បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • «ផលដែលបង្កើតដោយសកម្មពល»លើកតម្កើងព្រះ
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មេសា
    • ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​»​លើក​តម្កើង​ព្រះ

      ​«​បិតា​របស់​ខ្ញុំ​ទទួល​ការ​លើក​តម្កើង​ដោយ​ការ​នេះ​ឯង ពោល​គឺ អ្នក​រាល់​គ្នា​មាន​ផល​ផ្លែ​ជា​ច្រើន​ជា​និច្ច​»។—យ៉ូន. ១៥:៨

      ១, ២​. (​ក​) តើ​យើង​មាន​ឱកាស​អ្វី​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​រួម​ជំនឿ? (​ខ​) តើ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​អំណោយ​អ្វី​ដែល​ជួយ​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការ​បម្រើ​លោក?

      សូម​ពិចារណា​នូវ​កាលៈទេសៈ​ពីរ​យ៉ាង​ដូច​ត​ទៅ​នេះ។ នៅ​ឯ​សាល​ប្រជុំ បង​ស្រី​គ្រិស្ត​សាសនិក​ម្នាក់​សង្កេត​ឃើញ​ថា​ប្អូន​ស្រី​ម្នាក់​ខ្វល់ខ្វាយ​អំពី​អ្វី​មួយ។ គាត់​បាន​ណាត់​ប្អូន​ស្រី​នោះ​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ ក្នុង​ពេល​ដែល​ពួក​គេ​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត ពួក​គេ​បាន​និយាយ​ជា​មួយ​គ្នា ហើយ​ប្អូន​ស្រី​នោះ​ចាប់​ផ្ដើម​ប្រាប់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ខ្វល់ខ្វាយ។ ក្រោយ​មក ពេល​ដែល​នាង​អធិដ្ឋាន​នៅ​ថ្ងៃ​នោះ នាង​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​បង​ស្រី​ដែល​មាន​ភាព​ចាស់​ទុំ​នោះ ពីព្រោះ​នេះ​ជា​អ្វី​ដែល​នាង​ពិត​ជា​ត្រូវ​ការ។ នៅ​កន្លែង​មួយ​ទៀត ប្ដី​ប្រពន្ធ​មួយ​គូ​ទើប​តែ​ត្រឡប់​មក​ពី​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ផ្សេង។ ពេល​ពួក​គាត់​ញ៉ាំ​បាយ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​មួយ​ចំនួន ពួក​គាត់​និយាយ​ដោយ​រំភើប​ចិត្ត​អំពី​បទ​ពិសោធន៍​នានា​ប្រាប់​បង​ប្អូន​ទាំង​នោះ។ នៅ​ពេល​នោះ​មាន​ប្អូន​ប្រុស​ម្នាក់​បាន​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​ប្អូន​ប្រុស​នេះ​កំពុង​រៀប​ចំ​ចាក​ចេញ​ទៅ​ប្រទេស​ផ្សេង​ដើម្បី​ធ្វើ​ជា​សាសនទូត នោះ​គាត់​បាន​គិត​អំពី​គូ​ប្ដី​ប្រពន្ធ​នេះ​និង​អំពី​ការ​សន្ទនា​របស់​ពួក​គេ​ដែល​បាន​បណ្ដាល​ចិត្ត​គាត់​ឲ្យ​ចង់​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ផ្សេង។

      ២ ប្រហែលជា​កាលៈទេសៈ​ទាំង​នេះ​រំលឹក​អ្នក​អំពី​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​ដែល​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ជីវិត​អ្នក។ ពិត​មែន បើ​យើង​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​បាន​តែ​មួយ​ដង នោះ​កម្រ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​នោះ​ផ្លាស់​ប្ដូរ​ណាស់។ ប៉ុន្តែ ជា​រៀង​រាល់​ថ្ងៃ យើង​នៅ​តែ​មាន​ឱកាស​ដើម្បី​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​របស់​អ្នក​ឯ​ទៀត។ សូម​ស្រមៃ​គិត​ថា​មាន​អ្វី​មួយ​ដែល​អាច​បង្កើន​សមត្ថភាព​និង​គុណ​សម្បត្ដិ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ជួយ​ច្រើន​ថែម​ទៀត​ដល់​បង​ប្អូន​រួម​ជំនឿ ហើយ​ដើម្បី​ឲ្យ​ព្រះ​អាច​ប្រើ​អ្នក​យ៉ាង​ពេញ​លេញ​បាន។ បើ​មាន​អ្វី​មួយ​បែប​នោះ​ពិត​ជា​ល្អ​មែន មែន​ទេ? តាម​ការ​ពិត ព្រះ​យេហូវ៉ា​ឲ្យ​អំណោយ​បែប​នោះ​មក​យើង​មែន ពោល​គឺ​សកម្មពល​បរិសុទ្ធ​របស់​លោក។ (​លូក. ១១:​១៣​) កាល​ដែល​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​យើង នោះ​នឹង​បង្កើត​ឲ្យ​មាន​គុណ​សម្បត្ដិ​ដ៏​ថ្លៃ​ថ្លា ដែល​នាំ​ឲ្យ​គ្រប់​ផ្នែក​នៃ​កិច្ច​បម្រើ​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង។ នេះ​ពិត​ជា​អំណោយ​ដ៏​អស្ចារ្យ​មែន!—សូម​អាន កាឡាទី ៥:២២, ២៣

      ៣​. (​ក​) តើ​ការ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​នៃ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​»​លើក​តម្កើង​ព្រះ​យ៉ាង​ដូច​ម្ដេច? (​ខ​)​ តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

      ៣ គុណ​សម្បត្ដិ​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​គឺ​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​សកម្មពល​នោះ។ (​កូឡ. ៣:៩, ១០​) លោក​យេស៊ូ​បញ្ជាក់​អំពី​មូលហេតុ​សំខាន់​បំផុត​ដែល​គ្រិស្ត​សាសនិក​ត្រូវ​ព្យាយាម​យក​តម្រាប់​តាម​ព្រះ ពេល​លោក​ប្រាប់​ពួក​សាវ័ក​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ទទួល​ការ​លើក​តម្កើង​ដោយ​ការ​នេះ​ឯង ពោល​គឺ អ្នក​រាល់​គ្នា​មាន​ផល​ផ្លែ​ជា​ច្រើន​ជា​និច្ច​»។a (​យ៉ូន. ១៥:​៨​) ពេល​ដែល​យើង​បណ្ដុះ​ឲ្យ​មាន​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​»​ នោះ​យើង​ឃើញ​លទ្ធផល​យ៉ាង​ជាក់​ស្តែង​ក្នុង​របៀប​ដែល​យើង​ប្រព្រឹត្ត​និង​និយាយ ហើយ​នេះ​នាំ​ឲ្យ​គេ​សរសើរ​ព្រះ។ (​ម៉ាថ. ៥:​១៦​) តើ​គុណ​សម្បត្ដិ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​ខុស​គ្នា​យ៉ាង​ណា​ពី​ចរិត​លក្ខណៈ​របស់​មនុស្ស​ក្នុង​ពិភព​លោក​សាថាន? តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​នៃ​ផល​ដែល​បាន​បង្កើត​ដោយ​សកម្មពល​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​យើង​ប្រហែលជា​ពិបាក​ធ្វើ​ដូច្នេះ? យើង​នឹង​ពិចារណា​សំណួរ​ទាំង​នេះ​កាល​ដែល​យើង​ពិភាក្សា​អំពី​គុណ​សម្បត្ដិ​បី​ដំបូង​នៃ​ផល​ដែល​បាន​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ ពោល​គឺ​សេចក្ដី​ស្រឡាញ់ អំណរ និង​សេចក្ដី​សុខសាន្ត។

      សេចក្ដី​ស្រឡាញ់​ដែល​ឆ្លុះ​បញ្ចាំង ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

      ៤​. តើ​លោក​យេស៊ូ​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​ណា?

      ៤ សេចក្ដី​ស្រឡាញ់​ដែល​បាន​ត្រូវ​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​សេចក្ដី​ស្រឡាញ់​ដែល​មាន​ជា​ទូទៅ​ក្នុង​ពិភព​លោក​នេះ។ ហេតុ​អ្វី? ពីព្រោះ​សេចក្ដី​ស្រឡាញ់​នេះ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។ លោក​យេស៊ូ​បាន​ដៅ​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​នេះ​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​លើ​ភ្នំ។ (​សូម​អាន ម៉ាថាយ ៥:៤៣​-​៤៨​) ធម្មតា​មនុស្ស​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដូច​គេ​ប្រព្រឹត្ត​ទៅ​លើ​ខ្លួន ហើយ​លោក​យេស៊ូ​បាន​កត់​សម្គាល់​ឃើញ​ថា សូម្បី​តែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ក៏​ធ្វើ​ដូច្នេះ​ដែរ។ ប៉ុន្តែ ​«​សេចក្ដី​ស្រឡាញ់​»​បែប​នេះ​មិន​មែន​ជា​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ពិត​នោះ​ទេ នេះ​គ្រាន់តែ​ជា​ការ​ហុត​ទឹក​សម្លឹង​កាក​តែ​ប៉ុណ្ណោះ។ ប្រសិនបើ​យើង​ចង់​‹បង្ហាញ​ថា​យើង​ជា​កូន​នៃ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌› នោះ​យើង​មិន​ត្រូវ​ធ្វើ​ដូច្នេះ​ទេ។ ជា​ជាង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដូច​គេ​ប្រព្រឹត្ត​មក​លើ​យើង នោះ​យើង​ត្រូវ​មាន​ទស្សនៈ​និង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដូច​របៀប​ដែល​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​និង​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​វិញ។ ប៉ុន្តែ ដូច​អ្វី​ដែល​លោក​យេស៊ូ​បង្គាប់​យើង តើ​យើង​អាច​ស្រឡាញ់​សត្រូវ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

      ៥​. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​អ្នក​ដែល​បៀតបៀន​យើង​យ៉ាង​ដូច​ម្ដេច?

