-
តើអ្នកនឹងឈរបានយ៉ាងណានៅពីមុខកៅអ៊ីជំនុំជំរះ?ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មករា
-
-
តើអ្នកនឹងឈរបានយ៉ាងណានៅពីមុខកៅអ៊ីជំនុំជំរះ?
«កាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក»។—ម៉ាថាយ ២៥:៣១
១-៣. តើយើងមានមូលហេតុណាចំពោះការសង្ឃឹមនៃយុត្ដិធម៌?
‹មានទោសឬឥតមានទោស›? មនុស្សជាច្រើនមានការឆ្ងល់កាលដែលពួកគេឮរបាយការណ៍អំពីក្ដីតុលាការខ្លះៗ។ ពួកចៅក្រមនិងពួកសមាជិកនៃគណៈវិនិច្ឆ័យប្រហែលជាខំធ្វើឲ្យបានទៀងត្រង់ ប៉ុន្តែតើតែងតែមានយុត្ដិធម៌ទេ? តើអ្នកមិនដែលឮអំពីរឿងអយុត្ដិធម៌និងការឥតសមធម៌នៅក្នុងតុលាការទេឬ? ការគ្មានអយុត្ដិធម៌បែបនេះ មិនមែនជារឿងចម្លែកថ្មីទេ ដូចជាយើងបានឃើញនៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូនៅក្នុងសៀវភៅលូកា ១៨:១-៨។
២ ទោះបីអ្នកមានការពិសោធនឹងយុត្ដិធម៌របស់មនុស្សយ៉ាងណាក៏ដោយ ចូរកត់សម្គាល់នូវការសន្និដ្ឋានរបស់ព្រះយេស៊ូចុះ៖ «ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យ អត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ . . . ខ្ញុំប្រាប់អ្នករាល់គ្នាថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះ ជាប្រញាប់មិនខាន ប៉ុន្តែ កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្ដីជំនឿនៅផែនដីដែរឬដូចម្ដេច»?
៣ ត្រូវហើយ ព្រះយេហូវ៉ានឹងធានារ៉ាប់រងថា ពួកអ្នកបំរើរបស់ទ្រង់នៅទីបំផុតនឹងទទួលយុត្ដិធម៌។ ព្រះយេស៊ូក៏មានការទាក់ទងនឹងរឿងនេះដែរ ជាពិសេសនៅពេលឥឡូវនេះ ពីព្រោះយើងកំពុងតែរស់នៅក្នុង«ថ្ងៃជាន់ក្រោយបង្អស់»នៃរបបសម័យដ៏អាក្រក់ជួជាតិ។ មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងប្រើព្រះចេស្ដារបស់ទ្រង់ ដើម្បីនឹងបោសសំអាតអំពើអាក្រក់ជួជាតិទាំងអស់ឲ្យចេញពីផែនដី។ (ធីម៉ូថេទី២ ៣:១; ថែស្សាឡូនីចទី២ ១:៧, ៨; វិវរណៈ ១៩:១១-១៦) យើងអាចយល់អំពីមុខនាទីរបស់ព្រះយេស៊ូ ពីរឿងប្រៀបប្រដូចចុងក្រោយមួយដែលទ្រង់បានរៀបរាប់មក ដែលត្រូវបានហៅជារឿងប្រៀបប្រដូចនៃចៀមនិងពពែ។
៤. តើយើងធ្លាប់បានយល់អំពីពេលវេលាត្រឹមត្រូវនៃរឿងប្រៀបប្រដូចនៃចៀមនិងពពែយ៉ាងដូចម្ដេច ប៉ុន្តែហេតុអ្វីក៏យើងត្រូវតែប្រុងស្មារតីដល់រឿងប្រៀបប្រដូចឥឡូវនេះ? (សុភាសិត ៤:១៨)
៤ យើងបានយល់ជាយូរមកហើយថា រឿងប្រៀបប្រដូចនេះបានរៀបរាប់អំពីព្រះយេស៊ូកំពុងតែគង់ជាស្តេចនៅឆ្នាំ១៩១៤ ហើយតាំងពីឆ្នាំនោះមក ទ្រង់កំពុងតែជំនុំជំរះ—ចំពោះមនុស្សណាដែលជាពួកចៀមនឹងបានជីវិតដ៏អស់កល្បជានិច្ច ហើយចំពោះពួកពពែនឹងទទួលសេចក្ដីស្លាប់ជាអចិន្ត្រៃយ៍។ ប៉ុន្តែការពិចារណាម្ដងទៀតអំពីរឿងប្រៀបប្រដូចនេះ ធ្វើឲ្យមានការយល់ថ្មីអំពីពេលវេលា និងអត្ថន័យរបស់រឿងប្រៀបប្រដូចនេះ។ ការយល់ដ៏ប្រសើរនេះ ពង្រឹងនូវសារៈសំខាន់នៃកិច្ចការផ្សាយរបស់យើង និងសារៈសំខាន់នៃការតបឆ្លើយរបស់ពួកបណ្ដាជន។ ដើម្បីឲ្យឃើញនូវគោលសំខាន់នៃការយល់ដ៏ជ្រៅអំពីរឿងប្រៀបប្រដូចនេះ ចូរឲ្យយើងពិចារណាមើលនូវអ្វីដែលព្រះគម្ពីរបង្ហាញអំពីព្រះយេហូវ៉ានិងព្រះយេស៊ូ ដែលជាស្តេចនិងជាចៅក្រមនោះ។
ព្រះយេហូវ៉ាជាចៅក្រមដ៏ឧត្តម
៥, ៦. ហេតុអ្វីក៏ជាការសមហេតុផល ដោយចាត់ទុកព្រះយេហូវ៉ាជាស្តេចនិងចៅក្រមដែរនោះ?
៥ ព្រះយេហូវ៉ាគ្រប់គ្រងលើសកលលោកដោយមានព្រះចេស្ដាទៅលើរបស់ដែលទ្រង់បានបង្កើតមកទាំងអស់។ ទ្រង់ជា«ស្តេចនៃអស់ទាំងកល្ប» ពីព្រោះទ្រង់គ្មានការចាប់ផ្ដើមនិងគ្មានទីបញ្ចប់ឡើយ។ (ធីម៉ូថេទី១ ១:១៧; ទំនុកដំកើង ៩០:២, ៤; វិវរណៈ ១៥:៣) ទ្រង់មានអំណាចក្នុងការបង្កើតក្រិត្យឬច្បាប់ ហើយធ្វើឲ្យប្រតិបត្ដិច្បាប់ទាំងនេះបាន។ ប៉ុន្តែអំណាចរបស់ទ្រង់រួមបញ្ចូលជាចៅក្រម។ អេសាយ ៣៣:២២ ចែងថា៖ «ព្រះយេហូវ៉ាទ្រង់ជាចៅក្រមនៃយើងរាល់គ្នា។ ព្រះយេហូវ៉ាទ្រង់ជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា។ ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រនៃយើងរាល់គ្នា។ ទ្រង់នឹងជួយសង្គ្រោះយើងផង»។
៦ ពួកអ្នកបំរើរបស់ព្រះបានទទួលស្គាល់ព្រះយេហូវ៉ាជាយូរយារមកហើយ ថាទ្រង់ជាចៅក្រមនៃក្ដីហើយបញ្ហាផ្សេងៗ។ ជាឧទាហរណ៍ ក្រោយពី«ចៅក្រមនៃផែនដីទាំងមូល»បានថ្លឹងថ្លែងពីទីសំអាងនៃអំពើអាក្រក់ជួជាតិនៃក្រុងសូដុំមនឹងក្រុងកូម៉ូរ៉ារួចហើយ ទ្រង់បានកាត់ទោសពួកមនុស្សដែលត្រូវទទួលសេចក្ដីហិនវិនាស ហើយព្រមទាំងបានប្រតិបត្ដិការជំនុំជំរះដ៏សុចរិតផង។ (លោកុប្បត្តិ ១៨:២០-៣៣; យ៉ូប ៣៤:១០-១២) ជាច្បាស់ណាស់ នេះគួរតែធ្វើឲ្យយើងទុកចិត្តបាន ដោយដឹងថាព្រះយេហូវ៉ាជាចៅក្រមដ៏សុចរិត ដែលតែងតែអាចធ្វើការជំនុំជំរះរបស់ទ្រង់!
៧. តើព្រះយេហូវ៉ាបានធ្វើជាចៅក្រមក្នុងការទាក់ទងជាមួយសាសន៍អ៊ីស្រាអែលដោយយ៉ាងណា?
៧ នៅអ៊ីស្រាអែលពីសម័យបុរាណ ជួនកាលព្រះយេហូវ៉ាបានកាត់ទោសដោយខ្លួនទ្រង់ផ្ទាល់។ តើអ្នកនឹងមិនសម្រាលចិត្តនៅសម័យនោះទេឬ ដោយដឹងថាចៅក្រមដ៏ល្អឥតខ្ចោះបានសម្រេចរឿងរ៉ាវនោះ? (លេវីវិន័យ ២៤:១០-១៦; ជនគណនា ១៥:៣២-៣៦; ២៧:១-១១) ព្រះក៏បានផ្ដល់ឲ្យ«សេចក្ដីបញ្ញត្ត»ដែលជាការល្អទាំងអស់ ដើម្បីជាបមាណីយសំរាប់ការធ្វើជំនុំជំរះដែរ។ (លេវីវិន័យ ២៥:១៨, ១៩; នេហេមា ៩:១៣; ទំនុកដំកើង ១៩:៩, ១០; ១១៩:៧, ៧៥, ១៦៤; ១៤៧:១៩, ២០) ទ្រង់ជា«ចៅក្រមនៃផែនដីទាំងមូល» ដូច្នេះយើងទាំងអស់គ្នា ក៏មានការជាប់ទាក់ទងដែរ។—ហេព្រើរ ១២:២៣
៨. តើលោកដានីយ៉ែលមានចក្ខុនិមិត្តអ្វីដែលមានការទាក់ទងនោះ?
៨ យើងមាន«អ្នកសាក្សី» ដែលមានការជាប់ទាក់ទងនឹងរឿងនេះ។ ព្យាការីដានីយ៉ែលបានទទួលចក្ខុនិមិត្តនៃសត្វដ៏កាចសាហាវ ដែលជាតំណាងរដ្ឋាភិបាលឬចក្រភព។ (ដានីយ៉ែល ៧:១-៨,១៧) លោកបានបន្ថែមទៀតថា៖ «មានគេយកបល្ល័ង្ក មកតាំងហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ»។ (ដានីយ៉ែល ៧:៩) ចូរកត់សម្គាល់ថា លោកដានីយ៉ែលបានឃើញបល្ល័ង្ក«ព្រះដ៏មានព្រះជន្មពីបុរាណ[ព្រះយេហូវ៉ា]ក៏គង់លើ»។ ចូរសួរខ្លួនអ្នកមើលចុះ ‹តើលោកដានីយ៉ែលនៅទីនេះកំពុងតែឃើញព្រះក្លាយទៅជាស្តេចឬ›?
