-
ចូរ«អ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ ឧសភា
-
-
៥, ៦. (ក) តើព្រះយេស៊ូបានមានបន្ទូលប្រាប់អំពីរឿងប្រៀបប្រដូចពីរដ៏ខ្លីណា? (ខ) តើរឿងប្រៀបប្រដូចទាំងនេះបង្ហាញយ៉ាងណាអំពីព្រះយេហូវ៉ា?
៥ ព្រះយេស៊ូបានប្រទាននូវរឿងប្រៀបប្រដូចដ៏ខ្លីពីរ ដើម្បីបង្រៀនពួកអ្នកស្ដាប់នូវទស្សនៈរបស់ព្រះយេហូវ៉ា ចំពោះអស់អ្នកដែលបានដើរចេញពីផ្លូវរបស់ទ្រង់។ រឿងប្រៀបប្រដូចមួយគឺអំពីអ្នកគង្វាលម្នាក់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀម១រយ តែបាត់១ តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ ទាល់តែឃើញទេឬអី កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ នឹងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ នឹងមានសេចក្ដីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ»។—លូកា ១៥:៤-៧
-
-
ចូរ«អ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ ឧសភា
-
-
របស់ដែលបាត់នៅតែមានតម្លៃចំពោះម្ចាស់
៨. (ក) តើអ្នកគង្វាលនិងស្ត្រីនោះមានប្រតិកម្មយ៉ាងណាចំពោះអ្វីដែលគេបានបាត់បង់នោះ? (ខ) តើប្រតិកម្មរបស់ពួកគេបង្ហាញយ៉ាងណា ចំពោះទស្សនៈរបស់ពួកគេដែលមានចំពោះរបស់ដែលបានបាត់បង់នោះ?
៨ នៅក្នុងរឿងប្រៀបប្រដូចទាំងពីរ គឺមានអ្វីមួយបានបាត់បង់ទៅ តែចូរកត់សម្គាល់នូវប្រតិកម្មនៃម្ចាស់វិញ។ អ្នកគង្វាលនោះមិនបានពោលថា៖ ‹បាត់ចៀមមួយមិនសំខាន់ទេ ខ្ញុំនៅមានចៀម៩៩ក្បាលទៀតឯណោះ ខ្ញុំមិនត្រូវការចៀមនោះទេ›។ ស្ត្រីម្នាក់នោះមិនបាននិយាយថា៖ ‹តើខ្ញុំត្រូវព្រួយដោយគ្រាន់តែបាត់ប្រាក់មួយកាក់នោះឬ? ខ្ញុំពេញចិត្តណាស់ទៅហើយនឹងប្រាក់ប្រាំបួនកាក់ដែលខ្ញុំមាននោះ›។ តែផ្ទុយទៅវិញអ្នកគង្វាលនោះបានស្វែងរកចៀមដែលបាត់បង់ ហាក់ដូចជាគាត់មានចៀមតែមួយអ៊ីចឹង។ ហើយស្ត្រីនោះខំរកប្រាក់មួយកាក់ដែលបាត់ទៅ ហាក់ដូចជាគាត់មានប្រាក់តែមួយកាក់ដែរ។ ក្នុងករណីទាំងពីរនេះ របស់ដែលបាត់បង់នៅតែមានតម្លៃចំពោះម្ចាស់ខ្លួន។ តើរឿងនេះសឲ្យឃើញយ៉ាងដូចម្ដេច?
៩. តើការយកចិត្តទុកដាក់របស់អ្នកគង្វាលនិងស្ត្រីនោះបង្ហាញអំពីអ្វី?
៩ ចូរកត់សម្គាល់នូវសេចក្ដីសន្និដ្ឋានរបស់ព្រះយេស៊ូក្នុងករណីទាំងពីរនេះ ពោលគឺ៖ «នៅស្ថានសួគ៌ នឹងមានសេចក្ដីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ» និង«ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្ដីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ»។ ដូច្នេះហើយ ការយកចិត្តទុកដាក់របស់អ្នកគង្វាលនិងស្ត្រីនោះ នេះគ្រាន់តែជាការបង្ហាញនូវអារម្មណ៍ដ៏តិចតួចដែលព្រះយេហូវ៉ានិងសត្តនិករនៅស្ថានសួគ៌មានប៉ុណ្ណោះ។ ដូចជាអ្វីដែលបានបាត់បង់ទៅនៅមានតម្លៃចំពោះអ្នកគង្វាលនិងស្ត្រីនោះ បើដូច្នេះអស់អ្នកដែលបានចាកចេញពីក្រុមជំនុំនិងលែងមានការសេពគប់ជាមួយរាស្ត្ររបស់ព្រះយេហូវ៉ា ក៏នៅមានតម្លៃចំពោះទ្រង់ដែរ។ (យេរេមា ៣១:៣) បុគ្គលបែបនេះប្រហែលជាខ្សោយខាងវិញ្ញាណមែន តែពួកគេមិនមែនជាអ្នកបះបោរនោះទេ។ ទោះជាមានភាពខ្សោយខាងវិញ្ញាណក៏ដោយ ពួកគេប្រហែលនៅតែធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ាខ្លះដែរ។ (ទំនុកដំកើង ១១៩:១៧៦; កិច្ចការ ១៥:២៩) ហេតុនេះហើយ កាលដែលពេលវេលាកន្លងទៅ ព្រះយេហូវ៉ា«ក៏មិនទាន់បោះបង់ចោល គេចេញពីចំពោះទ្រង់នៅឡើយដែរ»។—ពង្សាវតារក្សត្រទី២ ១៣:២៣
១០, ១១. (ក) ចំពោះអ្នកដែលបានចាកចេញពីក្រុមជំនុំ តើយើងគួរមានទឹកចិត្តយ៉ាងណាចំពោះគេ? (ខ) យោងទៅតាមរឿងប្រៀបប្រដូចទាំងពីររបស់ព្រះយេស៊ូ តើយើងអាចសម្ដែងនូវការយកចិត្តទុកដាក់ចំពោះពួកគេយ៉ាងដូចម្ដេច?
១០ ដូចជាព្រះយេហូវ៉ានិងព្រះយេស៊ូ យើងក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអស់អ្នកខ្សោយខាងវិញ្ញាណ ដែលមិនមកក្រុមជំនុំគ្រីស្ទាននោះ។ (អេសេគាល ៣៤:១៦; លូកា ១៩:១០) យើងចាត់ទុកបុគ្គលដែលខ្សោយខាងវិញ្ញាណដូចជាចៀមវង្វេងបាត់ មិនមែនជាបុគ្គលដែលជួយពុំបាននោះទេ។ យើងមិនគិតថា៖ ‹ម្ដេចក៏ចាំព្រួយអំពីមនុស្សដែលខ្សោយខាងវិញ្ញាណម្នាក់ធ្វើអ្វី បើក្រុមជំនុំមិនត្រូវការជំនួយពីគាត់ផងនោះ›? ផ្ទុយទៅវិញ យើងចាត់ទុកអស់អ្នកដែលបានចាកចេញហើយតែចង់ត្រឡប់មកវិញ ជាបុគ្គលមានតម្លៃ ដូចទស្សនៈរបស់ព្រះយេហូវ៉ាដែរ។
-
-
ចូរ«អ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»ទស្សនាវដ្ដីប៉មយាម ២០០៣ | ១ ឧសភា
-
-
ចូរចាត់វិធានការធ្វើអ្វីមួយ
១២. តើឃ្លាដែលថា«ទៅតាមរកចៀម១ដែលបាត់» ប្រាប់យើងយ៉ាងណាអំពីអារម្មណ៍របស់អ្នកគង្វាល?
១២ ក្នុងរឿងប្រៀបប្រដូចទីមួយ នោះព្រះយេស៊ូមានបន្ទូលថាអ្នកគង្វាលនឹង«ទៅតាមរកចៀម១ដែលបាត់»។ អ្នកគង្វាលនេះចាត់វិធានការនិងខំប្រឹងដ៏ស្មោះដើម្បីរកចៀមមួយដែលបាត់នោះ។ អ្នកគង្វាលនេះពុំខ្លាចនូវការពិបាក គ្រោះថ្នាក់ សូម្បីនៅជិតឆ្ងាយក៏ដោយ។ ផ្ទុយទៅវិញ អ្នកគង្វាលនេះខំរកឲ្យ«ទាល់តែឃើញ[ចៀម]»នោះ។—លូកា ១៥:៤
១៣. តើមនុស្សស្មោះត្រង់ពីសម័យបុរាណបានធ្វើយ៉ាងណាដល់អ្នកដែលធ្លាក់ទឹកចិត្ត? ហើយតើយើងអាចយកតម្រាប់តាមគំរូទាំងនេះយ៉ាងដូចម្ដេច?
១៣ ស្រដៀងគ្នាដែរ ការជួយមនុស្សដែលត្រូវការការលើកទឹកចិត្ត គឺតម្រូវឲ្យអ្នកដែលខ្លាំងខាងវិញ្ញាណចាត់វិធានការជាមុន។ មនុស្សស្មោះត្រង់ពីសម័យបុរាណបានយល់អំពីទង្វើបែបនេះ។ ជាឧទាហរណ៍ បុត្ររបស់ស្តេចសូល ព្រះនាមយ៉ូណាថានបានឃើញដាវីឌដែលជាមិត្តដ៏ជិតស្និទ្ធត្រូវការការលើកទឹកចិត្ត នោះយ៉ូណាថាន «ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចំរើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង»។ (សាំយូអែលទី១ ២៣:១៥, ១៦) ជាច្រើនសតវត្សក្រោយមក នៅពេលអភិបាលនេហេមាបានឃើញ បងប្អូនជាតិយូដាធ្លាក់ទឹកចិត្ត នោះគាត់ក៏«ចូលទៅជិត»ហើយបានលើកទឹកចិត្តបណ្ដាជន‹ឲ្យនឹករឭកដល់ព្រះយេហូវ៉ា›។ (នេហេមា ៤:១៤) សព្វថ្ងៃនេះ យើងក៏ចង់‹ចូលទៅជិត› ពោលគឺចាត់វិធានការភ្លាមដើម្បីពង្រឹងអស់អ្នកដែលខ្សោយខាងវិញ្ញាណ។ ប៉ុន្តែ ក្នុងក្រុមជំនុំ តើអ្នកណាដែលត្រូវចាត់វិធានការនេះ?
១៤. តើអ្នកណាក្នុងក្រុមជំនុំដែលត្រូវជួយអស់អ្នកដែលខ្សោយខាងវិញ្ញាណ?
១៤ ជាពិសេសពួកអ្នកចាស់ទុំគ្រីស្ទានមានភារកិច្ចដើម្បី«ចំរើនកម្លាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង» និងត្រូវ «ប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា៖ ‹ចូរឲ្យមានកម្លាំងចុះ! កុំឲ្យខ្លាចឡើយ›»។ (អេសាយ ៣៥:៣, ៤; ពេត្រុសទី១ ៥:១, ២) ប៉ុន្តែ ចូរកត់សម្គាល់នូវការដាស់តឿនរបស់ប៉ុល ដែល«ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត» និងឲ្យ«គាំពារពួកអ្នកដែលខ្សោយ» នេះមិនមែនគ្រាន់តែជាបង្គាប់ដល់ពួកអ្នកចាស់ទុំប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ពាក្យរបស់ប៉ុលបានបង្គាប់«ពួកជំនុំនៅក្រុងថែស្សាឡូនីច»ទាំងមូល។ (ថែស្សាឡូនីចទី១ ១:១; ៥:១៤) ដូច្នេះហើយ ការជួយមនុស្សដែលខ្សោយខាងវិញ្ញាណ គឺជាកិច្ចការរបស់ពួកគ្រីស្ទានទាំងអស់គ្នា។ ដូចជាអ្នកគង្វាលក្នុងរឿងប្រៀបប្រដូច នោះគ្រីស្ទានម្នាក់ៗបានត្រូវជំរុញឲ្យ«ទៅតាមរកចៀម១ដែលបាត់»។ ប្រាកដហើយ បើមានការចូលរួមជាមួយពួកអ្នកចាស់ទុំ នេះនឹងមានប្រសិទ្ធភាពជាទីបំផុត។ តើអ្នកអាចធ្វើអ្វីមួយ ដើម្បីជួយអ្នកដែលខ្សោយខាងវិញ្ញាណក្នុងក្រុមជំនុំរបស់អ្នកបានទេ?
-