បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/១០ ទំ. ១៥-២០
  • ចូរបម្រើព្រះយេហូវ៉ាដោយគ្មានអ្វីបំបែរអារម្មណ៍

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបម្រើព្រះយេហូវ៉ាដោយគ្មានអ្វីបំបែរអារម្មណ៍
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ម៉ាថា​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន
  • កុំ​ប្រើ​ប្រាស់​អ្វី​ៗ​ពី​ពិភព​លោក​យ៉ាង​ពេញ​លេញ
  • ចូរ​ផ្ដោត​អារម្មណ៍​ជា​និច្ច​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត
  • ‹ចូរ​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់›
  • ការទូន្មាននាងម៉ាថា និងការណែនាំពីរបៀបអធិស្ឋាន
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • សេចក្ដីសង្ឃឹមចំពោះដំណើររស់ឡើងវិញ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • មេរៀនអំពីការទទួលអ្នកឯទៀតយ៉ាងរាក់ទាក់និងការអធិដ្ឋាន
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • «ការរស់ឡើងវិញនិងជីវិត»
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/១០ ទំ. ១៥-២០

ចូរ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​អ្វី​បំបែរ​អារម្មណ៍

​«​ម៉ារៀ . . . ស្ដាប់​លោក[​យេស៊ូ​]មាន​ប្រសាសន៍។ រីឯ​ម៉ាថា​វិញ នាង​កំពុង​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន​»។—លូកា ១០:៣៩, ៤០

ចម្រៀង​លេខ: ៤០, ៥៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​តាម​របៀប​ណា​ម៉ាថា​និង​ម៉ារៀ​បាន​ទុក​គំរូ​ល្អ​សម្រាប់​យើង?

  • តើ​យើង​ប្រើ​អ្វី​ខ្លះ​ក្នុង​ពិភព​លោក​នេះ ប៉ុន្តែ​តើ​យើង​គួរ​ប្រុង​ប្រយ័ត្ន​នឹង​អ្វី?

  • ដូច​លោក​យេស៊ូ​និង​ប៉ូល​ដែរ តើ​តាម​របៀប​ណា​បង​ប្អូន​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បម្រើ​ព្រះ​ដោយ​មិន​ឲ្យ​អ្វី​បំបែរ​អារម្មណ៍?

១, ២​. ហេតុ​អ្វី​លោក​យេស៊ូ​ស្រឡាញ់​ម៉ាថា ប៉ុន្តែ​តើ​នាង​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​នាង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ?

ពេល​អ្នក​គិត​អំពី​ម៉ាថា​ដែល​ជា​បង​ស្រី​របស់​ឡាសា តើ​អ្នក​ស្រមៃ​ឃើញ​ថា​នាង​ជា​មនុស្ស​បែប​ណា? គម្ពីរ​បង្ហាញ​ថា​ម៉ាថា​គឺ​ជា​មិត្ត​ភក្ដិ​ដ៏​ល្អ​របស់​លោក​យេស៊ូ ហើយ​ថា​លោក​ស្រឡាញ់​នាង។ ប៉ុន្តែ នាង​មិន​មែន​ជា​ស្ត្រី​តែ​ម្នាក់​ដែល​លោក​យេស៊ូ​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ទេ។ ជា​ឧទាហរណ៍ ម៉ារៀ​ដែល​ជា​ប្អូន​ស្រី​របស់​ម៉ាថា​ក៏​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ​ដែរ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​ស្រឡាញ់​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក។ (​យ៉ូហាន ១១:៥; ១៩:២៥​-​២៧​) ដូច្នេះ ហេតុ​អ្វី​លោក​យេស៊ូ​ស្រឡាញ់​ម៉ាថា?

