-
របៀបរៀបអាហ៍ពិហ៍ត្រឹមត្រូវចំព្រះនិងមនុស្សទស្សនាវដ្ដីប៉មយាម ២០០៦ | ១ វិច្ឆិកា
-
-
របៀបរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវចំពោះព្រះនិងមនុស្ស
«មានវិវាហមង្គលនៅភូមិកាណា . . . គេបានអញ្ជើញព្រះយេស៊ូវព្រមទាំងពួកសិស្សទ្រង់ទៅឯការនោះដែរ»។—យ៉ូហាន ២:១, ២
១. តើកំណត់ហេតុអំពីព្រះយេស៊ូនៅភូមិកាណាបញ្ជាក់អំពីអ្វី?
ព្រះយេស៊ូព្រមទាំងមាតានិងសិស្សខ្លះរបស់ទ្រង់ធ្លាប់ពិសោធនូវអំណរដែលរាស្ត្ររបស់ព្រះអាចមានពេលរៀបការយ៉ាងត្រឹមត្រូវ។ ព្រះគ្រិស្តបានធ្វើឲ្យពិធីមង្គលការមួយមានភាពអស្ចារ្យក្រៃលែង ហើយនេះក៏ច្បាស់ជានាំឲ្យភ្ញៀវមានការសប្បាយថែមទៀតដែរ។ នៅទីនោះទ្រង់បានធ្វើអព្ភូតហេតុទីមួយដែលរៀបរាប់ក្នុងព្រះគម្ពីរ។ (យ៉ូហាន ២:១-១១) អ្នកប្រហែលជាធ្លាប់ចូលរួមសប្បាយក្នុងកម្មវិធីផ្សំផ្គុំគ្រិស្តសាសនិកពីរនាក់ឲ្យក្លាយជាគូស្វាមីភរិយាដែលមានសុភមង្គលក្នុងការបម្រើព្រះយេហូវ៉ា។ ឬមួយក៏អ្នករង់ចាំដោយរីករាយនូវថ្ងៃដែលអ្នកអាចរៀបអាពាហ៍ពិពាហ៍ ឬជួយមិត្តជិតស្និទ្ធរៀបការយ៉ាងសប្បាយក៏មាន។ តើការរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវគួររួមបញ្ចូលអ្វីខ្លះ?
២. តើព្រះគម្ពីរចែងយ៉ាងណាអំពីការរៀបអាពាហ៍ពិពាហ៍?
២ ដំបូន្មានក្នុងព្រះបន្ទូលដែលព្រះបណ្ដាលឲ្យមនុស្សសរសេរ ពិតជាមានតម្លៃចំពោះពួកគ្រិស្តសាសនិក ជាពិសេសពេលបុរសនិងស្ត្រីមានបំណងរៀបអាពាហ៍ពិពាហ៍។ (ធីម៉ូថេទី២ ៣:១៦, ១៧) ព្រះគម្ពីរមិនបានរៀបរាប់ល្អិតល្អន់អំពីរបៀបគ្រិស្តសាសនិកគួររៀបការនោះទេ ដ្បិតប្រពៃណីជាតិនិងច្បាប់ទម្លាប់មានលក្ខណៈខុសៗគ្នាតាមតំបន់ផ្សេងៗ ហើយក៏ខុសគ្នាទៅតាមសម័យផងដែរ។ ជាឧទាហរណ៍ នៅប្រទេសអ៊ីស្រាអែលសម័យបុរាណ ពួកគេមិនមានពិធីរៀបអាពាហ៍ពិពាហ៍ជាផ្លូវការទេ។ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍នោះ កូនកំលោះគ្រាន់តែបាននាំកូនក្រមុំមកខាងលំនៅខ្លួនឬទៅឯផ្ទះរបស់បិតាគាត់ក៏បាន។a (លោកុប្បត្តិ ២៤:៦៧; អេសាយ ៦១:១០; ម៉ាថាយ ១:២៤) ទង្វើនោះនៅមុខសាធារណជនទាំងឡាយត្រូវគេចាត់ទុកជារបៀបរៀបការ។ នោះមិនបានរួមបញ្ចូលពិធីមួយជាផ្លូវការដូចមាននៅសព្វថ្ងៃនេះទេ។
៣. នៅភូមិកាណា តើព្រះយេស៊ូជួយឲ្យមានការសប្បាយក្នុងពិធីអ្វី?
៣ ពួកអ៊ីស្រាអែលបានចាត់ទុកវិវាហមង្គលនោះជារបៀបរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ។ ប៉ុន្តែ ក្រោយមកពួកគេក៏ប្រហែលជាធ្វើពិធីជប់លៀងឬចូលរួមពិសាភោជនាហារផងដែរ ដូចបានរៀបរាប់នៅយ៉ូហាន ២:១។ (ម៉ាថាយ ២២:២-១០; លូកា ១៤:៨) កំណត់ហេតុនោះបង្ហាញយ៉ាងច្បាស់ថា ព្រះយេស៊ូបានចូលរួមពិធីមង្គលការតាមប្រពៃណីសាសន៍យូដា ហើយបានជួយពួកគេឲ្យមានការសប្បាយទៀតផង។ ប៉ុន្តែចំណុចសំខាន់គឺថា ការរៀបអាពាហ៍ពិពាហ៍និងពិធីមង្គលការនៅសម័យនោះមានលក្ខណៈខុសពីសម័យនេះ។
៤. តើបងប្អូនគ្រិស្តសាសនិកខ្លះសម្រេចចិត្តរៀបការនិងរៀបចំពិធីមង្គលការបែបណា? ហើយហេតុអ្វី?
៤ នៅប្រទេសជាច្រើននាបច្ចុប្បន្ននេះ ពួកគ្រិស្តសាសនិកដែលចង់រៀបអាពាហ៍ពិពាហ៍ ត្រូវតែបំពេញលក្ខណៈផ្សេងៗតាមច្បាប់សិន។ ពេលបំពេញតម្រូវការនោះ ពួកគេអាចរៀបការតាមរបៀបណាក៏ដោយដែលស្របច្បាប់ ដូចជានៅមុខចៅក្រម មេឃុំឬបព្វជិតសាសនាណាដែលមានច្បាប់ធ្វើឲ្យអាពាហ៍ពិពាហ៍នោះមានសុពលភាព។ ពេលរៀបការបែបនេះ សាមីខ្លួនអ្នកការប្រហែលជាអញ្ជើញញាតិសន្ដានឬមិត្តគ្រិស្តសាសនិកខ្លះឲ្យធ្វើជាសាក្សី ឬគ្រាន់តែចូលរួមការសប្បាយក្នុងគ្រាសំខាន់នោះតែប៉ុណ្ណោះ។ (យេរេមា ៣៣:១១; យ៉ូហាន ៣:២៩) ស្រដៀងគ្នាដែរ បងប្អូនគ្រិស្តសាសនិកខ្លះសម្រេចចិត្តថា មិនចង់រៀបចំពិធីមង្គលការធំៗដោយអញ្ជើញភ្ញៀវច្រើននាក់ឲ្យចូលរួមទេ ដ្បិតពិបាករៀបចំពិធីបែបនោះណាស់ ហើយក៏អស់លុយច្រើនផងដែរ។ ផ្ទុយទៅវិញ ពួកគេប្រហែលជាអញ្ជើញតែមិត្តជិតស្និទ្ធប៉ុន្មាននាក់ឲ្យចូលរួមពិសាភោជនាហារ។ មិនថាយើងពេញចិត្តចំពោះកម្មវិធីបែបណាក្ដី យើងគួរទទួលស្គាល់ថា បងប្អូនគ្រិស្តសាសនិកឯទៀតដែលមានភាពចាស់ទុំប្រហែលជាមានទស្សនៈផ្សេងពីយើង។—រ៉ូម ១៤:៣, ៤
៥. ពេលរៀបការ ហេតុអ្វីក៏ពួកគ្រិស្តសាសនិកភាគច្រើនរៀបចំឲ្យមានសុន្ទរកថាមួយ? តើសុន្ទរកថានោះបញ្ជាក់អំពីអ្វី?
៥ ពេលរៀបការ គូអាពាហ៍ពិពាហ៍ភាគច្រើនដែលជាគ្រិស្តសាសនិកពេញចិត្តរៀបចំឲ្យបងប្រុសម្នាក់ថ្លែងសុន្ទរកថាដើម្បីបញ្ជាក់ពីគោលការណ៍ព្រះគម្ពីរ។b ពួកគេទទួលស្គាល់ថា របៀបរៀបចំឲ្យបុរសនិងស្ត្រីយកគ្នាជាស្វាមីភរិយាគឺមកពីព្រះយេហូវ៉ា ហើយទ្រង់ក៏ឲ្យឱវាទល្អៗក្នុងព្រះបន្ទូលរបស់ទ្រង់អំពីរបៀបអាចមានសុភមង្គលនិងរបៀបទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍។ (លោកុប្បត្តិ ២:២២-២៤; ម៉ាកុស ១០:៦-៩; អេភេសូរ ៥:២២-៣៣) ពេលរៀបការ គូប្រុសស្រីភាគច្រើនចង់ឲ្យញាតិសន្ដាននិងមិត្តជាគ្រិស្តសាសនិកចូលរួមកម្មវិធីដ៏សប្បាយនោះ។ ប៉ុន្តែ តើសាមីខ្លួនកូនប្រុសកូនស្រីគួរមានទស្សនៈយ៉ាងណាអំពីច្បាប់ទម្លាប់និងសេចក្ដីត្រូវការផ្សេងៗតាមតំបន់? អត្ថបទនេះនឹងពិភាក្សាអំពីតម្រូវការខុសៗគ្នាទៅតាមតំបន់ផ្សេងៗ។ តម្រូវការនិងច្បាប់ទម្លាប់ខ្លះប្រហែលជាមានលក្ខណៈខុសពីអ្វីដែលអ្នកធ្លាប់ឮឬអ្វីដែលមនុស្សនិយមធ្វើនៅតំបន់របស់អ្នក។ យ៉ាងណាក៏ដោយ សូមកត់សម្គាល់នូវលក្ខណៈនិងគោលការណ៍ផ្សេងៗដែលសំខាន់សម្រាប់ពួកអ្នកបម្រើព្រះ។
របៀបរៀបការយ៉ាងត្រឹមត្រូវស្របតាមច្បាប់
៦, ៧. ហេតុអ្វីក៏យើងគួរយកចិត្តទុកដាក់ចំពោះការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់? តើនេះប្រហែលជាតម្រូវឲ្យយើងធ្វើអ្វី?
