ម៉ាកុស
១៤ ពីរថ្ងៃបន្ទាប់មក គឺជាបុណ្យរំលងនិងបុណ្យនំឥតដំបែ ហើយពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់កំពុងរិះរកល្បិចកលដើម្បីចាប់ហើយសម្លាប់លោក ២ ពីព្រោះពួកគេបាននិយាយម្ដងហើយម្ដងទៀតថា៖ «កុំធ្វើក្នុងអំឡុងពេលបុណ្យ ក្រែងលោនាំឲ្យបណ្ដាជនកើតចលាចល»។
៣ រួចពេលដែលលោកនៅភូមិបេថានីកំពុងអង្គុយពិសាអាហារក្នុងផ្ទះរបស់ស៊ីម៉ូនដែលមានជំងឺឃ្លង់ នោះស្ត្រីម្នាក់បានមក ដោយមានប្រេងក្រអូបក្នុងដបថ្មកែវមួយ គឺប្រេងណាដ* សុទ្ធ ដែលមានតម្លៃថ្លៃណាស់។ នាងបំបែកមាត់ដបថ្មកែវនោះ រួចចាប់ផ្ដើមចាក់ប្រេងលើក្បាលលោកយេស៊ូ។ ៤ ឃើញដូច្នេះ អ្នកខ្លះក៏ទាស់ចិត្ត ហើយនិយាយគ្នាថា៖ «ហេតុអ្វីបង្ខាតប្រេងក្រអូបចោលដូច្នេះ? ៥ ព្រោះប្រេងក្រអូបនេះអាចត្រូវលក់បានថ្លៃជាងបីរយឌីណារី* រួចចែកឲ្យអ្នកក្រ!» ហើយពួកគាត់បានខឹងនាងយ៉ាងខ្លាំង។ ៦ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ថា៖ «កុំរំខាននាង។ ហេតុអ្វីអ្នករាល់គ្នាខំរករឿងនាងដូច្នេះ? នាងបានធ្វើអំពើល្អចំពោះខ្ញុំ។ ៧ អ្នកតែងតែមានអ្នកក្រនៅជាមួយ ហើយពេលណាដែលអ្នកចង់ធ្វើល្អចំពោះពួកគេ អ្នកអាចធ្វើបាន។ ប៉ុន្តែអ្នកនឹងមិនមានខ្ញុំនៅជាមួយនឹងអ្នករាល់គ្នារហូតទេ។ ៨ នាងបានធ្វើអស់ពីសមត្ថភាព។ ដោយសារសពរបស់ខ្ញុំនឹងត្រូវយកទៅបញ្ចុះ នោះនាងបានដាក់ប្រេងក្រអូបលើរូបកាយខ្ញុំទុកជាមុន។ ៩ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នៅកន្លែងណាក៏ដោយដែលដំណឹងល្អត្រូវផ្សព្វផ្សាយទូទាំងពិភពលោក គេក៏នឹងរៀបរាប់អំពីអ្វីដែលស្ត្រីនេះបានធ្វើដែរ ដើម្បីរំលឹកអំពីនាង»។
១០ រួចមក យូដាសអ៊ីស្ការីយ៉ុតពីចំណោមសាវ័កទាំងដប់ពីរនាក់បានទៅជួបពួកសង្ឃនាយក ដើម្បីបញ្ជូន* លោកទៅពួកគេ។ ១១ ពេលដែលពួកសង្ឃនាយកឮអ្វីដែលគាត់និយាយ ពួកគេត្រេកអរ ហើយបានសន្យាឲ្យប្រាក់ដល់គាត់។ ដូច្នេះយូដាសចាប់ផ្ដើមរកឱកាសល្អដើម្បីក្បត់លោក។
១២ នៅថ្ងៃដំបូងនៃបុណ្យនំឥតដំបែ ពួកគេមានទម្លាប់បូជាសត្វសម្រាប់បុណ្យរំលង។ ម្ល៉ោះហើយ អ្នកកាន់តាមលោកសួរថា៖ «តើលោកចង់ឲ្យយើងទៅរៀបចំឲ្យលោកពិសាអាហារបុណ្យរំលងនៅកន្លែងណា?»។ ១៣ ដូច្នេះ លោកចាត់អ្នកកាន់តាមពីរនាក់ ដោយប្រាប់ពួកគាត់ថា៖ «ចូរចូលទៅក្នុងក្រុង ហើយអ្នកនឹងជួបបុរសម្នាក់ដែលកំពុងលីក្អមទឹក។ ចូរទៅតាមគាត់។ ១៤ គាត់ចូលក្នុងផ្ទះណា អ្នកចូលក្នុងផ្ទះនោះ រួចប្រាប់ម្ចាស់ផ្ទះថា៖ ‹លោកគ្រូសួរថា៖ «តើបន្ទប់ដែលទុកឲ្យខ្ញុំពិសាអាហារបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំនៅឯណា?»›។ ១៥ គាត់នឹងបង្ហាញបន្ទប់ធំមួយនៅជាន់លើ។ ក្នុងបន្ទប់នោះគេបានដាក់ប្រដាប់ប្រដាសព្វគ្រប់រួចហើយ។ ចូររៀបចំអាហារបុណ្យរំលងសម្រាប់យើងនៅទីនោះ»។ ១៦ ដូច្នេះអ្នកកាន់តាមបានចេញទៅ។ ពេលដែលចូលទៅក្នុងក្រុង ពួកគាត់ឃើញថាអ្វីៗគឺដូចលោកបានមានប្រសាសន៍មែន។ រួចមក ពួកគាត់រៀបចំសម្រាប់បុណ្យរំលង។
១៧ លុះពេលល្ងាច លោកបានទៅទីនោះជាមួយនឹងសាវ័កទាំងដប់ពីរនាក់។ ១៨ កាលដែលលោកនិងពួកគាត់កំពុងអង្គុយពិសាអាហារនៅតុ នោះលោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ក្នុងចំណោមអ្នករាល់គ្នាដែលកំពុងពិសាជាមួយនឹងខ្ញុំ មានម្នាក់នឹងក្បត់ខ្ញុំ»។ ១៩ ពួកគាត់ក៏តាំងកើតទុក្ខ រួចសួរលោកម្នាក់ម្ដងៗថា៖ «មិនមែនខ្ញុំទេ មែនទេ?»។ ២០ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរនាក់ ដែលកំពុងលូកដៃក្នុងចានជាមួយនឹងខ្ញុំ។ ២១ ពិតមែន កូនមនុស្សនឹងចាកចេញ ដូចអ្វីដែលបានត្រូវសរសេរអំពីលោក។ ប៉ុន្តែបុរសដែលគេប្រើដើម្បីបញ្ជូនលោកត្រូវវេទនាណាស់! ចំពោះអ្នកនោះ បើគាត់មិនបានកើតមកទេ នោះគឺប្រសើរជាង»។
២២ ពេលដែលពួកគាត់កំពុងពិសា លោកក៏យកនំប៉័ងមួយដុំ អធិដ្ឋាន រួចកាច់ ហើយឲ្យពួកគាត់ ដោយពោលថា៖ «ចូរយកចុះ។ នេះជាតំណាងរូបកាយរបស់ខ្ញុំ»។ ២៣ រួចមក លោកយកស្រាមួយពែង អរគុណព្រះ ហើយឲ្យពួកគាត់។ បន្ទាប់មក ពួកគាត់ទាំងអស់គ្នាបានពិសាពីពែងនោះ។ ២៤ ក្រោយមក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ស្រានេះជាតំណាង‹ឈាមរបស់ខ្ញុំដែលសម្រាប់កិច្ចព្រមព្រៀង›។ ឈាមនោះនឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន។ ២៥ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំពិសាស្រាទំពាំងបាយជូរថ្មីក្នុងរាជាណាចក្ររបស់ព្រះ»។ ២៦ រួចមក ក្រោយពីបានច្រៀងសរសើរព្រះហើយ លោកនិងពួកគាត់បានចេញទៅភ្នំដើមអូលីវ។
