ម៉ាថាយ
២ ក្រោយពីលោកយេស៊ូបានកើតនៅភូមិបេថ្លេហិមក្នុងតំបន់យូឌា កាលស្តេច* ហេរ៉ូឌកំពុងគ្រប់គ្រង នោះពួកអ្នកចេះហោរាសាស្ត្រ ពីតំបន់ខាងកើត បានមកដល់ក្រុងយេរូសាឡិម ២ ហើយសួរថា៖ «តើស្តេចនៃជនជាតិយូដាដែលទើបតែកើតមកនោះនៅឯណា? ព្រោះយើងបានឃើញផ្កាយរបស់លោកពេលដែលយើងនៅតំបន់ខាងកើត ហើយយើងបានមកទីនេះដើម្បីលំឱនកាយគោរពលោក»។ ៣ ពេលដែលឮសម្ដីនេះ ស្តេចហេរ៉ូឌព្រមទាំងអ្នកក្រុងយេរូសាឡិមទាំងឡាយចាប់ផ្ដើមជ្រួលច្របល់ក្នុងចិត្ត។ ៤ ក្រោយមក ស្តេចហេរ៉ូឌហៅពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់* គ្រប់រូបឲ្យមកជួបជុំគ្នា រួចគាត់ចាប់ផ្ដើមសួរពួកគេដើម្បីឲ្យដឹងអំពីកន្លែងដែលគ្រិស្ត* ត្រូវកើត។ ៥ ពួកគេតបឆ្លើយថា៖ «នៅភូមិបេថ្លេហិមក្នុងតំបន់យូឌា ពីព្រោះនោះបានត្រូវសរសេរទុកតាមរយៈអ្នកប្រកាសទំនាយ ដែលទាយថា៖ ៦ ‹ឯអ្នក ឱបេថ្លេហិមក្នុងស្រុកយូដាអើយ! អ្នកមិនមែនតូចតាចជាងគេ ក្នុងចំណោមពួកអភិបាលស្រុកយូដាឡើយ ព្រោះនឹងមានអភិបាលមួយរូបចេញពីអ្នកមក ដែលនឹងឃ្វាលអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំ›»។
៧ រួចមក ហេរ៉ូឌបានហៅពួកអ្នកចេះហោរាសាស្ត្រមកដោយសម្ងាត់ ហើយសួរបញ្ជាក់អំពីពេលដែលផ្កាយនោះបានលេចមក។ ៨ នៅពេលដែលចាត់ពួកគេឲ្យទៅភូមិបេថ្លេហិម គាត់បង្គាប់ថា៖ «ចូរទៅរកកូនតូចនោះទាល់តែឃើញ។ ពេលដែលឃើញហើយ ចូរត្រឡប់មកប្រាប់ខ្ញុំវិញ ដើម្បីឲ្យខ្ញុំអាចទៅលំឱនកាយគោរពកូនតូចនោះដែរ»។ ៩ ក្រោយពីស្តេចបង្គាប់ហើយ នោះពួកគេបានចេញទៅ។ ខណៈនោះ ផ្កាយដែលពួកគេបានឃើញពេលដែលពួកគេនៅតំបន់ខាងកើត បាននាំផ្លូវពួកគេរហូតដល់កន្លែងដែលកូនតូចនោះនៅ រួចបានឈប់នៅលើកន្លែងនោះ។ ១០ ពេលដែលឃើញផ្កាយនោះឈប់ ពួកគេត្រេកអរជាខ្លាំង។ ១១ លុះបានចូលក្នុងផ្ទះនោះហើយ ពួកគេឃើញកូនតូចជាមួយនឹងម៉ារៀជាម្ដាយ។ រួចមក ពួកគេលំឱនកាយគោរព ព្រមទាំងធ្វើអំណោយជូនកូនតូចនោះ ដោយបើកយកមាស ធូបស* និងម្សៅក្រអូបម្យ៉ាងហៅថាជ័រល្វីងទេស។ ១២ ក៏ប៉ុន្តែ ព្រះបានព្រមានពួកគេតាមរយៈសុបិនមិនឲ្យត្រឡប់ទៅជួបហេរ៉ូឌ។ ដូច្នេះ ពួកគេបានត្រឡប់ទៅស្រុកខ្លួន តាមផ្លូវផ្សេងវិញ។
១៣ ក្រោយពីពួកគេបានត្រឡប់ទៅវិញ នោះទេវតារបស់ព្រះយេហូវ៉ាបានលេចមកក្នុងសុបិនប្រាប់យ៉ូសែបថា៖ «ចូរក្រោកឡើងយកបុត្រតូចនិងម្ដាយរបស់លោក ហើយរត់ទៅស្រុកអេស៊ីប។ អ្នកត្រូវនៅទីនោះរហូតដល់ខ្ញុំប្រាប់ឲ្យត្រឡប់មកវិញ ព្រោះហេរ៉ូឌបម្រុងនឹងស្វែងរកបុត្រតូចនោះដើម្បីបំផ្លាញចោល»។ ១៤ ដូច្នេះ យ៉ូសែបបានក្រោកឡើង យកបុត្រតូចនិងម្ដាយរបស់លោក ហើយចេញទៅស្រុកអេស៊ីបទាំងយប់។ ១៥ គាត់បាននៅទីនោះ រហូតដល់ហេរ៉ូឌទទួលមរណភាព ដើម្បីសម្រេចនូវអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈអ្នកប្រកាសទំនាយ ដែលទាយថា៖ «ខ្ញុំបានហៅបុត្រខ្ញុំចេញពីស្រុកអេស៊ីបមក»។
១៦ រួចមក ពេលដែលហេរ៉ូឌដឹងថាគាត់បានចាញ់បោកពួកអ្នកចេះហោរាសាស្ត្រទាំងនោះ គាត់ខឹងយ៉ាងខ្លាំង ហើយចាត់មនុស្សឲ្យទៅភូមិបេថ្លេហិមនិងគ្រប់តំបន់នៅជុំវិញនោះ ដើម្បីសម្លាប់ក្មេងប្រុសទាំងអស់ដែលមានអាយុចាប់ពីពីរឆ្នាំចុះ យោងទៅតាមអ្វីដែលពួកអ្នកចេះហោរាសាស្ត្របានបញ្ជាក់ស្តីអំពីពេលដែលផ្កាយនោះបានលេចមក។ ១៧ នោះបានសម្រេចនូវទំនាយដែលបានត្រូវប្រកាសតាមរយៈយេរេមាថា៖ ១៨ «នៅក្រុងរ៉ាម៉ា មានសំឡេងទ្រហោយំ។ នោះជាសំឡេងរបស់រ៉ាជែលដែលកំពុងយំស្ដាយកូនរបស់នាង ហើយនាងមិនព្រមឲ្យអ្នកណាលួងលោមនាងឡើយ ពីព្រោះកូនរបស់នាងលែងមាននៅទៀត»។
១៩ ក្រោយពីហេរ៉ូឌបានទទួលមរណភាពហើយ នោះទេវតារបស់ព្រះយេហូវ៉ាលេចមកក្នុងសុបិនរបស់យ៉ូសែប ពេលគាត់នៅស្រុកអេស៊ីប ២០ ហើយប្រាប់ថា៖ «ចូរក្រោកឡើងយកបុត្រតូចនិងម្ដាយរបស់លោក ហើយទៅស្រុកអ៊ីស្រាអែល ព្រោះអ្នកដែលរកប្រហារជីវិត* បុត្រតូចនោះបានស្លាប់បាត់ទៅហើយ»។ ២១ ម្ល៉ោះហើយ យ៉ូសែបក្រោកឡើងយកបុត្រតូចនិងម្ដាយរបស់លោក ហើយចូលទៅស្រុកអ៊ីស្រាអែល។ ២២ ប៉ុន្តែ គាត់ខ្លាចមិនហ៊ានទៅតំបន់យូឌាទេ ពីព្រោះគាត់បានឮថា អាខេឡាសបានគ្រប់គ្រងជាស្តេចស្នងហេរ៉ូឌដែលជាឪពុក។ ម្យ៉ាងទៀត ដោយសារព្រះបានព្រមានគាត់តាមរយៈសុបិន នោះគាត់បានទៅតំបន់កាលីឡេវិញ។ ២៣ រួចគាត់ទៅរស់នៅក្រុងមួយហៅថាណាសារ៉ែត ដើម្បីសម្រេចនូវពាក្យរបស់អ្នកប្រកាសទំនាយ ដែលបានទាយថា៖ «លោកនឹងត្រូវគេហៅជាអ្នកក្រុងណាសារ៉ែត»។