ជំពូកទី៨
អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
អ្នកបម្រើរបស់ព្រះដែលប្រកាសដំណឹងល្អ
ព្រះយេហូវ៉ាបានចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកផែនដី ដើម្បីទុកតម្រាប់ឬគំរូល្អឥតខ្ចោះសម្រាប់យើង។ (១ពេ. ២:២១) កាលណាមនុស្សម្នាក់ទៅជាអ្នកកាន់តាមព្រះយេស៊ូ ទ្រង់ជួយអ្នកនោះផ្សព្វផ្សាយដំណឹងល្អក្នុងនាមជាអ្នកបម្រើមួយរូបរបស់ព្រះ។ ព្រះយេស៊ូបានបញ្ជាក់ឲ្យដឹងថា ការធ្វើដូច្នេះនឹងធ្វើឲ្យយើងមានកម្លាំងខាងវិញ្ញាណ។ ទ្រង់មានបន្ទូលថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ! [ឬអាចបកប្រែម្យ៉ាងទៀតថា «ហើយទៅជាសិស្សរបស់ខ្ញុំ»] ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង»។ (ម៉ាថ. ១១:២៨, ២៩) អស់អ្នកដែលធ្លាប់ធ្វើតាមសេចក្ដីអញ្ជើញរបស់ព្រះយេស៊ូ បានឃើញថាអ្វីពួកគេបានទទួលគឺដូចទ្រង់បានសន្យាមែន!
ក្នុងនាមជាអ្នកបម្រើសំខាន់បំផុតរបស់ព្រះ ព្រះយេស៊ូធ្លាប់អញ្ជើញមនុស្សខ្លះទៀតឲ្យតាមទ្រង់។ (ម៉ាថ. ៩:៩; យ៉ូន. ១:៤៣) ទ្រង់បានបង្ហាត់បង្រៀនអ្នកទាំងនោះអំពីរបៀបបំពេញកិច្ចបម្រើផ្សាយ ហើយបានចាត់ពួកគេឲ្យទៅធ្វើកិច្ចការដែលទ្រង់កំពុងតែធ្វើដែរ។ (ម៉ាថ. ១០:១-១១:១; ២០:២៨; លូ. ៤:៤៣) ក្រោយមក ព្រះយេស៊ូបានចាត់សិស្ស៧០នាក់ទៀត ឲ្យទៅប្រកាសផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដែរ។ (លូ. ១០:១, ៨-១១) នៅពេលដែលព្រះយេស៊ូចាត់សិស្សរបស់ទ្រង់ឲ្យទៅ ទ្រង់មានបន្ទូលថា៖ «អ្នកណាដែលស្ដាប់អ្នករាល់គ្នា នោះឈ្មោះថាស្ដាប់ខ្ញុំ។ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា នោះឈ្មោះថាមើលងាយដល់ខ្ញុំ។ ហើយអ្នកណាដែលមើលងាយខ្ញុំ នោះក៏ឈ្មោះថាមើលងាយ ដល់ព្រះដែលចាត់ឲ្យខ្ញុំមកដែរ»។ (លូ. ១០:១៦) ដោយមានបន្ទូលយ៉ាងនេះ ព្រះយេស៊ូសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃភារកិច្ចដែលទ្រង់បានប្រគល់ដល់សិស្សទាំងនោះ ពោលគឺ ពួកគាត់ត្រូវផ្សព្វផ្សាយតាងនាមព្រះដ៏ខ្ពស់បំផុត! សូម្បីតែសព្វថ្ងៃនេះក៏ដោយ អស់អ្នកដែលស្ដាប់តាមសេចក្ដីអញ្ជើញរបស់ព្រះយេស៊ូហើយ«មកតាម[ទ្រង់]» ក៏មានភារកិច្ចដូចសិស្សទាំងនោះដែរ។ (លូ. ១៨:២២) អ្នកណាដែលស្ដាប់តាមសេចក្ដីអញ្ជើញរបស់ព្រះយេស៊ូ អ្នកនោះបានត្រូវព្រះបង្គាប់ឲ្យផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ទ្រង់ ហើយនាំមនុស្សឲ្យធ្វើជាសិស្សរបស់ព្រះយេស៊ូ។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០
ម្ល៉ោះហើយ យើងបានទទួលរង្វាន់មួយ ពោលគឺចំណេះអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រិស្ត ពីព្រោះយើងបានស្ដាប់តាមសេចក្ដីអញ្ជើញ ហើយមកតាមទ្រង់។ (យ៉ូន. ១៧:៣) យើងបានត្រូវអប់រំអំពីផ្លូវរបស់ព្រះយេហូវ៉ា។ ដោយមានជំនួយពីទ្រង់ យើងបានកែប្រែគំនិតជាថ្មីឡើង បានកែប្រែបុគ្គលិកលក្ខណៈរបស់យើង ហើយបានចាប់ផ្ដើមប្រព្រឹត្តសមស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ។ (រ៉ូម ១២:១, ២; អេភ. ៤:២២-២៤; កូល. ៣:៩, ១០) ចិត្តកតញ្ញូបានជំរុញឲ្យយើងថ្វាយខ្លួនដល់ព្រះយេហូវ៉ា ហើយបញ្ជាក់ការថ្វាយខ្លួននោះដោយទទួលការជ្រមុជទឹក។ ពេលដែលយើងទទួលការជ្រមុជទឹក យើងទៅជាអ្នកបម្រើព្រះជាផ្លូវការ។
សូមចងចាំថា ការបម្រើព្រះតម្រូវឲ្យយើងមានដៃស្អាតឬការប្រព្រឹត្តល្អ ហើយក៏តម្រូវឲ្យមានចិត្តបរិសុទ្ធដែរ។ (ទំនុក. ២៤:៣, ៤; អេសា. ៥២:១១; ២កូ. ៦:១៤-៧:១) ដោយសារយើងមានជំនឿលើព្រះយេស៊ូគ្រិស្ត នោះយើងមានសេចក្ដីក្លាហានក្នុងការទូលព្រះ ហើយក៏មានអារម្មណ៍ថាព្រះសព្វព្រះហឫទ័យនឹងយើង មិនមែនផ្ដន្ទាទោសយើងឡើយ។ (ហេ. ១០:១៩-២៣, ៣៥, ៣៦; វិវរ. ៧:៩, ១០, ១៤) សាវ័កប៉ុលធ្លាប់ដាស់តឿនគ្រិស្តសាសនិកឲ្យធ្វើអ្វីៗទាំងអស់សម្រាប់ចម្រើនសិរីរុងរឿងរបស់ព្រះ ដើម្បីកុំធ្វើឲ្យអ្នកណាជំពប់ដួលខាងវិញ្ញាណឡើយ។ ម្យ៉ាងវិញទៀត សាវ័កពេត្រុសបានដៅបញ្ជាក់ទៅលើរបៀបដែលការប្រព្រឹត្តសមស្របតាមខ្នាតតម្រារបស់ព្រះជួយយ៉ាងច្រើន ក្នុងការទាញមនុស្សមកខាងឯសេចក្ដីពិត។ (១កូ. ១០:៣១, ៣៣; ១ពេ. ៣:១) តើអ្នកអាចជួយមនុស្សយ៉ាងដូចម្ដេច ឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទៅជាអ្នកបម្រើព្រះដែលប្រកាសផ្សាយដំណឹងល្អ?
អ្នកផ្សព្វផ្សាយថ្មី
ចាប់តាំងពីលើកដំបូងដែលអ្នកសិក្សាព្រះគម្ពីរជាមួយអ្នកចាប់អារម្មណ៍ម្នាក់ ចូរលើកទឹកចិត្តគាត់ឲ្យនិយាយជាមួយអ្នកឯទៀតអំពីអ្វីដែលគាត់កំពុងតែរៀនពីព្រះគម្ពីរ។ អ្នកអាចលើកទឹកចិត្តគាត់ឲ្យនិយាយជាមួយញាតិសន្ដាន មិត្តភក្ដិ អ្នកធ្វើការជាមួយ និងមនុស្សឯទៀតនៅពេលណាដែលគាត់ឃើញថាមានឱកាស។ នេះជាដំណាក់កាលសំខាន់មួយ ក្នុងការបង្រៀនអ្នកថ្មីឲ្យទៅជាអ្នកកាន់តាមព្រះយេស៊ូគ្រិស្តដោយធ្វើជាអ្នកបម្រើព្រះ ដែលផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាថ. ៩:៩; លូ. ៦:៤០) កាលដែលអ្នកថ្មីនោះលូតលាស់ខាងវិញ្ញាណហើយមានសមត្ថភាពកាន់តែច្រើនក្នុងការផ្សព្វផ្សាយក្រៅផ្លូវការ គាត់ច្បាស់ជានឹងប្រាប់ថាគាត់ចង់ចូលរួមកិច្ចផ្សព្វផ្សាយសាធារណៈជាមួយក្រុមជំនុំ។
របៀបបំពេញតម្រូវការ
មុនដែលអញ្ជើញអ្នកថ្មីណាម្នាក់ឲ្យចូលរួមកិច្ចផ្សព្វផ្សាយជាមួយអ្នកជាលើកដំបូង ហើយមុនដែលអ្នកប្រាប់គាត់ឲ្យជូនសេចក្ដីរាយការណ៍ដល់ក្រុមជំនុំស្តីអំពីកិច្ចផ្សព្វផ្សាយរបស់ខ្លួន នោះមានតម្រូវការមួយចំនួនដែលគាត់ត្រូវបំពេញជាមុនសិន។ នេះដោយសារនៅពេលអ្នកណាម្នាក់ទៅជាមួយយើងក្នុងកិច្ចផ្សព្វផ្សាយ គាត់បង្ហាញជាចំហថា គាត់ចូលរួមជាមួយក្រុមជំនុំនៃរាស្ត្រព្រះយេហូវ៉ា។ ដូច្នេះអ្នកឯទៀតនឹងយល់ថាគាត់បានកែប្រែជីវិតឲ្យសមស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ារួចហើយ ព្រមទាំងអាចចូលរួមជាមួយក្រុមជំនុំជាអ្នកផ្សព្វផ្សាយមិនទាន់បានជ្រមុជទឹក។
កាលដែលបង្រៀនអ្នកថ្មីនោះ ហើយពិភាក្សាជាមួយគាត់អំពីគោលការណ៍ព្រះគម្ពីរ អ្នកទំនងជានឹងចាប់ផ្ដើមស្គាល់កាលៈទេសៈរបស់គាត់។ អ្នកប្រហែលជានឹងសង្កេតឃើញថា គាត់មានរបៀបរស់នៅដែលសមស្របតាមអ្វីគាត់បានរៀនពីការសិក្សាព្រះគម្ពីរ។ ទោះជាយ៉ាងនោះក៏ដោយ មុនដែលអ្នកអញ្ជើញគាត់ឲ្យទៅជាមួយអ្នកក្នុងកិច្ចផ្សព្វផ្សាយហើយធ្វើបន្ទាល់ជាសាធារណៈនោះ មានរឿងខ្លះដែលអ្នកចាស់ទុំចង់ពិភាក្សាជាមួយគាត់និងអ្នកជាមួយគ្នា ស្តីអំពីរបៀបរស់នៅរបស់គាត់។
ប្រធានអ្នកចាស់ទុំនឹងចាត់ចែងឲ្យអ្នកចាស់ទុំពីរនាក់ (ដែលក្នុងនោះមានម្នាក់ជាសមាជិកគណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ) ពិភាក្សារឿងនេះជាមួយអ្នកនិងសិស្សព្រះគម្ពីររបស់អ្នក។ ពួកគាត់នឹងពិភាក្សាចំណុចតទៅនេះ:
● តើពាក្យសម្ដីរបស់គាត់បង្ហាញថា គាត់ជឿថាព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ ដែលទ្រង់បានបណ្ដាលឲ្យសរសេរឬទេ? (២ធី. ៣:១៦)
● តើគាត់ដឹងនិងជឿសេចក្ដីបង្រៀនសំខាន់ៗដំបូងក្នុងបទគម្ពីរ ដើម្បីអាចឆ្លើយសមស្របតាមអ្វីក្នុងព្រះគម្ពីរពេលដែលមនុស្សសួរសំណួរ ជាជាងឆ្លើយតាមសេចក្ដីបង្រៀនសាសនាមិនពិតឬតាមមតិយោបល់របស់ខ្លួនទេ? (ម៉ាថ. ៧:២១-២៣; ២ធី. ២:១៥)
● តើគាត់កំពុងតែធ្វើតាមសេចក្ដីបង្គាប់ក្នុងព្រះគម្ពីរ ដែលឲ្យចូលរួមជាមួយរាស្ត្រព្រះយេហូវ៉ានៅកិច្ចប្រជុំក្រុមជំនុំប្រសិនបើសុខភាពនិងកាលៈទេសៈផ្ដល់លទ្ធភាព? (ទំនុក. ១២២:១; ហេ. ១០:២៤, ២៥)
● តើគាត់ដឹងអ្វីដែលព្រះគម្ពីរបង្រៀនអំពីអំពើអសីលធម៌ខាងផ្លូវភេទ ការផិតក្បត់ ការមានប្រពន្ធឬប្ដីច្រើន និងការស្រឡាញ់មនុស្សភេទដូចគ្នាឬទេ? តើរបៀបរស់នៅរបស់គាត់សមស្របតាមសេចក្ដីបង្រៀនទាំងនេះឬទេ? ប្រសិនបើគាត់រស់នៅជាមួយមនុស្សភេទផ្ទុយ តើពួកគាត់បានរៀបការត្រឹមត្រូវ (ស្របច្បាប់និងស្របតាមបទគម្ពីរ) ទេ? (ម៉ាថ. ១៩:៩; ១កូ. ៦:៩, ១០; ១ធី. ៣:២, ១២; ហេ. ១៣:៤)
● តើគាត់គោរពតាមច្បាប់ព្រះគម្ពីរដែលហាមផឹកស្រាស្រវឹងទេ? (អេភ. ៥:១៨; ១ពេ. ៤:៣, ៤) បើមិនមែនសម្រាប់ព្យាបាលជំងឺ តើគាត់ជៀសចេញពីថ្នាំដែលប៉ះពាល់ដល់សតិអារម្មណ៍និងថ្នាំញៀនសព្វបែបយ៉ាងឬទេ? (២កូ. ៧:១)
● តើគាត់យល់សារៈសំខាន់នៃការមិនសេពគប់ពួកម៉ាកអាក្រក់ទេ? (១កូ. ១៥:៣៣)
● តើគាត់បានផ្ដាច់ទំនាក់ទំនង លែងធ្វើជាសមាជិកនៃអង្គការសាសនាមិនពិតទាំងអស់ ដែលគាត់ប្រហែលជាធ្លាប់ទាក់ទងពីមុនទេ? តើគាត់បានឈប់ទៅប្រជុំរបស់សាសនាទាំងនោះ ហើយលែងគាំទ្រនិងចូលរួមសកម្មភាពរបស់ពួកគេដែរឬទេ? (២កូ. ៦:១៤-១៨; វិវរ. ១៨:៤)
● តើគាត់បានដកខ្លួនពីសកម្មភាពទាំងអស់ដែលពាក់ព័ន្ធរឿងនយោបាយរបស់លោកិយនេះទេ? (យ៉ូន. ៦:១៥; ១៥:១៩; យ៉ា. ១:២៧)
● តើគាត់ជឿនិងប្រព្រឹត្តសមស្របតាមអ្វីដែលសរសេរក្នុងព្រះគម្ពីរនៅអេសាយ ២:៤ ស្តីអំពីរឿងរ៉ាវរបស់សាសន៍ទាំងឡាយទេ?
● តើគាត់ពិតជាចង់ធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ាទេ? (ទំនុក. ១១០:៣)
ប្រសិនបើអ្នកចាស់ទុំមិនយល់ច្បាស់អំពីអារម្មណ៍របស់សិស្សនោះចំពោះរឿងខ្លះដែលពាក់ព័ន្ធនឹងសំណួរទាំងនេះ ពួកគាត់គួរសុំសិស្សនោះបើកមើលនិងប្រាប់យោបល់អំពីបទគម្ពីរដែលមាននៅទីនេះ ដើម្បីជួយឲ្យសិស្សនោះយល់សារៈសំខាន់នៃអ្វីដែលសរសេរក្នុងបទគម្ពីរ។ គឺជាការសំខាន់ណាស់ ដែលសិស្សនោះយល់ថា អ្នកណាដែលចូលរួមជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងកិច្ចផ្សព្វផ្សាយ អ្នកនោះត្រូវតែមានរបៀបរស់នៅដែលសមស្របតាមខ្នាតតម្រាក្នុងបទគម្ពីរ។ អ្វីដែលគាត់និយាយនឹងជួយឲ្យអ្នកចាស់ទុំយល់ថា តើគាត់ស្គាល់តម្រូវការដែលគាត់ត្រូវបំពេញឬមិនស្គាល់ ហើយតើគាត់មានការលក្ខណៈល្មមគ្រប់គ្រាន់ដើម្បីចូលរួមកិច្ចផ្សព្វផ្សាយឬក៏មិនមាននោះ។
ប្រសិនបើគាត់មានលក្ខណៈគ្រប់គ្រាន់ អ្នកចាស់ទុំអាចប្រាប់គាត់យ៉ាងរាក់ទាក់ថា គាត់អាចចូលរួមសកម្មភាពជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាដូចបំណង។ (រ៉ូម ១៥:៧) អ្នកចាស់ទុំគួរលើកទឹកចិត្តគាត់ឲ្យចូលរួមកិច្ចផ្សព្វផ្សាយឲ្យបានឆាប់បំផុត ហើយជូនសេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយនៅដំណាច់ខែនោះ។ អ្នកចាស់ទុំអាចពន្យល់ដែរថា ពួកគាត់បំពេញរបាយការណ៍សកម្មភាពផ្សព្វផ្សាយមួយសម្រាប់សិស្សម្នាក់ៗ ពេលដែលសិស្សមានលក្ខណៈគ្រប់គ្រាន់ឲ្យធ្វើជាអ្នកផ្សព្វផ្សាយមិនទាន់បានជ្រមុជទឹក ហើយក៏ជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយជាលើកដំបូង។ របាយការណ៍នោះនឹងត្រូវទុកក្នុងឯកសាររបស់ក្រុមជំនុំ។ អ្នកចាស់ទុំក៏អាចពន្យល់គាត់ថា រាល់ខែអ្នកចាស់ទុំតែងតែចាប់អារម្មណ៍នឹងសេចក្ដីរាយការណ៍របស់អ្នកផ្សាយម្នាក់ៗដែលត្រូវជូន។
បើអ្នកចាស់ទុំព្យាយាមស្គាល់អ្នកផ្សាយថ្មីនោះឲ្យច្បាស់ជាង ហើយបង្ហាញចំណាប់អារម្មណ៍យ៉ាងស្មោះទៅលើសមិទ្ធផលរបស់គាត់ក្នុងកិច្ចផ្សព្វផ្សាយ នោះអាចលើកទឹកចិត្តគាត់ ហើយប្រហែលជាជំរុញឲ្យព្យាយាមលើសដើមក្នុងការបម្រើព្រះយេហូវ៉ា ថែមទាំងជូនសេចក្ដីរាយការណ៍ជាទៀងទាត់រាល់ខែ។—ភី. ២:៤; ហេ. ១៣:២
ក្រោយអ្នកចាស់ទុំបានសម្រេចចិត្តថា សិស្សព្រះគម្ពីរនោះមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមកិច្ចផ្សព្វផ្សាយ នោះគាត់អាចទទួលសៀវភៅដែលមានចំណងជើងថា «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ»។ ក្រោយគាត់ជូនសេចក្ដីរាយការណ៍ជាលើកដំបូង គួរមានសេចក្ដីជូនដំណឹងយ៉ាងខ្លីក្នុងក្រុមជំនុំថា គាត់ជាអ្នកផ្សព្វផ្សាយថ្មីដែលមិនទាន់បានជ្រមុជទឹក។
របៀបជួយអ្នកដែលនៅក្មេង
កូនក្មេងក៏អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីទៅជាអ្នកផ្សព្វផ្សាយដំណឹងល្អដែរ។ ព្រះយេស៊ូធ្លាប់ទទួលកូនក្មេងមកឯទ្រង់ ហើយប្រទានពរពួកគេ។ (ម៉ាថ. ១៩:១៣-១៥; ២១:១៥, ១៦) ទោះជាភារកិច្ចជួយកូនខ្លួនជាភារកិច្ចរបស់មាតាបិតាក៏ពិតមែន តែអ្នកឯទៀតក្នុងក្រុមជំនុំក៏អាចជួយកូនក្មេងដែលមានចិត្តប្រាថ្នាឲ្យចូលរួមកិច្ចផ្សព្វផ្សាយពីព្រះរាជាណាចក្រព្រះ។ ប្រសិនបើអ្នកជាមាតាឬបិតានោះ គំរូល្អរបស់អ្នកក្នុងកិច្ចផ្សព្វផ្សាយនឹងលើកទឹកចិត្តកូនរបស់អ្នកច្រើនណាស់ ឲ្យខំខ្នះខ្នែងក្នុងការបម្រើព្រះ។ នៅពេលកូនជាគំរូល្អស្តីពីការប្រព្រឹត្ត ហើយមានចិត្តប្រាថ្នាចង់បញ្ជាក់ជំនឿរបស់ខ្លួនដោយប្រាប់អ្នកឯទៀតអំពីដំណឹងល្អនោះ តើអាចជួយគាត់យ៉ាងដូចម្ដេច?
ជាការសមរម្យបើមាតាឬបិតារបស់កូននោះ និយាយជាមួយអ្នកចាស់ទុំម្នាក់ដែលជាសមាជិកគណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ ដើម្បីពិភាក្សាថាតើកូនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទៅជាអ្នកផ្សព្វផ្សាយឬក៏មិនមាន។ ប្រធានអ្នកចាស់ទុំនឹងចាត់ចែងឲ្យអ្នកចាស់ទុំពីរនាក់(ដែលម្នាក់ជាសមាជិកគណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ) ជួបជាមួយកូននោះនិងមាតាបិតារបស់គាត់។ ប្រសិនបើកូននោះមានចំណេះអំពីសេចក្ដីពិតសំខាន់ដំបូងៗក្នុងព្រះគម្ពីរ ហើយបង្ហាញថាគាត់ពិតជាចង់ចូលរួមកិច្ចបម្រើ នេះបញ្ជាក់ថាគាត់បានរីកចម្រើនយ៉ាងល្អ។ ក្រោយបានពិចារណារឿងទាំងនេះនិងកត្ដាផ្សេងទៀតដែលស្រដៀងនឹងកត្ដាសម្រាប់មនុស្សពេញវ័យដែរ អ្នកចាស់ទុំពីរនាក់នោះអាចសម្រេចថាតើកូននោះអាចធ្វើជាអ្នកផ្សព្វផ្សាយដែលមិនទាន់បានជ្រមុជទឹកឬក៏មិនអាច។—លូ. ៦:៤៥; រ៉ូម ១០:១០
ការឧទ្ទិសថ្វាយខ្លួននិងការជ្រមុជទឹក
ប្រសិនបើអ្នកបានទទួលចំណេះពិតរួចហើយ ថែមទាំងបានបង្ហាញថាអ្នកស្រឡាញ់ព្រះ ដោយបានកែប្រែជីវិតឲ្យសមស្របតាមខ្នាតតម្រារបស់ទ្រង់ ហើយដោយចូលរួមក្នុងកិច្ចផ្សព្វផ្សាយ នោះអ្នកត្រូវតែពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា។ តើត្រូវពង្រឹងចំណងមិត្តភាពនោះយ៉ាងដូចម្ដេច? គឺដោយថ្វាយខ្លួនចំពោះទ្រង់តាមរយៈសេចក្ដីអធិស្ឋាន ព្រមទាំងបង្ហាញពីការថ្វាយខ្លួននោះដោយទទួលការជ្រមុជទឹក។—ម៉ាថ. ២៨:១៩, ២០
ការថ្វាយខ្លួនចំពោះព្រះមានន័យថា យើងទូលទ្រង់តាមរយៈសេចក្ដីអធិស្ឋាន ហើយសន្យាដោយស្មោះអស់ពីចិត្តថា អ្នកនឹងប្រើជីវិតរបស់អ្នកដើម្បីបម្រើទ្រង់និងដើរតាមផ្លូវរបស់ទ្រង់យ៉ាងស្មោះត្រង់ ដោយថ្វាយបង្គំទ្រង់តែមួយអង្គជារៀងរហូត។ (ចោទិ. ៥:៩) យ៉ាងនេះ អ្នកថ្វាយខ្លួនចំពោះព្រះ។ នេះជារឿងផ្ទាល់ខ្លួន។ គ្មានអ្នកណាអាចថ្វាយខ្លួនជំនួសអ្នកបានឡើយ។
ក៏ប៉ុន្តែ គឺមិនគ្រប់គ្រាន់ទេ បើអ្នកត្រឹមតែទូលព្រះយេហូវ៉ាដោយសម្ងាត់ថា អ្នកចង់ទៅជារបស់ផងទ្រង់។ អ្នកក៏ត្រូវបង្ហាញអ្នកឯទៀតថា អ្នកបានថ្វាយខ្លួនចំពោះព្រះ។ អ្នកបង្ហាញឲ្យអ្នកឯទៀតឃើញនេះ ដោយទទួលការជ្រមុជទឹកដូចព្រះយេស៊ូ។ (១ពេ. ២:២១; ៣:២១) ប្រសិនបើអ្នកបានសម្រេចចិត្តបម្រើព្រះយេហូវ៉ានិងទទួលការជ្រមុជទឹក តើអ្នកគួរធ្វើយ៉ាងណា? អ្នកគួរជម្រាបប្រធានអ្នកចាស់ទុំក្នុងក្រុមជំនុំស្មរបន្ទាល់ព្រះយេហូវ៉ាដែលអ្នកចូលរួម។ គាត់នឹងចាត់ចែងឲ្យមានអ្នកចាស់ទុំមួយចំនួនពិភាក្សាជាមួយអ្នក ដើម្បីប្រាកដថាអ្នកមានលក្ខណៈគ្រប់គ្រាន់តាមខ្នាតតម្រារបស់ព្រះសម្រាប់ការទទួលការជ្រមុជទឹក។ ដើម្បីទទួលព័ត៌មានថែមទៀត សូមមើលផ្នែកចំណងជើងថា«សារជូនអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹក» នៅទំព័រ៤ ហើយ«សំនួរសំរាប់អស់អ្នកដែលចង់ទទួលបុណ្យជ្រមុជទឹក» នៅ ទំព័រ៨ក្នុងសៀវភៅដែលមានចំណងជើងថា«ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ»។
សេចក្ដីរាយការណ៍អំពីការរីកចម្រើននៃកិច្ចបម្រើផ្សាយ
អស់ជាច្រើនឆ្នាំមកហើយ សេចក្ដីរាយការណ៍ដែលបញ្ជាក់អំពីការរីកចម្រើនឡើងនៃការថ្វាយបង្គំបរិសុទ្ធទូទាំងផែនដី បានលើកទឹកចិត្តរាស្ត្រព្រះយេហូវ៉ាយ៉ាងពិតប្រាកដ។ ចាប់តាំងពីពេលព្រះយេស៊ូមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ថា ដំណឹងល្អនឹងត្រូវប្រកាសប្រាប់ទូទាំងផែនដី គ្រិស្តសាសនិកពិតទាំងឡាយបានចាប់អារម្មណ៍ចង់ដឹងថា កិច្ចការនេះនឹងត្រូវសម្រេចយ៉ាងដូចម្ដេច។ គឺជាការសំខាន់ដែលពួកគេដឹងអំពីរឿងនោះដែរ។—ម៉ាថ. ២៨:១៩, ២០; ម៉ាក. ១៣:១០; កិច្ច. ១:៨
សិស្សដំបូងរបស់ព្រះយេស៊ូគ្រិស្ត បានចាប់អារម្មណ៍ទៅលើសេចក្ដីរាយការណ៍អំពីការរីកចម្រើននៃកិច្ចផ្សព្វផ្សាយ។ (ម៉ាក. ៦:៣០) នៅសៀវភៅកិច្ចការសរសេរថា មានប្រមាណ១២០នាក់នៅពេលវិញ្ញាណបរិសុទ្ធត្រូវចាក់លើពួកសិស្សនៅបុណ្យថ្ងៃទី៥០។ មិនយូរក្រោយនោះ ចំនួនសិស្សបានកើនឡើងដល់៣.០០០នាក់ ហើយក្រោយមក៥.០០០នាក់។ មានសេចក្ដីរាយការណ៍មួយទៀតនៅពេលនោះដែលបានលើកទឹកចិត្តពួកគាត់។ នោះថា «ព្រះ[យេហូវ៉ា] . . . ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃ»ហើយ«ពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ»។ (កិច្ច. ១:១៥; ២:៥-១១, ៤១, ៤៧; ៤:៤; ៦:៧) ដំណឹងអំពីការរីកចម្រើនដ៏ល្អនេះច្បាស់ជាបានលើកទឹកចិត្តពួកសិស្សណាស់! នោះក៏ច្បាស់ជាបានជំរុញពួកគេឲ្យជឿនទៅមុខក្នុងកិច្ចការដែលព្រះបានប្រទានឲ្យ ទោះជាមានការបៀតបៀនយ៉ាងខ្លាំងពីអ្នកដឹកនាំសាសនាយូដានិងអ្នកឯទៀត។
នៅប្រមាណឆ្នាំ៦០-៦១គ.ស. ក្នុងសំបុត្រដែលប៉ុលសរសេរទៅកាន់គ្រិស្តសាសនិកនៅទីក្រុងកូឡូស គាត់សរសេរថាដំណឹងល្អ«កំពុងតែបង្កើតផល ហើយចំរើនឡើង» ក្នុង«លោកីយទាំងមូល» ហើយ«បានផ្សាយទៅដល់គ្រប់ទាំងមនុស្សដែលកើតក្រោមមេឃ»។ (កូល. ១:៥, ៦, ២៣) គ្រិស្តសាសនិកនៅសម័យដើមបានស្ដាប់តាមព្រះបន្ទូល ហើយវិញ្ញាណបរិសុទ្ធបានផ្ដល់កម្លាំងឲ្យពួកគាត់សម្រេចកិច្ចផ្សព្វផ្សាយទូទាំងពិភពលោក មុនទីបញ្ចប់នៃរបបយូដានៅឆ្នាំ៧០គ.ស.។ កិច្ចការមួយដែលមើលទៅដូចជាមិនអាចទៅរួច បានសម្រេចយ៉ាងពេញលេញ។ គ្រិស្តសាសនិកស្មោះត្រង់ដែលបានខំប្រឹងផ្សព្វផ្សាយនោះ ច្បាស់ជាបានទទួលការលើកទឹកចិត្តខ្លាំងណាស់! ពេលដែលឮសេចក្ដីរាយការណ៍អំពីអ្វីដែលបានត្រូវសម្រេចក្នុងកិច្ចផ្សព្វផ្សាយ។
ស្រដៀងគ្នាដែរ អង្គការរបស់ព្រះយេហូវ៉ានៅសម័យនេះ ព្យាយាមរក្សាទុករបាយការណ៍ដ៏ច្បាស់និងត្រឹមត្រូវ ស្តីអំពីកិច្ចការដែលកំពុងតែត្រូវសម្រេចសមស្របតាមម៉ាថាយ ២៤:១៤ ដែលចែងថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ ក្នុងនាមជាអ្នកបម្រើព្រះ ដែលបានថ្វាយខ្លួនរួចហើយនោះ យើងត្រូវសម្រេចកិច្ចការនេះជាបន្ទាន់។ យើងគួរមានមានចិត្តចង់ខំអស់ពីសមត្ថភាព ដើម្បីជួយឲ្យកិច្ចផ្សព្វផ្សាយបានសម្រេចសព្វគ្រប់មុនទីបញ្ចប់មកដល់។ ព្រះយេហូវ៉ានឹងធានាឲ្យកិច្ចការនេះត្រូវបង្ហើយ ហើយបើយើងរួមចំណែក ទ្រង់នឹងសព្វព្រះហឫទ័យនឹងយើង។
សេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយរបស់អ្នក
តើអ្វីទៅដែលយើងត្រូវរាយការណ៍? អ្វីដែលយើងត្រូវរាយការណ៍ត្រូវបញ្ជាក់លើសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយ ដែលអង្គការព្រះយេហូវ៉ាផ្ដល់ឲ្យនោះ។ ក៏ប៉ុន្តែប្រហែលជាការពន្យល់តទៅនេះ ព្រមទាំងការបញ្ជាក់ថែមទៀតដែលមានម្ដងម្កាលក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើង អាចជួយអ្នកបាន។
ក្នុងជួរដែលមានអក្សរថា «សៀវភៅ» «កូនសៀវភៅនិងសៀវភៅស្តើង» និង«ទស្សនាវដ្ដីនិមួយៗ» ចូរសរសេរចំនួនសរុបនៃសៀវភៅ សៀវភៅស្តើង និងទស្សនាវដ្ដីដែលអ្នកបានជូនមនុស្សដែលមិនទាន់បានជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ា។
ពេលរាយការណ៍អំពី«ការត្រឡប់ទៅជួប» ចូររាប់ប៉ុន្មានដងដែលអ្នកបានត្រឡប់ទៅបណ្ដុះបណ្ដាលចំណាប់អារម្មណ៍របស់មនុស្សម្នាក់ៗ ដែលមិនទាន់បានជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ពេលដែលត្រឡប់ទៅវិញ អ្នកត្រូវជួបបុគ្គលដដែល ដែលបានបង្ហាញចំណាប់អារម្មណ៍ពីមុន ទើបអ្នកអាចរាប់ជាការត្រឡប់ទៅជួបមួយបាន។ បើសមាជិកគណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ សុំអ្នកបង្រៀនបងប្អូនណាម្នាក់ដែលអសកម្មនោះ អ្នកគួររាប់ការត្រឡប់ទៅជួបមួយរាល់ដងដែលអ្នកបង្រៀនគាត់។ អ្នកក៏អាចរាប់ការត្រឡប់ទៅជួបមួយ ពេលណាបង្រៀនបងប្អូនដែលទើបតែទទួលការជ្រមុជទឹកហើយត្រូវការជំនួយជាបណ្ដោះអាសន្ន។ អ្នកអាចរាប់ការត្រឡប់ទៅជួបមួយ មិនត្រឹមតែពេលអ្នកជួបបុគ្គលនោះដោយផ្ទាល់នៅឯផ្ទះគាត់ប៉ុណ្ណោះទេ តែអ្នកក៏អាចរាប់ការត្រឡប់ទៅជួបមួយបើផ្ញើសំបុត្រ និយាយតាមទូរស័ព្ទ ឬគ្រាន់តែទៅជួបគាត់ដើម្បីជូនសៀវភៅណាមួយ ដូចពេលជូនទស្សនាវដ្ដីថ្មីៗ។ រាល់ដងដែលអ្នកបង្រៀនសិស្សព្រះគម្ពីរណាម្នាក់ អ្នកគួររាប់ការត្រឡប់ទៅជួបមួយដែរ។
ពិតមែនថា តាមធម្មតាយើងបង្រៀនសិស្សព្រះគម្ពីររាល់សប្ដាហ៍។ ក៏ប៉ុន្តែ ក្នុងសិស្សម្នាក់យើងត្រូវរាប់ជាការសិក្សាតែមួយប៉ុណ្ណោះក្នុងខែនីមួយៗ។ បើប្រទេសរបស់អ្នកប្រើក្រដាសសេចក្ដីរាយការណ៍ការសិក្សា នោះអ្នកផ្សាយត្រូវប្រើក្រដាសនោះដើម្បីរាយការណ៍ពីសិស្សព្រះគម្ពីរម្នាក់ៗដែលពួកគាត់បានបង្រៀន ដែលមិនទាន់ថ្វាយខ្លួននិងទទួលការជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ា ឬក៏បានទទួលការជ្រមុជទឹកហើយ តែមានតម្រូវការដូចពន្យល់ក្នុងវគ្គមុន។ ក្រោយបានបំពេញក្រដាសនីមួយៗយ៉ាងពេញលេញនិងត្រឹមត្រូវនោះ ចូរសរុបចំនួនសិស្សព្រះគម្ពីររបស់អ្នក រួចសរសេរចំនួននោះក្នុងប្រអប់នៅក្រោមបំផុតនិងខាងស្ដាំបំផុតនៃសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយ។ ចំនួនដែលអ្នកសរសេរក្នុងប្រអប់នៅក្រដាសសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយ និងចំនួនសន្លឹកក្រដាសសេចក្ដីរាយការណ៍ការសិក្សាគួរតែដូចគ្នា។
គឺជាការសំខាន់ណាស់ ដែលអ្នករាយការណ៍យ៉ាងត្រឹមត្រូវអំពី«ចំនួនម៉ោងផ្សាយ»។ បើនិយាយឲ្យស្រួលយល់ នេះជាម៉ោងដែលអ្នកចំណាយក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ការផ្សព្វផ្សាយតាមផ្លូវ ការត្រឡប់ទៅជួប ការបង្រៀនសិស្សព្រះគម្ពីរ ឬការផ្សព្វផ្សាយក្រៅផ្លូវការឬជាសាធារណៈដល់មនុស្សដែលមិនទាន់ថ្វាយខ្លួននិងទទួលការជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ា។ អ្នកក៏អាចរាប់ម៉ោងដែលអ្នកបង្រៀនបងប្អូនអសកម្ម តាមសំណូមពររបស់គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ។ ម្យ៉ាងទៀត អ្នកអាចបន្តរាប់ម៉ោងនិងការសិក្សាមួយ ពេលដែលបង្រៀនបងប្អូនដែលទើបតែទទួលការជ្រមុជទឹក តែត្រូវការជំនួយបណ្ដោះអាសន្នខាងវិញ្ញាណ។ ប្រសិនបើអ្នកផ្សាយពីរនាក់ផ្សព្វផ្សាយជាមួយគ្នាដោយសារហេតុណាមួយ ពួកគាត់ទាំងពីរនាក់អាចរាប់ម៉ោងបានបើសិនជាទាំងពីរនាក់បានរួមចំណែកក្នុងការផ្សព្វផ្សាយ។ យើងត្រូវចំណាយពេលវេលាទៅលើកិច្ចការចាំបាច់ខ្លះៗ តែម៉ោងនោះយើងមិនរាប់ទេ ដូចពេលយើងកំពុងតែរៀបចំសម្រាប់កិច្ចផ្សព្វផ្សាយ ពេលយើងចូលរួមប្រជុំផ្សព្វផ្សាយ និងពេលយើងកំពុងតែធ្វើដំណើរទៅឬចេញពីកន្លែងផ្សព្វផ្សាយ។
អ្នកគួរចាប់ផ្ដើមរាប់ម៉ោងពេលដែលអ្នកចាប់ផ្ដើមផ្សព្វផ្សាយ ហើយគួរឈប់រាប់ម៉ោងពេលដែលបញ្ចប់កិច្ចបម្រើសម្រាប់រយៈពេលនោះ។ យើងមិនត្រូវរាប់ពេលដែលឈប់ដើម្បីពិសាទឹកពិសាអាហារក្នុងគ្រាកិច្ចបម្រើនោះទេ។ អ្នកត្រួសត្រាយជំនួយ អ្នកត្រួសត្រាយពេញពេល អ្នកត្រួសត្រាយពិសេស និងសាសនទូតមានតម្រូវការស្តីអំពីចំនួនម៉ោងដែលត្រូវផ្សព្វផ្សាយ។ យើងក៏សូមលើកទឹកចិត្តអ្នកផ្សាយក្នុងក្រុមជំនុំដែរ ឲ្យទុកកិច្ចការព្រះរាជាណាចក្រជាអាទិភាព ហើយខំប្រឹងព្យាយាមបំពេញកិច្ចបម្រើឲ្យបានច្រើនបំផុតសមស្របតាមកាលៈទេសៈរបស់ខ្លួន។ អ្នកបម្រើព្រះយេហូវ៉ាគ្រប់គ្នាដែលបានថ្វាយខ្លួនក៏ព្យាយាមបំពេញកិច្ចបម្រើអស់ពីចិត្ត។ (កូល. ៣:២៣) អ្នកដែលថ្លែងសុន្ទរកថាសាធារណៈអាចរាប់ម៉ោងដែលចំណាយទៅលើការថ្លែងសុន្ទរកថានោះ ហើយមាតាឬបិតាអាចរាប់ពេលរហូតដល់មួយម៉ោងក្នុងមួយសប្ដាហ៍ នៅពេលបង្រៀនកូនរបស់គាត់ដែលមិនទាន់បានជ្រមុជទឹក។
ពេលដែលយើងចំណាយក្នុងកិច្ចបម្រើគួររាយការណ៍ជាម៉ោងគត់។ ករណីលើកលែងគឺពេលដែលអ្នកផ្សាយណាម្នាក់ត្រូវលំបាកខ្លាំងដោយសារជរាភាព ជំងឺឬពិការភាព ហើយពុំអាចទៅណាមកណាបាន ឬត្រូវនៅមន្ទីរថែទាំសុខភាព ឬក៏ត្រូវលំបាកខ្លាំងដោយសារមូលហេតុមួយផ្សេងទៀត។ អ្នកផ្សព្វផ្សាយក្នុងកាលៈទេសៈបែបនេះអាចរាយការណ៍ពីកិច្ចផ្សព្វផ្សាយជាពេល១៥នាទីម្ដងៗ ជាជាងម៉ោងគត់។ ទោះបើគាត់ផ្សព្វផ្សាយតែ១៥នាទីក្នុងមួយខែ គាត់គួររាយការណ៍អំពីកិច្ចផ្សព្វផ្សាយនោះ ដើម្បីគាត់នៅតែអាចត្រូវរាប់ជាអ្នកផ្សាយព្រះរាជាណាចក្រដែលផ្សព្វផ្សាយជាទៀងទាត់។ ការរៀបចំនេះក៏មានប្រយោជន៍សម្រាប់អ្នកផ្សាយដែលមានកម្រិតជាបណ្ដោះអាសន្នអស់មួយឬពីរខែ ហើយប្រហែលមិនអាចទៅណាមកណាបានដោយសារជំងឺឬរបួសធ្ងន់។ ក៏ប៉ុន្តែការរៀបចំនេះគឺសម្រាប់តែអ្នកដែលមានការលំបាកខ្លាំង។ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំនឹងសម្រេចថាអ្នកផ្សាយណាអាចទទួលប្រយោជន៍ពីការរៀបចំនេះ។
របាយការណ៍សកម្មភាពផ្សព្វផ្សាយ
សេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយដែលអ្នកជូនរាល់ខែ នឹងត្រូវកត់លើរបាយការណ៍សកម្មភាពផ្សព្វផ្សាយមួយដែលទុកជាមួយឯកសារក្រុមជំនុំ។ កាតរបាយការណ៍ទាំងនេះមិនមែនជារបស់ផ្ទាល់ខ្លួនទេ។ ប្រសិនបើអ្នកដូរក្រុមជំនុំ កុំភ្លេចជម្រាបអ្នកចាស់ទុំ។ លេខាធិការនៃក្រុមជំនុំថ្មី នឹងសុំរបាយការណ៍សកម្មភាពផ្សព្វផ្សាយរបស់អ្នក។ ប្រសិនបើលេខាធិការនៃក្រុមជំនុំចាស់របស់អ្នកស្គាល់រួចហើយនូវឈ្មោះក្រុមជំនុំថ្មីដែលអ្នកនឹងទៅ នោះគាត់អាចផ្ញើរបាយការណ៍នោះព្រមទាំងសំបុត្រណែនាំឲ្យស្គាល់តែម្ដងដោយមិនចាំបាច់ទទួលការស្នើសុំពីក្រុមជំនុំថ្មី។ ជាលទ្ធផល អ្នកចាស់ទុំនៅក្រុមជំនុំថ្មីនឹងមានសមត្ថភាពជួយអ្នកខាងវិញ្ញាណឲ្យបានច្រើនជាងតាមតម្រូវការ។ ប្រសិនបើអ្នកនឹងនៅឆ្ងាយពីក្រុមជំនុំរបស់អ្នកតិចជាងបីខែ សូមបន្តផ្ញើសេចក្ដីរាយការណ៍ទៅក្រុមជំនុំរបស់អ្នកជាទៀងទាត់។
មូលហេតុដែលយើងរាយការណ៍ពីកិច្ចផ្សព្វផ្សាយ
តើជួនកាលអ្នកភ្លេចជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយទេ? យើងទាំងអស់គ្នាច្បាស់ជាត្រូវការនូវការរំលឹកម្ដងម្កាល។ ក៏ប៉ុន្តែ បើយើងបណ្ដុះឲ្យមានទស្សនៈត្រឹមត្រូវស្តីអំពីការរាយការណ៍ពីកិច្ចផ្សព្វផ្សាយ ហើយបើយើងក៏យល់មូលហេតុដែលការរាយការណ៍គឺសំខាន់ម្ល៉េះ នោះប្រហែលជានឹងធ្វើឲ្យយើងស្រួលចាំជាងក្នុងការជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សាយ។
អ្នកខ្លះធ្លាប់សួរថា៖ «ព្រះយេហូវ៉ាជ្រាបហើយអំពីកិច្ចផ្សព្វផ្សាយរបស់ខ្ញុំ ដូច្នេះហេតុអ្វីខ្ញុំចាំបាច់សរសេរសេចក្ដីរាយការណ៍ឲ្យក្រុមជំនុំដឹង?»។ ពិតមែនថាព្រះយេហូវ៉ាជ្រាបពីកិច្ចផ្សព្វផ្សាយរបស់យើង ហើយទ្រង់អាចជ្រាបថាកិច្ចបម្រើរបស់យើងគឺអស់ពីចិត្ត ឬគ្រាន់តែជាមួយផ្នែកតូចនៃអ្វីដែលយើងអាចសម្រេចបាន។ តែសូមចាំថា ព្រះយេហូវ៉ាបានបណ្ដាលឲ្យកត់ចំនួនថ្ងៃដែលណូអេនៅក្នុងទូកធំ ហើយចំនួនឆ្នាំដែលជនជាតិអ៊ីស្រាអែលបានដើរក្នុងទីរហោស្ថាន។ ព្រះក៏បានរាប់ចំនួនអ្នកដែលបានស្មោះត្រង់និងអ្នកដែលមិនបានស្ដាប់បង្គាប់។ ទ្រង់ក៏បានបណ្ដាលឲ្យកត់សេចក្ដីរាយការណ៍អំពីការដណ្ដើមយកស្រុកកាណានបន្ដិចម្ដងៗ ហើយសមិទ្ធផលនៃចៅក្រមស្មោះត្រង់ទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែល។ ដូច្នេះទ្រង់បានបណ្ដាលឲ្យកត់ទុកព័ត៌មានល្អិតល្អន់ជាច្រើនស្តីអំពីការប្រព្រឹត្តនិងសមិទ្ធផលរបស់អ្នកបម្រើទ្រង់។ ទ្រង់បានបណ្ដាលឲ្យកត់កំណត់នេះស្តីអំពីអ្វីដែលបានកើតឡើង ហើយនេះបញ្ជាក់ឲ្យយើងដឹងច្បាស់ថាទ្រង់ចាត់ទុកការកត់ទុកកំណត់ហេតុត្រឹមត្រូវជាអ្វីដែលសំខាន់។
ព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ត្រដែលត្រូវកត់ទុកក្នុងព្រះគម្ពីរ សឲ្យឃើញថារាស្ត្រដែលតំណាងព្រះនាមព្រះយេហូវ៉ាតែងធ្វើកំណត់ហេតុនិងសេចក្ដីរាយការណ៍ដ៏ត្រឹមត្រូវ។ ក្នុងករណីជាច្រើន យើងមិនអាចយល់អត្ថន័យពេញលេញនៃកំណត់ហេតុព្រះគម្ពីរ ប្រសិនបើមិនមានលេខជាក់លាក់ក្នុងកំណត់ហេតុនោះទេ។ សូមពិចារណាឧទាហរណ៍ដូចតទៅនេះ: លោកុប្បត្តិ ៤៦:២៧ និងនិក្ខមនំ ១២:៣៧; ពូកចៅហ្វាយ ៧:៧; ពង្សាវតារក្សត្រទី២ ១៩:៣៥; របាក្សត្រទី២ ១៤:៩-១៣; យ៉ូហាន ៦:១០; ២១:១១; កិច្ចការ ២:៤១; ១៩:១៩។
មានមូលហេតុជាច្រើនដែលយើងរាយការណ៍នូវកិច្ចផ្សព្វផ្សាយរបស់យើងសព្វថ្ងៃនេះ។ ទោះជាសេចក្ដីរាយការណ៍ទាំងនេះមិនរួមបញ្ចូលអ្វីទាំងអស់ដែលយើងធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ាក៏ពិតមែន តែអ្វីដែលត្រូវរាយការណ៍មានប្រយោជន៍ក្នុងការជួយបងប្អូនទាំងអស់ក្នុងអង្គការរបស់ព្រះយេហូវ៉ា រួមទាំងអ្នកចាស់ទុំក្នុងក្រុមជំនុំ។
ជួនកាលសេចក្ដីរាយការណ៍ឲ្យដឹងថា មានមធ្យោបាយផ្សព្វផ្សាយមួយដែលយើងត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនជាង។ ប្រហែលជាលេខនោះបង្ហាញថា កិច្ចការខ្លះមានការរីកចម្រើន តែចំនួនអ្នកផ្សព្វផ្សាយឬកិច្ចការឯទៀតមានលក្ខណៈរាំងស្ទះ។ ប្រហែលជាអ្នកផ្សាយត្រូវការនូវការលើកទឹកចិត្ត ឬប្រហែលជាមានបញ្ហាណាមួយដែលត្រូវដោះស្រាយ។ អ្នកត្រួតពិនិត្យដែលចេះទទួលខុសត្រូវនឹងកត់សម្គាល់សេចក្ដីរាយការណ៍ និងព្យាយាមជួយដោះស្រាយបញ្ហាណាដែលប្រហែលជារារាំងអ្នកផ្សាយណាម្នាក់ឬក្រុមជំនុំទាំងមូល។
ម្យ៉ាងទៀត សេចក្ដីរាយការណ៍មានប្រយោជន៍ចំពោះអង្គការរបស់ព្រះដែរ ដោយជួយឲ្យយល់ថាកន្លែងណាត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ តើកន្លែងណាបានទទួលលទ្ធផលល្អជាង? តើកន្លែងណាមិនសូវមានការរីកចម្រើន? តើត្រូវការសៀវភៅបែបណាខ្លះដើម្បីជួយមនុស្សរៀនសេចក្ដីពិត? សេចក្ដីរាយការណ៍ផ្ដល់លទ្ធភាពឲ្យអង្គការរបស់ព្រះដឹងទុកជាមុនថា កន្លែងនីមួយៗនឹងត្រូវការសៀវភៅប៉ុន្មាន ដើម្បីអាចរៀបចំបំពេញសេចក្ដីត្រូវការនោះទុកជាមុន កុំឲ្យអ្នកផ្សាយខ្វះសៀវភៅឬព្រះគម្ពីរសម្រាប់ផ្សព្វផ្សាយ។
សម្រាប់យើងភាគច្រើន សេចក្ដីរាយការណ៍ផ្ដល់ការលើកទឹកចិត្ត។ ពេលដែលយើងឮអំពីអ្វីបងប្អូនរបស់យើងសម្រេចក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អនៅប្រទេសផ្សេងៗទូទាំងផែនដី យើងពិតជារំភើបចិត្តណាស់មែនទេ? យើងអាចយល់អំពីការរីកចម្រើននៃអង្គការព្រះយេហូវ៉ាទាំងមូល ពេលដែលយើងដឹងអំពីការចម្រើនឡើងក្នុងចំនួនអ្នកផ្សព្វផ្សាយ។ ពេលដែលយើងឮបទពិសោធន៍របស់អ្នកផ្សព្វផ្សាយម្នាក់ៗ នោះលើកទឹកចិត្តយើងហើយធ្វើឲ្យចង់ខ្នះខ្នែងយ៉ាងខ្លាំង ហើយរួមចំណែកច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយ។ (កិច្ច. ១៥:៣) ម្ល៉ោះហើយ គឺជាការសំខាន់ដែលយើងអនុលោមតាមការរៀបចំក្នុងក្រុមជំនុំ ដោយជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយ ថែមទាំងបង្ហាញថាយើងយកចិត្តទុកដាក់នឹងបងប្អូនរបស់យើងទូទាំងពិភពលោក។ តាមរបៀបដ៏ស្រួលនេះ យើងបង្ហាញថាយើងចុះចូលចំពោះការរៀបចំក្នុងអង្គការរបស់ព្រះយេហូវ៉ា។—ម៉ាថ. ២៤:៤៥-៤៧
គោលដៅផ្ទាល់ខ្លួន
គ្មានហេតុឲ្យយើងប្រៀបធៀបកិច្ចផ្សព្វផ្សាយរបស់យើងជាមួយអ្នកឯទៀតឡើយ។ (កា. ៥:២៦; ៦:៤) កាលៈទេសៈរបស់យើងម្នាក់ៗគឺខុសគ្នាឆ្ងាយ ដូច្នេះការប្រៀបធៀបមិនជាការល្អទេ។ ក៏ប៉ុន្តែបើយើងមានគោលដៅផ្ទាល់ខ្លួនដែលសមហេតុសមផល នោះមានប្រយោជន៍ច្រើន។ គោលដៅបែបនេះអាចជួយឲ្យយើងវាស់ស្ទង់ការរីកចម្រើនរបស់យើងក្នុងកិច្ចបម្រើ។ ម្យ៉ាងទៀត ប្រសិនបើយើងមានគោលដៅផ្ទាល់ខ្លួនសមស្របតាមកាលៈទេសៈរបស់ខ្លួន យើងមានការពេញចិត្តនឹងសមិទ្ធផលខ្លួន ពេលដែលសម្រេចគោលដៅទាំងនោះ។
ចូរចូលរួមសេចក្ដីរាយការណ៍ចុងក្រោយ
ក្នុងចក្ខុនិមិត្តមួយអេសេគាលឃើញកិច្ចការមួយដែលជានិមិត្តរូបតំណាងកិច្ចផ្សព្វផ្សាយដែលយើងកំពុងតែធ្វើសព្វថ្ងៃនេះ។ ពេលដែលកិច្ចការនោះចប់ បានមានសេចក្ដីរាយការណ៍។ អេសេគាលឃើញបុរស៦នាក់ដែលមានគ្រឿងប្រហារនៅដៃ។ ពួកគាត់បានចេញមកដើម្បីអនុវត្តការជំនុំជម្រះទៅលើទីក្រុងយេរូសាឡិមដែលបានក្បត់ជំនឿ។ ក៏ប៉ុន្តែអេសេគាលក៏ឃើញបុរសម្នាក់ទៀតមក ជាបុរសទី៧។ បុរសនេះស្ពាយដបទឹកខ្មៅ ហើយគាត់ត្រូវបានបង្គាប់ឲ្យ«បង្ហូតកណ្ដាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសំគាល់នៅថ្ងាសរបស់ពួកមនុស្ស ដែលដកដង្ហើមធំហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង»។ ក្រោយគាត់បានបញ្ចប់កិច្ចការដាក់សញ្ញាលើថ្ងាសរបស់អស់អ្នកដែលត្រូវសង្គ្រោះពីការប្រហារដោយបុរសដែលមានគ្រឿងសម្លេះ នោះបុរសដែលមានដបទឹកខ្មៅបានត្រឡប់ទៅរាយការណ៍ថា «ទូលបង្គំបានធ្វើសំរេចតាមបង្គាប់ទ្រង់ហើយ»។—អេសេ. ៩:១-១១
យើងមិនដឹងថាព្រះយេហូវ៉ានឹងតម្រូវឲ្យមានសេចក្ដីរាយការបែបណាក្រោយកិច្ចការផ្សព្វផ្សាយដ៏ធំអស្ចារ្យបានសម្រេចសមស្របតាមម៉ាថាយ ២៤:១៤នោះទេ។ ក៏ប៉ុន្តែ យើងអាចបង្ហាញថាយើងអបអរដែលយើងមានឯកសិទ្ធិរួមចំណែកតូចមួយ ដោយយកចិត្តទុកដាក់ជូនសេចក្ដីរាយការណ៍របស់យើងរាល់ខែជាទៀងទាត់។ អ្នកផ្សាយដំណឹងល្អគ្រប់រូបគួររាយការណ៍ពីកិច្ចផ្សព្វផ្សាយរបស់ខ្លួនឲ្យបានឆាប់នៅដំណាច់ខែនីមួយៗ។ បើធ្វើដូច្នេះ បងប្រុសៗដែលមានភារកិច្ចសរុបសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយរបស់ក្រុមជំនុំហើយផ្ញើទៅការិយាល័យសាខានឹងមានចិត្តកតញ្ញូ។
យើងអាចឃើញច្បាស់ថាព្រះយេហូវ៉ាពិតជាកំពុងតែបញ្ជឿនការប្រមូលមនុស្សដែលទ្រង់នឹងការពារឲ្យរួចរស់ជីវិតនៅ«គ្រាវេទនាយ៉ាងធំ»។ យើងកំពុងតែរស់នៅសម័យដែលបទទំនាយរបស់អេសាយកំពុងតែសម្រេច។ ទំនាយនោះថា៖ «អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ (វិវរ. ៧:៩, ១៤; អេសា. ៦០:២២) ក្នុងនាមជាអ្នករួមចំណែកក្នុងចំណោមពួកអ្នកទូទាំងផែនដីដែលបានទទួលឯកសិទ្ធិជាការបំពេញកិច្ចបម្រើ យើងចង់មានលទ្ធភាពនិយាយដូចជាបុរសស្ពាយដបទឹកខ្មៅក្នុងចក្ខុនិមិត្តរបស់អេសេគាលនោះ ដែលថា៖ «ទូលបង្គំបានធ្វើសំរេចតាមបង្គាប់ទ្រង់ហើយ»។