២ លោក​យេស៊ូ​ស្រឡាញ់​ម៉ាថា ដោយ​សារ​នាង​មាន​ចិត្ត​ទូលាយ​និង​ចិត្ត​សប្បុរស ហើយ​នាង​ក៏​ជា​មនុស្ស​ឧស្សាហ៍​ដែរ។ ប៉ុន្តែ​មូលហេតុ​សំខាន់​បំផុត​ដែល​លោក​យេស៊ូ​ស្រឡាញ់​នាង​គឺ​ដោយ​សារ​នាង​មាន​ជំនឿ​មាំ​មួន។ នាង​ជឿ​អ្វី​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​បង្រៀន ហើយ​នាង​ជឿ​ជាក់​ថា​លោក​គឺ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ (​យ៉ូហាន ១១:២១​-​២៧​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ម៉ាថា​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ដូច​យើង​ទាំង​អស់​គ្នា នាង​ក៏​ធ្វើ​ខុស​ដែរ។ ជា​ឧទាហរណ៍ មាន​ពេល​មួយ​ដែល​លោក​យេស៊ូ​បាន​ទៅ​លេង​ពួក​គាត់ ម៉ាថា​បាន​អន់​ចិត្ត​នឹង​ម៉ារៀ​ដែល​ជា​ប្អូន​ស្រី​របស់​នាង ហើយ​នាង​បាន​ប្រាប់​លោក​យេស៊ូ​ថា​លោក​គួរ​តែ​កែ​តម្រង់​ម៉ារៀ។ ម៉ាថា​បាន​និយាយ​ថា​៖ ​«​តើ​លោក​មិន​ឃើញ​ថា ប្អូន​ខ្ញុំ​បានទុក​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ច​ការ​តែ​ម្នាក់​ឯង​ទេ​ឬ? ដូច្នេះ សូម​ប្រាប់​គាត់​ឲ្យ​ជួយ​ខ្ញុំ​ផង​»។ (​សូម​អាន លូកា ១០:៣៨​-​៤២​) ហេតុ​អ្វី​ម៉ាថា​បាន​និយាយ​ដូច្នេះ ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​ពាក្យ​តប​ឆ្លើយ​របស់​លោក​យេស៊ូ​ទៅ​កាន់​នាង?

ម៉ាថា​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន

៣, ៤​. តើ​ម៉ារៀ​ធ្វើ​អ្វី​បាន​ជា​លោក​យេស៊ូ​ពេញ​ចិត្ត ហើយ​តើ​ម៉ាថា​បាន​រៀន​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៣ លោក​យេស៊ូ​សប្បាយ​ចិត្ត​ដែល​ម៉ាថា​និង​ម៉ារៀ​បាន​អញ្ជើញ​លោក​ឲ្យ​មក​ផ្ទះ​របស់​ពួក​គាត់ ហើយ​លោក​ចង់​ប្រើ​ពេល​វេលា​នោះ​ដើម្បី​បង្រៀន​ពួក​គាត់​ថែម​ទៀត​អំពី​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ។ ភ្លាម​ៗ​ម៉ារៀ​បាន​ទៅ​អង្គុយ​ជិត​លោក​យេស៊ូ​ដើម្បី​«​ស្ដាប់​លោក​មាន​ប្រសាសន៍​»។ នាង​ចង់​រៀន​អ្វី​ទាំង​អស់​ដែល​នាង​អាច​រៀន​ពី​គ្រូ​ដ៏​ល្អ​ប្រសើរ។ ម៉ាថា​ក៏​អាច​សម្រេច​ចិត្ត​ស្ដាប់​លោក​យេស៊ូ​ដែរ។ ម្យ៉ាង​ទៀត បើ​ម៉ាថា​បាន​ឈប់​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​លោក នោះ​លោក​នឹង​សរសើរ​នាង។

៤ ប៉ុន្តែ ម៉ាថា​បាន​អនុញ្ញាត​ឲ្យ​កិច្ច​ការ​ជា​ច្រើន​ដែល​នាង​ត្រូវ​ធ្វើ​បំបែរ​អារម្មណ៍​របស់​នាង។ នាង​រវល់​រៀប​ចំ​ម្ហូប​ពិសេស​ជូន​លោក​យេស៊ូ ហើយ​ធ្វើ​អ្វី​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដើម្បី​ឲ្យ​លោក​ស្នាក់​នៅ​ស្រួល។ ពេល​នាង​បាន​ឃើញ​ថា​ម៉ារៀ​មិន​មក​ជួយ​នាង នាង​បាន​ខឹង ហើយ​ត្អូញត្អែរ​ដាក់​លោក​យេស៊ូ។ លោក​បាន​ដឹង​ថា​ម៉ាថា​កំពុង​ព្យាយាម​ធ្វើ​អ្វី​ផ្សេង​ៗ​ច្រើន​ពេក ហេតុ​នេះ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ដោយ​ចិត្ត​សប្បុរស​ថា​៖ ​«​ម៉ាថា ម៉ាថា នាង​កំពុង​ខ្វល់​ចិត្ត​ណាស់​អំពី​កិច្ច​ការ​ជា​ច្រើន​»។ លោក​ក៏​បាន​ឲ្យ​យោបល់​នាង​ថា​គ្រាន់​តែ​ម្ហូប​សាមញ្ញ ប្រហែល​ជា​តែ​មួយ​មុខ​គឺ​គ្រប់​គ្រាន់​ហើយ។ ក្រោយ​មក​លោក​យេស៊ូ​បាន​សរសើរ​ម៉ារៀ​ដែល​បាន​ស្ដាប់​លោក​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឯ​ម៉ារៀ នាង​បាន​រើស​យក​ចំណែក​ល្អ​វិញ ហើយ​ចំណែក​នោះ​នឹង​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ​»។ ម៉ារៀ​ប្រហែល​ជា​ភ្លេច​អំពី​អ្វី​ដែល​នាង​បាន​បរិភោគ​នៅ​ពេល​នោះ ប៉ុន្តែ​នាង​ច្បាស់​ជា​មិន​ភ្លេច​អ្វី​ៗ​ដែល​នាង​បាន​រៀន​ពី​លោក​យេស៊ូ ហើយ​មិន​ភ្លេច​អំពី​របៀប​ដែល​លោក​បាន​សរសើរ​នាង​ឡើយ។ ជាង​៦០​ឆ្នាំ​ក្រោយ​មក សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ‹លោក​យេស៊ូ​ស្រឡាញ់​ម៉ាថា និង​ប្អូន​របស់​នាង›។ (​យ៉ូហាន ១១:៥​) ពាក្យ​ទាំង​នេះ​បង្ហាញ​ថា​ម៉ាថា​បាន​ធ្វើ​តាម​ការ​កែ​តម្រង់​របស់​លោក​យេស៊ូ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​មួយ​ជីវិត​របស់​នាង។