២៧ លោកយេស៊ូមានប្រសាសន៍ទៅកាន់ពួកគាត់ថា៖ «អ្នករាល់គ្នានឹងជំពប់ដួល* ព្រោះបទគម្ពីរចែងថា៖ ‹ខ្ញុំនឹងវាយគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ›។ ២៨ ប៉ុន្តែក្រោយពីខ្ញុំបានត្រូវប្រោសឲ្យរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេហើយរង់ចាំអ្នករាល់គ្នានៅទីនោះ»។ ២៩ ប៉ុន្តែពេត្រុសជម្រាបលោកថា៖ «សូម្បីតែពួកគេទាំងអស់គ្នាជំពប់ដួល ក៏ខ្ញុំនឹងមិនជំពប់ដួលទេ»។ ៣០ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកការពិតថា នៅថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធមិនទទួលស្គាល់ខ្ញុំបីដង»។ ៣១ ប៉ុន្តែគាត់ចាប់ផ្ដើមបញ្ជាក់យ៉ាងខ្លាំងថា៖ «សូម្បីតែខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនលែងទទួលស្គាល់លោកដែរ» ហើយពួកគាត់គ្រប់គ្នាក៏ចាប់ផ្ដើមនិយាយដូចគ្នាដែរ។
៣២ លុះក្រោយមក លោកនិងពួកគាត់បានទៅដល់កន្លែងមួយហៅថា ហ្គេតសេម៉ានី ហើយលោកប្រាប់អ្នកកាន់តាមថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ពេលខ្ញុំទៅអធិដ្ឋាន»។ ៣៣ រួចមក លោកយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ហើយតាំងភាំងស្មារតី និងពិបាកចិត្តក្រៃលែង។ ៣៤ លោកប្រាប់ពួកគាត់ថា៖ «ខ្ញុំ* កំពុងកើតទុក្ខស្ទើរនឹងស្លាប់។ សូមនៅទីនេះ ហើយចាំយាម»។ ៣៥ ក្រោយមក លោកដើរទៅមុខបន្ដិច ហើយក្រាបខ្លួនដល់ដី រួចចាប់ផ្ដើមអធិដ្ឋានសូមឲ្យវេលានេះកន្លងផុតពីលោកទៅ ប្រសិនជាអាចកន្លងផុតទៅបាន។ ៣៦ លោកអធិដ្ឋានថា៖ «អប្បា* បិតាអើយ! លោកអាចសម្រេចគ្រប់ការទាំងអស់បាន។ សូមដកពែង* នេះចេញពីខ្ញុំ។ ប៉ុន្តែសូមឲ្យបំណងរបស់លោកបានសម្រេច មិនមែនបំណងរបស់ខ្ញុំទេ»។ ៣៧ ក្រោយមក លោកវិលមកវិញ ហើយឃើញថាពួកគាត់កំពុងដេកលក់។ ដូច្នេះលោកសួរពេត្រុសថា៖ «ស៊ីម៉ូន តើអ្នកកំពុងដេកលក់ឬ? តើមិនមានកម្លាំងចាំយាមមួយម៉ោងទេឬ? ៣៨ ចូរអ្នករាល់គ្នាចាំយាមហើយអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួងឡើយ។ ចិត្ត* បានប្រុងប្រៀបជាស្រេចពិតមែន ប៉ុន្តែសាច់ឈាមគឺខ្សោយណាស់»។ ៣៩ រួចមក លោកចេញទៅម្ដងទៀតហើយអធិដ្ឋាន ដោយពោលពាក្យដដែល។ ៤០ បន្ទាប់មក លោកវិលមកម្ដងទៀតហើយឃើញថាពួកគាត់កំពុងដេកលក់ ពីព្រោះងងុយដេកខ្លាំងណាស់។ ម្ល៉ោះហើយ ពួកគាត់មិនដឹងឆ្លើយយ៉ាងណាទេ។ ៤១ លោកវិលមកវិញជាលើកទីបីហើយមានប្រសាសន៍ទៅពួកគាត់ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងដេកយកកម្លាំងនៅពេលដ៏សំខាន់នេះ? ណ្ហើយចុះ! ពេលកំណត់បានមកដល់ហើយ! មើល! កូនមនុស្សបានត្រូវបញ្ជូន* ទៅក្នុងកណ្ដាប់ដៃមនុស្សប្រព្រឹត្តអំពើខុសឆ្គងហើយ។ ៤២ ចូរក្រោកឡើង យើងនាំគ្នាទៅ។ មើល! អ្នកដែលក្បត់ខ្ញុំបានមកជិតដល់ហើយ»។
៤៣ ភ្លាមនោះ កាលដែលលោកកំពុងមានប្រសាសន៍ យូដាសពីចំណោមសាវ័កទាំងដប់ពីរនាក់ បានមកដល់ជាមួយនឹងមនុស្សមួយហ្វូងដែលពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកបុរសចាស់ទុំបានប្រមូលមក។ ពួកគេមកទាំងកាន់ដាវនិងដំបង។ ៤៤ អ្នកដែលបានក្បត់លោកបានសន្មតជាមួយនឹងពួកគេអំពីសញ្ញាសម្គាល់មួយ ដោយប្រាប់ថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ។ ត្រូវចាប់គាត់ហើយនាំទៅដោយប្រុងប្រយ័ត្ន»។ ៤៥ គាត់ដើរតម្រង់ទៅឯលោក ហើយពោលថា៖ «រ៉ាប៊ី!»* រួចថើបលោកដោយថ្នម។ ៤៦ ដូច្នេះ ពួកគេក៏បានចាប់លោក។ ៤៧ ក៏ប៉ុន្តែ ក្នុងចំណោមអ្នកដែលកំពុងឈរក្បែរនោះ មានម្នាក់ដកដាវ រួចកាប់ដាច់ស្លឹកត្រចៀករបស់ខ្ញុំបម្រើសម្ដេចសង្ឃ។ ៤៨ ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរប្លន់ដូច្នេះ? ៤៩ ខ្ញុំធ្លាប់នៅជាមួយនឹងអ្នករាល់គ្នារៀងរាល់ថ្ងៃក្នុងវិហារ ហើយបានបង្រៀន តែអ្នកមិនបានមកចាប់ខ្ញុំទេ។ ទោះជាយ៉ាងនោះក៏ដោយ នេះគឺដើម្បីសម្រេចតាមបទគម្ពីរ»។
៥០ រួចអ្នកកាន់តាមបានរត់ចោលលោកទាំងអស់គ្នា។ ៥១ ប៉ុន្តែយុវជនម្នាក់ ដែលមានសំពត់សាច់ល្អមួយផ្ទាំងដណ្ដប់ខ្លួន* ចាប់ផ្ដើមដើរតាមក្រោយលោក ហើយពួកគេខំចាប់គាត់ដែរ។ ៥២ ប៉ុន្តែគាត់ចោលសំពត់សាច់ល្អនោះ ហើយគេចចេញទៅដោយគ្មានអ្វីដណ្ដប់។*
៥៣ ក្រោយមក ពួកគេនាំលោកយេស៊ូទៅឯសម្ដេចសង្ឃ ហើយពួកសង្ឃនាយក ពួកបុរសចាស់ទុំ និងពួកអ្នកជំនាញខាងច្បាប់គ្រប់គ្នាបានជួបជុំគ្នា។ ៥៤ ប៉ុន្តែពេត្រុសបានដើរតាមក្រោយ ឆ្ងាយល្មមពីលោក រហូតទៅដល់ទីធ្លាផ្ទះរបស់សម្ដេចសង្ឃ រួចគាត់បានអង្គុយអាំងភ្លើងជាមួយនឹងពួកអ្នកថែទាំផ្ទះ។ ៥៥ ចន្លោះពេលនោះ ពួកសង្ឃនាយកនិងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល កំពុងរកសាក្សីឲ្យចោទប្រកាន់លោកយេស៊ូ ដើម្បីមានហេតុប្រហារជីវិតលោក។ ប៉ុន្តែពួកគេរកមិនបាន។ ៥៦ ពិតមែនតែមានសាក្សីក្លែងក្លាយជាច្រើនដែលបានចោទប្រកាន់លោក ប៉ុន្តែសម្ដីរបស់ពួកគេមិនស្របគ្នាទេ។ ៥៧ ក៏មានអ្នកខ្លះទៀតដែលបានចេញមកធ្វើជាសាក្សីក្លែងក្លាយហើយចោទប្រកាន់លោក ដោយពោលថា៖ ៥៨ «យើងធ្លាប់ឮគាត់និយាយថា៖ ‹វិហារនេះដែលបានត្រូវសង់ដោយដៃមនុស្ស ខ្ញុំនឹងរុះចោល ហើយបីថ្ងៃក្រោយមកខ្ញុំនឹងសង់មួយទៀតដែលមិនសង់ដោយដៃមនុស្សទេ›»។ ៥៩ ប៉ុន្តែ ពេលដែលពួកគេចោទប្រកាន់អំពីរឿងនេះ សម្ដីរបស់ពួកគេក៏មិនស្របគ្នាដែរ។
៦០ នៅទីបំផុត សម្ដេចសង្ឃបានក្រោកឈរក្នុងចំណោមពួកគេ រួចសួរលោកយេស៊ូថា៖ «តើអ្នកមិនព្រមឆ្លើយសោះឬ? តើអ្នកគិតដូចម្ដេចអំពីអ្វីដែលពួកគេកំពុងចោទប្រកាន់អ្នក?»។ ៦១ ប៉ុន្តែលោកនៅស្ងៀម ហើយមិនតបឆ្លើយសោះ។ សម្ដេចសង្ឃសួរលោកម្ដងទៀតថា៖ «តើអ្នកជាគ្រិស្ត ជាបុត្ររបស់ព្រះ* ឬ?»។ ៦២ រួចលោកយេស៊ូឆ្លើយថា៖ «ខ្ញុំជាអ្នកនោះ ហើយអ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំនៃឫទ្ធានុភាព* ព្រមទាំងមកជាមួយនឹងពពកនៅលើមេឃ»។ ៦៣ ឮដូច្នេះ សម្ដេចសង្ឃក៏ហែកសម្លៀកបំពាក់ក្នុងរបស់គាត់ ហើយនិយាយថា៖ «តើយើងត្រូវការសាក្សីធ្វើអ្វីទៀត? ៦៤ អ្នកបានឮអ្នកនេះនិយាយប្រមាថព្រះហើយ។ តើអ្នករាល់គ្នាគិតដូចម្ដេច?»។ ពួកគេទាំងអស់គ្នាកាត់ទោសលោកយេស៊ូថា គួរតែស្លាប់។ ៦៥ ពួកគេខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ ក៏បានគ្របមុខលោកហើយដាល់លោក រួចនិយាយថា៖ «បើឯងចេះប្រកាសទំនាយមែន តើអ្នកណាបានវាយឯង? ចូរប្រាប់មក!»។ ក្រោយមក មន្ត្រីជំនួយតុលាការបានទះកំផ្លៀងលោក រួចនាំយកទៅ។
៦៦ កាលដែលពេត្រុសនៅខាងក្រោមក្នុងទីធ្លា ស្ត្រីអ្នកបម្រើម្នាក់របស់សម្ដេចសង្ឃបានមក ៦៧ ហើយពេលនាងឃើញពេត្រុសកំពុងអាំងភ្លើងនោះ នាងបានមើលចំគាត់ហើយនិយាយថា៖ «អ្នកក៏បាននៅជាមួយនឹងយេស៊ូនេះ ពីក្រុងណាសារ៉ែតដែរ»។ ៦៨ ប៉ុន្តែគាត់បដិសេធ ដោយនិយាយថា៖ «ខ្ញុំមិនស្គាល់គាត់ទេ ហើយក៏មិនយល់អ្វីដែលអ្នកកំពុងនិយាយដែរ» រួចគាត់ចេញទៅល្វែងក្រៅ។ ៦៩ នៅទីនោះ ពេលស្ត្រីអ្នកបម្រើឃើញគាត់ នាងចាប់ផ្ដើមនិយាយម្ដងទៀតប្រាប់ពួកអ្នកដែលឈរនៅក្បែរថា៖ «ម្នាក់នេះជាពួកនោះដែរ»។ ៧០ គាត់បដិសេធម្ដងទៀត។ ហើយមួយលើកទៀត មិនយូរក្រោយមក ពួកអ្នកដែលឈរនៅក្បែរចាប់ផ្ដើមនិយាយទៅកាន់ពេត្រុសថា៖ «អ្នកច្បាស់ជាពួកនោះដែរ ព្រោះអ្នកប្រាកដជាមកពីស្រុកកាលីឡេ»។ ៧១ ប៉ុន្តែគាត់ចាប់ផ្ដើមដាក់បណ្ដាសាខ្លួនឯង ហើយស្បថថា៖ «ខ្ញុំមិនស្គាល់បុរសដែលអ្នករាល់គ្នានិយាយនោះទេ»។ ៧២ រំពេចនោះ មាន់រងាវជាលើកទីពីរ ហើយពេត្រុសក៏នឹកឃើញអ្វីដែលលោកយេស៊ូប្រាប់គាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងបដិសេធ មិនទទួលស្គាល់ខ្ញុំបីដង» រួចគាត់រំជួលចិត្តក្រៃលែងហើយក៏ចាប់យំ។