ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី២-៨ ខែកក្កដា
nwtsty-E ការពន្យល់បន្ថែមនៅលូក. ៦:៣៧
បន្តឲ្យអ្នកឯទៀតរួចខ្លួន នោះអ្នកក៏នឹងបានរួចខ្លួនដែរ: ពាក្យភាសាក្រិច«ឲ្យរួចខ្លួន»សំដៅទៅលើ«ការដោះលែង (ជាឧទាហរណ៍ អ្នកជាប់គុក)»។ ក្នុងបរិបទនេះ ពេលដែលប្រើពាក្យនេះក្នុងន័យផ្ទុយពីការវិនិច្ឆ័យនិងការផ្ដន្ទាទោស ពាក្យនោះបញ្ជាក់គំនិតអំពីការលើកលែងទោសនិងអភ័យទោស សូម្បីតែកំហុសនោះមើលទៅដូចជាគួរតែទទួលការដាក់ទោសក៏ដោយ។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ៦:៣៨
ទម្លាប់ឲ្យគេ: ឬ«បន្តឲ្យ»។ កិរិយាសព្ទភាសាក្រិចដែលបានត្រូវប្រើនៅទីនេះអាចបកប្រែថា«ឲ្យ» ហើយបញ្ជាក់អំពីសកម្មភាពកំពុងបន្ត។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ៦:៣៨
ថ្នក់អាវរបស់អ្នក: ពាក្យភាសាក្រិចន័យត្រង់«ដើមទ្រូង» តែក្នុងបរិបទនេះ នោះទំនងជាសំដៅលើអាវក្រៅដែលរុំដោយខ្សែក្រវ៉ាត់ឲ្យទៅជាថ្នក់។ ‹ការចាក់ចូលថ្នក់អាវ›ប្រហែលជាសំដៅលើទំនៀមទម្លាប់មួយគឺអ្នកលក់ខ្លះនៅផ្សារទុកទំនិញដាក់ក្នុងថ្នក់អាវក្រៅរបស់អ្នកទិញ។
w០៧-E ១/៨ ទំ. ៦ វ. ១
តើតាមរបៀបណាយើងអាចមានមិត្តភាពពិតជាមួយនឹងព្រះ?
លោកយេស៊ូច្រើនតែចំណាយពេលអធិដ្ឋានយូរ។ (យ៉ូន. ១៧:១-២៦) ជាឧទាហរណ៍ មុនលោកយេស៊ូជ្រើសរើសបុរស១២នាក់ឲ្យទៅជាសាវ័ករបស់លោក លោក«បានឡើងលើភ្នំដើម្បីអធិដ្ឋាន ហើយលោកបានអធិដ្ឋានដល់ព្រះពេញមួយយប់»។ (លូក. ៦:១២) ទោះជាមិនចាំបាច់អធិដ្ឋានពេញមួយយប់ក្ដី អ្នកដែលផ្ដោតគំនិតលើសកម្មពលរបស់ព្រះធ្វើតាមគំរូរបស់លោកយេស៊ូ។ មុនធ្វើការសម្រេចចិត្តសំខាន់ៗក្នុងជីវិត ពួកគេចំណាយពេលច្រើនអធិដ្ឋានទៅព្រះ ស្វែងរកការណែនាំពីសកម្មពលរបស់ព្រះក្នុងការធ្វើការសម្រេចចិត្តដែលនឹងពង្រឹងចំណងមិត្តភាពជាមួយព្រះ។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ៧:៣៥
អំពើ . . . ដែលមនុស្សម្នាក់ធ្វើ: ការប្រព្រឹត្តរបស់យ៉ូហានជាអ្នកជ្រមុជទឹកនិងលោកយេស៊ូជាទីសំអាងដែលបង្ហាញថា ការចោទប្រកាន់ទៅលើពួកគាត់គឺមិនពិត។ គឺហាក់ដូចជាលោកយេស៊ូមានប្រសាសន៍ថា: ‹តាមរយៈអំពើសុចរិតនិងការប្រព្រឹត្ត នោះអ្នកនឹងដឹងថាការចោទប្រកាន់នោះគឺមិនពិត›។
ថ្ងៃទី៩-១៥ ខែកក្កដា
it-2-E ទំ. ៤៩៤
ទ្រនំ
ពេលអ្នកជំនាញខាងច្បាប់ម្នាក់បាននិយាយមកកាន់លោកយេស៊ូថា៖ «លោកគ្រូ! ខ្ញុំនឹងទៅតាមលោក ទោះជាលោកទៅទីណាក៏ដោយ» លោកយេស៊ូបានតបឆ្លើយថា៖ «កញ្ជ្រោងមានរូង ហើយសត្វស្លាបលើមេឃមានទ្រនំ តែកូនមនុស្សគ្មានកន្លែងស្នាក់នៅទេ»។ (ម៉ាថ. ៨:១៩, ២០; លូក. ៩:៥៧, ៥៨) នៅទីនេះ លោកយេស៊ូបានលើកឡើងថាដើម្បីធ្វើជាអ្នកកាន់តាមលោក បុរសនោះត្រូវបោះបង់គំនិតចង់រស់នៅស្រណុកសុខស្រួលដែលមនុស្សជាទូទៅមាន ហើយត្រូវទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា។ គោលការណ៍នេះក៏មាននៅក្នុងសេចក្ដីអធិដ្ឋានគំរូដែលលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោក ថា៖ «សូមផ្ដល់អាហារដែលយើងត្រូវការសម្រាប់ថ្ងៃនេះ» ហើយប្រសាសន៍របស់លោកដែលថា៖ «ដូច្នេះ កុំច្រឡំឡើយ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ដែលមិនលះបង់របស់ទាំងអស់ដែលខ្លួនមាន អាចធ្វើជាអ្នកកាន់តាមខ្ញុំបានទេ»។—ម៉ាថ. ៦:១១; លូក. ១៤:៣៣
nwtsty-E ការពន្យល់បន្ថែមនៅលូក. ៩:៥៩, ៦០
បញ្ចុះសពឪពុកខ្ញុំ: ពាក្យនេះទំនងជាមិនមែនមានន័យថាបុរសនោះទើបតែបាត់បង់ឪពុករបស់គាត់ក្នុងសេចក្ដីស្លាប់ ហើយគ្រាន់តែសុំទៅរៀបចំពិធីបុណ្យសពទេ។ បើដូច្នេះមែន នោះគាត់ទំនងជាមិនមែននៅទីនោះនិយាយជាមួយនឹងលោកយេស៊ូនោះទេ ពីព្រោះនៅតាមមជ្ឈិមបូព៌ាប្រទេស សាច់ញាតិរបស់បុគ្គលដែលស្លាប់នឹងធ្វើពិធីបុណ្យសពភ្លាមៗ ជាទូទៅគឺនៅថ្ងៃនោះតែម្ដង។ ដូច្នេះ ឪពុករបស់បុរសនោះប្រហែលជាឈឺឬមានវ័យចាស់ មិនមែនស្លាប់ទេ។ ម្យ៉ាងទៀត លោកយេស៊ូនឹងមិនប្រាប់បុរសនោះឲ្យបោះបង់ឪពុកម្ដាយដែលឈឺនិងត្រូវការជំនួយនោះទេ ដូច្នេះច្បាស់ជាមានសមាជិកឯទៀតក្នុងក្រុមគ្រួសារដែលអាចបំពេញសេចក្ដីត្រូវការចាំបាច់និងថែរក្សាពួកគាត់។ (ម៉ាក. ៧:៩-១៣) គឺហាក់ដូចជាបុរសនោះនិយាយថា ‹ខ្ញុំនឹងតាមលោក តែសូមចាំរហូតដល់ឪពុកខ្ញុំស្លាប់ ហើយបញ្ចុះសពគាត់សិន›។ ក៏ប៉ុន្តែ តាមទស្សនៈរបស់លោកយេស៊ូ បុរសនោះបានបាត់បង់ឱកាសចាត់ទុករាជាណាចក្រព្រះជាសំខាន់បំផុតក្នុងជីវិតគាត់។—លូក. ៩:៦០, ៦២
ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេទៅ: ដូចដែលបានត្រូវបង្ហាញនៅការពន្យល់បន្ថែមនៅលូក. ៩:៥៩ ឪពុករបស់បុរសដែលលោកយេស៊ូកំពុងមានប្រសាសន៍ ទំនងជាឈឺឬមានវ័យចាស់ មិនមែនស្លាប់ទេ។ ដូច្នេះ លោកយេស៊ូទំនងជាកំពុងមានប្រសាសន៍ថា៖ ‹ទុកឲ្យមនុស្សដែលគ្មានចំណងមិត្តភាពជាមួយនឹងព្រះ ដែលប្រៀបដូចជាមនុស្សស្លាប់ បញ្ចុះសពគ្នាគេទៅ› ពោលគឺ បុរសនោះគួរតែឲ្យសាច់ញាតិឯទៀតថែរក្សាឪពុករបស់គាត់រហូតដល់ឪពុកនោះស្លាប់ ហើយត្រូវបញ្ចុះសព។ បើបុរសនោះមកតាមលោកយេស៊ូ បុរសនោះអាចទទួលជីវិតដែលគ្មានទីបញ្ចប់។ យ៉ាងនោះគាត់នឹងមិននៅក្នុងចំណោមមនុស្សដែលគ្មានចំណងមិត្តភាពជាមួយនឹងព្រះ ហើយប្រៀបដូចជាស្លាប់នោះទេ។ តាមរយៈពាក្យតបឆ្លើយរបស់លោកយេស៊ូ លោកបង្ហាញថាដើម្បីរក្សាចំណងមិត្តភាពជាមួយនឹងព្រះ គឺជាការសំខាន់ណាស់ឲ្យចាត់ទុករាជាណាចក្រព្រះសំខាន់បំផុតក្នុងជីវិត និងប្រកាសប្រាប់អំពីរាជាណាចក្រនោះនៅគ្រប់ទីជិតឆ្ងាយ។
nwtsty-E
ការភ្ជួរ
ការភ្ជួរច្រើនតែធ្វើឡើងនៅរដូវដែលមានភ្លៀងផ្សើមដីដែលប្រេះបែកក្រហែងដោយសារព្រះអាទិត្យក្នុងអំឡុងរដូវក្ដៅ។ អ្នកខ្លះភ្ជួរដីដោយប្រើនង្គ័លដែលអូសដោយសត្វមួយក្បាលឬច្រើនជាង។ ក្រោយដីភ្ជួរហើយ គេសាបព្រោះ។ ក្នុងបទគម្ពីរភាសាហេប្រឺ ការភ្ជួរដីច្រើនតែបានត្រូវប្រើជាឧទាហរណ៍។ (ចៅ. ១៤:១៨; អេ. ២:៤; យេ. ៤:៣; មីកា ៤:៣) ច្រើនដង លោកយេស៊ូបានប្រើកិច្ចការកសិកម្មជាឧទាហរណ៍ដើម្បីលើកបញ្ជាក់សេចក្ដីបង្រៀនសំខាន់ៗ។ ជាឧទាហរណ៍ លោកបានសំដៅលើការភ្ជួរដើម្បីបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើជាអ្នកកាន់តាមដោយអស់ពីចិត្ត។ (លូក. ៩:៦២) បើបុរសដែលភ្ជួរដីបែរអារម្មណ៍ចេញពីកិច្ចការដែលគាត់កំពុងធ្វើ គាត់នឹងធ្វើឲ្យគន្លងទៅជាវៀច។ ស្រដៀងគ្នាដែរ អ្នកកាន់តាមគ្រិស្តដែលបានឲ្យអ្វីមកបង្វែរអារម្មណ៍ ឬដែលបានបែរចេញពីភារកិច្ចរបស់គាត់ មិនសាកសមនឹងរាជាណាចក្រព្រះឡើយ។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ៨:៣
បម្រើលោកនិងពួកគាត់: ឬ«គាំទ្រ (ផ្ដល់ឲ្យ)ពួកគាត់»។ ពាក្យភាសាក្រិចនេះ (di·a·ko·neʹo) អាចសំដៅលើការបំពេញសេចក្ដីត្រូវការខាងរូបកាយរបស់អ្នកឯទៀតដូចជាដោយចម្អិនអាហារ និងផ្ដល់អាហារជាដើម។ ពាក្យនេះក៏បានត្រូវប្រើដើម្បីបញ្ជាក់ន័យស្រដៀងនឹងនេះ នៅលូក. ១០:៤០ (ធ្វើកិច្ចការ), លូក. ១២:៣៧; ១៧:៨; សកម្ម. ៦:២ (បម្រើ) តែពាក្យនេះក៏អាចសំដៅលើអ្វីផ្សេងទៀតទាំងអស់ដែលធ្វើដើម្បីបម្រើផលប្រយោជន៍អ្នកណាម្នាក់។ នៅខនេះរៀបរាប់អំពីរបៀបដែលស្ត្រីក្នុងខទី២និង៣គាំទ្រលោកយេស៊ូនិងអ្នកកាន់តាមលោក ដោយជួយពួកគាត់ឲ្យបំពេញភារកិច្ចដែលព្រះផ្ដល់ឲ្យ។ ដោយធ្វើដូច្នេះ ស្ត្រីទាំងនេះលើកតម្កើងព្រះ។ ព្រះបានបង្ហាញចិត្តកតញ្ញូចំពោះចិត្តសប្បុរសរបស់ពួកនាងដោយរក្សាទុកក្នុងកំណត់ហេតុគម្ពីរសម្រាប់មនុស្សជំនាន់ក្រោយអាន។ (សុភ. ១៩:១៧; ហេ. ៦:១០) ពាក្យភាសាក្រិចដូចគ្នានេះបានត្រូវប្រើចំពោះស្ត្រីនៅម៉ាថ. ២៧:៥៥; ម៉ាក. ១៥:៤១។
ថ្ងៃទី១៦-២២ ខែកក្កដា
nwtsty-E រូបភាពនិងវីដេអូ
ផ្លូវពីក្រុងយេរូសាឡិមទៅក្រុងយេរីខូ
ផ្លូវ(១)ដែលបានត្រូវបង្ហាញក្នុងវីដេអូខ្លីនេះទំនងជាផ្លូវនៅសម័យបុរាណដែលភ្ជាប់ពីក្រុងយេរូសាឡិមទៅក្រុងយេរីខូ មានចម្ងាយ២០គីឡូម៉ែត្រ និងចុះចំណោតបន្ដិចម្ដងៗ។ ទីតាំងក្រុងយេរូសាឡិមខ្ពស់ជាងក្រុងយេរីខូ១គីឡូម៉ែត្រ។ នៅតាមផ្លូវស្ងាត់ជ្រងំនេះ មានការប្លន់ច្រើនដល់ម្ល៉េះបានជាកងទ័ពត្រូវនៅទីនោះដើម្បីការពារអ្នកដំណើរ។ ក្រុងយេរីខូនៃរ៉ូម(២)មានទីតាំងនៅជិតតំបន់ស្ងាត់ជ្រងំយូឌា។ ក្រុងយេរីខូចាស់(៣)មានទីតាំងជិត២គីឡូម៉ែត្រពីក្រុងរ៉ូម។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១០:៣៣, ៣៤
បុរសជនជាតិសាម៉ារីម្នាក់: ជនជាតិយូដាទូទៅមើលងាយជនជាតិសាម៉ារី ហើយមិនព្រមទាក់ទងជាមួយនឹងពួកគេទេ។ (យ៉ូន. ៤:៩) ជនជាតិយូដាខ្លះថែមទាំងប្រើពាក្យ«សាម៉ារី»ដើម្បីប្រមាថមើលងាយអ្នកឯទៀត។ (យ៉ូន. ៨:៤៨) ក្នុងគម្ពីរមីស្នាមានសម្ដីរបស់រ៉ាប៊ីម្នាក់ដែលថា៖ «អ្នកណាដែលបរិភោគនំប៉័ងរបស់ពួកសាម៉ារី អ្នកនោះគឺប្រៀបដូចជាអ្នកដែលបរិភោគសាច់ជ្រូក»។ (Shebith 8:10) ជនជាតិយូដាជាច្រើននាក់មិនជឿទីសំអាងរបស់សាក្សីដែលជាជនជាតិសាម៉ារី ក៏មិនព្រមឲ្យពួកគេធ្វើការឲ្យឡើយ។ ដោយដឹងថាជនជាតិយូដាជាទូទៅមិនពេញចិត្តនិងមិនគោរពជនជាតិសាម៉ារី លោកយេស៊ូបានលើកបញ្ជាក់ចំណុចសំខាន់ក្នុងឧទាហរណ៍នេះដែលច្រើនតែសំដៅលើឧទាហរណ៍អំពីជនជាតិសាម៉ារីដ៏ល្អ។
រុំរបួសឲ្យបុរសនោះ ក៏ចាក់ប្រេងនិងស្រាលើរបួសនោះផង: នៅទីនេះ លូកាដែលជាគ្រូពេទ្យកត់ទុកឧទាហរណ៍របស់លោកយេស៊ូយ៉ាងយកចិត្តទុកដាក់ ដោយរៀបរាប់អំពីវិធីព្យាបាលដែលគេធ្វើនៅសម័យនោះ។ ជាធម្មតា ប្រេងនិងស្រាបានត្រូវប្រើជាឱសថដើម្បីព្យាបាលរបួស។ ពេលខ្លះ ប្រេងបានត្រូវប្រើដើម្បីឲ្យធូរស្រាលរបួស (សូមពិនិត្យបន្ថែមអេ. ១:៦) ហើយស្រាមានអត្ថប្រយោជន៍ក្នុងការការពារបាក់តេរីនិងសម្អាតមេរោគ។ លូកាក៏រៀបរាប់អំពីរបៀបដែលរុំរបួសដើម្បីឲ្យឆាប់ជា។
ផ្ទះសម្នាក់មួយ: ពាក្យភាសាក្រិចនេះមានន័យត្រង់ថា«កន្លែងដែលអ្នកណាក៏បានអាចស្នាក់នៅ»។ អ្នកដំណើរនិងសត្វរបស់ពួកគេអាចស្នាក់នៅកន្លែងបែបនោះ។ ម្ចាស់ផ្ទះសម្នាក់ផ្ដល់អ្វីដែលចាំបាច់ដល់អ្នកដំណើរ ហើយប្រហែលជាថែរក្សាអ្នកដែលមកស្នាក់នៅ បើពួកគេបង់ថ្លៃ។
w៩៨-E ១/៧ ទំ. ៣១ វ. ២
តើតាមរបៀបណាជនជាតិសាម៉ារីម្នាក់ជាអ្នកជិតខាងល្អ?
ឧទាហរណ៍របស់លោកយេស៊ូបង្ហាញថាមនុស្សសុចរិតពិតប្រាកដគឺជាអ្នកដែលមិនគ្រាន់តែធ្វើតាមច្បាប់របស់ព្រះប៉ុណ្ណោះទេ តែក៏ធ្វើតាមគុណសម្បត្ដិរបស់ព្រះផងដែរ។ (អេភ. ៥:១) ជាឧទាហរណ៍ គម្ពីរប្រាប់យើងថា«ព្រះមិនរើសមុខទេ»។ (សកម្ម. ១០:៣៤) តើយើងយកតម្រាប់ព្រះស្តីអំពីរឿងនេះឬទេ? ឧទាហរណ៍ដ៏អស្ចារ្យរបស់លោកយេស៊ូបង្ហាញថាយើងត្រូវប្រព្រឹត្តល្អចំពោះអ្នកដែលជាជនជាតិផ្សេង មានវប្បធម៌និងសាសនាផ្សេងៗ។ ពិតមែន គ្រិស្តសាសនិកបានត្រូវបង្គាប់ឲ្យ«ធ្វើល្អដល់មនុស្សទាំងអស់» មិនគ្រាន់តែដល់មនុស្សដែលមានឋានៈ ពូជសាសន៍ ឬជាតិសាសន៍ដូចគ្នាប៉ុណ្ណោះទេ និងមិនគ្រាន់តែដល់បងប្អូនរួមជំនឿដែរ។—កាឡ. ៦:១០
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១០:១៨
ខ្ញុំបានឃើញសាថានធ្លាក់ដូចផ្លេកបន្ទោរពីស្ថានសួគ៌រួចហើយ: តាមមើលទៅ លោកយេស៊ូកំពុងមានប្រសាសន៍ជាទំនាយ ដោយឃើញថាសាថានបានត្រូវបណ្ដេញចេញពីស្ថានសួគ៌គឺហាក់បីដូចជាបានកើតឡើងរួចហើយ។ បប. ១២:៧-៩ រៀបរាប់អំពីការច្បាំងនៅស្ថានសួគ៌ និងការបោះទម្លាក់សាថាននៅពេលរាជាណាចក្ររបស់មេស្ស៊ីបានត្រូវស្ថាបនា។ នៅទីនេះ លោកយេស៊ូបានលើកបញ្ជាក់ថាសាថាននិងពួកវិញ្ញាណកំណាចរបស់វានឹងបរាជ័យក្នុងការច្បាំងនៅថ្ងៃអនាគត ដោយសារព្រះបានផ្ដល់ឲ្យឫទ្ធានុភាពដល់អ្នកកាន់តាម៧០នាក់ដែលជាមនុស្សមិនល្អឥតខ្ចោះ ដើម្បីបណ្ដេញពួកវិញ្ញាណកំណាច។—លូក. ១០:១៧
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១១:៥-៩
សម្លាញ់អើយ! សូមឲ្យខ្ញុំខ្ចីនំប៉័ងបីដុំសិន: នៅវប្បធម៌នាមជ្ឈិមបូព៌ា ការបង្ហាញភាពរាក់ទាក់គឺជាកាតព្វកិច្ចដែលមនុស្សចូលចិត្តធ្វើ ដូចដែលបានត្រូវបង្ហាញក្នុងឧទាហរណ៍នេះ។ នៅសម័យនោះអ្នកដំណើរពិបាកកំណត់ពេលមកដល់របស់ខ្លួន។ ទោះជាភ្ញៀវបានមកដល់នៅពាក់កណ្ដាលអធ្រាត្រដែលជាពេលមិនបានរំពឹងទុកក្ដី ម្ចាស់ផ្ទះមានអារម្មណ៍ថាត្រូវតែផ្ដល់អ្វីមួយឲ្យបុគ្គលនោះពិសារ។ គាត់ថែមទាំងគិតថាគាត់ត្រូវរំខានអ្នកជិតខាងរបស់គាត់នៅម៉ោងនោះដើម្បីខ្ចីអាហារ។
ឈប់រំខានខ្ញុំ: អ្នកជិតខាងក្នុងឧទាហរណ៍នេះគឺមិនព្រមជួយនោះទេ មិនមែនដោយសារគាត់មិនរាក់ទាក់ឡើយ តែដោយសារគាត់បានចូលដេកហើយ។ ផ្ទះនៅសម័យនោះ ជាពិសេសផ្ទះរបស់អ្នកក្រ ច្រើនតែជាបន្ទប់ធំមួយប៉ុណ្ណោះ។ បើអ្នកជិតខាងនោះក្រោកឡើង គាត់ទំនងជានឹងរំខានដល់ក្រុមគ្រួសារទាំងមូល រួមទាំងកូនដែលកំពុងដេកលក់។
ទទូចសុំឥតខ្លាចចិត្ត: ពាក្យភាសាក្រិចដែលបានត្រូវប្រើនៅទីនេះអាចបកប្រែន័យត្រង់ថា«គ្មានចិត្តសុភាព» ឬ«គ្មានភាពអៀនខ្មាស»។ ក៏ប៉ុន្តែ ក្នុងខនេះបញ្ជាក់អំពីការទទូចសុំ។ បុរសក្នុងឧទាហរណ៍របស់លោកយេស៊ូមិនមានអារម្មណ៍អៀនខ្មាស ឬស្ទាក់ស្ទើរក្នុងការទទូចសុំអ្វីដែលគាត់ត្រូវការនោះទេ ហើយលោកយេស៊ូប្រាប់អ្នកកាន់តាមលោកថាពួកគេក៏គួរតែទទូចសុំក្នុងសេចក្ដីអធិដ្ឋានរបស់ពួកគេដែរ។—លូក. ១១:៩, ១០
ថ្ងៃទី២៣-២៩ ខែកក្កដា
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១២:៦
ចាបពូក: ពាក្យភាសាក្រិចនេះ(strou·thiʹon) គឺដើម្បីបង្ហាញអំពីភាពតូច សំដៅលើបក្សីតូចៗគ្រប់ប្រភេទ តែច្រើនតែសំដៅទៅលើចាបពូក ជាសត្វចាបដែលមានតម្លៃថោកជាងគេសម្រាប់លក់ជាអាហារ។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១២:៧
សូម្បីតែចំនួនសរសៃសក់នៅលើក្បាលអ្នករាល់គ្នា ក៏លោកជ្រាបដែរ: គេនិយាយថាចំនួនសរសៃសក់របស់មនុស្សជាមធ្យមគឺច្រើនជាង១០០.០០០។ ការដែលព្រះយេហូវ៉ាស្គាល់ព័ត៌មានល្អិតល្អន់បែបនេះ ធានាថាលោកយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងអ្នកកាន់តាមគ្រិស្តម្នាក់ៗ។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១៣:២៤
ចូរអ្នករាល់គ្នាខំប្រឹងឲ្យខ្លាំង: ឬ«តស៊ូជានិច្ច»។ ការដាស់តឿនរបស់លោកយេស៊ូបញ្ជាក់ថាយើងត្រូវតែធ្វើដោយអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីចូលតាមទ្វារចង្អៀត។ នៅហេ. ១២:១ ពាក្យនេះជានាមបានត្រូវប្រើជាន័យធៀបសម្រាប់«ទីប្រណាំង»របស់គ្រិស្តសាសនិកឲ្យបានជីវិត។ នេះក៏បានត្រូវប្រើក្នុងន័យផ្សេងទៀតដែរ ដូចជា«តស៊ូ» (ភី. ១:៣០; កូឡ. ២:១; ១ធី. ៦:១២; ២ធី. ៤:៧)។ កិរិយាសព្ទភាសាក្រិចនៅលូក. ១៣:២៤ គឺបានត្រូវបកប្រែថា«ប្រកួត» (១កូ. ៩:២៥) «ខំប្រឹងព្យាយាម» (កូឡ. ១:២៩; ៤:១២; ១ធី. ៤:១០) និង«តស៊ូ» (១ធី. ៦:១២)។ ដោយសារប្រវត្ដិនៃពាក្យនេះគឺជាប់ទាក់ទងនឹងការប្រកួតកីឡា ដូច្នេះអ្នកខ្លះនិយាយថាការខំប្រឹងដែលលោកយេស៊ូបានលើកទឹកចិត្តនោះ ប្រហែលជាប្រៀបដូចជាការខំប្រឹងយ៉ាងខ្លាំងរបស់កីឡាករម្នាក់ដែលប្រើកម្លាំងទាំងអស់របស់គាត់ដើម្បីឲ្យឈ្នះបានរង្វាន់។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១៣:៣៣
ពុំអាច: ឬ«មិនអាចទៅរួច»។ ទំនាយក្នុងគម្ពីរមិនប្រាប់ចំៗថាមេស្ស៊ីនឹងស្លាប់នៅក្រុងយេរូសាឡិម។ ទោះយ៉ាងនោះក៏ដោយ គំនិតនេះប្រហែលជាមកពីដាន. ៩:២៤-២៦។ លើសពីនេះទៅទៀត បើសិនជាជនជាតិយូដាសម្លាប់អ្នកប្រកាសទំនាយ ជាពិសេសគឺមេស្ស៊ី នោះទំនងជានឹងកើតឡើងនៅក្នុងក្រុងនោះ។ សមាជិក៧១នាក់នៃក្រុមប្រឹក្សាជាន់ខ្ពស់ តុលាការកំពូល ជួបជុំគ្នានៅក្រុងយេរូសាឡិម ដើម្បីវិនិច្ឆ័យក្ដីអ្នកដែលបានត្រូវចោទប្រកាន់ថាជាអ្នកប្រកាសទំនាយក្លែងក្លាយ។ លោកយេស៊ូប្រហែលជាបានចាំថាក្រុងយេរូសាឡិមគឺជាកន្លែងដែលគេជូនគ្រឿងបូជាជាទៀងទាត់ដល់ព្រះ ហើយកូនចៀមបុណ្យរំលងបានត្រូវសម្លាប់នៅទីនោះ។ នៅទីបំផុត ប្រសាសន៍របស់លោកយេស៊ូបានក្លាយជាការពិត។ លោកបានត្រូវនាំទៅឯក្រុមប្រឹក្សាជាន់ខ្ពស់ក្នុងក្រុងយេរូសាឡិម ហើយទទួលការកាត់ទោស។ រួចមក នៅយេរូសាឡិមនោះឯង ក្រៅកំពែងក្រុងបន្ដិច លោកបានស្លាប់ជា«កូនចៀមបុណ្យរំលង»។—១កូ. ៥:៧
ថ្ងៃទី៣០ ខែកក្កដា–ថ្ងៃទី៥ ខែសីហា
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១៥:១១-១៦
មានបុរសម្នាក់ មានកូនប្រុសពីរនាក់: ផ្នែកខ្លះនៃឧទាហរណ៍អំពីកូនបង្ហិនទ្រព្យ (ក៏បានត្រូវស្គាល់ជា«កូនដែលវង្វេងបាត់») គឺខុសប្លែកពីឧទាហរណ៍ឯទៀត។ នេះជាឧទាហរណ៍វែងបំផុតមួយដែលលោកយេស៊ូបានលើកឡើង។ លក្ខណៈពិសេសមួយគឺទំនាក់ទំនងក្រុមគ្រួសារដែលលោកបានរៀបរាប់។ ក្នុងឧទាហរណ៍ផ្សេងទៀត លោកយេស៊ូច្រើនតែសំដៅលើអ្វីដែលគ្មានជីវិត ដូចជាគ្រាប់ពូជផ្សេងៗ ឬដី ឬលោកបញ្ជាក់អំពីទំនាក់ទំនងរវាងម្ចាស់និងខ្ញុំបម្រើ។ (ម៉ាថ. ១៣:១៨-៣០; ២៥:១៤-៣០; លូក. ១៩:១២-២៧) ក៏ប៉ុន្តែ ក្នុងឧទាហរណ៍នេះ លោកយេស៊ូលើកបញ្ជាក់អំពីភាពជិតស្និទ្ធរវាងឪពុកនិងកូនរបស់គាត់។ មនុស្សជាច្រើនដែលឮអំពីកំណត់ហេតុនេះ ប្រហែលជាមិនមានឪពុកដែលសប្បុរសនិងកក់ក្ដៅដូចនេះទេ។ ឧទាហរណ៍នេះបង្ហាញអំពីមនោសញ្ចេតនាជ្រាលជ្រៅនិងសេចក្ដីស្រឡាញ់ដែលបិតារបស់យើងនៅស្ថានសួគ៌មានចំពោះកូនៗរបស់លោកដែលនៅផែនដី ពោលគឺអ្នកដែលនៅជាប់ជាមួយនឹងលោកនិងអ្នកដែលត្រឡប់មកលោកវិញបន្ទាប់ពីបានវង្វេងបាត់។
កូនប្អូន: យោងទៅតាមច្បាប់ម៉ូសេ កូនច្បងបានទទួលចំណែកមួយជាពីរ។ (ចោ. ២១:១៧) ដូច្នេះកូនប្អូនទទួលមត៌កពាក់កណ្ដាលនៃចំណែករបស់កូនប្រុសច្បង។
បង្ហិន: ពាក្យភាសាក្រិចដែលបានត្រូវប្រើនៅទីនេះមានន័យត្រង់ថា«កម្ចាត់កម្ចាយ (ទៅទិសផ្សេងៗ)»។ (លូក. ១:៥១; សកម្ម. ៥:៣៧) នៅទីនេះ ពាក្យនេះបានត្រូវប្រើក្នុងន័យថាការខ្ជះខ្ជាយ ពោលគឺការចំណាយដោយឥតពិចារណា។
អំពើអបាយមុខ: ឬ«ភ្លើតភ្លើន»។ ពាក្យភាសាក្រិចដែលមានអត្ថន័យស្រដៀងគ្នានេះបានត្រូវប្រើនៅអេភ. ៥:១៨; ទីត. ១:៦; ១ពេ. ៤:៤។ ដោយសារពាក្យភាសាក្រិចនេះក៏ប្រហែលជាមានន័យថារបៀបរស់នៅខ្ជះខ្ជាយ នោះអ្នកបកប្រែគម្ពីរខ្លះបានប្រើពាក្យ«រស់នៅដោយបង្ហិនទ្រព្យ»។
ឃ្វាលជ្រូក: តាមច្បាប់ម៉ូសេ សត្វជ្រូកគឺមិនស្អាតបរិសុទ្ធ ដូច្នេះការឃ្វាលជ្រូកគឺជាការងារថោកទាប និងគួរឲ្យខ្ពើមសម្រាប់ជនជាតិយូដា។—លេវី. ១១:៧, ៨
ចំណី: ផ្លែឈើម្យ៉ាងដែលមានសំបកពណ៌ត្នោតភ្លឺរលោង និងមានរាងដូចស្នែង។ ចំណីដែលបានត្រូវរៀបរាប់នៅទីនេះ នៅតែប្រើរហូតដល់សព្វថ្ងៃនេះសម្រាប់ជាចំណីសត្វសេះ គោ និងជ្រូក។ បុរសវ័យក្មេងនេះសុខចិត្តបរិភោគសូម្បីតែចំណីជ្រូក នេះបង្ហាញថាគាត់បានបាត់បង់ភាពថ្លៃថ្នូររបស់ខ្លួន។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១៥:១៧-២៤
កូនឈ្នួល: ពេលគាត់បានត្រឡប់មកផ្ទះវិញ កូនប្អូនមានគម្រោងចង់សុំឪពុករបស់គាត់ឲ្យទទួលគាត់ជាកូនឈ្នួល មិនមែនជាកូនប្រុសទេ។ បុរសដែលជាកូនឈ្នួលមិនមែនដូចជាខ្ញុំបម្រើទេ ព្រោះគាត់មិនរស់នៅក្នុងផ្ទះ តែជាអ្នកខាងក្រៅដែលបានត្រូវជួល ច្រើនតែសម្រាប់មួយថ្ងៃៗ។—ម៉ាថ. ២០:១, ២, ៨
ថើបដោយក្ដីស្រឡាញ់: ដោយទទួលស្វាគមន៍កូនប្រុសគាត់យ៉ាងកក់ក្ដៅនិងរាក់ទាក់បែបនេះ ឪពុកក្នុងឧទាហរណ៍នេះបង្ហាញថាគាត់ពេញចិត្តស្វាគមន៍នូវការត្រឡប់មកវិញរបស់កូនប្រុសគាត់ដែលប្រែចិត្ត។
ហៅជាកូនរបស់លោកឪពុក: ឯកសារបុរាណខ្លះបន្ថែមថា៖ «សូមឲ្យខ្ញុំធ្វើជាកូនឈ្នួលរបស់លោកឪពុកវិញ» ក៏ប៉ុន្តែឃ្លានេះបានត្រូវលុបចោលនៅក្នុងឯកសារសំខាន់ៗពីសម័យមុន។ បណ្ឌិតខាងគម្ពីរខ្លះគិតថាឃ្លាបន្ថែមនេះបានត្រូវបន្ថែមដើម្បីធ្វើឲ្យស្របគ្នានឹងខគម្ពីរនៅលូក. ១៥:១៩។ នេះជាមូលហេតុដែលសេចក្ដីបកប្រែពិភពលោកថ្មីជាភាសាអង់គ្លេសមិនមានឃ្លានេះនៅក្នុងលូក. ១៥:២១ទេ។
អាវផាយ . . . ចិញ្ចៀន . . . ស្បែកជើង: អាវផាយនេះមិនមែនជាសម្លៀកបំពាក់ធម្មតាទេ គឺល្អបំផុត នេះប្រហែលជាសម្លៀកបំពាក់ផ្លូវការដែលបានត្រូវតុបតែងយ៉ាងផ្ចិតផ្ចង់ ដូចជាសម្លៀកបំពាក់ដែលគេជូនភ្ញៀវកិត្ដិយស។ ការបំពាក់ចិញ្ចៀននៅលើដៃរបស់កូនប្រុសគាត់ បង្ហាញអំពីការពេញចិត្តនិងសេចក្ដីស្រឡាញ់របស់ឪពុក ព្រមទាំងការឲ្យតម្លៃ ការលើកកិត្ដិយសនិងការលើកមុខមាត់ចំពោះកូនប្រុសដែលបានត្រូវទទួលស្គាល់ឡើងវិញនេះដែរ។ ជាធម្មតា ខ្ញុំបម្រើមិនពាក់ចិញ្ចៀននិងស្បែកជើងនោះទេ។ ដូច្នេះ ឪពុកនោះចង់បញ្ជាក់ថាកូនប្រុសរបស់គាត់កំពុងត្រូវទទួលស្គាល់ឡើងវិញជាសមាជិកក្រុមគ្រួសារយ៉ាងពេញលេញ។
nwtsty-E ការពន្យល់បន្ថែមនៅលូក. ១៤:២៦
ស្អប់: ក្នុងគម្ពីរ ពាក្យ«ស្អប់»មានអត្ថន័យផ្សេងៗ។ ជាឧទាហរណ៍ ពេលគម្ពីរចែងថាយ៉ាកុប«ស្អប់»លេអា ហើយស្រឡាញ់រ៉ាជែល នេះមានន័យថាគាត់ស្រឡាញ់លេអាតិចជាងគាត់ស្រឡាញ់រ៉ាជែល (លោ. ២៩:៣១; ចោ. ២១:១៥) ហើយពាក្យដែលបានត្រូវប្រើក្នុងន័យនេះគឺមាននៅក្នុងឯកសាររបស់ជនជាតិយូដាសម័យបុរាណផ្សេងទៀត។ ហេតុនេះ លោកយេស៊ូមិនចង់មានប្រសាសន៍ថាអ្នកកាន់តាមលោកត្រូវប្រឆាំងឬខ្ពើមឆ្អើមក្រុមគ្រួសាររបស់ពួកគេនិងចំពោះខ្លួនឯងឡើយ បើដូច្នេះ នេះនឹងផ្ទុយពីបទគម្ពីរឯទៀត។ (សូមពិនិត្យបន្ថែម ម៉ាក. ១២:២៩-៣១; អេភ. ៥:២៨, ២៩, ៣៣) ក្នុងបរិបទនេះ ពាក្យ«ស្អប់»អាចបកប្រែថា«ស្រឡាញ់តិចជាង»។