៦ ព្រះយេហូវ៉ាជាអ្នកផ្ដើមគំនិតឲ្យមនុស្សជាតិរៀបអាពាហ៍ពិពាហ៍ ដ្បិតទ្រង់បានផ្សំផ្គុំបុរសស្ត្រីទីមួយ។ ប៉ុន្តែ រាជការក៏មានសិទ្ធិតម្រូវអ្វីខ្លះពីអស់អ្នកដែលចង់រៀបការដែរ។ នេះជាការត្រឹមត្រូវពីព្រោះព្រះយេស៊ូមានបន្ទូលថា៖ «ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ»។ (ម៉ាកុស ១២:១៧) ស្រដៀងគ្នាដែរ សាវ័កប៉ុលបានបង្គាប់ថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ ដ្បិតគ្មានអំណាចណាទេ លើកតែមកពីព្រះ គឺព្រះទ្រង់បានតាំងពួកលោកទាំងនោះឲ្យមានអំណាច»។—រ៉ូម ១៣:១; ទីតុស ៣:១
៧ សេសារតំណាងពួកអាជ្ញាធរនៅប្រទេសនានាដែលមានអំណាចសម្រេចអំពីអ្នកណាមានសិទ្ធិរៀបការ។ ដូច្នេះ បើគ្រិស្តសាសនិកមួយគូមានសិទ្ធិរៀបការស្របតាមព្រះគម្ពីរហើយ នោះពួកគេក៏គួរគោរពតាមច្បាប់ក្នុងតំបន់របស់ខ្លួនស្តីអំពីការរៀបអាពាហ៍ពិពាហ៍។ នេះប្រហែលជាតម្រូវឲ្យពួកគេសុំលិខិតអនុញ្ញាតឲ្យរៀបការពីពួកអាជ្ញាធរ ហើយក្រោយមកត្រូវចុះបញ្ជីអាពាហ៍ពិពាហ៍។ នៅសម័យបុរាណ ពេលសេសារអូគូស្ទតម្រូវឲ្យប្រជាជន«ចុះបញ្ជី»នោះ ម៉ារានិងយ៉ូសែបបានធ្វើតាមច្បាប់រដ្ឋដោយធ្វើដំណើរទៅភូមិបេថ្លេហិម«ដើម្បីចុះបញ្ជី»។—លូកា ២:១-៥
៨. តើពួកស្មរបន្ទាល់ព្រះយេហូវ៉ាជៀសវាងទង្វើអ្វីខ្លះ? ហើយហេតុអ្វី?
៨ ពេលគ្រិស្តសាសនិករៀបការស្របច្បាប់បែបនេះ ព្រះយេហូវ៉ាក៏ចាត់ទុកពួកគេជាស្វាមីភរិយាដែរ។ អាស្រ័យហេតុនេះ ទោះជាប្រទេសខ្លះមានវិធីរៀបការស្របច្បាប់ពីរបីយ៉ាងក្ដី តែពួកស្មរបន្ទាល់ព្រះយេហូវ៉ារៀបការស្របច្បាប់តែម្យ៉ាងប៉ុណ្ណោះ។ ហើយពេលធ្វើបុណ្យខួបអាពាហ៍ពិពាហ៍គម្រប់២៥ឆ្នាំឬ៥០ឆ្នាំនោះ ពួកគាត់ក៏មិនរៀបចំកម្មវិធីដើម្បីស្បថចំពោះគ្នាមួយសារទៀតទេ។ (ម៉ាថាយ ៥:៣៧) (សាសនាខ្លះមានទស្សនៈថា បើមិនរៀបការតាមប្រពៃណីឬទម្លាប់សាសនា នោះអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋក៏គ្មានសុពលភាពដែរ)។ រដ្ឋាភិបាលនៅប្រទេសជាច្រើនប្រគល់សិទ្ធិអំណាចឲ្យអ្នកចាស់ទុំរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាចុះហត្ថលេខាលើសំបុត្រអាពាហ៍ពិពាហ៍ដើម្បីឲ្យសំបុត្រនោះមានសុពលភាព។ ក្នុងករណីនេះ ជាការធម្មតាឲ្យអ្នកចាស់ទុំថ្លែងសុន្ទរកថា នៅក្នុងសាលព្រះរាជាណាចក្ររបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ាតែម្ដង មុនធ្វើឲ្យអាពាហ៍ពិពាហ៍នោះមានសុពលភាព ដ្បិតសាលនោះជាទីកន្លែងថ្វាយបង្គំព្រះយេហូវ៉ា ហើយគប្បីណាស់ឲ្យថ្លែងសុន្ទរកថានៅទីនោះអំពីអាពាហ៍ពិពាហ៍ដែលផ្គាប់ព្រះហឫទ័យព្រះ។
៩. (ក) ពេលអ្នកទាំងពីរចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់រួចហើយ តើពួកគេប្រហែលជាសម្រេចចិត្តធ្វើអ្វីទៀត? (ខ) តើពួកគេត្រូវជួបជាមួយពួកអ្នកចាស់ទុំពីរឿងអ្វីខ្លះ?
៩ នៅប្រទេសឯទៀត ច្បាប់រដ្ឋតម្រូវឲ្យសាមីខ្លួនអ្នកការជួបជាមួយអាជ្ញាធរម្នាក់ដើម្បីចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍ មិនថានៅសាលាក្រុងឬក្នុងការិយាល័យក្រសួងណាមួយក៏ដោយ។ ពេលបានសម្រេចការតាមច្បាប់ហើយ ពួកគ្រិស្តសាសនិកជាច្រើនសម្រេចចិត្តរៀបចំឲ្យអ្នកចាស់ទុំថ្លែងសុន្ទរកថាក្នុងសាលព្រះរាជាណាចក្រនៅថ្ងៃនោះឯងឬថ្ងៃស្អែកក៏បាន។ (យកល្អកុំឲ្យច្រើនថ្ងៃកន្លងផុតទៅរវាងពេលទទួលសំបុត្រអាពាហ៍ពិពាហ៍និងពេលមានសុន្ទរកថាក្នុងសាលប្រជុំ ដ្បិតនៅចំពោះព្រះយេហូវ៉ានិងមនុស្សទាំងឡាយដែលរួមបញ្ចូលក្រុមជំនុំនៃពួកគ្រិស្តសាសនិក នោះអ្នកទាំងពីរបានត្រូវផ្សំផ្គុំជាស្វាមីភរិយារួចហើយ)។ បើសាមីខ្លួនអ្នកការចង់រៀបចំឲ្យមានសុន្ទរកថាក្នុងសាលព្រះរាជាណាចក្រក្រោយបានទទួលសំបុត្រអាពាហ៍ពិពាហ៍ ពួកគេត្រូវសុំច្បាប់ជាមុនពីពួកអ្នកចាស់ទុំក្នុងគណៈកម្មាធិការកិច្ចបម្រើនៃក្រុមជំនុំនោះ។ ពួកអ្នកចាស់ទុំគួរដឹងច្បាស់ថាអ្នកទាំងពីរនោះមានកេរ្ដិ៍ឈ្មោះល្អ ហើយក្រោយមកក៏គួរឆែកមើលកុំឲ្យម៉ោងថ្លែងសុន្ទរកថារំខានដល់កម្មវិធីប្រជុំឬកម្មវិធីណាទៀតក្នុងសាលនោះ។ (កូរិនថូសទី១ ១៤:៣៣, ៤០) ពួកអ្នកចាស់ទុំក៏គួរសួរសាមីខ្លួនអ្នកការអំពីរបៀបតុបតែងសាលប្រជុំ ហើយត្រូវសម្រេចចិត្តថា តើត្រូវប្រកាសដល់ក្រុមជំនុំទុកជាមុនអំពីកម្មវិធីនោះឬក៏អត់?
១០. បើសាមីខ្លួនអ្នកការត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់មុនកម្មវិធីក្នុងសាលប្រជុំ តើអ្នកថ្លែងសុន្ទរកថាត្រូវធ្វើអ្វីខ្លះ?
១០ អ្នកចាស់ទុំដែលថ្លែងសុន្ទរកថាអាពាហ៍ពិពាហ៍នឹងបង្ហាញការរាក់ទាក់ លើកទឹកចិត្តខាងវិញ្ញាណហើយមានភាពថ្លៃថ្នូរផង។ បើគូអាពាហ៍ពិពាហ៍បានចុះសំបុត្រតាមច្បាប់រដ្ឋជាមុន អ្នកថ្លែងសុន្ទរកថានឹងប្រាប់ច្បាស់ថា ពួកគេបានរៀបការស្របច្បាប់សេសាររួចហើយ។ បើច្បាប់រដ្ឋមិនបានតម្រូវឲ្យសាមីខ្លួនអ្នកការស្បថចំពោះគ្នាពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ប្រហែលជាពួកគេចង់ស្បថចំពោះគ្នាពេលមានសុន្ទរកថាក្នុងសាលប្រជុំ។c បើសាមីខ្លួនកូនប្រុសកូនស្រីបានស្បថចំពោះគ្នារួចហើយពេលចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋ តែពួកគេចង់ស្បថម្ដងទៀតនៅចំពោះមុខព្រះយេហូវ៉ានិងក្រុមជំនុំផង ពួកគេត្រូវនិយាយថា «ខ្ញុំបានស្បថហើយថា . . . » ជាជាង «ខ្ញុំស្បថថា . . . »តាមពាក្យសច្ចាខាងក្រោមនេះ ដើម្បីបង្ហាញថាពួកគេបានត្រូវ«ផ្សំផ្គុំគ្នា»រួចហើយ។—ម៉ាថាយ ១៩:៦; ២២:២១
១១. នៅប្រទេសខ្លះ តើសាមីខ្លួនអ្នកការត្រូវរៀបអាពាហ៍ពិពាហ៍ដោយធ្វើអ្វី? បើដូច្នេះ តើត្រូវរួមបញ្ចូលអ្វីក្នុងសុន្ទរកថាអាពាហ៍ពិពាហ៍?
