បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ទំនាយក្នុងគម្ពីរតែងតែសម្រេច
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ កក្កដា
    • ទំនាយ​ក្នុង​គម្ពីរ​តែង​តែ​សម្រេច

      ​«​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​ មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​ សំ​រេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ​»។—យ៉ូស្វេ ២៣:១៤

      លក្ខណៈ​ខុស​ប្លែក​នៃ​គម្ពីរ​បរិសុទ្ធ: នៅ​សម័យ​បុរាណ មនុស្ស​បាន​ដឹង​ជា​ទូទៅ​ថា​គ្រូ​ទាយ​បាន​ទាយ​អំពី​អ្វី​ដែល​មិន​ច្បាស់​លាស់ និង​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ទេ ចំណែក​ឯ​ហោរាសាស្ត្រ​នៅ​សព្វ​ថ្ងៃ​នេះ​វិញ​ក៏​ដូច​គ្នា​ដែរ។ មនុស្ស​ឯ​ទៀត​សិក្សា​ស្រាវជ្រាវ​អំពី​និន្នាការ​បច្ចុប្បន្ន ដើម្បី​ព្យាករ​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ពេល​អនាគត ហើយ​ពួក​គេ​កម្រ​ទាយ​ទុក​ជា​មុន​អំពី​ព្រឹត្ដិការណ៍​ណា​មួយ​ដែល​នឹង​កើត​ឡើង​រាប់​រយ​ឆ្នាំ​ក្រោយ​មក។ ផ្ទុយ​ទៅ​វិញ ទំនាយ​ក្នុង​គម្ពីរ​មាន​ព័ត៌មាន​ល្អិត​ល្អន់ ហើយ​តែង​តែ​កើត​ឡើង​ពិត​មែន ទោះ​ជា​ទំនាយ​នោះ​ប្រាប់​‹តាំង​ពី​ចាស់​បុរាណ​ពី​ការ​ដែល​មិន​ទាន់​មាន​មក›​ក៏​ដោយ។—អេសាយ ៤៦:១០

      ឧទាហរណ៍: នៅ​សតវត្សរ៍​ទី​៦ មុន​គ.ស. ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ឃើញ​ក្នុង​គំនិត​ថា ប្រទេស​ក្រិច​នឹង​វាយ​ឈ្នះ​ចក្រភព​មេឌី​និង​ពើស៊ី​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ទំនាយ​នោះ​ក៏​បាន​ទាយ​ទុក​ថា កាល​ស្តេច​ក្រិច​«​មាន​កំឡាំង​»​ឬ​មាន​អំណាច​ខ្លាំងក្លា​ហើយ នោះ​រាជ្យ​របស់​គាត់​នឹង​ត្រូវ​«​បាក់​»​ភ្លាម។ តើ​អ្នក​ណា​នឹង​ឡើង​គ្រប់​គ្រង​ជំនួស​គាត់? ដានីយ៉ែល​បាន​សរសេរ​ថា នឹង​មាន​«​នគរ​៤​ដែល​នឹង​កើត​ឡើង​ពី​សាសន៍​នោះ តែ​មិន​មែន​មាន​អំណាច​ដូច​ស្តេច​ដើម​នោះ​ទេ​»។—ដានីយ៉ែល ៨:៥​-​៨, ២០​-​២២

      កំណត់​ត្រា​ប្រវត្ដិ​សាស្ត្រ: ជាង​២០០​ឆ្នាំ​ក្រោយ​សម័យ​ដានីយ៉ែល អាឡិចសង់​ដ៏​ឧត្តម​បាន​ក្លាយ​ទៅ​ជា​ស្តេច​នៃ​ប្រទេស​ក្រិច។ គ្រាន់តែ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ប៉ុណ្ណោះ ស្តេច​អាឡិចសង់​បាន​យក​ជ័យ​ជម្នះ​ទៅ​លើ​ចក្រភព​មេឌី​និង​ពើស៊ី ហើយ​គាត់​បាន​វាទ​អំណាច​រហូត​ដល់​ទន្លេ​អ៊ីដិស (​សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​)។ ប៉ុន្តែ​គាត់​បាន​ស្លាប់​ពេល​មាន​អាយុ​ត្រឹម​តែ​៣២​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ទី​បំផុត ចម្បាំង​នៅ​ជិត​ភូមិ​អ៊ីបសឺស​ក្នុង​តំបន់​អាស៊ី បាន​ធ្វើ​ឲ្យ​ចក្រភព​ក្រិច​រលំ​រលាយ។ បន្ទាប់​មក មេទ័ព​ទាំង​បួន​របស់​គាត់​ដែល​បាន​ធ្វើ​ចម្បាំង​នោះ បាន​ចែក​គ្នា​នូវ​អំណាច​និង​ទឹក​ដី​ដើម្បី​គ្រប់​គ្រង​វិញ។ ក៏​ប៉ុន្តែ គ្មាន​ពួក​គេ​ណា​ម្នាក់​ដែល​មាន​អំណាច​ដូច​អាឡិចសង់​ឡើយ។

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​មាន​សៀវភៅ​ណា​ដែល​មាន​ទំនាយ ដែល​តែង​តែ​សម្រេច​ដូច​នេះ​ឬ​ទេ? ឬ​ក៏​មាន​តែ​គម្ពីរ​បរិសុទ្ធ​មួយ​ប៉ុណ្ណោះ?

      [​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៤​]

      ​«​ទំនាយ​ក្នុង​គម្ពីរ​បរិសុទ្ធ . . . មាន​ច្រើន​ដល់​ម្ល៉េះ ដែល​ទំនាយ​ទាំង​នោះ​មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ​បាន​ទេ​»​(​A LAWYER EXAMINES THE BIBLE, BY IRWIN H. LINTON​)។

      [​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៤​]

      © Robert Harding Picture Library/SuperStock

  • មានប្រវត្ដិសាស្ដ្រពិត មិនមានរឿងព្រេង
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ កក្កដា
    • មាន​ប្រវត្ដិ​សាស្ត្រ​ពិត មិន​មាន​រឿង​ព្រេង

      ​«​ខ្ញុំ​បាន​ស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់​នូវ​ហេតុ​ការណ៍​ទាំង​អស់​ដែល​បាន​កើត​ឡើង​តាំង​ពី​ដើម​ដំបូង ហើយ​បាន​ព័ត៌មាន​ត្រឹម​ត្រូវ​»។—លូកា ១:៣

      លក្ខណៈ​ខុស​ប្លែក​នៃ​គម្ពីរ​បរិសុទ្ធ: ជា​ធម្មតា​រឿងនិទាន​និង​រឿង​ព្រេង​មិន​ពណ៌​នា​អំពី​ពេល​វេលា ទី​កន្លែង និង​ឈ្មោះ​របស់​បុគ្គល​ម្នាក់​ៗ​យ៉ាង​ជាក់​លាក់​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បរិសុទ្ធ​មាន​ព័ត៌មាន​ល្អិត​ល្អន់​ជា​ច្រើន​អំពី​ប្រវត្ដិសាស្ត្រ ដែល​ពង្រឹង​ទំនុក​ចិត្ត​អ្នក​អាន​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​មាន​ក្នុង​គម្ពីរ​គឺ​‹សុទ្ធតែ​ពិត​ទាំង​អស់› (​The Psalms for Today, by R. K. Harrison​)។—ទំនុកតម្កើង ១១៩:១៦០

      ឧទាហរណ៍: គម្ពីរ​បាន​រៀប​រាប់​ថា ​«​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន . . . ដឹក​នាំ​យ៉ូយ៉ាគីន​[​ស្តេច​យូដា​] . . . ទៅ​ឯ​ស្រុក​បាប៊ីឡូន​»។ បន្ទាប់​មក​«​អេវីល មេរ៉ូដាក ជា​ស្តេច​ស្រុក​បាប៊ីឡូន ទ្រង់​ចាប់​តាំង​សោយរាជ្យ​ឡើង ហើយ​ក៏​ប្រោស​មេត្ដា​ដល់​យ៉ូយ៉ាគីន​ជា​ស្តេច​យូដា ដោះ​ចេញ​ពី​គុក​»​ ហើយ​ថែម​ទាំង​«​ផ្គត់​ផ្គង់​ថ្វាយ[​យ៉ូយ៉ាគីន​]រាល់​តែ​ថ្ងៃ​ជា​និច្ច ដរាប​ដល់​អស់​ព្រះ​ជន្ម​ទ្រង់​»។—ពង្សាវតារក្សត្រទី២ ២៤:១១, ១៥; ២៥:២៧​-​៣០

      កំណត់​ត្រា​របស់​បុរាណវត្ថុវិទូ: ក្នុង​សំណង់​បាក់បែក​ក្រុង​បាប៊ីឡូន​សម័យ​បុរាណ អ្នក​បុរាណវត្ថុវិទ្យា​បាន​ជីក​រក​ឃើញ​ឯកសារ​រដ្ឋ​បាល​ក្នុង​គ្រា​សោយរាជ្យ​របស់​ស្តេច​នេប៊ូក្នេសា​ទី​២។ ក្នុង​ឯកសារ​នោះ​មាន​បញ្ជី​ស្តី​អំពី​ការ​ចែក​របប​អាហារ​ដល់​ពួក​អ្នក​ទោស និង​ពួក​អ្នក​ដែល​នៅ​ក្នុង​រាជ​វាំង។ បញ្ជី​នោះ​ក៏​រៀប​រាប់​អំពី​«​យ៉ាអ៊ូគីន[​យ៉ូយ៉ាគីន​]​»​ដែល​ជា​«​ស្តេច​នៃ​ស្រុក​យ៉ាហ៊ុត(​យូដា​)​»​ព្រម​ទាំង​អ្នក​ផ្ទះ​របស់​គាត់​ដែរ។ ចុះ​តើ​អេវីល មេរ៉ូដាក​ជា​អ្នក​ស្នង​រាជ្យ​ពី​ស្តេច​នេប៊ូក្នេសា​ឬ​ទេ? អ្នក​បុរាណវត្ថុវិទូ​បាន​រក​ឃើញ​អក្សរ​ចារិក​នៅ​លើ​បំណែក​ថូ​នៅ​ជិត​ទី​ក្រុង​ស៊ូ​សា។ អក្សរ​ចារិក​នោះ​បាន​សរសេរ​ថា​៖ ​«​រាជវាំង​នៃ​អា​មី​ល ម៉ា​ដឹក[​អេវីល មេ​រ៉ូដា​ក​]ស្តេច​បាប៊ីឡូន ជា​បុត្រ​របស់​នេប៊ូក្នេសា​ជា​ស្តេច​បាប៊ីឡូន​»។

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​មាន​គម្ពីរ​បុរាណ​របស់​សាសនា​ផ្សេង​ទៀត​ដែល​រៀប​រាប់​ជាក់​លាក់​និង​ត្រឹម​ត្រូវ​តាម​ប្រវត្ដិសាស្ត្រ​ដូច​នេះ​ឬ​ទេ? ឬ​ក៏​មាន​តែ​គម្ពីរ​បរិសុទ្ធ​មួយ​ប៉ុណ្ណោះ?

      [​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥​]

      ​«​ការ​បញ្ជាក់​អំពី​ព្រឹត្ដិការណ៍​ក្នុង​ប្រវត្ដិ​សាស្ត្រ​និង​ភូមិ​សាស្ត្រ​ក្នុង​គម្ពីរ​បរិសុទ្ធ គឺ​មាន​ភាព​ត្រឹម​ត្រូវ​ជាង និង​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​ព័ត៌មាន​ដែល​បាន​ផ្ដល់​មក​ពី​ឯកសារ​នៅ​សម័យ​បុរាណ​ឯ​ទៀត​ទាំង​អស់​»​ (​A SCIENTIFIC INVESTIGATION OF THE OLD TESTAMENT, BY ROBERT D. WILSON​)។

      [រូបភាព​នៅ​ទំព័រ​៥​]

      ឯកសារ​រដ្ឋ​បាល​នៃ​ស្រុក​បាប៊ីឡូន​ដែល​រៀប​រាប់​អំពី​យ៉ូយ៉ាគីន​ជា​ស្តេច​យូដា​

      [​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៥​]

      © bpk, Berlin/Vorderasiatisches Museum, SMB/Olaf M. Tessmer/Art Resource, NY

  • ត្រឹមត្រូវខាងវិជ្ជាពេទ្យ
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ កក្កដា
    • ត្រឹម​ត្រូវ​ខាង​វិជ្ជា​ពេទ្យ

      ‹ខ្ញុំ​បាន​កំណត់​ទុក​សេចក្ដី​ដ៏​វិសេស​សំ​រាប់​អ្នក គឺជា​សេចក្ដី​ទូន្មាន ហើយ​នឹង​ដំ​រិះ ប្រយោជន៍​ឲ្យ​អ្នក​បាន​ដឹង​ថា ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ចិត្ត​ជា​ប្រាកដ​ហើយ ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ›។—សុភាសិត ២២:២០, ២១

      លក្ខណៈ​ខុស​ប្លែក​នៃ​គម្ពីរ​បរិសុទ្ធ: សៀវភៅ​ពេទ្យ​ពី​សម័យ​បុរាណ​ច្រើន​តែ​មាន​ព័ត៌មាន​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត និង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​វិជ្ជា​ពេទ្យ​សម័យ​ទំនើប​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សៀវភៅ​ទាំង​នោះ​គឺ​ខុស​ទាំង​ស្រុង។ សូម្បី​តែ​អ្នក​និពន្ធ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​ត្រូវ​កែប្រែ​សៀវភៅ​របស់​ពួក​គេ​ដើម្បី​ឲ្យ​សម​ស្រប​តាម​ការ​រក​ឃើញ​ថ្មី​ៗ​ដែរ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បរិសុទ្ធ​បាន​បញ្ជាក់​ថា គឺ​ព្រះ​ជា​អ្នក​និពន្ធ ហើយ​ថា​បណ្ដាំ​របស់​លោក​«​ស្ថិតស្ថេរ​ជា​រៀង​រហូត​»។—ពេត្រុសទី១ ១:២៥

      ឧទាហរណ៍: ច្បាប់​របស់​ម៉ូសេ​បាន​បង្គាប់​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​កប់​លាមក​របស់​ពួក​គេ​នៅ​«​ខាង​ក្រៅ​ទី​ដំឡើង​ត្រ​សាល​»។ (​ចោទិយកថា ២៣:១២, ១៣​) បើ​ពួក​គេ​ប៉ះពាល់​ខ្មោច​សត្វ​ឬ​ក៏​សាកសព​មនុស្ស ពួក​គេ​ត្រូវ​តែ​បោក​សម្លៀក​បំពាក់​ខ្លួន។ (​លេវីវិន័យ ១១:២៧, ២៨; ជនគណនា ១៩:​១៤​-​១៦​) បន្ថែម​ទៅ​ទៀត អ្នក​កើត​ជំងឺ​ឃ្លង់​ត្រូវ​តែ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​រហូត​ដល់​ពួក​គេ​បាន​ត្រូវ​ពិនិត្យ​សុខភាព​ថា ជំងឺ​នោះ​មិន​អាច​ឆ្លង​ដល់​អ្នក​ឯ​ទៀត។—លេវីវិន័យ ១៣:១​-​៨

      អ្វី​ដែល​វិជ្ជា​ពេទ្យ​សម័យ​ទំនើប​បញ្ជាក់: ការ​បន្ទោ​បង់​នៅ​កន្លែង​ត្រឹម​ត្រូវ ការ​លាង​ដៃ និង​ការ​ដាក់​ឲ្យ​រស់​នៅ​ដាច់​ឡែក​ពី​គេ នៅ​តែ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ។ អង្គការ​មួយ​របស់​សហរដ្ឋអាម៉េរិក​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​បាន​ជូន​យោបល់​ថា បើ​គ្មាន​បង្គន់​ត្រឹម​ត្រូវ ឬ​ប្រព័ន្ធ​លូទេ ​«​អ្នក​គួរ​ទៅ​បន្ទោ​បង់​ឲ្យ​ឆ្ងាយ​យ៉ាង​ហោច​ណាស់​៣០​ម៉ែត្រ​ពី​ប្រភព​ទឹក ហើយ​ជីក​កប់​លាមក​នោះ​»។ (​U.S. Centers for Disease Control and Prevention​) អង្គការ​សុខភាព​ពិភព​លោក​បាន​រាយ​ការណ៍​ថា កាល​ដែល​សហគមន៍​ចេះ​កប់​លាមក​ឲ្យ​បាន​ត្រឹម​ត្រូវ ពួក​គេ​អាច​កាត់​បន្ថយ​ជំងឺ​រាគ​រូស​បាន​៣៦​ភាគ​រយ។ តិច​ជាង​២០០​ឆ្នាំ​មុន គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា ពួក​គេ​បាន​ចម្លង​ជំងឺ​ដល់​អ្នក​ជំងឺ​ជា​ច្រើន​នាក់ ដោយ​សារ​ពួក​គេ​មិន​បាន​លាង​ដៃ​ក្រោយ​ពេល​ប៉ះពាល់​សាកសព។ អង្គការ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នៅ​តែ​បញ្ជាក់​ថា ការ​លាង​ដៃ​«​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​»។ ចុះ​យ៉ាង​ណា​ចំពោះ​ការ​ឲ្យ​អ្នក​ជំងឺ​ឃ្លង់ ឬ​អ្នក​ដែល​មាន​ជំងឺ​ឆ្លង​ឯ​ទៀត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ? នៅ​ពេល​ថ្មី​ៗ​នេះ ទស្សនាវដ្ដី​មួយ​អំពី​សុខភាព​បាន​សរសេរ​ថា​៖ ​«​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​រាតត្បាត ការ​នៅ​ឲ្យ​ឆ្ងាយ​និង​ការ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ប្រហែលជា​វិធី​តែ​មួយ​គត់ និង​ជា​វិធី​ចុង​ក្រោយ​ដែល​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នោះ​បាន​»​ (​Saudi Medical Journal​)។

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​លោក​អ្នក​គិត​ថា​មាន​សៀវភៅ​បរិសុទ្ធ​ពី​សម័យ​បុរាណ​ផ្សេង​ទៀត ដែល​បញ្ជាក់​ព័ត៌មាន​ត្រឹម​ត្រូវ​ខាង​វិជ្ជា​ពេទ្យ​សម័យ​ទំនើប​នេះ​ឬ​ទេ? ឬ​ក៏​មាន​តែ​គម្ពីរ​បរិសុទ្ធ​មួយ​ប៉ុណ្ណោះ?

      [​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៦​]

      ​«​គ្មាន​អ្នក​ណា​ម្នាក់​ដែល​នឹង​មិន​កោត​ស្ងើច​ចំពោះ​វិធានការ​រក្សា​អនាម័យ នៅ​សម័យ​ម៉ូសេ​ឡើយ​»​ (​MANUAL OF TROPICAL MEDICINE, BY DRS. ALDO CASTELLANI AND ALBERT J. CHALMERS​)។

  • សៀវភៅផ្សេងៗដែលមានសាច់រឿងស្របគ្នា
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ កក្កដា
    • សៀវភៅ​ផ្សេង​ៗ​ដែល​មាន​សាច់​រឿង​ស្រប​គ្នា​

      ​«​ទំនាយ​មិន​ដែល​កើត​ចេញ​ពី​បំណង​ប្រាថ្នា​របស់​មនុស្ស​ទេ តែ​មនុស្ស​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ​»។—ពេត្រុសទី២ ១:២១