៩. តើអត្ថន័យមួយនៃ‹ការគង់លើ›បល្ល័ង្កជាអ្វី? ចូរឲ្យឧទាហរណ៍។
៩ នៅពេលដែលយើងអានអំពីអ្នកណាម្នាក់ដែល«គង់លើ»បល្ល័ង្កមួយ យើងប្រហែលជាគិតថា បុគ្គលនោះនឹងក្លាយទៅជាស្តេច ពីព្រោះជួនកាលព្រះគម្ពីរបានប្រើភាសាបែបនេះ។ ជាឧទាហរណ៍ «លុះ[ស៊ីមរី]បានគង់លើបល្ល័ង្កសោយរាជ្យឡើងហើយ នោះ . . .»។ (ពង្សាវតារក្សត្រទី១ ១៦:១១; ពង្សាវតារក្សត្រទី២ ១០:៣០; ១៥:១២; យេរេមា ៣៣:១៧) ទំនាយអំពីព្រះមេស្ស៊ីបានចែងថា៖ «[អ្នកនោះ]នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន»។ ដូច្នេះហើយ ការ‹គង់លើបល្ល័ង្ក›ក៏អាចមានន័យថា ការក្លាយទៅជាស្តេចបានដែរ។ (សាការី ៦:១២, ១៣) ព្រះគម្ពីរបានរៀបរាប់ថាព្រះយេហូវ៉ាជាស្តេចដែលគង់លើបល្ល័ង្ក។ (ពង្សាវតារក្សត្រទី១ ២២:១៩; អេសាយ ៦:១; វិវរណៈ ៤:១-៣) ទ្រង់ជា«ស្តេចនៃអស់ទាំងកល្ប»។ ប៉ុន្តែ កាលដែលទ្រង់ពោលអះអាងនូវទិដ្ឋភាពថ្មីនៃអធិបតេយ្យភាព ទ្រង់ក៏អាចក្លាយទៅជាស្តេចបានដែរ គឺហាក់បីដូចជាកំពុងតែគង់លើបល្ល័ង្ករបស់ទ្រង់ជាថ្មីអញ្ចឹង។—របាក្សត្រទី១ ១៦:១, ៣១; អេសាយ ៥២:៧; វិវរណៈ ១១:១៥-១៧; ១៥:៣; ១៩:១, ២, ៦
១០. តើមុខនាទីដ៏សំខាន់នៃពួកស្តេចនៃសាសន៍អ៊ីស្រាអែលជាអ្វី? ចូរពន្យល់។
១០ ប៉ុន្តែនេះជាចំណុចដ៏សមហេតុផល៖ មុខនាទីដ៏សំខាន់នៃពួកស្តេចនៅសម័យពីបុរាណ គឺត្រូវស្ដាប់ឮបណ្ដឹងក្ដី ដើម្បីនឹងជំនុំជំរះ។ (សុភាសិត ២០:៨; ២៩:១៤) ចូរចងចាំអំពីការកាត់ទោសរបស់ស្តេចសាឡូម៉ូនដ៏មានប្រាជ្ញា នៅពេលដែលស្ត្រីពីរនាក់បានទាមទារថាកូនង៉ាម្នាក់នេះជាកូនរបស់គេដោយខ្លួន។ (ពង្សាវតារក្សត្រទី១ ៣:១៦-២៨; របាក្សត្រទី២ ៩:៨) អាគារគ្រប់គ្រងមួយរបស់ទ្រង់ជា«មន្ទីរបាំងសាចសំរាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ» ហើយក៏ជា«ទីនាំងវិនិច្ឆ័យ»ដែរ។ (ពង្សាវតារក្សត្រទី១ ៧:៧) ទីក្រុងយេរូសាឡិមត្រូវបានរៀបរាប់ជាទីកន្លែងដែល«មានបល្ល័ង្កតាំងឡើង សំរាប់ការវិនិច្ឆ័យ»។ (ទំនុកដំកើង ១២២:៥) យ៉ាងច្បាស់ណាស់ ‹ការគង់លើបល្ល័ង្ក›ក៏អាចមានន័យថា ការប្រតិបត្ដិអំណាចខាងតុលាការដែរ។—និក្ខមនំ ១៨:១៣; សុភាសិត ២០:៨
១១, ១២. (ក) អ្វីដែលបានរៀបរាប់មកនៅដានីយ៉ែល ជំពូក៧ ដែលថាព្រះយេហូវ៉ាទ្រង់គង់នោះ មានន័យយ៉ាងណាដែរ? (ខ) តើបទគម្ពីរឯទៀតបញ្ជាក់យ៉ាងណាថា ព្រះយេហូវ៉ាទ្រង់គង់ដើម្បីនឹងធ្វើការវិនិច្ឆ័យនោះ?
១១ ឥឡូវនេះចូរឲ្យយើងត្រឡប់ទៅឆាកដែលលោកដានីយ៉ែលបានឃើញ‹ព្រះដ៏មានព្រះជន្មពីបុរាណបានគង់លើបល្ល័ង្ក›។ ដានីយ៉ែល ៧:១០ បន្ថែមថា៖ «នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ»។ ត្រូវហើយ ព្រះដ៏មានព្រះជន្មពីបុរាណបានគង់ដើម្បីនឹងវិនិច្ឆ័យអំពីការគ្រប់គ្រងក្នុងពិភពលោក ហើយដើម្បីនឹងវិនិច្ឆ័យកូនមនុស្សជាបុគ្គលម្នាក់ដែលសមនឹងគ្រប់គ្រង។ (ដានីយ៉ែល ៧:១៣, ១៤) រួចមក យើងអានថា«ដរាបដល់ព្រះដ៏មានព្រះជន្មពីបុរាណបានយាងមក នោះការវិនិច្ឆ័យបានប្រគល់ដល់ពួកបរិសុទ្ធ»។ នេះជាពួកអ្នកដែលត្រូវបានវិនិច្ឆ័យថាសមនឹងគ្រប់គ្រងជាមួយកូនមនុស្ស។ (ដានីយ៉ែល ៧:២២) នៅទីបំផុត «ការវិនិច្ឆ័យនឹងបានរៀបចំជាស្រេច» ហើយបានវិនិច្ឆ័យដ៏អាក្រក់ទៅលើមហាអំណាចចុងក្រោយបង្អស់។—ដានីយ៉ែល ៧:២៦a
១២ ដូច្នេះហើយ កាលដែលលោកដានីយ៉ែលបានឃើញព្រះ‹គង់លើបល្ល័ង្ក›គឺមានន័យថា ទ្រង់យាងមកដើម្បីនឹងធ្វើការវិនិច្ឆ័យ។ មុននេះដាវីឌបានច្រៀងថា៖ «ទ្រង់[ព្រះយេហូវ៉ា]បានរាំងពារសេចក្ដីទៀងត្រង់ នឹងរឿងក្ដីរបស់ទូលបង្គំ ទ្រង់គង់លើបល្ល័ង្កកំពុងតែជំនុំជំរះដោយយុត្ដិធម៌»។ (ទំនុកដំកើង ៩:៤, ៧) ហើយយ៉ូអែលបានសរសេរថា៖ «ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯច្រកភ្នំយេហូសាផាត ដ្បិតនៅទីនោះអញ[ព្រះយេហូវ៉ា]នឹងអង្គុយជំនុំជំរះអស់ទាំងសាសន៍ ដែលនៅព័ទ្ធជុំវិញ»។ (យ៉ូអែល ៣:១២ ប្រៀបធៀប អេសាយ ១៦:៥) ព្រះយេស៊ូនិងប៉ុលក៏បានជួបប្រទះនឹងស្ថានការណ៍ក្នុងតុលាការដែលមនុស្សបានមកអង្គុយដើម្បីឮក្ដីហើយនឹងជំនុំជំរះ។b—យ៉ូហាន ១៩:១២-១៦; កិច្ចការ ២៣:៣; ២៥:៦
ឋានៈរបស់ព្រះយេស៊ូ
១៣, ១៤. (ក) តើប្រជារាស្ត្ររបស់ព្រះមានការធានារ៉ាប់រងយ៉ាងណា ថាព្រះយេស៊ូនឹងក្លាយទៅជាស្តេចនោះ? (ខ) តើព្រះយេស៊ូបានគង់លើបល្ល័ង្ករបស់ទ្រង់នៅពេលណា ហើយក្នុងន័យណាដែលទ្រង់គ្រប់គ្រងពីឆ្នាំ៣៣ ស.យ.មកនោះ?
១៣ ព្រះយេហូវ៉ាជាស្តេចហើយនិងជាចៅក្រម។ ចុះយ៉ាងណាវិញដែរ ចំពោះព្រះយេស៊ូ? ទេវតាដែលប្រកាសអំពីកំណើតរបស់ទ្រង់បានមានប្រសាសន៍ថា៖ «ព្រះអម្ចាស់[ព្រះយេហូវ៉ា] . . . ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ . . . ហើយរាជ្យទ្រង់នឹងមិនផុតឡើយ»។ (លូកា ១:៣២, ៣៣) ព្រះយេស៊ូទ្រង់នឹងទទួលភាពជាស្តេចនៃដាវីឌជាអចិន្ត្រៃយ៍។ (សាំយូអែលទី២ ៧:១២-១៦) ទ្រង់នឹងសោយរាជ្យពីស្ថានសួគ៌ ពីព្រោះដាវីឌបានមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ព្រះអម្ចាស់[ព្រះយេស៊ូ]នៃទូលបង្គំថា៖ ‹ចូរឲ្យឯងអង្គុយនៅខាងស្ដាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង។ ព្រះយេហូវ៉ាទ្រង់នឹងសន្ធឹងដំបងនៃព្រះចេស្ដាឯង ចេញពីក្រុងស៊ីយ៉ូន ឲ្យឯងគ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវផង›»។—ទំនុកដំកើង ១១០:១-៤
១៤ តើការសោយរាជ្យនេះនឹងមានឡើងនៅពេលណា? ព្រះយេស៊ូមិនបានសោយរាជ្យជាស្តេច កាលដែលទ្រង់ជាមនុស្សនោះទេ។ (យ៉ូហាន ១៨:៣៣-៣៧) ក្នុងឆ្នាំ៣៣ស.យ. ទ្រង់បានទទួលមរណភាព ហើយត្រូវបានព្រះប្រោសឲ្យរស់ឡើងវិញ ហើយក៏បានយាងឡើងទៅឯស្ថានសួគ៌។ នៅក្នុងហេព្រើរ ១០:១២ ចែងថា៖ «តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្ដាំព្រះនៅជារៀងរាបដរាបទៅ»។ តើព្រះយេស៊ូមានអំណាចយ៉ាងណា? «[ព្រះ]តាំងឲ្យគង់ខាងស្ដាំទ្រង់ នៅស្ថានដ៏ខ្ពស់ ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី . . . ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ»។ (អេភេសូរ ១:២០-២២) ពីព្រោះព្រះយេស៊ូមានអំណាចសោយរាជ្យជាស្តេចទៅលើពួកជនគ្រីស្ទាន ប៉ុលអាចសរសេរថា ព្រះយេហូវ៉ា«បានប្រោស ឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជាណាចក្ររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់»។—កូល៉ុស ១:១៣; ៣:១
១៥, ១៦. (ក) ហេតុអ្វីក៏យើងនិយាយថា ព្រះយេស៊ូមិនបានក្លាយទៅជាស្តេចនៃរាជាណាចក្ររបស់ព្រះក្នុងឆ្នាំ៣៣ ស.យ.? (ខ) តើនៅពេលណាដែលព្រះយេស៊ូចាប់ផ្ដើមគ្រប់គ្រងក្នុងរាជាណាចក្ររបស់ព្រះ?
១៥ ប៉ុន្តែ នៅពេលនោះ ព្រះយេស៊ូមិនបានធ្វើជាស្តេចហើយជាចៅក្រមទៅលើសាសន៍ទាំងមូលទេ។ ទ្រង់បានគង់នៅជិតព្រះ រង់ចាំពេលវេលាដើម្បីនឹងឡើងសោយរាជ្យជាស្តេចនៃរាជាណាចក្ររបស់ព្រះ។ ប៉ុលបានសរសេរអំពីទ្រង់ថា៖ «តើទ្រង់ដែលមានបន្ទូលទៅទេវតាណាមួយថា៖ ‹ចូរអង្គុយខាងស្ដាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ទុកជាកំណល់កល់ជើងឯងដូច្នេះឬទេ› »?—ហេព្រើរ ១:១៣
១៦ ស្មរបន្ទាល់ព្រះយេហូវ៉ាបានបោះពុម្ពទីសំអាងជាច្រើន ដែលថា កំឡុងពេលរង់ចាំរបស់ព្រះយេស៊ូត្រូវបានចប់នៅឆ្នាំ១៩១៤ នៅពេលដែលទ្រង់បានក្លាយទៅជាអ្នកគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះនៅក្នុងស្ថានសួគ៌ដែលមើលមិនឃើញ។ វិវរណៈ ១១:១៥, ១៨ ចែងថា៖ «នគរទាំងប៉ុន្មាននៅលោកីយ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។ «អស់ទាំងសាសន៍បានមានសេចក្ដីកំហឹង ហើយសេចក្ដីខ្ញាល់ទ្រង់ក៏មកដល់ជាពេលកំណត់»។ ត្រូវហើយ សាសន៍ជាច្រើនបានសម្ដែងសេចក្ដីកំហឹងទៅលើគ្នាទៅវិញទៅមក ក្នុងកំឡុងសង្គ្រាមលោកលើកទី១។ (លូកា ២១:២៤) សង្គ្រាម ការកក្រើកផែនដី ជម្ងឺរាតត្បាត ការខ្វះខាតម្ហូបអាហារ ហើយអ្វីៗដូចនេះដែលយើងបានឃើញតាំងពីឆ្នាំ១៩១៤មក បញ្ជាក់ឲ្យឃើញថា ព្រះយេស៊ូឥឡូវនេះកំពុងតែសោយរាជ្យក្នុងរាជាណាចក្ររបស់ព្រះ ហើយទីបញ្ចប់នៃលោកីយ៍នេះគឺជិតមកដល់ហើយ។—ម៉ាថាយ ២៤:៣-១៤
១៧. តើមានចំណុចដ៏សំខាន់ណាខ្លះដែលយើងបានពិគ្រោះមកហើយនោះ?
១៧ ដោយមើលឡើងវិញជាសង្ខេប៖ យើងអាចនិយាយថាព្រះអាចគង់លើបល្ល័ង្កជាស្តេច ប៉ុន្តែក្នុងន័យមួយទៀត ទ្រង់ក៏អាចគង់លើបល្ល័ង្ករបស់ទ្រង់ដើម្បីនឹងធ្វើការវិនិច្ឆ័យដែរ។ ក្នុងឆ្នាំ៣៣ស.យ. ព្រះយេស៊ូបានគង់នៅខាងស្ដាំព្រះ ហើយឥឡូវនេះទ្រង់ជាស្តេចនៃរាជាណាចក្រ។ ប៉ុន្តែដោយឥឡូវនេះ ព្រះយេស៊ូកំពុងតែសោយរាជ្យជាស្តេច តើទ្រង់បំរើជាចៅក្រមដែរឬ? ហើយហេតុអ្វីក៏យើងត្រូវយកចិត្តទុកដាក់នឹងរឿងនេះ ជាពិសេសនៅពេលនេះ?
១៨. តើមានទីសំអាងឯណាខ្លះ ដែលថាព្រះយេស៊ូនឹងធ្វើជាចៅក្រមដែរនោះ?
១៨ ព្រះយេហូវ៉ាដែលមានសិទ្ធិក្នុងការរើសតាំងចៅក្រមនោះ ក៏បានជ្រើសរើសយកព្រះយេស៊ូឲ្យធ្វើជាចៅក្រមដែលបំពេញនឹងបមាណីយរបស់ទ្រង់។ ព្រះយេស៊ូបានបង្ហាញអំពីរឿងនេះ នៅពេលដែលទ្រង់មានបន្ទូលអំពីពួកមនុស្សដែលនឹងក្លាយទៅជារស់ខាងវិញ្ញាណនោះថា៖ «ព្រះវរបិតាទ្រង់មិនជំនុំជំរះអ្នកណាទេ ទ្រង់បានប្រគល់គ្រប់ការជំនុំជំរះ ដល់ព្រះរាជបុត្រាវិញ»។ (យ៉ូហាន ៥:២២) ប៉ុន្តែ មុខនាទីនៃការជំនុំជំរះរបស់ព្រះយេស៊ូ មានច្រើនជាងការជំនុំជំរះបែបនោះទៅទៀត ពីព្រោះទ្រង់ជាចៅក្រមនៃពួកនៅរស់និងពួកស្លាប់។ (កិច្ចការ ១០:៤២; ធីម៉ូថេទី២ ៤:១) នៅពេលមួយប៉ុលបានប្រកាសថា៖ «[ព្រះ]បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្ដិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានដំរូវរួចហើយ ព្រមទាំងដាក់ភស្តុតាង សំដែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ»។—កិច្ចការ ១៧:៣១; ទំនុកដំកើង ៧២:២-៧
១៩. ហេតុអ្វីក៏ជាការត្រឹមត្រូវក្នុងការនិយាយអំពីព្រះយេស៊ូ ថាទ្រង់គង់ជាចៅក្រម?
១៩ ដូច្នេះតើមានការសមហេតុផលទេ ដែលយើងសន្និដ្ឋានថា ព្រះយេស៊ូគង់លើបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់ ដែលមានមុខនាទីជាចៅក្រមនោះ? គឺសមហេតុផលមែន។ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសាវ័កថា៖ «ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបានឡើងគង់លើបល្ល័ង្កឧត្តមរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២»។ (ម៉ាថាយ ១៩:២៨) ថ្វីបើព្រះយេស៊ូឥឡូវនេះជាស្តេចនៃរាជាណាចក្រក្ដី សកម្មភាពរបស់ទ្រង់ទៀតបានរៀបរាប់មកនៅក្នុងម៉ាថាយ ១៩:២៨ នឹងរួមបញ្ចូលការគង់លើបល្ល័ង្កដើម្បីនឹងជំនុំជំរះក្នុងកំឡុងសហស្សវត្ស។ នៅគ្រានោះ ទ្រង់នឹងជំនុំជំរះមនុស្សជាតិ ទាំងពួកសុចរិតនិងពួកទុច្ចរិត។ (កិច្ចការ ២៤:១៥) ជាការដ៏មានប្រយោជន៍ណាស់ក្នុងការចងចាំអំពីរឿងនេះ កាលដែលយើងប្រុងស្មារតីនឹងរឿងប្រៀបប្រដូចមួយរបស់ព្រះយេស៊ូ ដែលទាក់ទងនឹងសម័យនិងជីវិតរបស់យើងនោះ។
តើរឿងប្រៀបប្រដូចចែងប្រាប់យ៉ាងណា?
២០, ២១. តើពួកសាវ័ករបស់ព្រះយេស៊ូបានសួរអំពីអ្វីដែលទាក់ទងនឹងសម័យយើង ហើយតើមានសំនួរអ្វីដោយសារនេះ?
២០ មុននឹងព្រះយេស៊ូបានទទួលមរណភាពទៅ ពួកសាវ័ករបស់ទ្រង់បានសួរទ្រង់ថា៖ «សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»? (ម៉ាថាយ ២៤:៣) ព្រះយេស៊ូបានទាយប្រាប់អំពីព្រឹត្ដិការណ៍ដ៏សំខាន់ៗនៅលើផែនដីមុននឹង‹ទីបញ្ចប់មកដល់›។ មុននឹងទីបញ្ចប់នេះទៅ ពួកសាសន៍ទាំងឡាយនឹង«ឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្ដា នឹងសិរីល្អជាខ្លាំង»។—ម៉ាថាយ ២៤:១៤, ២៩, ៣០
២១ ប៉ុន្តែតើពួកមនុស្សក្នុងសាសន៍ទាំងនោះនឹងទៅជាយ៉ាងណា នៅពេលដែលកូនមនុស្សយាងមកវិញក្នុងសិរីល្អរបស់ទ្រង់នោះ? ចូរឲ្យយើងរកមើលចម្លើយពីរឿងប្រៀបប្រដូចនៃចៀមនិងពពែ ដែលបានចាប់ផ្ដើមដោយពាក្យថា៖ «តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក»។—ម៉ាថាយ ២៥:៣១, ៣២
២២, ២៣. តើចំណុចអ្វីដែលបញ្ជាក់ថារឿងប្រៀបប្រដូចនៃចៀមនឹងពពែមិនបានចាប់ផ្ដើមសម្រេចមកក្នុងឆ្នាំ១៩១៤នោះ?
២២ តើរឿងប្រៀបប្រដូចនេះមានការទាក់ទងតែនឹងពេលដែលព្រះយេស៊ូគង់លើបល្ល័ង្កជាស្តេចក្នុងឆ្នាំ១៩១៤ដូចជាយើងបានយល់ជាយូរយារមកហើយឬ? នៅម៉ាថាយ ២៥:៣៤ បានចែងអំពីទ្រង់ជាស្តេច ដូច្នេះជាសមហេតុផល រឿងប្រៀបប្រដូចបានអនុវត្តនាការ តាំងពីពេលព្រះយេស៊ូបានក្លាយទៅជាស្តេចក្នុងឆ្នាំ១៩១៤មែន។ ប៉ុន្តែ តើទ្រង់បានជំនុំជំរះអ្វីក្រោយពីនោះមក? នេះគឺមិនមែនការជំនុំជំរះនៃ«គ្រប់ទាំងសាសន៍»ឡើយ។ ផ្ទុយទៅវិញ ទ្រង់បានបែរស្មារតីរបស់ទ្រង់ទៅដល់ពួកអ្នកដែលបានអះអាងថា ជាពួក«ដំណាក់នៃព្រះ»។ (ពេត្រុសទី១ ៤:១៧) ក្នុងការយោងស្របជាមួយនឹងម៉ាឡាគី ៣:១-៣ ព្រះយេស៊ូ ជាអ្នកនាំសាររបស់ព្រះយេហូវ៉ា បានមកពិនិត្យជនគ្រីស្ទានចាក់ប្រេងតាំងដែលនៅសល់លើផែនដី។ ហើយនេះក៏ជាគ្រាសំរាប់វិនិច្ឆ័យទោសទៅលើពិភពគ្រីស្ទសាសនាដែរ ដែលបានអះអាងដោយមិនពិតថា ជា«ដំណាក់នៃព្រះ»។c (វិវរណៈ ១៧:១, ២; ១៨:៤-៨) ប៉ុន្តែគ្មានការបញ្ជាក់អ្វីសោះ ដែលថានៅឆ្នាំ១៩១៤ ឬក៏តាំងពីឆ្នាំ១៩១៤នោះមក ព្រះយេស៊ូបានគង់ដើម្បីជំនុំជំរះមនុស្សនៃគ្រប់ទាំងសាសន៍នៅទីបំផុតជាចៀមឬពពែនោះ។
២៣ បើសិនជាយើងពិនិត្យមើលនូវសកម្មភាពរបស់ព្រះយេស៊ូក្នុងរឿងប្រៀបប្រដូចនេះ យើងឃើញថាទ្រង់នឹងជំនុំជំរះគ្រប់ទាំងសាសន៍នៅទីបំផុត។ រឿងប្រៀបប្រដូចនេះមិនបង្ហាញថា ការជំនុំជំរះបែបនេះនឹងបន្តក្នុងកំឡុងជាច្រើនឆ្នាំនោះឡើយ ហាក់បីដូចជាមនុស្សគ្រប់រូបដែលបានស្លាប់ក្នុងកំឡុងជាច្រើនទសវត្សទៅនេះ បានជំនុំជំរះឲ្យសមទទួលនូវសេចក្ដីស្លាប់អស់កល្បជានិច្ចឬជីវិតដ៏អស់កល្បជានិច្ចទេ។ មនុស្សជាច្រើនដែលបានស្លាប់ទៅក្នុងទសវត្សជាច្រើនទៅនេះ បានទៅផ្នូររបស់មនុស្សលោក។ (វិវរណៈ ៦:៨; ២០:១៣) រឿងប្រៀបប្រដូចចង្អុលប្រាប់អំពីពេលវេលា នៅពេលដែលព្រះយេស៊ូជំនុំជំរះមនុស្សនៃ«គ្រប់ទាំងសាសន៍»ដែលមានជីវិតនៅពេលនោះ ហើយប្រឈមមុខទទួលការវិនិច្ឆ័យទោសពីទ្រង់។
២៤. តើរឿងប្រៀបប្រដូចនៃចៀមនិងពពែនេះនឹងត្រូវបានសម្រេចនៅពេលណា?
២៤ បើនិយាយឲ្យចំទៅ រឿងប្រៀបប្រដូចនេះ គឺចង្អុលទៅឯអនាគត នៅពេលដែលកូនមនុស្សនឹងយាងមកវិញក្នុងសិរីល្អរបស់ទ្រង់។ ទ្រង់នឹងគង់ដើម្បីនឹងជំនុំជំរះមនុស្សដែលនៅរស់នៅពេលនោះ។ ការជំនុំជំរះរបស់ទ្រង់នោះនឹងមានមូលដ្ឋានទៅលើអ្វីដែលពួកគេបានសម្ដែងខ្លួនគេជាយ៉ាងណា។ នៅគ្រានោះ ‹ការឃើញច្បាស់រវាងពួកសុចរិតនិងទុច្ចរិត›នឹងស្ថាបនាឡើងបានយ៉ាងច្បាស់លាស់។ (ម៉ាឡាគី ៣:១៨) ការប្រកាសពិតនិងការជំនុំជំរះនឹងមានក្នុងកំឡុងមួយរយៈ។ ព្រះយេស៊ូនឹងកាត់ទោសដោយសម ដែលមានមូលដ្ឋានឃើញយ៉ាងច្បាស់អំពីបុគ្គលនោះ។—សូមមើល កូរិនថូសទី២ ៥:១០
២៥. តើម៉ាថាយ ២៥:៣១ ពណ៌នាអំពីអ្វី ក្នុងការចែងប្រាប់ថាកូនមនុស្សគង់លើបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់នោះ?
២៥ ដូច្នេះនេះមានន័យថា ព្រះយេស៊ូ‹គង់នៅលើបល្ល័ង្កដ៏សិរីល្អរបស់ទ្រង់›សំរាប់ជំនុំជំរះ ដែលបានរៀបរាប់មកនៅម៉ាថាយ ២៥:៣១ គឺជាប់ទាក់ទងនៅពេលអនាគត នៅពេលដែលស្តេចដ៏ខ្លាំងក្លានេះនឹងគង់ដើម្បីនឹងវិនិច្ឆ័យទោសទៅលើគ្រប់ទាំងសាសន៍។ ត្រូវហើយ ឆាកជំនុំជំរះដែលទាក់ទងនឹងព្រះយេស៊ូនៅម៉ាថាយ ២៥:៣១-៣៣,៤៦ គឺអាចប្រៀបធៀបទៅនឹងឆាកក្នុងសៀវភៅដានីយ៉ែល ជំពូក៧ ដែលស្តេចសោយរាជ្យ គឺព្រះដ៏មានព្រះជន្មរស់នៅពីបុរាណ គង់ដើម្បីនឹងចាត់វិធានការរបស់ទ្រង់ជាចៅក្រម។
២៦. តើការពន្យល់ថ្មីនៃរឿងប្រៀបប្រដូច បានឃើញជាក់ស្តែងឡើងយ៉ាងណា?
២៦ ការយល់អំពីរឿងប្រៀបប្រដូចអំពីចៀមនិងពពែតាមរបៀបនេះ បញ្ជាក់ឲ្យឃើញថា ការវិនិច្ឆ័យទៅលើពួកចៀមនិងពួកពពែ គឺនៅឯអនាគតវិញ។ នេះនឹងកើតឡើងក្រោយពី«សេចក្ដីវេទនាជាខ្លាំង» ដូចបានរៀបរាប់មកនៅម៉ាថាយ ២៤:២៩, ៣០ ហើយកូនមនុស្សនឹង‹យាងមកក្នុងសិរីល្អរបស់ទ្រង់›។ (ប្រៀបធៀប ម៉ាកុស ១៣:២៤-២៦) រួចមក នៅពេលដែលប្រព័ន្ធដ៏អាក្រក់ជួជាតិទាំងមូលបានកំទេចចោលហើយនោះ ព្រះយេស៊ូនឹងមកឯតុលាការ ហើយនឹងប្រហារសេចក្ដីជំនុំជំរះ។—យ៉ូហាន ៥:៣០; ថែស្សាឡូនីចទី២ ១:៧-១០
២៧. តើយើងត្រូវយកចិត្តទុកដាក់នឹងអ្វី ដោយដឹងអំពីរឿងប្រៀបប្រដូចចុងក្រោយបង្អស់របស់ព្រះយេស៊ូនោះ?
២៧ នេះបានធ្វើឲ្យយើងយល់ឃើញយ៉ាងច្បាស់អំពីពេលវេលាត្រឹមត្រូវនៃរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ដែលបង្ហាញនូវពេលណាដែលចៀមនិងពពែនឹងត្រូវបានជំនុំជំរះ។ ប៉ុន្តែ តើនេះមានឥទ្ធិពលមកលើយើងយ៉ាងណា ដែលមានការខំប្រឹងដើម្បីផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រនោះ? (ម៉ាថាយ ២៤:១៤) តើនេះធ្វើឲ្យកិច្ចការរបស់យើងមិនជាការសំខាន់ណាស់ណា ឬក៏តើនេះនឹងធ្វើឲ្យមានភារកិច្ចដ៏ធ្ងន់ថែមទៀត? ចូរឲ្យយើងពិនិត្យមើលនៅក្នុងអត្ថបទជាបន្ទាប់ ថាតើមានឥទ្ធិពលមកលើយើងជាយ៉ាងណា។
[កំណត់សម្គាល់]
a ពាក្យដែលថា«ការវិនិច្ឆ័យ»នៅឯដានីយ៉ែល ៧:១០, ២៦ ក៏អាចរកឃើញនៅអែសរ៉ា ៧:២៦ ហើយនៅដានីយ៉ែល ៤:៣៧; ៧:២២
b ចំពោះជនគ្រីស្ទានដែលយកគ្នាទៅប្ដឹងប្ដល់នៅឯតុលាការនោះ ប៉ុលបានសួរថា៖ «តើនឹងយកមនុស្ស ដែលពួកជំនុំរាប់អានតិចជាងគេ ឲ្យបានជំនុំជំរះរឿងនោះឬអី[ន័យចំៗគឺ«តើអ្នកកំពុងតែអង្គុយ»]»?—កូរិនថូសទី១ ៦:៤
c សូមមើលសៀវភៅវិវរណៈ—កំរិតខ្ពស់បំផុតរបស់វាជិតមកដល់ហើយ! ទំព័រ ៥៦ ៧៣ ២៣៥-២៤៥, ២៦០ បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។
តើអ្នកនៅចាំទេ?
◻ តើព្រះយេហូវ៉ាធ្វើជាស្តេចនិងចៅក្រមផងយ៉ាងណា?
◻ តើអាចមានអត្ថន័យពីរណា អំពី‹ការគង់លើបល្ល័ង្ក›?
◻ តើយើងបាននិយាយយ៉ាងណានៅពេលមុន ចំពោះពេលវេលាត្រឹមត្រូវនៃម៉ាថាយ ២៥:៣១ ប៉ុន្តែតើមានមូលដ្ឋានអ្វីក្នុងការកែទស្សនៈនេះ?
◻ តើនៅពេលណាដែលកូនមនុស្សគង់នៅលើបល្ល័ង្ករបស់ទ្រង់ ដូចជាបានបញ្ជាក់មកនៅម៉ាថាយ ២៥:៣១?
-
-
តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មករា
-
-
តើពួកចៀមនិងពួកពពែមានអនាគតយ៉ាងណា?
«រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ»។—ម៉ាថាយ ២៥:៣២
១, ២. ហេតុអ្វីក៏រឿងប្រៀបប្រដូចនៃចៀមនិងពពែ ត្រូវតែជាការដ៏សំខាន់មួយចំពោះយើង?
ព្រះយេស៊ូគ្រីស្ទគឺពិតជាគ្រូដ៏ឧត្តមនៅលើផែនដីនេះ។ (យ៉ូហាន ៧:៤៦) វិធីបង្រៀនរបស់ទ្រង់មួយ គឺទ្រង់បានប្រើរឿងប្រៀបប្រដូចឬឧទាហរណនិទស្សន៍។ (ម៉ាថាយ ១៣:៣៤, ៣៥) រឿងប្រៀបប្រដូចទាំងនេះគឺស្រួលយល់ណាស់ តែមានឥទ្ធិពលយ៉ាងខ្លាំង ក្នុងការបង្ហាញឲ្យឃើញនូវសេចក្ដីពិតខាងវិញ្ញាណនិងខាងទំនាយដ៏ជ្រៅៗ។
២ នៅក្នុងរឿងប្រៀបប្រដូចនៃចៀមនិងពពែ ព្រះយេស៊ូបានចង្អុលប្រាប់ទៅពេលវេលាមួយ ដែលទ្រង់នឹងប្រព្រឹត្តក្នុងសមត្ថភាពដ៏ពិសេស៖ «កាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំង . . . »។ (ម៉ាថាយ ២៥:៣១) យើងត្រូវតែយកចិត្តទុកដាក់នឹងរឿងនេះ ពីព្រោះនេះជារឿងប្រៀបប្រដូចដែលព្រះយេស៊ូបានបញ្ចប់ការតបឆ្លើយនឹងសំនួរដែលថា៖ «តើមានទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»? (ម៉ាថាយ ២៤:៣) ប៉ុន្តែ តើនេះមានន័យយ៉ាងណាដែរចំពោះយើង?
៣. នៅដើមនៃសេចក្ដីថ្លែងរបស់ទ្រង់ តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណា អំពីអ្វីដែលនឹងកើតឡើងក្រោយពីសេចក្ដីវេទនាជាខ្លាំងចាប់ផ្ដើមនោះ?
៣ ព្រះយេស៊ូបានទាយអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើង «ក្រោយពី»ការផ្ទុះនៃសេចក្ដីវេទនាជាខ្លាំង ដែលយើងកំពុងតែរង់ចាំ។ ទ្រង់បានមានបន្ទូលថា រួចមកការ«សម្គាល់នៃកូនមនុស្ស»នឹងលេចឡើង។ នេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើ«កុលសម្ព័ន្ធនៃផែនដី» ដែល«នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្ដា នឹងសិរីល្អជាខ្លាំង»។ កូនមនុស្សនឹងមាន«ពួកទេវតារបស់លោក»មកជាមួយ។ (ម៉ាថាយ ២៤:២១, ២៩-៣១)a ចុះយ៉ាងណាវិញ ចំពោះរឿងប្រៀបប្រដូចនៃចៀមនិងពពែនោះ? ព្រះគម្ពីរសម័យថ្មីនេះ បានចែងរឿងនេះនៅក្នុងជំពូក ២៥ ប៉ុន្តែនេះជាផ្នែកខ្លះៗនៃការតបឆ្លើយរបស់ព្រះយេស៊ូ ដោយផ្ដល់នូវការរៀបរាប់ថែមទៀតអំពីការយាងមកវិញក្នុងសិរីល្អរបស់ទ្រង់ ហើយសំដៅទៅលើការជំនុំជំរះនៃ«គ្រប់ទាំងសាសន៍»។—ម៉ាថាយ ២៥:៣២
ពួកបុគ្គលនៅក្នុងរឿងប្រៀបប្រដូចនេះ
៤. តើការថ្លែងអ្វីអំពីព្រះយេស៊ូ នៅដើមនៃរឿងប្រៀបប្រដូចនៃចៀមនិងពពែ ហើយតើបានរៀបរាប់អំពីពួកណាទៀត?
៤ ព្រះយេស៊ូចាប់ផ្ដើមរឿងប្រៀបប្រដូចនេះ ដោយមានបន្ទូលថា៖ «កាលណាកូនមនុស្សនឹងមក»។ អ្នកប្រហែលជាដឹងថា«កូនមនុស្ស»ជាអ្នកណាហើយ។ ពួកអ្នកសរសេរព្រះគម្ពីរដំណឹងល្អតែងតែសំដៅពាក្យនេះទៅចំពោះព្រះយេស៊ូ។ សូម្បីតែព្រះយេស៊ូអង្គទ្រង់ក៏បានធ្វើដូច្នេះដែរ ហើយទ្រង់ច្បាស់ជាដឹងអំពីចក្ខុនិមិត្តរបស់លោកដានីយ៉ែល អំពី«១អង្គដូចជាមនុស្សជាតិ» ដើរឆ្ពោះទៅព្រះដ៏មានព្រះជន្មពីបុរាណ ដើម្បីនឹងទទួល«អំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង»។ (ដានីយ៉ែល ៧:១៣, ១៤; ម៉ាថាយ ២៦:៦៣, ៦៤; ម៉ាកុស ១៤:៦១, ៦២) ថ្វីបើព្រះយេស៊ូជាបុគ្គលដ៏សំខាន់ក្នុងរឿងប្រៀបប្រដូចនេះក្ដី ប៉ុន្តែមិនមានទ្រង់តែមួយអង្គនោះទេ។ នៅដើមនៃការថ្លែងនេះ ដូចបានដកស្រង់មកពីម៉ាថាយ ២៤:៣០, ៣១ ទ្រង់បានមានបន្ទូលថា នៅពេលដែលកូនមនុស្សមក‹មានទាំងព្រះចេស្ដានិងសិរីល្អជាខ្លាំងនោះ› ពួកទេវតារបស់ទ្រង់ក៏មានមុខនាទីដ៏សំខាន់ដែរ។ យ៉ាងដូច្នេះដែរ ក្នុងរឿងប្រៀបប្រដូចនៃចៀមនិងពពែ បង្ហាញថា ពួកទេវតានៅជាមួយនឹងព្រះយេស៊ូ នៅពេលដែលទ្រង់‹គង់លើបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់›ដើម្បីនឹងជំនុំជំរះ។ (ប្រៀបធៀប ម៉ាថាយ ១៦:២៧) ប៉ុន្តែ ចៅក្រមនិងពួកទេវតារបស់ទ្រង់គឺនៅលើស្ថានសួគ៌ តើពួកមនុស្សដែលបានពិគ្រោះនៅក្នុងរឿងប្រៀបប្រដូចនេះនៅទីនោះដែរឬ?
៥. តើតាមរបៀបណាដែលយើងអាចសម្គាល់«បងប្អូន»របស់ព្រះយេស៊ូបាននោះ?
៥ ការមើលរឿងប្រៀបប្រដូចនេះមួយភ្លែត សម្ដែងប្រាប់ថាមានក្រុមបីដែលយើងត្រូវតែសម្គាល់។ ក្រៅពីចៀមនិងពពែ កូនមនុស្សបានបន្ថែមនូវក្រុមទីបី ដែលអត្ថសញ្ញាណរបស់គេគឺមានសារៈសំខាន់ក្នុងការសម្គាល់ពួកចៀមនិងពួកពពែ។ ព្រះយេស៊ូហៅក្រុមទីបីនេះ ជាបងប្អូនខាងវិញ្ញាណរបស់ទ្រង់។ (ម៉ាថាយ ២៥:៤០, ៤៥) ពួកគេត្រូវតែជាអ្នកថ្វាយបង្គំដ៏ពិត ពីព្រោះព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ . . . គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្ដាយខ្ញុំវិញ»។ (ម៉ាថាយ ១២:៥០; យ៉ូហាន ២០:១៧) អ្វីដែលមានចំណុចចំៗទៀត គឺអ្វីដែលប៉ុលបានសរសេរអំពីជនគ្រីស្ទាន ដែលជាផ្នែកនៃ«ពូជរបស់លោកអ័ប្រាហាំ» ហើយដែលជាពួកកូនរបស់ព្រះ។ លោកបានហៅពួកទាំងនេះ ជា«បងប្អូន»របស់ព្រះយេស៊ូ ហើយ«មានចំណែកក្នុងការងារស្ថានសួគ៌»។—ហេព្រើរ ២:៩–៣:១; កាឡាទី ៣:២៦, ២៩
៦. តើអ្នកណាដែល«តូចជាងគេ»នៃបងប្អូនរបស់ព្រះយេស៊ូ?
៦ ហេតុអ្វីក៏ព្រះយេស៊ូបានរៀបរាប់អំពី«អ្នកតូចជាងគេ»នៃបងប្អូនរបស់ទ្រង់? ពាក្យទាំងនោះបញ្ចេញសាជាថ្មីនូវអ្វីដែលពួកសាវ័កបានឮទ្រង់មានបន្ទូលពីមុន។ នៅពេលប្រៀបធៀបយ៉ូហាន-បាទីស្ទ ដែលបានស្លាប់មុនព្រះយេស៊ូ ដែលមានសេចក្ដីសង្ឃឹមនៅលើផែនដីនោះ ទៅនឹងអស់អ្នកដែលនឹងទទួលជីវិតនៅលើស្ថានសួគ៌ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្ដាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ»។ (ម៉ាថាយ ១១:១១) ពួកខ្លះទៅស្ថានសួគ៌ប្រហែលជាអ្នកធំដុំនៅក្នុងក្រុមជំនុំ ដូចជាពួកសាវ័ក តែពួកអ្នកខ្លះទៀតគឺមិនធំដុំប៉ុន្មានទេ ប៉ុន្តែពួកគេទាំងអស់សុទ្ធតែជាបងប្អូនខាងវិញ្ញាណរបស់ព្រះយេស៊ូ។ (លូកា ១៦:១០; កូរិនថូសទី១ ១៥:៩; អេភេសូរ ៣:៨ ហេព្រើរ ៨:១១) ដូច្នេះ ថ្វីបើអ្នកខ្លះហាក់បីដូចជាមិនសំខាន់នៅលើផែនដីក្ដី ពួកគេជាបងប្អូនរបស់ទ្រង់ ហើយត្រូវប្រព្រឹត្តនឹងពួកអ្នកទាំងនេះដោយសមស្របដែរ។
តើពួកអ្នកណាជាចៀមនិងពពែនោះ?
៧, ៨. តើព្រះយេស៊ូបានមានបន្ទូលយ៉ាងណាអំពីចៀម ដូច្នេះតើយើងអាចសន្និដ្ឋានយ៉ាងណាអំពីពួកគេ?
