‹ឫសដែលមិនអាចរលើងបាន›
ក្នុងចំណោមរុកជាតិដែលចាស់ហើយធំជាងគេបង្អស់ទាំងឡាយនៅក្នុងពិភពលោកយើងនេះ គឺដើមឈើឈ្មោះ ស៊ីឃូយ៉ា នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ ដើមឈើដ៏អស្ចារ្យនេះ នៅពេលវាធំដល់កម្រិតមានកំពស់ប្រមាណ៩០ម៉ែត្រពីដី ហើយអាចរស់បានជាង៣០០០ឆ្នាំ។
ថ្វីបើដើមស៊ីឃូយ៉ានេះមើលទៅគួរឲ្យស្ងើចក្ដី ប្រព័ន្ធឫសរបស់វាដែលមើលមិនឃើញនោះក៏មានសភាពអស្ចារ្យស្មើនោះដែរ។ ដើមឈើស៊ីឃូយ៉ាមានឫសចាក់ស្រេះគ្នាដូចកណ្ដាញ់សំប៉ែត ដែលគ្របដណ្ដប់លើទំហំផ្ទៃដីប្រមាណមួយទៅមួយកន្លះហិកតា។ ប្រព័ន្ធឫសដ៏ធំសម្បើមនេះផ្ដល់នូវភាពជាប់មាំមួន ទោះជាពេលជួបប្រទះទឹកជន់ឬក៏ខ្យល់ព្យុះក៏ដោយ។ ហើយដើមស៊ីឃូយ៉ានេះថែមទាំងអាចទប់ទល់នឹងការកក្រើកដីទៀតផង។
ស្តេចសាឡូម៉ូនបានប្រើប្រព័ន្ធឫសដើមឈើយ៉ាងមាំមួយជាពាក្យប្រៀបក្នុងសុភាសិតរបស់ទ្រង់។ ទ្រង់មានបន្ទូលថា៖«គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ តែឫសនៃមនុស្សសុចរិតមិនត្រូវរលើងឡើយ»។ (សុភាសិត ១២:៣) ពិតហើយ មនុស្សអាក្រក់មិនអាចតាំងមាំមួនបានយូរឡើយ។ ការសម្រេចបានជោគជ័យរបស់គេ នោះគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះ ពីព្រោះព្រះយេហូវ៉ាបានសន្យាថា«សេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ»។—សុភាសិត ១០:២៨
នេះជាព្រមានចំពោះអស់អ្នកដែលអះអាងថាខ្លួនជាជនគ្រីស្ទាន ពីព្រោះព្រះយេស៊ូវបានមានបន្ទូលថានឹងមានជនខ្លះដែល«គ្មានឫសចាក់»នៅក្នុងខ្លួន ហើយនឹងរសាយចិត្តចេញ។ (ម៉ាថាយ ១៣:២១) ម្យ៉ាងទៀត ប៉ុលបានសរសេរអំពីមនុស្សដែលត្រូវ‹គ្រប់ទាំងខ្យល់នៃសេចក្ដីបង្រៀន[មិនពិត]បោកហើយផាត់ . . . ចុះឡើង›។ (អេភេសូរ ៤:១៤) តើអាចបង្ការរឿងនេះយ៉ាងណាបាន?
ដូចជាឫសនៃដើមស៊ីឃូយ៉ា បានចាក់ដុះរាលដាលក្នុងដីដែលមានជីជាតិនោះ យើងក៏ត្រូវកកុរកកាយរកដោយហ្មត់ចត់ក្នុងពាក្យបន្ទូលរបស់ព្រះ ដើម្បីឲ្យជ្រាបចូលក្នុងចិត្ត និងគំនិតរបស់យើងដូច្នោះដែរ ដោយស្រូបយកទឹកជីវិតមកពីពាក្យបន្ទូលព្រះ។ នេះនឹងជួយជំនឿរបស់យើងឲ្យចំរើនលូតលាស់ចាក់ឫសយ៉ាងមាំមួន។ ពិតមែនហើយ យើងនឹងជួបប្រទះបញ្ហាលំបាកជាច្រើន។ ក្នុងភាពដែលមានទុក្ខវេទនា យើងប្រហែលភ័យញ័រដូចជាដើមឈើមួយដែរ។ ប៉ុន្តែ បើសិនជាជំនឿរបស់យើងបានចាក់ឫសយ៉ាងមាំមួននោះ យើងនឹងអាចទៅជា‹ឫសដែលមិនអាចរលើងបាន›ឡើយ។—ប្រៀបធៀប ហេព្រើរ ៦:១៩