លូកា
២៤ ក៏ប៉ុន្តែ នៅថ្ងៃដំបូងនៃសប្ដាហ៍នោះ ពួកគាត់បានទៅទីបញ្ចុះសពតាំងពីព្រលឹមស្រាងៗ ដោយយកគ្រឿងក្រអូបដែលពួកគាត់បានរៀបចំទៅជាមួយផង ២ តែពួកគាត់ឃើញថាថ្មបានត្រូវប្រមៀលចេញពីទីបញ្ចុះសព ៣ ហើយពេលដែលចូលទៅ ពួកគាត់មិនបានឃើញសពរបស់លោកម្ចាស់យេស៊ូឡើយ។ ៤ ពេលដែលពួកគាត់កំពុងងឿងឆ្ងល់អំពីរឿងនេះ មើល! បុរសពីរនាក់ដែលមានសម្លៀកបំពាក់ភ្លឺចិញ្ចាចចិញ្ចែងបានឈរក្បែរពួកគាត់។ ៥ ពេលដែលស្ត្រីទាំងនោះចាប់ផ្ដើមភ័យខ្លាច ហើយឱនមុខចុះ បុរសទាំងនោះក៏និយាយទៅកាន់ពួកគាត់ថា៖ «ហេតុអ្វីពួកនាងមករកលោកដែលមានជីវិតរស់នៅ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? ៦ [[លោកមិននៅទីនេះទេ តែបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ]]* សូមនឹកឃើញអ្វីដែលលោកបានមានប្រសាសន៍ទៅអ្នករាល់គ្នា កាលដែលលោកនៅស្រុកកាលីឡេនៅឡើយ ៧ ថាជាការចាំបាច់ដែលកូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង ហើយត្រូវគេព្យួរ តែនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ»។ ៨ ដូច្នេះ ពួកគាត់បាននឹកឃើញប្រសាសន៍របស់លោក ៩ ហើយបានចេញពីទីបញ្ចុះសពត្រឡប់ទៅវិញ ក៏រៀបរាប់ពីការទាំងអស់នេះប្រាប់សាវ័កទាំងដប់មួយនាក់ និងអ្នកកាន់តាមឯទៀតទាំងអស់។ ១០ ស្ត្រីទាំងនោះមានម៉ារៀម៉ាក់ដាឡេន យ៉ូហាណា និងម៉ារៀជាម្ដាយយ៉ាកុប។ ពួកស្ត្រីទាំងប៉ុន្មានទៀតដែលនៅជាមួយនឹងពួកគាត់ក៏បានរៀបរាប់ប្រាប់ពួកសាវ័កពីការទាំងនេះដែរ។ ១១ ក៏ប៉ុន្តែ ពួកសាវ័កនិងអ្នកកាន់តាមឯទៀតបានគិតថាសម្ដីរបស់ស្ត្រីទាំងនោះគឺមិនសមហេតុសមផលឡើយ ហើយមិនព្រមជឿពួកស្ត្រីនោះទេ។
១២ [[ប៉ុន្តែពេត្រុសបានក្រោកឡើងរត់ទៅទីបញ្ចុះសព រួចបានឱនមើល ឃើញតែចម្រៀកក្រណាត់រុំសពទទេ។ ដូច្នេះ គាត់ចេញទៅទាំងងឿងឆ្ងល់អំពីអ្វីដែលបានកើតឡើង]]*
១៣ ប៉ុន្តែ មើល! នៅថ្ងៃនោះឯង មានអ្នកកាន់តាមពីរនាក់កំពុងធ្វើដំណើរទៅភូមិមួយឈ្មោះអេម៉ាស ដែលស្ថិតនៅចម្ងាយជាងដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡិម ១៤ ហើយពួកគាត់កំពុងពិភាក្សាគ្នាអំពីការទាំងអស់នេះដែលបានកើតឡើង។
១៥ កាលដែលពួកគាត់កំពុងជជែកពិភាក្សាគ្នានោះ លោកយេស៊ូផ្ទាល់បានចូលទៅជិតហើយចាប់ផ្ដើមដើរជាមួយនឹងពួកគាត់ ១៦ ប៉ុន្តែពួកគាត់មើលមិនស្គាល់លោកទេ។ ១៧ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើអ្នករាល់គ្នាកំពុងដើរបណ្ដើរជជែកគ្នាបណ្ដើរអំពីរឿងអ្វី?»។ ពួកគាត់ឈប់ដើរ រួចមានទឹកមុខព្រួយ ១៨ ហើយម្នាក់ឈ្មោះក្លេវប៉ាសក្នុងចំណោមអ្នកកាន់តាមទាំងពីរនោះក៏ជម្រាបលោកថា៖ «តើអ្នកជាជនជាតិដទៃដែលស្នាក់នៅដាច់ពីគេនៅក្រុងយេរូសាឡិម បានជាមិនដឹងអំពីការទាំងប៉ុន្មានដែលបានកើតឡើងក្នុងនាងពេលថ្មីៗនេះឬ?»។ ១៩ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ការអ្វីទៅ?»។ ពួកគាត់និយាយថា៖ «អំពីលោកយេស៊ូពីក្រុងណាសារ៉ែត ដែលបានសឲ្យឃើញថាជាអ្នកប្រកាសទំនាយដែលមានឫទ្ធានុភាពខ្លាំងក្លានៅចំពោះព្រះនិងបណ្ដាជនទាំងឡាយ ក្នុងពាក្យសម្ដីនិងក្នុងកិច្ចការដែលលោកបានធ្វើ ២០ ហើយអំពីរបៀបដែលពួកសង្ឃនាយកនិងអ្នកគ្រប់គ្រងរបស់យើងបានប្រគល់លោកទៅឲ្យគេកាត់ទោសប្រហារជីវិត ហើយបានព្យួរលោក។ ២១ ប៉ុន្តែយើងបានសង្ឃឹមថា បុរសនេះជាអ្នកដែលត្រូវសង្គ្រោះអ៊ីស្រាអែល។ ក្រៅពីការទាំងនេះ បីថ្ងៃបានកន្លងទៅហើយតាំងពីហេតុការណ៍ទាំងនេះបានកើតឡើង។ ២២ ម្យ៉ាងទៀត ស្ត្រីខ្លះពីចំណោមពួកយើងបានធ្វើឲ្យយើងងឿងឆ្ងល់ជាខ្លាំង ពីព្រោះពួកគាត់បានទៅទីបញ្ចុះសពតាំងពីព្រលឹម ២៣ ប៉ុន្តែមិនបានឃើញសពរបស់លោកឡើយ ក៏បានមកប្រាប់ថាពួកគាត់ឃើញអ្វីដ៏អស្ចារ្យ គឺទេវតាដែលប្រាប់ថាលោកកំពុងរស់នៅ។ ២៤ មិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះពីចំណោមយើងបានចេញទៅទីបញ្ចុះសព ក៏ឃើញដូចស្ត្រីទាំងនោះបានប្រាប់ ប៉ុន្តែពួកគាត់មិនបានឃើញលោកទេ»។
២៥ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ឱមនុស្សដែលមិនព្រមពិចារណា ហើយយឺតនឹងជឿពាក្យទាំងអស់របស់អ្នកប្រកាសទំនាយអើយ! ២៦ គ្រិស្តត្រូវរងទុក្ខដូច្នេះ ដើម្បីបានសិរីរុងរឿងដែលលោកត្រូវទទួល មែនទេ?»។ ២៧ រួចលោកក៏តាំងបកស្រាយប្រាប់ពួកគាត់នូវអ្វីៗស្តីអំពីលោកក្នុងបទគម្ពីរទាំងឡាយ ចាប់តាំងពីម៉ូសេនិងពួកអ្នកប្រកាសទំនាយគ្រប់រូប។
២៨ លុះក្រោយមក ពួកគាត់បានទៅជិតដល់ភូមិដែលពួកគាត់បម្រុងនឹងទៅ ហើយលោកបានធ្វើដូចជាត្រូវធ្វើដំណើរហួសពីកន្លែងនោះ។ ២៩ ប៉ុន្តែពួកគាត់បានបង្ខំលោកថា៖ «ចូរស្នាក់នៅជាមួយនឹងយើងទៅ ពីព្រោះជិតល្ងាចហើយ ថែមទាំងថ្ងៃក៏ទាបណាស់ផង»។ រួចលោកបានចូលស្នាក់នៅជាមួយនឹងពួកគាត់ ៣០ រួចកាលដែលលោកកំពុងអង្គុយរួមតុជាមួយនឹងពួកគាត់ លោកយកនំប៉័ងមួយដុំ អធិដ្ឋាន កាច់នំប៉័ងនោះ ហើយចាប់ផ្ដើមឲ្យដល់ពួកគាត់។ ៣១ ពេលនោះពួកគាត់ដឹងថាលោកជាអ្នកណា ក៏ស្គាល់លោក ស្រាប់តែលោកបាត់ភ្លាមពីចំណោមពួកគាត់។ ៣២ រួចពួកគាត់និយាយគ្នាថា៖ «យើងបានរំភើបចិត្តជាខ្លាំង កាលដែលលោកកំពុងមានប្រសាសន៍មកយើងតាមផ្លូវ ហើយកំពុងពន្យល់បទគម្ពីរយ៉ាងអស់សេចក្ដីឲ្យយើងយល់ មែនទេ?»។ ៣៣ នៅម៉ោងនោះឯង ពួកគាត់បានក្រោកឡើងត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយឃើញថាសាវ័កទាំងដប់មួយនាក់និងអ្នកកាន់តាមឯទៀតនៅជុំគ្នា ៣៤ ហើយកំពុងនិយាយថា៖ «លោកម្ចាស់បានត្រូវប្រោសឲ្យរស់ឡើងវិញពិតមែន! ហើយលោកបានលេចមកជួបស៊ីម៉ូន!»។ ៣៥ រួចមក ពួកគាត់រៀបរាប់ប្រាប់អំពីហេតុការណ៍ដែលបានកើតឡើងតាមផ្លូវ និងអំពីរបៀបពួកគាត់បានស្គាល់លោកពេលដែលលោកកាច់នំប៉័ង។
៣៦ កាលដែលពួកគាត់កំពុងនិយាយអំពីការទាំងនេះ លោកបានលេចមកក្នុងចំណោមពួកគាត់ [[ក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ»]]* ៣៧ ប៉ុន្តែពីព្រោះពួកគាត់នឹកស្មានថាពួកគាត់កំពុងមើលឃើញវិញ្ញាណ* មួយ នោះពួកគាត់រន្ធត់ ក៏តាំងភ័យខ្លាច។ ៣៨ ដូច្នេះ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងវិលវល់ក្នុងគំនិតដូច្នេះ? ហើយហេតុអ្វីក៏បែរជាសង្ស័យក្នុងចិត្ត? ៣៩ ចូរមើលដៃនិងជើងរបស់ខ្ញុំ គឺខ្ញុំទេ។ ចូរពាល់ខ្ញុំ ហើយមើលចុះ ពីព្រោះវិញ្ញាណមិនមានសាច់និងឆ្អឹងដូចអ្នកឃើញថាខ្ញុំមាននោះទេ»។ ៤០ [[កាលដែលកំពុងមានប្រសាសន៍ លោកបានបង្ហាញដៃនិងជើងរបស់លោកឲ្យពួកគាត់ឃើញ]]* ៤១ ប៉ុន្តែកាលដែលពួកគាត់នៅតែមិនជឿ ព្រោះពួកគាត់ត្រេកអរក្រៃលែងហើយកំពុងងឿងឆ្ងល់ នោះលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើនៅទីនេះមានអ្វីបរិភោគទេ?»។ ៤២ រួចពួកគាត់ហុចត្រីអាំងមួយដុំជូនលោក ៤៣ ហើយលោកយកមកពិសានៅមុខពួកគាត់។
៤៤ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរនឹកឃើញសម្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នាកាលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ គឺអ្វីៗទាំងអស់ដែលបានត្រូវសរសេរអំពីខ្ញុំក្នុងច្បាប់ម៉ូសេ ក្នុងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ និងក្នុងបទទំនុកតម្កើង ត្រូវតែសម្រេច»។ ៤៥ រួចលោកបានបំភ្លឺគំនិតរបស់ពួកគាត់យ៉ាងពេញលេញ ដើម្បីយល់អត្ថន័យនៃបទគម្ពីរ ៤៦ លោកក៏មានប្រសាសន៍ទៅពួកគាត់ថា៖ «បទគម្ពីរបានចែងដូច្នេះថា គ្រិស្តនឹងរងទុក្ខ រួចនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ៤៧ ហើយក្នុងគ្រប់ប្រជាជាតិនឹងមានការផ្សព្វផ្សាយថា ពួកគេត្រូវប្រែចិត្តដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គង ដោយសារនាមរបស់លោក។ ដោយចាប់ផ្ដើមនៅក្រុងយេរូសាឡិម ៤៨ អ្នករាល់គ្នាត្រូវធ្វើជាសាក្សីពីការទាំងនេះ។ ៤៩ ហើយមើល! ខ្ញុំនឹងផ្ដល់អ្វីដែលបិតាខ្ញុំបានសន្យា ឲ្យសណ្ឋិតលើអ្នក។ ចំណែកអ្នករាល់គ្នាវិញ ចូរនៅក្នុងក្រុងរហូតដល់អ្នករាល់គ្នាទទួលឫទ្ធានុភាពពីស្ថានលើ»។
៥០ ប៉ុន្តែលោកបាននាំពួកគាត់ចេញទៅរហូតដល់ភូមិបេថានី រួចបានលើកដៃឡើងឲ្យពរពួកគាត់។ ៥១ កាលដែលលោកកំពុងឲ្យពរ លោកចាកចេញពីពួកគាត់ ហើយព្រះយកលោកឡើងទៅស្ថានសួគ៌។ ៥២ ពួកគាត់បានលំឱនកាយគោរពលោក រួចត្រឡប់ទៅក្រុងយេរូសាឡិមវិញដោយមានអំណរជាពន់ពេក ៥៣ ហើយពួកគាត់នៅក្នុងវិហារជានិច្ច ដោយសរសើរព្រះ។