ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៦-១២ ខែឧសភា
it-1-E ទំ. ៧២៤-៧២៥
ការស៊ូទ្រាំ
ក៏ជាការសំខាន់ដែរ ដែលយើងមិនភ្លេចសេចក្ដីសង្ឃឹមរបស់យើងជាគ្រិស្តសាសនិក ពោលគឺជីវិតជារៀងរហូតដែលគ្មានភាពខុសឆ្គង។ ទោះជាត្រូវស្លាប់ក្នុងកណ្ដាប់ដៃរបស់ពួកអ្នកបៀតបៀនក្ដី ក៏យើងនៅតែមានសេចក្ដីសង្ឃឹមនេះដែរ។ (រ៉ូម ៥:៤, ៥; ១ថែ. ១:៣; បប. ២:១០) ទុក្ខវេទនានៅឥឡូវនេះមិនអាចប្រៀបស្មើនឹងការសម្រេចនៃសេចក្ដីសង្ឃឹមដ៏អស្ចារ្យនោះបានទេ។ (រ៉ូម ៨:១៨-២៥) ទោះជាមានទុក្ខវេទនាយ៉ាងខ្លាំងក៏ដោយ នោះគឺ«មានតែមួយរយៈពេលខ្លីហើយក៏ស្រាល» បើប្រៀបធៀបនឹងជីវិតដែលគ្មានទីបញ្ចប់។ (២កូ. ៤:១៦-១៨) ការចាំថាទុក្ខលំបាកគឺបណ្ដោះអាសន្ន និងការកាន់ខ្ជាប់សេចក្ដីសង្ឃឹមអាចជួយគ្រិស្តសាសនិកឲ្យនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ានិងមិនឲ្យអស់សង្ឃឹម។
w១២-E ១/២ ទំ. ២៨-២៩
«ចូរធ្វើឲ្យព្រះយេហូវ៉ាមានទឹកមុខរីករាយ»
បងប្រុសដាវីឌ សិផ្លេនដែលជាសមាជិកគណៈអភិបាលបានពិចារណាអំពីបទគម្ពីរដែលជាប្រធានបទនោះ។ (២កូ. ៤:៧) តើទ្រព្យវិសេសនេះជាអ្វី? តើជាចំណេះដឹងឬប្រាជ្ញា? អ្នកថ្លែងបានឆ្លើយថា៖ «មិនមែនទេ។ ទ្រព្យវិសេសដែលប៉ូលបាននិយាយគឺជា‹កិច្ចបម្រើនេះ›ដែល‹សឲ្យឃើញសេចក្ដីពិត›»។ (២កូ. ៤:១, ២, ៥) បងសិផ្លេនបានរំលឹកសិស្សថារយៈពេលប្រាំខែដែលពួកគេបានសិក្សាគឺដើម្បីជួយពួកគេឲ្យត្រៀមខ្លួនសម្រាប់ភារកិច្ចពិសេសក្នុងកិច្ចបម្រើផ្សាយ។ ភារកិច្ចនោះគឺជាអ្វីមួយដែលមានតម្លៃវិសេសវិសាលណាស់។
អ្នកថ្លែងបានពន្យល់ថា«ភាជនៈដី»សំដៅលើរូបកាយរបស់យើង។ គាត់បានប្រៀបធៀបភាជនៈដែលធ្វើពីដីនិងភាជនៈដែលធ្វើពីមាស។ គេមិនសូវប្រើភាជនៈដែលធ្វើពីមាសទេ។ ប៉ុន្តែ ភាជនៈដែលធ្វើពីដីគឺគេប្រើច្រើនក្នុងកិច្ចការ។ បើយើងដាក់ទ្រព្យវិសេសក្នុងភាជនៈមាស យើងប្រហែលជាផ្ដោតអារម្មណ៍ទៅលើភាជនៈនោះដូចគ្នានឹងទ្រព្យវិសេសដែរ។ បងសិផ្លេនបាននិយាយថា៖ «បងប្អូនដែលជាសិស្សមិនចង់ឲ្យគេចាប់អារម្មណ៍មកលើខ្លួនទេ ដូច្នេះក្នុងនាមជាសាសនទូត បងប្អូនចង់ឲ្យមនុស្សចាប់អារម្មណ៍លើព្រះយេហូវ៉ាវិញ។ បងប្អូនគឺជាភាជនៈដីដែលមានចិត្តសុភាពជាងគេ»។
ថ្ងៃទី១៣-១៩ ខែឧសភា
w៩៨-E ១/១១ ទំ. ២៥ វ. ១
«ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»
ដំបូង ប៉ូលបានប្រាប់គ្រិស្តសាសនិកនៅក្រុងកូរិនថូសអំពីគ្រិស្តសាសនិកនៅតំបន់ម៉ាសេដូន ដែលបានទុកគំរូដ៏ល្អក្នុងការផ្ដល់ជំនួយ។ ប៉ូលបានសរសេរថា៖ «ពួកគាត់ជួបការល្បងលដ៏ខ្លាំងដោយមានទុក្ខវេទនា។ ប៉ុន្តែទោះជាពួកគាត់ក្រតោកយ៉ាកក៏ដោយ ក៏អំណរដ៏ពោរពេញបានជំរុញឲ្យពួកគាត់បង្ហាញថាខ្លួនជាអ្នកមាន ដោយបង្ហាញចិត្តទូលាយក្រៃលែង»។ គ្រិស្តសាសនិកនៅតំបន់ម៉ាសេដូនបានធ្វើដោយស្ម័គ្រពីចិត្ត។ ប៉ូលបាននិយាយថា៖ «ពួកគាត់អង្វរយើងម្ដងហើយម្ដងទៀតដោយស្ម័គ្រពីចិត្តសុំមានកិត្ដិយសជូនអំណោយដ៏សប្បុរស»។ គួរឲ្យអស្ចារ្យជាងនោះទៀតគឺគ្រិស្តសាសនិកនៅតំបន់ម៉ាសេដូនបង្ហាញចិត្តដ៏សប្បុរស ទោះជាពួកគាត់«ក្រតោកយ៉ាក»ក្ដី។—២កូ. ៨:២-៤
g៩៩-E ៨/៧ ទំ. ២០-២១
តើការមានអំណួតជាការខុសឬ?
នៅក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច កិរិយាសព្ទនេះ(kau·khaʹo·mai) បានត្រូវបកប្រែថា«មានមោទនភាព ត្រេកអរ អួត» ហើយពាក្យនេះបានត្រូវប្រើទាំងក្នុងន័យល្អ និងន័យមិនល្អ។ ជាឧទាហរណ៍ ប៉ូលបាននិយាយថា យើងអាច«ត្រេកអរ ដោយមានសេចក្ដីសង្ឃឹមទទួលសិរីរុងរឿងពីព្រះ»។ គាត់ក៏បានលើកឡើងដែរថា៖ «អ្នកណាដែលអួត ចូរឲ្យអ្នកនោះអួតអំពីព្រះយេហូវ៉ា»។ (រ៉ូម ៥:២; ២កូ. ១០:១៧) នេះមានន័យថា ការអួតអំពីព្រះយេហូវ៉ាជាព្រះរបស់យើង គឺជាអារម្មណ៍មួយដែលនាំឲ្យយើងត្រេកអរចំពោះកេរ្ដិ៍ឈ្មោះ និងនាមដ៏ល្អរបស់លោក។
ថ្ងៃទី២០-២៦ ខែឧសភា
w០៨-E ១៥/៦ ទំ. ៣-៤
មានកម្លាំងខ្លាំងក្លាទោះជាមានភាពទន់ខ្សោយ
អ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ទៀតបានសុំព្រះយេហូវ៉ាឲ្យបំបាត់ចោលបញ្ហាដែលប្រៀបដូចជា«បន្លាមួយក្នុងសាច់ឈាម»។ សាវ័កប៉ូលបានអង្វរព្រះអស់បីដងដើម្បីសុំលោកឲ្យជួយគាត់រួចផុតពីទុក្ខលំបាកនេះ។ ទោះជាបញ្ហានោះជាអ្វីក៏ដោយ បញ្ហានោះគឺប្រៀបដូចជាបន្លាមួយដែលមុតជាប់ វាអាចធ្វើឲ្យប៉ូលលែងមានអំណរក្នុងការបម្រើព្រះយេហូវ៉ា។ ប៉ូលបានប្រៀបប្រដូចបញ្ហានោះទៅនឹងអ្វីដែលទះគាត់ជានិច្ច។ ព្រះយេហូវ៉ាបានតបឆ្លើយថា៖ «គុណដ៏វិសេសលើសលប់ដែលខ្ញុំមានចំពោះអ្នកគឺគ្រប់គ្រាន់ហើយ ព្រោះក្នុងករណីរបស់អ្នក ឫទ្ធានុភាពរបស់ខ្ញុំបានពេញលក្ខណៈពេលដែលអ្នកទន់ខ្សោយ»។ ព្រះយេហូវ៉ាមិនបានដកបន្លាក្នុងសាច់នោះចេញទេ។ ប៉ូលត្រូវតែស៊ូទ្រាំនឹងបញ្ហានោះ ប៉ុន្តែគាត់បន្ថែមថា៖ «ពេលដែលខ្ញុំខ្សោយ ខ្ញុំមានកម្លាំងខ្លាំងក្លា»។ (២កូ. ១២:៧-១០) តើប៉ូលចង់មានន័យយ៉ាងណា?
w១៨.១២-E ទំ. ៨ វ. ១០-១២
សំណួរពីអ្នកអាន
«ស្ថានសួគ៌ទីបី»ដែលបានត្រូវរៀបរាប់នៅកូរិនថូសទី២ ១២:២ គឺទំនងជាសំដៅលើ«មេឃថ្មី» ពោលគឺរាជាណាចក្រមេស្ស៊ីក្រោមការគ្រប់គ្រងរបស់លោកយេស៊ូគ្រិស្ត និង១៤៤.០០០នាក់។—២ពេ. ៣:១៣
ហេតុដែលហៅថា«ស្ថានសួគ៌ទីបី» ពីព្រោះរាជាណាចក្រនោះជាការគ្រប់គ្រងដ៏ប្រសើរលើសលប់ និងខ្ពង់ខ្ពស់។
តាមរយៈអ្វីដែលព្រះបើកបង្ហាញឲ្យឃើញក្នុងគំនិត ប៉ូលបានត្រូវ«កញ្ឆក់យកទៅ»ក្នុង«ឧទ្យាន»។ «ឧទ្យាន»នោះទំនងជាសំដៅលើ (១) សួនឧទ្យានពិតប្រាកដដែលនឹងមាននៅលើផែនដី (២) ស្ថានភាពសុខសាន្តក្នុងចំណោមរាស្ត្ររបស់ព្រះនៅពេលនោះ ដែលនឹងមានពេញផែនដី និង(៣) «សួនឧទ្យានរបស់ព្រះ»នៅស្ថានសួគ៌។ អ្វីទាំងបីនេះនឹងមាននៅដំណាលគ្នាក្នុងពិភពលោកថ្មី។
it-2-E ទំ. ១៧៧
ការថើប
«ការថើបដែលប្រកបដោយសេចក្ដីស្រឡាញ់ជាបងប្អូន»។ ក្នុងចំណោមគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ មាន«ការថើបដែលប្រកបដោយសេចក្ដីស្រឡាញ់ជាបងប្អូន» (រ៉ូម ១៦:១៦; ១កូ. ១៦:២០; ២កូ. ១៣:១២; ១ថែ. ៥:២៦) ឬ«ការថើបដោយសេចក្ដីស្រឡាញ់» (១ពេ. ៥:១៤) នេះអាចធ្វើបានចំពោះបុគ្គលដែលមានភេទដូចគ្នា។ គ្រិស្តសាសនិកនៅសម័យដើមសួរសុខទុក្ខគ្នាបែបនេះ គឺប្រហែលជាពួកគេបានធ្វើតាមទំនៀមទម្លាប់របស់ជនជាតិហេប្រឺសម័យបុរាណ ដោយសួរសុខទុក្ខគ្នាតាមរយៈការថើប។ ទោះជាក្នុងគម្ពីរមិនបានបញ្ជាក់អំពីការថើបបែបនេះក៏ដោយ «ការថើបដែលប្រកបដោយសេចក្ដីស្រឡាញ់ជាបងប្អូន» ឬ«ការថើបដោយសេចក្ដីស្រឡាញ់»ទំនងជាសំដែងនូវសាមគ្គីភាព និងសេចក្ដីស្រឡាញ់ក្នុងក្រុមជំនុំគ្រិស្តសាសនិក។—យ៉ូន. ១៣:៣៤, ៣៥
ថ្ងៃទី២៧ ខែឧសភា–ថ្ងៃទី២ ខែមិថុនា
it-1-E ទំ. ៨៨០
អ្នកខេត្តកាឡាទី សំបុត្រទៅកាន់
គ្មានភ័ស្តុតាងណាដែលបញ្ជាក់ថា ពាក្យរបស់ប៉ូលដែលថា ‹ឱអ្នកខេត្តកាឡាទីដែលមិនចេះពិចារណា!› គឺសំដៅតែចំពោះជនជាតិណាមួយដែលមកពីភាគខាងជើងខេត្តកាឡាទីនោះទេ។ (កាឡ. ៣:១) ផ្ទុយទៅវិញ ប៉ូលបានស្តីបន្ទោសពួកអ្នកដែលនៅក្រុមជំនុំនៅទីនោះ ដោយសារពួកគេបានបណ្ដោយខ្លួនឲ្យទទួលឥទ្ធិពលពីទំនៀមទម្លាប់របស់ពួកអ្នកកាន់សាសនាយូដាដែលនៅក្នុងចំណោមពួកគេ។ ជនជាតិយូដាទាំងនោះជាពួកអ្នកដែលព្យាយាមធ្វើជាមនុស្សសុចរិតដោយអាងលើការប្រព្រឹត្តតាមច្បាប់ម៉ូសេ ជាជាង«ប្រកាសថាជាមនុស្សសុចរិតដោយសារជំនឿ»ដែលបានត្រូវផ្ដល់ឲ្យតាមរយៈកិច្ចព្រមព្រៀងថ្មី។ (២:១៥–៣:១៤; ៤:៩, ១០) ប៉ូលបានសរសេរសំបុត្រទៅកាន់«ក្រុមជំនុំទាំងឡាយនៅខេត្តកាឡាទី» (១:២) ក្នុងនោះមានជនជាតិយូដា និងអ្នកដែលមិនមែនជាជនជាតិយូដា អ្នកដូរសាសនាដែលបានកាត់ចុងស្បែក និងជនជាតិដទៃដែលមិនបានកាត់ចុងស្បែក។ (សកម្ម. ១៣:១៤, ៤៣; ១៦:១; កាឡ. ៥:២) ពួកគេទាំងអស់គ្នាបានត្រូវហៅថាគ្រិស្តសាសនិកនៅខេត្តកាឡាទី ដោយសារតំបន់ដែលពួកគេរស់នៅឈ្មោះថាកាឡាទី។ ខ្លឹមសារទាំងមូលនៃសំបុត្រនេះគឺប៉ូលចង់សរសេរទៅកាន់ពួកអ្នកដែលគាត់ស្គាល់ច្បាស់នៅភាគខាងត្បូងនៃខេត្តកាឡាទី មិនមែនសរសេរទៅកាន់អ្នកដែលគាត់មិនស្គាល់នៅភាគខាងជើង តាមមើលទៅជាកន្លែងដែលគាត់មិនដែលទៅនោះទេ។
it-2-E ទំ. ៥៨៧ វ. ៣
ប៉ូល
មួយរយៈពេលបន្ទាប់ពីនេះ ពេត្រុសបានមកក្រុងអាន់ទីយ៉ូកនាស្រុកស៊ីរី ហើយបានសេពគប់ជាមួយនឹងគ្រិស្តសាសនិកដែលជាជនជាតិដទៃ។ ក៏ប៉ុន្តែ ពេលជនជាតិយូដាខ្លះដែលមកពីក្រុងយេរូសាឡិមបានមកដល់ នោះគាត់ទំនងជាបានខ្លាចពួកគេ ហេតុនេះគាត់បានដកខ្លួនចេញពីជនជាតិដទៃទាំងនោះ។ ការប្រព្រឹត្តរបស់គាត់បង្ហាញថាគាត់មិនបានធ្វើតាមការណែនាំពីសកម្មពលបរិសុទ្ធស្តីអំពីការមិនរើសមុខ។ សូម្បីតែបាណាបាសក៏បានបណ្ដែតបណ្ដោយខ្លួនឲ្យធ្វើដូច្នេះដែរ។ ដោយឃើញដូច្នេះ ប៉ូលបានស្តីបន្ទោសពេត្រុសដោយចិត្តក្លាហាននៅមុខមនុស្សឯទៀត ពីព្រោះការប្រព្រឹត្តរបស់ពេត្រុសនាំឲ្យមានរារាំងការរីកចម្រើនរបស់គ្រិស្តសាសនា។—កាឡ. ២:១១-១៤