៥​. ជា​ពិសេស​នៅ​សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​យើង​ពិបាក​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​ជាង ហើយ​តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី?

៥ យើង​ទទួល​ស្គាល់​ថា​នៅ​សព្វ​ថ្ងៃ​នេះ​មាន​អ្វី​ៗ​ច្រើន​ជាង​នៅ​សម័យ​គម្ពីរ ដែល​អាច​បំបែរ​អារម្មណ៍​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ទស្សនាវដ្ដី​ប៉ម​យាម​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៥៨ បាន​ព្រមាន​បង​ប្អូន​កុំ​ឲ្យ​បច្ចេកវិទ្យា​បំបែរ​អារម្មណ៍​ពួក​គាត់​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ សូម្បី​តែ​នៅ​ពេល​នោះ​ក៏​ដោយ មើល​ទៅ​មាន​អ្វី​ថ្មី​ជា​រៀង​រាល់​ថ្ងៃ។ អ្វី​ៗ​ដូច​ជា​ទស្សនាវដ្ដី វិទ្យុ ភាពយន្ត និង​ទូរទស្សន៍​បាន​ទៅ​ជា​អ្វី​ដែល​ពេញ​និយម។ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ចែង​ថា​កាល​ដែល​យើង​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ ​«​នោះ​ទំនង​ជា​នឹង​មាន​អ្វី​ៗ​កាន់​តែ​ច្រើន​ដែល​អាច​បំបែរ​អារម្មណ៍​យើង​»។ សព្វ​ថ្ងៃ​នេះ មាន​អ្វី​ដែល​អាច​បំបែរ​អារម្មណ៍​ច្រើន​ជាង​ពី​មុន​ទៅ​ទៀត។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​កាន់​តែ​ដូច​ម៉ារៀ ដោយ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា?

កុំ​ប្រើ​ប្រាស់​អ្វី​ៗ​ពី​ពិភព​លោក​យ៉ាង​ពេញ​លេញ

៦​. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រើ​បច្ចេកវិទ្យា​យ៉ាង​ដូច​ម្ដេច?

៦ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រើ​បច្ចេកវិទ្យា​របស់​ពិភព​លោក​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ជា​ឧទាហរណ៍ មុន​និង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ ពួក​គាត់​បាន​បង្ហាញ​«​ល្ខោន​រូប​ភាព​នៃ​ការ​បង្កើត​»។ ដោយ​ប្រើ​ការ​បញ្ចាំង​រូប​ភាព​និង​ភាពយន្ត​ខ្លី​ដែល​មាន​ពណ៌​រួម​ទាំង​សំឡេង ពួក​គាត់​បាន​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​ប្រទេស​ជា​ច្រើន។ ចុង​បញ្ចប់​នៃ​«​ល្ខោន​រូប​ភាព​»​នោះ​បាន​រៀប​រាប់​អំពី​គ្រា​ដែល​មាន​សន្ដិ​ភាព​ពេល​ដែល​លោក​យេស៊ូ​គ្រិស្ត​នឹង​គ្រប់​គ្រង​លើ​ផែន​ដី។ ក្រោយ​មក រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រើ​វិទ្យុ​ដើម្បី​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ដល់​មនុស្ស​រាប់​លាន​នាក់​ជុំ​វិញ​ពិភព​លោក។ សព្វ​ថ្ងៃ​នេះ យើង​ប្រើ​កុំព្យូទ័រ​និង​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​ពួក​គេ​រស់​នៅ សូម្បី​តែ​នៅ​តំបន់​ដាច់​ស្រយាល។

៧​. (​ក​) ហេតុ​អ្វី​ការ​ប្រើ​ប្រាស់​អ្វី​ៗ​ពី​ពិភព​លោក​យ៉ាង​ពេញ​លេញ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់? (​ខ​) តើ​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​នឹង​អ្វី? (​សូម​មើល​កំណត់​សម្គាល់​)

៧ គម្ពីរ​ព្រមាន​យើង​កុំ​ឲ្យ​ប្រើ​ប្រាស់​អ្វី​ៗ​ពី​ពិភព​លោក​យ៉ាង​ពេញ​លេញ​ឡើយ។ នេះ​រួម​បញ្ចូល​ការ​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​អ្វី​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ។ (​សូម​អាន កូរិនថូស​ទី១ ៧:២៩​-​៣១​) អ្វី​ខ្លះ​ទាំង​នោះ​មិន​មែន​អាក្រក់​ទេ ប៉ុន្តែ​វា​អាច​ស៊ី​ពេល​របស់​យើង​ច្រើន។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ជា​ការ​កម្សាន្ត អាន​សៀវភៅ មើល​ទូរទស្សន៍ ទៅ​លេង​កន្លែង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ទៅ​ផ្សារ​ដើម្បី​ទិញ​អីវ៉ាន់ និង​ចង់​ដឹង​អំពី​គ្រឿង​អេឡិចត្រូនិច​ថ្មី​បំផុត​ឬ​របស់​ថ្លៃ​ៗ។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ផ្ញើ​សារ​ទៅ​វិញ​ទៅ​មក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ផ្ញើ​សារ​តាម​ទូរស័ព្ទ​ឬ​ផ្ញើ​អ៊ីមែល ឬ​ចេះ​តែ​មើល​ព័ត៌មាន​ឬ​ក៏​លទ្ធផល​នៃ​ការ​ប្រកួត​កីឡា។ ប៉ុន្តែ មនុស្ស​ខ្លះ​អាច​ទៅ​ជា​ញៀន​ធ្វើ​អ្វី​ៗ​ទាំង​នោះ។a (​សូម​មើល​កំណត់​សម្គាល់​) (​សាស្ដា ៣:១, ៦​) បើ​យើង​ប្រើ​ពេល​វេលា​ច្រើន​ទៅ​លើ​អ្វី​ដែល​មិន​សំខាន់​ចាំ​បាច់ យើង​ប្រហែល​ជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​សំខាន់​បំផុត ពោល​គឺ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។—សូម​អាន អេភេសូរ ៥:១៥​-​១៧

៨​. ហេតុ​អ្វី​គឺ​សំខាន់​ណាស់​ដែល​យើង​មិន​ស្រឡាញ់​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ?

៨ សាថាន​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ទាក់​ទាញ​យើង​ដោយ​អ្វី​ៗ​ក្នុង​ពិភព​លោក​របស់​វា ហើយ​បំបែរ​អារម្មណ៍​របស់​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ សាថាន​បាន​ធ្វើ​ដូច្នេះ​នៅ​សតវត្សរ៍​ទី១ ហើយ​វា​ធ្វើ​ដូច្នេះ​កាន់​តែ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ។ (​ធីម៉ូថេ​ទី២ ៤:១០​) ដូច្នេះ យើង​គួរ​ពិនិត្យ​ពិចារណា​ជា​និច្ច​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ ហើយ​ធ្វើ​ការ​កែ​ប្រែ​ដែល​យើង​ត្រូវ​ធ្វើ។ គម្ពីរ​ប្រាប់យើង​ថា​យើង​មិន​ត្រូវ​ស្រឡាញ់​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​បន្ត​ពង្រឹង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ស្រួល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជាង ហើយ​ក៏​ស្រួល​នៅ​ជិត​ស្និទ្ធ​នឹង​លោក​ជាង​ដែរ។—យ៉ូហាន​ទី១ ២:១៥​-​១៧

ចូរ​ផ្ដោត​អារម្មណ៍​ជា​និច្ច​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត

៩​. តើ​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី ហើយ​តើ​លោក​បាន​ទុក​គំរូ​យ៉ាង​ណា?

៩ ដូច​លោក​យេស៊ូ​បាន​បង្រៀន​ម៉ាថា​ដោយ​ចិត្ត​សប្បុរស​ថា​កុំ​ឲ្យ​អ្វី​ៗ​ជា​ច្រើន​បំបែរ​អារម្មណ៍​នាង លោក​បាន​បង្រៀន​អ្នក​កាន់​តាម​របស់​លោក​នូវ​មេ​រៀន​ដូច​គ្នា​ដែរ។ លោក​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​ព្រះ។ (​សូម​អាន ម៉ាថាយ ៦:២២, ៣៣​) លោក​យេស៊ូ​ផ្ទាល់​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ។ លោក​មិន​មាន​របស់​របរ​ច្រើន​ទេ ហើយ​លោក​មិន​មាន​ផ្ទះ​ឬ​ដី​ឡើយ។—លូកា ៩:៥៨; ១៩:៣៣​-​៣៥

១០​. តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​ល្អ​អ្វី​សម្រាប់​យើង?

១០ លោក​យេស៊ូ​មិន​បាន​ឲ្យ​អ្វី​ណា​ក៏​ដោយ​បំបែរ​អារម្មណ៍​លោក​ពី​ការ​ផ្សព្វ​ផ្សាយ​ឡើយ។ ជា​ឧទាហរណ៍ មិន​យូរ​ក្រោយ​ពី​លោក​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ បណ្ដា​ជន​នៅ​ក្រុង​កាពើណិម​ចង់​ឲ្យ​លោក​យេស៊ូ​នៅ​ក្រុង​របស់​ពួក​គេ​យូរ​ជាង។ តើ​លោក​បាន​ធ្វើ​យ៉ាង​ណា? លោក​បាន​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភារកិច្ច​របស់​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។ (​លូកា ៤:៤២​-​៤៤​) លោក​យេស៊ូ​បាន​ដើរ​យ៉ាង​ឆ្ងាយ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​បង្រៀន​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត។ លោក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​លោក​នៅ​តែ​ចេះ​អស់​កម្លាំង​និង​ត្រូវ​ការ​សម្រាក ដោយ​សារ​លោក​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​បំពេញ​កិច្ច​បម្រើ​ព្រះ។—លូកា ៨:២៣; យ៉ូហាន ៤:៦

លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា​បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ថែម​ទៀត នោះ​យើង​អាច​ត្រូវ​បំបែរ​អារម្មណ៍​ពី​ការ​បម្រើ​ព្រះ

១១​. តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ពេល​បុរស​ម្នាក់​បាន​សុំ​លោក​ឲ្យ​ដោះ​ស្រាយ​បញ្ហា​របស់​គាត់? តើ​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​នូវ​មេ​រៀន​អ្វី?

១១ ក្រោយ​មក ពេល​លោក​យេស៊ូ​កំពុង​បង្រៀន​អ្នក​កាន់​តាម​លោក​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ បុរស​ម្នាក់​បាន​និយាយ​កាត់​លោក​ថា​៖ ​«​លោក​គ្រូ សូម​ប្រាប់​បង​ប្រុស​ខ្ញុំ​ចែក​មត៌ក​ឲ្យ​ខ្ញុំ​ផង​»។ លោក​យេស៊ូ​មិន​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​បុរស​នេះ​ទេ។ លោក​មិន​បាន​ឲ្យ​អ្វី​នោះ​បំបែរ​អារម្មណ៍​លោក​ពី​ការ​បង្រៀន​អ្នក​កាន់​តាម​លោក​ឡើយ។ តាម​ពិត លោក​បាន​ប្រើ​ឱកាស​នេះ​ដើម្បី​បង្រៀន​ពួក​គេ​ថា​បើ​ពួក​គេ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ចង់​បាន​ទ្រព្យ​សម្បត្ដិ​ថែម​ទៀត នោះ​ពួក​គេ​អាច​ត្រូវ​បំបែរ​អារម្មណ៍​ពី​ការ​បម្រើ​ព្រះ។—លូកា ១២:១៣​-​១៥

១២, ១៣​. (​ក​) តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ជន​ជាតិ​ក្រិច​ខ្លះ​នៅ​ក្រុង​យេរូសាឡិម​កោត​ស្ងើច? (​ខ​) តើ​លោក​យេស៊ូ​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ភីលីព​ប្រាប់​ថា​មនុស្ស​ទាំង​នោះ​ចង់​ជួប​លោក?

១២ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​ជា​មនុស្សជាតិ លោក​តាន​តឹង​ចិត្ត​ខ្លាំង​ណាស់។ (​ម៉ាថាយ ២៦:៣៨; យ៉ូហាន ១២:២៧​) លោក​បាន​ដឹង​ថា​លោក​នឹង​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​នឹង​ស្លាប់។ លោក​ក៏​បាន​ដឹង​ថា​លោក​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​មុន​លោក​ស្លាប់។ ជា​ឧទាហរណ៍ នៅ​ថ្ងៃ​ទី​៩ ខែ​ណែសាន ត្រូវ​នឹង​ថ្ងៃ​អាទិត្យ លោក​យេស៊ូ​បាន​ចូល​ក្រុង​យេរូសាឡិម​ដោយជិះ​សត្វ​លា។ បណ្ដា​ជន​បាន​ទទួល​ស្វាគមន៍​លោក​ជា​ស្តេច​របស់​ពួក​គេ។ (​លូកា ១៩:៣៨​) នៅ​ថ្ងៃ​បន្ទាប់ ដោយ​ចិត្ត​ក្លាហាន​លោក​យេស៊ូ​បាន​បណ្ដេញ​ពួក​បុរស​លោភ​លន់​ចេញ​ពី​វិហារ។ បុរស​ទាំង​នោះ​បាន​លក់​អ្វី​ៗ​ក្នុង​តម្លៃ​ថ្លៃ​នៅ​វិហារ ហើយ​ហេតុ​នេះ លោក​យេស៊ូ​ប្រាប់​ថា​ពួក​គេ​គឺ​មិន​ខុស​ពី​ពួក​ចោរ​ទេ។—លូកា ១៩:៤៥, ៤៦

១៣ ជន​ជាតិ​ក្រិច​ខ្លះ​ដែល​បាន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​រំលង បាន​ឃើញ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ ហើយ​ពួក​គេ​បាន​កោត​ស្ងើច។ ដូច្នេះ ពួក​គេ​បាន​សុំ​សាវ័ក​ភីលីព​ដើម្បី​ជួប​លោក​យេស៊ូ។ ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ព្យាយាម​រក​មនុស្ស​ដែល​អាច​គាំ​ទ្រ​លោក​និង​ការពារ​លោក​ពី​សត្រូវ​របស់​លោក​ឡើយ។ លោក​បាន​ដឹង​អំពី​អ្វី​ដែល​សំខាន់​ជាង។ លោក​បាន​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​លោក ពោល​គឺ​ផ្ដល់​ជីវិត​លោក​ជា​គ្រឿង​បូជា។ ហេតុ​នេះ លោក​បាន​រំលឹក​អ្នក​កាន់​តាម​លោក​ថា​មិន​យូរ​ទៀត​លោក​នឹង​ស្លាប់ ហើយ​ថា​អស់​អ្នក​ដែល​កាន់​តាម​លោក​ក៏​ត្រូវ​តែ​សុខ​ចិត្ត​លះ​បង់​ជីវិត​របស់​ពួក​គេ​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន អ្នក​នោះ​បំផ្លាញ​ជីវិត​ខ្លួន​វិញ ប៉ុន្តែ​អ្នក​ដែល​ស្អប់​ជីវិត​ខ្លួន​ក្នុង​ពិភព​លោក​នេះ នឹង​រក្សា​ជីវិត​ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ ប៉ុន្តែ លោក​យេស៊ូ​ក៏​បាន​សន្យា​ដែរ​ថា​អ្នក​កាន់​តាម​លោក​«​នឹង​ទទួល​កិត្ដិយស​ពី​បិតា​»​ ហើយ​បិតា​នឹង​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ភីលីព​អាច​ប្រាប់​ជន​ជាតិ​ក្រិច​ទាំង​នោះ​នូវ​ដំណឹង​ដែល​លើក​ទឹក​ចិត្ត​នេះ។—យ៉ូហាន ១២:២០​-​២៦

១៤​. ទោះ​ជា​លោក​យេស៊ូ​បាន​ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក​ក៏​ដោយ តើ​លោក​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​មាន​ពេល​សម្រាប់​ធ្វើ​អ្វី?

១៤ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី កិច្ច​ការ​សំខាន់​ចម្បង​របស់​លោក​គឺ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ទោះ​ជា​លោក​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​ក៏​ដោយ លោក​មិន​ចេះ​តែ​គិត​អំពី​កិច្ច​ការ​ដែល​លោក​ត្រូវ​ធ្វើ​ប៉ុណ្ណោះ​ទេ។ ជា​ឧទាហរណ៍ យ៉ាង​ហោច​ណាស់ លោក​បាន​ទៅ​ពិធី​អាពាហ៍ពិពាហ៍​មួយ ហើយ​នៅ​ពិធី​នោះ​លោក​បាន​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា​ល្អ។ (​យ៉ូហាន ២:២, ៦​-​១០​) លោក​ក៏​បាន​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​មិត្ត​ភក្ដិ​លោក​និង​ផ្ទះ​របស់​អ្នក​ឯ​ទៀត​ដែល​ចាប់​អារម្មណ៍​ដំណឹង​ល្អ។ (​លូកា ៥:២៩; យ៉ូហាន ១២:២​) អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត លោក​យេស៊ូ​ច្រើន​តែ​ទុក​ពេល​ដើម្បី​អធិដ្ឋាន រំពឹង​គិត និង​សម្រាក។—ម៉ាថាយ ១៤:២៣; ម៉ាកុស ១:៣៥; ៦:៣១, ៣២

‹ចូរ​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់›

១៥​. តើ​សាវ័ក​ប៉ូល​បាន​និយាយ​ថា​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​អ្វី ហើយ​តើ​តាម​របៀប​ណា​គាត់​បាន​ទុក​គំរូ​ល្អ?

១៥ សាវ័ក​ប៉ូល​បាន​និយាយ​ថា​គ្រិស្ត​សាសនិក​គឺ​ដូច​ជា​អ្នក​រត់​ក្នុង​ទី​ប្រណាំង​ដ៏​វែង​ឆ្ងាយ​មួយ ហើយ​ដើម្បី​រត់​ទៅ​ដល់​គោល​ដៅ ពួក​គេ​ត្រូវ​លះ​ចោល​អ្វី​ណា​ក៏​ដោយ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​រត់​យឺត​ឬ​អាច​នាំ​ឲ្យ​ពួក​គេ​ឈប់​រត់​ប្រណាំង។ (​សូម​អាន ហេប្រឺ ១២:១​) ប៉ូល​ផ្ទាល់​បាន​ទុក​គំរូ​ល្អ។ គាត់​អាច​ទៅ​ជា​អ្នក​ដឹក​នាំ​សាសនា​យូដា​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​និង​ល្បី​ល្បាញ​បាន ប៉ុន្តែ​គាត់​បាន​លះ​ចោល​អាជីព​នោះ​ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​អ្វី​ដែល​សំខាន់​ជាង​»។ គាត់​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សព្វ​ផ្សាយ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជា​ច្រើន ដូច​ជា​ស្រុក​ស៊ីរី តំបន់​អាស៊ី​ប៉ែក​ខាង​លិច ស្រុក​ម៉ាសេដូន និង​តំបន់​យូឌា​ជា​ដើម។ ប៉ូល​បាន​ទន្ទឹង​រង់​ចាំ​រង្វាន់​របស់​គាត់ ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​កំពុង​បំភ្លេច​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ ហើយ​កំពុង​ប្រឹង​រត់​សំដៅ​ទៅ​អ្វី​ៗ​នៅ​ខាង​មុខ ខ្ញុំ​កំពុង​រត់​ដោយ​មាន​គោល​ដៅ​ទទួល​រង្វាន់​»។ (​ភីលីព ១:១០; ៣:៨, ១៣, ១៤​) ប៉ូល​មិន​មាន​ប្រពន្ធ​ទេ ហើយ​នោះ​បាន​ជួយ​គាត់​«​ឲ្យ​បម្រើ​លោក​ម្ចាស់​ជា​និច្ច​ដោយ​គ្មាន​អ្វី​បំបែរ​អារម្មណ៍​»។—កូរិនថូស​ទី១ ៧:៣២​-​៣៥

ប៉ូល​បាន​លះ​ចោល​អាជីព​របស់​គាត់​ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​អ្វី​ដែល​សំខាន់​ជាង​»

១៦, ១៧​. ទោះ​ជា​យើង​រៀប​ការ​ហើយ​ឬ​នៅ​លីវ​ក៏​ដោយ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល? តើ​បង​ម៉ាក​និង​បង​គ្លែរ​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៦ ដូច​ប៉ូល​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​មិន​រៀប​ការ​ដើម្បី​ពួក​គេ​អាច​ចូល​រួម​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ (​ម៉ាថាយ ១៩:១១, ១២​) មនុស្ស​ដែល​នៅ​លីវ​ច្រើន​តែ​មាន​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ​តិច​ជាង​មនុស្ស​ដែល​រៀប​ការ​ហើយ។ ប៉ុន្តែ ទោះ​ជា​យើង​រៀប​ការ​ហើយ​ឬ​នៅ​លីវ​ក៏​ដោយ យើង​ទាំង​អស់​គ្នា​អាច​«​ចោល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ធ្ងន់​»​ដែល​អាច​បំបែរ​អារម្មណ៍​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ប្រហែល​ជា​ត្រូវ​កែ​ប្រែ​ទម្លាប់​របស់​យើង​ដើម្បី​ជៀស​វាង​ការ​ចំណាយ​ពេល​ដោយ​ឥត​ប្រយោជន៍ និង​ដើម្បី​ឲ្យ​យើង​អាច​ចូល​រួម​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។

១៧ ជា​ឧទាហរណ៍ បង​ប្រុស​ម៉ាក​និង​បង​ស្រី​គ្លែរ​ដែល​បាន​ធំ​ឡើង​នៅ​ប្រទេស​វ៉េលស៍ បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេល​ពួក​គាត់​រៀន​ចប់​នៅ​វិទ្យាល័យ។ ក្រោយ​ពី​ពួក​គាត់​បាន​រៀប​ការ ពួក​គាត់​បាន​បន្ត​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ ប៉ុន្តែ ពួក​គាត់​ចង់​បម្រើ​ព្រះ​ឲ្យ​បាន​ច្រើន​ជាង។ បង​ម៉ាក​ពន្យល់​ថា​៖ ​«​យើង​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​សាមញ្ញ​ជាង​ដោយ​លក់​ផ្ទះ​របស់​យើង​ដែល​មាន​បី​បន្ទប់ ហើយ​ឈប់​ពី​ការ​ងារ​មិន​ពេញ​ពេល​របស់​យើង​ដើម្បី​អាច​ចូល​រួម​កិច្ច​ការ​សាងសង់​អន្តរជាតិ​»។ អស់​រយៈ​ពេល​២០​ឆ្នាំ ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ជា​ច្រើន​នៃ​ទ្វីប​អាហ្វ្រិក​ដើម្បី​ជួយ​សង់​សាល​ប្រជុំ។ ជួន​កាល​ពួក​គាត់​មិន​សូវ​មាន​លុយ​ទេ ប៉ុន្តែ​ព្រះ​យេហូវ៉ា​តែង​តែ​បាន​ថែ​រក្សា​ពួក​គាត់។ បង​គ្លែរ​និយាយ​ថា​៖ ​«​ការ​ចំណាយ​ពេល​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​ក្រៃ​លែង។ យើង​មាន​មិត្ត​ភក្ដិ​ជា​ច្រើន​នៅ​កន្លែង​ផ្សេង​ៗ ហើយ​យើង​មិន​ខ្វះ​អ្វី​សោះ។ ការ​លះ​បង់​បន្ដិច​បន្តួច​របស់​យើង​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សុភមង្គល​ដែល​មក​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​ឡើយ​»។ អ្នក​បម្រើ​ពេញ​ពេល​ជា​ច្រើន​នាក់​ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរb (​សូម​មើល​កំណត់​សម្គាល់​)។

១៨​. តើ​យើង​អាច​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ?

១៨ តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​អាច​មាន​ចិត្ត​រំភើប​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​មាន​អ្វី​ដែល​កំពុង​បំបែរ​អារម្មណ៍​អ្នក​ពី​អ្វី​ដែល​សំខាន់​ជាង​ឬ​ទេ? បើ​ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី? ប្រហែល​ជា​អ្នក​អាច​ធ្វើ​ឲ្យ​ការ​អាន​និង​ការ​សិក្សា​គម្ពីរ​កាន់​តែ​ប្រសើរ​ឡើង។ អត្ថបទ​បន្ទាប់​នឹង​ពន្យល់​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ដូច្នេះ។

a សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា‹មនុស្ស​ឆោត​ល្ងង់​ជឿ​គ្រប់​ពាក្យ​ទាំង​អស់›។

b សូម​មើល​ដែរ​នូវ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ពួក​គេ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត នៅ​ប្រទេស​ម៉ិចស៊ិច​»​ ក្នុងទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៣ ទំព័រ​៣​-​៦។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • បម្រើ​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​អ្វី​បំបែរ​អារម្មណ៍: យើង​គួរ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង ហើយ​មិន​គួរ​ចំណាយ​ពេល​និង​កម្លាំង​របស់​យើង​ដោយ​ឥត​ប្រយោជន៍​ទៅ​លើ​អ្វី​ដែល​មិន​សំខាន់​ចាំ​បាច់។ ពិត​មែន​តែ​យើង​ត្រូវ​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​យើង​ដើម្បី​បំពេញ​ភារកិច្ច​មួយ​ចំនួន ប៉ុន្តែ​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​យើង​ដើម្បី​អាច​ចំណាយ​ពេល​វេលា​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក