនាក់។ ២១ កាលដែលលោកនិងពួកគាត់កំពុងពិសាអាហារ លោកមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់នឹងក្បត់ខ្ញុំ»។ ២២ ឮដូច្នេះ ពួកគាត់ព្រួយចិត្តជាខ្លាំង ក៏ចាប់ផ្ដើមសួរលោកម្នាក់ម្ដងៗថា៖ «លោកម្ចាស់ មិនមែនខ្ញុំទេ មែនទេ?»។ ២៣ លោកតបឆ្លើយថា៖ «អ្នកដែលលូកដៃក្នុងចានជាមួយនឹងខ្ញុំ ជាអ្នកដែលនឹងក្បត់ខ្ញុំ។ ២៤ ពិតមែន កូនមនុស្សនឹងចាកចេញទៅ ដូចអ្វីដែលបានត្រូវសរសេរអំពីលោក។ ប៉ុន្តែបុរសដែលគេប្រើដើម្បីបញ្ជូន* លោក ត្រូវវេទនាណាស់! ចំពោះអ្នកនោះ បើគាត់មិនបានកើតមកទេ នោះប្រសើរជាង»។ ២៥ យូដាសដែលហៀបនឹងក្បត់លោក បានតបឆ្លើយដោយសួរថា៖ «រ៉ាប៊ី* មិនមែនខ្ញុំទេ មែនទេ?»។ លោកមានប្រសាសន៍ទៅគាត់ថា៖ «គឺអ្នកហើយដែលនិយាយ»។
២៦ ពេលដែលពួកគាត់កំពុងពិសា លោកយកនំប៉័ងមួយដុំ អធិដ្ឋាន រួចកាច់ ហើយឲ្យដល់ពួកគាត់ ដោយពោលថា៖ «ចូរយកពិសាចុះ។ នេះជាតំណាងរូបកាយរបស់ខ្ញុំ»។ ២៧ លោកក៏បានយកពែងមួយ អរគុណព្រះ រួចឲ្យដល់ពួកគាត់ ដោយពោលថា៖ «ចូរអ្នកទាំងអស់គ្នាពិសាពីពែងនេះ ២៨ ព្រោះនេះជាតំណាង‹ឈាមរបស់ខ្ញុំដែលសម្រាប់កិច្ចព្រមព្រៀង›។ ឈាមនោះនឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន ដើម្បីឲ្យពួកគេទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន។ ២៩ ខ្ញុំប្រាប់អ្នករាល់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរនេះទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំពិសាស្រាទំពាំងបាយជូរថ្មីជាមួយនឹងអ្នករាល់គ្នាក្នុងរាជាណាចក្ររបស់បិតាខ្ញុំ»។ ៣០ រួចមក ក្រោយពីបានច្រៀងសរសើរព្រះហើយ លោកនិងពួកគាត់បានចេញទៅភ្នំដើមអូលីវ។
៣១ ពេលនោះ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «នៅយប់នេះ អ្នកទាំងអស់គ្នានឹងជំពប់ដួល* ដោយសារអ្វីដែលកើតឡើងដល់ខ្ញុំ ពីព្រោះបទគម្ពីរចែងថា៖ ‹ខ្ញុំនឹងវាយគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ›។ ៣២ ប៉ុន្តែក្រោយពីខ្ញុំបានត្រូវប្រោសឲ្យរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេហើយរង់ចាំអ្នករាល់គ្នានៅទីនោះ»។ ៣៣ ប៉ុន្តែពេត្រុសតបទៅលោកថា៖ «ទោះបីពួកគេទាំងអស់គ្នាជំពប់ដួលដោយសារអ្វីដែលកើតឡើងដល់លោកក៏ដោយ ក៏ខ្ញុំនឹងមិនជំពប់ដួលឡើយ!»។ ៣៤ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកការពិតថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធ មិនទទួលស្គាល់ខ្ញុំបីដង»។ ៣៥ ពេត្រុសជម្រាបលោកថា៖ «សូម្បីតែខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនលែងទទួលស្គាល់លោកដែរ»។ ពួកអ្នកកាន់តាមគ្រប់គ្នាក៏និយាយដូចគ្នាដែរ។
៣៦ លុះក្រោយមក លោកយេស៊ូនិងពួកគាត់បានទៅដល់កន្លែងមួយហៅថាហ្គេតសេម៉ានី ហើយលោកប្រាប់អ្នកកាន់តាមថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ពេលខ្ញុំទៅអធិដ្ឋាននៅទីនោះ»។ ៣៧ រួចលោកនាំពេត្រុស និងកូនប្រុសពីរនាក់របស់សេបេដេទៅជាមួយ ហើយក៏តាំងកើតទុក្ខនិងពិបាកចិត្តក្រៃលែង។ ៣៨ លោកប្រាប់ពួកគាត់ថា៖ «ខ្ញុំ* កំពុងកើតទុក្ខស្ទើរនឹងស្លាប់។ សូមនៅទីនេះ ហើយចាំយាមជាមួយនឹងខ្ញុំ»។ ៣៩ ក្រោយមក លោកដើរទៅមុខបន្ដិច ហើយក្រាបមុខដល់ដីរួចអធិដ្ឋានថា៖ «បិតាអើយ! បើអាចធ្វើទៅបាន សូមដកពែង* នេះចេញពីខ្ញុំ។ ប៉ុន្តែសូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច មិនមែនបំណងប្រាថ្នារបស់ខ្ញុំទេ»។
៤០ ក្រោយមក លោកទៅឯពួកអ្នកកាន់តាម ហើយឃើញថាពួកគាត់កំពុងដេកលក់។ រួចលោកសួរពេត្រុសថា៖ «តើអ្នករាល់គ្នាមិនអាចចាំយាមជាមួយនឹងខ្ញុំសូម្បីតែមួយម៉ោងទេឬ? ៤១ ចូរចាំយាមហើយអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួងឡើយ។ ចិត្ត* បានប្រុងប្រៀបជាស្រេចពិតមែន ប៉ុន្តែសាច់ឈាមគឺខ្សោយណាស់»។ ៤២ រួចមក លោកចេញទៅអធិដ្ឋានជាលើកទីពីរ ដោយពោលថា៖ «បិតាខ្ញុំអើយ! ប្រសិនបើមិនអាចដកពែងនេះចេញពីខ្ញុំលុះត្រាតែខ្ញុំផឹកពីពែងនេះ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច»។ ៤៣ បន្ទាប់មក លោកវិលមកម្ដងទៀតហើយឃើញថាពួកគាត់កំពុងដេកលក់ ពីព្រោះងងុយដេកខ្លាំងណាស់។ ៤៤ រួចលោកចេញពីពួកគាត់ទៅអធិដ្ឋានជាលើកទីបី ដោយពោលពាក្យដដែលម្ដងទៀត។ ៤៥ ក្រោយមក លោកទៅឯពួកអ្នកកាន់តាមហើយមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងដេកយកកម្លាំងនៅពេលដ៏សំខាន់នេះ? មើល! ពេលដែលកូនមនុស្សនឹងត្រូវបញ្ជូន* ទៅក្នុងកណ្ដាប់ដៃមនុស្សប្រព្រឹត្តអំពើខុសឆ្គងគឺជិតដល់ហើយ។ ៤៦ ចូរក្រោកឡើង យើងនាំគ្នាទៅ។ មើល! អ្នកដែលក្បត់ខ្ញុំបានមកជិតដល់ហើយ»។ ៤៧ កាលដែលលោកកំពុងមានប្រសាសន៍នៅឡើយ មើល! យូដាសពីចំណោមសាវ័កទាំងដប់ពីរនាក់ បានមកដល់ជាមួយនឹងមនុស្សមួយក្រុមធំដែលពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបានប្រមូលមក។ ពួកគេមកទាំងកាន់ដាវនិងដំបង។
៤៨ អ្នកដែលក្បត់លោកបានប្រាប់ពួកគេនូវសញ្ញាសម្គាល់មួយថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ។ ចាប់ខ្លួនគាត់ទៅ»។ ៤៩ រួចគាត់ដើរតម្រង់ទៅឯលោកយេស៊ូ ហើយពោលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចថើបលោកដោយថ្នម។ ៥០ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកមកទីនេះក្នុងបំណងអ្វី?»។ រួចពួកគេចូលមកចាប់ខ្លួនលោកយេស៊ូ។ ៥១ ប៉ុន្តែខណៈនោះ ម្នាក់ក្នុងចំណោមអ្នកដែលនៅជាមួយនឹងលោកយេស៊ូ បានលូកដៃទៅដកដាវចេញ ហើយបានកាប់ដាច់ស្លឹកត្រចៀករបស់ខ្ញុំបម្រើសម្ដេចសង្ឃ។ ៥២ នោះលោកយេស៊ូមានប្រសាសន៍ទៅអ្នកនោះថា៖ «ចូរស៊កដាវរបស់អ្នកទៅក្នុងស្រោមវិញ ព្រោះអស់អ្នកដែលប្រើដាវក៏នឹងស្លាប់ដោយដាវដែរ។ ៥៣ ឬក៏ តើអ្នកមិនគិតថាខ្ញុំអាចអង្វរបិតាខ្ញុំឲ្យចាត់ទេវតាដប់ពីរកងពលមកភ្លាមៗទេឬ? ៥៤ បើយ៉ាងនោះ តើធ្វើដូចម្ដេចឲ្យសម្រេចនូវបទគម្ពីរថា ត្រូវកើតឡើងដូច្នេះ?» ៥៥ នៅពេលនោះ លោកយេស៊ូមានប្រសាសន៍ទៅបណ្ដាជនថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរប្លន់ដូច្នេះ? ខ្ញុំធ្លាប់អង្គុយបង្រៀននៅក្នុងវិហាររៀងរាល់ថ្ងៃ តែអ្នករាល់គ្នាមិនបានមកចាប់ខ្ញុំទេ។ ៥៦ ប៉ុន្តែការទាំងនេះបានកើតឡើង ដើម្បីសម្រេចនូវបទគម្ពីររបស់ពួកអ្នកប្រកាសទំនាយ»។ រួចពួកអ្នកកាន់តាមបានរត់ចោលលោកទាំងអស់គ្នា។
៥៧ អ្នកដែលបានចាប់ខ្លួនលោកយេស៊ូបាននាំលោកទៅផ្ទះរបស់កៃផាស ជាសម្ដេចសង្ឃ។ នៅទីនោះពួកអ្នកជំនាញខាងច្បាប់និងពួកបុរសចាស់ទុំបានជួបជុំគ្នាជាមួយនឹងកៃផាស។ ៥៨ ប៉ុន្តែពេត្រុសបានដើរតាមក្រោយ ឆ្ងាយល្មមពីលោក រហូតទៅដល់ទីធ្លាផ្ទះរបស់សម្ដេចសង្ឃ លុះក្រោយពីបានចូលទីធ្លាហើយ គាត់ក៏អង្គុយជាមួយនឹងពួកអ្នកថែទាំផ្ទះ ដើម្បីឲ្យដឹងថារឿងនោះនឹងទៅជាយ៉ាងណា។
៥៩ ចន្លោះពេលនោះ ពួកសង្ឃនាយក និងក្រុមប្រឹក្សាជាន់ខ្ពស់* ទាំងមូល កំពុងរកសាក្សីឲ្យចោទប្រកាន់លោកយេស៊ូដោយមិនពិត ដើម្បីមានហេតុប្រហារជីវិតលោក ៦០ ប៉ុន្តែទោះជាមានសាក្សីក្លែងក្លាយជាច្រើនចូលមកក៏ដោយ ក៏គេរកមិនបាន។ ក្រោយមក មានសាក្សីក្លែងក្លាយពីរនាក់ចូលមក ៦១ ប្រាប់ថា៖ «បុរសនេះធ្លាប់និយាយថា៖ ‹ខ្ញុំអាចរុះវិហាររបស់ព្រះចោល រួចសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ›»។ ៦២ ឮដូច្នេះ សម្ដេចសង្ឃបានក្រោកឈរសួរលោកថា៖ «តើអ្នកមិនព្រមឆ្លើយសោះឬ? តើអ្នកគិតដូចម្ដេចអំពីអ្វីដែលពួកគេកំពុងចោទប្រកាន់អ្នក?»។ ៦៣ ប៉ុន្តែលោកយេស៊ូនៅស្ងៀម។ ដូច្នេះ សម្ដេចសង្ឃនិយាយទៅលោកថា៖ «ដោយយកព្រះដែលមានជីវិតជាសាក្សី ចូរស្បថថាអ្នកនឹងនិយាយការពិត ហើយប្រាប់យើងថា តើអ្នកជាគ្រិស្ត ជាបុត្ររបស់ព្រះឬមិនមែន!»។ ៦៤ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «គឺអ្នកហើយដែលនិយាយ។ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំនៃឫទ្ធានុភាព* ព្រមទាំងមកលើពពកនៅលើមេឃ»។ ៦៥ នោះសម្ដេចសង្ឃហែកសម្លៀកបំពាក់ក្រៅរបស់គាត់ ហើយពោលថា៖ «អ្នកនេះបាននិយាយប្រមាថព្រះហើយ! តើយើងត្រូវការសាក្សីធ្វើអ្វីទៀត? មើល! អ្នកបានឮអ្នកនេះនិយាយប្រមាថព្រះហើយ។ ៦៦ តើអ្នករាល់គ្នាគិតដូចម្ដេច?»។ ពួកគេឆ្លើយថា៖ «អ្នកនេះគួរតែស្លាប់»។ ៦៧ រួចពួកគេស្ដោះទឹកមាត់ដាក់មុខរបស់លោក ហើយដាល់លោក។ ពួកគេខ្លះទៀតបានទះកំផ្លៀងលោក ៦៨ ដោយនិយាយថា៖ «គ្រិស្តឯងប្រកាសទំនាយមក តើអ្នកណាវាយឯង?»។
៦៩ ពេលនោះ ពេត្រុសកំពុងអង្គុយខាងក្រៅក្នុងទីធ្លា ហើយស្ត្រីអ្នកបម្រើម្នាក់បានចូលមកជិតគាត់ ដោយនិយាយថា៖ «អ្នកក៏បាននៅជាមួយនឹងយេស៊ូពីស្រុកកាលីឡេដែរ!»។ ៧០ ប៉ុន្តែគាត់បដិសេធនៅមុខពួកគេទាំងអស់គ្នាថា៖ «អ្នកច្រឡំមនុស្សហើយ»។ ៧១ ក្រោយពីគាត់បានចេញទៅបន្ទប់ជាប់ខ្លោងទ្វារចូល នោះស្ត្រីម្នាក់ទៀតបានឃើញគាត់ ក៏បានប្រាប់ពួកអ្នកនៅទីនោះថា៖ «បុរសនេះធ្លាប់នៅជាមួយនឹងយេស៊ូពីក្រុងណាសារ៉ែត» ៧២ ហើយពេត្រុសបដិសេធម្ដងទៀតដោយស្បថថា៖ «ខ្ញុំមិនស្គាល់បុរសនោះទេ!»។ ៧៣ មិនយូរក្រោយមក ពួកអ្នកដែលឈរនៅក្បែរបានចូលមកជិតពេត្រុសហើយនិយាយថា៖ «អ្នកច្បាស់ជាពួកនោះដែរ ព្រោះរបៀបអ្នកនិយាយបញ្ជាក់ឲ្យយើងដឹង»។ ៧៤ ពេលនោះគាត់ចាប់ផ្ដើមដាក់បណ្ដាសាខ្លួនឯង ហើយស្បថថា៖ «ខ្ញុំមិនស្គាល់បុរសនោះទេ!»។ រំពេចនោះ មាន់ក៏រងាវឡើង។ ៧៥ រួចពេត្រុសនឹកឃើញនូវពាក្យដែលលោកយេស៊ូមានប្រសាសន៍ប្រាប់គាត់ថា៖ «មុនមាន់រងាវ អ្នកនឹងបដិសេធ មិនទទួលស្គាល់ខ្ញុំបីដង» រួចគាត់ចេញទៅក្រៅហើយយំដោយនឹកស្ដាយជាខ្លាំង។