៧ យើងអានអំពីការជំនុំជំរះនៃពួកចៀមថា៖ «នោះ[ព្រះយេស៊ូ]ដ៏ជាស្តេច នឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្ដាំថា ‹ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ‹ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា នោះស្តេចនឹងឆ្លើយទៅគេថា ‹យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ›»។—ម៉ាថាយ ២៥:៣៤-៤០
៨ យ៉ាងច្បាស់ណាស់ ពួកចៀមដែលបានជំនុំជំរះសមនឹងនៅខាងស្ដាំដៃនៃកិត្ដិយសនិងព្រះគុណនោះ គឺតំណាងមនុស្សមួយក្រុម។ (អេភេសូរ ១:២០; ហេព្រើរ ១:៣) តើពួកគេធ្វើអ្វី ហើយនៅពេលណា? ព្រះយេស៊ូមានបន្ទូលថា ពួកគេមានចិត្តសប្បុរស គួរឲ្យគោរព ហើយបានឲ្យម្ហូបអាហារ ទឹក និងសំលៀកបំពាក់យ៉ាងបរិបូរ ដើម្បីនឹងជួយទ្រង់នៅពេលដែលទ្រង់បានឈឺឬនៅក្នុងគុក។ នៅពេលដែលពួកចៀមមានប្រសាសន៍ថា ពួកគេមិនបានធ្វើដូចនេះដល់ព្រះយេស៊ូដោយផ្ទាល់ខ្លួននោះ ទ្រង់ចង្អុលប្រាប់ថា ពួកគេបានគាំទ្រដល់បងប្អូនខាងវិញ្ញាណរបស់ទ្រង់ ពួកអ្នកសំណល់នៃជនគ្រីស្ទានចាក់ប្រេងតាំង ដូច្នេះគឺហាក់បីដូចជាធ្វើដល់ទ្រង់តែម្ដង។
៩. ហេតុអ្វីក៏រឿងប្រៀបប្រដូចនេះមិនទាក់ទងក្នុងកំឡុងសហស្សវត្សបាន?
៩ រឿងប្រៀបប្រដូចនេះមិនទាក់ទងក្នុងកំឡុងនៃសហស្សវត្សនោះទេ ពីព្រោះពួកចាក់ប្រេងតាំងនៅពេលនោះ គឺមិនមែនជាមនុស្សដែលរងទុក្ខការអត់ឃ្លាន ជម្ងឺ ឬជាប់គុកឡើយ។ ពួកចាក់ប្រេងតាំងជាច្រើនបានពិសោធការបៀតបៀនដូចនេះមែន នៅក្នុងកំឡុងវេលាចុងបញ្ចប់នៃរបបលោកីយ៍នេះ។ តាំងពីសាតាំងបានទំលាក់មកលើផែនដីនេះ វាបានចាត់ទុកពួកអ្នកសំណល់ជាអ្វីនៃកំហឹងរបស់វា ដោយនាំឲ្យមានការសើចចំអក ទណ្ឌកម្ម និងសេចក្ដីស្លាប់។—វិវរណៈ ១២:១៧
១០, ១១. (ក) ហេតុអ្វីក៏មិនសមហេតុផលក្នុងការគិតថា ពួកចៀមរួមបញ្ចូលមនុស្សគ្រប់គ្នាដែលធ្វើល្អដល់បងប្អូនរបស់ព្រះយេស៊ូនោះ? (ខ) តើពួកចៀមតំណាងអ្នកណាដោយសមហេតុផល?
១០ តើព្រះយេស៊ូមានបន្ទូលថា មនុស្សណាដែលបានប្រព្រឹត្តដ៏សប្បុរសយ៉ាងតិចតួចដល់ពួកបងប្អូនរបស់ទ្រង់ ដូចជាឲ្យនំប៉័ងមួយចំណិត ឬក៏ទឹកមួយកែវ មានសិទ្ធិនៅក្នុងចំណោមពួកចៀមឬ? ថ្វីបើការធ្វើគុណបែបនេះ ប្រហែលជាការសម្ដែងសេចក្ដីសប្បុរសពីមនុស្សក្ដី ប៉ុន្តែនេះហាក់បីដូចជាទាក់ទងច្រើនទៅទៀតនឹងពួកចៀមក្នុងរឿងប្រៀបប្រដូចនេះ។ ជាឧទាហរណ៍ ព្រះយេស៊ូមិនបានសំដៅទៅពួកមិនជឿព្រះឬបព្វជិត ដែលបានប្រព្រឹត្តការសប្បុរសដល់បងប្អូនមួយរបស់ទ្រង់នោះទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូបានហៅចៀម«ពួកមនុស្សសុចរិត»។ (ម៉ាថាយ ២៥:៣៧, ៤៦) ដូច្នេះពួកចៀមត្រូវតែជាបុគ្គលណាដែលបានមកជួយក្នុងមួយរយៈដោយ—គាំទ្រយ៉ាងសកម្ម—ដល់ពួកបងប្អូនរបស់ព្រះគ្រីស្ទ ហើយបានប្រព្រឹត្តដោយជំនឿ រហូតដល់អាចទទួលឋានៈដ៏សុចរិតនៅពីមុខព្រះ។
១១ ជាច្រើនសតវត្សកន្លងមកនេះ មានមនុស្សជាច្រើន ដូចជាលោកអ័ប្រាហាំ បានមានឋានៈដ៏សុចរិត។ (យ៉ាកុប ២:២១-២៣) លោកណូអេ អ័ប្រាហាំ និងពួកស្មោះត្រង់ឯទៀតគឺរួមបញ្ចូលក្នុងចំណោមពួក«ចៀមឯទៀត» ដែលនឹងទទួលនូវជីវិតក្នុងសួនមនោរម្យនៅក្រោមព្រះរាជាណាចក្ររបស់ព្រះជាមរតក។ ក្នុងពេលថ្មីៗនេះ មនុស្សរាប់លាននាក់បានទទួលយកការថ្វាយបង្គំពិត ជាពួកចៀមឯទៀត ហើយបានក្លាយទៅជា«ហ្វូងមួយ» ជាមួយនឹងពួកអ្នករើសតាំង។ (យ៉ូហាន ១០:១៦; វិវរណៈ ៧:៩) ពួកទាំងនេះមានសេចក្ដីសង្ឃឹមនៅលើផែនដី ទទួលស្គាល់បងប្អូនរបស់ព្រះយេស៊ូ ជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ ហើយដូច្នេះក៏បានជួយពួកគេ—តាមរបៀបពិតៗនិងខាងវិញ្ញាណ។ ព្រះយេស៊ូចាត់ទុកថា អ្វីៗដែលពួកចៀមឯទៀតធ្វើចំពោះបងប្អូនរបស់ទ្រង់នៅលើផែនដី ក៏ដូចជាបានធ្វើទៅលើទ្រង់ដែរ។ បុគ្គលបែបនេះដែលមានជីវិតរស់នៅ នៅពេលដែលទ្រង់មកជំនុំជំរះសាសន៍ទាំងឡាយនោះ នឹងត្រូវជំនុំជំរះជាពួកចៀម។
១២. ហេតុអ្វីក៏ពួកចៀមប្រហែលជាសួរនូវរបៀបណាដែលពួកគេបានប្រព្រឹត្តសេចក្ដីសប្បុរសទៅព្រះយេស៊ូនោះ?
១២ បើសិនជាចៀមឯទៀតកំពុងតែផ្សាយដំណឹងល្អជាមួយនឹងពួករើសតាំង ហើយជួយពួកគេនោះ ហេតុអ្វីក៏គេសួរថា៖ «ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា»? (ម៉ាថាយ ២៥:៣៧) គឺប្រហែលជាមានមូលហេតុផ្សេងៗទៀត។ នេះគឺជារឿងប្រៀបប្រដូច។ តាមរយៈរឿងនេះ ព្រះយេស៊ូបង្ហាញនូវការយកព្រះទ័យទុកដាក់អំពីបងប្អូនខាងវិញ្ញាណរបស់ទ្រង់ ទ្រង់មានអារម្មណ៍ដូចគេ ហើយរងទុក្ខការបៀតបៀនដូចពួកគេដែរ។ នៅពីមុន ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលទទួលអ្នករាល់គ្នា នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ»។ (ម៉ាថាយ ១០:៤០) ក្នុងរឿងប្រៀបប្រដូចនេះ ព្រះយេស៊ូបង្ហាញឲ្យឃើញជាគោលការណ៍ថា អ្វីៗដែលបានធ្វើ (ល្អឬអាក្រក់) ដល់បងប្អូនរបស់ទ្រង់ គឺទៅដល់ស្ថានសួគ៌ដែរ នេះគឺហាក់បីដូចជាធ្វើដល់ទ្រង់នៅលើស្ថានសួគ៌អញ្ចឹង។ ម្យ៉ាងវិញទៀតនៅទីនេះ ព្រះយេស៊ូបង្ហាញអំពីបមាណីយរបស់ព្រះយេហូវ៉ាចំពោះការជំនុំជំរះ ដោយបញ្ជាក់យ៉ាងច្បាស់ថា ការជំនុំជំរះរបស់ព្រះ ទោះបីជាបានព្រះគុណឬជាប់ទោសក្ដី គឺជាការជំនុំជំរះដ៏ត្រឹមត្រូវហើយមានយុត្ដិធម៌។ ពួកពពែមិនអាចដោះសារថា ‹អូ៎! ដ្បិតយើងពុំបានឃើញទ្រង់ផ្ទាល់ភ្នែកផង›។
១៣. ហេតុអ្វីក៏ពួកដែលមានលក្ខណៈដូចពពែហៅព្រះយេស៊ូជា«ព្រះអម្ចាស់»?
១៣ ក្រោយពីយើងបានយល់ នៅពេលណាដែលការជំនុំជំរះដែលបានបង្ហាញនៅក្នុងរឿងប្រៀបប្រដូចនេះបានផ្ដើមនោះ យើងក៏អាចមើលឃើញច្បាស់អំពីអ្នកណាជាពួកពពែដែរ។ ការសម្រេចគឺនៅ«ក្រោយសេចក្ដីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដី នឹង គក់ទ្រង់យំ ក៏នឹងឃើញកូនមនុស្ស . . . មានទាំងព្រះចេស្ដា នឹងសិរីល្អជាខ្លាំង»។ (ម៉ាថាយ ២៤:២៩, ៣០) ពួកអ្នករួចរស់ជីវិតពីសេចក្ដីវេទនានៅខាងបាប៊ីឡូនដ៏ធំ ដែលបានប្រព្រឹត្តនឹងបងប្អូនរបស់ស្តេចយ៉ាងស្អប់ខ្ពើមនោះ ប្រហែលជាឥឡូវនេះនិយាយទៅចៅក្រមជា«ព្រះអម្ចាស់» ដោយសង្ឃឹមថានេះនឹងសង្គ្រោះជីវិតរបស់គេ។—ម៉ាថាយ ៧:២២, ២៣; ប្រៀបធៀប វិវរណៈ ៦:១៥-១៧
១៤. តើព្រះយេស៊ូនឹងជំនុំជំរះពួកចៀមនឹងពពែទៅលើមូលដ្ឋានអ្វី?
១៤ ប៉ុន្តែ ការជំនុំជំរះរបស់ព្រះយេស៊ូគឺនឹងមិនមានមូលដ្ឋានលើការខំអះអាងពីពួកអ្នកដែលធ្លាប់ទៅព្រះវិហារ ពួកមិនជឿថាមានព្រះ ឬពីពួកអ្នកដទៃនោះទេ។ (ថែស្សាឡូនីចទី២ ១:៨) ផ្ទុយទៅវិញ ចៅក្រមនឹងពិនិត្យសាឡើងវិញនូវស្ថានភាពនៃចិត្ត ហើយនិងការប្រព្រឹត្តពីអតីតកាលរបស់មនុស្ស សូម្បីតែទៅដល់«បងប្អូនដ៏តូចបំផុត[របស់ទ្រង់]»។ យ៉ាងពិតហើយ ចំនួននៃពួកជនគ្រីស្ទានដែលនៅសល់លើផែនដី គឺកាន់តែតិចឡើងៗ។ ប៉ុន្តែ ឲ្យតែពួករើសតាំង ដែលជា«អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ» បន្តផ្ដល់នូវម្ហូបអាហារនិងការណែនាំនោះ ពួកមនុស្សដែលអាចទៅជាចៀម នឹងមានឱកាសធ្វើល្អដល់ក្រុមអ្នកបំរើ ដូចជា‹ពួកហ្វូងធំមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ›បានធ្វើ។—វិវរណៈ ៧:៩, ១៤
១៥. (ក) តើមនុស្សជាច្រើនបានបង្ហាញខ្លួនគេជាពួកពពែយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីក៏យើងត្រូវតែចៀសវាងក្នុងការនិយាយ ថាតើអ្នកណានឹងត្រូវទៅជាចៀមឬពពែនោះ?
១៥ តើបងប្អូនរបស់ព្រះគ្រីស្ទនិងពួកមនុស្សរាប់លាននៃចៀមឯទៀតដែលនៅជាមួយជាហ្វូងតែមួយ ត្រូវបានគេប្រព្រឹត្តមកលើយ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមិនប្រយុទ្ធដល់អ្នកតំណាងរបស់ព្រះគ្រីស្ទដោយផ្ទាល់ខ្លួននោះទេ ប៉ុន្តែពួកគេក៏មិនបានប្រព្រឹត្តមកលើប្រជារាស្ត្ររបស់ទ្រង់ដោយសេចក្ដីស្រឡាញ់ដែរ។ ដោយចូលចិត្តនឹងលោកីយ៍ដ៏អាក្រក់ ពួកមនុស្សដែលមានប្រភេទដូចពពែបដិសេធសារព្រះរាជាណាចក្រ ដោយផ្ទាល់ខ្លួនឬមិនផ្ទាល់ខ្លួនក្ដី។ (យ៉ូហានទី១ ២:១៥-១៧) ពិតហើយ នៅទីផ្ដាច់ព្រ័ត្រ ព្រះយេស៊ូជាបុគ្គលដែលបានតែងតាំងមកដើម្បីនឹងជំនុំជំរះ។ នេះមិនមែនសំរាប់ឲ្យយើងសម្រេចថា អ្នកណាជាពួកចៀមនិងពួកពពែឡើយ។—ម៉ាកុស ២:៨; លូកា ៥:២២; យ៉ូហាន ២:២៤, ២៥; រ៉ូម ១៤:១០-១២; កូរិនថូសទី១ ៤:៥
តើក្រុមនិមួយៗមានអនាគតយ៉ាងណា?
១៦, ១៧. តើពួកចៀមនឹងមានអនាគតយ៉ាងណា?
១៦ ព្រះយេស៊ូបានជំនុំជំរះពួកចៀមឯទៀតថា៖ «ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក»។ នេះជាការអញ្ជើញដ៏កក់ក្ដៅមែន—«ចូរមក»! ដើម្បីទៅណា? គឺទៅឯជីវិតអស់កល្បជានិច្ច ដូចបានសម្ដែងមកជាបន្ថែមថា៖ «ពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ច»។—ម៉ាថាយ ២៥:៣៤, ៤៦
១៧ នៅក្នុងរឿងប្រៀបប្រដូចនៃប្រាក់ថាល្លិន ព្រះយេស៊ូបានបង្ហាញនូវការតម្រូវពីពួកអ្នកដែលនឹងសោយរាជ្យជាមួយទ្រង់នៅលើស្ថានសួគ៌ ប៉ុន្តែនៅក្នុងរឿងប្រៀបប្រដូចនេះ ទ្រង់បានបង្ហាញនូវអ្វីដែលត្រូវការពីអនុរាស្ត្រនៃព្រះរាជាណាចក្រនោះ។ (ម៉ាថាយ ២៥:១៤-២៣) យ៉ាងចំៗ ដោយសារតែពួកចៀមឯទៀតគាំទ្រដល់បងប្អូនរបស់ព្រះយេស៊ូ ពួកគេមានកន្លែងជាមរតកនៅលើផែនដីនៃព្រះរាជាណាចក្ររបស់ទ្រង់។ ពួកគេនឹងទទួលជីវិតនៅលើផែនដីមនោរម្យ—ជាអ្វីដែលព្រះបានរៀបចំមកសំរាប់ពួកគេ«តាំងពីកំណើតលោកីយរៀងមក»។—លូកា ១១:៥០, ៥១
១៨, ១៩. (ក) តើព្រះយេស៊ូនឹងជំនុំជំរះយ៉ាងណាទៅលើពួកពពែ? (ខ) តើយើងអាចដឹងពិតប្រាកដយ៉ាងណា ថាពួកពពែនឹងជួបប្រទះការរងទុក្ខជាអនន្តនោះ?
១៨ នេះជាការជំនុំជំរះដ៏ផ្ទុយស្រឡះទៅលើពួកពពែមែន! «រួចទ្រង់នឹងមានបន្ទូលទៅពួកខាងឆ្វេងទៀតថា ‹ពួកអ្នករាល់គ្នាដែលត្រូវបណ្ដាសាអើយ ចូរថយពីអញចេញទៅ ក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសំរាប់អារក្ស ហើយនឹងពួកទេវតារបស់វាវិញ ពីព្រោះអញបានឃ្លាន តែឯងរាល់គ្នាមិនបានឲ្យបរិភោគទេ អញបានស្រេក តែឯងរាល់គ្នាមិនបានឲ្យផឹកទេ អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបានមកសួរសោះ›។ រួចគេនឹងទូលសួរទ្រង់ថា ‹ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ឃ្លាន ឬស្រេក ឬជាអ្នកដទៃ ឬនៅអាក្រាត ឬឈឺ ឬជាប់គុក ហើយមិនបានទៅជួយទ្រង់នោះពីកាលណា›? នោះទ្រង់នឹងមានបន្ទូលតបថា ‹អញប្រាប់ឯងរាល់គ្នាជាប្រាកដថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញដែរ› »។—ម៉ាថាយ ២៥:៤១-៤៥
១៩ ពួកសិស្សព្រះគម្ពីរយល់ដឹងថានេះគឺមិនមានន័យថា ព្រលឹងអមតៈនៃពួកមនុស្សមានភេទដូចពពែ នឹងរងទុក្ខនៅក្នុងភ្លើងជាអនន្តឡើយ។ ពីព្រោះមនុស្សជាព្រលឹង គឺមិនមែនមានព្រលឹងអមតៈនោះទេ។ (លោកុប្បត្តិ ២:៧; សាស្ដា ៩:៥, ១០; អេសេគាល ១៨:៤) ដោយកាត់ទោសពួកពពែទៅ«ភ្លើងអស់កល្បជានិច្ច» ចៅក្រមនឹងបំផ្លាញមិនឲ្យមានសេចក្ដីសង្ឃឹមនៅអនាគត ដែលនឹងទៅជាទីបញ្ចប់នៃអារក្សនិងពួកបិសាចរបស់វាដែរ។ (វិវរណៈ ២០:១០, ១៤) ដូច្នេះហើយ ចៅក្រមរបស់ព្រះយេហូវ៉ាបានរៀបចំការជំនុំជំរះខុសពីគ្នា។ ទ្រង់មានបន្ទូលប្រាប់ពួកចៀមថា៖ «ចូរមក» តែពួកពពែវិញ ‹ចូរចេញពីអញទៅ›។ ពួកចៀមនឹងទទួល«ជីវិតដ៏នៅអស់កល្បជានិច្ច»។ ពួកពពែនឹងទទួល«ទោសអស់កល្បជានិច្ច»។—ម៉ាថាយ ២៥:៤៦b
តើនេះមានន័យយ៉ាងណាចំពោះយើង?
២០, ២១. (ក) តើពួកជនគ្រីស្ទានមានកិច្ចការដ៏សំខាន់អ្វីដើម្បីនឹងធ្វើនោះ? (ខ) តើការបែងចែកអ្វីដែលកំពុងតែកើតឡើង? (គ) តើស្ថានការណ៍របស់មនុស្សនឹងទៅជាយ៉ាងណា នៅពេលដែលរឿងប្រៀបប្រដូចនៃចៀមនិងពពែចាប់ផ្ដើមសម្រេចនោះ?
២០ ពួកសាវ័កបួននាក់ដែលបានឮការតបឆ្លើយរបស់ព្រះយេស៊ូអំពីសញ្ញានៃវត្តមានរបស់ទ្រង់ និងវេលាចុងបញ្ចប់នៃរបបសម័យនេះ គឺមានអ្វីៗជាច្រើនដើម្បីនឹងពិចារណា។ ពួកគេត្រូវតែរក្សាការភ្ញាក់រឭក ហើយចាំយាមមើល។ (ម៉ាថាយ ២៤:៤២) ពួកគេត្រូវតែធ្វើកិច្ចការផ្សាយដែលបានរៀបរាប់មកនៅម៉ាកុស ១៣:១០ដែរ។ ស្មរបន្ទាល់ព្រះយេហូវ៉ាគឺកំពុងតែមានការជាប់ផ្សាយកិច្ចការនេះយ៉ាងស្វាហាប់នៅក្នុងសព្វថ្ងៃនេះ។
២១ ប៉ុន្តែ តើការយល់ថ្មីៗនេះនៃរឿងប្រៀបប្រដូចនៃចៀមនិងពពែមានន័យយ៉ាងណាចំពោះយើង? ប្រជាជនគឺកំពុងតែសម្រេចចិត្តនឹងទៅខាងណាមួយទៅហើយ។ ពួកខ្លះគឺនៅតាម‹ផ្លូវធំទូលាយដែលនាំទៅសេចក្ដីហិនវិនាស› តែពួកអ្នកដទៃទៀតខំព្យាយាមនៅតាម‹ផ្លូវចង្អៀតដែលនាំទៅឯជីវិត›។ (ម៉ាថាយ ៧:១៣, ១៤) ប៉ុន្តែ ពេលវេលាដែលព្រះយេស៊ូនឹងជំនុំជំរះនៅចុងបញ្ចប់ទៅលើចៀមនិងពពែ ដែលបានរៀបរាប់មកនៅក្នុងរឿងប្រៀបប្រដូចគឺនៅខាងមុខនៅឡើយ។ នៅពេលដែលកូនមនុស្សយាងមក ដែលមានមុខនាទីជាចៅក្រម ទ្រង់នឹងសម្រេចថា ពួកជនគ្រីស្ទានជាច្រើន—គឺ«ពួកហ្វូងធំ»នៃពួកចៀមដែលបានថ្វាយខ្លួននោះ—នឹងមានសមត្ថភាពឆ្លងផុតពីផ្នែកចុងក្រោយនៃ«សេចក្ដីវេទនាជាខ្លាំង»ចូលទៅក្នុងពិភពលោកថ្មី។ ការមានសង្ឃឹមនោះត្រូវតែជាប្រភពនៃអំណររបស់យើងនៅសព្វថ្ងៃនេះ។ (វិវរណៈ ៧:៩, ១៤) ម្យ៉ាងវិញទៀត មនុស្សមួយចំនួនធំនៃ«គ្រប់ទាំងសាសន៍»នឹងបានសម្ដែងខ្លួនគេជាពពែដ៏ចចេស។ ពួកគេនឹង«មានទោសអស់កល្បជានិច្ច»។ នេះជាការគួរឲ្យសម្រាលទុក្ខសំរាប់ផែនដីមែន!
២២, ២៣. ដោយសារការសម្រេចនៃរឿងប្រៀបប្រដូចគឺនៅនាអនាគតនោះ ហេតុអ្វីក៏ការផ្សាយរបស់យើងជាការសំខាន់ម្ល៉េះចំពោះយើង?
២២ ថ្វីបើការជំនុំជំរះដូចជាបានរៀបរាប់មកនៅក្នុងរឿងប្រៀបប្រដូចនៅនាអនាគតក្ដី សូម្បីតែឥឡូវនេះក៏មានអ្វីដ៏សំខាន់កំពុងតែកើតឡើងដែរ។ យើងជាជនគ្រីស្ទានបានចូលរួមក្នុងកិច្ចការសង្គ្រោះនៃការប្រកាសសារ ដែលបណ្ដាលឲ្យមានការបែងចែកក្នុងចំណោមមនុស្ស។ (ម៉ាថាយ ១០:៣២-៣៩) ប៉ុលបានសរសេរថា៖ «ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ ដូច្នេះ បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ ព្រះបាន ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ»? (រ៉ូម ១០:១៣, ១៤) កិច្ចផ្សាយសាធារណៈរបស់យើងគឺបានទៅដល់មនុស្សជាង២៣០ប្រទេស ដែលប្រាប់អំពីព្រះនាមរបស់ព្រះនិងសារនៃសេចក្ដីសង្គ្រោះរបស់ទ្រង់។ បងប្អូនចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទគឺនៅតែជាអ្នកនាំមុខក្នុងកិច្ចការនេះ។ ប្រមាណប្រាំលាននាក់នៃពួកចៀមឯទៀតក៏បានចូលរួមជាមួយពួកគេដែរ។ ហើយមនុស្សនៅជុំវិញផែនដី ក៏កំពុងតែតបឆ្លើយនឹងសារដែលបានប្រកាសដោយបងប្អូនរបស់ព្រះគ្រីស្ទដែរ។
២៣ មនុស្សជាច្រើនបានឮសាររបស់យើង កាលដែលយើងផ្សាយពីផ្ទះមួយទៅផ្ទះមួយឬក្រៅផ្លូវការ។ អ្នកឯទៀតក៏រៀនដឹងអំពីស្មរបន្ទាល់ព្រះយេហូវ៉ា ហើយថាតើយើងតំណាងអ្វី តាមរបៀបដែលយើងមិនបានដឹងផង។ នៅពេលវេលាជំនុំជំរះមក តើដល់កំរិតណាទៅដែលព្រះយេស៊ូនឹងពិចារណានៃការទទួលខុសត្រូវនៃសហគមន៍និងគ្រួសារនោះ? យើងមិនអាចមានប្រសាសន៍បានទេ ហើយការស្មានក៏ជាការដ៏ឥតប្រយោជន៍ដែរ។ (ប្រៀបធៀប កូរិនថូសទី១ ៧:១៤) មនុស្សជាច្រើន នៅឥឡូវនេះមិនអើពើដោយចេតនា សើចចំអក ឬចូលដៃក្នុងការធ្វើទណ្ឌកម្មដល់ប្រជារាស្ត្ររបស់ព្រះ។ ដូច្នេះ នេះជាពេលវេលាដ៏សំខាន់ណាស់ ពីព្រោះពួកបុគ្គលបែបនេះប្រហែលជាបណ្ដុះទៅជាពួកបុគ្គល ដែលព្រះយេស៊ូនឹងជំនុំជំរះចាត់ទុកជាពួកពពែ។—ម៉ាថាយ ១០:២២; យ៉ូហាន ១៥:២០; ១៦:២, ៣; រ៉ូម ២:៥, ៦
២៤. (ក) ហេតុអ្វីក៏ជាការសំខាន់ចំពោះមនុស្សក្នុងការតបឆ្លើយឲ្យបានត្រឹមត្រូវទៅលើការផ្សាយរបស់យើង? (ខ) តើការសិក្សានេះបានជួយអ្នកឲ្យមានអាកប្បកិរិយាយ៉ាងណា ចំពោះកិច្ចការផ្សាយរបស់អ្នកនោះ?
២៤ ប៉ុន្តែ យ៉ាងសប្បាយណាស់ មនុស្សជាច្រើនតបឆ្លើយយ៉ាងត្រឹមត្រូវ ដោយសិក្សាបន្ទូលរបស់ព្រះ ហើយបានក្លាយទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ពួកខ្លះដែលនៅឥឡូវនេះហាក់បីដូចជាពួកពពែក្ដី ក៏អាចផ្លាស់ប្ដូរចិត្តគំនិតហើយអាចក្លាយទៅជាពួកចៀមដែរ។ ចំណុចដ៏សំខាន់នោះគឺថា ពួកអ្នកដែលតបឆ្លើយហើយជ្រោមជ្រែងពួកអ្នកសំណល់នៃបងប្អូនរបស់ព្រះគ្រីស្ទ ហើយឥឡូវនេះ គឺថាគេកំពុងតែផ្ដល់នូវទីសំអាងពីមូលហេតុដែលពួកគេនឹងត្រូវបានដាក់នៅខាងស្ដាំដៃរបស់ព្រះយេស៊ូ នៅពេលដែលទ្រង់គង់លើបល្ល័ង្កដើម្បីនឹងជំនុំជំរះនៅនាអនាគត។ ពួកទាំងនេះនឹងទទួលប្រសិទ្ធិពរជានិច្ច។ ដូច្នេះ រឿងប្រៀបប្រដូចនេះគួរតែជំរុញយើងឲ្យមានចិត្តខ្នះខ្នែងក្នុងកិច្ចការបំរើគ្រីស្ទាន។ យើងចង់ធ្វើឲ្យអស់ពីសមត្ថភាពដើម្បីនឹងប្រកាសដំណឹងល្អនៃព្រះរាជាណាចក្រ មុននឹងខកពេល ដោយធ្វើតាមវិធីនេះ អ្នកដទៃនឹងមានឱកាសដើម្បីនឹងតបឆ្លើយ។ រួចមក គឺស្រេចទៅលើព្រះយេស៊ូទេ ក្នុងការជំនុំជំរះផ្ដន្ទាទោសឬមានព្រះគុណ។—ម៉ាថាយ ២៥:៤៦
[កំណត់សម្គាល់]
a សូមមើលទស្សនាវដ្ដីប៉មយាមនៃខែកុម្ភៈ ថ្ងៃទី១៥ ១៩៩៤ ទំព័រ ១៦-២១
b អែល អ៊ីវែនចីឡូ ឌឺ ម៉ាថេអូបានកត់សម្គាល់ថា៖ «ជីវិតជាអនន្តគឺជាជីវិតច្បាស់លាស់ គឺផ្ទុយនឹងការដាក់ទណ្ឌកម្មជាស្ថាពរ។ គុណនាមនៃភាសាក្រិក aionios មិនគ្រាន់តែមានន័យរយៈពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគឺអំពីគុណសម្បត្ដិដែរ។ ការដាក់ទណ្ឌកម្មជាស្ថាពរ គឺជាសេចក្ដីស្លាប់ជានិរន្តរ៍»។—និវត្តសាស្ដ្រាចារ្យឈ្មោះ ឃ្វាន ម៉ាថេអូស (វិជ្ជាស្ថានខាងសៀវភៅព្រះគម្ពីរ ប្រទេសរ៉ូម) និងសាស្ដ្រាចារ្យ ហ្វឺននេនដូ ខាម៉ាចឆូ (ស៊ីវិលមណ្ឌលខាងសាសនវិទ្យា) ទីក្រុងម៉ាទ្រិឌ នៃប្រទេសអេស្ប៉ាញុល ១៩៨១
តើអ្នកនៅចាំទេ?
◻ តើមានការស្របគ្នាយ៉ាងណារវាងម៉ាថាយ ២៤:២៩-៣១ និងម៉ាថាយ ២៥:៣១-៣៣ ដែលបង្ហាញថារឿងប្រៀបប្រដូចនៃចៀមនិងពពែមានទាក់ទងនៅអនាគត ហើយតើនៅពេលណាទៅ?
◻ តើពួកណាជា«តូចជាងគេ»នៃបងប្អូនរបស់ព្រះយេស៊ូ?
◻ តើតាមរបៀបណាដែលព្រះយេស៊ូប្រើពាក្យ«ពួកមនុស្សសុចរិត» បានជួយយើងឲ្យសម្គាល់ថាតើពួកនេះបានតំណាង ហើយអ្នកណាដែលគេមិនតំណាងនោះ?
◻ ថ្វីបើរឿងប្រៀបប្រដូចនឹងត្រូវសម្រេចក្នុងអនាគតក្ដី ហេតុអ្វីក៏ការផ្សាយរបស់យើងជាការសំខាន់នៅឥឡូវនេះ ព្រមទាំងជាការបន្ទាន់ផងនោះ?
[ប្រអប់⁄រូបភាពនៅទំព័រ២៨]
ចូរកត់សម្គាល់នូវការស្របនឹងគ្នា
ម៉ាថាយ ២៤:២៩-៣១ ម៉ាថាយ ២៥:៣១-៣៣
ក្រោយពីសេចក្ដីវេទនាជាខ្លាំងបានចាប់ផ្ដើម កូនមនុស្សមក
កូនមនុស្សនឹងមក
យាងមកដោយសិរីល្អជាខ្លាំង យាងមកក្នុងសិរីល្អនិងគង់លើបល្ល័ង្ក
រុងរឿងឧត្តម
ពួកទេវតាមាននៅជាមួយទ្រង់ ពួកទេវតាមកជាមួយទ្រង់
គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងឃើញទ្រង់ គ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា
ពួកពពែបានជំនុំជំរះនៅទីបំផុត
(សេចក្ដីវេទនាជាខ្លាំងនឹងបានចប់)
[អ្នកផ្ដល់សិទ្ធិ]
Garo Nalbandian
-