      លក្ខណៈ​ខុស​ប្លែក​នៃ​គម្ពីរ​បរិសុទ្ធ: ទោះ​ជា​កំណត់​ហេតុ​ជា​ច្រើន​ពី​សម័យ​បុរាណ​បាន​ត្រូវ​សរសេរ​ក្នុង​ពេល​ដូច​គ្នា​ក៏​ដោយ តែ​កំណត់​ហេតុ​ទាំង​នោះ​ច្រើន​តែ​មិន​ស្រប​គ្នា។ ទម្រាំ​តែ​សៀវភៅ​ដែល​បាន​ត្រូវ​សរសេរ​ដោយ​មនុស្ស​ផ្សេង​គ្នា ពេល​វេលា​និង​ទី​កន្លែង​ខុស​គ្នា នោះ​កម្រ​ណាស់​ដែល​ព័ត៌មាន​ទាំង​នោះ​ស្រប​គ្នា​ទាំង​ស្រុង។ គម្ពីរ​បរិសុទ្ធ​គឺជា​សៀវភៅ​ចំនួន​៦៦​ក្បាល​ចង​ក្រង​រួម​គ្នា ក៏​ប៉ុន្តែ គម្ពីរ​ចែង​ថា​មាន​អ្នក​និពន្ធ​តែ​ម្នាក់ ហើយ​នោះ​ធ្វើ​ឲ្យ​គម្ពីរ​បរិសុទ្ធ​មាន​សាច់​រឿង​តែ​មួយ និង​មាន​ព័ត៌មាន​ស្រប​គ្នា។—ធីម៉ូថេទី២ ៣:១៦

      ឧទាហរណ៍: ម៉ូសេ​ជា​អ្នក​គង្វាល​ម្នាក់​ដែល​រស់​នៅ​សតវត្សរ៍​ទី​១៦ មុន​គ.ស. គាត់​បាន​សរសេរ​សៀវភៅ​ទី​១​ក្នុង​គម្ពីរ​បរិសុទ្ធ​ដោយ​រៀប​រាប់​អំពី​«​ពូជ​»​មួយ​ដែល​នឹង​មក​សង្គ្រោះ​មនុស្ស​ជាតិ។ ក្រោយ​មក​សៀវភៅ​នេះ​បាន​ទាយ​ថា ពូជ​នោះ​នឹង​មក​តាម​រយៈ​កូន​ចៅ​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប។ (​លោកុប្បត្តិ ៣:១៥; ២២:១៧, ១៨; ២៦:២៤; ២៨:១៤​) ប្រហែល​៥០០​ឆ្នាំ​ក្រោយ​មក ណាថាន់​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​បញ្ជាក់​ថា ពូជ​នេះ​នឹង​មក​តាម​រយៈ​សែស្រឡាយ​ដាវីឌ។ (​សាំយូអែលទី២ ៧:១២​) មួយ​ពាន់​ឆ្នាំ​ក្រោយ​មក​ទៀត សាវ័ក​ប៉ូល​បាន​ពន្យល់​ថា ពូជ​នោះ​គឺជា​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​មួយ​ក្រុម​ដែល​បាន​ត្រូវ​រើស​តាំង។ (​រ៉ូម ១:១​-​៤; កាឡាទី ៣:១៦, ២៩​) ទី​បំផុត នៅ​ចុង​សតវត្សរ៍​ទី​១ គ.ស. សៀវភៅ​ចុង​ក្រោយ​ក្នុង​គម្ពីរ​បរិសុទ្ធ​បាន​ទាយ​ថា សមាជិក​នៃ​ពូជ​នោះ​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​នៅ​ផែនដី ហើយ​ពួក​គេ​នឹង​ត្រូវ​ឡើង​ទៅ​ស្ថាន​សួគ៌​ដើម្បី​គ្រប់​គ្រង​ជា​មួយ​លោក​ក្នុង​រយៈ​ពេល​១.០០០​ឆ្នាំ។ ពូជ​នេះ​នឹង​បំផ្លាញ​មេកំណាច ហើយ​សង្គ្រោះ​មនុស្ស​ជាតិ។—ការ​បើក​បង្ហាញ ១២:​១៧; ២០:៦​-​១០

      ការ​បញ្ជាក់​ពី​អ្នក​វិភាគ​គម្ពីរ: បន្ទាប់​ពី​បាន​ស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់​នូវ​សៀវភៅ​ទាំង​៦៦​ក្បាល​ក្នុង​គម្ពីរ​បរិសុទ្ធ លោក​លូវីស ហ្គូសេន បាន​សរសេរ​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​«​ភាព​ស្រប​គ្នា​យ៉ាង​អស្ចារ្យ​នៃ​គម្ពីរ​បរិសុទ្ធ ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រយៈ​ពេល​១.៥០០​ឆ្នាំ​ដោយ​អ្នក​និពន្ធ​ច្រើន​នាក់ . . . ដែល​ព្យាយាម​សម្រេច​គោលដៅ​តែ​មួយ ហើយ​បន្ត​សម្រេច​កិច្ចការ​នោះ ទោះ​ជា​ពួក​គេ​មិន​យល់​ច្បាស់​អំពី​គោលដៅ​នោះ​ក៏​ដោយ ពោល​គឺ​ការ​លោះ​ពិភព​លោក​តាម​រយៈ​បុត្រ​របស់​ព្រះ​»​ (​Theopneusty—The Plenary Inspiration of the Holy Scriptures​)។

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​លោក​អ្នក​គិត​ថា​មាន​សៀវភៅ​ផ្សេង​ទៀត​ដែល​បាន​សរសេរ​ក្នុង​រយៈ​ពេល​ច្រើន​ជាង​១.៥០០​ឆ្នាំ​ដោយ​មនុស្ស​៤០​នាក់ ដែល​អាច​មាន​សាច់​រឿង​ស្រប​គ្នា​យ៉ាង​នេះ​ឬ​ទេ? ឬ​ក៏​មាន​តែ​គម្ពីរ​បរិសុទ្ធ​មួយ​ប៉ុណ្ណោះ?

      [​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៧​]

      ​«​ពេល​ដែល​ឯកសារ​ទាំង​នេះ​បញ្ចូល​គ្នា នោះ​ទៅ​ជា​សៀវភៅ​មួយ . . . ហើយ​គ្មាន​សៀវភៅ ​មួយ​ណា​ក្នុង​ពិភព​លោក​នេះ​ អាច​ប្រៀប​ផ្ទឹម​បាន​សូម្បី​តែ​ បន្ដិច​ក៏​ដោយ​»​ (​THE PROBLEM OF THE OLD TESTAMENT, BY JAMES ORR​)។

  • មានប្រយោជន៍នៅសព្វថ្ងៃនេះ
    ទស្សនាវដ្ដីប៉មយាម ២០១២ | ១ កក្កដា
    • មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ

      ​«​ព្រះ​បន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល​បង្គំ​ផង​»។—ទំនុកតម្កើង ១១៩:១០៥

      លក្ខណៈ​ខុស​ប្លែក​នៃ​គម្ពីរ​បរិសុទ្ធ: មនុស្ស​បាន​ចាត់​ទុក​សៀវភៅ​ខ្លះ​ថា​ជា​សៀវភៅ​រឿង​ល្អ​មើល។ ប៉ុន្តែ សៀវភៅ​ទាំង​នោះ​មិន​អាច​ផ្ដល់​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​ចំពោះ​ជីវិត​បាន​ឡើយ។ ចំណែក​សៀវភៅ​ណែនាំ​ដែល​មាន​នៅ​សម័យ​ទំនើប​នេះ​វិញ​តែង​តែ​កែប្រែ​ជា​និច្ច។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បរិសុទ្ធ​បាន​ចែង​ថា​៖ ‹អ្វី​ៗ​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង›។—រ៉ូម ១៥:៤

      ឧទាហរណ៍: ទោះ​ជា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ដែល​ផ្ដល់​ការ​ណែនាំ​ស្តី​អំពី​ការ​ព្យាបាល​ក្ដី តែ​គម្ពីរ​ក៏​មាន​យោបល់​ដ៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ដែរ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​៖ ​«​ជីវិត​របស់​សាច់​ឈាម នោះ​គឺជា​ចិត្ត​ដែល​ស្ងប់​រំ​ងាប់​»។ (​សុភាសិត ១៤:៣០​) ថែម​ទាំង​បាន​ព្រមាន​ថា​៖ ​«​អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ នោះ​ជា​អ្នក​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ ហើយ​ក៏​មាន​ចិត្ត​គ្នាន់​ក្នាញ់​ទាស់​នឹង​អស់​ទាំង​សេចក្ដី​ដែល​មាន​ទំនង​»។ (​សុភាសិត ១៨:​១​) ម្យ៉ាង​ទៀត គម្ពីរ​ក៏​បាន​ចែង​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

      ការ​បញ្ជាក់​ពី​អ្នក​ស្រាវជ្រាវ: ចិត្ត​ស្ងប់ ចំណង​មិត្តភាព​រឹង​មាំ និង​ចិត្ត​សប្បុរស​អាច​ធ្វើ​ឲ្យ​លោក​អ្នក​មាន​សុខភាព​ល្អ​ជាង។ ទស្សនាវដ្ដី​មួយ​បាន​រាយ​ការណ៍​ថា​៖ ​«​បុរស​ដែល​ឆាប់​ផ្ទុះ​កំហឹង​មាន​លទ្ធភាព​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ពីរ​ដង​ច្រើន​ជាង​មនុស្ស​ដែល​ចេះ​គ្រប់​គ្រង​កំហឹង​របស់​ខ្លួន​»។ (​The Journal of the American Medical Association​) ការ​សិក្សា​ស្រាវជ្រាវ​អស់​រយៈ​ពេល​១០​ឆ្នាំ​ក្នុង​ប្រទេស​អូស្ដ្រាលី​បាន​រក​ឃើញ​ថា មនុស្ស​ចាស់​ដែល​«​សេពគប់​មិត្ត​ភក្ដិ​ច្រើន ឬ​មាន​មនុស្ស​ដែល​ពួក​គេ​អាច​និយាយ​រឿង​ផ្ទាល់​ខ្លួន​បាន​»​ទំនង​ជា​មាន​អាយុ​វែង​ជាង។ បន្ថែម​ទៅ​ទៀត ក្នុង​ឆ្នាំ​២០០៨ អ្នក​ស្រាវជ្រាវ​ពី​ប្រទេស​កាណាដា និង​សហរដ្ឋអាម៉េរិក​បាន​យល់​ថា ​«​មនុស្ស​ដែល​ចំណាយ​លុយ​ដើម្បី​អ្នក​ឯ​ទៀត មាន​សុភមង្គល​ច្រើន​ជាង​មនុស្ស​ដែល​ចំណាយ​លុយ​ដើម្បី​ខ្លួន​ឯង​»។

      តើ​លោក​អ្នក​គិត​យ៉ាង​ណា? ស្តី​អំពី​បញ្ហា​សុខភាព តើ​លោក​អ្នក​អាច​ទុក​ចិត្ត​ឱវាទ​ដែល​មក​ពី​សៀវភៅ​ផ្សេង​ទៀត​ដែល​បាន​ត្រូវ​សរសេរ​ចប់​ជាង​២.០០០​ឆ្នាំ​មុន​ឬ​ទេ? ឬ​ក៏​មាន​តែ​គម្ពីរ​បរិសុទ្ធ​មួយ​ប៉ុណ្ណោះ?

      [​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៨​]

      ​«​គម្ពីរ​បរិសុទ្ធ​ធ្វើ​ឲ្យ​ខ្ញុំ​ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង . . .  ដោយ​សារ​គម្ពីរ​មាន​ឱវាទ​ ដ៏​ល្អ​បំផុត​ស្តី​អំពី​រឿង​សុខភាព​»​ (​HOWARD KELLY, M.D., FOUNDING FACULTY MEMBER OF THE JOHNS HOPKINS UNIVERSITY SCHOOL OF MEDICINE​)។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក