-
ប្អូនៗយុវវ័យ ចូរមានគោលដៅក្នុងកិច្ចបម្រើព្រះចុះ!ទស្សនាវដ្ដីប៉មយាម ២០០៧ | ១ ឧសភា
-
-
៥. យោងទៅតាមធីម៉ូថេទី២ ៣:១៤, ១៥ តើកត្ដាពីរយ៉ាងអ្វីដែលធ្វើឲ្យធីម៉ូថេមានគោលដៅក្នុងកិច្ចបម្រើព្រះ?
៥ តាមមើលទៅ ធីម៉ូថេបានសម្រេចចិត្តបំពេញគោលដៅផ្សេងៗក្នុងកិច្ចបម្រើព្រះ។ ហេតុអ្វីបានជាគាត់សម្រេចចិត្តធ្វើដូច្នេះ? ក្នុងសំបុត្រទីពីរដែលប៉ុលសរសេរទៅកាន់ធីម៉ូថេ គាត់ប្រាប់អំពីកត្ដាពីរយ៉ាងដែលជះឥទ្ធិពលល្អលើធីម៉ូថេ។ ប៉ុលសរសេរថា៖ «ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀនហើយជឿប្រាកដវិញ ដោយដឹងថាអ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថាតាំងពីក្មេងតូចមកអ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន»។ (ធីម៉ូថេទី២ ៣:១៤, ១៥, កំណែជាអក្សរទ្រេត) មុនបង្អស់ យើងសូមពិនិត្យមើលថា តើបងប្អូនគ្រិស្តសាសនិកឯទៀតបានជះឥទ្ធិពលយ៉ាងណាលើធីម៉ូថេដើម្បីឲ្យគាត់ធ្វើការសម្រេចចិត្តល្អៗនោះ?
-
-
ប្អូនៗយុវវ័យ ចូរមានគោលដៅក្នុងកិច្ចបម្រើព្រះចុះ!ទស្សនាវដ្ដីប៉មយាម ២០០៧ | ១ ឧសភា
-
-
ចូរសិក្សា«គម្ពីរ»ចុះ!
៩. ក្រៅពីការជ្រើសរើសពួកម៉ាកល្អ តើអ្វីនឹងជួយប្អូនៗឲ្យ«បង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ»?
៩ តើការបំពេញគោលដៅក្នុងកិច្ចបម្រើព្រះពឹងផ្អែកលើជម្រើសពួកម៉ាកល្អប៉ុណ្ណោះទេ? មិនទេ។ ប្អូនៗក៏គួរធ្វើតាមគំរូរបស់ធីម៉ូថេដោយពិនិត្យមើល«បទគម្ពីរទាំងប៉ុន្មាន»។ ប្រហែលជាប្អូនៗខ្ជិលរៀនបន្ដិច ប៉ុន្តែសូមចាំថា ប៉ុលបានទូន្មានធីម៉ូថេឲ្យ‹បង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្ដិដល់ព្រះ›។ ដូចកីឡាករដែលត្រូវហាត់ពត់ខ្លួនច្រើនខែទើបអាចបំពេញគោលដៅរបស់គាត់បាន នោះប្អូនៗក៏ត្រូវព្យាយាមហើយមានស្មារតីលះបង់ ទើបប្អូនអាចបំពេញគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ាបាន។ (ធីម៉ូថេទី១ ៤:៧, ៨, ១០) ប៉ុន្តែ ប្អូនៗប្រហែលជាឆ្ងល់ថា ‹តើការសិក្សាគម្ពីរព្រះអាចជួយឲ្យខ្ញុំបំពេញគោលដៅក្នុងកិច្ចបម្រើទ្រង់បានយ៉ាងណា?›។ សូមពិនិត្យមើលវិធីបីយ៉ាង។
១០, ១១. ហេតុអ្វីក៏ការសិក្សាគម្ពីរអាចជួយជំរុញចិត្តប្អូនៗឲ្យមានគោលដៅក្នុងកិច្ចបម្រើព្រះ? សូមរៀបរាប់ឧទាហរណ៍មួយ។
១០ ទីមួយ គម្ពីរព្រះផ្ដល់មូលហេតុល្អឲ្យប្អូនមានគោលដៅក្នុងកិច្ចបម្រើទ្រង់។ ពេលសិក្សាគម្ពីរ ប្អូននឹងរៀនអំពីលក្ខណៈដ៏អស្ចារ្យនៃបិតាយើងនៅស្ថានសួគ៌។ ប្អូនក៏នឹងរៀនអំពីរបៀបព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ដែលប្រៀបផ្ទឹមពុំបានចំពោះយើង ហើយអំពីពរដែលអ្នកបម្រើស្មោះត្រង់របស់ទ្រង់អាចទទួលជារៀងរហូតបាន។ (អេម៉ុស ៣:៧; យ៉ូហាន ៣:១៦; រ៉ូម ១៥:៤) ពេលប្អូនមានចំណេះកាន់តែច្រើនអំពីព្រះយេហូវ៉ា ប្អូនក៏នឹងស្រឡាញ់ទ្រង់កាន់តែខ្លាំងដែរ ហើយមានចិត្តប្រាថ្នាចង់ថ្វាយខ្លួនចំពោះទ្រង់។
១១ ប្អូនៗយុវជនយុវតីជាច្រើនដែលជាគ្រិស្តសាសនិកបានប្រាប់ឲ្យដឹងថា ការសិក្សាគម្ពីរយ៉ាងទៀងទាត់ជាគន្លឹះសំខាន់មួយដែលជំរុញពួកគេឲ្យក្រសោបយកសេចក្ដីពិតជាជំនឿរបស់ខ្លួន។ ជាឧទាហរណ៍ គ្រប់គ្នាក្នុងក្រុមគ្រួសាររបស់ប្អូនស្រីអាដិលជាគ្រិស្តសាសនិក ប៉ុន្តែនាងមិនដែលមានគោលដៅផ្ទាល់ខ្លួនក្នុងកិច្ចបម្រើព្រះទេ។ នាងពន្យល់ថា៖ «ខ្ញុំបានទៅសាលព្រះរាជាណាចក្រជាមួយឪពុកម្ដាយ ប៉ុន្តែខ្ញុំមិនបានសិក្សាខ្លួនឯងឬស្ដាប់កម្មវិធីប្រជុំទេ»។ ពេលបងស្រីរបស់អាដិលបានត្រូវជ្រមុជទឹក អាដិលចាប់ផ្ដើមយកចិត្តទុកដាក់ច្រើនជាងចំពោះសេចក្ដីពិតក្នុងគម្ពីរ។ នាងមានប្រសាសន៍ថា៖ «ខ្ញុំមានគោលដៅអានគម្ពីរទាំងមូល។ ខ្ញុំបានអានខ្លះៗ ហើយក្រោយមកខ្ញុំកត់ចំណាំស្តីអំពីអ្វីដែលខ្ញុំបានអាន។ ឥឡូវ ខ្ញុំនៅតែមានកំណត់ទាំងអស់នោះនៅឡើយ។ ខ្ញុំបានអានគម្ពីរទាំងមូលក្នុងរយៈពេលតែមួយឆ្នាំ»។ ជាលទ្ធផល អាដិលមានចិត្តជំរុញឲ្យថ្វាយខ្លួនចំពោះព្រះយេហូវ៉ា ហើយទោះជានាងពិការក៏ដោយ នាងកំពុងធ្វើកិច្ចបម្រើជាអ្នកត្រួសត្រាយឬអ្នកផ្សព្វផ្សាយពេញពេល។
១២, ១៣. (ក) តើការសិក្សាគម្ពីរនឹងជួយប្អូនៗឲ្យកែប្រែអ្វីខ្លះ? ហើយតាមរបៀបណា? (ខ) សូមរៀបរាប់អំពីយោបល់ល្អៗដែលមានក្នុងគម្ពីរ។
១២ ទីពីរ ការសិក្សាគម្ពីរនឹងជួយប្អូនឲ្យកែប្រែដើម្បីមានលក្ខណៈគួរសម។ ប៉ុលបានប្រាប់ធីម៉ូថេថា ការសិក្សា«បទគម្ពីរទាំងប៉ុន្មាន»មាន«ប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ (ធីម៉ូថេទី២ ៣:១៦, ១៧) ពេលប្អូនឆ្លៀតឱកាសជាទៀងទាត់ដើម្បីរំពឹងគិតពីបណ្ដាំរបស់ព្រះ ព្រមទាំងអនុវត្តតាមគោលការណ៍ក្នុងគម្ពីរ នេះនឹងអនុញ្ញាតឲ្យសកម្មពលរបស់ទ្រង់ជួយកែប្រែលក្ខណៈរបស់ប្អូនឲ្យបានល្អឡើង។ ប្អូននឹងបណ្ដុះឲ្យមានគុណសម្បត្ដិសំខាន់ៗដូចជាសេចក្ដីស្រឡាញ់ចំពោះបងប្អូនគ្រិស្តសាសនិកឯទៀតនិងចិត្តរាបទាប ព្រមទាំងជួយប្អូនឲ្យមានចិត្តខ្នះខ្នែងហើយចេះស៊ូទ្រាំផង។ (ធីម៉ូថេទី១ ៤:១៥) ដោយសារធីម៉ូថេមានលក្ខណៈសម្បត្ដិបែបនេះ ប៉ុលនិងក្រុមជំនុំដែលធីម៉ូថេបម្រើជាមួយនោះ បានរាប់អានគាត់ជាមនុស្សម្នាក់ដែលមានតម្លៃណាស់។—ភីលីព ២:២០-២២
១៣ ទីបី គម្ពីរព្រះពេញទៅដោយយោបល់ល្អៗ។ (ទំនុកដំកើង ១:១-៣; ១៩:៧; ធីម៉ូថេទី២ ២:៧; ៣:១៥) ការសិក្សាគម្ពីរនឹងជួយប្អូនៗឲ្យធ្វើការសម្រេចចិត្តល្អ ដូចជាជម្រើសពួកម៉ាកនិងការកម្សាន្តជាដើម។ (លោកុប្បត្តិ ៣៤:១, ២; ទំនុកដំកើង ១១៩:៣៧; កូរិនថូសទី១ ៧:៣៦) គឺចាំបាច់ណាស់ឲ្យប្អូនចេះធ្វើការសម្រេចចិត្តល្អៗនៅពេលឥឡូវនេះ ទើបប្អូនអាចបំពេញគោលដៅក្នុងកិច្ចបម្រើព្រះបាន។
-