យ៉ូហាន
៤ កាលដែលលោកម្ចាស់ដឹងថាពួកផារិស៊ីបានឮថា ចំនួនមនុស្សដែលកំពុងទៅជាអ្នកកាន់តាមលោកយេស៊ូហើយដែលលោកកំពុងជ្រមុជទឹក* ឲ្យ គឺច្រើនជាងចំនួនមនុស្សដែលយ៉ូហានកំពុងជ្រមុជទឹកឲ្យទៅជាអ្នកកាន់តាម ២ (តាមពិតលោកយេស៊ូមិនបានជ្រមុជទឹកឲ្យអ្នកណាដោយផ្ទាល់ឡើយ តែពួកអ្នកកាន់តាមលោកបានជ្រមុជទឹកឲ្យគេវិញ) ៣ នោះលោកបានចេញពីតំបន់យូឌាទៅស្រុកកាលីឡេម្ដងទៀត។ ៤ ប៉ុន្តែលោកត្រូវតែធ្វើដំណើរកាត់ស្រុកសាម៉ារី។ ៥ ដូច្នេះ លោកបានទៅដល់ក្រុងមួយហៅថាស៊ីខា នៅស្រុកសាម៉ារី ជិតដីវាលដែលយ៉ាកុបបានឲ្យដល់យ៉ូសែប ជាកូនប្រុសគាត់ ៦ ហើយអណ្ដូងរបស់យ៉ាកុបក៏នៅទីនោះដែរ។ ឯលោកយេស៊ូ លោកអស់កម្លាំងដោយសារការធ្វើដំណើរ ហើយកំពុងអង្គុយនៅអណ្ដូងនោះ។ ពេលនោះប្រហែលម៉ោងទីប្រាំមួយ។*
៧ ស្ត្រីជនជាតិសាម៉ារីម្នាក់បានមកដងទឹក។ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «សូមឲ្យខ្ញុំផឹកផង»។ ៨ (ព្រោះពួកអ្នកកាន់តាមលោកបានចេញទៅក្រុងដើម្បីទិញស្បៀងអាហារ)។ ៩ ម្ល៉ោះហើយ ស្ត្រីជនជាតិសាម៉ារីសួរលោកថា៖ «ហេតុដូចម្ដេចបានជាលោកសុំទឹកពីខ្ញុំពិសាដូច្នេះ? ព្រោះលោកជាជនជាតិយូដា ហើយខ្ញុំជាស្ត្រីជនជាតិសាម៉ារី»។ (ដោយសារជនជាតិយូដាមិនទាក់ទងជាមួយនឹងជនជាតិសាម៉ារីឡើយ)។ ១០ លោកយេស៊ូតបទៅនាងថា៖ «ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកណាកំពុងនិយាយទៅនាងថា‹សូមឲ្យខ្ញុំផឹកផង› នោះនាងមុខជាបានសុំលោក ហើយលោកនឹងឲ្យទឹកដែលផ្ដល់ជីវិត»។ ១១ នាងជម្រាបលោកថា៖ «លោកគ្មានអ្វីសម្រាប់ដងទឹកទេ ហើយអណ្ដូងនេះក៏ជ្រៅផង។ ដូច្នេះ តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក? ១២ លោកមិនមែនធំជាងយ៉ាកុប ជាបុព្វបុរសរបស់យើងដែលបានឲ្យអណ្ដូងនេះមកយើង ហើយដែលបានពិសាទឹកពីអណ្ដូងនេះជាមួយនឹងកូនៗនិងហ្វូងសត្វរបស់គាត់ មែនទេ?»។ ១៣ លោកយេស៊ូតបទៅនាងថា៖ «អស់អ្នកណាដែលផឹកទឹកនេះ នឹងស្រេកម្ដងទៀត។ ១៤ អ្នកណាដែលផឹកទឹកដែលខ្ញុំឲ្យ អ្នកនោះនឹងមិនស្រេកម្ដងទៀតឡើយ ប៉ុន្តែទឹកដែលខ្ញុំឲ្យអ្នកនោះ នឹងទៅជាទឹកផុសក្នុងអ្នកនោះ ហើយផ្ដល់នូវជីវិតដែលគ្មានទីបញ្ចប់»។ ១៥ ស្ត្រីនោះជម្រាបលោកថា៖ «លោក សូមឲ្យទឹកនោះមកខ្ញុំ ដើម្បីកុំឲ្យខ្ញុំស្រេកទៀតឬត្រូវមកដងទឹកពីកន្លែងនេះម្ដងហើយម្ដងទៀតឡើយ»។
១៦ លោកមានប្រសាសន៍ទៅនាងថា៖ «ចូរទៅហៅប្ដីរបស់នាង រួចត្រឡប់មកកន្លែងនេះវិញ»។ ១៧ នាងតបទៅលោកថា៖ «ខ្ញុំគ្មានប្ដីទេ»។ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «នាងនិយាយថា៖ ‹ខ្ញុំគ្មានប្ដីទេ› នោះត្រឹមត្រូវហើយ។ ១៨ ព្រោះនាងធ្លាប់មានប្ដីប្រាំនាក់ ហើយបុរសដែលរស់នៅជាមួយនឹងនាងសព្វថ្ងៃនេះ មិនមែនជាប្ដីរបស់នាងឡើយ។ នាងបាននិយាយពិតត្រង់អំពីរឿងនេះ»។ ១៩ ស្ត្រីនោះជម្រាបលោកថា៖ «លោក ខ្ញុំយល់ឃើញថាលោកជាអ្នកប្រកាសទំនាយ។ ២០ បុព្វបុរសរបស់យើងធ្លាប់គោរពបូជានៅភ្នំនេះ ប៉ុន្តែពួកលោកនិយាយថាត្រូវគោរពបូជានៅក្រុងយេរូសាឡិមវិញ»។ ២១ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «នាង ចូរជឿខ្ញុំចុះថា នឹងមានគ្រាមកដល់ ដែលពេលនោះ អ្នករាល់គ្នានឹងមិនគោរពប្រណិប័តន៍បិតានៅស្ថានសួគ៌ នៅភ្នំនេះ ឬនៅក្រុងយេរូសាឡិមទៀតឡើយ។ ២២ អ្នករាល់គ្នាគោរពប្រណិប័តន៍ដោយគ្មានចំណេះ តែយើងគោរពប្រណិប័តន៍ដោយមានចំណេះ ព្រោះសេចក្ដីសង្គ្រោះមកតាមរយៈជនជាតិយូដា។ ២៣ ទោះជាយ៉ាងនោះក៏ដោយ នឹងមានវេលាមកដល់ ក៏នៅឥឡូវនេះហើយ ពេលដែលអ្នកគោរពប្រណិប័តន៍ដ៏ពិតនឹងគោរពប្រណិប័តន៍បិតានៅស្ថានសួគ៌ដោយមានការដឹកនាំពីសកម្មពល* របស់លោកនិងដោយសេចក្ដីពិត ព្រោះបិតានៅស្ថានសួគ៌កំពុងរកមនុស្សបែបនេះដើម្បីគោរពប្រណិប័តន៍លោក។ ២៤ ព្រះជាវិញ្ញាណ* ហើយអស់អ្នកដែលគោរពប្រណិប័តន៍លោក ត្រូវតែគោរពប្រណិប័តន៍ដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងដោយសេចក្ដីពិត»។ ២៥ ស្ត្រីនោះជម្រាបលោកថា៖ «ខ្ញុំដឹងថាមេស្ស៊ី* ដែលគេហៅថាគ្រិស្តនឹងមកដល់។ នៅពេលលោកមកដល់ហើយ លោកនឹងប្រកាសជាចំហឲ្យយើងដឹងអ្វីៗទាំងអស់»។ ២៦ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំដែលកំពុងនិយាយជាមួយនឹងនាង គឺជាលោកនោះហើយ»។
២៧ ពេលនោះ ពួកអ្នកកាន់តាមលោកបានមកដល់ ក៏តាំងឆ្ងល់ពីព្រោះលោកកំពុងមានប្រសាសន៍ជាមួយនឹងស្ត្រី។ ប៉ុន្តែគ្មានអ្នកណាសួរលោកថា៖ «តើលោកកំពុងរកអ្វី?»ឬ«ហេតុអ្វីលោកមានប្រសាសន៍ជាមួយនឹងនាង?»។ ២៨ ម្ល៉ោះហើយ ស្ត្រីនោះបានទុកក្អមទឹកចោល រួចចេញទៅក្រុង ហើយប្រាប់ពួកបុរសនៅទីនោះថា៖ ២៩ «សូមមកមើលបុរសដែលបានប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ។ ប្រហែលជាលោកនេះជាគ្រិស្តទេដឹង?»។ ៣០ ពួកគេក៏ចេញពីក្រុង ហើយចាប់ផ្ដើមមកឯលោក។
៣១ ក្នុងពេលជាមួយគ្នានោះ ពួកអ្នកកាន់តាមលោកកំពុងតឿនលោកថា៖ «រ៉ាប៊ី* អញ្ជើញពិសាទៅ»។ ៣២ ប៉ុន្តែលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំមានអាហារបរិភោគដែលអ្នករាល់គ្នាមិនស្គាល់ឡើយ»។ ៣៣ ដូច្នេះ ពួកអ្នកកាន់តាមលោកចាប់ផ្ដើមសួរគ្នាទៅវិញទៅមកថា៖ «គ្មានអ្នកណាបានយកអ្វីជូនលោកពិសាទេ មែនទេ?»។ ៣៤ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «អាហាររបស់ខ្ញុំ គឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ព្រមទាំងបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យ។ ៣៥ អ្នករាល់គ្នានិយាយថា នៅបួនខែទៀតទើបរដូវច្រូតកាត់មកដល់ មែនទេ? មើល! ខ្ញុំប្រាប់អ្នករាល់គ្នាថា៖ ចូរងើយភ្នែកមើលវាលស្រូវ ឃើញថាស្រូវនោះទុំល្មមច្រូតហើយ។ ៣៦ អ្នកច្រូតកាត់កំពុងទទួលឈ្នួល និងប្រមូលផលសម្រាប់ជីវិតដែលគ្មានទីបញ្ចប់រួចហើយ ប្រយោជន៍ឲ្យអ្នកសាបព្រោះនិងអ្នកច្រូតកាត់អរសប្បាយជាមួយគ្នា។ ៣៧ ស្តីអំពីរឿងនេះ ពាក្យដែលគេតែងនិយាយគឺជាការពិតមែនថា ម្នាក់សាបព្រោះ ម្នាក់ទៀតច្រូតកាត់។ ៣៨ ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតកាត់អ្វីដែលអ្នករាល់គ្នាមិនបានចំណាយកម្លាំងទៅលើសោះ។ អ្នកឯទៀតបានចំណាយកម្លាំង ហើយអ្នករាល់គ្នាបានចូលមកទទួលប្រយោជន៍ពីការនឿយហត់របស់អ្នកទាំងនោះ»។
៣៩ ជនជាតិសាម៉ារីជាច្រើននាក់នៅក្រុងនោះ ចាប់ផ្ដើមជឿលើលោក ដោយសារពាក្យរបស់ស្ត្រីដែលបានធ្វើជាសាក្សីថា៖ «លោកបានប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ»។ ៤០ ដូច្នេះ ក្រោយពីជនជាតិសាម៉ារីបានមកឯលោក នោះពួកគេចាប់ផ្ដើមសុំលោកស្នាក់នៅជាមួយនឹងពួកគេ ហើយលោកក៏ស្នាក់នៅទីនោះពីរថ្ងៃ។ ៤១ ម្ល៉ោះហើយ ពួកគេជាច្រើននាក់ទៀតក៏ចាប់ផ្ដើមជឿដោយសារអ្វីដែលលោកមានប្រសាសន៍ ៤២ ហើយពួកគេចាប់ផ្ដើមនិយាយទៅស្ត្រីនោះថា៖ «យើងមិនជឿដោយសារសម្ដីរបស់នាងទៀតទេ ព្រោះយើងបានឮដោយខ្លួនឯង ហើយយើងដឹងថាបុរសនេះប្រាកដជាអ្នកសង្គ្រោះពិភពលោក»។
៤៣ លុះពីរថ្ងៃក្រោយមក លោកចេញពីទីនោះទៅស្រុកកាលីឡេ។ ៤៤ ក៏ប៉ុន្តែ លោកយេស៊ូបានបញ្ជាក់ដោយខ្លួនលោកថា អ្នកប្រកាសទំនាយមិនទទួលកិត្ដិយសនៅស្រុកកំណើតរបស់ខ្លួនឡើយ។ ៤៥ ដូច្នេះ ពេលដែលលោកទៅដល់ស្រុកកាលីឡេហើយ នោះអ្នកស្រុកកាលីឡេបានទទួលលោក ពីព្រោះពួកគេបានឃើញការទាំងអស់ដែលលោកបានធ្វើនៅក្រុងយេរូសាឡិមក្នុងអំឡុងពេលបុណ្យ ព្រោះពួកគេក៏បានទៅចូលរួមបុណ្យនោះដែរ។
៤៦ ក្រោយមក លោកបានមកភូមិកាណានៅស្រុកកាលីឡេម្ដងទៀត ជាកន្លែងដែលលោកបានធ្វើឲ្យទឹកក្លាយទៅជាស្រា។ មានបុរសម្នាក់ដែលជាអ្នកបម្រើស្តេច ហើយកូនប្រុសរបស់គាត់ឈឺនៅក្រុងកាពើណិម។ ៤៧ នៅពេលដែលបុរសនេះឮថាលោកយេស៊ូបានចេញពីតំបន់យូឌាមកស្រុកកាលីឡេ នោះគាត់បានចេញទៅសុំលោកចុះមកធ្វើឲ្យកូនប្រុសរបស់គាត់ជា ព្រោះកូនរបស់គាត់ជិតស្លាប់ហើយ។ ៤៨ ក៏ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «អ្នករាល់គ្នានឹងមិនជឿឡើយ លុះត្រាតែឃើញសញ្ញាសម្គាល់និងការអស្ចារ្យ»។ ៤៩ អ្នកបម្រើស្តេចជម្រាបលោកថា៖ «លោកម្ចាស់ សូមចុះមកមុនកូនតូចរបស់ខ្ញុំស្លាប់»។ ៥០ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «អញ្ជើញទៅចុះ កូនប្រុសរបស់អ្នកបានជាឡើងវិញហើយ»។ បុរសនោះជឿនូវអ្វីដែលលោកយេស៊ូមានប្រសាសន៍ទៅគាត់ ហើយចេញទៅ។ ៥១ ក៏ប៉ុន្តែ ពេលដែលគាត់កំពុងធ្វើដំណើរចុះទៅ ពួកខ្ញុំបម្រើរបស់គាត់បានមកជួបកណ្ដាលផ្លូវហើយប្រាប់ថាកូនប្រុសរបស់គាត់នៅរស់។ ៥២ ដូច្នេះ គាត់ចាប់ផ្ដើមសួរពួកគេអំពីម៉ោងណាដែលកូនរបស់គាត់មានសុខភាពល្អឡើងវិញ។ ពួកគេប្រាប់គាត់ថា៖ «ម្សិលមិញ នៅម៉ោងទីប្រាំពីរ* គ្រុនក៏បាត់ពីគាត់ទៅ»។ ៥៣ ដូច្នេះ បុរសនោះដែលជាឪពុកដឹងថា គឺនៅម៉ោងនោះឯងដែលលោកយេស៊ូបានមានប្រសាសន៍ថា៖ «កូនប្រុសរបស់អ្នកបានជាឡើងវិញហើយ»។ រួចគាត់និងពួកអ្នកផ្ទះទាំងអស់របស់គាត់ក៏បានទៅជាអ្នកជឿ។ ៥៤ នេះជាសញ្ញាសម្គាល់ទីពីរដែលលោកយេស៊ូបានធ្វើពេលចេញពីតំបន់យូឌាមកស្រុកកាលីឡេម្ដងទៀត។