      ៥ សូម​ពិចារណា​អំពី​គំរូ​មួយ​ក្នុង​គម្ពីរ។ ក្នុង​អំឡុង​ពេល​ដែល​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ភីលីព ប៉ូល​និង​ស៊ីឡាស​បាន​ត្រូវ​គេ​ចាប់​ខ្លួន គេ​វាយ​ធ្វើ​បាប​ពួក​គាត់​យ៉ាង​សាហាវ បោះ​ពួក​គាត់​ចូល​ក្នុង​គុក​ងងឹត ហើយ​ដាក់​ខ្នោះ​ជើង។ ក្នុង​អំឡុង​ពេល​នោះ​អ្នក​យាម​គុក​ក៏​ប្រហែលជា​ធ្វើ​បាប​ពួក​គាត់​ដែរ។ នៅ​ពេល​ដែល​មាន​រញ្ជួយ​ដី​ដែល​បើក​ឱកាស​ឲ្យ​ពួក​គាត់​អាច​រត់​ចេញ​ពី​គុក​បាន តើ​ពួក​គាត់​រីករាយ​ដោយ​សារ​ពួក​គាត់​អាច​សង​សឹក​អ្នក​យាម​គុក​នោះ​ឬ​ទេ? មិន​មែន​ទេ។ ពួក​គាត់​មាន​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន ដោយ​ពួក​គាត់​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​របស់​អ្នក​យាម​គុក​នោះ។ នេះ​ជំរុញ​ពួក​គាត់​ឲ្យ​ចាត់​វិធាន​ការណ៍​ភ្លាម​ៗ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​យាម​គុក​នោះ ហើយ​បើក​ឱកាស​ឲ្យ​គាត់​និង​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​ក្លាយ​ទៅ​ជា​អ្នក​ជឿ​ព្រះ។ (​សកម្ម. ១៦:​១៩​-​៣៤​) ស្រដៀង​គ្នា​ដែរ នៅ​បច្ចុប្បន្ន​នេះ​បង​ប្អូន​ជា​ច្រើន​ក៏​បាន​«​ឲ្យ​ពរ​អ្នក​ដែល​បៀតបៀន​»​ពួក​គាត់​ដែរ។—រ៉ូម ១២:១៤

      ៦​. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ចំពោះ​បង​ប្អូន​រួម​ជំនឿ​តាម​វិធី​ណា? (​សូម​មើល​ប្រអប់​នៅ​ទំព័រ​២២​)

      ៦ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​បង​ប្អូន​រួម​ជំនឿ នោះ​ជ្រាល​ជ្រៅ​ជាង។ គម្ពីរ​ចែង​ថា​៖ ​«​យើង​ក៏​មាន​កាតព្វកិច្ច​លះ​បង់​ជីវិត​ដើម្បី​បង​ប្អូន​យើង​ដែរ​»។ (​សូម​អាន យ៉ូហានទី១ ៣:១៦​-​១៨​) ប៉ុន្តែ ជា​ញឹក​ញយ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​វិធី​ឯ​ទៀត​ដែរ។ ជា​ឧទាហរណ៍ ប្រសិនបើ​យើង​និយាយ​អ្វី​ឬ​ប្រព្រឹត្ត​អ្វី​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ទើស​ចិត្ត នោះ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ទៅ​រក​ជា​នឹង​បង​ប្អូន​នោះ​មុន។ (​ម៉ាថ. ៥:២៣, ២៤​) ចុះ​យ៉ាង​ណា​បើ​មាន​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត​វិញ? តើ​យើង​«​បំ​រុង​តែ​នឹង​អត់​ទោស​»​ ឬ​ក៏​ជួនកាល​យើង​បែរ​ជា​មាន​ចិត្ត​ចង​គំនុំ​វិញ? (​ទំនុក. ៨៦:៥​) សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​គ្រប​បាំង​នូវ​កំហុស​តូច​តាច ហើយ​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ដូច​‹ព្រះ​យេហូវ៉ា​បាន​អភ័យទោស​ឲ្យ​យើង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ›​ដែរ។—កូឡ. ៣:១៣, ១៤; ១ពេ. ៤:៨

      ៧, ៨​. (​ក​) តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ទាក់​ទង​គ្នា​យ៉ាង​ណា? (​ខ​)​ តើ​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូបភាព​នៅ​ទំព័រ​២០​)

      ៧ តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ចំពោះ​បង​ប្អូន​រួម​ជំនឿ​តាម​វិធី​ណា? គឺ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ។ (​អេភ. ៥:១, ២; ១យ៉ូន. ៤:៩​-​១១, ២០, ២១​) ពេល​ដែល​យើង​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ក្នុង​ការ​អាន​គម្ពីរ រំពឹង​គិត និង​អធិដ្ឋាន នោះ​ប្រៀប​ដូច​ជា​យើង​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ ពេល​យើង​ធ្វើ​ដូច្នេះ នោះ​នឹង​ជួយ​លើក​ទឹក​ចិត្ត​យើង ថែម​ទាំង​ជួយ​យើង​ឲ្យ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌​កាន់​តែ​ច្រើន​ឡើង​ៗ។ ប៉ុន្តែ យើង​ត្រូវ​លៃ​ទុក​ពេល​ក្នុង​ការ​ធ្វើ​ដូច្នេះ​ដើម្បី​ចូល​ទៅ​ជិត​លោក។

      ៨ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា​អ្នក​អាច​អាន​គម្ពីរ រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​អាន និង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ក្នុង​រយៈ​ពេល​មួយ​តែ​ប៉ុណ្ណោះ​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ប្រាកដជា​ការពារ​ពេល​វេលា​នោះ​ទុក​ដើម្បី​កុំ​ឲ្យ​អ្វី​មក​រំខាន​ដល់​ពេល​វេលា​ដែល​អ្នក​ចំណាយ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា មែន​ទេ? ពិត​មែន គ្មាន​នរណា​ម្នាក់​អាច​ដាក់​កម្រិត​អំពី​ពេល​វេលា​ដែល​យើង​អធិដ្ឋាន​ទៅ​ព្រះ​ឡើយ ហើយ​យើង​ភាគ​ច្រើន​អាច​អាន​គម្ពីរ​នៅ​ពេល​ណា​ដែល​យើង​ចង់​អាន​បាន។ ប៉ុន្តែ យើង​ប្រហែលជា​ត្រូវ​ចាត់​វិធានការ​ដើម្បី​កុំ​ឲ្យ​កិច្ចការ​ប្រចាំ​ថ្ងៃ​ដែល​រវល់​វក់វី​មក​រំខាន​ដល់​ពេល​វេលា​របស់​យើង​ជា​មួយ​នឹង​ព្រះ។ ដូច្នេះ ជា​រៀង​រាល់​ថ្ងៃ តើ​អ្នក​លៃ​ទុក​ពេល​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ឬ​ទេ?

      ​«​អំណរ​ដែល​មក​ពី​សកម្មពល​បរិសុទ្ធ​»​

      ៩​. តើ​សកម្មពល​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​នៅ​តែ​មាន​អំណរ ទោះ​ជា​យើង​ស្ថិត​ក្រោម​កាលៈទេសៈ​បែប​ណា?

      ៩ អំណរ​គឺជា​គុណ​សម្បត្ដិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ។ ទោះ​ជា​យើង​ជួប​ប្រទះ​ការ​ពិបាក​ក្នុង​ជីវិត​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​អំណរ​បាន។ អំណរ​ប្រៀប​ដូច​ជា​រុក្ខជាតិ​ដែល​អាច​លូត​លាស់​បាន​ទោះ​ជា​អាកាសធាតុ​ហួត​ហែង​ក៏​ដោយ។ ទូ​ទាំង​ផែនដី អ្នក​បម្រើ​ព្រះ​ជា​ច្រើន​‹បាន​ទទួល​បណ្ដាំ​របស់​ព្រះ​ដោយ​អំណរ​ដែល​មក​ពី​សកម្មពល​បរិសុទ្ធ ទោះ​បី​មាន​សេចក្ដី​វេទនា​ជា​ច្រើន​ក៏​ដោយ›។ (​១ថែ. ១:៦​) បង​ប្អូន​ឯ​ទៀត​ជួប​ទុក្ខ​លំបាក​និង​ភាព​ខ្វះ​ខាត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​ពួក​គេ​តាម​រយៈ​សកម្មពល​របស់​លោក​‹ដើម្បី​ឲ្យ​ពួក​គេ​ស៊ូ​ទ្រាំ​នឹង​ការ​ទាំង​អស់ ហើយ​មាន​ចិត្ត​ធ្ងន់​ដោយ​អំណរ›។ (​កូឡ. ១:១១​) តើ​អ្វី​ជា​ប្រភព​នៃ​អំណរ​នេះ?

      ១០​. តើ​អ្វី​ជា​ប្រភព​នៃ​អំណរ​របស់​យើង?

      ១០ ពរ​ដែល​យើង​ទទួល​ពី​ព្រះ​យេហូវ៉ា​ដែល​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ នោះ​មាន​តម្លៃ​ជា​រៀង​រហូត មិន​ដូច​«​ទ្រព្យ​ដែល​មិន​ទៀង​»​ក្នុង​ពិភព​លោក​របស់​សាថាន​ទេ។ (​១ធី. ៦:១៧; ម៉ាថ. ៦:១៩, ២០​) ព្រះ​យេហូវ៉ា​ផ្ដល់​ក្ដី​សង្ឃឹម​អស្ចារ្យ​មួយ​ឲ្យ​យើង គឺជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ យើង​មាន​អំណរ​ដោយ​សារ​យើង​រួម​ចំណែក​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ទូ​ទាំង​ពិភព​លោក។ សំខាន់​បំផុត អំណរ​របស់​យើង​មាន​មូលដ្ឋាន​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យើង​ក៏​មាន​អារម្មណ៍​ដូច​ដាវីឌ​ដែរ ដែល​ទោះ​ជា​គាត់​ត្រូវ​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​ក៏​ដោយ គាត់​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល​បង្គំ​នឹង​សរសើរ​ដល់​ទ្រង់ គឺ​យ៉ាង​នោះ ដែល​ទូល​បង្គំ​នឹង​លើក​ដំ​កើង​ទ្រង់ ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយ​»។ (​ទំនុក. ៦៣:៣, ៤​) ដូច្នេះ ទោះ​ជា​យើង​ជួប​ទុក្ខ​លំបាក​ក៏​ដោយ យើង​នៅ​តែ​អាច​សរសើរ​ព្រះ​ដោយ​អំណរ​បាន។

      ១១​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ?

      ១១ សាវ័ក​ប៉ូល​ដាស់​តឿន​ពួក​គ្រិស្ត​សាសនិក​ថា​៖ ​«​ចូរ​អរ​សប្បាយ​ដោយ​សារ​លោក​ម្ចាស់​ជា​និច្ច។ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ចុះ!​»។ (​ភី. ៤:៤​) ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​ពួក​គ្រិស្ត​សាសនិក​បំពេញ​កិច្ច​បម្រើ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​អំណរ? ពីព្រោះ សាថាន​បាន​ចោទ​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ សាថាន​វា​ចោទ​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ស្ម័គ្រ​ចិត្ត​បម្រើ​ព្រះ​នោះ​ទេ។ (​យ៉ូប ១:៩​-​១១​) ប្រសិនបើ​យើង​បម្រើ​ព្រះ​យេហូវ៉ា​តាម​ភារកិច្ច ប៉ុន្តែ​គ្មាន​អំណរ នោះ​គ្រឿង​បូជា​របស់​យើង​ដែល​ជា​ការ​សរសើរ​ព្រះ​នឹង​មិន​ពេញ​លក្ខណៈ​ទេ។ ដូច្នេះ យើង​ព្យាយាម​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​អ្នក​តែង​ទំនុកតម្កើង​ដែល​ថា​៖ ​«​ចូរ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​ដោយ​អរ​សប្បាយ ឲ្យ​ចូល​មក​នៅ​ចំពោះ​ទ្រង់​ដោយ​ច្រៀង​ចំ​រៀង​ចុះ​»។ (​ទំនុក. ១០០:២​) ដូច្នេះ​បើ​យើង​ស្ម័គ្រ​ចិត្ត​បម្រើ​ព្រះ​ដោយ​អំណរ នោះ​នឹង​លើក​តម្កើង​លោក។

      ១២, ១៣​. តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ទប់​ទល់​នឹង​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត?

      ១២ ប៉ុន្តែ ជួនកាល​សូម្បី​តែ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ត្រូវ​តស៊ូ​ដើម្បី​រក្សា​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ដែរ។ (​ភី. ២:២៥​-​៣០​) ក្នុង​កាលៈទេសៈ​បែប​នោះ តើ​អ្វី​អាច​ជួយ​យើង​បាន? អេភេសូរ ៥:១៨, ១៩​ចែង​ថា​៖ ​«​ចូរ​ឲ្យ​បាន​ពេញ​ទៅ​ដោយ​សកម្មពល​របស់​ព្រះ​ជា​និច្ច និយាយ​គ្នា​ដោយ​បទ​ទំនុកតម្កើង ពាក្យ​សរសើរ​ព្រះ ចម្រៀង​គោរព​ប្រណិប័តន៍ ហើយ​ច្រៀង​និង​លេង​ភ្លេង​បន្ទរ​តាម​ជូន​ព្រះ​យេហូវ៉ា​ក្នុង​ចិត្ត​»។ តើ​យើង​អាច​អនុវត្ត​តាម​ឱវាទ​នេះ​យ៉ាង​ណា?

      ១៣ ពេល​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត នោះ​យើង​អាច​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា និង​ព្យាយាម​រំពឹង​គិត​អំពី​អ្វី​ៗ​ដែល​គួរ​ឲ្យ​សរសើរ។ (​សូម​អាន ភីលីព ៤:៦​-​៩​) បង​ប្អូន​ខ្លះ​គ្រហឹម​តាម​បទ​ភ្លេង​នៃ​ចម្រៀង​រាជាណាចក្រ ហើយ​នេះ​បាន​ជួយ​លើក​ទឹក​ចិត្ត​ពួក​គាត់ និង​ជួយ​ពួក​គាត់​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ បង​ប្រុស​ម្នាក់​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​ដែល​ច្រើន​តែ​ធ្វើ​ឲ្យ​គាត់​មួម៉ៅ​និង​ធ្លាក់​ទឹក​ចិត្ត បាន​នឹក​ចាំ​ថា​៖ ​«​ក្រៅ​ពី​ការ​អធិដ្ឋាន​អស់ពី​ចិត្ត ខ្ញុំ​ទន្ទេញ​ឲ្យ​ចាំ​ពាក្យ​ក្នុង​ចម្រៀង​ខ្លះ​ពី​ចម្រៀង​នៃ​រាជាណាចក្រ​ព្រះ។ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ចិត្ត​ដោយ​ច្រៀង​ពាក្យ​សរសើរ​ដ៏​ពីរោះ​ជូន​ព្រះ​យេហូវ៉ា​មិន​ថា​ជា​សំឡេង​លឺ​ៗ​ឬ​ខ្សឹប​ៗ​ក្ដី។ ម្យ៉ាង​ទៀត នៅ​ពេល​នោះ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​បាន​ចេញ​ថ្មី។ នៅ​ឆ្នាំ​ក្រោយ​ដែល​សៀវភៅ​នោះ​ចេញ​មក ខ្ញុំ​បាន​អាន​ចប់​ពីរ​ដង​ហើយ។ សៀវភៅ​នោះ​ប្រៀប​ដូច​ជា​ថ្នាំ​ផ្សះ​ដែល​លាប​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ការ​ខំ​ប្រឹងប្រែង​របស់​ខ្ញុំ​មែន​»។

      ​«​សេចក្ដី​សុខសាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»​

      ១៤​. តើ​សេចក្ដី​សុខសាន្ត​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​នាំ​ឲ្យ​មាន​អ្វី?

      ១៤ ក្នុង​មហាសន្និបាត​អន្តរជាតិ​របស់​យើង មាន​បង​ប្អូន​រួម​ជំនឿ​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត។ ការ​ជួប​ជុំ​គ្នា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ផ្នែក​មួយ​នៃ​សេចក្ដី​សុខសាន្ត ដែល​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ ពោល​គឺ​ឯកភាព​ទូ​ទាំង​ពិភព​លោក​របស់​យើង។ ពេល​អ្នក​ឯ​ទៀត​ឃើញ​មនុស្ស​ដែល​ធម្មតា​គួរតែ​ស្អប់​គ្នា តែ​បែរ​ជា​«​ព្យាយាម​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព​ដែល​មក​ពី​សកម្មពល​របស់​ព្រះ ដោយ​មាន​សេចក្ដី​សុខសាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»​ទៅ​វិញ នោះ​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​មែន។ (​អេភ. ៤:៣​) បង​ប្អូន​ជា​ច្រើន​ត្រូវ​យក​ឈ្នះ​ឧបសគ្គ​នានា​ដើម្បី​មាន​ឯកភាព​គ្នា។ ហេតុ​នេះ​ឯកភាព​របស់​យើង​គឺជា​អ្វី​ដ៏​អស្ចារ្យ​ណាស់!

