-
«អស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌»ចូរចូលទៅជិតព្រះយេហូវ៉ា
-
-
ជំពូកទី១១
«អស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌»
១, ២. (ក) តើយ៉ូសែបបានជួបនឹងភាពអយុត្ដិធម៌ក្រៃលែងអ្វីខ្លះ? (ខ) តើព្រះយេហូវ៉ាបានដោះស្រាយភាពអយុត្ដិធម៌នោះយ៉ាងដូចម្ដេច?
នៅសម័យបុរាណ យុវជនដ៏សង្ហាមួយរូបបានជួបនឹងភាពអយុត្ដិធម៌ក្រៃលែង។ ទោះជាគាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាក៏ពិតមែន តែគាត់ត្រូវគេឃុំឃាំងដាក់ក្នុងគុកងងឹតឈឹង ដោយសារមានការភូតភរចោទប្រកាន់ពីបទប៉ុនប៉ងចាប់រំលោភ។ ក៏ប៉ុន្តែ នេះមិនមែនជាលើកទីមួយដែលយុវជននេះបានជួបប្រទះភាពអយុត្ដិធម៌ទេ។ គ្រាន់តែប៉ុន្មានឆ្នាំមុនគ្រានោះ នៅពេលដែលមានអាយុ១៧ឆ្នាំ យុវជននេះដែលមានឈ្មោះថាយ៉ូសែប ត្រូវបានបងប្រុសៗរបស់គាត់ក្បត់និងប៉ុនប៉ងសម្លាប់។ រួចមក យ៉ូសែបក៏ត្រូវគេលក់ឲ្យទៅធ្វើជាខ្ញុំកញ្ជះនៅបរទេស។ នៅប្រទេសថ្មីនោះ យ៉ូសែបមិនបានធ្វើតាមការល្បួងលួងលោមរបស់ប្រពន្ធម្ចាស់គាត់ដែលចង់ឲ្យគាត់រួមដំណេកជាមួយនាង។ ដោយសារយ៉ូសែបបដិសេធ ដូច្នេះនាងចោទប្រកាន់យ៉ូសែបដោយមិនពិតទៅវិញ។ ហេតុនេះហើយ យ៉ូសែបត្រូវជាប់គុក។ គួរឲ្យសោកស្ដាយណាស់ គឺហាក់បីដូចជាគ្មានអ្នកណាម្នាក់អាចជួយយ៉ូសែបបានឡើយ។
យ៉ូសែបបានរងទុក្ខដោយអយុត្ដិធម៌ក្នុង«គុកជ្រៅ»
២ ក៏ប៉ុន្តែ ព្រះដែល«ស្រឡាញ់សេចក្ដីសុចរិត នឹងសេចក្ដីយុត្ដិធម៌»បានទតឃើញហេតុការណ៍នេះទាំងអស់។ (ទំនុកដំកើង ៣៣:៥) នៅទីបំផុត ព្រះយេហូវ៉ាបានធ្វើឲ្យមានយុត្ដិធម៌វិញ ដោយរៀបចំឲ្យមានហេតុការណ៍ផ្សេងៗកើតឡើងដែលនាំទៅដល់ការដោះលែងយ៉ូសែបចេញពីគុក។ មិនត្រឹមតែប៉ុណ្ណោះទេ តែក្រោយមកយ៉ូសែបដែលពីមុនគេដាក់ចោលក្នុង«គុកជ្រៅ»ក៏បានទទួលនូវឋានៈខ្ពង់ខ្ពស់ អំណាចយ៉ាងធំ ថែមទាំងកិត្ដិយសដ៏រុងរឿងឧត្តុង្គឧត្តមទៀតផង។ (លោកុប្បត្តិ ៤០:១៥; ៤១:៤១-៤៣; ទំនុកដំកើង ១០៥:១៧, ១៨) នៅទីបំផុត យ៉ូសែបបានរួចជ្រះស្រឡះពីទោស ហើយគាត់បានប្រើឋានៈដ៏ខ្ពង់ខ្ពស់របស់ខ្លួនដើម្បីបំពេញគោលបំណងរបស់ព្រះយេហូវ៉ាថែមទៀត។—លោកុប្បត្តិ ៤៥:៥-៨
៣. ហេតុអ្វីមិនមែនជាការចំឡែកដែលយើងគ្រប់គ្នាចង់ឲ្យអ្នកឯទៀតប្រព្រឹត្តមកលើយើងដោយយុត្ដិធម៌?
៣ កំណត់ហេតុនេះពិតជាធ្វើឲ្យយើងមានអារម្មណ៍អាណិតអាសូរចំពោះគាត់ណាស់ មែនទេ? យើងទាំងអស់គ្នាធ្លាប់ឃើញនិងជួបភាពអយុត្ដិធម៌ដែរ។ ពិតណាស់ យើងគ្រប់គ្នាចង់ឲ្យអ្នកឯទៀតប្រព្រឹត្តមកលើយើងដោយយុត្ដិធម៌និងមិនលំអៀង។ ពុំមែនជាអ្វីចំឡែកឡើយដែលយើងចង់បានយុត្ដិធម៌នោះ ដ្បិតព្រះយេហូវ៉ាបានប្រទានឲ្យយើងនូវគុណសម្បត្ដិដូចគុណសម្បត្ដិរបស់ទ្រង់ ហើយយុត្ដិធម៌គឺជាគុណសម្បត្ដិមួយដ៏ចំបងរបស់ទ្រង់។ (លោកុប្បត្តិ ១:២៧) ដើម្បីស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ យើងត្រូវយល់អំពីយុត្ដិធម៌របស់ទ្រង់។ យ៉ាងនេះ ការប្រព្រឹត្តដ៏ប្រសើរក្រៃលែងរបស់ទ្រង់នឹងមានតម្លៃវិសេសចំពោះយើង ហើយចិត្តនឹងជំរុញយើងឲ្យចូលទៅជិតទ្រង់ជាង។
តើយុត្ដិធម៌ជាអ្វី?
៤. តាមទស្សនៈមនុស្សជាតិ តើយុត្ដិធម៌ជាអ្វី?
៤ តាមទស្សនៈមនុស្ស យុត្ដិធម៌ច្រើនតែត្រូវចាត់ទុកជាការអនុវត្តតាមបញ្ញត្ដិច្បាប់ដោយមិនលំអៀងប៉ុណ្ណោះ។ សៀវភៅជាភាសាអង់គ្លេសចំណងជើងថាគោលការណ៍នៃការអនុវត្តនិងទ្រឹស្តីអំពីភាពទៀងត្រង់ហើយសមត្ថភាពវែកញែក បានសរសេរថា«យុត្ដិធម៌ជាប់ទាក់ទងនឹងច្បាប់ កាតព្វកិច្ច សិទ្ធិ និងករណីយកិច្ច។ យុត្ដិធម៌ក៏បង្កើតឲ្យមានការសម្រេចក្ដីដោយសមភាពហើយតាមដែលសមនឹងទទួល»។ ក៏ប៉ុន្តែ យុត្ដិធម៌របស់ព្រះយេហូវ៉ា មិនមែនផ្អែកលើច្បាប់កាត់ក្ដីដោយគ្មានអារម្មណ៍ ដោយព្រោះតែជាភារកិច្ចនោះទេ។
៥, ៦. (ក) តើអ្វីជាអត្ថន័យពាក្យភាសាដើមដែលត្រូវបកប្រែថា«យុត្ដិធម៌»? (ខ) កាលដែលនិយាយថា ព្រះប្រកបដោយយុត្ដិធម៌ តើមានន័យដូចម្ដេច?
៥ ទំហំនិងជំរៅនៃយុត្ដិធម៌របស់ព្រះយេហូវ៉ា គឺស្រួលយល់ជាង បើយើងពិចារណាពាក្យភាសាដើមដែលត្រូវប្រើក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរភាសាហេព្រើរ មានពាក្យបីដ៏សំខាន់។ ពាក្យមួយដែលត្រូវបកប្រែច្រើនបំផុតថា«យុត្ដិធម៌»ក៏អាចត្រូវបកប្រែថាការ«ប្រព្រឹត្តយ៉ាងត្រឹមត្រូវ»។ (លោកុប្បត្តិ ១៨:២៥, ព.ថ.) ពាក្យពីរផ្សេងទៀតច្រើនតែត្រូវបកប្រែថា«សេចក្ដីសុចរិត»។ ក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិច ពាក្យដែលបកប្រែថា«សេចក្ដីសុចរិត»ត្រូវបកស្រាយជា«ភាពត្រឹមត្រូវឬយុត្ដិធម៌»។ ដូច្នេះ គ្មានភាពខុសគ្នារវាងសេចក្ដីសុចរិតនិងយុត្ដិធម៌ឡើយ។—អេម៉ុស ៥:២៤
៦ ហេតុនេះហើយ ពេលដែលព្រះគម្ពីរចែងថាព្រះប្រកបដោយយុត្ដិធម៌ នោះបានន័យថាទ្រង់ធ្វើអ្វីៗដែលត្រឹមត្រូវនិងទៀងត្រង់ ហើយទ្រង់ប្រព្រឹត្តដូច្នេះជារៀងរហូតដោយមិនលំអៀងទេ។ (រ៉ូម ២:១១) ការពិត ទ្រង់ប្រាកដជាមិនអាចធ្វើផ្ទុយពីនោះបានឡើយ។ លោកអេលីហ៊ូវបានមានប្រសាសន៍ថា៖ «កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់ប្រព្រឹត្តសេចក្ដីទុច្ចរិត[«ប្រព្រឹត្តដោយអយុត្ដិធម៌», ព.ថ.]នោះឡើយ!»។ (យ៉ូប ៣៤:១០) ពិតណាស់ ព្រះយេហូវ៉ាមិនអាច«ប្រព្រឹត្តដោយអយុត្ដិធម៌»បានឡើយ។ ហេតុអ្វី? មានហេតុសំខាន់ពីរយ៉ាង។
៧, ៨. (ក) ហេតុអ្វីបានជាព្រះយេហូវ៉ាមិនអាចប្រព្រឹត្តដោយអយុត្ដិធម៌? (ខ) តើអ្វីជំរុញព្រះយេហូវ៉ាឲ្យប្រព្រឹត្តដោយសុចរិតឬយុត្ដិធម៌នោះ?
៧ ហេតុទីមួយគឺទ្រង់បរិសុទ្ធ។ ដូចដែលយើងបានរៀននៅជំពូកទី៣រួចហើយនោះ ទំហំនៃវិសុទ្ធភាពនិងភាពត្រឹមត្រូវរបស់ព្រះយេហូវ៉ាកំណត់ពុំបានឡើយ។ ដូច្នេះ ទ្រង់មិនអាចប្រព្រឹត្តសេចក្ដីទុច្ចរិតឬអយុត្ដិធម៌បានឡើយ។ សូមពិចារណានូវអត្ថន័យនៃចំណុចនេះ។ ភាពបរិសុទ្ធរបស់ព្រះវរបិតាសួគ៌ារបស់យើងធ្វើឲ្យយើងមានទំនុកចិត្តថា ទ្រង់នឹងមិនដែលប្រព្រឹត្តអាក្រក់មកលើកូនរបស់ទ្រង់ឡើយ។ ព្រះយេស៊ូក៏មានទំនុកចិត្តដូច្នេះដែរ។ នៅរាត្រីចុងក្រោយបង្អស់របស់ព្រះយេស៊ូនៅលើផែនដី ទ្រង់បានអធិស្ឋានថា៖ «ឱព្រះវរបិតាដ៏បរិសុទ្ធអើយ! ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេ[ពួកសិស្ស]ដោយព្រះនាមទ្រង់»។ (យ៉ូហាន ១៧:១១) ក្នុងបទគម្ពីរ ឋានន្តរថា«ព្រះវរបិតាដ៏បរិសុទ្ធ»ត្រូវប្រើសំរាប់តែព្រះយេហូវ៉ាប៉ុណ្ណោះ។ នេះគឺសមរម្យណាស់ ដ្បិតគ្មានបិតាជាមនុស្សជាតិណាម្នាក់ដែលមានភាពបរិសុទ្ធស្មើព្រះយេហូវ៉ាឡើយ។ ព្រះយេស៊ូមានជំនឿស៊ប់ថា ពួកសិស្សរបស់ទ្រង់នឹងមានសុវត្ថិភាពដោយទទួលការថែរក្សាពីព្រះវរបិតា ដែលវិសុទ្ធនិងស្អាតស្អំបំផុត ថែមទាំងនៅដាច់ទាំងស្រុងពីបាប។—ម៉ាថាយ ២៣:៩
៨ ហេតុទីពីរគឺដោយព្រោះសេចក្ដីស្រឡាញ់ដែលគ្មានអត្តទត្ថភាពគឺជាចរិតរបស់ទ្រង់។ សេចក្ដីស្រឡាញ់បែបនេះជំរុញទ្រង់ឲ្យប្រព្រឹត្តទៅលើអ្នកឯទៀតដោយសេចក្ដីសុចរិតឬយុត្ដិធម៌។ ប៉ុន្តែ ភាពអយុត្ដិធម៌ផ្សេងៗ ដូចជាការប្រកាន់ពូជសាសន៍ ការរើសអើង និងភាពលំអៀង នេះច្រើនតែផ្ដើមចេញពីចិត្តលោភលន់និងអត្តទត្ថភាព ដែលជាលក្ខណៈផ្ទុយពីសេចក្ដីស្រឡាញ់។ ព្រះគម្ពីរចែងអំពីសេចក្ដីស្រឡាញ់របស់ព្រះថា៖ «ព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិត»។ (ទំនុកដំកើង ១១:៧) ព្រះយេហូវ៉ាក៏មានបន្ទូលអំពីអង្គទ្រង់ថា៖ ‹យើង គឺព្រះយេហូវ៉ា យើងស្រឡាញ់សេចក្ដីយុត្ដិធម៌›។ (អេសាយ ៦១:៨) ដោយដឹងថា ព្រះរបស់យើងស្រឡាញ់ការប្រព្រឹត្តដ៏ត្រឹមត្រូវឬយុត្ដិធម៌នោះ យើងពិតជារីករាយណាស់មែនទេ?—យេរេមា ៩:២៤
យុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ានិងសេចក្ដីមេត្ដាករុណា
៩-១១. (ក) តើអ្វីជាទំនាក់ទំនងរវាងយុត្ដិធម៌របស់ព្រះយេហូវ៉ានិងសេចក្ដីមេត្ដាករុណារបស់ទ្រង់? (ខ) របៀបដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើមនុស្សជាតិ តើនោះបង្ហាញឲ្យឃើញយុត្ដិធម៌និងសេចក្ដីមេត្ដាករុណារបស់ទ្រង់យ៉ាងដូចម្ដេច?
៩ សេចក្ដីយុត្ដិធម៌របស់ព្រះយេហូវ៉ា ក៏ដូចជាផ្នែកផ្សេងៗទៀតនៃបុគ្គលិកលក្ខណៈរបស់ទ្រង់ដែរ គឺថាល្អឥតខ្ចោះ មិនខ្វះលក្ខណៈអ្វីឡើយ។ លោកម៉ូសេបានលើកដំកើងព្រះយេហូវ៉ាដោយសរសេរថា៖ «ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់»។ (ចោទិយកថា ៣២:៣, ៤) រាល់ដងព្រះយេហូវ៉ាប្រព្រឹត្តដោយយុត្ដិធម៌ យុត្ដិធម៌នោះគឺល្អឥតខ្ចោះ មិនដែលធូររលុងពេក មិនដែលតឹងរ៉ឹងពេក។
១០ យុត្ដិធម៌របស់ព្រះយេហូវ៉ាគឺផ្សារជាប់គ្នានឹងសេចក្ដីមេត្ដាករុណារបស់ទ្រង់។ ទំនុកដំកើង ១១៦:៥ ចែងថា៖ «ព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្ដីមេត្ដាករុណា នឹងសេចក្ដីសុចរិត[«យុត្ដិធម៌», ព្រះគម្ពីរអាមេរិកកាំងថ្មី] អើ!ព្រះនៃយើងខ្ញុំ ទ្រង់មានសេចក្ដីអាណិតអាសូរ»។ ពិតណាស់ ព្រះយេហូវ៉ាប្រព្រឹត្តដោយយុត្ដិធម៌និងសេចក្ដីមេត្ដាករុណាផងដែរ។ លក្ខណៈទាំងពីរនេះមិនផ្ទុយគ្នាទេ។ ពេលដែលទ្រង់បង្ហាញសេចក្ដីមេត្ដាករុណា នេះមិនបានន័យថា ទ្រង់ធ្វើឲ្យយុត្ដិធម៌របស់ទ្រង់ធូររលុងដោយព្រោះតឹងរ៉ឹងពេកនោះទេ។ ផ្ទុយទៅវិញ គុណសម្បត្ដិទាំងពីរនេះច្រើនតែត្រូវសម្ដែងនៅដំណាលគ្នាហើយក្នុងការប្រព្រឹត្តតែមួយ។ សូមពិចារណាឧទាហរណ៍មួយ។
១១ មនុស្សជាតិទាំងឡាយបានទទួលបាបជាមរតក ហើយគួរនឹងទទួលឈ្នួលនៃអំពើបាប គឺសេចក្ដីស្លាប់។ (រ៉ូម ៥:១២) ប៉ុន្តែ ព្រះយេហូវ៉ាគ្មានអំណរដោយមនុស្សមានបាបស្លាប់នោះទេ។ ព្រះយេហូវ៉ាគឺជា«ព្រះដែលប្រុងនឹងអត់ទោស ទ្រង់ក៏សន្ដោស ហើយមេត្ដាករុណា»។ (នេហេមា ៩:១៧) យ៉ាងណាក៏ដោយ ទ្រង់គឺបរិសុទ្ធ ដូច្នេះទ្រង់មិនអាចប្រណីនឹងសេចក្ដីទុច្ចរិតបានឡើយ។ បើដូច្នេះមែន តើទ្រង់អាចបង្ហាញសេចក្ដីមេត្ដាករុណាចំពោះមនុស្សជាតិដែលមានបាបបានយ៉ាងដូចម្ដេច? វិធីដែលទ្រង់បានធ្វើដូច្នេះត្រូវបានពន្យល់ក្នុងសេចក្ដីបង្រៀនមួយដ៏ពិតនិងវិសេសបំផុតដែលមានក្នុងព្រះបន្ទូលរបស់ព្រះ ពោលគឺការរៀបចំឲ្យមានយញ្ញបូជាលោះ ដែលផ្ដល់សេចក្ដីសង្គ្រោះដល់មនុស្សជាតិ។ ក្នុងជំពូកទី១៤ យើងនឹងរៀនថែមទៀតអំពីការរៀបចំនេះដែលប្រកបដោយសេចក្ដីស្រឡាញ់។ ការរៀបចំឲ្យមានយញ្ញបូជាលោះ គឺប្រកបទៅដោយយុត្ដិធម៌ដ៏ខ្ពស់ថែមទាំងសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅបំផុត។ តាមរយៈការរៀបចំនេះ ព្រះយេហូវ៉ាអាចសម្ដែងសេចក្ដីមេត្ដាករុណាដ៏សន្ដោសប្រណីចំពោះអ្នកដែលប្រែចិត្តពីបាបរបស់ខ្លួន ហើយទន្ទឹមគ្នានឹងនោះដែរ ទ្រង់នៅតែអាចកាន់តាមខ្នាតតម្រាគ្រប់ល័ក្ខណ៍របស់ទ្រង់ស្តីអំពីយុត្ដិធម៌។—រ៉ូម ៣:២១-២៦
យុត្ដិធម៌របស់ព្រះយេហូវ៉ាធ្វើឲ្យមានអារម្មណ៍កក់ក្ដៅ
១២, ១៣. (ក) ហេតុអ្វីបានជាយុត្ដិធម៌របស់ព្រះយេហូវ៉ាទាក់ទាញទឹកចិត្តយើងឲ្យចូលទៅជិតទ្រង់? (ខ) តើដាវីឌបានសន្និដ្ឋានយ៉ាងណាអំពីយុត្ដិធម៌របស់ព្រះយេហូវ៉ា? ហេតុដូចម្ដេចបានជាចំណុចនេះធ្វើឲ្យយើងមានទំនុកចិត្តទៅលើទ្រង់?
១២ យុត្ដិធម៌របស់ព្រះយេហូវ៉ាមិនមែនជាលក្ខណៈឥតមេត្ដាមួយដែលធ្វើឲ្យយើងចង់នៅឆ្ងាយពីទ្រង់ឡើយ តែជាគុណសម្បត្ដិដែលទាក់ទាញទឹកចិត្តយើងឲ្យចង់ចូលទៅជិតទ្រង់វិញ។ ព្រះគម្ពីរចែងយ៉ាងច្បាស់អំពីភាពសន្ដោសប្រណីដោយយុត្ដិធម៌របស់ព្រះយេហូវ៉ាឬសេចក្ដីសុចរិតរបស់ទ្រង់។ របៀបដែលព្រះយេហូវ៉ាសម្ដែងយុត្ដិធម៌នាំឲ្យយើងមានភាពកក់ក្ដៅក្នុងចិត្តណាស់។ យើងសូមពិចារណានូវរបៀបខ្លះៗដែលទ្រង់សម្ដែងយុត្ដិធម៌។
១៣ យុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ាជំរុញទ្រង់ឲ្យបង្ហាញភាពស្មោះត្រង់និងភក្ដីភាពចំពោះអ្នកបំរើរបស់ទ្រង់។ ដាវីឌដែលជាអ្នកតែងបទទំនុកដំកើងបានរៀនដោយបទពិសោធន៍របស់ខ្លួនផ្ទាល់ថា យុត្ដិធម៌របស់ព្រះយេហូវ៉ាគឺពិតជាដូច្នេះមែន។ ក្រោយដាវីឌមានបទពិសោធន៍ផ្ទាល់ខ្លួន និងបានសិក្សានូវការប្រព្រឹត្តរបស់ព្រះយេហូវ៉ា តើដាវីឌបានសន្និដ្ឋានយ៉ាងណា? ដាវីឌបានសន្និដ្ឋានថា៖ «ព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ»។ (ទំនុកដំកើង ៣៧:២៨) សេចក្ដីសន្យានេះធ្វើឲ្យយើងទុកចិត្តទ្រង់ណាស់ ព្រះរបស់យើងមិនដែលបោះបង់ចោលអ្នកដែលស្មោះត្រង់នឹងទ្រង់ទាល់តែសោះ។ ដូច្នេះ យើងអាចជឿជាក់ថា ទ្រង់នឹងថែរក្សាយើងដោយសេចក្ដីស្រឡាញ់ថែមទាំងនៅជិតស្និទ្ធជាមួយយើងជានិច្ច ពីព្រោះយុត្ដិធម៌របស់ទ្រង់ធានាថា ទ្រង់នឹងប្រព្រឹត្តមកលើយើងដូចនេះជាក់ជាពុំខាន!—សុភាសិត ២:៧, ៨
១៤. តើក្រិត្យវិន័យដែលព្រះយេហូវ៉ាបានប្រទានដល់សាសន៍អ៊ីស្រាអែលបង្ហាញយ៉ាងណាថា ទ្រង់យកព្រះទ័យទុកដាក់នឹងអ្នកដែលខ្វះខាត?
១៤ យុត្ដិធម៌របស់ព្រះចេះយោគយល់ដល់សេចក្ដីត្រូវការរបស់អ្នកដែលកំពុងតែឈឺចាប់។ ក្រិត្យវិន័យដែលទ្រង់បានប្រទានចំពោះសាសន៍អ៊ីស្រាអែលបង្ហាញយ៉ាងជាក់ស្តែងថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់ចំពោះអ្នកដែលខ្វះខាត។ ជាឧទាហរណ៍ ក្រិត្យវិន័យនោះមានការរៀបចំជាពិសេសដើម្បីធានាថា កូនកំព្រានិងពួកមេម៉ាយទទួលការគាំពារ។ (ចោទិយកថា ២៤:១៧-២១) ដោយសារព្រះយេហូវ៉ាទទួលស្គាល់ថា ជីវភាពរស់នៅរបស់ក្រុមគ្រួសារស្ត្រីមេម៉ាយនិងកូនកំព្រាគឺពិបាកណាស់ នោះព្រះយេហូវ៉ាអង្គទ្រង់បានធ្វើជាអ្នកការពារនិងជាអ្នកកាត់ក្ដីឲ្យពួកគេ គឺទ្រង់បាន«សំរេចសេចក្ដីសុចរិត ដល់ពួកកំព្រានឹងពួកមេម៉ាយ»។ (ចោទិយកថា ១០:១៨; ទំនុកដំកើង ៦៨:៥) ព្រះយេហូវ៉ាបានព្រមានជនអ៊ីស្រាអែលថា បើពួកគេធ្វើបាបស្ត្រីនិងកុមារដែលគ្មានទីពឹងនោះ ទ្រង់នឹងឮនូវសម្រែកអំពាវនាវឲ្យជួយរបស់អ្នកទាំងនេះជាពុំខាន។ ទ្រង់បានមានបន្ទូលថា៖ ‹សេចក្ដីក្រោធរបស់យើងនឹងក្ដៅឡើង›។ (និក្ខមនំ ២២:២២-២៤) ទោះជាសេចក្ដីក្រោធមិនមែនជាគុណសម្បត្ដិចំបងមួយរបស់ព្រះយេហូវ៉ាក៏ដោយ តែ ទ្រង់មានសេចក្ដីខ្ញាល់ដ៏សុចរិតពេលដែលមានការប្រព្រឹត្តដោយអយុត្ដិធម៌ដោយចេតនា ជាពិសេសទៅលើអ្នកក្រឬអ្នកដែលគ្មានទីពឹងពំនាក់។—ទំនុកដំកើង ១០៣:៦
១៥, ១៦. តើអ្វីជាភស្តុតាងដ៏អស្ចារ្យស្តីអំពីព្រះទ័យមិនលំអៀងរបស់ព្រះយេហូវ៉ា?
១៥ ព្រះយេហូវ៉ាក៏ធានាថា ទ្រង់«មិនដែលយោគយល់ខាងអ្នកណាសោះ ក៏មិនទទួលសំណូកផង»។ (ចោទិយកថា ១០:១៧) ព្រះយេហូវ៉ាខុសគ្នាពីមនុស្សជាតិដែលមានអំណាចឬមានអានុភាពនោះ ពីព្រោះទ្រព្យសម្បត្ដិឬអាការៈក្រៅរបស់អ្នកណាម្នាក់មិនអាចធ្វើឲ្យទ្រង់លំអៀងឡើយ។ ទ្រង់មិនចេះលំអៀងឬយល់មុខទេ។ សូមពិចារណាភស្តុតាងមួយដ៏អស្ចារ្យគួរឲ្យកត់សម្គាល់ស្តីអំពីព្រះទ័យមិនលំអៀងរបស់ព្រះយេហូវ៉ា។ ទ្រង់មិនបានផ្ដល់លទ្ធភាពឲ្យក្លាយជាអ្នកថ្វាយបង្គំពិតរបស់ទ្រង់និងលទ្ធភាពទទួលជីវិតជារៀងរហូត ចំពោះតែវរជនឡើយ។ ផ្ទុយទៅវិញ «ក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) មនុស្សគ្រប់រូបអាចមានសេចក្ដីសង្ឃឹមនេះ មិនថាពួកគេមានឋានៈណាក្នុងសង្គម មានពណ៌សម្បុរណា ឬរស់នៅប្រទេសណាក៏ដោយ។ នេះជាយុត្ដិធម៌ពិត មែនទេ?
១៦ មានផ្នែកមួយទៀតនៃយុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ាដែលគួរពិចារណានិងគោរព ពោលគឺ របៀបទ្រង់ប្រព្រឹត្តទៅលើអ្នកដែលធ្វើខុសនឹងខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់។
មិនឲ្យរួចពីទោសឡើយ
១៧. សូមពន្យល់ពីមូលហេតុដែលភាពអយុត្ដិធម៌ក្នុងលោកីយ៍នេះមិនទម្លាក់ការសង្ស័យទៅលើយុត្ដិធម៌របស់ព្រះយេហូវ៉ា។
១៧ មនុស្សខ្លះប្រហែលជាឆ្ងល់ថា៖ ‹បើព្រះយេហូវ៉ាមិនប្រណីនឹងសេចក្ដីទុច្ចរិតពិតមែន ម្ដេចក៏សព្វថ្ងៃនេះមានការរងទុក្ខដោយអយុត្ដិធម៌ និងអំពើអាក្រក់ពេញពិភពលោកដូច្នេះ?›។ ការទាំងនេះមិនទម្លាក់ការសង្ស័យទៅលើយុត្ដិធម៌របស់ព្រះយេហូវ៉ាឡើយ។ ភាពអយុត្ដិធម៌ជាច្រើនដែលមានក្នុងរបបលោកីយ៍ដ៏អាក្រក់សព្វថ្ងៃនេះ ជាលទ្ធផលនៃបាបដែលមនុស្សជាតិបានទទួលជាមរតកពីអ័ដាម។ ក្នុងពិភពលោកនេះ មានភាពអយុត្ដិធម៌ច្រើនណាស់ដោយសារមនុស្សជាតិបានសម្រេចចិត្តធ្វើអំពើបាប។ ក៏ប៉ុន្តែ ស្ថានភាពនេះនឹងមិនមានយូរទៀតនោះទេ។—ចោទិយកថា ៣២:៥
១៨, ១៩. តើអ្វីបង្ហាញថាព្រះយេហូវ៉ានឹងមិនប្រណីជានិច្ចចំពោះអ្នកដែលបំពានច្បាប់ដ៏សុចរិតរបស់ទ្រង់ដោយចេតនា?
១៨ ទោះជាព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅចំពោះអស់អ្នកដែលចូលទៅជិតទ្រង់ដោយស្មោះក៏ពិតមែន តែទ្រង់នឹងមិនប្រណីជានិច្ចនឹងស្ថានភាពមួយដែលនាំមកនូវការតិះដៀលដល់ព្រះនាមទ្រង់ឡើយ។ (ទំនុកដំកើង ៧៤:១០, ២២, ២៣) ព្រះនៃយុត្ដិធម៌មិនមែនជាបុគ្គលដែលគេអាចមើលងាយមើលថោកនោះឡើយ។ ទ្រង់មិនការពារអ្នកដែលធ្វើបាបដោយចេតនាឲ្យរួចពីការជំនុំជំរះដែលពួកគេគួរទទួលទេ។ ព្រះយេហូវ៉ា«មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ . . . ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ»។ (និក្ខមនំ ៣៤:៦, ៧) ជួនកាលព្រះយេហូវ៉ាត្រូវកាត់ទោសអ្នកដែលបំពានច្បាប់សុចរិតរបស់ទ្រង់ដោយចេតនាដូចខគម្ពីរនេះចែងប្រាប់។
១៩ ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលព្រះបានប្រព្រឹត្តទៅលើសាសន៍អ៊ីស្រាអែលពីបុរាណ។ សូម្បីតែក្រោយពីសាសន៍អ៊ីស្រាអែលបានតាំងលំនៅក្នុងស្រុកសន្យាក៏ដោយ ពួកគេបែរជាមិនស្មោះត្រង់ចំពោះព្រះម្ដងហើយម្ដងទៀត។ ទោះជាការប្រព្រឹត្តដ៏អាក្រក់របស់ពួកគេបានធ្វើឲ្យព្រះយេហូវ៉ា«ព្រួយព្រះហឫទ័យ»ក៏ពិតមែន តែទ្រង់មិនបានបោះបង់ពួកគេចោលភ្លាមៗនោះទេ។ (ទំនុកដំកើង ៧៨:៣៨-៤១) ផ្ទុយទៅវិញ ទ្រង់បានសម្ដែងសេចក្ដីមេត្ដាករុណាឲ្យពួកគេមានឱកាសកែប្រែខ្លួន។ ព្រះយេហូវ៉ាអង្វរពួកគេថា៖ ‹យើងប្រាកដជាមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ ចូរឲ្យអ្នករាល់គ្នាបែរមក ចូរបែរមកពីផ្លូវអាក្រក់របស់ខ្លួនចុះ! ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាចង់ស្លាប់?›។ (អេសេគាល ៣៣:១១) ដោយសារព្រះយេហូវ៉ាចាត់ទុកជីវិតជាអ្វីដែលមានតម្លៃវិសេស នោះទ្រង់ចាត់ព្យាការីរបស់ទ្រង់ទៅម្ដងហើយម្ដងទៀត ដើម្បីជួយពួកអ៊ីស្រាអែលឲ្យបែរពីផ្លូវអាក្រក់របស់ខ្លួន។ ប៉ុន្តែ ជាទូទៅ ប្រជាជនដ៏រឹងចចេសទាំងនេះមិនព្រមស្ដាប់និងប្រែចិត្តឡើយ។ នៅទីបំផុត ដោយយល់ដល់ព្រះនាមទ្រង់និងអ្វីដែលព្រះនាមទ្រង់តំណាង នោះព្រះយេហូវ៉ាបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃនៃពួកសត្រូវរបស់គេ។—នេហេមា ៩:២៦-៣០
២០. (ក) តើរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើសាសន៍អ៊ីស្រាអែលបង្រៀនយើងអ្វីខ្លះអំពីទ្រង់? (ខ) ហេតុអ្វីបានជាសត្វសិង្ហជានិមិត្តរូបដ៏សមរម្យតំណាងយុត្ដិធម៌របស់ព្រះយេហូវ៉ា?
២០ របៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើសាសន៍អ៊ីស្រាអែល បង្រៀនយើងនូវអ្វីៗជាច្រើនអំពីទ្រង់។ យើងរៀនដឹងថា ព្រះនេត្ររបស់ទ្រង់ដែលអាចទតឃើញអ្វីៗទាំងអស់ ក៏កត់សម្គាល់ឃើញអ្វីដ៏អាក្រក់ ហើយអ្វីដែលទ្រង់ទតឃើញគឺមានឥទ្ធិពលទៅលើព្រះទ័យរបស់ទ្រង់។ (សុភាសិត ១៥:៣) យើងក៏រីករាយដែរដោយដឹងថា ទ្រង់ប្រុងប្រៀបបង្ហាញសេចក្ដីមេត្ដាករុណាបើមានហេតុ។ ម្យ៉ាងទៀត យើងរៀនដឹងថាយុត្ដិធម៌របស់ទ្រង់មិនដែលរហ័សកាត់ទោសឡើយ។ ដោយសារព្រះយេហូវ៉ាមានព្រះទ័យអត់ធ្មត់និងការអត់ធន់ មនុស្សជាច្រើនយល់ច្រឡំថា ទ្រង់នឹងមិនកាត់ទោសមនុស្សអាក្រក់ឡើយ។ ប៉ុន្តែ នេះគឺមិនពិតសោះឡើយ ពីព្រោះរបៀបដែលព្រះបានប្រព្រឹត្តទៅលើសាសន៍អ៊ីស្រាអែលនោះបង្រៀនយើងថា ព្រះទ័យអត់ធ្មត់របស់ទ្រង់មានកំរិត។ ព្រះយេហូវ៉ាគឺម៉ឺងម៉ាត់ស្តីអំពីសេចក្ដីសុចរិត។ ទ្រង់ខុសគ្នាពីមនុស្សជាតិដែលខ្លាចកាត់ទោសអ្នកអាក្រក់ ដ្បិតទ្រង់មិនដែលខ្លាចគាំទ្រអ្វីដ៏ល្អឡើយ។ គឺសមរម្យណាស់ដែលសត្វសិង្ហតំណាងយុត្ដិធម៌ដ៏ក្លាហានរបស់ព្រះយេហូវ៉ាហើយជាប់ទាក់ទងនឹងវត្តមានព្រមទាំងបល្ល័ង្ករបស់ទ្រង់។a (អេសេគាល ១:១០; វិវរណៈ ៤:៧) ហេតុនេះហើយ យើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងសម្រេចសេចក្ដីសន្យារបស់ទ្រង់ហើយបំបាត់ភាពអយុត្ដិធម៌ចេញពីផែនដី។ ពិតណាស់ របៀបដែលទ្រង់ជំនុំជំរះអាចត្រូវសង្ខេបដូចតទៅនេះថា ទ្រង់ម៉ឺងម៉ាត់ពេលដែលចាំបាច់ តែប្រុងប្រៀបបង្ហាញសេចក្ដីមេត្ដាករុណានៅពេលណាដែលអាចបង្ហាញបាន។—ពេត្រុសទី២ ៣:៩
ការចូលទៅជិតព្រះនៃយុត្ដិធម៌
២១. ពេលយើងរំពឹងគិតអំពីរបៀបព្រះយេហូវ៉ាសម្ដែងនូវយុត្ដិធម៌ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះទ្រង់? ហើយហេតុអ្វី?
២១ ពេលយើងរំពឹងគិតអំពីរបៀបព្រះយេហូវ៉ាប្រព្រឹត្តដោយយុត្ដិធម៌ យើងមិនគួរចាត់ទុកទ្រង់ជាចៅក្រមដ៏តឹងរ៉ឹងគ្មានមេត្ដា ដែលគិតតែកាត់ទោសអ្នកប្រព្រឹត្តខុសនោះឡើយ។ ផ្ទុយទៅវិញ យើងគួរចាត់ទុកទ្រង់ជាព្រះវរបិតាប្រកបដោយសេចក្ដីស្រឡាញ់ដែលតែងតែប្រព្រឹត្តទៅលើកូនរបស់ខ្លួនតាមរបៀបដែលមានប្រយោជន៍ល្អប្រសើរបំផុត។ ជាព្រះវរបិតាមួយអង្គប្រព្រឹត្តដោយយុត្ដិធម៌ ព្រះយេហូវ៉ាមានតុល្យភាពរវាងភាពម៉ឺងម៉ាត់ខាងសេចក្ដីត្រឹមត្រូវ និងសេចក្ដីមេត្ដាករុណាចំពោះកូនរបស់ទ្រង់នៅលើផែនដីដែលត្រូវការជំនួយនិងការអត់ឱនទោសពីទ្រង់។—ទំនុកដំកើង ១០៣:១០, ១៣
២២. តើយុត្ដិធម៌របស់ព្រះយេហូវ៉ានាំឲ្យទ្រង់ផ្ដល់សេចក្ដីសង្ឃឹមអ្វីដល់យើង? ហើយហេតុអ្វីទ្រង់ប្រព្រឹត្តដូច្នេះមកលើយើង?
២២ យើងសប្បាយចិត្តណាស់ ដែលយុត្ដិធម៌របស់ព្រះរួមបញ្ចូលអ្វីច្រើនជាងការកាត់ទោសអ្នកដែលធ្វើខុសនោះ! យុត្ដិធម៌របស់ព្រះយេហូវ៉ាបាននាំឲ្យទ្រង់ផ្ដល់លទ្ធភាពឲ្យយើងមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលគួររំភើបចិត្ត នោះគឺជីវិតជារៀងរហូតក្នុងពិភពលោកថ្មី«ដែលមានសុទ្ធតែសេចក្ដីសុចរិត»។ (ពេត្រុសទី២ ៣:១៣) ព្រះរបស់យើងប្រព្រឹត្តមកលើយើងដូច្នេះ ដោយព្រោះយុត្ដិធម៌របស់ទ្រង់ នោះទ្រង់ព្យាយាមសង្គ្រោះយើងជាជាងកាត់ទោសយើង។ ពិតណាស់ ការយល់ច្បាស់ជាងអំពីទំហំនៃយុត្ដិធម៌របស់ព្រះយេហូវ៉ាពិតជាទាក់ទាញទឹកចិត្តយើងឲ្យចូលទៅជិតទ្រង់មែន! ក្នុងជំពូកផ្សេងៗទៀតជាបន្ទាប់ យើងនឹងពិនិត្យឲ្យបានល្អិតល្អន់នូវរបៀបព្រះយេហូវ៉ាសម្ដែងនូវយុត្ដិធម៌ដែលជាគុណសម្បត្ដិវិសេសរបស់ទ្រង់។
a គួរឲ្យចាប់អារម្មណ៍ណាស់ ព្រះយេហូវ៉ាប្រៀបអង្គទ្រង់ដូចជាសត្វសិង្ហ ពេលទ្រង់កាត់ទោសពួកអ៊ីស្រាអែលដែលមិនស្មោះត្រង់។—យេរេមា ២៥:៣៨; ហូសេ ៥:១៤
-
-
«តើព្រះអយុត្ដិធម៌ឬ?»ចូរចូលទៅជិតព្រះយេហូវ៉ា
-
-
ជំពូកទី១២
«តើព្រះអយុត្ដិធម៌ឬ?»
១. តើយើងប្រហែលជាមានអារម្មណ៍យ៉ាងណាពេលដែលមានអំពើអយុត្ដិធម៌?
ស្ត្រីមេម៉ាយម្នាក់ត្រូវគេប្រវ័ញ្ចយកប្រាក់សន្សំរបស់គាត់។ ទារកម្នាក់គ្មានទីពឹងពំនាក់ ត្រូវបោះបង់ចោលដោយឪពុកម្ដាយដែលគ្មានសេចក្ដីស្រឡាញ់។ បុរសម្នាក់ត្រូវជាប់គុកដោយបទឧក្រិដ្ឋដែលគាត់មិនបានប្រព្រឹត្តឡើយ។ តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកឮអំពីការប្រព្រឹត្តបែបនេះ? អ្នកទំនងជាទាស់ចិត្តណាស់នឹងការប្រព្រឹត្តទាំងនេះ។ នេះគឺជាការធម្មតាទេ ដ្បិតមនុស្សជាតិយើងមានសមត្ថភាពដ៏ល្អប្រសើរខាងការសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។ ពេលដែលមានអំពើអយុត្ដិធម៌ នោះយើងមានចិត្តខឹង។ យើងចង់ឲ្យអ្នករងគ្រោះទទួលបានការសងជំងឺចិត្ត ហើយចង់ឲ្យអ្នកធ្វើខុសទទួលទោស។ បើមិនដូច្នេះទេ យើងប្រហែលជាឆ្ងល់ថា៖ ‹តើព្រះទតឃើញអ្វីដែលបានកើតឡើងឬទេ? ហេតុអ្វីក៏ទ្រង់មិនធ្វើអន្តរាគមន៍?›។
២. តើហាបាគុកបានមានប្រតិកម្មយ៉ាងណាចំពោះអំពើអយុត្ដិធម៌? ហេតុអ្វីក៏ព្រះយេហូវ៉ាមិនបានស្តីបន្ទោសហាបាគុក?
២ ទូទាំងប្រវត្ដិសាស្ត្រ មនុស្សស្មោះត្រង់ដែលបំរើព្រះយេហូវ៉ាធ្លាប់សួរសំនួរស្រដៀងគ្នានេះដែរ។ ជាឧទាហរណ៍ ព្យាការីហាបាគុកបានអធិស្ឋានទូលសួរព្រះថា៖ «ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើអយុត្ដិធម៌ដូច្នេះ? ហេតុអ្វីបានជាទ្រង់ឲ្យអំពើហិង្សា ការទទឹងច្បាប់ និងអំពើឃោរឃៅរាលដាលទៅវិញ?»។ (ហាបាគុក ១:៣, សេចក្ដីបកប្រែព្រះគម្ពីរសហកាល) ព្រះយេហូវ៉ាមិនបានស្តីបន្ទោសហាបាគុកដោយសារគាត់ទូលសួរត្រង់ៗដូចនេះឡើយ ដ្បិតគឺព្រះយេហូវ៉ាដែលបានបង្កើតមនុស្សឲ្យមានសមត្ថភាពយល់ពីយុត្ដិធម៌។ ព្រះយេហូវ៉ាបានប្រទានឲ្យយើងមានស្មារតីយុត្ដិធម៌ដ៏ជ្រាលជ្រៅរបស់ទ្រង់មួយកំរិត។
ព្រះយេហូវ៉ាស្អប់ភាពអយុត្ដិធម៌
៣. ហេតុអ្វីបានជាយើងអាចនិយាយថា ព្រះយេហូវ៉ាទតឃើញអំពើអយុត្ដិធម៌ច្រើនជាងយើង?
៣ ព្រះយេហូវ៉ាពិតជាទតឃើញភាពអយុត្ដិធម៌។ ព្រះគម្ពីរចែងអំពីសម័យលោកណូអេថា៖ «ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ»។ (លោកុប្បត្តិ ៦:៥) សូមគិតអំពីសារដ៏សំខាន់នៃបន្ទូលនេះ។ ធម្មតា ទស្សនៈរបស់យើងចំពោះភាពអយុត្ដិធម៌មានមូលដ្ឋានលើតែករណីពីរបីដែលយើងបានជួបប្រទះដោយផ្ទាល់ឬមួយក៏បានឮផ្ទាល់។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាទតឃើញភាពអយុត្ដិធម៌ទាំងអស់ទូទាំងពិភពលោក! ម្យ៉ាងទៀត ព្រះយេហូវ៉ាអាចយល់នូវទំនោរចិត្តរបស់មនុស្ស គឺគំនិតអាក្រក់ដែលនាំពួកគេឲ្យប្រព្រឹត្តដោយអយុត្ដិធម៌។—យេរេមា ១៧:១០
៤, ៥. (ក) តើព្រះគម្ពីរបង្ហាញយ៉ាងដូចម្ដេចថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអស់អ្នកណាដែលត្រូវគេប្រព្រឹត្តដោយអយុត្ដិធម៌? (ខ) តើព្រះយេហូវ៉ាទ្រង់ផ្ទាល់បានជួបនឹងភាពអយុត្ដិធម៌យ៉ាងដូចម្ដេច?
៤ ប៉ុន្តែ ព្រះយេហូវ៉ាមិនគ្រាន់តែទតឃើញភាពអយុត្ដិធម៌ប៉ុណ្ណោះទេ។ ទ្រង់ក៏យកព្រះទ័យទុកដាក់នឹងអ្នកដែលរងគ្រោះដោយសារអំពើអយុត្ដិធម៌នោះដែរ។ ពេលដែលពួកសត្រូវរបស់រាស្ត្រព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើពួកអ៊ីស្រាអែលយ៉ាងឃោរឃៅនោះ ព្រះយេហូវ៉ាបានអាណិតអាសូរ«ដល់ដំងូរគេជាខ្លាំង ដោយព្រោះពួកអ្នកដែលសង្កត់សង្កិន ហើយធ្វើទុក្ខដល់គេ»។ (ពួកចៅហ្វាយ ២:១៨) អ្នកប្រហែលជាបានសង្កេតឃើញថា ពេលដែលមនុស្សខ្លះមើលឃើញភាពអយុត្ដិធម៌កាន់តែច្រើន នោះពួកគេក៏កាន់តែលែងមានចិត្តអាណិតអាសូរដល់អ្នកដែលរងគ្រោះទៀតដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាគឺមិនដូច្នេះឡើយ! ទ្រង់បានទតឃើញភាពអយុត្ដិធម៌ទូទាំងពិភពលោកជាង៦.០០០ឆ្នាំហើយ តែទ្រង់មិនដែលលែងស្អប់ភាពអយុត្ដិធម៌ឡើយ។ ផ្ទុយទៅវិញ ព្រះគម្ពីរធានាថាទ្រង់ស្អប់ខ្ពើមអ្វីៗដូចជា«អណ្ដាតភូតភរ» «ដៃដែលកំចាយឈាមមនុស្សឥតទោស» និង«សាក្សីក្លែងក្លាយ»។—សុភាសិត ៦:១៦-១៩
៥ សូមពិចារណាដែរនូវរបៀបដែលព្រះយេហូវ៉ាស្តីបន្ទោសយ៉ាងខ្លាំងដល់អ្នកដឹកនាំសាសន៍អ៊ីស្រាអែល។ ទ្រង់បានបណ្ដាលឲ្យព្យាការីរបស់ទ្រង់សួរពួកគេថា៖ «តើមិនគួរគប្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្ដិធម៌ទេឬ?»។ ក្រោយពីទ្រង់មានបន្ទូលរៀបរាប់យ៉ាងជាក់ច្បាស់អំពីរបៀបដែលពួកគេបានប្រើអំណាចជិះជាន់ ព្រះយេហូវ៉ាបានទាយអំពីលទ្ធផលដែលបុរសពុករលួយទាំងនេះនឹងទទួល៖ «គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ អើ! ទ្រង់នឹងគេចព្រះភក្ដ្រចេញពីគេ ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត»។ (មីកា ៣:១-៤) ព្រះយេហូវ៉ាពិតជាស្អប់ភាពអយុត្ដិធម៌ខ្លាំងណាស់! ការពិត ទ្រង់បានជួបនឹងភាពអយុត្ដិធម៌ដោយអង្គទ្រង់ផ្ទាល់! អស់រាប់ពាន់ឆ្នាំហើយ សាតាំងបានតិះដៀលទ្រង់ដោយអយុត្ដិធម៌។ (សុភាសិត ២៧:១១) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានឈឺព្រះហឫទ័យដោយសារភាពអយុត្ដិធម៌ដ៏អាក្រក់បំផុតប្រចាំប្រវត្ដិសាស្ត្រ នៅពេលដែលរាជបុត្រារបស់ទ្រង់ត្រូវគេធ្វើគុតដូចជាឧក្រិដ្ឋជនម្នាក់ ទោះជាទ្រង់«មិនបានធ្វើបាបអ្វីសោះ»ក៏ដោយ។ (ពេត្រុសទី១ ២:២២; អេសាយ ៥៣:៩) យ៉ាងច្បាស់ណាស់ ព្រះយេហូវ៉ាយល់ថែមទាំងមិនធ្វើព្រងើយកន្តើយចំពោះការលំបាករបស់អ្នកដែលជួបនឹងភាពអយុត្ដិធម៌ទេ។
៦. តើយើងមានប្រតិកម្មយ៉ាងណាពេលដែលយើងជួបនឹងភាពអយុត្ដិធម៌? ហើយហេតុអ្វី?
៦ ប៉ុន្តែ គឺជាការធម្មតាទេដែលយើងមានប្រតិកម្មយ៉ាងខ្លាំងពេលដែលយើងសង្កេតឃើញឬមួយក៏ជួបដោយផ្ទាល់នូវភាពអយុត្ដិធម៌។ យើងបានត្រូវបង្កើតឲ្យមានភាពដូចព្រះ ហើយភាពអយុត្ដិធម៌គឺខុសគ្នាស្រឡះពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ (លោកុប្បត្តិ ១:២៧) បើដូច្នេះពិតមែន ហេតុអ្វីព្រះអនុញ្ញាតឲ្យមានភាពអយុត្ដិធម៌?
រឿងចំណោទទាក់ទងនឹងអធិបតេយ្យរបស់ព្រះ
៧. សូមពណ៌នាអំពីរបៀបអធិបតេយ្យរបស់ព្រះយេហូវ៉ាបានត្រូវគេចោទប្រកាន់។
៧ ចម្លើយនៃសំនួរនេះជាប់ទាក់ទងនឹងអធិបតេយ្យរបស់ព្រះឬអំណាចគ្រប់គ្រងជាអធិបតី។ ដូចដែលយើងបានរៀនហើយ អ្នកបង្កើតមានសិទ្ធិគ្រប់គ្រងលើផែនដីទាំងមូលនិងមនុស្សទាំងឡាយដែលនៅលើផែនដី។ (ទំនុកដំកើង ២៤:១; វិវរណៈ ៤:១១) ប៉ុន្តែ នៅដើមប្រវត្ដិសាស្ត្រមនុស្សជាតិ អធិបតេយ្យរបស់ព្រះយេហូវ៉ាបានត្រូវគេចោទប្រកាន់។ ហេតុអ្វីរឿងនេះបានកើតឡើង? ព្រះយេហូវ៉ាបានបង្គាប់មិនឲ្យបុរសទីមួយឈ្មោះអ័ដាមបរិភោគពីដើមឈើមួយនៅកណ្ដាលសួនច្បារដែលជាលំនៅរបស់គាត់។ ចុះបើអ័ដាមមិនស្ដាប់បង្គាប់? ព្រះមានបន្ទូលថា៖ «ត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្តិ ២:១៧) សេចក្ដីបង្គាប់របស់ព្រះមិនបានធ្វើឲ្យអ័ដាមនិងភរិយារបស់គាត់ពិបាកឡើយ។ យ៉ាងណាក៏ដោយ សាតាំងបានបញ្ចុះបញ្ចូលអេវ៉ាឲ្យជឿថាព្រះតឹងរ៉ឹងពេក។ ចុះបើអេវ៉ាបរិភោគផ្លែនោះ? សាតាំងបាននិយាយចំៗប្រាប់អេវ៉ាថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។—លោកុប្បត្តិ ៣:១-៥, កំណែជាអក្សរទ្រេត
៨. (ក) ដោយសារអ្វីដែលសាតាំងបាននិយាយជាមួយអេវ៉ា តើវាបាននិយាយបញ្ឆិតបញ្ឆៀងអ្វីខ្លះ? (ខ) តើសាតាំងបានចោទប្រកាន់អ្វីទៅលើអធិបតេយ្យរបស់ព្រះ?
៨ ពេលដែលសាតាំងនិយាយដូច្នេះ វាបាននិយាយបញ្ឆិតបញ្ឆៀងថា ព្រះយេហូវ៉ាបានលាក់ពត៌មានសំខាន់មិនឲ្យអេវ៉ាដឹងហើយក៏បានភូតនាងដែរ។ សាតាំងបានប្រយ័ត្នមិនចោទថាព្រះមិនមែនជាអធិបតីឡើយ។ ប៉ុន្តែ វាបានចោទទៅលើភាពត្រឹមត្រូវ សិទ្ធិ និងសេចក្ដីសុចរិតនៃអធិបតេយ្យរបស់ព្រះ។ បើនិយាយឲ្យចំទៅ សាតាំងបានចោទប្រកាន់ថា ព្រះយេហូវ៉ាមិនប្រើអធិបតេយ្យរបស់ទ្រង់ក្នុងផ្លូវសុចរិត និងរបៀបដែលនាំឲ្យអនុរាស្ត្ររបស់ទ្រង់បានប្រយោជន៍ច្រើនបំផុតនោះឡើយ។
៩. (ក) ចំពោះអ័ដាមនិងអេវ៉ា តើអ្វីជាលទ្ធផលនៃការមិនស្ដាប់បង្គាប់? តើសំនួរសំខាន់អ្វីខ្លះបានត្រូវលើកឡើង? (ខ) ហេតុអ្វីព្រះយេហូវ៉ាមិនបានបំផ្លាញចោលអ្នកបះបោរទាំងបីនាក់នោះភ្លាមៗ?
៩ ជាលទ្ធផល ទាំងអ័ដាមនិងអេវ៉ាមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាហើយបានបរិភោគពីដើមឈើដែលទ្រង់ហាមឃាត់។ ដោយសារពួកគេមិនស្ដាប់បង្គាប់ នោះត្រូវទទួលទោសស្លាប់ ដូចព្រះបានប្រកាសនោះ។ ការភូតភររបស់សាតាំងបានលើកឡើងនូវសំនួរសំខាន់ៗមួយចំនួន។ តើព្រះយេហូវ៉ាពិតជាមានសិទ្ធិគ្រប់គ្រងមនុស្សជាតិ ឬក៏មនុស្សគួរគ្រប់គ្រងដោយខ្លួនឯងវិញ? តើព្រះយេហូវ៉ាប្រើអធិបតេយ្យឬអំណាចគ្រប់គ្រងរបស់ទ្រង់យ៉ាងល្អបំផុតឬ? ព្រះយេហូវ៉ាអាចប្រើតេជានុភាពដ៏ខ្លាំងក្លារបស់ទ្រង់ដើម្បីបំផ្លាញអ្នកបះបោរទាំងបីនាក់នេះភ្លាមៗបាន។ ប៉ុន្តែ សំនួរទាំងប៉ុន្មានដែលបានត្រូវលើកឡើងបានជាប់ទាក់ទងនឹងការគ្រប់គ្រងរបស់ទ្រង់ មិនមែនតេជានុភាពរបស់ទ្រង់ឡើយ។ ដូច្នេះ បើព្រះយេហូវ៉ាបានបំផ្លាញអ័ដាម អេវ៉ា និងសាតាំង ការនោះមិនបានបញ្ជាក់ថា ការគ្រប់គ្រងរបស់ទ្រង់គឺសុចរិតនោះទេ។ ផ្ទុយទៅវិញ នោះប្រហែលជានឹងធ្វើឲ្យមានការសង្ស័យថែមទៀតទៅលើការគ្រប់គ្រងរបស់ទ្រង់។ វិធីតែមួយគត់ដែលនឹងបង្ហាញឲ្យឃើញថា តើមនុស្សអាចគ្រប់គ្រងខ្លួនឯងបានដោយជោគជ័យឬក៏អត់បើគ្មានព្រះឬយ៉ាងណា គឺដោយឲ្យពេលវេលាជាអ្នកបង្ហាញ។
១០. ស្តីអំពីការគ្រប់គ្រងរបស់មនុស្ស តើប្រវត្ដិសាស្ត្របានបង្ហាញឲ្យឃើញអ្វីខ្លះ?
១០ តើពេលដែលកន្លងទៅបង្ហាញឲ្យឃើញអ្វី? ទូទាំងប្រវត្ដិសាស្ត្រ មនុស្សជាតិបានសាកល្បងការគ្រប់គ្រងច្រើនយ៉ាង ដូចជាផ្ដាច់ការនិយម ប្រជាធិបតេយ្យ សង្គមនិយម និងកុម្មុយនីស្ត។ លទ្ធផលនៃការគ្រប់គ្រងទាំងអស់នោះ ត្រូវសង្ខេបយ៉ាងចំៗក្នុងបទគម្ពីរដែលចែងថា៖ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្ដា ៨:៩) ដោយមានហេតុល្អ ព្យាការីយេរេមាបានពោលយ៉ាងសមរម្យណាស់ថា៖ «ឱព្រះយេហូវ៉ាអើយ! ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។—យេរេមា ១០:២៣
១១. ហេតុអ្វីព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមនុស្សជាតិឆ្លងកាត់ការឈឺចាប់?
១១ ព្រះយេហូវ៉ាជ្រាបដឹងតាំងពីដំបូងថា ការគ្រប់គ្រងដោយមនុស្សជាតិនឹងនាំឲ្យវេទនាខ្លាំងណាស់។ បើទ្រង់ជ្រាបដូច្នេះមែន តើទ្រង់បានប្រព្រឹត្តដោយអយុត្ដិធម៌ពេលដែលទ្រង់អនុញ្ញាតឲ្យមនុស្សគ្រប់គ្រងនោះទេ? ប្រាកដជាមិនអយុត្ដិធម៌ទេ! ជាឧទាហរណ៍: ឧបមាថាកូនរបស់អ្នកត្រូវការវះកាត់ដើម្បីព្យាបាលជំងឺមួយដែលអាចបណ្ដាលឲ្យស្លាប់បើគ្មានការវះកាត់។ អ្នកដឹងថាការវះកាត់នោះនឹងធ្វើឲ្យកូនរបស់អ្នកឈឺចាប់ខ្លះៗដែរ ហើយនេះធ្វើឲ្យអ្នកពិបាកចិត្តខ្លាំងណាស់។ ទន្ទឹមគ្នានេះដែរ អ្នកក៏ដឹងថាការព្យាបាលនោះនឹងធ្វើឲ្យកូនអ្នកមានសុខភាពល្អជាងនៅពេលក្រោយ។ ស្រដៀងគ្នាដែរ ព្រះជ្រាបនិងបានទាយថា ការអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងនឹងនាំឲ្យមានការឈឺចាប់និងការរងទុក្ខ។ (លោកុប្បត្តិ ៣:១៦-១៩) ប៉ុន្តែ ទ្រង់ក៏បានជ្រាបដែរថា ទុក្ខលំបាកនឹងអាចបំបាត់បានដោយវិធីតែមួយគត់ គឺឲ្យមនុស្សគ្រប់គ្រងដើម្បីឲ្យឃើញដោយខ្លួនឯងនូវលទ្ធផលអាក្រក់ដែលមកពីការបះបោរ។ យ៉ាងនេះ រឿងចំណោទអំពីអធិបតេយ្យរបស់ព្រះអាចត្រូវដោះស្រាយមួយដងជាការស្រេច។
រឿងចំណោទទាក់ទងនឹងភាពស្មោះត្រង់របស់មនុស្ស
១២. ដូចដែលត្រូវសម្ដែងក្នុងករណីរបស់លោកយ៉ូប តើសាតាំងបានចោទប្រកាន់មនុស្សជាតិថាដូចម្ដេច?
១២ ចំណោទនេះនៅមានផ្នែកមួយទៀត។ ពេលដែលសាតាំងបានចោទទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះ វាមិនគ្រាន់តែបាននិយាយបង្កាច់បង្ខូចព្រះយេហូវ៉ាអំពីការគ្រប់គ្រងរបស់ទ្រង់ប៉ុណ្ណោះទេ តែវាក៏បាននិយាយបង្កាច់បង្ខូចអ្នកបំរើព្រះអំពីភាពស្មោះត្រង់របស់ពួកគេដែរ។ ជាឧទាហរណ៍ សូមកត់សម្គាល់នូវអ្វីដែលសាតាំងបានប្រាប់ព្រះយេហូវ៉ាអំពីលោកយ៉ូបដែលជាបុរសសុចរិតម្នាក់។ វាបាននិយាយថា៖ «តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ នឹងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬអី? ទ្រង់បានប្រទានពរ ដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្ដិគាត់ក៏បានចំរើនឡើងនៅលើផែនដី ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ! នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ»។—យ៉ូប ១:១០, ១១
១៣. ពេលសាតាំងបានចោទប្រកាន់ទៅលើភាពស្មោះត្រង់របស់លោកយ៉ូប តើការចោទប្រកាន់នោះបង្កប់អត្ថន័យអ្វី? តើនេះទាក់ទងនឹងមនុស្សគ្រប់រូបយ៉ាងដូចម្ដេច?
១៣ សាតាំងបានចោទថា ព្រះយេហូវ៉ាការពារយ៉ូបដោយតេជានុភាពរបស់ទ្រង់ដើម្បីយកចិត្តយ៉ូបឲ្យស្មោះត្រង់។ នេះបានន័យថា ភាពស្មោះត្រង់របស់យ៉ូបគឺគ្រាន់តែជាការធ្វើពុតប៉ុណ្ណោះ ហើយបានន័យថាយ៉ូបគ្រាន់តែបំរើព្រះដើម្បីខ្លួនបានទទួលប្រយោជន៍តែប៉ុណ្ណោះ។ សាតាំងក៏បានអះអាងថា បើយ៉ូបមិនបានទទួលពរពីព្រះ គាត់នឹងប្រមាថដល់ព្រះដែលជាអ្នកបង្កើតគាត់។ សាតាំងដឹងថា គ្មានអ្នកណាដូចយ៉ូបដែល«គ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។a ដូច្នេះ បើសាតាំងអាចបំផ្លាញភាពស្មោះត្រង់របស់យ៉ូប វាពិតជាអាចបំផ្លាញភាពស្មោះត្រង់របស់មនុស្សជាតិឯទៀត? ដូច្នេះ សាតាំងបានទម្លាក់ការសង្ស័យទៅលើភាពស្មោះត្រង់នៃមនុស្សគ្រប់រូបដែលចង់បំរើព្រះ ពេលវាបានប្រាប់ព្រះយេហូវ៉ាអំពីមនុស្សទូទៅថា៖ «មនុស្ស[មិនគ្រាន់តែយ៉ូបទេ]នឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។—យ៉ូប ១:៨; ២:៤, កំណែជាអក្សរទ្រេត
១៤. ស្តីអំពីការចោទប្រកាន់របស់សាតាំងទៅលើមនុស្ស តើប្រវត្ដិសាស្ត្របានបញ្ជាក់ឲ្យដឹងយ៉ាងណា?
១៤ ប្រវត្ដិសាស្ត្របញ្ជាក់ឲ្យដឹងថា មនុស្សជាច្រើនក៏ដូចជាលោកយ៉ូបដែរ បានធ្វើផ្ទុយពីការអះអាងរបស់សាតាំងដោយនៅស្មោះត្រង់នឹងព្រះយេហូវ៉ាចំពោះមុខការល្បងល។ ដោយសារពួកគេបានស្មោះត្រង់ចំពោះព្រះអស់មួយជីវិត ពួកគេបានធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ និងមានចម្លើយដើម្បីតបចំពោះការនិយាយបង្អួតរបស់សាតាំងថា មនុស្សនឹងឈប់បំរើព្រះពេលពួកគេរងទុក្ខលំបាក។ (ហេព្រើរ ១១:៤-៣៨) ពិតណាស់ មនុស្សដែលមានចិត្តគំនិតត្រឹមត្រូវមិនព្រមបោះបង់ព្រះចោលឡើយ។ សូម្បីតែពេលពួកគេស្ថិតក្នុងកាលៈទេសៈពិបាកជាទីបំផុតក៏ដោយ ក៏ពួកគេរឹតតែពឹងពាក់ទៅលើព្រះយេហូវ៉ាដើម្បីបានកម្លាំងស៊ូទ្រាំ។—កូរិនថូសទី២ ៤:៧-១០
១៥. ឯរបៀបព្រះយេហូវ៉ាធ្លាប់ជំនុំជំរះនៅអតីតកាលនិងនៅអនាគតនោះ តើយើងអាចសួរសំនួរអ្វី?
១៥ ប៉ុន្តែ យុត្ដិធម៌របស់ព្រះយេហូវ៉ារួមបញ្ចូលច្រើនជាងចំណោទដែលជាប់ទាក់ទងនឹងការគ្រប់គ្រងហើយភាពស្មោះត្រង់របស់មនុស្សជាតិ។ ព្រះគម្ពីរមានកំណត់ហេតុអំពីរបៀបព្រះយេហូវ៉ាធ្លាប់ជំនុំជំរះមនុស្សម្នាក់ៗ និងជំនុំជំរះសាសន៍ទាំងមូលក៏មាន។ ព្រះគម្ពីរក៏មានទំនាយស្តីអំពីការជំនុំជំរះរបស់ទ្រង់នៅអនាគតផងដែរ។ ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ាបានហើយកំពុងតែជំនុំជំរះដោយសេចក្ដីសុចរិត?
មូលហេតុដែលយុត្ដិធម៌របស់ព្រះគឺល្អបំផុត
ព្រះយេហូវ៉ានឹងមិនដែល«បំផ្លាញមនុស្សសុចរិត ជាមួយនឹងមនុស្សអាក្រក់»ទេ
១៦, ១៧. ស្តីអំពីយុត្ដិធម៌ពិត តើមានឧទាហរណ៍អ្វីខ្លះដែលបង្ហាញថាមនុស្សមានទស្សនៈមិនត្រឹមត្រូវ?
១៦ ព្រះគម្ពីរចែងយ៉ាងត្រឹមត្រូវអំពីព្រះយេហូវ៉ាថា៖ «អស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌»។ (ចោទិយកថា ៣២:៤) គ្មានយើងណាម្នាក់ដែលអាចនិយាយសំដៅទៅលើខ្លួនឯងដូចនេះបានឡើយ ពីព្រោះមនុស្សមិនអាចមានទស្សនៈត្រឹមត្រូវទាំងស្រុងស្តីអំពីយុត្ដិធម៌ពិតបានទេ។ ជាក់ស្តែងដូចលោកអ័ប្រាហាំបានអង្វរព្រះយេហូវ៉ា កុំឲ្យបំផ្លាញចោលទីក្រុងសូដុំម ទោះជាមានអំពើទុច្ចរិតច្រើនក្រៃលែងនៅទីនោះក៏ដោយ។ អ័ប្រាហាំបានទូលសួរព្រះយេហូវ៉ាថា៖ «តើទ្រង់នឹង បំផ្លាញមនុស្សសុចរិត ជាមួយនឹងមនុស្សអាក្រក់ផងដែរឬ?»។ (លោកុប្បត្តិ ១៨:២៣-៣៣) ការពិត ទ្រង់មិនធ្វើដូច្នេះទេ។ នៅពេលដែលលោកឡុតនិងកូនស្រីរបស់គាត់ទៅដល់ទីក្រុងសូអាររួចហើយ ទើបព្រះយេហូវ៉ា«បង្អុរភ្លៀងជាស្ពាន់ធ័រនឹងភ្លើងពីលើមេឃ»មកលើក្រុងសូដុំម។ (លោកុប្បត្តិ ១៩:២២-២៤) ផ្ទុយទៅវិញ យ៉ូណាសបានត្រឡប់ជា«ខឹងយ៉ាងខ្លាំង»ពេលព្រះសម្ដែងសេចក្ដីមេត្ដាករុណាចំពោះប្រជាជននៅក្រុងនីនីវេ។ ដោយព្រោះយ៉ូណាសបានប្រកាសរួចហើយថា ប្រជាជននៅក្រុងនីនីវេនឹងត្រូវបំផ្លាញចោលនោះ គាត់នឹងពេញចិត្តដោយឃើញពួកគេវិនាសឲ្យសមតាមសំដីរបស់គាត់ ទោះជាពួកគេបានប្រែចិត្តក៏ដោយ។—យ៉ូណាស ៣:១០–៤:១, ខ.ស.
១៧ ព្រះយេហូវ៉ាបានធានាអ័ប្រាហាំថា យុត្ដិធម៌របស់ទ្រង់មិនគ្រាន់តែរួមបញ្ចូលការបំផ្លាញមនុស្សទុច្ចរិតទេ តែក៏រួមបញ្ចូលការសង្គ្រោះមនុស្សសុចរិតផងដែរ។ ម្យ៉ាងទៀតយ៉ូណាសបានរៀនដឹងថា ព្រះយេហូវ៉ាប្រកបទៅដោយសេចក្ដីមេត្ដាករុណា។ បើមនុស្សទុច្ចរិតប្រែចិត្ត ទ្រង់«បំរុងតែនឹងអត់ទោស»។ (ទំនុកដំកើង ៨៦:៥) មនុស្សខ្លះដែលខ្លាចបាត់បង់ឋានៈខ្លួន កាត់ទោសអ្នកឯទៀតដើម្បីបង្ហាញថាពួកគេមានអំណាច។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាមិនដែលកាត់ទោសមនុស្ស ដើម្បីបង្ហាញថាទ្រង់មានអំណាចឡើយ ហើយទ្រង់ក៏មិនដូចមនុស្សដែលមិនព្រមបង្ហាញសេចក្ដីមេត្ដាករុណាដោយខ្លាចអ្នកឯទៀតចាត់ទុកថាពួកគេគ្មានអំណាច។ របៀបទ្រង់ប្រព្រឹត្តគឺ ទ្រង់បង្ហាញសេចក្ដីមេត្ដាករុណានៅពេលមានមូលហេតុ។—អេសាយ ៥៥:៧; អេសេគាល ១៨:២៣
១៨. សូមប្រើព្រះគម្ពីរដើម្បីបង្ហាញថា ការប្រព្រឹត្តរបស់ព្រះយេហូវ៉ាមិនផ្អែកទៅលើមនោសញ្ចេតនានោះឡើយ។
១៨ ក៏ប៉ុន្តែ ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យមនោសញ្ចេតនាបាំងព្រះនេត្រទ្រង់នោះឡើយ។ ពេលរាស្ត្ររបស់ព្រះយេហូវ៉ាបានចាប់ផ្ដើមថ្វាយបង្គំរូបព្រះពាសពេញនោះ ទ្រង់បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា៖ ‹យើងនឹងជំនុំជំរះអ្នកតាមគ្រប់ទាំងអំពើរបស់អ្នក ព្រមទាំងទំលាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់អ្នកមកលើអ្នកផង។ ភ្នែកយើងនឹងមិនប្រណី ឬអាណិតមេត្ដាដល់អ្នកឡើយ គឺយើងនឹងទំលាក់អស់ទាំងអំពើរបស់អ្នកមកលើអ្នក›។ (អេសេគាល ៧:៣, ៤) ដូច្នេះ ពេលមនុស្សជាតិរឹងចចេសក្នុងការធ្វើអំពើខុស ព្រះយេហូវ៉ានឹងជំនុំជំរះគេឲ្យសមទៅតាមការប្រព្រឹត្តរបស់ពួកគេ។ ប៉ុន្តែ ការជំនុំជំរះរបស់ទ្រង់មានមូលដ្ឋានលើភស្តុតាងដែលអាចទុកចិត្តបាន។ ដូច្នេះ ពេលទ្រង់ឮនូវការ«ចោទប្រកាន់»ក្រុងសូដុំមនិងក្រុងកូម៉ូរ៉ា នោះទ្រង់មានបន្ទូលថា៖ «យើងត្រូវតែចុះទៅមើលដើម្បីអោយដឹងថា អំពើដែលគេប្រព្រឹត្តនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើង ឬយ៉ាងណា»។ (កំណើតពិភពលោក ១៨:២០, ២១, ខ.ស.) យើងពិតជាមានអំណរគុណណាស់ដែលព្រះយេហូវ៉ាគឺមិនដូចមនុស្សជាតិដែលសម្រេចក្ដីយ៉ាងឆាប់រហ័សមុនស្គាល់ហេតុការណ៍ពិត! ប្រាកដណាស់ ព្រះយេហូវ៉ាគឺដូចព្រះគម្ពីរបញ្ជាក់ថា«ព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិត[«អយុត្ដិធម៌», ព.ថ.]ណាឡើយ»។—ចោទិយកថា ៣២:៤
ចូរទុកចិត្តលើយុត្ដិធម៌របស់ព្រះយេហូវ៉ា
១៩. តើយើងអាចធ្វើយ៉ាងណាបើយើងមានចម្ងល់អំពីរបៀបព្រះយេហូវ៉ាជំនុំជំរះ?
១៩ ព្រះគម្ពីរមិនឆ្លើយសំនួរទាំងអស់ដែលទាក់ទងនឹងការប្រព្រឹត្តរបស់ព្រះយេហូវ៉ានៅអតីតកាល ហើយក៏មិនរៀបរាប់ល្អិតល្អន់អំពីរបៀបព្រះយេហូវ៉ានឹងជំនុំជំរះមនុស្សម្នាក់ៗនិងបក្សពួកផ្សេងៗនៅអនាគតដែរ។ ពេលយើងឆ្ងល់អំពីកំណត់ហេតុឬទំនាយព្រះគម្ពីរដែលគ្មានការរៀបរាប់ល្អិតល្អន់នោះ យើងអាចបង្ហាញសេចក្ដីស្មោះត្រង់ដូចព្យាការីមីកាដែលសរសេរថា៖ «ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ»។—មីកា ៧:៧
២០, ២១. ហេតុអ្វីបានជាយើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងធ្វើអ្វីដ៏ត្រឹមត្រូវជារៀងរហូត?
២០ យើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងប្រព្រឹត្តត្រឹមត្រូវក្នុងគ្រប់កាលៈទេសៈទាំងអស់។ សូម្បីតែពេលមនុស្សជាតិមិនអើពើនឹងយុត្ដិធម៌ក៏ដោយ ព្រះយេហូវ៉ាសន្យាថា៖ ‹ការសងសឹក នោះស្រេចនឹងយើង យើងនឹងសងដល់គេ›។ (រ៉ូម ១២:១៩) បើយើងបង្ហាញចិត្តអត់ធ្មត់ យើងអាចមានទំនុកចិត្តទៅលើទ្រង់ដូចដែលសាវ័កប៉ុលបានមានទំនុកចិត្តដែរ ពេលគាត់ពោលថា៖ «តើព្រះមានសេចក្ដីទុច្ចរិត[«អយុត្ដិធម៌», ព.ថ.]ឬអី? ទេ! គ្មានសោះ!»។—រ៉ូម ៩:១៤
២១ នៅចន្លោះពេលនេះ យើងរស់នៅ«គ្រាលំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) ភាពអយុត្ដិធម៌និង«ការសង្កត់សង្កិន»បាននាំឲ្យមានការធ្វើទុក្ខទោសយ៉ាងឃោរឃៅ។ (សាស្ដា ៤:១) ក៏ប៉ុន្តែ ព្រះហឫទ័យរបស់ព្រះយេហូវ៉ាមិនបានប្រែប្រួលឡើយ។ ទ្រង់នៅតែស្អប់ភាពអយុត្ដិធម៌ ហើយទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះអស់អ្នកដែលរងគ្រោះដោយសារភាពអយុត្ដិធម៌។ បើយើងនៅស្មោះត្រង់នឹងព្រះយេហូវ៉ាព្រមទាំងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់នឹងផ្ដល់កម្លាំងចិត្តឲ្យយើងស៊ូទ្រាំរហូតដល់ពេលដែលទ្រង់បំបាត់ភាពអយុត្ដិធម៌ចេញនៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ទ្រង់។—ពេត្រុសទី១ ៥:៦, ៧
a ព្រះយេហូវ៉ាបានមានបន្ទូលអំពីយ៉ូបថា៖ «គ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយ»។ (យ៉ូប ១:៨) ដូច្នេះ យ៉ូបទំនងជាបានរស់នៅក្រោយយ៉ូសែបបានស្លាប់ទៅ និងមុនម៉ូសេបានក្លាយជាអ្នកដឹកនាំសាសន៍អ៊ីស្រាអែល ទើបពេលនោះព្រះអាចមានបន្ទូលថា គ្មានអ្នកណាមានភាពស្មោះត្រង់ដូចយ៉ូបឡើយ។
-
-
«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍»ចូរចូលទៅជិតព្រះយេហូវ៉ា
-
-
ជំពូកទី១៣
«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍»
១, ២. ហេតុអ្វីមនុស្សជាច្រើនមិនសូវគោរពច្បាប់? ប៉ុន្តែ តើយើងអាចចាប់ផ្ដើមមានអារម្មណ៍យ៉ាងណាចំពោះច្បាប់របស់ព្រះវិញ?
នៅឆ្នាំ១៧១២ សៀវភៅមួយត្រូវបានបោះពុម្ពដែលមានសរសេរថា៖ «ច្បាប់គឺប្រៀបដូចជារណ្ដៅដ៏ជ្រៅគ្មានបាតមួយ ដែល . . . លេបបាត់អ្វីៗទាំងអស់»។ អ្នកនិពន្ធសៀវភៅនោះ បានរិះគន់យ៉ាងខ្លាំងនូវក្របខ័ណ្ឌច្បាប់ ដែលបណ្ដាលឲ្យរឿងក្ដីអូសបន្លាយយូរឆ្នាំ ព្រមទាំងជញ្ជក់យកលុយរបស់អ្នកដែលខំរកយុត្ដិធម៌ទាល់តែអស់គ្មានសល់។ នៅប្រទេសជាច្រើន ច្បាប់រដ្ឋគឺស្មុគស្មាញនិងពោរពេញទៅដោយភាពអយុត្ដិធម៌ ការលំអៀង និងគ្មានភាពទៀងទាត់ដល់ម្ល៉េះបានជាមនុស្សចាប់ផ្ដើមស្អប់ច្បាប់ទៅវិញ។
២ ឥឡូវសូមប្រៀបធៀបស្ថានការណ៍ខាងលើនេះទៅនឹងបន្ទូលដែលបានកត់សរសេរជិត២.៧០០ឆ្នាំមុន។ បន្ទូលនេះចែងថា៖ «ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎!»។ (ទំនុកដំកើង ១១៩:៩៧) ហេតុអ្វីបានជាអ្នកសរសេរទំនុកដំកើងនេះស្រឡាញ់ក្រិត្យវិន័យខ្លាំងម្ល៉េះ? គឺដោយព្រោះច្បាប់ដែលគាត់ស្រឡាញ់នោះ មិនមែនជាច្បាប់តែងដោយរដ្ឋាភិបាលរបស់មនុស្សជាតិឡើយ តែគឺជាច្បាប់របស់ព្រះយេហូវ៉ាវិញ។ បន្ដិចម្ដងៗ នៅពេលដែលអ្នកសិក្សាក្រិត្យវិន័យរបស់ព្រះយេហូវ៉ា នោះអ្នកប្រហែលជាចាប់ផ្ដើមមានអារម្មណ៍ដូចគ្នានឹងអ្នកតែងទំនុកដំកើងដែរ។ ការសិក្សានូវច្បាប់របស់ព្រះយេហូវ៉ានឹងបណ្ដុះឲ្យអ្នកមានការយល់ធ្លុះអំពីគំនិតរបស់ចៅក្រមដ៏ឧត្តុង្គឧត្តមបំផុតលើសកលលោក។
អ្នកតែងច្បាប់ដ៏ឧត្តុង្គឧត្តមបំផុត
៣, ៤. តើព្រះយេហូវ៉ាបានធ្វើជាអ្នកតែងច្បាប់យ៉ាងដូចម្ដេចខ្លះ?
៣ ស្តីអំពីព្រះយេហូវ៉ា ព្រះគម្ពីរចែងប្រាប់យើងថា«ឯអ្នកដែលតែងក្រិត្យវិន័យ ហើយជំនុំជំរះផង នោះមានតែ១ទេ»។ (យ៉ាកុប ៤:១២) សូម្បីតែដំណើរភពផ្កាយក៏ត្រូវគ្រប់គ្រងដោយ«ច្បាប់នៅលើមេឃ»ដែលព្រះយេហូវ៉ាបានតែងដែរ។ (យ៉ូប ៣៨:៣៣, ខ.ស.) ទេវតាបរិសុទ្ធយ៉ាងច្រើនអនេកអនន្តរបស់ព្រះយេហូវ៉ាក៏ត្រូវគ្រប់គ្រងដោយច្បាប់របស់ព្រះដែរ ដ្បិតបណ្ដាទេវតាត្រូវបែងចែកជាឋានៈផ្សេងៗ និងបំរើព្រះយេហូវ៉ាក្រោមបង្គាប់ទ្រង់។—ហេព្រើរ ១:៧, ១៤
៤ ព្រះយេហូវ៉ាក៏បានតែងច្បាប់សំរាប់មនុស្សជាតិដែរ។ យើងម្នាក់ៗមានមនសិការរៀងៗខ្លួន ដែលសមស្របទៅតាមយុត្ដិធម៌របស់ព្រះយេហូវ៉ា។ មនសិការគឺប្រៀបដូចជាច្បាប់ដិតជាប់ទៅក្នុងចិត្ត និងអាចជួយយើងវែកញែកយល់ខុសយល់ត្រូវ។ (រ៉ូម ២:១៤) ឪពុកម្ដាយដើមដំបូងរបស់យើង ធ្លាប់មានមនសិការដ៏គ្រប់ល័ក្ខណ៍មួយ ហេតុនេះហើយពួកគាត់ត្រូវការច្បាប់តែបន្ដិចបន្តួចប៉ុណ្ណោះ។ (លោកុប្បត្តិ ២:១៥-១៧) ក៏ប៉ុន្តែ មនុស្សឥតគ្រប់ល័ក្ខណ៍ត្រូវការច្បាប់ច្រើនជាង ដើម្បីណែនាំពួកគេឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះ។ លោកណូអេ លោកអ័ប្រាហាំ និងលោកយ៉ាកុបធ្លាប់ទទួលច្បាប់ពីព្រះយេហូវ៉ា ហើយពួកគាត់បានបង្រៀនច្បាប់នេះដល់ក្រុមគ្រួសាររបស់គាត់ដែរ។ (លោកុប្បត្តិ ៦:២២; ៩:៣-៦; ១៨:១៩; ២៦:៤, ៥) ព្រះយេហូវ៉ាបានក្លាយទៅជាអ្នកតែងច្បាប់ដែលរកប្រដូចគ្មាន នៅពេលដែលទ្រង់ប្រទានក្រិត្យវិន័យដល់សាសន៍អ៊ីស្រាអែលតាមរយៈលោកម៉ូសេ។ ក្រិត្យវិន័យនេះជួយបំភ្លឺឲ្យយល់ធ្លុះអំពីយុត្ដិធម៌របស់ព្រះយេហូវ៉ា។
ការសង្ខេបក្រិត្យវិន័យលោកម៉ូសេ
៥. តើក្រិត្យវិន័យលោកម៉ូសេជាច្បាប់ច្រើនស្មុគស្មាញឬ? ហេតុអ្វីអ្នកឆ្លើយដូច្នេះ?
៥ មនុស្សជាច្រើនគិតថា ក្រិត្យវិន័យលោកម៉ូសេជាក្របខ័ណ្ឌច្បាប់ដ៏ស្មុគស្មាញនិងច្រើនរកកន្លែងល្មមទុកពុំបាន។ ប៉ុន្តែ គំនិតបែបនេះគឺខុសស្រឡះពីការពិត។ ក្រិត្យវិន័យលោកម៉ូសេមានច្បាប់ជាង៦០០ប្រការ។ នេះប្រហែលជាស្ដាប់ទៅដូចជាមានច្បាប់ច្រើនហួសហេតុពេក ប៉ុន្តែ សូមគិតទៅមើល នៅដំណាច់សតវត្សទី២០ ច្បាប់របស់សហរដ្ឋអាមេរិកត្រូវការជាង១៥០.០០០ទំព័រដើម្បីសរសេរច្បាប់ទាំងអស់របស់ប្រទេសនោះ។ នេះបានន័យថា ពីរឆ្នាំម្ដង ពួកគេបានបន្ថែមច្បាប់៦០០ប្រការទៀត! ដូច្នេះ បើគិតតែចំនួនប៉ុណ្ណោះ គំនរច្បាប់ដែលមនុស្សជាតិតែងមានច្រើនជាងក្រិត្យវិន័យលោកម៉ូសេឆ្ងាយណាស់។ ប៉ុន្តែ ក្រិត្យវិន័យរបស់ព្រះបានគ្រប់គ្រងទៅលើផ្នែកផ្សេងៗនៃជីវិតរបស់ជនជាតិអ៊ីស្រាអែល ដែលច្បាប់របស់មនុស្សមិនទាក់ទងសោះ។ សូមពិនិត្យមើលក្រិត្យវិន័យនោះយ៉ាងសង្ខេប។
៦, ៧. (ក) តើអ្វីជាលក្ខណៈខុសគ្នារវាងក្រិត្យវិន័យលោកម៉ូសេនិងក្រិត្យវិន័យផ្សេងទៀតរបស់មនុស្ស? តើអ្វីជាច្បាប់ដ៏ឧត្តមបំផុតក្នុងក្រិត្យវិន័យនោះ? (ខ) តើជនជាតិអ៊ីស្រាអែលបង្ហាញថាពួកគេចុះចូលចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៦ ក្រិត្យវិន័យលោកម៉ូសេបានលើកដំកើងអធិបតេយ្យរបស់ព្រះយេហូវ៉ា។ ហេតុនេះឯង ដែលក្រិត្យវិន័យលោកម៉ូសេគឺខ្ពង់ខ្ពស់ឧត្តុង្គឧត្តមជាងក្របខ័ណ្ឌច្បាប់ណាផ្សេងទៀតរបស់មនុស្ស។ ច្បាប់ដ៏ឧត្តុង្គឧត្តមបំផុតក្នុងក្រិត្យវិន័យនោះគឺ: ‹ចូរស្ដាប់ចុះ! ឱអ៊ីស្រាអែលអើយ! ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់ ត្រូវឲ្យអ្នកស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃអ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងអ្នក›។ តើរាស្ត្ររបស់ព្រះត្រូវសម្ដែងសេចក្ដីស្រឡាញ់ចំពោះទ្រង់យ៉ាងដូចម្ដេច? ពួកគេត្រូវបំរើទ្រង់ដោយចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់។—ចោទិយកថា ៦:៤, ៥; ១១:១៣
៧ ជនជាតិអ៊ីស្រាអែលម្នាក់ៗបានបង្ហាញថា ពួកគេទទួលស្គាល់ការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ដោយចុះចូលចំពោះអ្នកដែលបានតែងតាំងឲ្យមានអំណាចលើពួកគេ។ មាតាបិតា បណ្ដាមេកុលសម្ព័ន្ធ ពួកចៅហ្វាយ សង្ឃទាំងពួង និងក្រោយមកបណ្ដាស្តេច សុទ្ធតែតំណាងអំណាចរបស់ព្រះ។ ព្រះយេហូវ៉ាបានចាត់ទុកការប្រឆាំងនឹងអ្នកដែលមានអំណាច ជាការប្រឆាំងនឹងទ្រង់ផ្ទាល់។ ម្យ៉ាងទៀត អ្នកកាន់អំណាចអាចទទួលរងនូវសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បើពួកគេប្រព្រឹត្តដោយអយុត្ដិធម៌ឬដោយក្រអឺតក្រទមចំពោះរាស្ត្ររបស់ទ្រង់។ (និក្ខមនំ ២០:១២; ២២:២៨; ចោទិយកថា ១:១៦, ១៧; ១៧:៨-២០; ១៩:១៦, ១៧) អ្នកកាន់អំណាចព្រមទាំងអ្នកដែលនៅក្រោមអំណាចមានភារកិច្ចគាំទ្រអធិបតេយ្យរបស់ព្រះ។
៨. តើក្រិត្យវិន័យបានគាំទ្រខ្នាតតម្រារបស់ព្រះយេហូវ៉ាស្តីអំពីភាពបរិសុទ្ធយ៉ាងដូចម្ដេច?
៨ ក្រិត្យវិន័យនោះបានគាំទ្រភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា។ ពាក្យ«បរិសុទ្ធ»មានជាង២៨០ដងក្នុងក្រិត្យវិន័យលោកម៉ូសេ។ ក្រិត្យវិន័យនោះជួយរាស្ត្ររបស់ព្រះឲ្យចេះវែកញែកសម្គាល់អ្វីដែលស្អាតហើយមិនស្អាត បរិសុទ្ធនិងមិនបរិសុទ្ធ ដោយបញ្ជាក់អ្វីផ្សេងៗប្រមាណ៧០យ៉ាងដែលអាចធ្វើឲ្យជនជាតិអ៊ីស្រាអែលម្នាក់មិនស្អាតចំពោះការថ្វាយបង្គំ។ ក្រិត្យទាំងនេះទាក់ទងនឹងការសំអាតខ្លួនប្រាណ ការបរិភោគ និងរហូតដល់ការបន្ទោបង់ទៀតផង។ ក្រិត្យវិន័យទាំងនេះបានផ្ដល់ប្រយោជន៍ច្រើនយ៉ាងណាស់ចំពោះសុខភាព។a ប៉ុន្តែ ក្រិត្យវិន័យទាំងនេះមានគោលបំណងមួយដ៏ខ្ពង់ខ្ពស់ជាង គឺទប់ស្កាត់មិនឲ្យពួកអ៊ីស្រាអែលប្រព្រឹត្តអំពើបាបដូចសាសន៍ថោកទាបទាំងប៉ុន្មានដែលនៅជុំវិញពួកគេ ដើម្បីអាចទទួលព្រះគុណពីព្រះយេហូវ៉ា។ សូមពិចារណាឧទាហរណ៍មួយ។
៩, ១០. តើកិច្ចព្រមព្រៀងក្រិត្យវិន័យមានច្បាប់អ្វីខ្លះស្តីអំពីការរួមដំណេកនិងការបង្កើតកូន? តើច្បាប់ទាំងនេះបានផ្ដល់ប្រយោជន៍អ្វីខ្លះ?
៩ ក្រិត្យខ្លះក្នុងកិច្ចព្រមព្រៀងក្រិត្យវិន័យនោះបានចែងថា ការសម្រាលកូននិងការរួមដំណេក សូម្បីតែរវាងអ្នកដែលបានរៀបការហើយ ក៏ជាអ្វីដែលនាំឲ្យមិនស្អាតមួយរយៈដែរ។ (លេវីវិន័យ ១២:២-៤; ១៥:១៦-១៨) ក្រិត្យវិន័យទាំងនេះមិនបានន័យថាការសម្រាលកូននិងការរួមដំណេកដែលជាអំណោយដ៏ស្អាតស្អំនេះពីព្រះ គឺជាអ្វីដ៏អាក្រក់នោះឡើយ។ (លោកុប្បត្តិ ១:២៨; ២:១៨-២៥) ផ្ទុយទៅវិញ ក្រិត្យវិន័យទាំងនេះបានលើកដំកើងភាពបរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយធ្វើឲ្យរាស្ត្ររបស់ទ្រង់បានស្អាតស្អំ។ គួរឲ្យកត់សម្គាល់ថា សាសន៍ដែលនៅជុំវិញជនជាតិអ៊ីស្រាអែលច្រើនតែរួមបញ្ចូលការថ្វាយបង្គំជាមួយនឹងការរួមដំណេកនិងក្បួនរីតិ៍ដែលផ្ដល់ឲ្យសមត្ថភាពបង្កើតកូន។ សាសនារបស់ពួកកាណានរួមបញ្ចូលការរួមដំណេកជាមួយនឹងប្រុសហើយស្រីដែលលក់ខ្លួន។ ជាលទ្ធផល ទំនៀមទម្លាប់ដ៏ថោកទាបនិងស្មោកគ្រោកបំផុតបានរាលដាល។ ផ្ទុយទៅវិញ ក្រិត្យវិន័យបានធ្វើឲ្យការថ្វាយបង្គំព្រះយេហូវ៉ាប្រាសចាករឿងកាម។b ក្រិត្យវិន័យក៏មានប្រយោជន៍ផ្សេងទៀតដែរ។
១០ ក្រិត្យវិន័យទាំងនោះបានបង្រៀនសេចក្ដីពិតដ៏សំខាន់មួយ។c យ៉ាងណាមិញ តើបាបរបស់អ័ដាមឆ្លងពីមួយតំណទៅមួយតំណយ៉ាងដូចម្ដេច? តើមិនមែនដោយការរួមដំណេកនិងការបង្កើតកូនទេឬ? (រ៉ូម ៥:១២) ប្រាកដណាស់ ក្រិត្យវិន័យរបស់ព្រះបានរំឭករាស្ត្រទ្រង់អំពីបាប។ ការពិត យើងទាំងអស់គ្នាកើតមកទាំងមានបាបស្រាប់ហើយ។ (ទំនុកដំកើង ៥១:៥) យើងត្រូវការនូវការអត់ឱនទោសនិងការលោះបាបដើម្បីចូលទៅជិតព្រះដ៏បរិសុទ្ធរបស់យើង។
១១, ១២. (ក) តើក្រិត្យវិន័យបានគាំទ្រគោលការណ៍ដ៏សំខាន់អ្វីស្តីអំពីយុត្ដិធម៌? (ខ) តើក្រិត្យវិន័យនោះទប់ទល់មិនឲ្យមានអំពើអយុត្ដិធម៌យ៉ាងដូចម្ដេច?
១១ ក្រិត្យវិន័យនោះបានគាំទ្រយុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ា។ ក្រិត្យវិន័យលោកម៉ូសេបានគាំទ្រគោលការណ៍ដែលថា យុត្ដិធម៌តម្រូវឲ្យមានភាពស្មើគ្នា។ ហេតុនេះហើយ ក្រិត្យវិន័យបានចែងថា៖ «ត្រូវធ្វើឲ្យជីវិតធួននឹងជីវិត ភ្នែកធួននឹងភ្នែក ធ្មេញធួននឹងធ្មេញដៃធួននឹងដៃ ជើងធួននឹងជើងវិញ»។ (ចោទិយកថា ១៩:២១) ដូច្នេះ ក្នុងករណីបទឧក្រិដ្ឋវិញ ទោសគឺមានស្មើនឹងបទឧក្រិដ្ឋ។ នេះជាលក្ខណៈមួយនៃយុត្ដិធម៌របស់ព្រះដែលមានទូទៅក្នុងក្រិត្យវិន័យ ហើយក៏ជាលក្ខណៈដែលយើងត្រូវដឹងជាចាំបាច់ដើម្បីយល់នូវយញ្ញបូជាលោះរបស់ព្រះគ្រីស្ទយេស៊ូ ដូចដែលយើងនឹងរៀនក្នុងជំពូកទី១៤។—ធីម៉ូថេទី១ ២:៥, ៦
១២ ក្រិត្យវិន័យនោះក៏មានអ្វីទប់ទល់កុំឲ្យមានភាពអយុត្ដិធម៌ដែរ។ ឧទាហរណ៍ ដើម្បីបញ្ជាក់ថាការចោទប្រកាន់ណាមួយគឺពិត ត្រូវការយ៉ាងហោចណាស់សាក្សីពីរនាក់។ ទោសសំរាប់ធ្វើជាសាក្សីក្លែងក្លាយគឺធ្ងន់ណាស់។ (ចោទិយកថា ១៩:១៥, ១៨, ១៩) អំពើពុករលួយនិងការសូកប៉ាន់បានត្រូវហាមជាដាច់ខាត។ (និក្ខមនំ ២៣:៨; ចោទិយកថា ២៧:២៥) សូម្បីតែក្នុងការរកស៊ីក្ដី រាស្ត្ររបស់ព្រះត្រូវគាំទ្រគោលការណ៍យុត្ដិធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ាដែរ។ (លេវីវិន័យ ១៩:៣៥, ៣៦; ចោទិយកថា ២៣:១៩, ២០) ក្រិត្យវិន័យដ៏ខ្ពង់ខ្ពស់និងប្រកបដោយយុត្ដិធម៌នេះបានជាពរដ៏ប្រសើរណាស់សំរាប់ជនជាតិអ៊ីស្រាអែល!
ក្រិត្យដែលបញ្ជាក់ពីការកាត់ក្ដីដោយមេត្ដាករុណានិងមិនលំអៀង
១៣, ១៤. តើក្រិត្យវិន័យបានបណ្ដាលឲ្យមានការប្រព្រឹត្តដោយយុត្ដិធម៌និងមិនលំអៀងយ៉ាងដូចម្ដេចសំរាប់ចោរនិងជនដែលបាត់ទ្រព្យ?
១៣ តើក្រិត្យវិន័យលោកម៉ូសេជាច្បាប់ដ៏តឹងរ៉ឹងមិនប្រកបទៅដោយក្ដីមេត្ដាករុណាឬ? ប្រាកដជាមិនដូច្នេះទេ! ស្តេចដាវីឌបានត្រូវបណ្ដាលឲ្យសរសេរថា៖ «ក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍»។ (ទំនុកដំកើង ១៩:៧) ស្តេចដាវីឌជ្រាបច្បាស់ថា ក្រិត្យវិន័យបានបណ្ដាលឲ្យមានសេចក្ដីមេត្ដាករុណានិងការកាត់ក្ដីដោយមិនលំអៀង។ តើដោយដូចម្ដេច?
១៤ នៅប្រទេសខ្លះសព្វថ្ងៃនេះ ក្រិត្យវិន័យមើលទៅដូចជាលំអៀងទៅរកជនពាល ជាជាងយកចិត្តទុកដាក់ជនរងគ្រោះ។ ជាឧទាហរណ៍ ពួកចោរប្រហែលជាត្រូវចាប់ខ្លួនដាក់គុកមួយរយៈ។ ចន្លោះពេលនោះ អ្នកដែលត្រូវចោរលួចទ្រព្យនៅតែមិនបានទ្រព្យរបស់ខ្លួនមកវិញ ហើយក៏ត្រូវបង់ពន្ធដែលរដ្ឋយកទៅប្រើក្នុងការជួលអាគារគុកនិងទិញម្ហូបអាហារចិញ្ចឹមចោរនោះ។ នៅប្រទេសអ៊ីស្រាអែលសម័យដើម គ្មានគុកដូចសព្វថ្ងៃនេះទេ។ ទោសដែលឧក្រិដ្ឋជនទទួលមានកំហិតដាច់ខាត។ (ចោទិយកថា ២៥:១-៣) ចោរត្រូវសងឲ្យជនរងគ្រោះនូវអ្វីដែលគាត់បានលួច។ ម្យ៉ាងទៀត ចោរនោះក៏ត្រូវសងលើសពីនោះទៅទៀត។ តើចោរត្រូវសងប៉ុន្មាន? គឺមិនទៀងទេ។ តាមមើលទៅ ពួកចៅហ្វាយមានអំណាចគិតថ្លឹងថ្លែងអំពីកត្ដាមួយចំនួន ដូចជាការប្រែចិត្តរបស់ចោរនោះ។ នេះអាចជាហេតុដែលចំនួនចោរត្រូវសងនៅលេវីវិន័យ ៦:១-៧ គឺតិចជាងចំនួននៅនិក្ខមនំ ២២:៧ ឆ្ងាយណាស់។
១៥. តើក្រិត្យវិន័យបានធានាឲ្យអ្នកសម្លាប់គេដោយឥតចេតនាទទួលនូវសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌យ៉ាងដូចម្ដេច?
១៥ ក្រិត្យវិន័យលោកម៉ូសេមានច្បាប់ដែលមេត្ដាដល់ជនដែលធ្វើខុសដោយឥតចេតនា។ ជាឧទាហរណ៍ បើមនុស្សម្នាក់សម្លាប់មនុស្សម្នាក់ទៀតដោយគ្មានចេតនា គាត់មិនចាំបាច់សងជីវិតឲ្យធួននឹងជីវិតឡើយ បើគាត់ចង់ធ្វើអ្វីដែលត្រឹមត្រូវនោះ គាត់គួររត់ទៅទីក្រុងពំនាក់ដែលមាននៅទូទាំងប្រទេសអ៊ីស្រាអែល។ ក្រោយពួកចៅហ្វាយដែលមានសមត្ថភាពពិនិត្យមើលករណីរបស់ជនសម្លាប់គេនោះ គាត់ត្រូវបន្តរស់នៅទីក្រុងទីពំនាក់រហូតដល់សម្ដេចសង្ឃទទួលមរណភាព។ ក្រោយនោះគាត់មានសេរីភាពអាចរស់នៅកន្លែងណាបានតាមចិត្ត។ យ៉ាងនេះ អ្នកសម្លាប់គេទទួលនូវសេចក្ដីមេត្ដាករុណាពីព្រះ។ ទន្ទឹមនឹងនោះ ក្រិត្យវិន័យនេះបានបញ្ជាក់តម្លៃខ្ពស់នៃជីវិតមនុស្ស។—ជនគណនា ១៥:៣០, ៣១; ៣៥:១២-២៥
១៦. តើក្រិត្យវិន័យនោះបានការពារសិទ្ធិផ្ទាល់ខ្លួនរបស់មនុស្សយ៉ាងដូចម្ដេច?
១៦ ក្រិត្យវិន័យបានការពារសិទ្ធិរបស់បុគ្គលម្នាក់ៗផងដែរ។ សូមពិចារណារបៀបក្រិត្យវិន័យបានការពារអ្នកដែលជំពាក់លុយគេ។ ក្រិត្យវិន័យនោះបានហាមមិនឲ្យម្ចាស់បំណុលចូលទៅក្នុងផ្ទះរបស់កូនបំណុលដើម្បីយកទ្រព្យគាត់ជារបស់បញ្ចាំឡើយ។ ផ្ទុយទៅវិញ ម្ចាស់បំណុលត្រូវចាំខាងក្រៅផ្ទះរបស់កូនបំណុល ហើយឲ្យកូនបំណុលយករបស់បញ្ចាំនោះចេញមកដោយខ្លួនឯង។ យ៉ាងនេះ មិនអាចមានការបំពានចូលផ្ទះរបស់មនុស្សឡើយ។ បើម្ចាស់បំណុលយកអាវធំរបស់កូនបំណុលជារបស់បញ្ចាំនោះ គាត់ត្រូវតែឲ្យអាវធំនោះវិញពេលថ្ងៃលិច ដ្បិតកូនបំណុលទំនងជានឹងត្រូវការអាវធំនោះដើម្បីពេលយប់អាចទុកដណ្ដប់ខ្លួន។—ចោទិយកថា ២៤:១០-១៤
១៧, ១៨. ក្នុងសង្គ្រាម តើសាសន៍អ៊ីស្រាអែលខុសគ្នាពីសាសន៍ឯទៀតដូចម្ដេចខ្លះ? ហេតុអ្វី?
១៧ សូម្បីតែសង្គ្រាមត្រូវគ្រប់គ្រងដោយក្រិត្យវិន័យដែរ។ រាស្ត្ររបស់ព្រះមិនត្រូវធ្វើសង្គ្រាមដើម្បីចំអែតការស្រេកឃ្លានចង់បានអំណាចនិងជ័យជំនះនោះឡើយ តែត្រូវធ្វើដើម្បីបំរើជាភ្នាក់ងាររបស់ព្រះក្នុង«ចំបាំងផងព្រះយេហូវ៉ា»។ (ជនគណនា ២១:១៤) ក្នុងករណីជាច្រើន សាសន៍អ៊ីស្រាអែលត្រូវស្នើឲ្យសត្រូវចុះចូលសិន។ បើអ្នកក្រុងនោះបដិសេធសំនើនោះ ពួកអ៊ីស្រាអែលអាចវាយយកទីក្រុងនោះបាន តែការវាយយកនោះត្រូវសមស្របទៅតាមច្បាប់របស់ព្រះ។ ទាហានជនជាតិអ៊ីស្រាអែលគឺមិនដូចពួកទាហានឯទៀតទេ ដ្បិតក្រិត្យវិន័យមិនឲ្យទាហានជនជាតិអ៊ីស្រាអែលរំលោភស្ត្រីឬសម្លាប់មនុស្សដោយមិនរើសមុខនោះឡើយ។ ពួកទាហានអ៊ីស្រាអែលក៏ត្រូវការពារបរិស្ថានទៀតផង ដោយមិនកាប់រំលំដើមឈើមានផ្លែលើទឹកដីនៃពួកសត្រូវឡើយ។d ទ័ពរបស់សាសន៍ផ្សេងទៀតគ្មានច្បាប់ដូចនេះទេ។—ចោទិយកថា ២០:១០-១៥, ១៩, ២០; ២១:១០-១៣
១៨ តើចិត្តអ្នករន្ធត់នៅពេលដែលឮថាក្មេងៗត្រូវបង្ហាត់ឲ្យធ្វើជាទាហាននៅប្រទេសផ្សេងៗឬទេ? នៅប្រទេសអ៊ីស្រាអែលពីបុរាណ បុរសណាដែលមានអាយុតិចជាង២០ឆ្នាំ មិនអាចចូលធ្វើទាហានបានឡើយ។ (ជនគណនា ១:២, ៣) សូម្បីតែបុរសពេញវ័យក៏អាចរួចពីការចូលធ្វើទាហានដែរ បើគាត់ខ្លាចហួសហេតុពេក។ បុរសដែលទើបតែរៀបការក៏បានរួចអស់មួយឆ្នាំ ដើម្បីអាចមានកូនបន្តត្រកូលមុនគាត់ចូលធ្វើកិច្ចបំរើនេះដែលប្រកបដោយគ្រោះថ្នាក់។ ច្បាប់បានពន្យល់ថា តាមវិធីនេះ ស្វាមីដែលស្ថិតក្នុងយុវវ័យនោះអាចធ្វើឲ្យភរិយាថ្មោងថ្មីរបស់ខ្លួន«មានសេចក្ដីរីករាយឡើង»។—ចោទិយកថា ២០:៥, ៦, ៨; ២៤:៥
១៩. តើក្រិត្យវិន័យមានប្រការណាខ្លះដែលបានការពារស្ត្រី កុមារ ក្រុមគ្រួសារ ស្ត្រីមេម៉ាយ និងកូនកំព្រា?
១៩ ក្រិត្យវិន័យក៏បានការពារស្ត្រី កុមារ និងក្រុមគ្រួសារ ដោយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ពួកគេ។ ក្រិត្យវិន័យបានតម្រូវឲ្យមាតាបិតាយកចិត្តទុកដាក់និងបង្រៀនកូនអំពីអ្វីខាងវិញ្ញាណជានិច្ច។ (ចោទិយកថា ៦:៦, ៧) ក្រិត្យវិន័យបានហាមមិនឲ្យមានការរួមដំណេកជាមួយសាច់ញាតិជិត ដ្បិតអ្នកណាដែលធ្វើដូច្នេះនឹងទទួលទោសស្លាប់។ (លេវីវិន័យ ជំពូកទី១៨) ក្រិត្យវិន័យក៏បានហាមមិនឲ្យមានការផិត ដែលធ្វើឲ្យបាក់បែកក្រុមគ្រួសារ និងបំផ្លាញនូវសេចក្ដីសុខហើយសេចក្ដីថ្លៃថ្នូរនៃគ្រួសារទៀតផង។ ក្រិត្យវិន័យក៏បានផ្គត់ផ្គង់ស្ត្រីមេម៉ាយនិងពួកកំព្រាដែរ និងបានហាមដាច់ខាតមិនឲ្យធ្វើបាបពួកគេឡើយ។—និក្ខមនំ ២០:១៤; ២២:២២-២៤
២០, ២១. (ក) ហេតុអ្វីបានជាក្រិត្យវិន័យលោកម៉ូសេអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលមានប្រពន្ធច្រើន? (ខ) ស្តីអំពីរឿងលែងលះគ្នា ហេតុអ្វីបានជាក្រិត្យវិន័យគឺខុសគ្នាពីគោលការណ៍ដែលព្រះយេស៊ូបានស្ថាបនាឡើងនៅពេលក្រោយទៅវិញ?
២០ ប៉ុន្តែ មនុស្សខ្លះប្រហែលជាឆ្ងល់ថា៖‹ហេតុអ្វីបានជាក្រិត្យវិន័យអនុញ្ញាតឲ្យមានប្រពន្ធច្រើន?›។ (ចោទិយកថា ២១:១៥-១៧) យើងអាចយល់អំពីក្រិត្យវិន័យនោះដោយគិតពីទំនៀមទំលាប់នៅសម័យនោះ។ អ្នកណាដែលគិតអំពីក្រិត្យវិន័យលោកម៉ូសេដោយផ្អែកលើទស្សនៈរបស់មនុស្សនៅសម័យបច្ចុប្បន្ននេះ ច្បាស់ជានឹងយល់ច្រឡំហើយ។ (សុភាសិត ១៨:១៣) ខ្នាតតម្រារបស់ព្រះយេហូវ៉ាដែលទ្រង់បានតែងនៅសួនច្បារអេដែនបានចែងថា អាពាហ៍ពិពាហ៍ត្រូវជាសម្ព័ន្ធមេត្រីមួយដ៏ស្ថិតស្ថេររវាងស្វាមីមួយនិងភរិយាមួយ។ (លោកុប្បត្តិ ២:១៨, ២០-២៤) ប៉ុន្តែ ទំរាំមកដល់ពេលព្រះយេហូវ៉ាប្រទានក្រិត្យវិន័យដល់សាសន៍អ៊ីស្រាអែល មនុស្សបានមានទម្លាប់រៀបការប្រពន្ធច្រើនតាំងពីរាប់សតវត្សមុននោះ។ ព្រះយេហូវ៉ាជ្រាបច្បាស់ថា រាស្ត្ររបស់ទ្រង់ដែលមាន«ក្បាលរឹង»នេះ ជាញឹកញយមិនបានស្ដាប់បង្គាប់ទ្រង់នោះទេ សូម្បីតែច្បាប់ដែលស្រួលធ្វើដូចជាការចៀសវាងពីការថ្វាយបង្គំរូបព្រះក៏ពួកគេមិនបានស្ដាប់តាមដែរ។ (និក្ខមនំ ៣២:៩) ដូច្នេះ ដោយសារទ្រង់មានប្រាជ្ញា ទ្រង់មិនបានជ្រើសរើសសម័យនោះជាពេលដើម្បីអភិវឌ្ឍរបៀបរបបអាពាហ៍ពិពាហ៍របស់ពួកគេឡើយ។ ប៉ុន្តែ សូមចាំថា ព្រះយេហូវ៉ាមិនបានផ្ដើមឲ្យមានការរៀបការប្រពន្ធច្រើននោះទេ។ ប៉ុន្តែ ទ្រង់បានប្រើក្រិត្យវិន័យដើម្បីត្រួតពិនិត្យលើការមានប្រពន្ធច្រើន កុំឲ្យពួកអ៊ីស្រាអែលរំលោភទៅលើទំនៀមទំលាប់នេះ។
២១ ស្រដៀងគ្នាដែរ ក្រិត្យវិន័យលោកម៉ូសេបានអនុញ្ញាតឲ្យបុរសម្នាក់លែងលះប្រពន្ធដោយសំអាងហេតុជាច្រើនដែលធ្ងន់ធ្ងរ។ (ចោទិយកថា ២៤:១-៤) ព្រះយេស៊ូបានមានបន្ទូលថា ព្រះបានប្រណីនឹងការប្រព្រឹត្តនេះរបស់ជនជាតិអ៊ីស្រាអែល«ដោយព្រោះតែចិត្ត[ពួកគេ]រឹងរបឹង»។ ប៉ុន្តែ ការប្រណីនោះគឺបណ្ដោះអាសន្នប៉ុណ្ណោះ។ ព្រះយេស៊ូបានស្ថាបនាឡើងវិញនូវខ្នាតតម្រាដំបូងរបស់ព្រះយេហូវ៉ា សំរាប់អ្នកកាន់តាមទ្រង់។—ម៉ាថាយ ១៩:៨
ក្រិត្យវិន័យបានបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់
២២. តើក្រិត្យវិន័យលោកម៉ូសេបានបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេចខ្លះ? ហើយតើមានសេចក្ដីស្រឡាញ់ចំពោះអ្នកណា?
២២ បើមានច្បាប់ទម្លាប់ដែលបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់សព្វថ្ងៃនេះ នោះពិតជាល្អណាស់មែនទេ? ក្រិត្យវិន័យលោកម៉ូសេបានយកសេចក្ដីស្រឡាញ់ជាធំបំផុត។ បើគិតតែសៀវភៅចោទិយកថាប៉ុណ្ណោះ មានពាក្យ«ស្រឡាញ់»ជាង២០ដង។ ច្បាប់សំខាន់បំផុតទីពីរក្នុងក្រិត្យវិន័យគឺ៖ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ»។ (លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៧-៤០) រាស្ត្ររបស់ព្រះមិនគ្រាន់តែត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះជនជាតិអ៊ីស្រាអែលដូចគ្នានោះទេ តែចំពោះសាសន៍ផ្សេងដែលនៅក្នុងចំណោមពួកគេនោះ សាសន៍អ៊ីស្រាអែលក៏ត្រូវបង្ហាញសេចក្ដីស្រឡាញ់ដែរដោយចាំថា ខ្លួនក៏ធ្លាប់ស្នាក់នៅប្រទេសគេដែរ។ សាសន៍អ៊ីស្រាអែលត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះជនក្រីក្រនិងអ្នកឈឺ ដោយជួយពួកគេខាងសម្ភារៈនិងមិនប្រើភាពខ្សត់ខ្សោយរបស់អ្នកទាំងនោះធ្វើជាឈ្នាន់ដើម្បីទទួលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ក្រិត្យវិន័យក៏បានណែនាំឲ្យពួកគេមេត្ដាដល់សត្វពាហនៈផងដែរ។—និក្ខមនំ ២៣:៦; លេវីវិន័យ ១៩:១៤, ៣៣, ៣៤; ចោទិយកថា ២២:៤, ១០; ២៤:១៧, ១៨
២៣. តើអ្នកតែងទំនុកដំកើង១១៩បានត្រូវជំរុញឲ្យធ្វើអ្វី? តើយើងអាចតាំងចិត្តធ្វើអ្វី?
២៣ គ្មានសាសន៍ណាផ្សេងទៀតដែលបានទទួលពរពីក្រិត្យវិន័យទាំងនេះឡើយ។ ហេតុនេះគ្មានចំឡែកអ្វីទេដែលអ្នកតែងទំនុកដំកើងបានសរសេរថា៖ «ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎!»។ ប៉ុន្តែ សេចក្ដីស្រឡាញ់របស់គាត់មិនគ្រាន់តែជាទឹកចិត្តមួយប៉ុណ្ណោះ តែនោះជាអ្វីដែលបានជំរុញឲ្យគាត់មានការប្រព្រឹត្ត ដ្បិតគាត់បានព្យាយាមស្ដាប់តាមក្រិត្យវិន័យនោះនិងរស់នៅឲ្យសមស្របទៅតាមនោះដែរ។ ម្យ៉ាងទៀត គាត់បានបន្តដោយថា៖ «ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ»។ (ទំនុកដំកើង ១១៩:១១, ៩៧) ពិតណាស់ គាត់ចំណាយពេលជាទៀងទាត់ក្នុងការសិក្សាក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ គាត់ពិតជាស្រឡាញ់ក្រិត្យវិន័យនោះរឹតតែខ្លាំងពេលគាត់សិក្សា។ ទន្ទឹមនឹងនោះ សេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ាដែលប្រទានច្បាប់ទាំងនោះក៏មានខ្លាំងទ្វេឡើងដែរ។ នៅពេលដែលអ្នកបន្តសិក្សាក្រិត្យវិន័យរបស់ព្រះ សូមឲ្យអ្នកចូលទៅកាន់តែជិតព្រះយេហូវ៉ា ជាព្រះដ៏ឧត្តុង្គឧត្តមដែលប្រទានច្បាប់ និងជាព្រះនៃយុត្ដិធម៌។
a ជាឧទាហរណ៍ ក្រិត្យវិន័យស្តីអំពីការកប់លាមក ការបង្ខាំងទុកអ្នកជំងឺឲ្យនៅដាច់ពីគេ និងការមុជទឹកបោកសំលៀកបំពាក់នៅពេលណាដែលប៉ះសព គឺជាច្បាប់ទំនើបជាងសម័យនោះឆ្ងាយណាស់។—លេវីវិន័យ ១៣:៤-៨; ជនគណនា ១៩:១១-១៣, ១៧-១៩; ចោទិយកថា ២៣:១៣, ១៤
b ព្រះវិហារសាសនារបស់សាសន៍កាណានបានមានបន្ទប់ទុកដោយឡែកសំរាប់ការរួមដំណេក រីឯក្រិត្យវិន័យលោកម៉ូសេវិញបានចែងថា អ្នកណាម្នាក់ដែលមិនស្អាតមិនអាចចូលក្នុងព្រះវិហារបានទេ។ ដូច្នេះ ដោយព្រោះការរួមដំណេកបាននាំឲ្យមិនស្អាតមួយរយៈ គ្មានអ្នកណានឹងអាចធ្វើឲ្យការរួមដំណេកទៅជាផ្នែកមួយនៃការថ្វាយបង្គំនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាបានឡើយ។
c គោលបំណងចំបងនៃក្រិត្យវិន័យគឺជាការបង្រៀន។ ការពិត សព្វវចនាធិប្បាយយូដេអ៊ីខាបានបញ្ជាក់ថា ពាក្យហេព្រើរតូរាដែលត្រូវបកប្រែថា«ក្រិត្យវិន័យ»នោះមានន័យថា«ការណែនាំ»។
d ក្រិត្យវិន័យនោះមានសំនួរចំៗថា៖ «តើដើមឈើនៅវាលជាមនុស្សឬអី បានជាត្រូវឲ្យឯងច្បាំងនឹងវាដែរដូច្នេះ?»។ (ចោទិយកថា ២០:១៩) លោកភីឡូ បណ្ឌិតសាសន៍យូដាម្នាក់នៅសតវត្សទីមួយបានលើកនិយាយពីច្បាប់នេះ ដោយពន្យល់ថា ព្រះចាត់ទុកថា «កាលបើកំហឹងរបស់មនុស្សត្រូវបញ្ចេញទៅលើអ្វីៗដែលគ្មានទោស នោះគឺអយុត្ដិធម៌»។
-
-
ព្រះយេហូវ៉ាប្រទាន«ថ្លៃលោះមនុស្សជាច្រើន»ចូរចូលទៅជិតព្រះយេហូវ៉ា
-
-
ជំពូកទី១៤
ព្រះយេហូវ៉ាប្រទាន«ថ្លៃលោះមនុស្សជាច្រើន»
១, ២. តើព្រះគម្ពីរពណ៌នាថាមនុស្សជាតិកំពុងតែស្ថិតក្នុងស្ថានភាពបែបណា? តើអ្វីជាវិធីតែមួយគត់ដែលយើងអាចទទួលបាននូវការរំដោះឲ្យរួច?
សាវ័កប៉ុលបានពណ៌នាថាមនុស្សជាតិកំពុងតែស្ថិតក្នុងស្ថានភាពមួយដែលគួរឲ្យអាណិតអាសូរណាស់។ ប៉ុលពោលថា«ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា»។ (រ៉ូម ៨:២២) មើលទៅដូចជាគ្មានវិធីណាដែលមនុស្សជាតិអាចគេចរួចផុតពីការឈឺចាប់ បាប និងសេចក្ដីស្លាប់បានឡើយ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាគឺខុសគ្នាពីមនុស្សជាតិ ដ្បិតសមត្ថភាពរបស់ទ្រង់គ្មានកំរិតទេ។ (ជនគណនា ២៣:១៩) ព្រះនៃយុត្ដិធម៌បានរៀបចំវិធីមួយឲ្យយើងបានរំដោះរួចពីការលំបាក។ វិធីនោះគឺ តម្លៃលោះ។
២ តម្លៃលោះជាអំណោយដ៏វិសេសបំផុតដែលព្រះយេហូវ៉ាបានប្រទានដល់មនុស្សជាតិ។ តម្លៃលោះនោះផ្ដល់លទ្ធភាពឲ្យយើងទទួលការរំដោះរួចពីបាបនិងសេចក្ដីស្លាប់។ (អេភេសូរ ១:៧) តម្លៃលោះក៏ផ្ដល់លទ្ធភាពឲ្យយើងបានជីវិតជារៀងរហូត មិនថានៅស្ថានសួគ៌ឬនៅលើផែនដីមនោរម្យក៏ដោយ។ (លូកា ២៣:៤៣; យ៉ូហាន ៣:១៦; ពេត្រុសទី១ ១:៤) ប៉ុន្តែ តើតម្លៃលោះជាអ្វី? តើតម្លៃលោះជួយយើងឲ្យរៀនអំពីភាពយុត្ដិធម៌ដ៏ល្អឆ្នើមរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
មូលហេតុដែលត្រូវការតម្លៃលោះ
៣. (ក) ហេតុអ្វីបានជាតម្លៃលោះគឺត្រូវការជាចាំបាច់? (ខ) ហេតុអ្វីព្រះយេហូវ៉ាមិនអាចប្ដូរទោសរបស់កូនអ័ដាមដែលត្រូវស្លាប់នោះ?
៣ តម្លៃលោះគឺត្រូវការជាចាំបាច់ដោយសារបាបរបស់អ័ដាម។ ដោយព្រោះអ័ដាមមិនបានស្ដាប់បង្គាប់ព្រះ នោះគាត់នាំឲ្យកូនទទួលនូវជំងឺ ការឈឺចាប់ ក្ដីទុក្ខព្រួយ និងសេចក្ដីស្លាប់។ (លោកុប្បត្តិ ២:១៧; រ៉ូម ៨:២០) ព្រះមិនអាចអនុញ្ញាតឲ្យមនោសញ្ចេតនាបណ្ដាលឲ្យទ្រង់ ប្ដូរទោសកូនរបស់អ័ដាមដែលត្រូវស្លាប់នោះទេ។ បើទ្រង់ធ្វើដូច្នេះ មានន័យថាទ្រង់មិនគោរពតាមច្បាប់ដែលទ្រង់បានតែង ពោលគឺ: «ឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់»។ (រ៉ូម ៦:២៣) ហើយ បើព្រះយេហូវ៉ាធ្វើឲ្យច្បាប់យុត្ដិធម៌របស់ទ្រង់ទៅជាមោឃៈវិញ នោះភាពច្របូកច្របល់អនាធិបតេយ្យនឹងមានពាសពេញក្នុងសកលលោកទាំងមូល!
៤, ៥. (ក) តើសាតាំងបាននិយាយបង្កាច់បង្ខូចព្រះយ៉ាងដូចម្ដេច? ហេតុអ្វីព្រះយេហូវ៉ាត្រូវឆ្លើយតបនឹងការចោទប្រកាន់របស់សាតាំង? (ខ) ស្តីអំពីអ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ា តើសាតាំងបានចោទប្រកាន់ថាដូចម្ដេច?
៤ ដូចដែលយើងបានរៀននៅជំពូកទី១២ ការបះបោរនៅសួនច្បារអេដែនបានបង្ករឿងធ្ងន់ធ្ងរដ៏ធំខ្លះៗ។ សាតាំងបានបង្ខូចបង្អាប់កិត្ដិនាមព្រះ។ បើនិយាយឲ្យចំទៅ វាបានចោទថាព្រះយេហូវ៉ាជាអ្នកភូតភរ និងកាន់អំណាចផ្ដាច់ការយ៉ាងសាហាវ ដោយដកហូតសិទ្ធិសេរីភាពរបស់បុគ្គលដែលទ្រង់បង្កើត។ (លោកុប្បត្តិ ៣:១-៥) ព្រះមានគោលបំណងឲ្យផែនដីពេញទៅដោយមនុស្សសុចរិត។ ក៏ប៉ុន្តែ ដោយព្រោះមើលទៅដូចជាសាតាំងបានរាំងស្កាត់គោលបំណងរបស់ព្រះនោះ គឺប្រៀបដូចជាសាតាំងចោទថាព្រះបានបរាជ័យហើយ។ (លោកុប្បត្តិ ១:២៨; អេសាយ ៥៥:១០, ១១) បើព្រះយេហូវ៉ាមិនឆ្លើយតបនឹងចំណោទទាំងនេះ បុគ្គលជាច្រើនដែលទ្រង់បានបង្កើត ប្រហែលជាលែងទុកចិត្តទៅលើការគ្រប់គ្រងរបស់ទ្រង់ទៀតហើយ។
៥ សាតាំងក៏បាននិយាយបង្កាច់បង្ខូចអ្នកបំរើស្មោះត្រង់របស់ព្រះយេហូវ៉ាដែរ ដោយចោទថា ពួកគេបំរើទ្រង់ដើម្បីប្រយោជន៍ខ្លួនប៉ុណ្ណោះ ហើយថាបើមានការគាបសង្កត់ នោះពួកគេគ្រប់គ្នានឹងលែងមានចិត្តស្មោះត្រង់នឹងព្រះតទៅទៀតដែរ។ (យ៉ូប ១:៩-១១) រឿងចំណោទទាំងនេះគឺសំខាន់ជាងទុក្ខលំបាករបស់មនុស្សជាតិឆ្ងាយណាស់។ គឺសមរម្យណាស់ដែលព្រះយេហូវ៉ាមានព្រះទ័យចង់ឆ្លើយតបនឹងការចោទបង្កាច់បង្ខូចរបស់សាតាំង។ ប៉ុន្តែ តើព្រះអាចឆ្លើយតបនឹងការចោទប្រកាន់ទាំងនេះហើយនៅដំណាលគ្នានោះសង្គ្រោះមនុស្សជាតិយ៉ាងដូចម្ដេច?
តម្លៃលោះគឺមានតម្លៃស្មើ
៦. តើអ្វីជាពាក្យខ្លះក្នុងព្រះគម្ពីរដែលត្រូវប្រើដើម្បីពណ៌នាអំពីវិធីដែលព្រះសង្គ្រោះមនុស្សជាតិ?
៦ របៀបព្រះយេហូវ៉ាបានដោះស្រាយបញ្ហាទាំងពីរនេះគឺប្រកបដោយក្ដីមេត្ដាករុណានិងមានភាពយុត្ដិធម៌ជាទីបំផុត ហើយជាវិធីមួយដែលមនុស្សជាតិពុំអាចនឹកឃើញបានឡើយ។ ប៉ុន្តែ វិធីដោះស្រាយនោះក៏ស្រួលជាទីបំផុតដែរ ហើយបានត្រូវហៅថា ការផ្សះផ្សា ការតាំងស្ពានមេត្រី និងការធួន។ (ដានីយ៉ែល ៩:២៤; កូល៉ុស ១:២០; ហេព្រើរ ២:១៧) ប៉ុន្តែ ព្រះយេស៊ូផ្ទាល់បានប្រើពាក្យសមបំផុតដើម្បីពណ៌នាអំពីវិធីនេះ។ ទ្រង់បានមានបន្ទូលថា៖ «កូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះ[ភាសាក្រិច, លិ-ត្រន]មនុស្សជាច្រើនផង»។—ម៉ាថាយ ២០:២៨
៧, ៨. (ក) តើពាក្យ«តម្លៃលោះ»មានន័យដូចម្ដេចក្នុងបទគម្ពីរ? (ខ) តើតម្លៃលោះទាក់ទងនឹងភាពស្មើគ្នាយ៉ាងដូចម្ដេច?
៧ តើតម្លៃលោះជាអ្វី? ពាក្យភាសាក្រិចនេះក្លាយមកពីកិរិយាស័ព្ទមួយដែលមានន័យថា«ដោះលែងឬរំដោះ»។ ពាក្យនេះត្រូវប្រើសំដៅទៅលើលុយដែលត្រូវបង់ដើម្បីរំដោះឈ្លើយសឹក។ ដូច្នេះ ជាបឋម តម្លៃលោះអាចត្រូវបកស្រាយជាតម្លៃដែលត្រូវបង់ដើម្បីប្ដូរយកអ្វីមួយមកវិញ។ ក្នុងបទគម្ពីរហេព្រើរ ពាក្យថា«ថ្លៃលោះ»(កូ-ហ្វា)ជាពាក្យមួយក្លាយមកពីកិរិយាស័ព្ទដែលមានន័យថា«គ្រប»។ ជាឧទាហរណ៍ ក្នុងភាសាដើម ព្រះបានមានបន្ទូលទៅកាន់លោកណូអេថា គាត់ត្រូវ«ពរ»[ភាសាហេព្រើរ, «គ្រប»]ទូកនឹងជ័រ។ (លោកុប្បត្តិ ៦:១៤) នេះជួយយើងយល់ថា តម្លៃលោះគ្របបាំងអំពើបាប។
៨ វចនានុក្រមសញ្ញាថ្មីបញ្ជាក់ចំណុចសំខាន់មួយថា ពាក្យនេះ(កូ-ហ្វា)«តែងតែសំដៅទៅលើអ្វីពីរដែលស្មើគ្នា»ឬក៏ត្រូវគ្នា។ ដូច្នេះ គម្របរបស់ហិបនៃកិច្ចព្រមព្រៀងមានសណ្ឋានត្រូវនឹងហិប ហេតុនេះវាអាចគ្របត្រូវនឹងហិប។ ស្រដៀងគ្នាដែរ ដើម្បីលោះឬក៏បំបាត់អំពើបាបចោល ត្រូវសងតម្លៃដែលស្មើដើម្បីគ្របបាំងឲ្យពេញលេញនូវលទ្ធផលអាក្រក់នៃអំពើបាប។ ហេតុនេះ ក្រិត្យវិន័យរបស់ព្រះសំរាប់ជនជាតិអ៊ីស្រាអែលចែងថា៖«ត្រូវធ្វើឲ្យជីវិតធួននឹងជីវិត ភ្នែកធួននឹងភ្នែក ធ្មេញធួននឹងធ្មេញដៃធួននឹងដៃ ជើងធួននឹងជើងវិញ»។—ចោទិយកថា ១៩:២១
៩. ហេតុអ្វីបុរសដែលមានជំនឿធ្លាប់ថ្វាយដង្វាយ? តើព្រះយេហូវ៉ាមានព្រះទ័យយ៉ាងណាចំពោះដង្វាយទាំងនេះ?
៩ បុរសដ៏ស្មោះត្រង់ផ្សេងទៀតចាប់ពីអេបិលមក បានថ្វាយដង្វាយសត្វជូនព្រះ។ ដោយធ្វើដូច្នេះ ពួកគេបានបង្ហាញការយល់ដឹងអំពីអំពើបាបនិងភាពចាំបាច់នៃការលោះ ហើយក៏បានបង្ហាញថាពួកគេមានជំនឿទៅលើសេចក្ដីសន្យារបស់ព្រះស្តីអំពីការរំដោះឲ្យរួចតាមរយៈ«ពូជ»របស់ទ្រង់។ (លោកុប្បត្តិ ៣:១៥; ៤:១-៤; លេវីវិន័យ ១៧:១១; ហេព្រើរ ១១:៤) ព្រះយេហូវ៉ាបានពេញព្រះហឫទ័យនឹងដង្វាយទាំងនេះ ហើយបានប្រទានព្រះគុណចំពោះអ្នកថ្វាយបង្គំដែលបានថ្វាយដង្វាយនោះ។ យ៉ាងណាក៏ដោយ ដង្វាយសត្វគ្រាន់តែមានប្រយោជន៍ក្នុងការតំណាងប៉ុណ្ណោះ។ សត្វមិនអាចគ្របបាំងបាបរបស់មនុស្សជាតិបានឡើយ ដ្បិតសត្វគឺជំពូកភាវៈរស់ដែលទាបជាងមនុស្ស។ (ទំនុកដំកើង ៨:៤-៨) ដូច្នេះ ព្រះគម្ពីរចែងថា៖«ដ្បិតឈាមគោឈ្មោល នឹងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ»។ (ហេព្រើរ ១០:១-៤) ដង្វាយទាំងនេះគ្រាន់តែជានិមិត្តរូបតំណាងដង្វាយលោះដ៏ពិតមួយនៅអនាគត។
«ថ្លៃលោះដែលស្មើ»
១០. (ក) តើអ្នកដែលផ្ដល់តម្លៃលោះត្រូវស្មើនឹងអ្នកណា? ហើយហេតុអ្វី? (ខ) ហេតុអ្វីត្រូវការមនុស្សតែម្នាក់ដើម្បីបូជាជីវិត?
១០ សាវ័កប៉ុលបានសរសេរថា៖«គ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាម»។ (កូរិនថូសទី១ ១៥:២២) ដូច្នេះ តម្លៃលោះទាក់ទងនឹងការស្លាប់នៃមនុស្សម្នាក់ដែលស្មើនឹងអ័ដាម គឺថាមនុស្សម្នាក់ដែលគ្រប់ល័ក្ខណ៍។ (រ៉ូម ៥:១៤) ក្រៅពីបុគ្គលគ្រប់ល័ក្ខណ៍មួយរូប គ្មានភាវៈរស់ណាផ្សេងទៀតមានតម្លៃស្មើតាមដែលយុត្ដិធម៌ទាមទារនោះទេ។ មានតែមនុស្សម្នាក់គ្រប់ល័ក្ខណ៍ ដែលគ្មានសេចក្ដីស្លាប់ជាទោសពីអ័ដាមមក ទើបអាចផ្ដល់«ថ្លៃលោះ[«ដែលស្មើ», ព.ថ.]» ឬថាស្មើទាំងស្រុងនឹងអ័ដាម។ (ធីម៉ូថេទី១ ២:៦) មិនចាំបាច់បូជាជីវិតមនុស្សរាប់លាននាក់ដើម្បីស្មើនឹងកូនម្នាក់ៗរបស់អ័ដាមទេ។ សាវ័កប៉ុលបានពន្យល់ថា៖«បាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់[អ័ដាម]»។ (រ៉ូម ៥:១២, កំណែជាអក្សរទ្រេត) ម្យ៉ាងទៀត «ដែលសេចក្ដីស្លាប់បានមកដោយសារមនុស្ស[ម្នាក់]» នោះព្រះបានរៀបចំវិធីលោះមនុស្ស«ដោយសារមនុស្ស[ម្នាក់]ដែរ»។ (កូរិនថូសទី១ ១៥:២១) តើយ៉ាងដូចម្ដេច?
‹ថ្លៃលោះដែលស្មើសំរាប់មនុស្សទាំងអស់›
១១. (ក) តើអ្នកដែលបង់តម្លៃលោះនឹង«ភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់»យ៉ាងដូចម្ដេច? (ខ) ហេតុអ្វីបានជាអ័ដាមនិងអេវ៉ាមិនអាចទទួលប្រយោជន៍ពីតម្លៃលោះនោះ? (សូមមើលសម្គាល់ហេតុ)
១១ ព្រះយេហូវ៉ាបានរៀបចំឲ្យមានបុរសម្នាក់គ្រប់ល័ក្ខណ៍បូជាជីវិតខ្លួនដោយស្ម័គ្រចិត្ត។ យោងទៅតាមរ៉ូម ៦:២៣ ៖ «ឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់»។ ពេលអ្នកដែលបង់តម្លៃលោះនោះត្រូវបូជាជីវិត គាត់«ភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់»។ បើនិយាយម្យ៉ាងទៀត គាត់នឹងបង់ឈ្នួលនៃបាបរបស់អ័ដាម។ (ហេព្រើរ ២:៩; កូរិនថូសទី២ ៥:២១; ពេត្រុសទី១ ២:២៤) បើគិតខាងផ្នែកច្បាប់វិញ ការបង់ឈ្នួលនេះផ្ដល់ប្រយោជន៍ជាច្រើនណាស់។ តម្លៃលោះនោះកាត់ផ្ដាច់ឥទ្ធិពលបំផ្លិចបំផ្លាញនៃបាបចាប់ពីប្រភពមក ដោយធ្វើឲ្យទោសស្លាប់ដែលកូនអ័ដាមបានទទួល ទៅជាមោឃៈវិញ។a—រ៉ូម ៥:១៦
១២. សូមពន្យល់នូវរបៀបដែលការសងបំណុលតែមួយ អាចជួយមនុស្សជាច្រើនបាន។
១២ ជាឧទាហរណ៍: សូមគិតក្នុងចិត្តថា អ្នករស់ក្នុងភូមិមួយដែលមនុស្សភាគច្រើននៅភូមិនោះធ្វើការក្នុងរោងចក្រដ៏ធំមួយ។ អ្នកនិងអ្នកជិតខាងទទួលប្រាក់ខែច្រើនគួរសម ធ្វើឲ្យមានជីវភាពសុខស្រួល ស្រាប់តែនៅថ្ងៃមួយ រោងចក្រនោះបិទទ្វារលែងដំណើរការទៀត។ ហេតុអ្វី? ដោយសារប្រធានរោងចក្រពុករលួយបានធ្វើឲ្យរោងចក្ររលំ។ ខ្លួនអ្នកនិងអ្នកជិតខាងគ្មានការងារធ្វើ និងមិនអាចចិញ្ចឹមជីវិតទៀតបានទេ។ គូអាពាហ៍ពិពាហ៍ កូន និងម្ចាស់បំណុលរបស់អ្នកត្រូវលំបាកទាំងអស់គ្នាដោយសារអំពើពុករលួយរបស់បុរសតែម្នាក់។ តើមានវិធីដោះស្រាយទេ? ពិតជាមានមែន! សប្បុរសជនអ្នកមានម្នាក់សម្រេចចិត្តជួយ។ គាត់យល់ថារោងចក្រនោះមានតម្លៃណាស់។ គាត់ក៏មានទឹកចិត្តអាណិតអាសូរចំពោះបុគ្គលិកដែលធ្លាប់ធ្វើការនៅទីនោះនិងគ្រួសាររបស់ពួកគេ។ ដូច្នេះ គាត់រៀបចំសងបំណុលរបស់រោងចក្រនោះ និងបើករោងចក្រវិញ។ ការលុបចោលបំណុលតែមួយនោះ បញ្ឈប់នូវការពិបាករបស់បុគ្គលិករាប់សិបនាក់ ព្រមទាំងក្រុមគ្រួសារ និងម្ចាស់បំណុល។ ស្រដៀងគ្នាដែរ ការលុបចោលនូវបំណុលរបស់អ័ដាម ផ្ដល់ប្រយោជន៍ដល់មនុស្សរាប់សិបលាននាក់។
តើអ្នកណាផ្ដល់នូវតម្លៃលោះ?
១៣, ១៤. (ក) តើព្រះយេហូវ៉ាបានផ្ដល់នូវតម្លៃលោះសំរាប់មនុស្សជាតិយ៉ាងដូចម្ដេច? (ខ) តើតម្លៃលោះត្រូវបង់ថ្វាយអ្នកណា? ហើយហេតុអ្វីការបង់នេះគឺចាំបាច់?
១៣ មានតែព្រះយេហូវ៉ាដែលអាចផ្ដល់នូវ«កូនចៀម . . . ដែលដោះបាបមនុស្សលោក»។ (យ៉ូហាន ១:២៩) ប៉ុន្តែ ព្រះមិនបានបិទព្រះនេត្ររើសទេវតាមួយដើម្បីសង្គ្រោះមនុស្សទេ។ ផ្ទុយទៅវិញ ទ្រង់បានចាត់បុគ្គលតែមួយគត់ ដែលអាចផ្ដល់ចម្លើយមួយដងជាការស្រេចចំពោះការចោទប្រកាន់របស់សាតាំងទៅលើអ្នកបំរើរបស់ព្រះយេហូវ៉ា។ ពិតណាស់ ព្រះយេហូវ៉ាបានពលិអ្វីដែលមានតម្លៃបំផុត នៅពេលទ្រង់ចាត់រាជបុត្រាតែមួយដែល«ជាទីគាប់ព្រះហឫទ័យ»ទ្រង់។ (សុភាសិត ៨:៣០) ដោយការស្ម័គ្រចិត្ត រាជបុត្រារបស់ព្រះបាន«លះបង់ព្រះអង្គទ្រង់»គឺ ព្រះជន្មនៅស្ថានសួគ៌។ (ភីលីព ២:៧) ដោយអព្ភូតហេតុ ព្រះយេហូវ៉ាយកព្រះជន្មនិងបុគ្គលិកលក្ខណៈរបស់រាជបុត្រាច្បងរបស់ទ្រង់នៅស្ថានសួគ៌ហើយផ្ទេរទៅក្នុងផ្ទៃរបស់ស្រីក្រមុំបរិសុទ្ធសាសន៍យូដាម្នាក់ឈ្មោះម៉ារា។ (លូកា ១:២៧, ៣៥) ជាមនុស្សប្រុសមួយរូប រាជបុត្រានេះនឹងត្រូវហៅថា យេស៊ូ។ ប៉ុន្តែតាមច្បាប់ ទ្រង់អាចហៅថា អ័ដាមទីពីរ ដ្បិតទ្រង់គឺស្មើនឹងអ័ដាមគ្រប់លក្ខណៈ។ (កូរិនថូសទី១ ១៥:៤៥, ៤៧) យ៉ាងនេះ ព្រះយេស៊ូអាចផ្ដល់អង្គទ្រង់ជាតម្លៃលោះសំរាប់មនុស្សដែលមានបាប។
១៤ តើតម្លៃលោះនោះត្រូវបង់ចំពោះអ្នកណា? ទំនុកដំកើង ៤៩:៧ ចែងយ៉ាងជាក់ច្បាស់ថា តម្លៃលោះត្រូវបង់«ថ្វាយដល់ព្រះ»។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាគឺជាអ្នកដែលផ្គត់ផ្គង់តម្លៃលោះ មែនទេ? ព្រះយេហូវ៉ាផ្គត់ផ្គង់តម្លៃលោះពិតមែន។ ប៉ុន្តែ នេះមិនបានន័យថា តម្លៃលោះជាការប្ដូរដែលគ្មានន័យ ប្រៀបដូចជាការដកលុយចេញពីហោប៉ៅមួយ រួចដាក់ក្នុងហោប៉ៅមួយផ្សេងទៀតនោះទេ។ យើងត្រូវយល់ថា តម្លៃលោះមិនមែនជាការប្ដូរទេ តែគឺជាកិច្ចដើម្បីគម្រប់ច្បាប់វិញ។ ដោយផ្ដល់តម្លៃលោះ ទោះជាព្រះយេហូវ៉ាត្រូវពលិអ្វីដែលមានតម្លៃវិសេសណាស់ចំពោះទ្រង់ក៏ដោយនោះ ព្រះយេហូវ៉ាបានបង្ហាញថា ទ្រង់កាន់តាមគោលការណ៍យុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់យ៉ាងល្អឥតខ្ចោះ។—លោកុប្បត្តិ ២២:៧, ៨, ១១-១៣; ហេព្រើរ ១១:១៧; យ៉ាកុប ១:១៧
១៥. ហេតុអ្វីបានជាព្រះយេស៊ូចាំបាច់រងទុក្ខហើយសោយទិវង្គត?
១៥ នៅរដូវផ្ការីកនាឆ្នាំ៣៣ស.យ. ព្រះយេស៊ូគ្រីស្ទបានសុខព្រះទ័យរងទ្រាំនឹងការឈឺចាប់ដែលបាននាំទៅដល់ការបង់តម្លៃលោះ។ ព្រះយេស៊ូបានអនុញ្ញាតឲ្យមនុស្សចាប់ខ្លួនទ្រង់ដោយអាងការចោទប្រកាន់មិនពិត ថែមទាំងគេកាត់ក្ដីថាមានទោស និងប្រហារព្រះជន្មដោយយកទៅបោះដែកគោលភ្ជាប់នឹងបង្គោល។ តើព្រះយេស៊ូចាំបាច់ឈឺចាប់ដល់ថ្នាក់នេះឬ? គឺចាំបាច់ទេ ពីព្រោះរឿងទាក់ទងនឹងភាពស្មោះត្រង់នៃអ្នកបំរើរបស់ព្រះយេហូវ៉ាត្រូវដោះស្រាយមួយដងជាស្រេច។ គួរឲ្យកត់សម្គាល់ថា ព្រះមិនបានអនុញ្ញាតឲ្យហេរ៉ូឌសម្លាប់ព្រះយេស៊ូពេលទ្រង់ជាទារកឡើយ។ (ម៉ាថាយ ២:១៣-១៨) ប៉ុន្តែ ពេលព្រះយេស៊ូជាមនុស្សពេញវ័យវិញ ទ្រង់អាចស៊ូទ្រាំនឹងការពាធាពេញទំហឹងពីសាតាំងដោយយល់យ៉ាងពេញលេញអំពីរឿងចំណោទដែលពាក់ព័ន្ធ។b ដោយសារទ្រង់រក្សាខ្លួនឲ្យបាន«បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប»ទោះជាគេប្រព្រឹត្តមកលើទ្រង់យ៉ាងសាហាវក្រៃលែងក៏ដោយ នោះព្រះយេស៊ូបង្ហាញមួយដងជាការស្រេចថា ព្រះយេហូវ៉ាមានអ្នកបំរើដែលនៅស្មោះត្រង់ចំពោះមុខការបៀតបៀនហើយល្បងល។ (ហេព្រើរ ៧:២៦) ហេតុនេះគ្មានអ្វីចំឡែកឡើយដែលថា មុនព្រះយេស៊ូផុតដង្ហើមសោយទិវង្គតទៅ ទ្រង់បន្លឺព្រះសៀងបញ្ជាក់ជ័យជំនះថា៖ «ខ្ញុំបានសំរេចសព្វគ្រប់អស់ហើយ!»។—យ៉ូហាន ១៩:៣០, ខ.ស.
ការបង្ហើយកិច្ចការរំដោះរបស់ទ្រង់
១៦, ១៧. (ក) តើព្រះយេស៊ូបានបន្តកិច្ចការរំដោះរបស់ទ្រង់យ៉ាងដូចម្ដេច? (ខ) ហេតុអ្វីបានជាចាំបាច់ដែលព្រះយេស៊ូចូលមក«នៅចំពោះព្រះភក្ដ្រនៃព្រះ»?
១៦ នៅពេលនោះ ព្រះយេស៊ូមិនទាន់បង្ហើយកិច្ចការរំដោះរបស់ទ្រង់ឡើយ។ នៅថ្ងៃទីបីក្រោយទ្រង់សោយទិវង្គតនោះ ព្រះយេហូវ៉ាបានប្រោសទ្រង់ឲ្យមានព្រះជន្មឡើងវិញ។ (កិច្ចការ ៣:១៥; ១០:៤០) ដោយការប្រោសដ៏សំខាន់នេះ ព្រះយេហូវ៉ាមិនគ្រាន់តែប្រទានរង្វាន់ចំពោះរាជបុត្រាសំរាប់កិច្ចការដ៏ស្មោះត្រង់របស់ទ្រង់ទេ ប៉ុន្តែ ក៏បានផ្ដល់ឱកាសឲ្យទ្រង់បង្ហើយកិច្ចការរំដោះជាសម្ដេចសង្ឃរបស់ព្រះដែរ។ (រ៉ូម ១:៤; កូរិនថូសទី១ ១៥:៣-៨) សាវ័កប៉ុលបានពន្យល់ថា៖ «កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ . . . ទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ។ ដ្បិតព្រះគ្រីស្ទទ្រង់មិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃ ដែលជាគំរូពីទីបរិសុទ្ធពិតនោះទេ គឺបានចូលទៅក្នុងស្ថានសួគ៌នោះឯង ដើម្បីនឹងលេចមកក្នុងពេលឥឡូវនេះ នៅចំពោះព្រះភក្ដ្រនៃព្រះ ដំណាងយើងរាល់គ្នា»។—ហេព្រើរ ៩:១១, ១២, ២៤
១៧ ព្រះគ្រីស្ទមិនអាចយកព្រះលោហិតរបស់ទ្រង់ចូលទៅក្នុងស្ថានសួគ៌បានឡើយ។ (កូរិនថូសទី១ ១៥:៥០) ក៏ប៉ុន្តែ ទ្រង់បានយកអ្វីដែលព្រះលោហិតទ្រង់បានតំណាង ពោលគឺ តម្លៃតាមច្បាប់នៃជីវិតគ្រប់ល័ក្ខណ៍ដែលទ្រង់បានបូជា។ ពេលនោះ នៅចំពោះព្រះភក្ដ្ររបស់ព្រះ ព្រះយេស៊ូបានផ្ដល់ឲ្យជាផ្លូវការនូវតម្លៃនៃជីវិតនោះជាថ្លៃលោះមនុស្សជាតិដែលមានបាប។ តើព្រះយេហូវ៉ាព្រមទទួលតម្លៃលោះនោះឬទេ? ទ្រង់បានទទួលពិតមែន។ នេះគឺឃើញជាក់ស្តែងនៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ស.យ. ពេលព្រះវិញ្ញាណបរិសុទ្ធបានត្រូវចាក់មកលើសិស្ស១២០នាក់នៅទីក្រុងយេរូសាឡិម។ (កិច្ចការ ២:១-៤) ទោះជាពេលនោះជាគ្រាគួរឲ្យរំភើបចិត្តណាស់ក៏ដោយ តែនេះគ្រាន់តែជាទីចាប់ផ្ដើមនៃប្រយោជន៍ដ៏ប្រសើរដែលនឹងផ្ដល់ដោយតម្លៃលោះ។
ប្រយោជន៍នៃតម្លៃលោះ
១៨, ១៩. (ក) តើក្រុមពីរអ្វីដែលទទួលប្រយោជន៍ពីការផ្សះផ្សាតាមរយៈព្រះលោហិតរបស់ព្រះគ្រីស្ទ? (ខ) ចំណែក‹មនុស្សមួយហ្វូងយ៉ាងធំ›វិញ តើពួកគេទទួលប្រយោជន៍អ្វីខ្លះពីតម្លៃលោះនៅឥឡូវនេះ និងនាអនាគត?
១៨ ក្នុងសំបុត្ររបស់ប៉ុលទៅកាន់ជនគ្រីស្ទាននៅក្រុងកូល៉ុស គាត់ពន្យល់ថាព្រះសព្វព្រះហឫទ័យប្រើព្រះគ្រីស្ទជាខ្សែរយៈដើម្បីផ្សះផ្សាអ្វីៗទាំងអស់ឲ្យជានានឹងអង្គទ្រង់ ដោយ ផ្អែកលើព្រះលោហិតរបស់ព្រះយេស៊ូដែលបានត្រូវបង្ហូរលើបង្គោលទារុណកម្មជាមូលដ្ឋាននៃការផ្សះផ្សាឲ្យមានមេត្រីភាពវិញ។ ប៉ុលក៏ពន្យល់ដែរថា ការផ្សះផ្សានេះរួមបញ្ចូលក្រុមពីរដោយឡែក ពោលគឺ«របស់នៅស្ថានសួគ៌»និង«របស់នៅផែនដី»។ (កូល៉ុស ១:១៩, ២០; អេភេសូរ ១:១០) ក្រុមទីមួយជាគ្រីស្ទាន១៤៤.០០០នាក់ដែលមានសេចក្ដីសង្ឃឹមបំរើជាសង្ឃនៅស្ថានសួគ៌ និងគ្រប់គ្រងមកលើផែនដីជាមួយព្រះគ្រីស្ទយេស៊ូ។ (វិវរណៈ ៥:៩, ១០; ៧:៤; ១៤:១-៣) តាមរយៈអ្នកទាំងនេះ មនុស្សជាតិដែលស្ដាប់បង្គាប់ក្នុងរយៈពេលមួយពាន់ឆ្នាំនឹងទទួលនូវប្រយោជន៍នៃតម្លៃលោះបន្ដិចម្ដងៗ។—កូរិនថូសទី១ ១៥:២៤-២៦; វិវរណៈ ២០:៦; ២១:៣, ៤
១៩ «របស់នៅផែនដី»គឺជាបុគ្គលដែលនឹងទទួលជីវិតគ្រប់ល័ក្ខណ៍ក្នុងសួនមនោរម្យនៅលើផែនដី។ វិវរណៈ ៧:៩-១៧ ពណ៌នាអំពីអ្នកទាំងនេះថា«មនុស្ស១ហ្វូងយ៉ាងធំ»ដែលនឹងរួចរស់ជីវិតផុតពី«គ្រាវេទនាយ៉ាងធំ»។ ប៉ុន្តែ ពួកគេមិនចាំបាច់រង់ចាំរហូតដល់ពេលនោះដើម្បីទទួលប្រយោជន៍ពីតម្លៃលោះនោះទេ។ ពួកគេបាន«បោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»រួចហើយ។ សូម្បីតែឥឡូវនេះក៏ដោយ ពួកគេកំពុងតែទទួលប្រយោជន៍ខាងវិញ្ញាណពីសំវិធានការដែលប្រកបទៅដោយសេចក្ដីស្រឡាញ់នោះគឺ តម្លៃលោះ ដោយព្រោះពួកគេមានជំនឿទៅលើតម្លៃលោះនោះ។ ពួកគេបានត្រូវចាត់ទុកថាសុចរិតជាមិត្តសំឡាញ់របស់ព្រះ! (យ៉ាកុប ២:២៣) លទ្ធផលពីយញ្ញបូជារបស់ព្រះយេស៊ូ ពួកគេអាច«មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន»។ (ហេព្រើរ ៤:១៤-១៦) ពេលធ្វើខុស នោះពួកគេទទួលការអត់ឱនទោសដ៏ពិត។ (អេភេសូរ ១:៧) ទោះជាពួកគេឥតគ្រប់ល័ក្ខណ៍ក៏ដោយ ក៏ពួកគេមានមនសិការជ្រះថ្លាដែរ។ (ហេព្រើរ ៩:៩; ១០:២២; ពេត្រុសទី១ ៣:២១) ដូច្នេះ ការផ្សះផ្សាឲ្យជានានឹងព្រះមិនមែនជាអ្វីដែលយើងកំពុងតែរង់ចាំនោះទេ តែនោះបានកើតឡើងហើយ! (កូរិនថូសទី២ ៥:១៩, ២០) ក្នុងកំឡុងនៃការគ្រប់គ្រងមួយពាន់ឆ្នាំ ពួកគេនឹង«បានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ»បន្ដិចម្ដងៗ។—រ៉ូម ៨:២១
២០. តើការរំពឹងគិតអំពីតម្លៃលោះមានឥទ្ធិពលទៅលើទឹកចិត្តអ្នកផ្ទាល់យ៉ាងដូចម្ដេច?
២០ «អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ»ដែលផ្ដល់តម្លៃលោះ! (រ៉ូម ៧:២៥) តម្លៃលោះគឺស្រួលយល់ តែពេញដោយខ្លឹមសារជ្រាលជ្រៅដល់ម្ល៉េះដែលយើងកោតស្ងើចណាស់។ (រ៉ូម ១១:៣៣) ហើយបើយើងរំពឹងគិតដោយមានកតញ្ញូធម៌អំពីតម្លៃលោះ តម្លៃលោះនឹងជំរុញទឹកចិត្តយើង ឲ្យចូលទៅកាន់តែជិតព្រះនៃយុត្ដិធម៌។ យើងក៏ដូចជាអ្នកតែងបទទំនុកដំកើង គឺមានហេតុជាច្រើនដែលយើងគួរសរសើរព្រះយេហូវ៉ា ដែលជាព្រះ«ស្រឡាញ់សេចក្ដីសុចរិត នឹងសេចក្ដីយុត្ដិធម៌»។—ទំនុកដំកើង ៣៣:៥
a អ័ដាមនិងអេវ៉ាមិនអាចទទួលប្រយោជន៍ពីតម្លៃលោះបានទេ។ គោលការណ៍ក្នុងក្រិត្យវិន័យលោកម៉ូសេអំពីឃាតករដែលសម្លាប់គេដោយចេតនាចែងថា៖ «មិនត្រូវឲ្យឯងរាល់គ្នាទទួលសំណូកអ្វី នឹងលោះជីវិតអ្នកណា ដែលមានទោសជាអ្នកសំឡាប់គេឡើយ»។ (ជនគណនា ៣៥:៣១) ច្បាស់ហើយ អ័ដាមនិងអេវ៉ាសមនឹងស្លាប់ពីព្រោះពួកគេមានចេតនាមិនស្ដាប់បង្គាប់ ទោះជាពួកគេដឹងនូវលទ្ធផលចុងក្រោយក៏ដោយ។ ពួកគេបោះបង់ចោលលទ្ធភាពទទួលបានជីវិតជារៀងរហូត។
b ព្រះយេស៊ូត្រូវសោយទិវង្គតពេលទ្រង់ជាបុរសគ្រប់ល័ក្ខណ៍ មិនមែនពេលនៅក្មេងតូចទេ ដើម្បីស្មើនឹងអ័ដាមពេលអ័ដាមធ្វើបាបនោះ។ សូមចាំថា អ័ដាមធ្វើបាបដោយចេតនា និងដោយយល់យ៉ាងពេញលេញអំពីភាពធ្ងន់ធ្ងរនិងលទ្ធផលពីការប្រព្រឹត្តរបស់គាត់។ ដូច្នេះ ដើម្បីក្លាយជា«អ័ដាមក្រោយបង្អស់»និងគ្របបាំងអំពើបាបនោះ ព្រះយេស៊ូត្រូវសម្រេចព្រះទ័យដោយមានភាពចាស់ទុំនិងយល់ដឹងច្បាស់លាស់ថា ទ្រង់ចង់នៅស្មោះត្រង់នឹងព្រះយេហូវ៉ា។ (កូរិនថូសទី១ ១៥:៤៥, ៤៧) ដូច្នេះ គន្លងព្រះជន្មដែលប្រកបទៅដោយភាពស្មោះត្រង់របស់ព្រះយេស៊ូ ព្រមជាមួយការសោយទិវង្គតជាយញ្ញបូជា បានធ្វើជា«អំពើសុចរិតតែ១បែប»។—រ៉ូម ៥:១៨, ១៩
-
-
ព្រះយេស៊ូ«តាំងសេចក្ដីយុត្ដិធម៌ឡើងនៅផែនដី»ចូរចូលទៅជិតព្រះយេហូវ៉ា
-
-
ជំពូកទី១៥
ព្រះយេស៊ូ«តាំងសេចក្ដីយុត្ដិធម៌ឡើងនៅផែនដី»
១, ២. តើព្រះយេស៊ូបានខ្ញាល់នៅពេលណា? ហើយហេតុអ្វី?
បើអ្នកបានឃើញទឹកមុខព្រះយេស៊ូ អ្នកនឹងបានយល់ថាទ្រង់ខ្ញាល់ណាស់។ ហើយនៅពេលនោះ ពិតជាមានហេតុបណ្ដាលឲ្យទ្រង់ខ្ញាល់មែន។ ប៉ុន្តែ អ្នកប្រហែលជាពិបាកគិតឃើញព្រះយេស៊ូខ្ញាល់ ដ្បិតទ្រង់ជាបុរសសុភាពណាស់។ (ម៉ាថាយ ២១:៥) ទោះជាទ្រង់ខ្ញាល់ក៏ពិតមែន តែទ្រង់ទប់ព្រះទ័យបានយ៉ាងល្អគ្រប់ល័ក្ខណ៍ ដ្បិតសេចក្ដីខ្ញាល់របស់ទ្រង់គឺជាសេចក្ដីខ្ញាល់សុចរិត។a ប៉ុន្តែ តើអ្វីទៅបានធ្វើឲ្យព្រះយេស៊ូដែលជាបុរសសុភាព ត្រឡប់ទៅជាខ្ញាល់ដូច្នេះ? ទ្រង់បានខ្ញាល់នៅពេលទតឃើញការប្រព្រឹត្តដោយអយុត្ដិធម៌ក្រៃលែង។
២ ព្រះវិហារនៅទីក្រុងយេរូសាឡិមជាទីគាប់ព្រះហឫទ័យព្រះយេស៊ូណាស់ ពីព្រោះនៅលើពិភពលោកទាំងមូល មានតែកន្លែងនោះមួយទេដែលជាកន្លែងដ៏ពិសិដ្ឋ ព្រោះបានញែកដោយឡែកសំរាប់ការថ្វាយបង្គំព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌។ ជនជាតិយូដាពីប្រទេសផ្សេងៗ ធ្វើដំណើរឆ្ងាយដើម្បីទៅថ្វាយបង្គំនៅទីនោះ។ សូម្បីតែជនជាតិដទៃដែលកោតខ្លាចព្រះក៏បានមកទីនោះចូលទៅក្នុងទីធ្លាព្រះវិហារដែលទុកដោយឡែកសំរាប់ពួកគេ។ ប៉ុន្តែ នៅដើមកិច្ចបំរើរបស់ព្រះយេស៊ូ ទ្រង់ចូលក្នុងព្រះវិហារ និងប្រទះឃើញទិដ្ឋភាពមួយដែលគួរឲ្យស្អប់ខ្ពើមណាស់។ បើនិយាយឲ្យចំទៅ ព្រះវិហារមើលទៅដូចជាផ្សារជាងកន្លែងថ្វាយបង្គំ! ព្រះវិហារមានអ្នកលក់និងអ្នកដូរលុយពាសពេញ។ ក៏ប៉ុន្តែ តើពួកគេប្រព្រឹត្តដោយអយុត្ដិធម៌ត្រង់ណា? គឺដោយព្រោះអ្នកលក់ដូរទាំងនេះ យកព្រះវិហាររបស់ព្រះជាកន្លែងជញ្ជក់ផលប្រយោជន៍ពីអ្នកដទៃ និងរហូតដល់កេងប្រវ័ញ្ចប្រាក់ពីមនុស្សតែម្ដង។ តើពួកគេបានធ្វើដូចម្ដេច?—យ៉ូហាន ២:១៤
៣, ៤. នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា តើអ្វីជាការជញ្ជក់យកផលប្រយោជន៍យ៉ាងលោភលន់ដែលកំពុងតែកើតមានឡើងនោះ? តើព្រះយេស៊ូបានដោះស្រាយបញ្ហានេះដោយធ្វើអ្វី?
៣ អ្នកដឹកនាំសាសនាបានដាក់ច្បាប់ថា ប្រជាជនអាចប្រើលុយដែលជាកាក់តែម្យ៉ាងគត់ ដើម្បីបង់ពន្ធព្រះវិហារ។ អ្នកដែលមកថ្វាយបង្គំត្រូវដូរលុយដើម្បីបានកាក់នេះ។ ដូច្នេះ អ្នកដូរលុយបានតម្លើងតុនៅក្នុងព្រះវិហារតែម្ដង ដោយពួកគេទារកំរៃបន្ថែមពីប្រជាជនដែលចូលទៅប្ដូរលុយ។ ការរកស៊ីលក់សត្វក៏ទទួលកំរៃច្រើនគួរសមដែរ។ អ្នកដែលមកថ្វាយបង្គំនិងចង់ថ្វាយដង្វាយ អាចទិញសត្វពីអ្នកលក់នៅក្នុងទីក្រុងក្រៅព្រះវិហារបាន ប៉ុន្តែ អ្នកទទួលខុសត្រូវនៅព្រះវិហារប្រហែលជាមិនព្រមទទួលសត្វនោះទេ ដោយអះអាងថាសត្វនោះគឺមិនសមរម្យយកធ្វើជាដង្វាយ។ ប៉ុន្តែ សត្វណាដែលប្រជាជនទិញនៅក្នុងព្រះវិហារនឹងត្រូវទទួលជាក់ជាពុំខាន។ ដោយអ្នកលក់ដឹងថាប្រជាជនកំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួនដូច្នេះ នេះធ្វើឲ្យពួកគេជួនកាលទារតម្លៃច្រើនហួសហេតុពេក។b នេះមិនគ្រាន់តែជាការរកស៊ីដ៏ថោកទាបប៉ុណ្ណោះទេ តែគឺជាការកេងប្រវ័ញ្ចយកលុយស្រស់ៗតែម្ដង!
«ចូរយករបស់ទាំងនេះចេញទៅ!»
៤ ព្រះយេស៊ូច្បាស់ជាមិនអាចប្រណីនឹងអយុត្ដិធម៌នេះទេ។ យ៉ាងណាមិញ នេះជាដំណាក់នៃព្រះវរបិតារបស់ទ្រង់ផ្ទាល់! ព្រះយេស៊ូបានយកខ្សែធ្វើរំពាត់ ហើយដេញហ្វូងគោហ្វូងចៀមចេញពីព្រះវិហារ។ រួចមកទ្រង់យាងទៅកន្លែងអ្នកដូរលុយនិងផ្កាប់តុរបស់ពួកគេ។ តើអ្នកអាចស្រមៃឃើញប្រាក់កាក់របស់ពួកគេធ្លាក់ខ្ចាយតាមការ៉ូថ្មពពាលឬទេ? ព្រះយេស៊ូក៏មានបន្ទូលបង្គាប់អ្នកលក់សត្វលលកយ៉ាងម៉ឺងម៉ាត់ថា៖«ចូរយករបស់ទាំងនេះចេញទៅ!»។ (យ៉ូហាន ២:១៥, ១៦) តាមមើលទៅ គ្មានអ្នកណាហ៊ានប្រឆាំងព្រះយេស៊ូដែលជាបុរសដ៏ក្លាហានឡើយ។
«កូនដូចឪពុក»
៥-៧. (ក) តើព្រះជន្មរបស់ព្រះយេស៊ូមុនទ្រង់យាងមកផែនដីជាមនុស្ស បានមានអានុភាពយ៉ាងណាទៅលើស្មារតីយុត្ដិធម៌របស់ទ្រង់? តើយើងអាចរៀនអ្វីពីការសិក្សាគំរូរបស់ទ្រង់? (ខ) តើព្រះគ្រីស្ទបានធ្វើអ្វីដើម្បីបង្ហាញឲ្យឃើញភាពមិនពិតនៃការចោទប្រកាន់ដោយអយុត្ដិធម៌ទៅលើព្រះនាមនិងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា?
៥ ក្រោយមក អ្នកលក់បានត្រឡប់មកវិញ។ ប្រមាណបីឆ្នាំក្រោយនោះ ព្រះយេស៊ូបានចាត់វិធានការដើម្បីបំបាត់ភាពអយុត្ដិធម៌ដដែលនេះ ដោយលើកនេះទ្រង់បានដកស្រង់បន្ទូលរបស់ព្រះយេហូវ៉ាផ្ទាល់ ដែលផ្ដន្ទាទោសអ្នកដែលបានធ្វើឲ្យដំណាក់របស់ទ្រង់ក្លាយជា«រោងចោរ»។ (ម៉ាថាយ ២១:១៣; យេរេមា ៧:១១) ពិតណាស់ ពេលទតឃើញអ្នកលក់ដូរបង្ខូចវិហាររបស់ព្រះដោយប្រវ័ញ្ចយកប្រាក់ប្រជាជនយ៉ាងលោភលន់ នោះព្រះយេស៊ូមានអារម្មណ៍ដូចព្រះវរបិតារបស់ទ្រង់ដែរ។ គ្មានអ្វីចំឡែកទេដែលព្រះយេស៊ូមានអារម្មណ៍ដូច្នេះ! ដ្បិតអស់រាប់សិបលានឆ្នាំមកហើយ ដែលព្រះវរបិតាបានបង្រៀនទ្រង់។ ជាលទ្ធផល យុត្ដិធម៌របស់ព្រះយេហូវ៉ាបានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅទៅក្នុងព្រះទ័យទ្រង់។ ដូច្នេះ ការពិចារណានូវគំរូរបស់ព្រះយេស៊ូគ្រីស្ទ គឺជាវិធីល្អបំផុតដែលយើងអាចយល់ច្បាស់អំពីយុត្ដិធម៌របស់ព្រះយេហូវ៉ា។—យ៉ូហាន ១៤:៩, ១០
៦ រាជបុត្រាតែមួយគត់ដែលព្រះយេហូវ៉ាបានបង្កើតផ្ទាល់ បានឃើញនិងក៏បានឮសាតាំងតិះដៀលព្រះយេហូវ៉ាដោយអយុត្ដិធម៌ថា ទ្រង់ជាអ្នកភូតភរ និងទម្លាក់ការសង្ស័យទៅលើភាពសុចរិតនៃការគ្រប់គ្រងរបស់ព្រះវរបិតាទ្រង់ដែរ។ នេះជាការបង្កាច់បង្ខូចដ៏អាក្រក់ណាស់! ក្រោយមកទៀតរាជបុត្រាព្រះក៏បានឮសាតាំងចោទថា គ្មានអ្នកណាសុខចិត្តបំរើព្រះយេហូវ៉ាដោយសេចក្ដីស្រឡាញ់មិនគិតដល់ប្រយោជន៍ខ្លួនទេ។ ការចោទប្រកាន់ដោយមិនពិតទាំងនេះ ប្រាកដជាបានធ្វើឲ្យព្រះហឫទ័យដ៏សុចរិតរបស់រាជបុត្រាឈឺចាប់ណាស់។ ប៉ុន្តែ ទ្រង់ពិតជាបានរីករាយណាស់ ដោយដឹងថាទ្រង់នឹងមានតួនាទីសំខាន់បំផុតក្នុងការបង្ហាញឲ្យឃើញភាពមិនពិតនៃចំណោទទាំងនេះ! (កូរិនថូសទី២ ១:២០) តើទ្រង់នឹងបង្ហាញឲ្យឃើញភាពមិនពិតនៃចំណោទទាំងនេះយ៉ាងដូចម្ដេច?
៧ ដូចដែលយើងបានរៀនក្នុងជំពូកទី១៤ ព្រះយេស៊ូគ្រីស្ទបានផ្ដល់ចម្លើយមួយដងជាការស្រេចចំពោះការចោទប្រកាន់របស់សាតាំងដែលទម្លាក់ការសង្ស័យទៅលើភក្ដីភាពរបស់អ្នកដែលបំរើព្រះយេហូវ៉ា។ តាមរបៀបនេះ ព្រះយេស៊ូបានផ្ដល់មូលដ្ឋានសំរាប់ការបង្ហាញមួយដងជាការស្រេចថា ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ ហើយសំរាប់ការញែកព្រះនាមទ្រង់ឲ្យបានបរិសុទ្ធ។ ក្នុងនាមជាភ្នាក់ងារសំខាន់បំផុតរបស់ព្រះយេហូវ៉ា នោះព្រះយេស៊ូនឹងតាំងយុត្ដិធម៌របស់ព្រះឲ្យមាននៅទូទាំងសកលលោក។ (កិច្ចការ ៥:៣១) ការប្រព្រឹត្តរបស់ព្រះយេស៊ូពេលទ្រង់មានព្រះជន្មរស់លើផែនដី ក៏បានបង្ហាញយុត្ដិធម៌របស់ព្រះដែរ។ ព្រះយេហូវ៉ាបានមានបន្ទូលអំពីរាជបុត្រាទ្រង់ថា៖‹យើងនឹងដាក់វិញ្ញាណយើង ឲ្យសណ្ឋិតនៅលើទ្រង់ ហើយទ្រង់នឹងថ្លែងប្រាប់ ពីសេចក្ដីយុត្ដិធម៌ដល់សាសន៍ដទៃ›។ (ម៉ាថាយ ១២:១៨) តើព្រះយេស៊ូបានបំពេញតាមបន្ទូលនេះយ៉ាងដូចម្ដេច?
ព្រះយេស៊ូបញ្ជាក់ឲ្យយល់«យុត្ដិធម៌»
៨-១០. (ក) តើច្បាប់អ្នកដឹកនាំសាសនាយូដាដែលបង្រៀនដោយមាត់ទទេ បាននាំឲ្យមានការស្អប់ជនជាតិដទៃនិងស្ត្រីយ៉ាងដូចម្ដេច? (ខ) តើច្បាប់ទាំងនោះបានធ្វើឲ្យច្បាប់របស់ព្រះយេហូវ៉ាស្តីអំពីថ្ងៃឈប់សំរាកទៅជាបន្ទុកដ៏ធ្ងន់យ៉ាងដូចម្ដេច?
៨ ព្រះយេស៊ូស្រឡាញ់ច្បាប់របស់ព្រះយេហូវ៉ានិងប្រព្រឹត្តសមស្របតាមច្បាប់នោះជានិច្ច។ ប៉ុន្តែ អ្នកដឹកនាំសាសនានៅសម័យទ្រង់បានកែប្រែច្បាប់ព្រះឲ្យឃ្លាតចាកពីភាពដើម។ ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖«វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យនឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ! . . . [ឯង]បានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្ដីយុត្ដិធម៌ សេចក្ដីមេត្ដាករុណា នឹងសេចក្ដីជំនឿ»។ (ម៉ាថាយ ២៣:២៣) ច្បាស់ណាស់ ពួកគេដែលត្រូវបង្រៀនក្រិត្យវិន័យរបស់ព្រះ មិនបញ្ជាក់ឲ្យយល់«យុត្ដិធម៌»ទេ។ ផ្ទុយទៅវិញ ពួកគេបានបង្ខូចយុត្ដិធម៌របស់ព្រះ។ តើយ៉ាងដូចម្ដេច? សូមពិចារណាគំរូខ្លះៗ។
៩ ព្រះយេហូវ៉ាបានណែនាំរាស្ត្ររបស់ទ្រង់ឲ្យនៅដាច់ដោយឡែកពីសាសន៍នៅជុំវិញពួកគេដែលមិនថ្វាយបង្គំទ្រង់។ (ពង្សាវតារក្សត្រទី១ ១១:១, ២) ក៏ប៉ុន្តែ ជនខ្លះដែលនិយមជ្រុលខាងសាសនា បានជំរុញប្រជាជនឲ្យស្អប់ហើយមើលងាយគ្រប់សាសន៍ដែលមិនមែនជាសាសន៍យូដា។ គម្ពីរមីស្នាបានរួមបញ្ចូលក្រិត្យថា៖«អ្នកមិនត្រូវទុកសត្វគោនៅជិតលំនៅរបស់ជនសាសន៍ដទៃឡើយ ដ្បិតពួកគេគួរឲ្យសង្ស័យជាអ្នករួមដំណេកជាមួយសត្វ»។ ការនិយាយម៉ៅដូច្នេះទៅលើសាសន៍ទាំងឡាយដែលមិនមែនជាសាសន៍យូដា គឺអយុត្ដិធម៌ និងក៏ផ្ទុយស្រឡះពីគោលការណ៍ក្រិត្យវិន័យលោកម៉ូសេដែរ។ (លេវីវិន័យ ១៩:៣៤) វិន័យឯទៀតដែលមនុស្សបង្កើតនោះ បានបន្ទាបបន្ថោកស្ត្រី។ ច្បាប់ដែលពួកគេបង្រៀនដោយមាត់ទទេបានចែងថា ស្ត្រីត្រូវដើរពីក្រោយប្ដី មិនមែនក្បែរប្ដីទេ។ បុរសបានត្រូវព្រមានថា កុំសន្ទនាជាមួយស្ត្រីពេលនៅតាមទីសាធារណៈ ទោះបីនោះជាប្រពន្ធគាត់ក៏ដោយ។ ស្ត្រីក៏ដូចជាបាវបំរើដែរ ដ្បិតស្ត្រីក៏មិនអាចធ្វើជាសាក្សីក្នុងតុលាការបានទេ។ អ្នកដឹកនាំសាសនាក៏បានអធិស្ឋានជាផ្លូវការមួយដោយទូលព្រះថា អរព្រះគុណដែលពួកគេមិនមែនជាស្ត្រី។
១០ អ្នកដឹកនាំសាសនាហាក់បីដូចជាបានយកក្រិត្យវិន័យរបស់ព្រះទៅលាក់កប់នៅក្រោមគំនរច្បាប់និងវិន័យដែលបានបង្កើតដោយមនុស្ស។ ជាឧទាហរណ៍ ច្បាប់ស្តីអំពីថ្ងៃឈប់សំរាក គ្រាន់តែហាមមិនឲ្យធ្វើការនៅថ្ងៃឈប់សំរាកទេ ដោយញែកថ្ងៃនោះដោយឡែកសំរាប់ការសំរាក ការថ្វាយបង្គំ និងការទទួលកម្លាំងចិត្តឡើងវិញខាងវិញ្ញាណ។ ប៉ុន្តែ ពួកផារិស៊ីបានធ្វើឲ្យច្បាប់នោះទៅជាបន្ទុកដ៏ធ្ងន់វិញ។ ពួកគេបានហ៊ានសម្រេចដោយខ្លួនឯងថា អ្វីទៅដែលចាត់ទុកជាការ«ធ្វើការ»នោះ។ ពួកគេបានចាត់ទុកសកម្មភាព៣៩យ៉ាងជាការធ្វើការ ដូចជាការច្រូតឬការបរបាញ់សត្វជាដើម។ ការបែងចែកនេះនាំឲ្យមានសំនួរច្រើនមិនចេះអស់។ បើបុរសម្នាក់សម្លាប់ចៃឆ្កែនៅថ្ងៃឈប់សំរាក តើនោះជាការបរបាញ់សត្វឬ? បើគាត់បេះកួរស្រូវមួយក្ដាប់និងញ៉ាំបណ្ដើរដើរបណ្ដើរ តើនោះជាការច្រូតឬ? បើគាត់ព្យាបាលមនុស្សឈឺ តើគាត់កំពុងតែធ្វើការឬ? ដើម្បីឆ្លើយសំនួរបែបនេះ អ្នកដឹកនាំសាសនាបានបង្កើតវិន័យដ៏តឹងរ៉ឹងនិងល្អិតល្អន់។
១១, ១២. តើព្រះយេស៊ូបានប្រឆាំងនឹងទំនៀមទំលាប់មិនសមស្របតាមបទគម្ពីររបស់ពួកផារិស៊ីយ៉ាងដូចម្ដេច?
១១ ក្នុងសភាពតឹងរ៉ឹងនេះ តើព្រះយេស៊ូអាចជួយមនុស្សឲ្យយល់ពីយុត្ដិធម៌យ៉ាងដូចម្ដេចបាន? ព្រះយេស៊ូបានប្រឆាំងអ្នកដឹកនាំសាសនាទាំងនេះយ៉ាងក្លាហាន តាមរយៈសេចក្ដីបង្រៀននិងការប្រព្រឹត្តរបស់ទ្រង់។ មុនបង្អស់ សូមពិចារណាសេចក្ដីបង្រៀនខ្លះៗរបស់ទ្រង់។ ទ្រង់បានផ្ដន្ទាទោសពួកគេដោយសារវិន័យជាច្រើនរាប់មិនអស់ដែលពួកគេបានបង្កើត។ ទ្រង់មានបន្ទូលថា៖«អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា»។—ម៉ាកុស ៧:១៣, ខ.ស.
១២ ព្រះយេស៊ូបានបង្ហាញឲ្យឃើញជាក់ច្បាស់ថា ពួកផារិស៊ីបង្រៀនខុសអំពីច្បាប់ថ្ងៃឈប់សំរាកនិង មិនយល់សារៈសំខាន់នៃក្រិត្យវិន័យទាល់តែសោះ។ ទ្រង់ក៏បានពន្យល់ដែរថា ព្រះមេស្ស៊ីគឺ«ម្ចាស់លើថ្ងៃឈប់សំរាក» ហេតុនេះទ្រង់មានសិទ្ធិព្យាបាលមនុស្សនៅថ្ងៃឈប់សំរាកដែរ។ (ម៉ាថាយ ១២:៨) ដើម្បីបញ្ជាក់ចំណុចនេះឲ្យបានច្បាស់ នោះទ្រង់បានធ្វើអព្ភូតហេតុព្យាបាលមនុស្សជាចំហនៅថ្ងៃឈប់សំរាក។ (លូកា ៦:៧-១០) ការព្យាបាលទាំងនេះបង្ហាញឲ្យឃើញទុកជាមុនពីអ្វីដែលទ្រង់នឹងធ្វើនៅទូទាំងផែនដី ក្នុងកំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់ទ្រង់។ គ្រាមួយពាន់ឆ្នាំនោះឯង គឺជាថ្ងៃឈប់សំរាកធំបំផុត ដ្បិតនៅពេលនោះ មនុស្សស្មោះភក្ដីទាំងឡាយនឹងអាចសំរាកបាន ដោយរួចពីការស៊ូទ្រាំអស់រាប់ពាន់ឆ្នាំមកហើយនឹងបន្ទុកដ៏ធ្ងន់ដែលមកពីបាបនិងសេចក្ដីស្លាប់។
១៣. តើក្រិត្យវិន័យអ្វីបានតាំងឡើងដោយសារកិច្ចបំរើរបស់ព្រះគ្រីស្ទនៅលើផែនដី? តើក្រិត្យវិន័យនេះខុសគ្នាពីក្រិត្យវិន័យលោកម៉ូសេយ៉ាងណា?
១៣ ព្រះយេស៊ូក៏បានបញ្ជាក់ឲ្យយល់យុត្ដិធម៌យ៉ាងច្បាស់ដែរ តាមរយៈច្បាប់ថ្មីមួយដែលហៅថា«ក្រិត្យវិន័យនៃព្រះគ្រីស្ទ» ដែលបានតាំងឡើងក្រោយទ្រង់បញ្ចប់កិច្ចបំរើនៅលើផែនដី។ (កាឡាទី ៦:២) ច្បាប់នេះគឺខុសគ្នាពីក្រិត្យវិន័យលោកម៉ូសេ ដ្បិតច្បាប់ថ្មីនេះគ្មានមូលដ្ឋានលើបញ្ញត្ដិជាលាយលក្ខណ៍អក្សរទេ តែផ្អែកលើគោលការណ៍វិញ។ ក៏ប៉ុន្តែ ច្បាប់ថ្មីនេះរួមបញ្ចូលបញ្ញត្ដិចំៗខ្លះដែរ។ មានបញ្ញត្ដិមួយដែលព្រះយេស៊ូមានបន្ទូលហៅថា«សេចក្ដីបញ្ញត្ត១ថ្មី»។ ទ្រង់បានបង្រៀនអ្នកទាំងឡាយដែលកាន់តាមទ្រង់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក ដូចទ្រង់បានស្រឡាញ់ពួកគេដែរ។ (យ៉ូហាន ១៣:៣៤, ៣៥) ដូច្នេះ សេចក្ដីស្រឡាញ់ប្ដូរស្លាប់រស់ត្រូវជាទីសម្គាល់របស់អ្នកដែលប្រព្រឹត្តសមស្របតាម«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»។
ការប្រព្រឹត្តដែលជាគំរូបង្ហាញពីយុត្ដិធម៌
១៤, ១៥. តើព្រះយេស៊ូបានបង្ហាញយ៉ាងដូចម្ដេចថាទ្រង់ទទួលស្គាល់កំរិតនៃអំណាចទ្រង់? ហេតុអ្វីនេះធ្វើឲ្យយើងទុកចិត្តទៅលើទ្រង់?
១៤ ព្រះយេស៊ូមិនគ្រាន់តែបានបង្រៀនអំពីសេចក្ដីស្រឡាញ់ប៉ុណ្ណោះទេ តែទ្រង់បានប្រព្រឹត្តតាម«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»។ គន្លងជីវិតទាំងមូលរបស់ទ្រង់សមស្របតាមក្រិត្យវិន័យនោះ។ សូមពិចារណារបៀបបីយ៉ាងដែលគំរូរបស់ព្រះយេស៊ូបញ្ជាក់ឲ្យយល់យុត្ដិធម៌។
១៥ ទីមួយ ព្រះយេស៊ូបានជៀសវាងយ៉ាងប្រយ័ត្នប្រយែងពីការប្រព្រឹត្តដោយអយុត្ដិធម៌។ ប្រហែលជាអ្នកសង្កេតឃើញថា ភាពអយុត្ដិធម៌ជាច្រើន បណ្ដាលមកពីមនុស្សឥតគ្រប់ល័ក្ខណ៍ដែលទៅជាក្រអឺតក្រទមនិងប្រព្រឹត្តហួសតួនាទីខ្លួន។ ព្រះយេស៊ូមិនបានធ្វើដូច្នេះទេ។ នៅគ្រាមួយ បុរសម្នាក់បានសុំព្រះយេស៊ូថា៖«លោកគ្រូ! សូមលោកប្រាប់បងខ្ញុំ ឲ្យគាត់ចែកមរដកមកខ្ញុំផង»។ តើព្រះយេស៊ូបានមានបន្ទូលឆ្លើយដូចម្ដេច? «ឱអ្នកអើយ! តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សំរាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា?»។ (លូកា ១២:១៣, ១៤) នេះគឺអស្ចារ្យណាស់ មែនទេ? ព្រះយេស៊ូមានសតិបញ្ញា សមត្ថភាពរិះគិត និងអំណាចច្រើនជាងមនុស្សណាម្នាក់នៅលើផែនដី។ ប៉ុន្តែ ទ្រង់មិនព្រមជ្រៀតជ្រែកក្នុងរឿងនេះឡើយ ពីព្រោះទ្រង់មិនបានទទួលអំណាចដើម្បីត្រួតពិនិត្យរឿងបែបនេះទេ។ តាំងពីដំបូងមក ព្រះយេស៊ូធ្លាប់មានព្រះទ័យរាបទាបដូចនេះ សូម្បីតែនៅរាប់ពាន់ឆ្នាំមុនទ្រង់យាងមកផែនដីជាមនុស្សជាតិក៏ដោយ។ (យូដាស ៩) គុណសម្បត្ដិរបស់ព្រះយេស៊ូសឲ្យឃើញជាក់ ដោយសារទ្រង់ទុកចិត្តយ៉ាងរាបទាបទៅលើព្រះយេហូវ៉ាក្នុងការសម្រេចថាអ្វីជាយុត្ដិធម៌។
១៦, ១៧. (ក) តើព្រះយេស៊ូបានបង្ហាញភាពយុត្ដិធម៌យ៉ាងដូចម្ដេចក្នុងការផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ? (ខ) តើព្រះយេស៊ូបានបង្ហាញយ៉ាងដូចម្ដេចថាយុត្ដិធម៌របស់ទ្រង់ប្រកបទៅដោយសេចក្ដីមេត្ដាករុណា?
១៦ ទីពីរ ព្រះយេស៊ូបានផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដោយយុត្ដិធម៌។ ទ្រង់មិនបានរើសមុខអ្នកណាទេ។ ផ្ទុយទៅវិញ ទ្រង់បានព្យាយាមជួបមនុស្សគ្រប់រូប មិនថាគេជាមនុស្សក្រឬអ្នកមានក៏ដោយ។ ទ្រង់គឺខុសគ្នាពីពួកផារិស៊ី ដ្បិតពួកគេមើលងាយអ្នកក្រសាមញ្ញដោយហៅពួកគេអាម-ហា-អា-រិត ដែលបានន័យថា«ប្រជាជននៅក្នុងស្រុក»។ ព្រះយេស៊ូបានកែតម្រូវភាពអយុត្ដិធម៌នោះយ៉ាងក្លាហាន។ ពេលទ្រង់បង្រៀនមនុស្សនូវដំណឹងល្អ ឬទទួលទានជាមួយពួកគេ ឬក៏ប្រទានអាហារ ឬមួយក៏ព្យាបាលឬប្រោសឲ្យពួកគេរស់ឡើងវិញ នោះទ្រង់បានកាន់តាមភាពយុត្ដិធម៌របស់ព្រះដែលចង់ជួយ«មនុស្សទាំងអស់»។c—ធីម៉ូថេទី១ ២:៤
១៧ ទីបី ភាពយុត្ដិធម៌របស់ព្រះយេស៊ូប្រកបទៅដោយសេចក្ដីមេត្ដាករុណា។ ទ្រង់បានព្យាយាមជួយអ្នកដែលប្រព្រឹត្តអំពើបាប។ (ម៉ាថាយ ៩:១១-១៣) ទ្រង់បានប្រុងប្រៀបជានិច្ចដើម្បីជួយមនុស្សដែលមិនអាចការពារខ្លួនឯង។ ជាឧទាហរណ៍ ព្រះយេស៊ូមិនគាំទ្រពួកផារិស៊ីក្នុងការបង្រៀនមនុស្សឲ្យស្អប់ជនជាតិដទៃឡើយ។ ទ្រង់បានបង្ហាញសេចក្ដីមេត្ដាករុណាដោយជួយនិងបង្រៀនជនជាតិដទៃខ្លះៗ ទោះជាភារកិច្ចចំបងរបស់ទ្រង់គឺជាការជួយជនជាតិយូដាក៏ដោយ។ ទ្រង់ក៏បានព្រមព្យាបាលដោយអព្ភូតហេតុនូវបាវបំរើរបស់ទាហានរ៉ូមម្នាក់ ដោយទ្រង់ពោលថា៖«ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះនៅស្រុកអ៊ីស្រាអែលឡើយ»។—ម៉ាថាយ ៨:៥-១៣, ខ.ស.
១៨, ១៩. (ក) តើយ៉ាងដូចម្ដេចដែលព្រះយេស៊ូបានធ្វើឲ្យស្ត្រីមានសេចក្ដីថ្លៃថ្នូរនិងកិត្ដិយស? (ខ) តើគំរូរបស់ព្រះយេស៊ូជួយយើងយល់ទំនាក់ទំនងរវាងចិត្តក្លាហាននិងយុត្ដិធម៌យ៉ាងដូចម្ដេច?
១៨ ស្រដៀងគ្នាដែរ ព្រះយេស៊ូមិនបានគាំទ្រទស្សនៈដែលមនុស្សទូទៅមានចំពោះស្ត្រី។ ផ្ទុយទៅវិញ ទ្រង់បានបង្ហាញភាពក្លាហានប្រព្រឹត្តដោយយុត្ដិធម៌ទៅលើស្ត្រី។ ស្ត្រីសាសន៍សាម៉ារីត្រូវគេចាត់ទុកជាមនុស្សស្មោកគ្រោកដូចជនជាតិឯទៀត។ ប៉ុន្តែ ព្រះយេស៊ូមិនបានស្ទាក់ស្ទើរក្នុងការផ្សព្វផ្សាយឲ្យស្ត្រីសាសន៍សាម៉ារីម្នាក់ស្ដាប់ដំណឹងល្អនៅអណ្ដូងទឹកនាក្រុងស៊ូខារ។ ការពិត លើកដំបូងដែលព្រះយេស៊ូបង្ហាញដោយចំហថាទ្រង់ជាព្រះមេស្ស៊ីដែលត្រូវសន្យាមកនោះ គឺពេលទ្រង់មានបន្ទូលដល់ស្ត្រីនេះឯង។ (យ៉ូហាន ៤:៦, ២៥, ២៦) ពួកផារិស៊ីបាននិយាយថា គ្មានអ្នកណាគួរបង្រៀនស្ត្រីអំពីច្បាប់របស់ព្រះឡើយ ប៉ុន្តែ ព្រះយេស៊ូបានចំណាយពេលនិងព្រះកាយពលច្រើនក្នុងការបង្រៀនស្ត្រី។ (លូកា ១០:៣៨-៤២) ទោះជាទំនៀមទំលាប់យូដាថាស្ត្រីមិនគួរឲ្យទុកចិត្តក្នុងការធ្វើជាសាក្សីក៏ដោយ ព្រះយេស៊ូបានប្រទានកិត្ដិយសចំពោះស្ត្រីមួយចំនួនឲ្យមានឯកសិទ្ធិឃើញទ្រង់មុនអ្នកឯទៀត ក្រោយទ្រង់ត្រូវបានប្រោសឲ្យរស់ឡើងវិញនោះ។ ទ្រង់ក៏បានមានបន្ទូលប្រាប់ស្ត្រីទាំងនេះឲ្យទៅប្រាប់ពួកបុរសដែលជាសិស្សរបស់ទ្រង់អំពីព្រឹត្ដិការណ៍ដ៏សំខាន់នេះ!—ម៉ាថាយ ២៨:១-១០
១៩ ពិតណាស់ ព្រះយេស៊ូបានបង្រៀនសាសន៍ទាំងឡាយឲ្យដឹងពីអ្វីដែលហៅថាយុត្ដិធម៌។ ក្នុងករណីជាច្រើន ទ្រង់អាចជួបគ្រោះថ្នាក់ដោយធ្វើដូច្នេះ។ គំរូរបស់ព្រះយេស៊ូជួយយើងយល់ថា ការគាំទ្រយុត្ដិធម៌ពិតតម្រូវឲ្យយើងមានចិត្តក្លាហាន។ គឺសមរម្យណាស់ដែលទ្រង់ត្រូវហៅជា«សត្វសិង្ហដែលកើតពីពូជអំបូរយូដា»។ (វិវរណៈ ៥:៥) សូមចាំថាសត្វសិង្ហជាតំណាងយុត្ដិធម៌ដ៏ក្លាហាន។ ប៉ុន្តែ ក្នុងអនាគតឆាប់ៗនេះ ព្រះយេស៊ូនឹងធ្វើឲ្យមានយុត្ដិធម៌ដល់កំរិតធំជាងនេះទៅទៀត។ ក្នុងន័យពេញលេញ ទ្រង់នឹងតាំងឲ្យមាន«យុត្ដិធម៌ឡើងនៅផែនដី»។—អេសាយ ៤២:៤
ស្តេចដែលជាព្រះមេស្ស៊ី«តាំងសេចក្ដីយុត្ដិធម៌ឡើងនៅផែនដី»
២០, ២១. នៅសម័យយើងនេះ តើព្រះមេស្ស៊ីដែលជាស្តេចបានតាំងយុត្ដិធម៌ទូទាំងផែនដីនិងនៅក្នុងក្រុមជំនុំគ្រីស្ទានយ៉ាងដូចម្ដេច?
២០ តាំងពីឆ្នាំ១៩១៤មកម្ល៉េះ ពេលព្រះយេស៊ូក្លាយជាស្តេចដែលជាព្រះមេស្ស៊ី ទ្រង់បានបណ្ដាលឲ្យមានយុត្ដិធម៌នៅផែនដី។ តើយ៉ាងដូចម្ដេច? ទ្រង់បានធានាថាម៉ាថាយ ២៤:១៤ នឹងបានសម្រេច។ អ្នកកាន់តាមព្រះយេស៊ូនៅផែនដី បានបង្រៀនមនុស្សគ្រប់សាសន៍នូវសេចក្ដីពិតអំពីព្រះរាជាណាចក្ររបស់ព្រះ។ ដូចព្រះយេស៊ូដែរ ពួកគេបានបង្រៀនដោយមិនរើសមុខនិងដោយយុត្ដិធម៌ ក្នុងបំណងផ្ដល់ឲ្យមនុស្សគ្រប់រូបមានឱកាសស្គាល់ព្រះយេហូវ៉ាដែលជាព្រះនៃយុត្ដិធម៌ មិនថាក្មេង មនុស្សចាស់ អ្នកក្រ អ្នកមាន ប្រុសឬស្រីក្ដី។
២១ ព្រះយេស៊ូក៏តាំងយុត្ដិធម៌នៅក្នុងក្រុមជំនុំគ្រីស្ទានដែរ ដែលនៅក្រោមការដឹកនាំរបស់ទ្រង់។ ដូចបានត្រូវទាយទុកជាមុន ទ្រង់ប្រទាន«អំណោយទានជាមនុស្ស» ពោលគឺអ្នកចាស់ទុំស្មោះភក្ដីក្នុងក្រុមជំនុំគ្រីស្ទានពិត ដែលនាំមុខក្នុងក្រុមជំនុំ។ (អេភេសូរ ៤:៨-១២, ព.ថ.) ក្នុងការឃ្វាលហ្វូងចៀមជាទីស្រឡាញ់របស់ព្រះ បុរសទាំងនេះធ្វើតាមគំរូរបស់ព្រះយេស៊ូក្នុងការតាំងយុត្ដិធម៌។ ពួកគេចងចាំជានិច្ចថា ព្រះយេស៊ូចង់ឲ្យពួកគេប្រព្រឹត្តទៅលើចៀមរបស់ទ្រង់ដោយយុត្ដិធម៌ មិនថាមានឋានៈ មុខមាត់ ឬទ្រព្យសម្បត្ដិប៉ុនណាក៏ដោយ។
២២. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះភាពអយុត្ដិធម៌ដែលមានទូទាំងពិភពលោកសព្វថ្ងៃនេះ? តើទ្រង់បានតែងតាំងរាជបុត្រារបស់ទ្រង់ដើម្បីធ្វើអ្វី?
២២ នៅអនាគតឆាប់ៗខាងមុខនេះ ព្រះយេស៊ូនឹងតាំងយុត្ដិធម៌នៅផែនដីដល់កំរិតដែលមិនធ្លាប់មានទេ។ ភាពអយុត្ដិធម៌មានទូទៅក្នុងរបបលោកីយ៍ដ៏ពុករលួយនេះ។ កុមារគ្រប់រូបដែលស្លាប់ព្រោះអត់អាហារ ជាជនរងគ្រោះដោយអយុត្ដិធម៌មិនអាចអត់ឱនបាន ជាពិសេសពេលយើងគិតអំពីលុយនិងពេលច្រើនឥតគណនាដែលត្រូវចំណាយទៅលើការផលិតអាវុធសំរាប់សង្គ្រាមនិងការភ្លើតភ្លើនកំសាន្តចិត្តគិតតែពីការសប្បាយរបស់ខ្លួន។ មនុស្សរាប់លាននាក់ដែលស្លាប់ដោយមិនចាំបាច់ជារៀងរាល់ឆ្នាំនោះ ក៏ជាភាពអយុត្ដិធម៌មួយក្នុងចំណោមភាពអយុត្ដិធម៌ជាច្រើនឯទៀតដែលធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់។ ព្រះយេហូវ៉ាបានតែងតាំងព្រះយេស៊ូដើម្បីច្បាំងនឹងរបបលោកីយ៍ដ៏អាក្រក់នេះ ក្នុងបំណងបំបាត់ចោលនូវភាពអយុត្ដិធម៌មួយដងជាការស្រេច។—វិវរណៈ ១៦:១៤, ១៦; ១៩:១១-១៥
២៣. ក្រោយសង្គ្រាមអើម៉ាគេដូន តើព្រះគ្រីស្ទនឹងតាំងយុត្ដិធម៌អស់កល្បជានិច្ចយ៉ាងដូចម្ដេច?
២៣ ប៉ុន្តែ យុត្ដិធម៌របស់ព្រះយេហូវ៉ាមិនគ្រាន់តែរួមបញ្ចូលការបំផ្លាញមនុស្សអាក្រក់ប៉ុណ្ណោះទេ។ ទ្រង់ក៏បានតែងតាំងរាជបុត្រារបស់ទ្រង់ឲ្យគ្រប់គ្រងជា«ម្ចាស់នៃមេត្រីភាព»។ ក្រោយពីសង្គ្រាមអើម៉ាគេដូន ការគ្រប់គ្រងរបស់ព្រះយេស៊ូនិងបង្កើតសេចក្ដីសុខសាន្តទូទាំងផែនដី ហើយទ្រង់នឹងគ្រប់គ្រង«ដោយសេចក្ដីយុត្ដិធម៌»។ (អេសាយ ៩:៦, ៧) ពេលនោះព្រះយេស៊ូនឹងរីករាយក្នុងការបំបាត់នូវភាពអយុត្ដិធម៌ដែលបានធ្វើឲ្យមនុស្សជាតិជាច្រើនរងទុក្ខលំបាកឥតល្ហែ។ ទ្រង់នឹងគាំទ្រដោយស្មោះភក្ដីនូវយុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ាជារៀងរហូត។ ហេតុនេះហើយជាការសំខាន់ណាស់ដែលយើងព្យាយាមធ្វើតាមយុត្ដិធម៌របស់ព្រះយេហូវ៉ាពីឥឡូវនេះ។ សូមមើលនូវរបៀបដែលយើងអាចធ្វើដូច្នេះបាន។
a ក្នុងការសម្ដែងសេចក្ដីខ្ញាល់ ព្រះយេស៊ូគឺដូចព្រះយេហូវ៉ាដែរ ពីព្រោះព្រះ«មានពេញដោយសេចក្ដីក្រោធ»ចំពោះសេចក្ដីទុច្ចរិតសព្វបែបយ៉ាងទាំងអស់។ (ណាហ៊ុម ១:២) ជាឧទាហរណ៍ ក្រោយព្រះយេហូវ៉ាមានបន្ទូលប្រាប់រាស្ត្រដ៏រឹងរូសរបស់ទ្រង់ថា ពួកគេបានធ្វើឲ្យដំណាក់របស់ទ្រង់«ត្រឡប់ជារោងចោរ» នោះទ្រង់មានបន្ទូលបន្តថា៖«សេចក្ដីកំហឹង នឹងសេចក្ដីក្រោធរបស់អញ នឹងបានចាក់មកលើទីនេះ»។—យេរេមា ៧:១១, ២០
b យោងទៅតាមគម្ពីរមីស្នា ប៉ុន្មានឆ្នាំក្រោយមកប្រជាជនបានធ្វើបាតុកម្មដោយសារតម្លៃថ្លៃហួសពេកនៃសត្វលលកដែលត្រូវលក់នៅព្រះវិហារ។ ភ្លាមៗនោះ តម្លៃលលកបានត្រូវចុះ៩៩ភាគរយ! តើអ្នកណាដែលបានចំណេញច្រើនជាងគេពីការលក់ដូរដែលទទួលកំរៃច្រើននេះ? ប្រវត្ដិវិទូខ្លះបានប្រមើលឃើញថា ផ្សារនៅក្នុងព្រះវិហារជារបស់ក្រុមគ្រួសារសម្ដេចសង្ឃ អាណ ជាហេតុដែលក្រុមគ្រួសារនោះមានទ្រព្យសម្បត្ដិច្រើនហូរហៀរ។—យ៉ូហាន ១៨:១៣
c ផ្ទុយទៅវិញពួកផារិស៊ីបានចាត់ទុកមនុស្សក្រខ្សត់ដែលមិនស្គាល់ក្រិត្យវិន័យជាមនុស្ស «ត្រូវបណ្ដាសា»។ (យ៉ូហាន ៧:៤៩) ពួកផារិស៊ីក៏បាននិយាយថា មនុស្សមិនគួរបង្រៀនអ្នកទាំងនេះឬលក់ដូរឬក៏បរិភោគឬអធិស្ឋានជាមួយពួកគេទេ។ ហើយការអនុញ្ញាតឲ្យកូនស្រីរបស់ខ្លួនរៀបការជាមួយអ្នកណាម្នាក់បែបនេះគឺអាក្រក់ជាងចោលកូនឲ្យសត្វសាហាវស៊ីទៅទៀត។ ពួកផារិស៊ីក៏បានជឿថា អ្នកទាំងនេះមិនអាចទទួលការប្រោសឲ្យរស់ឡើងវិញឡើយ។
-
-
ចូរ«ប្រព្រឹត្តតាមយុត្ដិធម៌»ក្នុងការដើរជាមួយព្រះចូរចូលទៅជិតព្រះយេហូវ៉ា
-
-
ជំពូកទី១៦
ចូរ«ប្រព្រឹត្តតាមយុត្ដិធម៌»ក្នុងការដើរជាមួយព្រះ
១-៣. (ក) ហេតុអ្វីបានជាយើងជំពាក់គុណចំពោះព្រះយេហូវ៉ា? (ខ) តើអ្នកសង្គ្រោះរបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់សុំអ្វីជាការតបស្នងសងគុណ?
សូមគិតក្នុងចិត្តថា អ្នកនៅលើទូកមួយដែលកំពុងតែលិចទៅក្នុងទឹក ហើយរកផ្លូវរួចរស់ជីវិតពុំបាន។ ពេលអ្នកអស់សង្ឃឹមហើយ ស្រាប់តែមានអ្នកសង្គ្រោះម្នាក់មកជួយយកអ្នកចេញពីទឹកដាក់ក្នុងទូកសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់។ អ្នកពិតជាធូរទ្រូងណាស់ ពេលអ្នកសង្គ្រោះដឹកអ្នកឲ្យទៅឆ្ងាយពីកន្លែងគ្រោះថ្នាក់ និងប្រាប់ថា៖«អ្នកមានសុវត្ថិភាពហើយ!»។ អ្នកពិតជាដឹងគុណគាត់ណាស់ មែនទេ? ការពិតអ្នកជំពាក់ជីវិតគាត់។
២ នេះគឺស្រដៀងគ្នានឹងអ្វីដែលព្រះយេហូវ៉ាបានប្រព្រឹត្តដើម្បីយើង។ យើងពិតជាជំពាក់គុណទ្រង់មែន។ យ៉ាងណាមិញ ទ្រង់បានផ្ដល់តម្លៃលោះ ឲ្យយើងមានលទ្ធភាពទទួលសេចក្ដីសង្គ្រោះឲ្យរួចពីក្រញាំនៃបាបនិងសេចក្ដីស្លាប់។ យើងមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព ពីព្រោះយើងដឹងថាអំពើបាបរបស់យើងត្រូវអត់ឱន ហើយយើងនឹងមានជីវិតជារៀងរហូតនៅអនាគតជាក់ជាពុំខាន ដរាបណាដែលយើងបង្ហាញនូវជំនឿរបស់យើងទៅលើយញ្ញបូជាលោះដ៏ថ្លៃវិសេសនេះ។ (យ៉ូហានទី១ ១:៧; ៤:៩) ដូចដែលយើងបានរៀនក្នុងជំពូកទី១៤ ព្រះយេហូវ៉ាបានសម្ដែងនូវសេចក្ដីស្រឡាញ់និងយុត្ដិធម៌ដ៏ខ្ពង់ខ្ពស់បំផុតតាមរយៈតម្លៃលោះ។ តើយើងគួរតបស្នងសងគុណទ្រង់យ៉ាងណា?
៣ គួរគប្បីឲ្យយើងពិចារណានូវអ្វីដែលអ្នកសង្គ្រោះរបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ បានសុំយើងដោយផ្ទាល់ឲ្យតបស្នងសងគុណចំពោះទ្រង់។ ព្រះយេហូវ៉ាមានបន្ទូលតាមរយៈព្យាការីមីកាថា៖‹ឱមនុស្សអើយ! ព្រះបានបង្ហាញឲ្យអ្នកស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យអ្នកប្រព្រឹត្តដូចម្ដេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត[«ប្រព្រឹត្តតាមយុត្ដិធម៌», ព.ថ.] ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ?›។ (មីកា ៦:៨) សូមកត់សម្គាល់ថា អ្វីមួយដែលព្រះយេហូវ៉ាសុំយើងប្រព្រឹត្តជាការតបស្នងសងគុណនោះ គឺ«ប្រព្រឹត្តតាមយុត្ដិធម៌»។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
ការស្វែងរក‹សេចក្ដីសុចរិតដ៏ពិត›
៤. តើយើងដឹងថាព្រះយេហូវ៉ាតម្រូវឲ្យយើងរស់នៅសមស្របទៅតាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់យ៉ាងដូចម្ដេច?
៤ ព្រះយេហូវ៉ាតម្រូវឲ្យយើងរស់នៅសមស្របទៅតាមខ្នាតតម្រារបស់ទ្រង់ស្តីអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ ដោយព្រោះខ្នាតតម្រារបស់ទ្រង់ប្រកបទៅដោយយុត្ដិធម៌និងសេចក្ដីសុចរិតនោះ យើងកំពុងតែស្វែងរកយុត្ដិធម៌និងសេចក្ដីសុចរិតនៅពេលយើងអនុលោមទៅតាមខ្នាតតម្រាទាំងនេះ។ អេសាយ ១:១៧ ចែងថា៖«[ចូរ]រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្ដិធម៌»។ ព្រះបន្ទូលរបស់ព្រះដាស់តឿនយើងឲ្យ«ស្វែងរកសេចក្ដីសុចរិត»។ (សេផានា ២:៣) ព្រះបន្ទូលរបស់ព្រះក៏ជំរុញយើងឲ្យ«ប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ[ឬ«បុគ្គលិកលក្ខណៈថ្មី», ព.ថ.] ដែលកើតមកក្នុងសេចក្ដីសុចរិត . . . របស់ផងសេចក្ដីពិត តាមភាពព្រះ»។ (អេភេសូរ ៤:២៤) សេចក្ដីសុចរិតឬយុត្ដិធម៌ពិតជំរុញយើងឲ្យចៀសចេញពីអំពើឃោរឃៅ អំពើស្មោកគ្រោក និងអំពើអសីលធម៌ ដ្បិតអំពើទាំងនេះបំពានលើគោលការណ៍បរិសុទ្ធ។—ទំនុកដំកើង ១១:៥; អេភេសូរ ៥:៣-៥
៥, ៦. (ក) ហេតុអ្វីបានជាការអនុលោមទៅតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាមិនមែនជាបន្ទុកដ៏ធ្ងន់ចំពោះយើង? (ខ) តើព្រះគម្ពីរបង្ហាញឲ្យដឹងថាការស្វែងរកសេចក្ដីសុចរិតជាទង្វើមួយដែលមានបន្តជានិច្ចយ៉ាងដូចម្ដេច?
៥ តើការអនុលោមទៅតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាជាបន្ទុកធ្ងន់ចំពោះយើងឬទេ? អត់ទេ! បើយើងមានទឹកចិត្តចង់ចូលទៅជិតព្រះយេហូវ៉ានោះ យើងមិនចាត់ទុកសេចក្ដីតម្រូវរបស់ទ្រង់ជាអ្វីគួរឲ្យធុញទ្រាន់ទេ។ ដោយព្រោះយើងស្រឡាញ់ព្រះរបស់យើងនិងគុណសម្បត្ដិទាំងប៉ុន្មានរបស់ទ្រង់ នោះក្នុងជីវិតយើងៗចង់ធ្វើអ្វីដែលពេញព្រះហឫទ័យទ្រង់។ (យ៉ូហានទី១ ៥:៣) សូមចាំថា ព្រះយេហូវ៉ា«ស្រឡាញ់សេចក្ដីសុចរិត»។ (ទំនុកដំកើង ១១:៧) ប្រសិនបើយើងពិតជានឹងយកតម្រាប់តាមភាពយុត្ដិធម៌ឬសេចក្ដីសុចរិតរបស់ទ្រង់ យើងត្រូវតែបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះអ្វីដែលព្រះយេហូវ៉ាស្រឡាញ់ និងស្អប់អ្វីដែលព្រះយេហូវ៉ាស្អប់។—ទំនុកដំកើង ៩៧:១០
៦ សំរាប់មនុស្សឥតគ្រប់ល័ក្ខណ៍ ការស្វែងរកសេចក្ដីសុចរិតគឺមិនងាយស្រួលទេ។ យើងត្រូវតែដោះមនុស្សចាស់ឬបុគ្គលិកលក្ខណៈចាស់ចោលចេញ ជាមួយអំពើបាបដែលលក្ខណៈទាំងនោះជំរុញឲ្យប្រព្រឹត្ត ហើយបំពាក់ដោយបុគ្គលិកលក្ខណៈថ្មីវិញ។ ព្រះគម្ពីរចែងថា បុគ្គលិកលក្ខណៈថ្មី«កំពុងតែកែឡើង»តាមរយៈចំណេះត្រឹមត្រូវ។ (កូល៉ុស ៣:៩, ១០) ពាក្យភាសាដើមដែលត្រូវបកប្រែថា«កំពុងតែកែឡើង»បញ្ជាក់ថា ការបំពាក់បុគ្គលិកលក្ខណៈថ្មី ជាទង្វើមួយដែលមានបន្តជានិច្ច និងនេះតម្រូវឲ្យយើងខំប្រឹងព្យាយាម។ មិនថាយើងខំប្រឹងធ្វើល្អយ៉ាងណាក៏ដោយ មានពេលខ្លះបាបបណ្ដាលឲ្យយើងជំពប់ ដោយគំនិត ពាក្យសំដីឬក៏ការប្រព្រឹត្ត។—រ៉ូម ៧:១៤-២០; យ៉ាកុប ៣:២
៧. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការភ្លាត់ធ្វើខុសកាលដែលយើងកំពុងព្យាយាមស្វែងរកសេចក្ដីសុចរិត?
៧ តើយើងគួរមានទស្សនៈយ៉ាងណានៅពេលយើងភ្លាត់ធ្វើខុស កាលដែលកំពុងព្យាយាមស្វែងរកសេចក្ដីសុចរិតនោះ? យើងមិនចង់ចាត់ទុកអំពើបាបជារឿងស្រាលនោះទេ។ ក៏ប៉ុន្តែ យើងក៏មិនត្រូវចុះចាញ់ដោយគិតថាកំហុសរបស់យើងធ្វើឲ្យយើងមិនសមជាអ្នកបំរើព្រះយេហូវ៉ានោះដែរ។ ព្រះរបស់យើងដែលប្រកបទៅដោយក្ដីសន្ដោសប្រណីបានរៀបចំឲ្យអ្នកដែលប្រែចិត្តដោយស្មោះ មានវិធីចាប់ផ្ដើមទទួលព្រះគុណអំពីទ្រង់ម្ដងទៀត។ សូមពិចារណាពំនោលរបស់សាវ័កយ៉ូហានដែលធ្វើឲ្យយើងមានទំនុកចិត្ត។ គាត់ថា៖«ខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត»។ ប៉ុន្តែ រួចមកគាត់បានសរសេរបន្ថែមដោយបញ្ជាក់ការពិតថា៖ «តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ[ដោយសារភាពឥតគ្រប់ល័ក្ខណ៍ដែលយើងទទួលជាមរតក] នោះយើងមាន[អ្នក]ជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ»។ (យ៉ូហានទី១ ២:១) ពិតមែនហើយ ព្រះយេហូវ៉ាបានប្រទានតម្លៃលោះរបស់ព្រះយេស៊ូ ដើម្បីឲ្យយើងមានលទ្ធភាពបំរើទ្រង់តាមរបៀបដែលទ្រង់សព្វព្រះហឫទ័យ ទោះជាយើងមានបាបក៏ដោយ។ ចំណុចនេះពិតជាជំរុញទឹកចិត្តយើងឲ្យខំធ្វើអស់ពីសមត្ថភាពដើម្បីផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា មែនទេ?
ដំណឹងល្អនិងយុត្ដិធម៌របស់ព្រះ
៨, ៩. តើការផ្សព្វផ្សាយដំណឹងល្អបញ្ជាក់យុត្ដិធម៌របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៨ យើងអាចប្រព្រឹត្តតាមយុត្ដិធម៌។ តាមការពិតយើងអាចរហូតដល់យកតម្រាប់តាមយុត្ដិធម៌របស់ព្រះទៅទៀត ដោយចូលរួមយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយឲ្យអ្នកដទៃឮដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ។ តើយុត្ដិធម៌របស់ព្រះនិងដំណឹងល្អជាប់ទាក់ទងគ្នាយ៉ាងដូចម្ដេច?
៩ ព្រះយេហូវ៉ានឹងមិនបំផ្លាញរបបលោកីយ៍អាក្រក់នេះចោលទេ បើមិនមានការប្រកាសដើម្បីព្រមានមនុស្សទុកជាមុន។ ក្នុងទំនាយរបស់ព្រះយេស៊ូស្តីអំពីអ្វីដែលនឹងកើតឡើងក្នុងកំឡុងថ្ងៃចុងក្រោយបង្អស់នោះ ទ្រង់បានមានបន្ទូលថា៖«ឯដំណឹងល្អ នឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន»។ (ម៉ាកុស ១៣:១០; ម៉ាថាយ ២៤:៣) ពាក្យថា«ជាមុនសិន»បានន័យថា នឹងមានព្រឹត្ដិការណ៍ឯទៀតកើតឡើងក្រោយកិច្ចផ្សព្វផ្សាយទូទាំងផែនដី។ ព្រឹត្ដិការណ៍ទាំងនេះមានសេចក្ដីវេទនាជាខ្លាំង ដែលរួមបញ្ចូលការបំផ្លាញនូវមនុស្សទុច្ចរិត ហើយនិងត្រាយផ្លូវឲ្យមានពិភពលោកថ្មីដ៏សុចរិត។ (ម៉ាថាយ ២៤:១៤, ២១, ២២) ប្រាកដណាស់ គ្មានអ្នកណាអាចចោទប្រកាន់ដោយត្រឹមត្រូវថា ព្រះយេហូវ៉ាប្រព្រឹត្តដោយអយុត្ដិធម៌ទៅលើមនុស្សទុច្ចរិតទេ។ ដោយរៀបចំឲ្យមានការព្រមានមនុស្សជាមុន ទ្រង់ផ្ដល់ឱកាសល្មមគ្រប់គ្រាន់ឲ្យមនុស្សទុច្ចរិតកែខ្លួននិងរួចផុតពីការបំផ្លាញចោលនេះ។—យ៉ូណាស ៣:១-១០
យើងបង្ហាញភាពយុត្ដិធម៌របស់ព្រះ ពេលយើងផ្សព្វផ្សាយដំណឹងល្អដោយមិនរើសមុខ
១០, ១១. នៅពេលដែលយើងចូលរួមកិច្ចផ្សាយដំណឹងល្អ តើនេះជាការប្រព្រឹត្តតាមយុត្ដិធម៌របស់ព្រះយ៉ាងដូចម្ដេច?
១០ ពេលយើងផ្សព្វផ្សាយដំណឹងល្អ តើយើងកំពុងប្រព្រឹត្តតាមយុត្ដិធម៌របស់ព្រះយ៉ាងដូចម្ដេច? ទីមួយ យើងគួរគប្បីខំព្យាយាមអស់ពីសមត្ថភាពដើម្បីជួយអ្នកឯទៀតបានសេចក្ដីសង្គ្រោះ។ សូមពិចារណាម្ដងទៀតនូវឧទាហរណ៍ថា អ្នកត្រូវសង្គ្រោះពីទូកលិចទឹក។ ក្រោយអ្នកនៅក្នុងទូកសង្គ្រោះហើយ អ្នកពិតជាចង់ជួយអ្នកឯទៀតដែលនៅក្នុងទឹកនៅឡើយ។ ស្រដៀងគ្នាដែរ យើងមានភារកិច្ចជួយអ្នកដែលនៅពុះពារក្នុងរបបលោកីយ៍អាក្រក់នេះដែលប្រៀបដូចជា«ទឹក»។ សូម្បីតែមនុស្សជាច្រើនបដិសេធសារយើងផ្សាយក៏ពិតមែន តែដរាបណាព្រះយេហូវ៉ាបង្ហាញព្រះទ័យអត់ធ្មត់ យើងមានភារកិច្ចផ្ដល់ឱកាសឲ្យពួកគេ«ប្រែចិត្តវិញ»ហើយទទួលសេចក្ដីសង្គ្រោះ។—ពេត្រុសទី២ ៣:៩
១១ ដោយផ្សព្វផ្សាយដំណឹងល្អដល់មនុស្សគ្រប់រូប យើងបង្ហាញយុត្ដិធម៌តាមរបៀបមួយទៀតដ៏សំខាន់ ពោលគឺយើងបង្ហាញភាពមិនលំអៀង។ សូមចាំថា «ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។ (កិច្ចការ ១០:៣៤, ៣៥) បើយើងយកតម្រាប់តាមយុត្ដិធម៌របស់ទ្រង់ កុំបីឲ្យយើងវាយតម្លៃលើមនុស្សដោយលំអៀងនោះ។ ផ្ទុយទៅវិញ យើងគួរប្រាប់អ្នកដទៃអំពីដំណឹងល្អ មិនថាពួកគេស្ថិតក្នុងថ្នាក់អ្វីក្នុងសង្គម មានសាសន៍អ្វី ឬជាអ្នកមានឬអ្នកក្រក្ដី។ ដោយធ្វើយ៉ាងនេះយើងឲ្យអស់អ្នកដែលព្រមស្ដាប់មានឱកាសឮនិងប្រព្រឹត្តតាមដំណឹងល្អ។—រ៉ូម ១០:១១-១៣
របៀបយើងប្រព្រឹត្តទៅលើអ្នកឯទៀត
១២, ១៣. (ក) ហេតុអ្វីយើងមិនគួរឆាប់ថ្កោលទោសអ្នកដទៃ? (ខ) តើអ្វីជាអត្ថន័យនៃដំបូន្មានរបស់ព្រះយេស៊ូថា«កុំឲ្យថ្កោលទោស»និង«កុំឲ្យនិន្ទា»នោះ? (សូមមើលសម្គាល់ហេតុដែរ)
១២ យើងក៏អាចប្រព្រឹត្តតាមយុត្ដិធម៌ដែរ ដោយប្រព្រឹត្តទៅលើអ្នកឯទៀតដូចព្រះយេហូវ៉ាប្រព្រឹត្តមកលើយើង។ ការថ្កោលទោសអ្នកឯទៀតគឺស្រួលណាស់ ដូចជាការរិះគន់កំហុសនិងការសង្ស័យទៅលើបំណងចិត្តរបស់ពួកគេជាដើម។ ប៉ុន្តែ តើយើងណាម្នាក់ចង់ឲ្យព្រះយេហូវ៉ារិះគន់កំហុសនិងបំណងចិត្តរបស់យើងដោយគ្មានមេត្ដាដូច្នេះឬ? ព្រះយេហូវ៉ាមិនប្រព្រឹត្តមកលើយើងដូច្នេះទេ។ អ្នកតែងទំនុកដំកើងបានកត់សម្គាល់ថា៖«ឱព្រះយេហូវ៉ាអើយ! បើសិនជាទ្រង់កត់ចំណាំអស់ទាំងអំពើទុច្ចរិត នោះ ឱព្រះអម្ចាស់អើយ! តើអ្នកណានឹងធន់នៅបាន?»។ (ទំនុកដំកើង ១៣០:៣) យើងពិតជាដឹងគុណណាស់ ដោយសារព្រះរបស់យើងដែលប្រកបទៅដោយយុត្ដិធម៌ និងសេចក្ដីមេត្ដាករុណាបានសម្រេចព្រះទ័យមិនផ្ចង់អារម្មណ៍ទៅលើកំហុសរបស់យើង មែនទេ? (ទំនុកដំកើង ១០៣:៨-១០) ដូច្នេះ តើយើងគួរប្រព្រឹត្តយ៉ាងណាទៅលើអ្នកឯទៀត?
១៣ បើយើងយល់ថាយុត្ដិធម៌របស់ព្រះប្រកបទៅដោយសេចក្ដីមេត្ដាករុណា នោះយើងនឹងមិនឆាប់ថ្កោលទោសអ្នកឯទៀតក្នុងរឿងដែលមិនទាក់ទងនឹងយើងឬក៏រឿងដែលមិនសូវសំខាន់។ ពេលព្រះយេស៊ូធ្វើធម្មទាននៅលើភ្នំទ្រង់ព្រមានថា៖«កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ»។ (ម៉ាថាយ ៧:១) យោងទៅតាមកំណត់ហេតុរបស់លូកា ព្រះយេស៊ូមានបន្ទូលបន្ថែមថា៖«កុំឲ្យនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ»។a (លូកា ៦:៣៧) ព្រះយេស៊ូបង្ហាញថា ទ្រង់ជ្រាបថាមនុស្សឥតគ្រប់ល័ក្ខណ៍មានភាពទន់ទោរទៅរកការថ្កោលទោសអ្នកដទៃ។ បើអ្នកណាក្នុងចំណោមអ្នកស្ដាប់បន្ទូលទ្រង់ដែលមានទម្លាប់ថ្កោលអ្នកឯទៀតដោយគ្មានមេត្ដានោះ ពួកគេត្រូវឈប់ធ្វើដូច្នេះ។
១៤. តើមានមូលហេតុអ្វីខ្លះបានជាយើងត្រូវ‹ឈប់ថ្កោលទោស›អ្នកដទៃ?
១៤ ហេតុអ្វីបានជាយើងត្រូវ‹ឈប់ថ្កោលទោស›អ្នកដទៃ? ហេតុមួយគឺ អំណាចរបស់យើងមានកំរិត។ សិស្សម្នាក់របស់ព្រះយេស៊ូឈ្មោះយ៉ាកុបរំឭកយើងថា៖«ឯអ្នកដែលតែងក្រិត្យវិន័យ ហើយជំនុំជំរះផង នោះមានតែ១ទេ» ពោលគឺព្រះយេហូវ៉ា។ ដូច្នេះ យ៉ាកុបសួរយ៉ាងចំៗថា៖«តើអ្នកជាអ្វី ដែលថ្កោលទោសអ្នកដទៃនោះ?»។ (យ៉ាកុប ៤:១២; រ៉ូម ១៤:១-៤) ម្យ៉ាងទៀត ភាពឥតគ្រប់ល័ក្ខណ៍របស់យើងអាចនាំឲ្យយើងថ្កោលទោសអ្នកដទៃដោយអយុត្ដិធម៌បានយ៉ាងងាយ។ អារម្មណ៍និងចិត្តគំនិតផ្សេងៗជាច្រើនដែលយើងមាន ដូចជាការរើសអើង ការតូចចិត្ត ការច្រណែន និងការប្រកាន់ថាខ្លួនគឺសុចរិតជាដើមអាចធ្វើឲ្យវាយតម្លៃខុសលើមនុស្ស។ មានអ្វីផ្សេងទៀតដែលដាក់កំរិតទៅលើសមត្ថភាពយើងដែរ ហើយការពិចារណានូវកំរិតទាំងនេះគួរទប់យើងមិនឲ្យឆាប់ចាប់កំហុសអ្នកដទៃ។ យើងមិនអាចដឹងពីអ្វីនៅក្នុងចិត្តរបស់អ្នកឯទៀតទេ ហើយយើងក៏មិនអាចដឹងសព្វគ្រប់អំពីកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នកដទៃដែរ។ បើដូច្នេះ តើយើងជាអ្នកណាដែលយើងអាចអះអាងថា បងប្អូនរួមជំនឿមានបំណងចិត្តអាក្រក់ឬក៏ទិតៀនការព្យាយាមរបស់ពួកគេក្នុងការបំរើព្រះយេហូវ៉ា? គឺល្អប្រសើរជាងឆ្ងាយណាស់ បើយើងយកតម្រាប់តាមព្រះយេហូវ៉ា និងខំរកលក្ខណៈល្អរបស់បងប្អូនប្រុសស្រីរបស់យើង ជាជាងប្រមូលអារម្មណ៍ទៅលើកំហុសរបស់ពួកគេ!
១៥. តើពាក្យសំដីនិងការប្រព្រឹត្តបែបណាដែលមិនត្រូវមានឲ្យសោះក្នុងចំណោមអ្នកថ្វាយបង្គំព្រះ? ហើយហេតុអ្វី?
១៥ ចុះយ៉ាងណាចំណែកសមាជិកក្រុមគ្រួសាររបស់យើងវិញ? គួរឲ្យស្ដាយណាស់ ដែលក្នុងលោកីយ៍សព្វថ្ងៃនេះ ជួនកាលការថ្កោលទោសយ៉ាងសាហាវបំផុតនោះ គឺមកពីសំណាក់គ្រួសារទៅវិញដែលគួរតែជាទីជ្រកកោនប្រកបទៅដោយសេចក្ដីសុខ។ គ្មានអ្វីចំឡែកឡើយដែលឮអំពីប្ដី ប្រពន្ធ ឬមាតាបិតា ដែលហាក់ដូចជា«កាត់ទោស»សមាជិកក្រុមគ្រួសារដោយធ្វើទុក្ខទោសពួកគេជានិច្ចខាងផ្លូវកាយឬក៏ដោយពាក្យសំដីនោះ។ ប៉ុន្តែ ការនិយាយយ៉ាងកាចសាហាវ ការបង្អាប់មើលងាយ និងការធ្វើបាបខាងផ្លូវកាយមិនត្រូវមានក្នុងចំណោមអ្នកថ្វាយបង្គំព្រះសោះឡើយ។ (អេភេសូរ ៤:២៩, ៣១; ៥:៣៣; ៦:៤) ឱវាទរបស់ព្រះយេស៊ូថា ‹ឈប់ថ្កោលទោស›និង‹ឈប់និន្ទា›ក៏ត្រូវយកមកអនុវត្តក្នុងក្រុមគ្រួសារដែរ។ សូមចាំថា ការប្រព្រឹត្តដោយយុត្ដិធម៌បានន័យថា យើងប្រព្រឹត្តទៅលើអ្នកឯទៀតដូចព្រះយេហូវ៉ាប្រព្រឹត្តមកលើយើងដែរ។ ហើយព្រះរបស់យើងមិនដែលគំរោះគំរើយឬក៏ប្រព្រឹត្តសាហាវមកលើយើងទេ។ ផ្ទុយទៅវិញ ទ្រង់«មានព្រះហឫទ័យមេត្ដាករុណា»ចំពោះអ្នកដែលស្រឡាញ់ទ្រង់។ (យ៉ាកុប ៥:១១) នេះជាគំរូមួយដ៏អស្ចារ្យណាស់ដែលយើងអាចយកតម្រាប់តាម!
អ្នកចាស់ទុំបំរើ«ដោយយុត្ដិធម៌»
១៦, ១៧. (ក) តើព្រះយេហូវ៉ាតម្រូវអ្វីពីអ្នកចាស់ទុំ? (ខ) ពេលអ្នកធ្វើបាបមិនបង្ហាញលក្ខណៈដែលសម្គាល់ការប្រែចិត្តពិតប្រាកដ តើអ្នកចាស់ទុំត្រូវធ្វើអ្វី? ហើយហេតុអ្វី?
១៦ យើងទាំងអស់គ្នាមានភារកិច្ចប្រព្រឹត្តដោយយុត្ដិធម៌ ប៉ុន្តែ អ្នកចាស់ទុំក្នុងក្រុមជំនុំគ្រីស្ទានមានភារកិច្ចជាពិសេសក្នុងរឿងនេះ។ សូមកត់សម្គាល់ការពណ៌នាជាទំនាយអំពី«ពួកចៅហ្វាយ»ឬក៏អ្នកចាស់ទុំដែលអេសាយបានសរសេរកត់ទុក។ នោះចែងថា៖«មើល! នឹងមានស្តេច១អង្គសោយរាជ្យដោយសុចរិត ពួកចៅហ្វាយនឹងគ្រប់គ្រងដោយយុត្ដិធម៌»។ (អេសាយ ៣២:១) ពិតណាស់ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកចាស់ទុំបំរើដោយយុត្ដិធម៌។ តើពួកគេអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
១៧ បុរសទាំងនេះដែលបំពេញតម្រូវការខាងវិញ្ញាណដឹងជាក់ថា ភាពយុត្ដិធម៌ឬសេចក្ដីសុចរិតតម្រូវឲ្យការពារក្រុមជំនុំឲ្យស្អាតស្អំ។ ជួនកាល អ្នកចាស់ទុំត្រូវជំនុំជំរះរឿងដែលទាក់ទងនឹងអំពើខុសធ្ងន់ធ្ងរ។ នៅពេលជំនុំជំរះ ពួកគាត់ចាំថា យុត្ដិធម៌របស់ព្រះខិតខំបង្ហាញសេចក្ដីមេត្ដាករុណាបើអាចធ្វើទៅបាន។ ដូច្នេះ ពួកគាត់ព្យាយាមជួយអ្នកដែលបានធ្វើបាបនោះឲ្យប្រែចិត្តវិញ។ ប៉ុន្តែ ចុះបើអ្នកដែលធ្វើបាបមិនបង្ហាញលក្ខណៈដែលសម្គាល់ការប្រែចិត្តពិតប្រាកដ ទោះជាមានការព្យាយាមជួយគាត់យ៉ាងណាក៏ដោយនោះ? ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបង្គាប់ដោយយុត្ដិធម៌ដ៏សុក្រឹតថា អ្នកចាស់ទុំត្រូវចាត់វិធានការដ៏ម៉ឺងម៉ាត់មួយគឺ៖«បណ្ដេញមនុស្សអាក្រក់នោះ ពីពួកអ្នករាល់គ្នាចេញ»។ នេះបានន័យថាត្រូវបណ្ដេញគាត់ចេញពីក្រុមជំនុំ។ (កូរិនថូសទី១ ៥:១១-១៣; យ៉ូហានទី២ ៩-១១) ពេលដែលត្រូវធ្វើដូច្នេះអ្នកចាស់ទុំស្ដាយ ប៉ុន្តែ ពួកគាត់ទទួលស្គាល់ថានេះគឺចាំបាច់ដើម្បីការពារភាពស្អាតស្អំខាងសីលធម៌និងខាងវិញ្ញាណនៃក្រុមជំនុំ។ សូម្បីតែនៅពេលនោះក៏ដោយ ពួកគាត់សង្ឃឹមថាអ្នកធ្វើបាបនឹងភ្ញាក់រឭកហើយត្រឡប់មកក្រុមជំនុំវិញ។—លូកា ១៥:១៧, ១៨
១៨. តើអ្នកចាស់ទុំចាំអ្វីនៅពេលដែលជូនឱវាទពីបទគម្ពីរចំពោះអ្នកឯទៀត?
១៨ ការបំរើដោយយុត្ដិធម៌រួមបញ្ចូលការផ្ដល់ឱវាទពីបទគម្ពីរពេលដែលចាំបាច់។ អ្នកចាស់ទុំមិនដែលរកកំហុសអ្នកដទៃទេ។ ពួកគាត់ក៏មិនប្រុងតែជូនឱវាទឲ្យតែមានឱកាសដែរ។ ប៉ុន្តែ ប្រហែលជាមានអ្នកជឿម្នាក់ដែលបាន«ធ្វើខុសដោយមិនដឹងខ្លួន»។ បើអ្នកចាស់ទុំចាំថា យុត្ដិធម៌របស់ព្រះមិនមែនឃោរឃៅឬគ្មានមេត្ដា នេះនឹងជំរុញចិត្តពួកគាត់ឲ្យ«ខំកែតំរង់អ្នកនោះ ដោយចិត្តស្លូតបូត»។ (កាឡាទី ៦:១, ព.ថ.) ដូច្នេះ អ្នកចាស់ទុំនឹងមិនស្តីឲ្យអ្នកដែលធ្វើខុសឬក៏ប្រើពាក្យគំរោះគំរើយនោះទេ។ ផ្ទុយទៅវិញ ការជូនឱវាទតាមរបៀបប្រកបទៅដោយសេចក្ដីស្រឡាញ់នឹងលើកទឹកចិត្តអ្នកដែលទទួលឱវាទ។ អ្នកចាស់ទុំចាំថា អ្នកជឿដែលបានធ្វើខុសនៅតែជាចៀមរបស់ព្រះយេហូវ៉ា សូម្បីតែនៅពេលអ្នកចាស់ទុំប្រដៅតំរង់ត្រង់ៗដោយបញ្ជាក់យ៉ាងចំៗនូវលទ្ធផលមកពីការប្រព្រឹត្តដែលមិនប្រកបដោយប្រាជ្ញាក៏ដោយ។b (លូកា ១៥:៧) ពេលសេចក្ដីស្រឡាញ់ជាហេតុជំរុញទឹកចិត្តឲ្យជូនឱវាទឬប្រដៅតំរង់ ហើយបើឱវាទឬការប្រដៅតំរង់ត្រូវជូនតាមរបៀបប្រកបដោយសេចក្ដីស្រឡាញ់ដែរ នោះប្រហែលជាមានលទ្ធភាពច្រើនជាងក្នុងការកែតំរង់អ្នកធ្វើខុស។
១៩. តើអ្នកចាស់ទុំត្រូវធ្វើការសម្រេចចិត្តអ្វី? តើពួកគាត់ត្រូវសម្រេចចិត្តដោយពឹងផ្អែកទៅលើអ្វី?
១៩ ជារឿយៗ អ្នកចាស់ទុំត្រូវធ្វើការសម្រេចចិត្តដែលប៉ះពាល់ដល់អ្នកជឿគ្នីគ្នា។ ជាឧទាហរណ៍ អ្នកចាស់ទុំត្រូវជួបជុំគ្នាតាមពេលកំណត់ដើម្បីពិចារណាថា តើមានបងប្រុសឯទៀតក្នុងក្រុមជំនុំដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីឲ្យអ្នកចាស់ទុំប្រគល់មុខតំណែងជាអ្នកចាស់ទុំឬអ្នកងារជំនួយទេ។ អ្នកចាស់ទុំយល់សារៈសំខាន់នៃភាពមិនលំអៀង។ ពួកគាត់អនុញ្ញាតឲ្យតម្រូវការរបស់ព្រះជាអ្វីដែលដឹកនាំក្នុងការសម្រេចចិត្តចំពោះការប្រគល់មុខតំណែងទាំងនេះ។ ពួកគាត់មិនពឹងផ្អែកទៅលើអារម្មណ៍ផ្ទាល់ខ្លួនឡើយ។ យ៉ាងនេះ អ្នកចាស់ទុំប្រព្រឹត្ត«ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ»។—ធីម៉ូថេទី១ ៥:២១
២០, ២១. (ក) តើអ្នកចាស់ទុំព្យាយាមខំធ្វើឲ្យខ្លួនគាត់ដូចជាអ្វី? ហើយហេតុអ្វី? (ខ) តើអ្នកចាស់ទុំអាចធ្វើយ៉ាងណាដើម្បីជួយអ្នកដែល«មានសេចក្ដីទន់ក្រំចិត្ត»?
២០ អ្នកចាស់ទុំប្រព្រឹត្តតាមយុត្ដិធម៌របស់ព្រះតាមវិធីផ្សេងទៀតដែរ។ ក្រោយអេសាយទាយថាអ្នកចាស់ទុំនឹងបំរើ«ដោយយុត្ដិធម៌» នោះគាត់ពោលបន្តថាអ្នកចាស់ទុំ៖«នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ»។ (អេសាយ ៣២:២) ដូច្នេះ អ្នកចាស់ទុំព្យាយាមធ្វើជាប្រភពនៃការសម្រាលទុក្ខ និងកម្លាំងចិត្តសំរាប់អ្នកថ្វាយបង្គំគ្នីគ្នា។
២១ សព្វថ្ងៃនេះ ដោយមានបញ្ហាជាច្រើនដែលធ្វើឲ្យធ្លាក់ទឹកចិត្ត នោះមានមនុស្សជាច្រើនដែលត្រូវការនូវការលើកទឹកចិត្ត។ អ្នកចាស់ទុំអើយ! តើអ្នកអាចជួយ«អ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត»យ៉ាងដូចម្ដេច? (ថែស្សាឡូនីចទី១ ៥:១៤) ចូរស្ដាប់ដោយខំយល់ទុក្ខរបស់ពួកគេ។ (យ៉ាកុប ១:១៩) ពួកគេប្រហែលជាចង់ប្រាប់អ្នកណាម្នាក់ដែលពួកគេទុកចិត្តឲ្យដឹងអំពី«ទុក្ខ»ដែលនៅក្នុងចិត្ត។ (សុភាសិត ១២:២៥) សូមធ្វើឲ្យពួកគេជឿជាក់ថា ពួកគេមានតម្លៃណាស់ ហើយព្រះយេហូវ៉ានិងបងប្អូនក្នុងក្រុមជំនុំស្រឡាញ់ និងចង់បានពួកគេដែរ។ (ពេត្រុសទី១ ១:២២; ៥:៦, ៧) ម្យ៉ាងទៀត អ្នកអាចអធិស្ឋានជាមួយអ្នកទាំងនោះនិងអធិស្ឋានសំរាប់ពួកគេផងដែរ។ ពេលពួកគេស្ដាប់អ្នកចាស់ទុំម្នាក់អធិស្ឋានចេញពីដួងចិត្តដើម្បីពួកគេ នេះអាចជួយសម្រាលទុក្ខពួកគេណាស់។ (យ៉ាកុប ៥:១៤, ១៥) ព្រះនៃយុត្ដិធម៌នឹងកត់សម្គាល់ការព្យាយាមដោយសេចក្ដីស្រឡាញ់របស់អ្នកក្នុងការជួយអ្នកដែលធ្លាក់ទឹកចិត្ត។
អ្នកចាស់ទុំបង្ហាញភាពយុត្ដិធម៌របស់ព្រះយេហូវ៉ាពេលពួកគាត់លើកទឹកចិត្តអ្នកដែលក្រៀមក្រំចិត្ត
២២. តើយើងអាចយកតម្រាប់តាមយុត្ដិធម៌របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? តើមានលទ្ធផលអ្វី?
២២ ពិតណាស់ យើងចូលកាន់តែជិតព្រះយេហូវ៉ាដោយយកតម្រាប់តាមយុត្ដិធម៌របស់ទ្រង់! ពេលយើងកាន់តាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់ ពេលយើងប្រាប់អ្នកឯទៀតអំពីដំណឹងល្អដែលអាចសង្គ្រោះជីវិត ហើយនៅពេលដែលយើងចង់ស្វែងរកលក្ខណៈល្អរបស់អ្នកឯទៀតជាជាងរកកំហុសរបស់ពួកគេ នោះយើងកំពុងតែប្រព្រឹត្តតាមយុត្ដិធម៌របស់ព្រះ។ អ្នកចាស់ទុំអើយ! ពេលអ្នកការពារភាពស្អាតស្អំនៃក្រុមជំនុំ ផ្ដល់ឱវាទពីបទគម្ពីរដែលលើកទឹកចិត្ត ធ្វើការសម្រេចចិត្តដោយមិនលំអៀង ព្រមទាំងលើកទឹកចិត្តអ្នកដែលធ្លាក់ទឹកចិត្ត នោះអ្នកកំពុងតែប្រព្រឹត្តតាមយុត្ដិធម៌របស់ព្រះហើយ។ ព្រះយេហូវ៉ាពិតជារីករាយណាស់ពេលទ្រង់ទតពីស្ថានសួគ៌មកឃើញថា រាស្ត្រទ្រង់កំពុងតែព្យាយាមអស់ពីសមត្ថភាព ដើម្បី«ប្រព្រឹត្តតាមយុត្ដិធម៌»ក្នុងការដើរជាមួយព្រះរបស់ពួកគេ!
a ការបកប្រែថា«កុំឲ្យថ្កោលទោសគេ»និង«កុំឲ្យនិន្ទាគេ»បានសេចក្ដីថា «កុំចាប់ផ្ដើមថ្កោលទោសគេ»និង«កុំចាប់ផ្ដើមនិន្ទាគេ»។ ក៏ប៉ុន្តែ ក្នុងភាសាដើម អ្នកសរសេរព្រះគម្ពីរបានប្រើប្រយោគបញ្ជាដែលជាឃ្លាបដិសេធនិងបញ្ជាក់សកម្មភាពបច្ចុប្បន្នកាល(ដែលកំពុងបន្ត)។ ដូច្នេះ ខពីរនេះរៀបរាប់ពីអ្វីដែលមនុស្សកំពុងធ្វើ តែត្រូវឈប់ធ្វើ។
b នៅធីម៉ូថេទី២ ៤:២ ក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ ព្រះគម្ពីរចែងថា អ្នកចាស់ទុំជួនកាលត្រូវ«ប្រដៅតំរង់ បន្ទោស ហើយដាស់តឿន»។ ពាក្យភាសាក្រិចដែលបកប្រែថា«ដាស់តឿន»(ប៉ា-រ៉ា-កា-ឡេ-អូ) អាចមានន័យថា«លើកទឹកចិត្ត»។ ពាក្យភាសាក្រិចមួយទៀតប៉ារ៉ាក្លេតុស អាចសំដៅទៅលើជនដែលឡើងនិយាយការពារនរណាម្នាក់ក្នុងរឿងក្ដី។ ដូច្នេះ សូម្បីតែនៅពេលអ្នកចាស់ទុំត្រូវប្រដៅតំរង់យ៉ាងត្រង់ៗក៏ដោយ ពួកគាត់ត្រូវជួយអ្នកដែលត្រូវការជំនួយខាងវិញ្ញាណ។
-