១១ នៅប្រទេសខ្លះ ពួករាជការមិនតម្រូវឲ្យគូប្រុសស្រីរៀបការមុខមនុស្សណាសោះ មិនថាមុខអាជ្ញាធរឬនរណាទៀតក្ដី។ នៅទីនោះរាជការគ្រាន់តែតម្រូវឲ្យសាមីខ្លួនអ្នកការបំពេញនិងចុះហត្ថលេខាលើលិខិតសុំរៀបអាពាហ៍ពិពាហ៍ ក្រោយមកជូនដល់អាជ្ញាធរម្នាក់ហើយគាត់ចុះបញ្ជីអាពាហ៍ពិពាហ៍ឲ្យគេ ហើយជូនសំបុត្រអាពាហ៍ពិពាហ៍មួយច្បាប់។ យ៉ាងនេះ គូប្រុសស្រីបានផ្សំផ្គុំគ្នាជាស្វាមីភរិយាហើយ និងថ្ងៃខែចុះបញ្ជីនោះជាថ្ងៃខែរៀបអាពាហ៍ពិពាហ៍។ ដូចបានបញ្ជាក់ក្នុងវគ្គមុនៗ ក្រោយបានរៀបការបែបនេះ ប្រហែលជាគូស្វាមីភរិយាថ្មីថ្មោងចង់ចូលសាលព្រះរាជាណាចក្រភ្លាមៗ ដើម្បីស្ដាប់សុន្ទរកថាដែលមានមូលដ្ឋានលើព្រះគម្ពីរ។ បុរសដែលមានភាពចាស់ទុំខាងវិញ្ញាណនឹងថ្លែងសុន្ទរកថានោះ ហើយគាត់នឹងប្រាប់ភ្ញៀវទាំងឡាយដែលមានវត្តមានថា អ្នកទាំងពីរនេះជាស្វាមីភរិយាស្របច្បាប់ដោយព្រោះទើបតែបានចុះសំបុត្រអាពាហ៍ពិពាហ៍ហើយ។ បើគូស្វាមីភរិយាថ្មីថ្មោងចង់ស្បថនឹងគ្នា នេះអាចធ្វើឡើងស្របតាមការណែនាំក្នុងវគ្គ១០ព្រមទាំងសម្គាល់ហេតុក្នុងវគ្គនោះ។ អស់ទាំងភ្ញៀវនឹងត្រេកអរជាមួយគូស្វាមីភរិយាថ្មីថ្មោងក្នុងសាលព្រះរាជាណាចក្រ ហើយគ្រប់គ្នានឹងទទួលប្រយោជន៍ពីដំបូន្មានស្រង់ចេញពីព្រះបន្ទូលរបស់ព្រះដែលថ្លែងជូននៅទីនោះ។—បទចំរៀងសាឡូម៉ូន ៣:១១
ការរៀបអាពាហ៍ពិពាហ៍តាមទម្លាប់ដែលស្របច្បាប់
១២. តើការរៀបអាពាហ៍ពិពាហ៍តាមទម្លាប់អាចរួមបញ្ចូលអ្វី? ក្នុងករណីនោះ តើគេលើកទឹកចិត្តឲ្យសាមីខ្លួនអ្នកការធ្វើអ្វីភ្លាមៗ?
១២ នៅប្រទេសខ្លះនាទ្វីបអាហ្វ្រិក គូប្រុសស្រីរៀបអាពាហ៍ពិពាហ៍តាមទម្លាប់កុលសម្ព័ន្ធនីមួយៗ។ នេះមិនសំដៅទៅលើការរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធដែលឥតខាន់ស្លានោះទេ ទោះជានៅប្រទេសខ្លះគេទទួលស្គាល់អ្នកទាំងពីរជាប្ដីប្រពន្ធក្ដី។d ក្នុងវគ្គទាំងនេះយើងចង់សំដៅទៅលើការរៀបអាពាហ៍ពិពាហ៍តាមទម្លាប់នាតំបន់ដែលកុលសម្ព័ន្ធនីមួយៗទទួលស្គាល់ជាស្វាមីភរិយា។ ប្រហែលជាពួកគេរៀបការដោយផ្ដល់ឲ្យប្រាក់ជំនូនឬប្រាក់ខាន់ស្លា ហើយនេះស្របតាមច្បាប់ព្រមទាំងព្រះគម្ពីរផងដែរ។ រដ្ឋាភិបាលនៅប្រទេសទាំងនោះទទួលស្គាល់ពិធីអាពាហ៍ពិពាហ៍តាមទម្លាប់របស់ពួកគេជាអ្វីដែលត្រឹមត្រូវ ស្របច្បាប់ហើយមានសុពលភាពផង។ ក្រោយបានរៀបការតាមទម្លាប់នោះ ធម្មតាគូស្វាមីភរិយាថ្មីថ្មោងក៏អាចចុះបញ្ជីអាពាហ៍ពិពាហ៍ហើយទទួលសំបុត្រពីរដ្ឋដែរ។ នេះអាចជួយការពារគូអាពាហ៍ពិពាហ៍ឬមានប្រយោជន៍សម្រាប់ភរិយានិងកូននៅពេលអនាគត បើស្វាមីស្លាប់។ ក្រុមជំនុំនៃពួកគ្រិស្តសាសនិកតែងលើកទឹកចិត្តអ្នកដែលរៀបការតាមទម្លាប់នោះឲ្យចុះសំបុត្រអាពាហ៍ពិពាហ៍ភ្លាមៗ។ គួរឲ្យចាប់អារម្មណ៍ដែរ មើលទៅដូចជាក្រឹត្យវិន័យម៉ូសេតម្រូវឲ្យប្រជាជនចុះបញ្ជីតាមផ្លូវការពេលរៀបអាពាហ៍ពិពាហ៍ឬបង្កើតកូន។—ម៉ាថាយ ១:១-១៦
១៣. ពេលគេរៀបអាពាហ៍ពិពាហ៍តាមទម្លាប់រួចហើយ តើគួរធ្វើយ៉ាងណាស្តីអំពីសុន្ទរកថាក្នុងសាលប្រជុំ?
១៣ ពេលគូប្រុសស្រីរៀបការតាមទម្លាប់ដែលស្របច្បាប់នៅទ្វីបអាហ្វ្រិក គេក៏បានរាប់អ្នកទាំងពីរជាស្វាមីភរិយាហើយ។ ដូចបានពន្យល់ក្នុងវគ្គមុនៗនេះ ពេលពួកគ្រិស្តសាសនិករៀបការស្របច្បាប់បែបនោះ ប្រហែលជាពួកគេចង់រៀបចំឲ្យមានសុន្ទរកថាអាពាហ៍ពិពាហ៍មួយថ្លែងនៅក្នុងសាលព្រះរាជាណាចក្រ ទាំងស្បថចំពោះគ្នាផង។ បើធ្វើដូច្នេះ អ្នកថ្លែងក៏ត្រូវប្រាប់ឲ្យដឹងថា សាមីខ្លួនអ្នកការបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់សេសាររួចហើយ។ សុន្ទរកថាក្នុងសាលប្រជុំមានតែមួយដងគត់សម្រាប់គូស្វាមីភរិយាថ្មីថ្មោងនោះ។ ក្នុងករណីនេះ គេរៀបអាពាហ៍ពិពាហ៍ស្របច្បាប់តាមទម្លាប់តែមួយដងជាសម្រេច ហើយក៏មានសុន្ទរកថាអំពីគោលការណ៍ព្រះគម្ពីរជាកម្មវិធីបន្ថែម។ បើអាចធ្វើទៅបានគួររៀបចំឲ្យមានកម្មវិធីទាំងពីរជាប់គ្នានៅថ្ងៃដដែលនោះ ហើយនេះនឹងជួយឲ្យអាពាហ៍ពិពាហ៍របស់ពួកគ្រិស្តសាសនិកមានតម្លៃនៅតំបន់នោះ។
១៤. បើពួកគ្រិស្តសាសនិកអាចរៀបអាពាហ៍ពិពាហ៍តាមទម្លាប់ឬតាមច្បាប់រដ្ឋក៏បាន តើពួកគេប្រហែលជាសម្រេចចិត្តធ្វើអ្វី?
១៤ នៅប្រទេសខ្លះនាទ្វីបអាហ្វ្រិកដែលគេទទួលស្គាល់អាពាហ៍ពិពាហ៍តាមទម្លាប់ជាពិធីស្របច្បាប់ គេក៏បើកឱកាសឲ្យសាមីខ្លួនអ្នកការចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការដែរ។ ធម្មតាគូស្វាមីភរិយាថ្មីថ្មោងនោះជួបជាមួយរាជការម្នាក់ ទាំងពោលពាក្យសច្ចាចំពោះគ្នាទៅវិញទៅមកនិងចុះបញ្ជីអាពាហ៍ពិពាហ៍។ គូប្រុសស្រីគ្រិស្តសាសនិកខ្លះសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋ ជាជាងធ្វើតាមទម្លាប់ក្នុងតំបន់គេ។ តាមពិត ដោយសាររបៀបទាំងពីរស្របច្បាប់ដូចគ្នា ពួកគេមិនចាំបាច់ធ្វើទាំងពីរទេ។ ហើយអ្វីដែលរៀបរាប់ក្នុងវគ្គ៩និង១០អំពីសុន្ទរកថាអាពាហ៍ពិពាហ៍និងពាក្យសម្បថក៏អាចប្រើបានដែរ។ អ្វីដែលសំខាន់បំផុត គឺឲ្យសាមីខ្លួនកូនប្រុសកូនស្រីរៀបអាពាហ៍ពិពាហ៍បែបយ៉ាងណាដែលមានតម្លៃចំពោះព្រះនិងមនុស្ស។—លូកា ២០:២៥; ពេត្រុសទី១ ២:១៣, ១៤
អាពាហ៍ពិពាហ៍ដែលមានភាពថ្លៃថ្នូរ
១៥, ១៦. តើការរៀបអាពាហ៍ពិពាហ៍គួររួមបញ្ចូលការគោរពនិងភាពថ្លៃថ្នូរយ៉ាងដូចម្ដេច?
១៥ នៅសម័យបុរាណ ព្រះអគ្គមហេសីរបស់ស្តេចសាសន៍ពើស៊ីបានបង្កើតឲ្យមានរឿងរ៉ាវ។ ដូច្នេះលោកមមូកាន ដែលជាអ្នកប្រឹក្សារបស់ស្តេចនោះ បានជូនយោបល់ដែលអាចនាំឲ្យមានផលល្អបាន ពោលគឺ ‹ឲ្យស្ត្រីទាំងអស់គោរពប្រតិបត្ដិដល់ប្ដីខ្លួន›។ (នាងអេសធើរ ១:២០) ក្នុងចំណោមគូអាពាហ៍ពិពាហ៍ដែលជាគ្រិស្តសាសនិក មិនចាំបាច់ឲ្យស្តេចមួយអង្គចេញបង្គាប់ឲ្យភរិយាគោរពស្វាមីទេ ពីព្រោះនាងពេញចិត្តធ្វើដូច្នេះស្ម័គ្រពីចិត្តហើយ។ ដូចគ្នាដែរ ស្វាមីដែលកាន់តាមព្រះគ្រិស្តក៏សរសើរនិងរាប់អានឬគោរពភរិយា។ (សុភាសិត ៣១:១១, ៣០; ពេត្រុសទី១ ៣:៧; ខ.ស.) ភាពថ្លៃថ្នូរក្នុងអាពាហ៍ពិពាហ៍មិនគួរលេចធ្លោយូរឆ្នាំក្រោយថ្ងៃរៀបការនោះទេ។ យ៉ាងហោចណាស់ តាំងពីពេលបានផ្សំផ្គុំជាស្វាមីភរិយាមក សាមីខ្លួនកូនប្រុសកូនស្រីត្រូវបង្ហាញការគោរពចំពោះគ្នា។
១៦ គូស្វាមីភរិយាថ្មីថ្មោងត្រូវបង្ហាញការគោរពគ្នារហូត មិនត្រឹមតែនៅថ្ងៃរៀបអាពាហ៍ពិពាហ៍នោះទេ។ ណាមួយទៀត អ្នកចាស់ទុំដែលថ្លែងសុន្ទរកថាឲ្យកូនកំលោះកូនក្រមុំ គាត់ត្រូវបង្ហាញការគោរពនិងមានភាពថ្លៃថ្នូរដែរ។ ពេលថ្លែងសុន្ទរកថា គាត់នឹងមើលមុខហើយមានប្រសាសន៍ចំពោះកូនកំលោះកូនក្រមុំ។ គាត់ក៏រក្សាឲ្យមានភាពថ្លៃថ្នូរដោយមិនលើករឿងកំប្លែងឬពាក្យស្លោកបុរាណធ្វើជាចំណុចសំខាន់ឡើយ។ ណាមួយទៀត គាត់មិនគួរនិយាយអំពីសាមីខ្លួនអ្នកការចំៗពេកដែលអាចធ្វើឲ្យពួកគាត់ឬភ្ញៀវខ្មាសនោះទេ។ ផ្ទុយទៅវិញ អ្នកថ្លែងគួរបង្ហាញភាពរាក់ទាក់ដើម្បីលើកទឹកចិត្តអស់អ្នកដែលមានវត្តមាននៅទីនោះ ទាំងលើកតម្កើងឱវាទដ៏ល្អអស្ចារ្យមកពីព្រះដែលទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សរៀបការជាស្វាមីភរិយា។ ត្រូវមែន សុន្ទរកថាដែលលើកកិត្ដិយសទាំងអស់គ្នានឹងជួយឲ្យការរៀបអាពាហ៍ពិពាហ៍នោះលើកតម្កើងព្រះយេហូវ៉ា។
១៧. ហេតុអ្វីបានជាគ្រិស្តសាសនិកយកចិត្តទុកដាក់ចំពោះច្បាប់រដ្ឋពេលរៀបអាពាហ៍ពិពាហ៍?
១៧ អត្ថបទនេះមានចំណុចជាច្រើនអំពីរបៀបរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ តែចំណុចខ្លះប្រហែលជាមិនទាក់ទងច្បាប់ទម្លាប់នៅស្រុករបស់អ្នកទេ។ យ៉ាងណាក៏ដោយ គប្បីឲ្យយើងរាល់គ្នាកត់សម្គាល់ថា ក្នុងករណីរៀបអាពាហ៍ពិពាហ៍ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាចាត់ទុកការគោរពតាមច្បាប់របស់សេសារនាតំបន់នីមួយៗ ជាការសំខាន់ណាស់។ (លូកា ២០:២៥) ប៉ុលបានដាស់តឿនយើងថា៖ «ចូរសងដល់លោកទាំងនោះតាមដែលអ្នកជំពាក់ចុះ! គឺឲ្យបង់ពន្ធខ្លួនដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ . . . ហើយត្រូវគោរពប្រតិបត្ដិដល់លោកណាដែលគួរគោរពដែរ»។ (រ៉ូម ១៣:៧) ពិតមែនហើយ តាំងពីថ្ងៃដែលពួកគ្រិស្តសាសនិកមួយគូៗរៀបអាពាហ៍ពិពាហ៍ ពួកគេត្រូវគោរពតាមទស្សនៈរបស់ព្រះយេហូវ៉ាស្តីអំពីរបៀបរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវនៅសព្វថ្ងៃនេះ។
១៨. តើគួរគប្បីឲ្យយើងពិភាក្សាអំពីអ្វីទៀតដែលទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍? តើយើងអាចរកព័ត៌មាននោះនៅកន្លែងណា?
១៨ ពេលរៀបអាពាហ៍ពិពាហ៍ហើយ បងប្អូនគ្រិស្តសាសនិកជាច្រើនចូលចិត្តធ្វើពិធីជប់លៀង មិនថាជាមង្គលការឬចូលរួមពិសាភោជនាហារជាដើម។ សូមចាំថា ព្រះយេស៊ូក៏ធ្លាប់ចូលរួមពិសាភោជនាហារម្ដងដែរ។ បើយើងចង់ធ្វើពិធីជប់លៀង តើមានយោបល់អ្វីខ្លះក្នុងព្រះគម្ពីរដើម្បីឲ្យពិធីនោះលើកកិត្ដិយសព្រះយេហូវ៉ានិងមិនបង្អាប់ដល់គូស្វាមីភរិយាថ្មីថ្មោងព្រមទាំងក្រុមជំនុំនៃពួកគ្រិស្តសាសនិក? អត្ថបទបន្ទាប់នឹងពិភាក្សាអំពីរឿងនេះ។e
-
-
ចូរឲ្យការប្រព្រឹត្ដទាំងអស់បង្ហាញពីជំនឿរបស់អ្នកទស្សនាវដ្ដីប៉មយាម ២០០៦ | ១ វិច្ឆិកា
-
-
ចូរឲ្យការប្រព្រឹត្តទាំងអស់បង្ហាញពីជំនឿរបស់អ្នក
«ឯសេចក្ដីជំនឿ . . . បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង»។—យ៉ាកុប ២:១៧
១. ហេតុអ្វីបានជាពួកគ្រិស្តសាសនិកនៅសម័យដើមបានយកចិត្តទុកដាក់ចំពោះជំនឿផងនិងការប្រព្រឹត្តរបស់ខ្លួនផង?
របៀបរស់នៅរបស់ក្រុមពួកគ្រិស្តសាសនិកនៅសម័យដើមបានបង្ហាញពីជំនឿរបស់ពួកគេ។ លោកយ៉ាកុបបានដាស់តឿនគ្រិស្តសាសនិកទាំងឡាយថា៖ «ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ»។ គាត់បញ្ជាក់ទៀតថា៖ «សេចក្ដីជំនឿបើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយបើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ»។ (យ៉ាកុប ១:២២; ២:២៦) ប្រមាណ៣៥ឆ្នាំក្រោយគាត់បានសរសេរពាក្យទាំងនោះ ពួកគ្រិស្តសាសនិកជាច្រើននៅតែបានបង្ហាញពីជំនឿរបស់ខ្លួនដោយមានការប្រព្រឹត្តសមស្របនឹងជំនឿនោះ។ ប៉ុន្តែ គួរឲ្យស្ដាយដែលគ្រិស្តសាសនិកខ្លះមិនបានធ្វើដូច្នេះទេ។ ព្រះយេស៊ូបានសរសើរពួកជំនុំនៅក្រុងស្មឺន៉ា តែទ្រង់មានបន្ទូលទៅកាន់បងប្អូនជាច្រើនក្នុងក្រុមជំនុំនៅក្រុងសើដេសថា៖ «អញស្គាល់ការដែលឯងប្រព្រឹត្តហើយ គឺដែលឯងមានឈ្មោះថារស់ តែឯងស្លាប់ទេ»។—វិវរណៈ ២:៨-១១; ៣:១
២. តើពួកគ្រិស្តសាសនិកគួរសួរខ្លួនឯងសំណួរអ្វីខ្លះដែលទាក់ទងជំនឿរបស់ខ្លួន?
២ ស្របទៅតាមកាលៈទេសៈនោះ ព្រះយេស៊ូបានលើកទឹកចិត្តបងប្អូនគ្រិស្តសាសនិកក្នុងក្រុមជំនុំនៅទីក្រុងសើដេសឲ្យចាំយាមខាងវិញ្ញាណ ព្រមទាំងបង្ហាញសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតដូចដែលពួកគេធ្លាប់មានពីដើមមក។ មនុស្សណាដែលអានបន្ទូលទ្រង់នៅសម័យក្រោយៗមកក៏គួរធ្វើដូចគ្នាដែរ។ (វិវរណៈ ៣:២, ៣) យើងរាល់គ្នាក៏គួរសួរខ្លួនឯងថា ‹តើខ្ញុំកំពុងតែធ្វើអ្វី? សូម្បីតែពេលមិនទាក់ទងកិច្ចការផ្សព្វផ្សាយនិងកិច្ចប្រជុំជាមួយក្រុមជំនុំក្ដី តើទង្វើទាំងអស់របស់ខ្ញុំបង្ហាញច្បាស់ថា ខ្ញុំកំពុងតែធ្វើតាមជំនឿរបស់ខ្ញុំអស់ពីសមត្ថភាពឬ?›។ (លូកា ១៦:១០) តាមពិតសំណួរទាំងនេះទាក់ទងនឹងទិដ្ឋភាពជាច្រើននៃជីវិតយើង។ ប៉ុន្តែក្នុងអត្ថបទនេះយើងសូមពិភាក្សាអំពីចំណុចតែមួយគត់ ពោលគឺកម្មវិធីជប់លៀងដែលរួមបញ្ចូលពិធីមង្គលការផងដែរ។
ពិធីជប់លៀងតូចតាច
៣. តើព្រះគម្ពីររៀបរាប់យ៉ាងណាអំពីពិធីជប់លៀង?
៣ យើងភាគច្រើនរីករាយណាស់ពេលបងប្អូនគ្រិស្តសាសនិកអញ្ជើញយើងឲ្យចូលរួមពិធីជប់លៀង។ ព្រះយេហូវ៉ាជាព្រះដែល‹ប្រកបដោយសុភមង្គល› ហើយទ្រង់សព្វព្រះហឫទ័យឲ្យអ្នកបម្រើទ្រង់មានសុភមង្គលដែរ។ (ធីម៉ូថេទី១ ១:១១, ខ.ស.) ព្រះយេហូវ៉ាបានបណ្ដាលឲ្យសាឡូម៉ូនសរសេរការពិតនេះក្នុងព្រះគម្ពីរថា៖ «យើងបាននិយមខាងសេចក្ដីសប្បាយពីព្រោះនៅក្រោមថ្ងៃ មនុស្សឥតមានអ្វីល្អជាងការស៊ីផឹកហើយមានចិត្តរីករាយនោះទេ ដ្បិតមានតែការប៉ុណ្ណោះជាផលពីការនឿយហត់របស់ខ្លួនដែលនឹងនៅជាប់រាល់តែថ្ងៃអស់១ជីវិតខ្លួន»។ (សាស្ដា ៣:១, ៤, ១៣; ៨:១៥) យើងអាចមានចិត្តរីករាយបែបនោះពេលរួមគ្នាបរិភោគអាហារជាក្រុមគ្រួសារ ឬពេលមានពិធីជប់លៀងតូចជាមួយបងប្អូនគ្នីគ្នាដែលរួមជំនឿលើសេចក្ដីពិត។—យ៉ូប ១:៤, ៥, ១៨; លូកា ១០:៣៨-៤២; ១៤:១២-១៤
៤. តើអ្នកដែលរៀបចំពិធីជប់លៀងតូចគួរចងចាំអ្វី?
៤ បើអ្នកមានផែនការរៀបចំពិធីជប់លៀងមួយ អ្នកត្រូវគិតឲ្យបានដិតដល់អំពីកម្មវិធីនោះពីព្រោះអ្នកនឹងទទួលខុសត្រូវចំពោះអ្វីដែលកើតឡើង សូម្បីតែពេលអញ្ជើញអ្នកជឿគ្នីគ្នាតែពីរបីនាក់ប៉ុណ្ណោះឲ្យរួមគ្នាបរិភោគអាហារនិងសំណេះសំណាលគ្នាក្ដី។ (រ៉ូម ១២:១៣) អ្នកប្រាកដជានឹងចង់រៀបចំឲ្យ«ការទាំងអស់[កើតឡើង]តាមបែបគួរសម» ហើយអនុញ្ញាតឲ្យ«ប្រាជ្ញាដែលមកពីស្ថានលើ»មានឥទ្ធិពលលើការរៀបចំរបស់អ្នក។ (កូរិនថូសទី១ ១៤:៤០; យ៉ាកុប ៣:១៧) សាវ័កប៉ុលបានសរសេរថា៖ «ទោះបើស៊ីឬផឹកឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ! កុំឲ្យធ្វើជាទីបង្អាក់ចិត្ត»ឡើយ។ (កូរិនថូសទី១ ១០:៣១, ៣២) តើយើងគួរប្រយ័ត្ននឹងអ្វីខ្លះ? ការពិចារណាចំណុចខ្លះៗជាមុនអាចជួយឲ្យអ្នកនិងភ្ញៀវប្រព្រឹត្តបែបយ៉ាងណាដែលបង្ហាញពីជំនឿរបស់អ្នក។—រ៉ូម ១២:២
តើនឹងរៀបចំពិធីជប់លៀងយ៉ាងដូចម្ដេច?
៥. ហេតុអ្វីក៏អ្នករៀបចំពិធីជប់លៀងគួរគិតពិចារណាសិន មុនចាក់បទចម្រៀងឬចែកភេសជ្ជៈដែលមានជាតិសុរា?
៥ អ្នកដែលរៀបចំពិធីជប់លៀងតូចត្រូវធ្វើការសម្រេចចិត្តថា តើនឹងចែកជូនភេសជ្ជៈដែលមានជាតិសុរាឬអត់? តាមពិត មិនចាំបាច់ឲ្យពិធីយើងរួមបញ្ចូលស្រាដើម្បីឲ្យបានសប្បាយទេ។ សូមចាំថា ព្រះយេស៊ូបានរៀបចំអាហារដោយចែកត្រីនិងនំប៉័ងដល់មនុស្សមួយហ្វូងយ៉ាងធំដែលមកជួបជាមួយនឹងទ្រង់។ ប៉ុន្តែ ទោះជាព្រះយេស៊ូមានសមត្ថភាពធ្វើអព្ភូតហេតុឲ្យមានស្រាក្រហមក៏ដោយ កំណត់ហេតុមិនប្រាប់ថាទ្រង់ធ្វើដូច្នេះទេ។ (ម៉ាថាយ ១៤:១៤-២១) បើអ្នកសម្រេចចិត្តជូនភេសជ្ជៈដែលមានជាតិសុរាដល់ភ្ញៀវពេលមានពិធីជប់លៀង ចូរចេះប្រមាណក្នុងរឿងនេះ ហើយរៀបចំឲ្យមានភេសជ្ជៈឆ្ងាញ់ផ្សេងៗទៀតសម្រាប់ពួកអ្នកដែលមិនចង់ពិសាស្រា។ (ធីម៉ូថេទី១ ៣:២, ៣, ៨; ៥:២៣; ពេត្រុសទី១ ៤:៣) ចូរជៀសវាងដាច់ខាតនូវការបង្ខិតបង្ខំឲ្យភ្ញៀវពិសាស្រាដែលអាច«ចឹកដូចជាពស់»។ (សុភាសិត ២៣:២៩-៣២) តើនឹងមានបទភ្លេងឬការច្រៀងចម្រៀងឬទេ? បើមានមែន អ្នកច្បាស់ជានឹងប្រយ័ត្នក្នុងការជ្រើសរើសបទចម្រៀងដោយគិតអំពីចង្វាក់ភ្លេងនិងអត្ថន័យ។ (កូល៉ុស ៣:៨; យ៉ាកុប ១:២១) បងប្អូនគ្រិស្តសាសនិកជាច្រើនចូលចិត្តចាក់បទភ្លេងព្រះរាជាណាចក្រ ឬក៏រួមគ្នាច្រៀងបទទាំងនោះយ៉ាងសប្បាយ។ (អេភេសូរ ៥:១៩, ២០) យ៉ាងណាក្ដី គប្បីឲ្យយើងគិតម្ដងម្កាលអំពីទំហំសំឡេងបទចម្រៀងដើម្បីកុំឲ្យរំខានដល់អ្នកជិតខាងឬភ្ញៀវយើងដែលកំពុងតែពិភាក្សាគ្នា។—ម៉ាថាយ ៧:១២
៦. ស្តីអំពីទង្វើនិងការពិគ្រោះគ្នារបស់ភ្ញៀវ តើម្ចាស់ពិធីជប់លៀងអាចបង្ហាញយ៉ាងណាថាជំនឿរបស់ខ្លួនឥតស្លាប់?
៦ ពេលមានពិធីជប់លៀងតូច ពួកគ្រិស្តសាសនិកប្រហែលជាចូលចិត្តពិគ្រោះរឿងផ្សេងៗ អានសៀវភៅឲ្យគ្រប់គ្នាស្ដាប់ ឬរៀបរាប់បទពិសោធន៍ផ្សេងៗក៏មាន។ បើភ្ញៀវចាប់ផ្ដើមនិយាយពីរឿងមិនសូវល្អ ម្ចាស់ពិធីជប់លៀងគួររកវិធីផ្លាស់ប្ដូរសាច់រឿងដោយប៉ិនប្រសប់។ គាត់ក៏គួរកត់សម្គាល់ហើយបង្ការកុំឲ្យមានអ្នកណាម្នាក់និយាយរហូត។ បើម្ចាស់ពិធីឃើញថាមានម្នាក់កំពុងធ្វើដូច្នេះមែន គាត់អាចសូមកាត់ប្រសាសន៍បន្ដិចហើយឲ្យភ្ញៀវឯទៀតមានឱកាសនិយាយ។ គាត់ប្រហែលជាអាចលើកសាច់រឿងដែលគ្រប់គ្នារួមទាំងកូនក្មេងនិងពួកយុវជនយុវតីអាចពិគ្រោះបានដែរ។ បើដូច្នេះ ភ្ញៀវទាំងចាស់ទាំងក្មេងនឹងពេញចិត្តចំពោះការសំណេះសំណាលក្នុងពិធីនោះ។ បើអ្នកបង្ហាញថាខ្លួនមានប្រាជ្ញាក្នុងការរៀបចំពិធីជប់លៀងដោយធ្វើយ៉ាងណាកុំឲ្យភ្ញៀវរកាំចិត្ត នោះនឹងសឲ្យឃើញថាអ្នកជាមនុស្សមានវិចារណញ្ញាណ។ ភ្ញៀវដែលចូលរួមពិធីជប់លៀងតូចរបស់អ្នកនឹងទទួលស្គាល់ថា ជំនឿរបស់អ្នកឥតស្លាប់ទេ តែមានអានុភាពលើគ្រប់ទង្វើក្នុងជីវិតរបស់អ្នក។
ពិធីមង្គលការ
៧. ហេតុអ្វីក៏គប្បីឲ្យយើងពិភាក្សាអំពីពិធីមង្គលការ?
៧ កម្មវិធីពិសេសម្យ៉ាងដែលផ្ដល់ហេតុឲ្យមានចិត្តអរសប្បាយ គឺជាពិធីមង្គលការរបស់ពួកគ្រិស្តសាសនិក។ អ្នកបម្រើព្រះពីបុរាណ រួមទាំងព្រះយេស៊ូនិងសិស្សទ្រង់ផង បានចូលរួមស្ម័គ្រពីចិត្តក្នុងកម្មវិធីដ៏សប្បាយបែបនោះដែលរួមបញ្ចូលពិធីបរិភោគការផង។ (លោកុប្បត្តិ ២៩:២១, ២២; យ៉ូហាន ២:១, ២) ប៉ុន្តែ ពេលថ្មីៗនេះព្រឹត្ដិការណ៍ផ្សេងៗបង្ហាញឲ្យដឹងថា ពួកគ្រិស្តសាសនិកត្រូវប្រុងប្រយ័ត្ននិងព្យាយាមបង្ហាញតុល្យភាពពេលរៀបចំពិធីមង្គលការ។ យ៉ាងនេះ ការជប់លៀងពេលរៀបអាពាហ៍ពិពាហ៍មិនជាការខុសទេ តែក៏ហុចឱកាសឲ្យពួកគ្រិស្តសាសនិកបង្ហាញពីជំនឿរបស់ខ្លួន។
៨, ៩. តើទម្លាប់ជាច្រើនខាងពិធីមង្គលការបញ្ជាក់យ៉ាងណានូវសច្ចភាពនៃអ្វីដែលយើងអាននៅយ៉ូហានទី១ ២:១៦, ១៧?
៨ មនុស្សជាច្រើនដែលមិនស្គាល់ឬមិនយកចិត្តទុកដាក់ចំពោះគោលការណ៍ព្រះគម្ពីរចាត់ទុកថ្ងៃរៀបការជាឱកាសដ៏ពិសេសដើម្បីរៀបចំពិធីឲ្យបានអ៊ឹកអធឹកនិងគគ្រឹកគគ្រេង ឬជាថ្ងៃដែលអ្នកដទៃមិនរិះគន់បើរៀបចំពិធីឲ្យបានធំ។ ក្នុងទស្សនាវដ្ដីមួយនៅទ្វីបអឺរ៉ុប សាមីខ្លួនកូនស្រីបានពណ៌នាអំពីថ្ងៃរៀបការរបស់គាត់ថា គេរៀបចំពិធីនោះយ៉ាងអធិកអធមមហាសែនធំដែលប្រៀបដូចជាការរៀបអភិសេករបស់កូនស្តេច ដែលមានក្បួនដង្ហែយ៉ាងច្រើនរួមទាំងអ្នកភ្លេងផងដែរ។ រួចមកគាត់ពន្យល់បន្តទៀតថា៖ ‹មានម្ហូបថ្លៃៗនិងបទភ្លេងពីរោះៗ។ កម្មវិធីនោះធ្វើឲ្យខ្ញុំរំភើបចិត្តណាស់ព្រោះជាអ្វីខ្ញុំចង់បាន ហើយខ្ញុំមានអារម្មណ៍ថានៅថ្ងៃនោះខ្ញុំដូចជាម្ចាស់ក្សត្រី›។
៩ មនុស្សនៅប្រទេសផ្សេងៗមានទម្លាប់រៀបអាពាហ៍ពិពាហ៍និងពិធីមង្គលការខុសប្លែកពីគ្នាពិតមែន ប៉ុន្តែទស្សនៈរបស់កូនក្រមុំខាងលើនេះបញ្ជាក់យ៉ាងច្បាស់នូវសច្ចភាពនៃពាក្យរបស់សាវ័កយ៉ូហានដែលសរសេរថា៖ «អស់ទាំងសេចក្ដីដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ»។ តើអ្នកអាចនឹកស្មានថាគ្រិស្តសាសនិកដែលមានភាពចាស់ទុំនឹងរៀបចំពិធីយ៉ាងអធិកអធមដែលប្រៀបដូចជាការរៀបអភិសេករបស់កូនស្តេចឬ? តើគ្រិស្តសាសនិកនឹងរៀបមង្គលការមហាសែនធំដូចដែលខ្លួននឹកស្រមៃឬ? តាមពិតគ្រិស្តសាសនិកដែលមានភាពចាស់ទុំនឹងមានទស្សនៈផ្ទុយទៅវិញ ដោយចាំថា «អ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—យ៉ូហានទី១ ២:១៦, ១៧
១០. (ក) ហេតុអ្វីក៏សាមីខ្លួនអ្នកការត្រូវចេះថ្លឹងថ្លែងពេលរៀបចំពិធីមង្គលការ? (ខ) ស្តីអំពីការអញ្ជើញភ្ញៀវឲ្យបរិភោគការ តើគួរធ្វើការសម្រេចចិត្តយ៉ាងដូចម្ដេច?
១០ គ្រិស្តសាសនិកដែលចង់រៀបការគួរទទួលស្គាល់កម្រិតជីវភាពរបស់ខ្លួន ហើយចេះថ្លឹងថ្លែងផងដែរ។ ព្រះគម្ពីរអាចជួយពួកគាត់ឲ្យមានគំនិតយ៉ាងនោះបាន។ ថ្ងៃរៀបការជាថ្ងៃពិសេសក៏ពិតមែន តែចំពោះពួកគ្រិស្តសាសនិកដែលសង្ឃឹមរួមរស់ជាមួយគ្នាជារៀងរហូតតទៅ ថ្ងៃនោះគ្រាន់តែជាទីចាប់ផ្ដើមប៉ុណ្ណោះនៃជីវិតជាស្វាមីភរិយា។ គ្មានច្បាប់ណាថាពួកគាត់ត្រូវរៀបមង្គលការយ៉ាងគគ្រឹកគគ្រេងនោះទេ។ បើសាមីខ្លួនអ្នកការសម្រេចចិត្តចង់រៀបចំពិធីមង្គលការ ពួកគាត់ត្រូវគិតគូរអំពីតម្លៃជាមុនសិន ហើយសម្រេចចិត្តថាត្រូវរួមបញ្ចូលកម្មវិធីអ្វីខ្លះ។ (លូកា ១៤:២៨) ពេលគ្រិស្តសាសនិកមួយគូរួមរស់ជាមួយគ្នា ព្រះគម្ពីរបញ្ជាក់ថាស្វាមីមានមុខនាទីជាក្បាលឬជាមេគ្រួសារ។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២២, ២៣) ដូច្នេះ កូនកំលោះជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងក្នុងពិធីមង្គលការ។ យ៉ាងណាក្ដី គាត់នឹងបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូនក្រមុំដោយពិភាក្សាជាមួយនាងថា តើពួកគាត់ចង់ឬមានលទ្ធភាពអញ្ជើញអ្នកណាខ្លះឲ្យចូលរួមពិធីបរិភោគការ។ សាមីខ្លួនកូនប្រុសកូនស្រីប្រហែលជាត្រូវចេះគិតប្រមាណពេលធ្វើការសម្រេចចិត្តនោះ ដ្បិតជួនកាលពួកគាត់គ្មានលទ្ធភាពអញ្ជើញបងប្អូនញាតិមិត្តទាំងឡាយឲ្យចូលរួមទេ។ កូនកំលោះកូនក្រមុំមិនគួរខ្វល់ខ្វាយថា បងប្អូនគ្រិស្តសាសនិកនឹងប្រកាន់ឬតូចចិត្តបើមិនទទួលសេចក្ដីអញ្ជើញឲ្យចូលបរិភោគការ។—សាស្ដា ៧:៩
‹អ្នកចាត់ចែងមង្គលការ›
១១. តើ‹អ្នកចាត់ចែងមង្គលការ›មានមុខនាទីអ្វី?
១១ បើគូស្វាមីភរិយាថ្មីថ្មោងសម្រេចចិត្តចង់ធ្វើពិធីជប់លៀងមង្គលការមែន តើពួកគាត់អាចធ្វើយ៉ាងណាដើម្បីរក្សាឲ្យកម្មវិធីនោះមានភាពថ្លៃថ្នូរ? ច្រើនឆ្នាំហើយ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាឃើញថាមានប្រាជ្ញាឲ្យធ្វើតាមគំរូពីលក្ខណៈមួយនៃមង្គលការដែលព្រះយេស៊ូចូលរួមនៅភូមិកាណា។ នៅកម្មវិធីនោះមាន«អ្នក[ចាត់ចែង]មង្គលការ»ម្នាក់ដែលជាអ្នករួមជំនឿហើយជាអ្នកទទួលខុសត្រូវ។ (យ៉ូហាន ២:៩, ១០) ស្រដៀងគ្នាដែរ សាមីខ្លួនកូនប្រុសនឹងជ្រើសរើសបុរសម្នាក់ជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំឲ្យបំពេញភារកិច្ចសំខាន់នេះ។ អ្នកចាត់ចែងមង្គលការត្រូវស្គាល់អំពីតម្រូវការនិងចំណង់ចំណូលចិត្តរបស់កូនកំលោះ។ ក្រោយមក អ្នកទទួលខុសត្រូវនឹងចាត់ចែងដើម្បីបំពេញតាមតម្រូវការទាំងនោះ មុនហើយក្នុងកំលុងពេលកម្មវិធី។
១២. តើកូនកំលោះគួរគិតពិចារណាអ្វីស្តីអំពីភេសជ្ជៈដែលមានជាតិសុរា?
១២ សមស្របទៅតាមអ្វីដែលបានពន្យល់ក្នុងវគ្គប្រាំ នៅពិធីមង្គលការគូស្វាមីភរិយាថ្មីថ្មោងខ្លះសម្រេចចិត្តមិនឲ្យមានភេសជ្ជៈដែលមានជាតិសុរា ក្រែងលោភ្ញៀវខ្លះប្រមឹកស្រាហើយបង្ខូចបរិយាកាសសប្បាយដែលគាត់ចង់ទុកជាអនុស្សាវរីយ៍។ (រ៉ូម ១៣:១៣; កូរិនថូសទី១ ៥:១១) យ៉ាងណាក៏ដោយ បើសាមីខ្លួនអ្នកការចង់ចែកឲ្យភ្ញៀវពិសាស្រាក្នុងកម្មវិធីនោះ កូនកំលោះត្រូវធ្វើឲ្យបានប្រាកដប្រជាថាគេនឹងជូនភេសជ្ជៈដោយចេះប្រមាណ។ ពេលព្រះយេស៊ូចូលរួមពិធីមង្គលការនៅភូមិកាណា គេមានស្រាទំពាំងបាយជូរនៅទីនោះដែរ ហើយទ្រង់ក៏ធ្វើអព្ភូតហេតុដើម្បីឲ្យមានស្រាក្រហមគុណភាពល្អៗថែមទៀតផង។ គួរឲ្យចាប់អារម្មណ៍ថា អ្នកចាត់ចែងមង្គលការនោះមានប្រសាសន៍ថា៖ «មនុស្សទាំងឡាយ គេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុន លុះកាលបានផឹកជាច្រើនហើយ នោះទើបលើកស្រាទំពាំងបាយជូរដែលមិនសូវល្អមកជាក្រោយ។ តែនេះ អ្នកបានទុកស្រាទំពាំងបាយជូរយ៉ាងល្អដរាបដល់ឥឡូវនេះវិញ»។ (យ៉ូហាន ២:១០) យ៉ាងច្បាស់ណាស់ ព្រះយេស៊ូមិនបានបង្កើតស្រាថែមទៀតដើម្បីឲ្យគេផឹកស្រវឹងឡើយ ដ្បិតទ្រង់កាត់ទោសទង្វើនោះ។ (លូកា ១២:៤៥, ៤៦) ពេលអ្នកចាត់ចែងមង្គលការភ្ញាក់ផ្អើលអំពីគុណភាពនៃស្រាទំពាំងបាយជូរ នេះសឲ្យឃើញថាគាត់ធ្លាប់ចូលរួមពិធីមង្គលការឯទៀតដែលភ្ញៀវផឹកស្រវឹង។ (កិច្ចការ ២:១៥; ថែស្សាឡូនីចទី១ ៥:៧) អាស្រ័យហេតុនេះ សាមីខ្លួនកូនប្រុសនិងគ្រិស្តសាសនិកម្នាក់ដែលគាត់ទុកចិត្តឲ្យធ្វើជាអ្នកចាត់ចែងមង្គលការគួរធ្វើឲ្យប្រាកដថា គ្រប់ទាំងភ្ញៀវនឹងធ្វើតាមពាក្យណែនាំដ៏ច្បាស់លាស់ថា៖ «កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ»។—អេភេសូរ ៥:១៨; សុភាសិត ២០:១; ហូសេ ៤:១១
១៣. បើគូស្វាមីភរិយាសម្រេចចិត្តចាក់ភ្លេងនៅពិធីមង្គលការ តើពួកគាត់គួរគិតអំពីអ្វីខ្លះ? ហើយហេតុអ្វី?
១៣ បើចង់ចាក់ភ្លេងដូចក្នុងពិធីជប់លៀងឯទៀត នោះក៏ត្រូវប្រយ័ត្នកុំឲ្យថ្លង់ពេកដើម្បីឲ្យភ្ញៀវមានឱកាសពិភាក្សាគ្នាបាន។ អ្នកចាស់ទុំគ្រិស្តសាសនិកម្នាក់បានកត់សម្គាល់ថា៖ «ក្នុងកំលុងពិធីមង្គលការ ដោយសារមានសំឡេងអ៊ូអរកាន់តែខ្លាំងឡើងៗឬមានការរាំរែក នោះគេដំឡើងសំឡេងចម្រៀងកាន់តែខ្លាំងឡើងដែរ។ ចម្រៀងដែលកំដរបរិយាកាសដំបូងនោះបែរទៅជាថ្លង់ដល់ម្ល៉េះបានជាភ្ញៀវពិបាកនិយាយគ្នា។ ពិធីមង្គលការហុចឱកាសឲ្យយើងទាក់ទងគ្នាយ៉ាងសប្បាយ ដូច្នេះគួរឲ្យស្ដាយណាស់ បើយើងស្ដាប់គ្នាមិនបានដោយសារបទចម្រៀងថ្លង់ពេក!»។ ម្ដងទៀតកូនកំលោះនិងអ្នកចាត់ចែងមង្គលការត្រូវទទួលខុសត្រូវចំពោះប្រភេទបទចម្រៀងនិងទំហំសំឡេង។ មិនថាបានជួលឲ្យមានការប្រគំតន្ត្រីក្ដី សាមីខ្លួនកូនប្រុសនិងអ្នកចាត់ចែងការមិនគួរបណ្ដោយឲ្យគេធ្វើអ្វីក៏ដោយតាមតែចិត្តនោះទេ។ ប៉ុលបានសរសេរថា៖ «ក្នុងគ្រប់ការទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើដោយពាក្យសំដីឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ»។ (កូល៉ុស ៣:១៧) ពេលភ្ញៀវត្រឡប់ទៅផ្ទះវិញ តើពួកគេនឹងគិតអំពីបទភ្លេងនិងចម្រៀងនៅពិធីមង្គលការជាអ្វីដែលសឲ្យឃើញថា សាមីខ្លួនអ្នកការបានធ្វើអ្វីៗទាំងអស់ស្របតាមព្រះនាមព្រះយេស៊ូឬទេ? ពីព្រោះតាមពិត ការរៀបចំរបស់គូស្វាមីភរិយាថ្មីថ្មោងគួរសឲ្យឃើញថាជំនឿរបស់គាត់ពិតជាស័ក្ដិសមជាអ្នកកាន់តាមព្រះគ្រិស្តមែន។
១៤. ពេលចេញពីពិធីមង្គលការ តើពួកគ្រិស្តសាសនិកគួរមានអារម្មណ៍យ៉ាងណា?
១៤ ពិតមែនហើយ បើពិធីមង្គលការបានត្រូវរៀបចាត់ចែងយ៉ាងត្រឹមត្រូវ គ្រប់គ្នានឹងមានអនុស្សាវរីយ៍ល្អ។ បងប្រុសអាដាមនិងភរិយាគាត់ឈ្មោះអេឌីតា ដែលបានរៀបការអស់៣០ឆ្នាំហើយ ពណ៌នាអំពីពិធីអាពាហ៍ពិពាហ៍មួយដែលគាត់ចូលរួម ហើយមានប្រសាសន៍ថា៖ «ពិធីនោះមានបរិយាកាសសមជាកម្មវិធីរបស់ពួកគ្រិស្តសាសនិក។ គេបានច្រៀងចម្រៀងសរសើរព្រះយេហូវ៉ាផង ហើយមានការកម្សាន្តបែបផ្សេងទៀតដែរ តែការរាំរែកនិងបទភ្លេងចម្រៀងជារឿងបន្ទាប់បន្សំវិញ។ ការចូលរួមនោះបានលើកទឹកចិត្តហើយធ្វើឲ្យយើងសប្បាយពីព្រោះអ្វីៗទាំងអស់មានលក្ខណៈសមស្របនឹងគោលការណ៍ព្រះគម្ពីរ»។ ប្រាកដហើយ ការសម្រេចចិត្តនិងទង្វើរបស់កូនកំលោះកូនក្រមុំពេលរៀបចំពិធីមង្គលការអាចសឲ្យឃើញជំនឿរបស់ពួកគាត់មែន។
ការជូនអំណោយ
១៥. តើព្រះគម្ពីរមានដំបូន្មានអ្វីទាក់ទងនឹងការជូនអំណោយដល់អ្នករៀបការ?
១៥ នៅប្រទេសជាច្រើន បងប្អូនញាតិមិត្តមានទម្លាប់ជូនកាដូឬអំណោយដល់កូនកំលោះកូនក្រមុំ។ បើអ្នកសម្រេចធ្វើដូច្នេះ តើគួរចងចាំអ្វីខ្លះ? មុនដំបូង សូមចាំអ្វីដែលសាវ័កយ៉ូហានបានសរសេរអំពី«សេចក្ដីអំនួតរបស់ជីវិត»។ យ៉ូហានបញ្ជាក់ថា អំណួតមិនមែនជាលក្ខណៈរបស់ពួកគ្រិស្តសាសនិកដែលមានការប្រព្រឹត្តស្របតាមជំនឿទេ តែជាលក្ខណៈរបស់មនុស្សក្នុង‹លោកីយនេះដែលកំពុងកន្លងទៅ›។ (យ៉ូហានទី១ ២:១៦, ១៧) ដោយគិតអំពីទស្សនៈនេះដែលព្រះបណ្ដាលឲ្យយ៉ូហានសរសេរនោះ តើគូស្វាមីភរិយាថ្មីថ្មោងគួរប្រកាសឲ្យគ្រប់គ្នាដឹងថាអ្នកណាជូនអំណោយមួយណាឬ? បើពិចារណាគំរូរបស់ពួកគ្រិស្តសាសនិកពីស្រុកម៉ាសេដូននិងអាខៃពេលជូនជំនូនដល់បងប្អូនរួមជំនឿនៅទីក្រុងយេរូសាឡិម នោះគ្មានចំណុចណាបង្ហាញថាគេបានប្រកាសឈ្មោះសប្បុរសជនទេ។ (រ៉ូម ១៥:២៦) ដូចគ្នាដែរ ពួកគ្រិស្តសាសនិកដែលជូនកាដូឬអំណោយដល់កូនកំលោះកូនក្រមុំ ប្រហែលជាមិនចង់ឲ្យអ្នកដទៃដឹងថាគេជូនអ្វីទេ ក្រែងលោមើលទៅដូចជាអួតខ្លួនវិញ។ ស្តីអំពីរឿងនេះ សូមមើលម្ដងទៀតនូវដំបូន្មានរបស់ព្រះយេស៊ូក្នុងសៀវភៅម៉ាថាយ ៦:១-៤។
១៦. ពេលគូស្វាមីភរិយាថ្មីថ្មោងទទួលកាដូឬអំណោយនោះ តើពួកគាត់គួរជៀសវាងអ្វីដើម្បីកុំឲ្យនរណាមានអារម្មណ៍ខ្មាស?
១៦ ការប្រកាសឈ្មោះអ្នកជូនអំណោយអាចនាំឲ្យអ្នកខ្លះដណ្ដើមគ្នា«រកកេរ្ដិ៍ឈ្មោះ»ជាអ្នកដែលឲ្យអំណោយល្អឬថ្លៃជាងគេ។ ដូច្នេះ គ្រិស្តសាសនិកដែលជាសាមីអ្នកការមិនដែលប្រកាសឈ្មោះអ្នកជូនអំណោយទេ ដ្បិតនេះអាចនាំឲ្យភ្ញៀវមានអារម្មណ៍ខ្មាស បើគ្មានលទ្ធភាពជូនអំណោយ។ (កាឡាទី ៥:២៦; ៦:១០) តាមពិត មិនជាការខុសទេឲ្យកូនកំលោះកូនក្រមុំដឹងថាអ្នកណាជូនអំណោយមួយណានោះ ប្រហែលជាដោយសារមានសំបុត្រតូចមួយជាប់ជាមួយនឹងកាដូ ប៉ុន្តែគាត់មិនគួរអានសំបុត្រនោះឲ្យភ្ញៀវដឹងទេ។ យ៉ាងនេះ សូម្បីតែក្នុងរឿងផ្ទាល់ខ្លួនក៏ដោយ ដូចជាពេលទិញ ជូនឬទទួលអំណោយនិងកាដូដែលទាក់ទងពិធីមង្គលការ នោះជំនឿរបស់យើងនៅតែមានអានុភាពលើការប្រព្រឹត្តរបស់យើងដែរ។a
១៧. តើពួកគ្រិស្តសាសនិកគួរមានគោលដៅអ្វីស្តីអំពីជំនឿនិងការប្រព្រឹត្ត?
១៧ យើងមិនគ្រាន់តែបង្ហាញពីជំនឿរបស់យើងដោយធ្វើតាមខ្នាតតម្រាសីលធម៌ ចូលរួមកិច្ចប្រជុំជាមួយពួកគ្រិស្តសាសនិកនិងធ្វើកិច្ចបម្រើផ្សាយប៉ុណ្ណោះទេ។ ចូរឲ្យយើងរាល់គ្នាមានជំនឿដែលឥតស្លាប់ តែជាជំនឿដែលមានអានុភាពលើអ្វីៗទាំងអស់ដែលយើងធ្វើ។ ពិតមែនហើយ យើងអាចបង្ហាញថាការប្រព្រឹត្តរបស់យើង«ពេញខ្នាត»ដោយធ្វើតាមជំនឿក្នុងគ្រប់កាលៈទេសៈទាំងអស់ ដែលរួមបញ្ចូលទង្វើទាក់ទងចំណុចទាំងប៉ុន្មានខាងលើនេះ។—វិវរណៈ ៣:២
១៨. តើយ៉ូហាន ១៣:១៧ ទាក់ទងនឹងកម្មវិធីជប់លៀងតូចតាចនិងពិធីមង្គលការយ៉ាងណា?
១៨ ក្រោយព្រះយេស៊ូបានតាំងគំរូល្អចំពោះពួកសាវ័កស្មោះត្រង់របស់ទ្រង់ពេលបន្ទាបខ្លួនដោយលាងជើងពួកគេ នោះទ្រង់មានបន្ទូលថា៖ «បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះហើយប្រព្រឹត្តតាម នោះមានពរហើយ»។ (យ៉ូហាន ១៣:៤-១៧) ប្រហែលនៅសព្វថ្ងៃនេះមិនជាការធម្មតាក្នុងប្រទេសយើងឲ្យលាងជើងភ្ញៀវឬមនុស្សដទៃ។ ប៉ុន្តែ ក្នុងអត្ថបទនេះយើងបានពិភាក្សាអំពីកាលៈទេសៈឯទៀតក្នុងជីវិតដែលហុចឱកាសឲ្យយើងបង្ហាញពីជំនឿរបស់ខ្លួនដោយមានការប្រព្រឹត្តប្រកបទៅដោយសេចក្ដីស្រឡាញ់និងការយោគយល់ ដែលរួមបញ្ចូលកម្មវិធីជប់លៀងតូចតាចនិងពិធីមង្គលការរបស់ពួកគ្រិស្តសាសនិក។ យ៉ាងនេះ យើងអាចរួមជាមួយពួកគ្រិស្តសាសនិកដែលប្រព្រឹត្តតាមជំនឿរបស់ខ្លួន មិនថាពេលរៀបអាពាហ៍ពិពាហ៍ ឬពេលចូលរួមជាភ្ញៀវក្នុងពិធីមង្គលការនិងកម្មវិធីជប់លៀងឯទៀតក្ដី។
[កំណត់សម្គាល់]
a មានព័ត៌មានបន្ថែមអំពីការរៀបអាពាហ៍ពិពាហ៍និងពិធីមង្គលការក្នុងទស្សនាវដ្ដីប៉មយាម ជាភាសាអង់គ្លេសចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៦ ទំព័រ២៨ មានចំណងជើងថា “Increase the Joy and Dignity of Your Wedding Day”។
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើអ្នកនឹងបង្ហាញពីជំនឿរបស់ខ្លួនយ៉ាងណា
• ពេលរៀបចំពិធីជប់លៀងតូចតាច?
• ពេលរៀបចំពិធីមង្គលការ?
• ពេលជូនឬទទួលអំណោយទាក់ទងនឹងពិធីមង្គលការ?
[រូបភាពនៅទំព័រ២០]
ចូរអនុញ្ញាតឲ្យ«ប្រាជ្ញាដែលមកពីស្ថានលើ»មានឥទ្ធិពលលើការរៀបចំរបស់អ្នក សូម្បីតែពេលមានភ្ញៀវពីរបីនាក់ប៉ុណ្ណោះ
-
-
តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំអ្វីៗពិសិដ្ឋទេ?ទស្សនាវដ្ដីប៉មយាម ២០០៦ | ១ វិច្ឆិកា
-
-
តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះអ្វីៗពិសិដ្ឋទេ?
«[ចូរ]ប្រយ័តឲ្យមែនទែន . . . ក្រែងមានអ្នកកំផិតឬមនុស្ស[«ដែលមិនឲ្យតម្លៃចំពោះអ្វីៗពិសិដ្ឋ»]»។—ហេព្រើរ ១២:១៥, ១៦; ព.ថ.
១. តើអ្នកបម្រើព្រះយេហូវ៉ាមិនមានចិត្តគំនិតបែបណាដែលនិយមទូទៅសព្វថ្ងៃនេះ?
បើនិយាយទូទៅ លោកិយយកចិត្តទុកដាក់ចំពោះអ្វីៗពិសិដ្ឋកាន់តែតិចទៅៗ។ អ្នកសិក្សាសង្គមម្នាក់ជនជាតិបារាំង ឈ្មោះអេដកឺ ម៉រេន មានប្រសាសន៍ថា៖ «មនុស្សលែងជឿជាក់ទាំងស្រុងថាព្រះ ធម្មជាតិ ស្រុកកំណើត ប្រវត្ដិសាស្ត្រនិងហេតុផលជាមូលដ្ឋានគ្រឹះនៃសីលធម៌ទៀតហើយ។ . . . ឥឡូវមនុស្សសម្រេចដោយខ្លួនឯងអំពីអ្វីដែលហៅថាសីលធម៌»។ នេះហើយជាទស្សនៈស្របតាម«វិញ្ញាណរបស់លោកីយ»ឬ«វិញ្ញាណដែលសព្វថ្ងៃនេះបណ្ដាលមកក្នុងពួកមនុស្សរឹងចចេស»។ (កូរិនថូសទី១ ២:១២; អេភេសូរ ២:២) អស់អ្នកដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាហើយស្ម័គ្រចិត្តចុះចូលចំពោះទ្រង់ជាព្រះដែលមានសិទ្ធិគ្រប់គ្រងនោះ មិនមានទស្សនៈស្របតាមវិញ្ញាណឬចិត្តគំនិតរបស់លោកិយដែលមិនឲ្យតម្លៃចំពោះអ្វីពិសិដ្ឋឡើយ។ (រ៉ូម ១២:១, ២) ផ្ទុយទៅវិញ អ្នកបម្រើព្រះយេហូវ៉ាទទួលស្គាល់សារៈសំខាន់នៃភាពពិសិដ្ឋ ឬភាពបរិសុទ្ធក្នុងការថ្វាយបង្គំព្រះយេហូវ៉ា។ ក្នុងជីវិតរបស់យើង តើយើងគួរចាត់ទុកអ្វីខ្លះគឺពិសិដ្ឋ? អត្ថបទនេះនឹងពិភាក្សាអំពីអ្វីប្រាំយ៉ាងដែលអ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ាចាត់ទុកជាអ្វីពិសិដ្ឋ។ អត្ថបទបន្ទាប់នឹងបកស្រាយអំពីភាពពិសិដ្ឋនៃកិច្ចប្រជុំរបស់យើងជាគ្រិស្តសាសនិក។ ប៉ុន្តែ តើពាក្យ«បរិសុទ្ធ»ពិតជាមានន័យអ្វី?
២, ៣. (ក) តើព្រះគម្ពីរបញ្ជាក់ពីភាពបរិសុទ្ធរបស់ព្រះយេហូវ៉ាយ៉ាងណា? (ខ) តើយើងចាត់ទុកព្រះនាមព្រះយេហូវ៉ាជាអ្វីដែលបរិសុទ្ធយ៉ាងដូចម្ដេច?
២ ស្របទៅតាមភាសាហេព្រើរដែលគេប្រើក្នុងការសរសេរព្រះគម្ពីរ ពាក្យ«បរិសុទ្ធ»បញ្ជាក់ពីអ្វីដែលទុកដោយឡែកពីរបស់ឯទៀត។ បើ
-