      ១៥, ១៦​. (​ក​) តើ​ពេត្រុស​ជឿ​យ៉ាង​ណា​តាំង​ពី​តូច​មក? ហើយ​តើ​នេះ​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពិបាក​យ៉ាង​ណា? (​ខ​) តើ​ព្រះ​យេហូវ៉ា​ជួយ​ពេត្រុស​ឲ្យ​កែប្រែ​ចិត្ត​គំនិត​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

      ១៥ ការ​បង្រួប​បង្រួម​មនុស្ស​ដែល​មាន​ប្រវត្ដិ​ក្រុម​គ្រួសារ​ខុស​ៗ​គ្នា នោះ​ជា​អ្វី​ដែល​ពិបាក​មែន។ ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​មនុស្ស​ត្រូវ​យក​ឈ្នះ​ដើម្បី​មាន​ឯកភាព​បែប​នេះ សូម​ឲ្យ​យើង​ពិចារណា​អំពី​គំរូ​របស់​បុគ្គល​ម្នាក់​នៅ​សតវត្សរ៍​ទី​១ គឺ​សាវ័ក​ពេត្រុស។ យើង​អាច​ឃើញ​ពី​ចិត្ត​គំនិត​របស់​គាត់​ចំពោះ​ជន​ជាតិ​ដទៃ​ដែល​មិន​កាត់​ចុង​ស្បែក ពេល​គាត់​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ជន​ជាតិ​យូដា​គ្មាន​ច្បាប់​ចូល​ទៅ​ជិត​ឬ​ទាក់​ទង​ជា​មួយ​នឹង​ជាតិ​សាសន៍​ដទៃ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​បង្ហាញ​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​ហៅ​មនុស្ស​ណា​ម្នាក់​មិន​ស្អាត​ឬ​ស្មោកគ្រោក​ឡើយ​»។ (​សកម្ម. ១០:២៤​-​២៩; ១១:១​-​៣​) នៅ​សម័យ​នោះ​ជន​ជាតិ​យូដា​ជឿ​ថា​ច្បាប់​បង្គាប់​ឲ្យ​ស្រឡាញ់​តែ​ជន​រួម​ជាតិ​តែ​ប៉ុណ្ណោះ។ តាម​មើល​ទៅ ពេត្រុស​បាន​ជឿ​ដូច្នេះ​តាំង​ពី​តូច​មក ហើយ​ប្រហែលជា​ការ​ធម្មតា​ទេ​ដែល​គាត់​គិត​ថា​ជន​ជាតិ​ដទៃ​គឺជា​សត្រូវ​ដែល​គាត់​គួរតែ​ស្អប់។b

      ១៦ សូម​ស្រមៃ​គិត​ថា​ពេត្រុស​មាន​អារម្មណ៍​ពិបាក​ប៉ុណ្ណា​ពេល​ដែល​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​កូនេលាស។ តើ​ពេត្រុស​ដែល​ធ្លាប់​តែ​មាន​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ​ចំពោះ​ជន​ជាតិ​ដទៃ អាច​នៅ​«​ជាប់​គ្នា​យ៉ាង​ល្អ​»​ជា​មួយ​ពួក​គេ​«​ដោយ​មាន​សេចក្ដី​សុខសាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​ឯកភាព​»​បាន​ឬ​ទេ? (​អេភ. ៤:៣, ១៦​) ពិត​ជា​បាន​មែន។ ពីព្រោះ​ពីរ​បី​ថ្ងៃ​មុន​នោះ សកម្មពល​របស់​ព្រះ​បាន​បើក​ចិត្ត​របស់​ពេត្រុស​ឲ្យ​គាត់​ចាប់​ផ្ដើម​កែប្រែ​ចិត្ត​គំនិត​របស់​គាត់ ហើយ​លែង​ប្រកាន់​ពូជ​សាសន៍​ទៀត។ តាម​រយៈ​ការ​ឃើញ​ក្នុង​គំនិត ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ឲ្យ​គាត់​យល់​ច្បាស់​ថា​ទស្សនៈ​របស់​លោក​ចំពោះ​មនុស្ស​មិន​ផ្អែក​លើ​ជាតិ​សាសន៍​នោះ​ទេ។ (​សកម្ម. ១០:១០​-​១៥​) យ៉ាង​នេះ ពេត្រុស​អាច​ប្រាប់​ដល់​កូនេលាស​ថា​៖ ​«​ខ្ញុំ​យល់​ឃើញ​ច្បាស់​ថា ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​»។ (​សកម្ម. ១០:៣៤, ៣៥​) ពេត្រុស​បាន​កែប្រែ​ចិត្ត​គំនិត​របស់​គាត់​ទាំង​ស្រុង ហើយ​ក្រោយ​មក គាត់​មាន​ឯកភាព​យ៉ាង​ពិត​ប្រាកដជា​មួយ​នឹង​«​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​គ្នា​»​មែន។—១ពេ. ២:១៧

      ១៧​. ហេតុ​អ្វី​ឯកភាព​ដែល​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​ជា​អ្វី​ដ៏​អស្ចារ្យ?

      ១៧ បទ​ពិសោធន៍​របស់​ពេត្រុស​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​ការ​កែប្រែ​យ៉ាង​អស្ចារ្យ​ដែល​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។ (​សូម​អាន អេសាយ ២:៣, ៤​) មនុស្ស​រាប់​លាន​នាក់​ដែល​«​ចេញ​ពី​គ្រប់​ប្រជាជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា​»​បាន​កែប្រែ​ចិត្ត​គំនិត​របស់​ពួក​គាត់​ឲ្យ​សម​ស្រប​នឹង​«​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។ (​បប. ៧:៩; រ៉ូម ១២:​២​) បង​ប្អូន​ជា​ច្រើន​ទាំង​នេះ​ធ្លាប់​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ពិភព​លោក​របស់​សាថាន​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្អប់​គ្នា គំនុំ និង​ការ​បែកបាក់​គ្នា។ ប៉ុន្តែ ដោយ​ពួក​គាត់​បាន​សិក្សា​បណ្ដាំ​របស់​ព្រះ​និង​ទទួល​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ នោះ​ពួក​គាត់​បាន​«​ស្វែងរក​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្ដិភាព​»។ (​រ៉ូម ១៤:១៩​) ដោយ​ធ្វើ​ដូច្នេះ​ពួក​គាត់​មាន​ឯកភាព​គ្នា ហើយ​នេះ​នាំ​ឲ្យ​អ្នក​ឯ​ទៀត​សរសើរ​ព្រះ។

      ១៨, ១៩​. (​ក​) តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​សេចក្ដី​សុខ​សាន្ត​និង​ឯកភាព​គ្នា​ដែល​មាន​ក្នុង​ក្រុម​ជំនុំ? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​អត្ថបទ​បន្ទាប់?

      ១៨ តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​សេចក្ដី​សុខសាន្ត​និង​ឯកភាព​គ្នា​ដែល​មាន​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ? ក្រុម​ជំនុំ​ជា​ច្រើន​មាន​បង​ប្អូន​ប្រុស​ស្រី​ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ។ បង​ប្អូន​ខ្លះ​ប្រហែល​ជា​មាន​ទំនៀម​ទម្លាប់​ខុស​ៗ​គ្នា ឬ​មិន​សូវ​ចេះ​និយាយ​ភាសា​យើង​ប៉ុន្មាន​ទេ។ តើ​យើង​ខំ​ស្គាល់​ពួក​គាត់​ឲ្យ​បាន​ច្បាស់​ឬ​ទេ? បណ្ដាំ​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​រ៉ូម​ដែល​មាន​បង​ប្អូន​រួម​ជំនឿ​ជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ ដោយ​ថា​៖ ​«​ចូរ​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក ដូច​គ្រិស្ត​បាន​ទទួល​ស្វាគមន៍​យើង ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ​តម្កើង​»។ (​រ៉ូម ១៥:​៧​) តើ​មាន​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​អ្នក​អាច​ស្គាល់​គាត់​ឲ្យ​បាន​ច្បាស់​ជាង​ឬ​ទេ?

      ១៩ តើ​យើង​អាច​ធ្វើ​អ្វី​ថែម​ទៀត​ដើម្បី​អនុញ្ញាត​ឲ្យ​សកម្មពល​បរិសុទ្ធ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​របស់​យើង? អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​សំណួរ​នេះ ហើយ​ក៏​ពិគ្រោះ​អំពី​គុណ​សម្បត្ដិ​ឯ​ទៀត​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​ដែរ។

  • តើអ្នកឲ្យសកម្មពលរបស់ព្រះដឹកនាំអ្នកឬទេ?
    ទស្សនាវដ្ដីប៉មយាម ២០១១ | ១ មេសា
    • តើ​អ្នក​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​អ្នក​ឬ​ទេ?

      ​«​សូម​ឲ្យ​ព្រះ​វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់​នាំ​ទូល​បង្គំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ប្រកប​ដោយ​សេចក្ដី​ទៀង​ត្រង់​»។—ទំនុក. ១៤៣:១០

      ១, ២​. (​ក​) សូម​រៀប​រាប់​អំពី​កាលៈទេសៈ​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​ប្រើស​កម្ម​ពល​បរិសុទ្ធ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​បម្រើ​របស់​លោក។ (​ខ​)​ តើ​សកម្មពល​បរិសុទ្ធ​បញ្ចេញ​ឥទ្ធិពល​តែ​ក្នុង​ករណី​ពិសេស​ឬ? សូម​ពន្យល់។

      តើ​អ្នក​នឹក​ឃើញ​អ្វី​ពេល​ដែល​អ្នក​គិត​អំពី​ឥទ្ធិពល​នៃ​សកម្មពល​បរិសុទ្ធ? តើ​អ្នក​នឹក​ឃើញ​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​គេឌាន​និង​សាំសុន​ឬ​ទេ? (​ចៅ. ៦:៣៣, ៣៤; ១៥:១៤, ១៥​) ឬ​ក៏​ប្រហែល​អ្នក​គិត​អំពី​ចិត្ត​ក្លាហាន​របស់​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម ឬ​ភាព​ស្ងប់​ស្ងាត់​របស់​ស្ទេផាន​កាល​ដែល​គាត់​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ មែន​ទេ? (​សកម្ម. ៤:៣១; ៦:១៥​) រីឯ​នៅ​បច្ចុប្បន្ន​នេះ តើ​អ្នក​គិត​អំពី​អំណរ​យ៉ាង​ហូរហៀរ​ដែល​យើង​មាន​នៅ​មហាសន្និបាត​អន្តរជាតិ ឬ​គិត​អំពី​ភាព​ស្មោះ​គ្រប់​លក្ខណៈ​របស់​បង​ប្អូន​យើង​ដែល​កាន់​អព្យាក្រឹត ឬ​គិត​អំពី​ការ​រីក​ចម្រើន​ដ៏​អស្ចារ្យ​នៃ​កិច្ចការ​ផ្សព្វ​ផ្សាយ​ឬ​ទេ? ឧទាហរណ៍​ទាំង​អស់​នេះ​បង្ហាញ​ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​ឥទ្ធិពល​នៃ​សកម្មពល​បរិសុទ្ធ។

      ២ តើ​សកម្មពល​បរិសុទ្ធ​បញ្ចេញ​ឥទ្ធិពល​តែ​ក្នុង​ករណី​ពិសេស​ឬ​ក្នុង​កាលៈទេសៈ​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ។ ស្តី​អំពី​ពួក​គ្រិស្ត​សាសនិក បណ្ដាំ​របស់​ព្រះ​ចែង​ថា​«​សកម្មពល​របស់​ព្រះ​កំពុង​ដឹក​នាំ​»​ពួក​គេ ហើយ​«​សកម្មពល​របស់​ព្រះ​បន្ត​ដឹក​នាំ​»​ពួក​គេ ថែម​ទាំង​ពួក​គេ​«​កំពុង​រស់​នៅ​ស្រប​តាម​ការ​ដឹក​នាំ​នៃ​សកម្មពល​»​នោះ។ (​កាឡ. ៥:១៦, ១៨, ២៥​) ពាក្យ​ទាំង​នេះ​បង្ហាញ​ថាស​កម្ម​ពល​បរិសុទ្ធ​អាច​មាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​យើង​ជា​និច្ច។ ជា​រៀង​រាល់​ថ្ងៃ យើង​គួរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ដឹក​នាំ​ចិត្ត​គំនិត ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​យើង​តាម​រយៈ​សកម្មពល​របស់​លោក។ (​សូម​អាន ទំនុកតម្កើង ១៤៣:១០​) បើ​យើង​ឲ្យ​សកម្មពល​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​យើង នោះ​យើង​នឹង​បង្កើត​ផល​ដែល​អាច​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត ហើយ​ក៏​នាំ​ឲ្យ​គេ​សរសើរ​ព្រះ​ដែរ។

      ៣​. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​ឲ្យ​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​យើង? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អំពី​សំណួរ​អ្វី​ខ្លះ?

      ៣ ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ឲ្យ​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​យើង? ពីព្រោះ​មាន​អំណាច​មួយ​ផ្សេង​ទៀត​ដែល​ចង់​កាន់កាប់​លើ​យើង ជា​អ្វី​ដែល​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​សកម្មពល​បរិសុទ្ធ។ អំណាច​មួយ​នោះ​គឺ​អ្វី​ដែល​គម្ពីរ​ហៅ​ថា​«​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​រូប​កាយ​»។ នេះ​សំដៅ​ទៅ​លើ​ទំនោរ​ចិត្ត​ដែល​ទោរ​ទន់​ទៅ​ធ្វើ​អំពើ​ខុស​ឆ្គង ដែល​យើង​ទទួល​ពី​អាដាម។ (​សូម​អាន កាឡាទី ៥:១៧​) បើ​ដូច្នេះ តើ​ការ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង​ជាប់​ទាក់​ទង​នឹង​អ្វី​ខ្លះ? តើ​យើង​អាច​ធ្វើ​យ៉ាង​ណាខ្លះ​ដើម្បី​ទប់​ទល់​នឹង​ទំនោរ​ចិត្ត​របស់​យើង​ដែល​ទោរ​ទន់​ទៅ​ធ្វើ​អំពើ​ខុស​ឆ្គង? ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ សូម​យើង​ពិចារណា​អំពី​គុណ​សម្បត្ដិ​៦​ទៀត​នៃ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​»​ ដែល​មាន​ដូច​ជា​«​ចិត្ត​ធ្ងន់ សេចក្ដី​សប្បុរស គុណធម៌ ជំនឿ ចិត្ត​ស្លូតបូត ការ​ចេះ​ទប់​ចិត្ត​»។—កាឡ. ៥:២២, ២៣

      ចិត្ត​ស្លូតបូត​និង​ចិត្ត​ធ្ងន់​នាំ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ក្រុម​ជំនុំ

      ៤​. តើ​ចិត្ត​ស្លូតបូត​និង​ចិត្ត​ធ្ងន់​ជួយ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

      ៤ សូម​អាន កូឡុស ៣:១២, ១៣។ ចិត្ត​ស្លូតបូត​និង​ចិត្ត​ធ្ងន់​ជា​គុណ​សម្បត្ដិ​ដែល​សហការ​គ្នា​ក្នុង​ការ​ជួយ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ក្រុម​ជំនុំ។ គុណ​សម្បត្ដិ​ទាំង​ពីរ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​នេះ​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​គួរ​សម ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្ងប់​ពេល​ដែល​មាន​ហេតុ​ដែល​នាំ​ឲ្យ​ខឹង និង​ជួយ​យើង​កុំ​ឲ្យ​សង​សឹក​ពេល​ដែល​អ្នក​ឯ​ទៀត​និយាយ​ឬ​ធ្វើ​អ្វី​មិន​ល្អ​ចំពោះ​យើង។ បើ​យើង​មាន​បញ្ហា​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត ចិត្ត​ធ្ងន់​ឬ​ចិត្ត​អត់​ធ្មត់​នឹង​ជួយ​យើង​ឲ្យ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា ជា​ជាង​គិត​ថា​គ្មាន​វិធី​អាច​ជួយ​បង​ប្អូន​នោះ​បាន​ទេ។ តើ​ពិត​ជា​ត្រូវ​ការ​ចិត្ត​ស្លូតបូត​និង​ចិត្ត​ធ្ងន់​នៅ​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? ពិត​ជា​ត្រូវ​ការ​មែន ពីព្រោះ​យើង​ទាំង​អស់​គ្នា​មិន​ល្អ​ឥត​ខ្ចោះ។

      ៥​. តើ​មាន​អ្វី​កើត​ឡើង​រវាង​ប៉ូល​និង​បាណាបាស? ហើយ​តើ​នេះ​បង្ហាញ​អំពី​អ្វី?

      ៥ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ប៉ូល​និង​បាណាបាស។ ពួក​គាត់​បាន​រួម​ដៃ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ។ ពួក​គាត់​ម្នាក់​ៗ​មាន​គុណ​សម្បត្ដិ​ល្អ​រៀង​ៗ​ខ្លួន។ ប៉ុន្តែ នៅ​ពេល​មួយ ​«​ពួក​គាត់​ក៏​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ហើយ​ចែក​ផ្លូវ​គ្នា​»។ (​សកម្ម. ១៥:​៣៦​-​៣៩​) រឿង​នេះ​បង្ហាញ​ថា ជួនកាល​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ក៏​នឹង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែរ។ បើ​គ្រិស្ត​សាសនិក​ម្នាក់​មាន​ការ​យល់​ច្រឡំ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ តើ​គាត់​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​រឿង​នោះ​ក្លាយ​ជា​រឿង​ជម្លោះ​ក្ដៅ​ក្រហាយ​ដែល​អាច​នាំ​ឲ្យ​ចំណង​មិត្តភាព​របស់​ពួក​គាត់​ប្រេះ​ឆា?

      ៦, ៧​. (​ក​) មុន​ដែល​ការ​សន្ទនា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ក្លាយ​ទៅ​ជា​រឿង​ជម្លោះ​ក្ដៅ​ក្រហាយ តើ​យើង​អាច​ធ្វើ​តាម​ឱវាទ​ពី​បទ​គម្ពីរ​មួយ​ណា? (​ខ​)​ តើ​ការ​«​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ មិន​រហ័ស​ខឹង​»​មាន​ប្រយោជន៍​អ្វី​ខ្លះ?

      ៦ ពាក្យ​ថា​«​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​»​ នោះ​បាន​បង្ហាញ​ថា​ជម្លោះ​រវាង​ប៉ូល​និង​បាណាបាស​បាន​កើត​ឡើង​ភ្លាម​ៗ​និង​ជា​ជម្លោះ​ដែល​ខ្លាំង​ទៀត​ផង។ ប្រសិនបើ​គ្រិស្ត​សាសនិក​ម្នាក់​មាន​អារម្មណ៍​ថា​ខ្លួន​ចាប់​ផ្ដើម​ខឹង ពេល​ដែល​និយាយ​អំពី​រឿង​មួយ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ នោះ​ជា​ការ​ល្អ​ឲ្យ​គាត់​ធ្វើ​តាម​ឱវាទ​ដែល​មាន​ក្នុង​សៀវភៅ​យ៉ាកុប ១:១៩, ២០​ដែល​ថា​៖ ​«​មនុស្ស​ម្នាក់​ៗ​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ មិន​រហ័ស​ខឹង ព្រោះ​កំហឹង​របស់​មនុស្ស​មិន​នាំ​ឲ្យ​បាន​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ​»។ សម​ស្រប​តាម​កាលៈទេសៈ គាត់​អាច​ខំ​ផ្លាស់​ប្ដូរ​រឿង​និយាយ​គ្នា លើក​រឿង​នោះ​ទៅ​និយាយ​នៅ​ពេល​ផ្សេង ឬ​ដក​ខ្លួន​ថយ​មុន​ដែល​ការ​សន្ទនា​នោះ​ក្លាយ​ទៅ​ជា​រឿង​ជម្លោះ​ក្ដៅ​ក្រហាយ។—សុភ. ១២:១៦; ១៧:១៤; ២៩:១១

      ៧ តើ​ការ​ធ្វើ​តាម​ឱវាទ​នេះ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ? បើ​គ្រិស្ត​សាសនិក​ម្នាក់​ទុក​ឲ្យ​ខ្លួន​ត្រជាក់​ចិត្ត​សិន អធិដ្ឋាន​អំពី​រឿង​នេះ ហើយ​ពិចារណា​អំពី​របៀប​ដែល​ល្អ​បំផុត​ដើម្បី​តប​ឆ្លើយ នោះ​គាត់​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​គាត់។ (​សុភ. ១៥:១, ២៨​) ដោយ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​សកម្មពល​របស់​ព្រះ នោះ​គាត់​អាច​ស​ឲ្យ​ឃើញ​ពី​ចិត្ត​ស្លូតបូត​និង​ចិត្ត​ធ្ងន់​បាន។ យ៉ាង​នេះ គាត់​អាច​ធ្វើ​តាម​ឱវាទ​ដែល​មាន​នៅ​អេភេសូរ ៤:២៦, ២៩​ដែល​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ខឹង កុំ​ធ្វើ​ខុស . . . កុំ​ឲ្យ​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ពោល​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​តាម​កាលៈទេសៈ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ស្ដាប់​»។ ប្រាកដ​មែន ពេល​ដែល​យើង​បំពាក់​ខ្លួន​ដោយ​ចិត្ត​ស្លូតបូត​និង​ចិត្ត​ធ្ងន់ នោះ​យើង​ជួយ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​និង​ឯកភាព​គ្នា​ក្នុង​ក្រុម​ជំនុំ។

      ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​គ្រួសារ​អ្នក ដោយ​សេចក្ដី​សប្បុរស​និង​គុណធម៌

      ៨, ៩​. តើ​សេចក្ដី​សប្បុរស​និង​គុណធម៌​ជា​អ្វី? ហើយ​តើ​គុណ​សម្បត្ដិ​នេះ​នាំ​ឲ្យ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បរិយាកាស​នៃ​ក្រុម​គ្រួសារ?

      ៨ សូម​អាន អេភេសូរ ៤:៣១, ៣២; ៥:៨, ៩។ សេចក្ដី​សប្បុរស​និង​គុណធម៌​អាច​ពង្រឹង​កម្លាំង​ចិត្ត​ឡើង​វិញ ដែល​ប្រៀប​ដូច​ជា​ការ​ស្រូប​ខ្យល់​បរិសុទ្ធ​និង​ផឹក​ភេសជ្ជៈ​ត្រជាក់​មួយ​កែវ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​ហែង។ គុណ​សម្បត្ដិ​ទាំង​ពីរ​នេះ​អាច​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​បរិយាកាស​ដែល​សប្បាយ​រីករាយ។ សេចក្ដី​សប្បុរស​ជា​គុណ​សម្បត្ដិ​ដែល​ទាក់​ទាញ​ចិត្ត​មួយ ដែល​ផុស​ចេញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​នេះ​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី។ គុណធម៌​ក៏​ជា​គុណ​សម្បត្ដិ​ដ៏​ល្អ​មួយ​ដែរ ដែល​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត។ គុណ​សម្បត្ដិ​នេះ​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដោយ​ចិត្ត​ទូលាយ​របស់​យើង។ (​សកម្ម. ៩:៣៦, ៣៩; ១៦:១៤, ១៥​) ប៉ុន្តែ​គុណធម៌​រួម​បញ្ចូល​នូវ​អ្វី​ជា​ច្រើន​ថែម​ទៀត។

      ៩ គុណធម៌​គឺ​ការ​មាន​សីលធម៌​បរិសុទ្ធ។ នេះ​មិន​គ្រាន់តែ​រួម​បញ្ចូល​នូវ​អ្វី​ដែល​យើង​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំខាន់​ជាង​នេះ គុណធម៌​គឺ​ជា​ធាតុ​ពិត​របស់​យើង​វិញ។ នេះ​ប្រៀប​ដូច​ជា​ផ្លែ​ឈើ​មួយ​ដែល​ទុំ​ផ្អែម​សព្វ​សាច់ ហើយ​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ​មិន​ខូច​សោះ​ឡើយ។ ស្រដៀង​គ្នា​ដែរ គុណធម៌​ដែល​បាន​ត្រូវ​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​ជា​អ្វី​ដែល​មាន​ក្នុង​ជីវិត​ទាំង​មូល​របស់​យើង​ជា​គ្រិស្ត​សាសនិក។

      ១០​. តើ​មេ​គ្រួសារ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​មាន​គុណ​សម្បត្ដិ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ?

      ១០ ក្នុង​ក្រុម​គ្រួសារ​ជា​គ្រិស្ត​សាសនិក តើ​អ្វី​អាច​ជួយ​សមាជិក​ម្នាក់​ៗ​ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​សប្បុរស​និង​គុណធម៌? ចំណេះ​ត្រឹម​ត្រូវ​អំពី​បណ្ដាំ​របស់​ព្រះ​មាន​តួនាទី​ដ៏​សំខាន់​ចំពោះ​រឿង​នេះ។ (​កូឡ. ៣:៩, ១០​) មេ​គ្រួសារ​ខ្លះ​សិក្សា​អំពី​ផល​ដែល​បង្កើត​ដោយ​សកម្មពល​នៅ​ល្ងាច​ដែល​ពួក​គេ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ការ​សិក្សា​អំពី​ផល​ដែល​បង្កើត​ដោយ​សកម្មពល​មិន​មែន​ជា​អ្វី​ដែល​ពិបាក​នោះ​ទេ។ អ្នក​អាច​ប្រើ​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​ក្នុង​ភាសា​របស់​អ្នក​ដើម្បី​ស្រាវជ្រាវ​អំពី​គុណ​សម្បត្ដិ​នីមួយ​ៗ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ។ អ្នក​អាច​ពិចារណា​ពីរ​បី​វគ្គ​រៀង​រាល់​សប្ដាហ៍ ហើយ​ចំណាយ​ពេល​ពីរ​បី​សប្ដាហ៍​ដើម្បី​ពិចារណា​គុណ​សម្បត្ដិ​នោះ​ម្ដង​មួយ​ៗ។ ក្នុង​ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ សូម​អាន​បទ​គម្ពីរ​ដែល​មិន​បាន​ដក​ស្រង់ ហើយ​ពិគ្រោះ​ជា​មួយ​គ្នា។ សូម​រក​វិធី​ផ្សេង​ៗ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​រៀន ហើយ​អធិដ្ឋាន​សុំ​ពរ​ពី​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក។ (​១ធី. ៤:​១៥; ១យ៉ូន. ៥:១៤, ១៥​) តើ​ការ​សិក្សា​បែប​នេះ​អាច​ជួយ​ឲ្យ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​ប្រព្រឹត្ត​ប្រសើរ​ជាង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ឬ​ទេ?

      ១១, ១២​. តើ​ប្ដី​ប្រពន្ធ​គ្រិស្ត​សាសនិក​ពីរ​គូទ​ទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​សិក្សា​អំពី​សេចក្ដី​សប្បុរស?

      ១១ ប្ដី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ​ដែល​ចង់​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​មាន​សុភមង្គល បាន​សម្រេច​ចិត្ត​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​អំពី​គុណ​សម្បត្ដិ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ។ តើ​ពួក​គេ​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា? ប្រពន្ធ​នោះ​បាន​និយាយ​ថា​៖ ​«​ដោយ​រៀន​ថា​សេចក្ដី​សប្បុរស​រួម​បញ្ចូល​ភាព​ស្មោះ​ត្រង់​និង​ភក្ដីភាព នោះ​បាន​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​សព្វ​ថ្ងៃ​នេះ។ នេះ​បាន​បង្រៀន​យើង​ឲ្យ​ចេះ​សម្រប​គ្នា ព្រម​ទាំង​អភ័យទោស​ឲ្យ​គ្នា។ នេះ​ក៏​បាន​ជួយ​យើង​ឲ្យ​ចេះ​និយាយ​‹អរគុណ›​និង​‹សុំ​ទោស›​ដែរ​»។

      ១២ ប្ដី​ប្រពន្ធ​មួយ​គូ​ទៀត​ដែល​ធ្លាប់​មាន​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​បាន​ទទួល​ស្គាល់​ថា​ពួក​គេ​គ្មាន​សេចក្ដី​សប្បុរស​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​នោះ​ទេ។ ដូច្នេះ ពួក​គេ​បាន​សម្រេច​ចិត្ត​សិក្សា​អំពី​សេចក្ដី​សប្បុរស​ជា​មួយ​គ្នា។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ប្ដី​នោះ​បាន​នឹក​ចាំ​ថា​៖ ​«​ការ​សិក្សា​អំពី​សេចក្ដី​សប្បុរស​បាន​ជួយ​យើង​ឲ្យ​ឃើញ​ថា​យើង​ត្រូវ​ទុក​ចិត្ត ហើយ​រក​ចំណុច​ល្អ​របស់​គ្នា ជា​ជាង​សង្ស័យ​ទៅ​លើ​បំណង​ចិត្ត​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​ចំពោះ​សេចក្ដី​ត្រូវ​ការ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​មាន​ចិត្ត​សប្បុរស​រួម​បញ្ចូល​ការ​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ​និយាយ​អស់ពី​ចិត្ត​អំពី​អារម្មណ៍​របស់​នាង​ដោយ​ខ្ញុំ​មិន​ទើស​ចិត្ត​ចំពោះ​អ្វី​ដែល​នាង​និយាយ​នោះ​ឡើយ។ នេះ​មាន​ន័យ​ថា​ខ្ញុំ​មិន​ត្រូវ​មាន​ចិត្ត​អំណួត​ទេ។ ពេល​ដែល​យើង​ចាប់​ផ្ដើម​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​គ្នា នោះ​បន្ដិច​ម្ដង​ៗ​ការ​សង្ស័យ​ទាំង​ប៉ុន្មាន​លែង​មាន​ទៀត​ហើយ។ នេះ​ធ្វើ​ឲ្យ​យើង​ធូរ​ស្រាល​ក្នុង​ចិត្ត​ណាស់​»។ តើ​ក្រុម​គ្រួសារ​របស់​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​ការ​សិក្សា​អំពី​គុណ​សម្បត្ដិ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​ឬ​ទេ?

      បង្ហាញ​ជំនឿ​ពេល​ដែល​អ្នក​នៅ​តែ​ម្នាក់​ឯង

      ១៣​. តើ​យើង​ត្រូវ​ការពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឲ្យ​រួច​ពី​អ្វី?

      ១៣ គ្រិស្ត​សាសនិក​ត្រូវ​តែ​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​ពួក​គេ ពេល​នៅ​មុខ​អ្នក​ឯ​ទៀត​និង​ពេល​នៅ​តែ​ម្នាក់​ឯង។ សព្វ​ថ្ងៃ​នេះ ក្នុង​ពិភព​លោក​របស់​សាថាន រូបភាព​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​និង​ការ​កម្សាន្ត​ដ៏​ថោក​ទាប​កំពុង​រីក​រាលដាល​ខ្លាំង​ណាស់។ នេះ​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​បាន។ តើ​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​យ៉ាង​ណា? បណ្ដាំ​របស់​ព្រះ​ឲ្យ​ឱវាទ​យើង​ថា​៖ ​«​ចូរ​លះ​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​កខ្វក់ និង​អ្វី​ដែល​អសារ​ឥត​ការ ពោល​គឺ​សេចក្ដី​អាក្រក់ ហើយ​ចូរ​ទទួល​ដោយ​ចិត្ត​ស្លូតបូត​នូវ​ការ​ដាំ​បណ្ដាំ​របស់​ព្រះ​ក្នុង​អ្នក​រាល់​គ្នា ជា​បណ្ដាំ​ដែល​អាច​សង្គ្រោះ​ជីវិត​របស់​អ្នក​រាល់​គ្នា​»។ (​យ៉ា. ១:២១​) សូម​ឲ្យ​យើង​ពិចារណា​អំពី​គុណ​សម្បត្ដិ​មួយ​ទៀត​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល ពោល​គឺ​ជំនឿ។ ជា​ពិសេស យើង​ចង់​ពិនិត្យ​មើល​អំពី​របៀប​ដែល​ជំនឿ​អាច​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ចំពោះ​ព្រះ​យេហូវ៉ា។

      ១៤​. តើ​ការ​ខ្វះ​ជំនឿ​អាច​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​ខុស​យ៉ាង​ដូច​ម្ដេច?

      ១៤ ការ​មាន​ជំនឿ​មាន​ន័យ​ថា​យើង​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​មួយ​ពិត​សម្រាប់​យើង។ បើ​ព្រះ​មិន​មែន​ជា​បុគ្គល​មួយ​ពិត​សម្រាប់​យើង​ទេ នោះ​យើង​អាច​ប្រព្រឹត្ត​ខុស​យ៉ាង​ងាយ។ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​បុរាណ។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​អេសេគាល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ឃើញ​អំពី​អ្វី​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​ពួក​គេ​ធ្វើ​នៅ​ទី​សម្ងាត់ ដោយ​ថា​៖ ​«​កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ​ដែល​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រាអែល​ធ្វើ​ដោយ​សំងាត់​នៅ​ក្នុង​គំនិត​យល់​ឃើញ​នៃ​គេ​រៀង​ខ្លួន​ឬ​ទេ? ដ្បិត​គេ​ថា​៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​មិន​ឃើញ​យើង​ទេ ព្រះ​យេហូវ៉ា​បាន​បោះបង់​ចោល​ស្រុក​នេះ​ហើយ›​»។ (​អេស. ៨:១២​) តើ​អ្នក​បាន​កត់​សម្គាល់​ទេ​ថា អ្វី​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ? ពួក​គេ​មិន​ជឿ​ថា​ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​គេ​កំពុង​ធ្វើ​នោះ​ទេ ពោល​គឺ​ពួក​គេ​មិន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​មួយ​ពិត​ឡើយ។

      ១៥​. តើ​ការ​មាន​ជំនឿ​ខ្លាំង​ទៅ​លើ​ព្រះ​យេហូវ៉ា​អាច​ការពារ​យើង​យ៉ាង​ដូច​ម្ដេច?

      ១៥ ផ្ទុយ​ទៅ​វិញ សូម​ពិចារណា​អំពី​គំរូ​របស់​យ៉ូសែប។ ទោះ​ជា​គាត់​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​និង​ជន​រួម​ជាតិ​របស់​គាត់​ក៏​ដោយ យ៉ូសែប​បាន​បដិសេធ​ការ​ធ្វើ​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​ប្រពន្ធ​របស់​ប៉ូទីផារ។ ហេតុ​អ្វី? គាត់​បាន​និយាយ​ថា​៖ ​«​ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង​»។ (​លោ. ៣៩:៧​-​៩​) ពិត​មែន​ហើយ យ៉ូសែប​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ពិត​សម្រាប់​គាត់។ បើ​យើង​ចាត់​ទុក​ព្រះ​ជា​បុគ្គល​មួយ​ពិត នោះ​ពេល​យើង​នៅ​ម្នាក់​ឯង យើង​នឹង​ជៀស​ចេញ​ពី​ការ​កម្សាន្ត​ដែល​ស្មោកគ្រោក ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​យើង​ដឹង​ថា​ព្រះ​មិន​ពេញ​ចិត្ត។ យើង​តាំង​ចិត្ត​ដូច​អ្នក​តែង​បទ​ទំនុកតម្កើង​ដែល​បាន​ច្រៀង​ថា​៖ ​«​ទូល​បង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់​នៅ​ក្នុង​ផ្ទះ​ទូល​បង្គំ។ ទូល​បង្គំ​នឹង​មិន​តាំង​របស់​អាក្រក់​អ្វី​នៅ​ចំពោះ​ភ្នែក​ទូល​បង្គំ​ឡើយ​»។—ទំនុក. ១០១:២, ៣

      ការពារ​ចិត្ត​របស់​អ្នក​ដោយ​ចេះ​ទប់​ចិត្ត

      ១៦, ១៧​. (​ក​) ដូច​បាន​ពណ៌​នា​ក្នុង​សៀវភៅ​សុភាសិត តើ​‹កំឡោះ​ម្នាក់​ដែល​ឥត​យោបល់›​អាច​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​យ៉ាង​ដូច​ម្ដេច? (​ខ​)​ នៅ​សព្វ​ថ្ងៃ ដូច​បាន​បង្ហាញ​ក្នុង​រូបភាព​នៅ​ទំព័រ​២៧ តើ​មនុស្ស​គ្រប់​វ័យ​អាច​ជួប​ប្រទះ​បញ្ហា​ស្រដៀង​គ្នា​នេះ​យ៉ាង​ណា?

      ១៦ ការ​ចេះ​ទប់​ចិត្ត​ជា​គុណ​សម្បត្ដិ​ចុង​ក្រោយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​បដិសេធ​ចំពោះ​អ្វី​ៗ​ដែល​ព្រះ​ផ្ដន្ទា​ទោស។ គុណ​សម្បត្ដិ​នេះ​អាច​ជួយ​ការពារ​ចិត្ត​របស់​យើង។ (​សុភ. ៤:២៣​) សូម​ពិចារណា​ឧទាហរណ៍​មួយ​ក្នុង​សុភាសិត ៧:៦​-​២៣។ ក្នុង​នោះ​ពណ៌​នា​អំពី​‹កំឡោះ​ម្នាក់​ដែល​ឥត​យោបល់›​ដែល​ចាញ់​បញ្ឆោត​ស្ត្រី​ពេស្យា​ម្នាក់។ គាត់​បាន​ធ្លាក់​ក្នុង​អន្ទាក់​របស់​នាង​ក្រោយ​ពី​គាត់​បាន​«​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​»​របស់​នាង។ ប្រហែលជា​គាត់​ទៅ​តំបន់​ដែល​នាងរស់​នៅ​ដោយ​សារ​គាត់​ចង់​ដឹង​ចង់​ឃើញ។ ភ្លាម​ៗ​នោះ គាត់​មិន​បាន​ដឹង​ថា​នាង​នាំ​គាត់​ឲ្យ​ប្រព្រឹត្ត​អ្វី​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​«​ជីវិត​ខ្លួន​ទេ​»។

      ១៧ តើ​កំលោះ​ម្នាក់​នេះ​អាច​ជៀស​វាង​ពី​កំហុស​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ខ្លួន​គាត់​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ស្ដាប់​តាម​ការ​ព្រមាន​ដែល​ថា​៖ ‹កុំ​ឲ្យ​វង្វេង​ទៅ​តាម​ផ្លូវ​ច្រក​របស់​នាង›​ឡើយ។ (​សុភ. ៧:២៥​) នេះ​ផ្ដល់​មេរៀន​សម្រាប់​យើង​ថា បើ​យើង​ចង់​ឲ្យ​សកម្មពល​របស់​ព្រះ​ដឹក​នាំ​យើង នោះ​យើង​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​នាំ​ឲ្យ​មាន​ការ​ល្បួង​ទេ។ វិធី​មួយ​ដែល​មនុស្ស​ម្នាក់​អាច​វង្វេង​ក្នុង​ការ​ប្រព្រឹត្ត​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដូច​‹កំឡោះ​ម្នាក់​ដែល​ឥត​យោបល់›​នោះ គឺ​ដោយ​មនុស្ស​ម្នាក់​នោះ​ចុច​ដូរ​ប៉ុស្តិ៍​ក្នុង​ទូរទស្សន៍​ចុះ​ឡើង ឬ​លេង​អ៊ីនធឺណិត។ មិន​ថា​គាត់​មាន​ចេតនា​ឬ​ក៏​អត់ គាត់​អាច​មាន​ឱកាស​ឃើញ​រូបភាព​ស្រើប​ស្រាល។ បន្ដិច​ម្ដង​ៗ គាត់​អាច​មាន​ទម្លាប់​អាក្រក់​មួយ គឺជា​ការ​មើល​រូប​អាសអាភាស ហើយ​នេះ​អាច​បង្ខូច​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់ និង​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទៀត​ផង។ នេះ​ក៏​អាច​ទាក់​ទង​នឹង​ជីវិត​របស់​គាត់​ដែរ។—សូម​អាន រ៉ូម ៨:៥​-​៨

      ១៨​. តើ​គ្រិស្ត​សាសនិក​អាច​ធ្វើ​អ្វី​ដើម្បី​ការពារ​ចិត្ត​របស់​ខ្លួន? ហើយ​ហេតុ​អ្វី​នេះ​ទាក់​ទង​នឹង​ការ​ចេះ​ទប់​ចិត្ត?

      ១៨ ពិត​មែន យើង​អាច​និង​គួរតែ​ចេះ​ទប់​ចិត្ត​ដោយ​ចាត់​វិធានការ​ភ្លាម​ៗ បើ​យើង​ឃើញ​រូបភាព​ដែល​នាំ​ឲ្យ​ចិត្ត​យើង​ស្រើប​ស្រាល។ ប៉ុន្តែ ជា​ការ​ល្អ​ជាង បើ​យើង​ជៀស​ចេញ​ពី​ស្ថានភាព​បែប​នោះ​តាំង​ពី​ដំបូង​វិញ! (​សុភ. ២២:៣​) ដើម្បី​ការពារ​ខ្លួន​ពី​ស្ថានភាព​បែប​នោះ យើង​ត្រូវ​ចាត់​វិធានការ ហើយ​ធ្វើ​តាម​វិធានការ​នោះ។ ការ​ធ្វើ​ដូច្នេះ ប្រាកដជា​ត្រូវ​ការ​ការ​ចេះ​ទប់​ចិត្ត។ ជា​ឧទាហរណ៍ ការ​ដាក់​កុំព្យូទ័រ​នៅ​កន្លែង​ដែល​មនុស្ស​ឯ​ទៀត​អាច​ឃើញ នោះ​អាច​ការពារ​យើង​ដែរ។ អ្នក​ខ្លះ​យល់​ថា​ជា​ការ​ល្អ​បំផុត បើ​ប្រើ​កុំព្យូទ័រ​ឬ​មើល​ទូរទស្សន៍​នៅ​ពេល​ដែល​មាន​អ្នក​ឯ​ទៀត​នៅ​ជា​មួយ​តែ​ប៉ុណ្ណោះ។ អ្នក​ខ្លះ​ទៀត​សម្រេច​ចិត្ត​មិន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​សោះ​តែ​ម្ដង។ (​សូម​អាន ម៉ាថាយ ៥:២៧​-​៣០​) សូម​ឲ្យ​យើង​ការពារ​ខ្លួន​និង​ក្រុម​គ្រួសារ​របស់​យើង​ដោយ​ចាត់​វិធានការ​ណា​ក៏​ដោយ​ដែល​ចាំ​បាច់ ដើម្បី​យើង​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​«​ផុស​ចេញ​ពី​ចិត្ត​បរិសុទ្ធ ផុស​ចេញ​ពី​ជំនឿ​ដែល​គ្មាន​ពុត​ត្បុត និង​ពី​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​»។—១ធី. ១:៥

      ១៩​. បើ​យើង​ឲ្យ​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​យើង តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

      ១៩ ផល​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​នាំ​ឲ្យ​មាន​ប្រយោជន៍​ជា​ច្រើន។ ចិត្ត​ស្លូតបូត​និង​ចិត្ត​ធ្ងន់​នាំ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ក្រុម​ជំនុំ។ សេចក្ដី​សប្បុរស​និង​គុណធម៌​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល។ ជំនឿ​និង​ការ​ចេះ​ទប់​ចិត្ត​ជួយ​យើង​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា ហើយ​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​នៅ​ចំពោះ​លោក។ បន្ថែម​ទៅ​ទៀត កាឡាទី ៦:៨ ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​៖ ​«​អ្នក​ណា​ដែល​សាប​ព្រោះ​ដោយ​គិត​ពី​សកម្មពល​របស់​ព្រះ អ្នក​នោះ​នឹង​ទទួល​ផល​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ពី​សកម្មពល​របស់​ព្រះ​»។ ពិត​មែន​ហើយ ដោយ​មាន​មូលដ្ឋាន​លើ​ថ្លៃ​លោះ​របស់​គ្រិស្ត នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រើស​កម្ម​ពល​បរិសុទ្ធ​ដើម្បី​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​ពួក​អ្នក​ដែល​ឲ្យ​សកម្មពល​របស់​លោក​ដឹក​នាំ​ពួក​គេ។

      តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

      • តើ​ចិត្ត​ស្លូតបូត​និង​ចិត្ត​ធ្ងន់​នាំ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

      • តើ​អ្វី​អាច​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​បង្ហាញ​សេចក្ដី​សប្បុរស​និង​គុណធម៌​នៅ​ក្នុង​រង្វង់​គ្រួសារ?

      • តើ​ជំនឿ​និង​ការ​ចេះ​ទប់​ចិត្ត​ជួយ​គ្រិស្ត​សាសនិក​ម្នាក់​ឲ្យ​ការពារ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក